in ,

តើ​ខ្ញុំ​យក​គំនិត​ខ្ញុំ​ឲ្យ​ចុះ​ចូល​ដោយ​របៀប​ណា?

How Do I Take My Thoughts Captive?

«ព្រោះ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ​ឫទ្ធិ​ដែល​មក​ពី​ព្រះ សម្រាប់​នឹង​រំលំ​ទី​មាំមួន​វិញ ដែល​អាច​នឹង​រម្លាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះ​គិត នឹង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់​ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រីស្ទ​វិញ។» (២កូរិនថូស ១០:៤-៥)

អាវុធ​ខាង​ឯ​វិញ្ញាណ

ជា​ដំបូង យើង​ត្រូវ​តែ​ចង​ចាំ​ថា អាវុធ​សង្គ្រាម​របស់​យើង​គឺ​ជា​អាវុធ​ខាង​ឯ​វិញ្ញាណ មិន​មែន​ជា​អាវុធ​ខាង​ឯ​សាច់​ឈាម​ទេ ហើយ​ក៏​ជា​ឥទ្ធិ​ឫទ្ធិ​ដែល​មក​ពី​ព្រះ​ជាម្ចាស់​ដែរ។

បាន​លើក​ឡើង ប៉ុន្តែ​មិន​មែន​ជា​បង្គាប់

ចំណុច​ដំបូង​ដែល​យើង​ខ្ញុំ​គិត​ថា​យើង​ត្រូវ​តែ​លើក​ឡើង​នៅ​ពេល​ដែល​យើង​យក​ខ​គម្ពីរ​មួយ​នេះ​មក​អនុវត្តន៍​ផ្ទាល់​ខ្លួន គឺ​យើង​ត្រូវ​តែ​ប្រាកដ​ឲ្យ​ច្បាស់​ថា យើង​កំពុង​តែ​យល់​អត្ថន័យ​ខ​គម្ពីរ​នេះ​យ៉ាង​ត្រឹម​ត្រូវ​ជា​មុន​សិន។ នៅ​ពេល​ដែល​សាវ័ក ប៉ុល លើក​ឡើង​ជា​ដំបូង​ថា គាត់​រម្លាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះគិត​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ ហើយ​បន្ទាប់​មក​ថា​គាត់​នាំ​អស់​ទាំង​គំនិត​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​វិញ អ្វី​ដែល​យើង​ត្រូវ​ចង​ចាំ​នោះ​គឺ​ថា​វា​សំដៅ​ទៅ​លើ​ការ​គិត​គូរ និង​ចិត្ត​របស់​អ្នក​ដទៃ។

និយាយ​ម្យ៉ាង​វិញ​ទៀត វា​ហាក់​បី​ដូច​ជា​សាវ័ក ប៉ុល កំពុង​តែ​មាន​ប្រសាសន៍​ថា «ខ្ញុំ​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ពួក​មាន​កល​ល្បិច​ខ្ពស់​ទាំង​នោះ​នៅ​ក្រុង​កូរិនថូស ដែល​កំពុង​តែ​មាន​អំនួត​អះ​អាង​អំពី​ភាព​ប៉ិន​ប្រសប់​ខាង​ឯ​ផ្នែក​ទស្សន​វិជ្ជា​របស់​ខ្លួន ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ចោល មិន​មែន​ដោយ​ប្រើ​ប្រាស់​ចំណុច​ទស្សនៈ​វិជ្ជា​ណា​ផ្សេង​ទៀត​មក​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​ប្រើ​ប្រាស់​អំណាច​ពី​ព្រះ​ជាម្ចាស់​ផ្ទាល់​វិញ។ ខ្ញុំ​នឹង​បង្ហាញ​អំណាច​ឲ្យ​ពួក​គេ​ឃើញ ហើយ​គំនិត​របស់​ពួក​គេ​នឹង​ត្រូវ​ដួល​រលំ​ចុះ​ក្នុង​ការ​គិតគូរ​របស់​គេ​ជា​មិន​ខាន។ ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​នាំ​អស់​ទាំង​គំនិត​របស់​ពួក​គេ​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​វិញ។»

សរុប​សេចក្ដី​ទៅ​សាវ័ក ប៉ុល គឺ​ជា​អ្នក​ចម្បាំង ហើយ​ខ្មាំង​សត្រូវ​គឺ​ជា​អស់​អ្នក​ដែល​មាន​គំនិត និង​ការ​រិះគិត​ដែល​ពេញ​ទៅ​ដោយ​អំនួត ហើយ​លើក​ខ្លួន​ឡើង​ទាស់​នឹង​ព្រះ​ជាម្ចាស់។ នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​យក​ឈ្នះ​លើ​គំនិត និង​ការ​រិះគន់​ទាំង​នោះ​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ការ​គិត​គូរ និង​គំនិត​រិះ​គន់​របស់​គេ​នឹង​ត្រូវ​បាន​នាំ​ឲ្យ​មាន​ការ​ចុះ​ចូល​ស្ដាប់​បង្គាប់ ហើយ​ពួក​គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ការ​គិត​គូរ​ដូច​ព្រះគ្រីស្ទ ឬក៏​ថា​ជា​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​វិញ។

ខ​គម្ពីរ​មួយ​នេះ​មិន​បាន​បង្គាប់​យើង​ឲ្យ​នាំ​អស់​ទាំង​គំនិត​ផ្ទាល់​ខ្លួន​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​វិញ​នោះ​ទេ ប៉ុន្តែ​ជា​ប្រយោគ​ស្រប​អំពី​អ្វី​ដែល​សាវ័ក ប៉ុល កំពុង​តែ​ធ្វើ​ទៅ​កាន់​អស់​អ្នក​ដែល​ទោស​ប្រឆាំង​នឹង​គាត់។ គាត់​កំពុង​តែ​បំផ្លាញ​ទស្សន​វិជ្ជា​របស់​ពួក​គេ ហើយ​នាំ​យក​ការ​គិត​ដែល​ចាញ់​របស់​ពួក​គេ​ឲ្យ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ពួក​គេ​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​គំនិត​ត្រឹម​ត្រូវ​បាន ពោល​គឺ​មាន​ការ​ស្ដាប់​បង្គាប់​ក្នុង​របៀប​ដែល​គេ​គួរ​គិត​គូរ​អំពី​ព្រះ​គ្រីស្ទ។

របៀប​នាំ​អស់​ទាំង​គំនិត​ឲ្យ​ចេះ​ចុះ​ចូល​ស្ដាប់​បង្គាប់

កណ្ឌ​គម្ពីរ ២កូរិនថូស ១០:៥ មិន​មែន​ជា​ការ​បង្គាប់​ឲ្យ​យើង​ធ្វើ​ការ​នេះ​ដោយ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​នៅ​មាន​របៀប​ដែល​យើង​អាច​អនុវត្ត​ខ​គម្ពីរ​នេះ​បាន។ ចូរ​ប្រាកដ​ឲ្យ​ច្បាស់​ថា លោក​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាគី​មួយ​ណា—ហើយ​ថា តើ​ភាគី​ដែល​យើង​កំពុង​ស្ថិត​នៅ​នោះ​ត្រូវ ឬ​ក៏​មិន​ត្រូវ?—កន្លែង​ដែល​យើង​គួរ​នឹង​នៅ​គឺ​ក្នុង​ក្រុម​មនុស្ស​ដែល​មាន​ការ​គិតគូរ​ដូច​ដែល​ពេល​សាវ័ក ប៉ុល កំពុង​ព្យាយាម​បំផ្លាញ​ចោល​គំនិត។ នោះ​ឯង​គឺ​ជា​ភាគី​ដែល​យើង​ត្រូវ​ចូល​រួម។ បន្ទាប់​មក​ទើប​យើង​អាច​បំផ្លាញ​ការ​រិះគន់ និង​ការ​គិត​គូ​ដែល​លើក​ខ្លួន​ទាស់​ប្រឆាំង​នឹង​ចំណេះ​របស់​ព្រះ​ជាម្ចាស់ ហើយ​ទើប​យើង​អាច​នាំ​អស់​ទាំង​គំនិត​ឲ្យ​ចេះ​ចុះ​ចូល​ស្ដាប់​បង្គាប់​បាន។

ដូច្នេះ នៅ​ពេល​ដែល​យើង​អាន​ខ​គម្ពីរ​នេះ យើង​គួរ​តែ​គិត​ថា «ខ្ញុំ​កំពុង​នៅ​កន្លែង​នេះ។ សូម​បំផ្លាញ​ខ្ញុំ​ចោល​ចុះ។ សូម​នាំ​អស់​ទាំង​គំនិត​គិត​គូរ​របស់​ខ្ញុំ​ឲ្យ​ស្ដាប់​បង្គាប់។ សូម​បំផ្លាញ​អស់​ទាំង​គំនិត​មិន​ត្រឹម​ត្រូវ ឬ​ក៏​អំនួត​ដែល​ខ្ញុំ​មាន​អំពី​ព្រះ​ជាម្ចាស់​ចោល​ចុះ។» ការ​នេះ​មាន​អត្ថន័យ​ពីរ​យ៉ាង​ដែល​យើង​ជា​គ្រីស្ទ​បរិស័ទ​គួរ​ធ្វើ៖

១) ចូរ​ពិនិត្យ​ពិច័យ​រាល់​គំនិត​ទាំង​អស់​ពេល​ចុះ​ចូល

យើង​គួរ​ស្ដាប់​សាវ័ក ប៉ុល ហើយ​ចុះ​ចូល​នូវ​រាល់​គំនិត ការ​គិត និង​អារម្មណ៍​របស់​យើង​អំពី​ព្រះ​ជាម្ចាស់ និង​អំពី​ជីវិត​ចំពោះ​សេចក្ដី​បង្រៀន​របស់​សាវ័ក ប៉ុល (ក្នុង​នាម​ជា​សាវ័ក​របស់​ព្រះ​ជាម្ចាស់) ដើម្បី​ពិនិត្យ​ពិច័យ ហើយ​ប្រសិន​បើ​មាន​ចំណុច​ណា​មួយ​ដែល​មិន​ស៊ីគ្នា​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​របស់​គាត់ នោះ​យើង​ត្រូវ​តែ​បំផ្លាញ​វា​ចោល។

យើង​ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​បែប​នេះ​ផ្ទាល់។ ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ប្រៀប​ធៀប​ចិត្ត​គំនិត​របស់​លោក​អ្នក​ទៅ​កាន់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​ដោយ​ល្បង​ល​វា​មែន ហើយ​និយាយ​ថា «ប្រសិន​បើ​មាន​ការ​គិតគូរ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​ខ្ញុំ​ត្រូវ​តែ​បំផ្លាញ​ចោល សូម​បំផ្លាញ​វា​ចោល​ចុះ!» ការ​នេះ​នឹង​បង្វែរ​ជីវិត​លោក​អ្នក​ចេញ​ជា​មិន​ខាន​ដោយ​មាន​ការ​ផ្លាស់​ប្រែ​ដ៏​អស្ចារ្យ​កើត​ឡើង។ ក្នុង​ឆាក​ជីវិត​នេះ មាន​ពេល​ដែល​យើង​ខ្ញុំ​ធ្លាប់​យំ​ក្រសោប​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​ដក​ចេញ​នូវ​អ្វីៗ​ដែល​យើង​ខ្ញុំ​គិត​ថា វា​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើងខ្ញុំ​ចេញ។

ដូច្នេះ យើង​ខ្ញុំ​គិត​ថា នោះ​ជា​ចំណុច​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ឡើង។ យើង​ស្ដាប់​សាវ័ក ប៉ុល។ យើង​នាំ​យក​នូវ​រាល់​អ្វីៗ​ដែល​យើង​គិត (រាល់​គំនិត រាល់​ទស្សនៈ និង​ទស្សន​វិជ្ជា) ឲ្យ​ចុះ​ចូល​នឹង​ព្រះ​ជាម្ចាស់ ហើយ​យើង​ប្រកាស​ថា «ប្រសិន​បើ​ចាំ​បាច់ សូម​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ដក​វា​ចេញ​ទៅ»។

២) ទូល​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ

នេះ​ជា​ចំណុច​ទី​ពីរ​នៃ​អត្ថន័យ​នេះ។ យើង​គួរ​ទូល​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ ពីព្រោះ​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា យើង​មិន​មែន​ច្បាំង​ជា​មួយ​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​ក្នុង​ការ​រិះ​គន់​នោះ​ទេ។ ព័ន្ធ​កិច្ច​របស់​យើង​មាន​អំណាច ដូច្នេះ​ហើយ​យើង​គួរ​តែ​ប្រើ​ប្រាស់​អំណាច​ដែល​យើង​មាន។

សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា «ព្រោះ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ​ឫទ្ធិ​ដែល​មក​ពី​ព្រះ សម្រាប់​នឹង​រម្លាយ​ទី​មាំមួន​វិញ» (២កូរិនថូស ១០:៤)។ យើង​អាច​និយាយ​ម្យ៉ាង​ទៀត​ថា គាត់​កំពុង​តែ​បំផ្លាញ​ចោល​ការ​រិះ​គន់ និង​គំនិត​ដែល​បន្ទាប​បន្ថោក​ព្រះ​ជាម្ចាស់ ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ការ​នោះ​ដោយ​ប្រើ​ប្រាស់​ទស្សន​វិជ្ជា​ក្នុង​ការ​វែក​ញែក​នោះ​ទេ។

នៅ​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ យើង​ក៏​ត្រូវ​តែ​ព្យាយាម​សិក្សា​ឲ្យ​បាន​ច្រើន​ដែរ។ យើង​ខ្ញុំ​ចូល​ចិត្ត​សិក្សា​ខ្លាំង​ណាស់ យើង​ខ្ញុំ​ក៏​ស្រឡាញ់​ការ​វែក​ញែក​ទស្សន​វិជ្ជា ដើម្បី​ឲ្យ​យល់​វា​ផង​ដែរ។ ប៉ុន្តែ យើង​ខ្ញុំ​ក៏​គួរ​តែ​ស្រែក​យំ​បែប​នេះ «ឱ! ព្រះ​អម្ចាស់​អើយ! ទូល​បង្គំ​ដឹង​ហើយ​ថា តក្ក​នៃ​លក្ខណៈ​គិត​គូរ​របស់​ទូលបង្គំ​គឺ​មិន​ល្មម​គ្រប់​គ្រាន់​ឡើយ​ក្នុង​ការ​បំផ្លាញ​ចោល​នូវ​គំនិត​គិត​គូរ​របស់​ទូល​បង្គំ​ដែល​បាន​ចាក់​ឫស​ក្នុង​សេចក្ដី​ខុស​ឆ្គង​យ៉ាង​ជ្រាល​ជ្រៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទូល​បង្គំ​សូម​ជំនួយ​ពី​ព្រះ​អង្គ។ ទូល​បង្គំ​ទូល​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ទូល​បង្គំ ហើយ​ទូល​បង្គំ​ក៏​ចង់​ឃើញ​ព្រះ​ភក្ត្រ​ព្រះអង្គ​ផង​ដែរ។»

សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៥:១៨ ដូច​ត​ទៅ «ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ដោយ​សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្ដាប់​បង្គាប់»។ ការ​ស្ដាប់​បង្គាប់​មួយ​នោះ​ក៏​ដូច​ជា​ការ​ស្ដាប់​បង្គាប់​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ១០:៤-៥ ផង​ដែរ នៅ​ពេល​ដែល​យើង​នាំ​ចិត្ត​គំនិត​របស់​យើង​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះគ្រីស្ទ។

ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៥:១៨ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ»។ ហើយ​នេះ​ឯង​គឺ​ជា​អ្វី​ដែល​យើង​ខ្ញុំ​ចង់​សង្កត់​ន័យ​លើ នៅ​ពេល​ដែល​យើង​ខ្ញុំ​លើក​ឡើង​អំពី​ការ​សូម​ជំនួយ​ពី​ព្រះ​ជាម្ចាស់។ ចូរ​ថ្វាយ​ខ្លួន​ដល់​ព្រះ​គ្រីស្ទ​ដែល​កំពុង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ—តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ប្រសាសន៍​របស់​សាវ័ក ប៉ុល—ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ដក​ចេញ​នូវ​រាល់​អ្វីៗ​ទាំង​អស់​ចោល​បាន។ នោះ​ឯង​ទើប​លោក​អ្នក​អាច​នាំ​ការ​ត្រិះ​រិះ​ពិចារណា ចិត្ត​គំនិត​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់ និង​រាល់​គ្រប់​អ្វីៗ​ទាំង​អស់​អាច​ត្រាប់​តាម​ព្រះ​គ្រីស្ទ​បាន។

ប្រសិន​បើ​ព្រះ​ជាម្ចាស់​ទុក​យើង​ចោល នោះ​យើង​មិន​អាច​វែក​ញែក ឬ​ក៏​ដក​ចំណុច​ខុស​ឆ្គង​របស់​យើង​បាន​ដែរ។ ប៉ុន្តែ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ស្ដារ​ឲ្យ​ចិត្ត​គំនិត​របស់​យើង​ថ្មី​ឡើង​វិញ​បាន។

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា អឿង ដាលីន, លោកគ្រូ លូកា ស្មិត និងអ្នកគ្រូ សេង សុខា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

លន់តួ​បាប

ខ្ញុំអត់ចូលចិត្ត​អ្នកជឿព្រះយេស៊ូវទេ (ទីបន្ទាល់របស់លោក៖ ហ៊ុន រតនា)