ថ្មីៗនេះ តើលោកអ្នកបានគិតថា ជីវិតពិតជាខ្លីណាស់ដែរឬទេ?
គោលបំណងចម្បងនៃកណ្ឌគម្ពីរកំណាព្យគឺជំរុញរាស្ដ្ររបស់ព្រះជាម្ចាស់ឲ្យគិត (យ៉ូប, ទំនុកតម្កើង, សុភាសិត, សាស្ដា និងបទចម្រៀងសាឡូម៉ូន) ។ ជាញឹកញាប់ ផ្នែកនៃកណ្ឌគម្ពីរនេះណែនាំយើងឲ្យភ្ញាក់ផ្អើលនឹងលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ឲ្យសញ្ជឹងគិតអំពីមាគ៌ារបស់ទ្រង់ និងចងចាំនូវភាពស្មោះត្រង់របស់ទ្រង់ ។ លើសពីនេះទៅទៀត កណ្ឌគម្ពីរនេះជំរុ ញយើងឲ្យបន្តដេញតាមប្រាជ្ញារបស់ព្រះជាម្ចាស់ (ទំនុកតម្កើង ១:១-២) ឲ្យដើរក្នុងការកោតខ្លាចព្រះអម្ចាស់ (សុភាសិត ១:៧) ហើយផ្ដល់ការព្រមានជាច្រើនដល់អ្នកដែលនឹងបដិសេធ ហើយមិនអើពើនឹងបទបញ្ញត្តិរបស់ព្រះជាម្ចាស់ និងមាគ៌ារបស់ព្រះជាម្ចាស់ (សុភាសិត ១:២៨-៣៣)។
បើទោះបីជាមានប្រធានបទជាច្រើននៅក្នុងកណ្ឌគម្ពីរកំណាព្យ ដែលមានស័ក្ដិសមក្នុងការពិនិត្យមើលក៏ដោយ ក៏ប្រធានបទមួយដែលយើងនឹងសញ្ជឹងគិតគឺលើភាពខ្លីនៃអាយុជីវិត។
លោកយ៉ូបបានពោលនៅក្នុងកណ្ឌគម្ពីរយ៉ូប ៧:៦-៧ ថា៖
«អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។ ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញសេចក្តីល្អទៀត»។
នៅក្នុងកណ្ឌគម្ពីរសាស្ដា ស្តេច សាឡូម៉ូន (ជាស្ដេចដែលមានជាងគេបំផុត និងមានប្រាជ្ញាជាងគេបំផុត) ក៏បានបញ្ចូលពាក្យសម្ដីរបស់លោក យ៉ូប នៅពេលទ្រង់ពណ៌នាអំពីភាពឥតបានការ និងភាពឥតប្រយោជន៍នៃជីវិត។ លើសពីនេះស្ដេច សាឡូម៉ូន ក៏នឹងរៀបរាប់យ៉ាងលម្អិតថា រយៈពេលនៃជីវិតរបស់យើង ទោះបីព្រះជាម្ចាស់មានជ្រាបហើយក៏ដោយ ក៏យើងនៅមិនដឹងទាល់តែសោះដែរ៖ «ម្យ៉ាងទៀត មនុស្សមិនស្គាល់ពេលវេលារបស់គេ ដូចជាត្រីជាប់ក្នុងសំណាញ់ដ៏គ្រោះថ្នាក់ និងសត្វស្លាបជាប់ក្នុងអន្ទាក់ ដូច្នេះកូនៗមនុស្សត្រូវជាប់អន្ទាក់នៅគ្រាដ៏អាក្រក់ ពេលវាធ្លាក់មកលើពួកគេភ្លាម» (សាស្ដា ៩:១២)។
ជីវិតផ្ទាល់ប្រៀបបាននឹងសំឡេងខ្សឹបប្រាប់ទៅខ្យល់ ឬដូចភ្លើងទៀន ដែលបន្ទាប់ពីបានផ្លុំហើយនឹងមានផ្សែងអ័ព្ទមួយភ្លែត ហើយបន្ទាប់មកក៏បាត់ទៅវិញជារៀងរហូត។ នេះដូចជាអ្វីដែលក្រោយមកប្អូនប្រុសរបស់ព្រះយេស៊ូវនឹងថ្លែងទីបន្ទាល់ចំពោះភាពពិតទាំងនេះនៅក្នុងគម្ពីរសញ្ញាថ្មី៖ «លោកអ្នកមិនទាំងដឹងថាជីវិតរបស់លោកអ្នកនឹងទៅជាយ៉ាងណានៅថ្ងៃស្អែកឡើយ» (យ៉ាកុប ៤:១៤)។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងបានតាំងចិត្តរស់នៅ ដើម្បីលើកតម្កើងសិរីល្អរបស់ព្រះជាម្ចាស់ ប៉ុន្តែដើម្បីឲ្យធ្វើដូច្នេះបាន គឺយើងត្រូវតែវាយតម្លៃ និងពិនិត្យមើលភាពផុយស្រួយ និងលក្ខណៈភាពកន្លងទៅយ៉ាងឆាប់រហ័សនៅក្នុងពេលដ៏ខ្លីនៃជីវិត។ នៅក្នុងការប្ដេជ្ញាចិត្តរបស់លោក យ៉ូណាថាន អេឌវើដស៍ (Jonathan Edwards) គាត់បានវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះភាពមិនគ្រប់គ្រាន់នៃពេលវេលា ហើយបានអធិស្ឋានសូមឲ្យព្រះអម្ចាស់សង្កត់លើសន្តិសម្បជញ្ញៈរបស់គាត់នូវភាពចាំបាច់នៃការមើលពេលវេលារបស់យើងនៅលើផែនដីនេះដោយមានអារម្មណ៍ដ៏ជ្រាលជ្រៅនៃភាពជាអ្នកត្រួតត្រា។ ដោយមានភាពខ្លីនៃថ្ងៃអាយុរបស់មនុស្ស និងធម្មជាតិដ៏អស់កល្បនៃព្រលឹងមនុស្សនៅក្នុងចិត្តគំនិតគាត់ នោះលោក អេឌវើដស៍ ក៏បានអធិស្ឋានថា «ឱ! ព្រះអម្ចាស់អើយ! សូមបោះត្រាភាពអស់កល្បជានិច្ចលើកែវភ្នែកទូលបង្គំ»។ លោក អេឌវើដស៍ បានបដិសេធមិនរស់នៅសម្រាប់ការបណ្ដោះអាសន្ននោះទេ ប៉ុន្តែបានព្យាយាមធ្វើតាមការប្ដេជ្ញាចិត្តរបស់ខ្លួន៖
«គាត់បានត្រូវតាំងចិត្តថា៖ មិនត្រូវធ្វើអ្វីដែលខ្ញុំខ្លាចនឹងធ្វើ ប្រសិនបើទង្វើនោះកើតឡើងនៅម៉ោងចុងក្រោយនៃជីវិតរបស់ខ្ញុំ»។ (យ៉ូណាថាន អេឌវើដស៍ ក្នុងការប្ដេជ្ញាចិត្តទី៧)
លោក អេឌវើដស៍ គឺជាមនុស្សដែលមិនធម្មតាម្នាក់ក្នុងចំណុចនេះ ហើយនោះឯងជាមូលហេតុដែលព្រះជាម្ចាស់បានប្រើប្រាស់គាត់តាមរបៀបមិនធម្មតា។
តើលោកអ្នកធ្លាប់សួរសំណួរថា៖ «តើខ្ញុំអាចរស់នៅក្នុងជីវិតដ៏ខ្លីនេះបានដោយរបៀបណាទេ?»
ដើម្បីឆ្លើយសំណួរនោះដោយសង្ខេប យើងនឹងពិចារណាទំនុកតម្កើងជំពូក៩០។ ថ្វីដ្បិតតែទំនុកតម្កើងជំពូក៩០ នៅក្នុងការដាក់របស់វាក៏ដោយ ក៏នេះគឺជាទំនុកដំបូងបង្អស់ដែលមិនធ្លាប់មាន និងទំនុកតែមួយគត់ដែលសរសេរដោយលោក ម៉ូសេ។
តើលោក ម៉ូសេ មានលក្ខណៈពិសេសអ្វីក្នុងការសរសេរទំនុកតម្កើងអំពីភាពខ្លី ភាពបណ្ដោះអាសន្ន និងភាពផុយស្រួយនៃជីវិត?
ដើម្បីឆ្លើយសំណួរនោះ យើងត្រូវពិចារណាកិច្ចការប្រចាំថ្ងៃរបស់លោក ម៉ូសេ សម្រាប់ ១/៣ នៃជីវិតរបស់គាត់៖ វង្វេងជុំវិញវាលខ្សាច់…ធ្វើពិធីបុណ្យសព។ ប្រសិនបើលោកអ្នកចាំ៖ ប្រជាជនអ៊ីស្រាអែលមិនបាន ស្តាប់បង្គាប់ព្រះជាម្ចាស់ទេ ហើយជាលទ្ធផលគឺពួកគេត្រូវបាននាំឲ្យវង្វេងនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ រហូតដល់មនុស្សមួយជំនាន់ទាំងមូលបានស្លាប់អស់។ លោក ម៉ូសេ ដែលជាគ្រូគង្វាលនៃមនុស្សពីរលាននាក់បានធ្វើពិធីបុណ្យសពច្រើនជាងអ្នកផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ជារៀងរាល់ថ្ងៃគឺជាការរម្លឹកយ៉ាងខ្លាំងអំពីភាពខ្លីនៃជីវិត និងជោគវាសនាដែលមិនអាចជៀសបានរបស់មនុស្សលោក។ ទីរហោស្ថានបានក្លាយទៅជាកន្លែងចោលឆ្អឹង។ ពិធីបុណ្យសពទាំងអស់នោះ…ការស្លាប់ទាំងអស់នោះបានដំណើរការជាការរម្លឹកដល់រាស្ដ្ររបស់ព្រះជានិច្ចថា «ឯងរាល់គ្នានឹងត្រូវស្លាប់»។
លោក ចេមស៍ ម៉ុនហ្គោមឺរី ប៊យស៍ (James Montgomery Boice) បានកត់សម្គាល់យ៉ាងត្រឹមត្រូវថា៖
«ទំនុកតម្កើងនេះប្រហែលជាទំនុកដ៏អស្ចារ្យបំផុតក្នុងព្រះគម្ពីរដែលលើកឡើងអំពីចំណុចផ្ទុយគ្នារវាងភាពអស្ចារ្យរបស់ព្រះជាម្ចាស់ និងភាពទន់ខ្សោយរបស់មនុស្ស»។
បន្ទាប់ពីបានពិចារណាអំពីភាពអស់កល្ប ភាពអធិបតេយ្យភាព និងយុត្តិធម៌របស់ព្រះនៅដើមខ១១នៃកណ្ឌគម្ពីរទំនុកតម្កើងជំពូក៩០ នោះលោក ម៉ូសេ នឹងមកដល់ចំណុចខ្ពស់នៃទំនុកតម្កើងនៅក្នុងខ១២៖ «ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា»។
ពេលលោក ម៉ូសេ សម្លឹងមើលនៅជុំវិញខ្លួនគាត់ អ្វីដែលគាត់បានឃើញគឺជាសុទ្ធតែផ្នូរខ្មោច។ រឿងដ៏ស្រស់ៗនេះបានលាតត្រដាងនៅចំពោះមុខរាស្ដ្ររបស់ព្រះអស់រយៈពេល៤០ឆ្នាំ ហើយបានជំរុញលោក ម៉ូសេ ឲ្យអង្វរព្រះជាម្ចាស់ ដោយអធិស្ឋានសូមឲ្យទ្រង់បានណែនាំរាស្ដ្ររបស់ទ្រង់ «ឲ្យរាប់ថ្ងៃអាយុរបស់ពួកគេ»។
តើវាមានន័យយ៉ាងណាក្នុងការរាប់ថ្ងៃអាយុរបស់យើង?
ការរាប់ថ្ងៃអាយុរបស់យើងមិនមានន័យថា យើងគណនាចំនួនថ្ងៃឲ្យបានត្រឹមត្រូវក្នុង១ឆ្នាំ ឬក្នុងជីវិតដែលបានគ្រោងទុករបស់យើងនោះទេ ប៉ុន្តែជាការវាស់វែងថ្ងៃនេះដោយពឹងលើភាពអស់កល្បជានិច្ច។
ខ្ញុំនៅចាំបានថា ធ្លាប់មានកីឡាករប្រដាល់ល្បីល្បាញម្នាក់ដែលបានឈ្នះមេដាយមាសអូឡាំពិកនៅឆ្នាំ១៩៦៨ ហើយបន្ទាប់មកបានបន្តឈ្នះអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅទីបំផុតបានឈ្នះជើងឯកទម្ងន់ធ្ងន់នៅឆ្នាំ១៩៧៣។ លើសពីនេះទៀត ដូចដែលយើងឃើញជាញឹកញាប់នាពេលបច្ចុប្បន្ននេះ គួបផ្សំនឹងសមិទ្ធផលកីឡារបស់បុរសម្នាក់នេះ គឺទ្រព្យសម្បត្តិដ៏មហិមា។ តែគួរឲ្យស្តាយ អ្នកប្រដាល់ជើងចាស់មួយរូបនេះបានដាក់ពាក្យក្ស័យធនក្នុងឆ្នាំ១៩៨៣។ គាត់បានបាត់បង់អ្វីៗគ្រប់យ៉ាង។ តើគាត់អាចធ្វើអ្វីបាន? ពេលនេះ គាត់ចាស់ពេក ហើយមិនអាចចូលប្រដាល់បានវិញទេ។ តើគាត់ត្រូវវិនាសផ្នែកហិរញ្ញវត្ថុមែនទេ? ជាសំណាងល្អ អ្នកប្រដាល់ដ៏ឆ្នើមមួយរូបនេះបានផ្លាស់ប្ដូរកាលៈទេសៈរបស់គាត់នៅវ័យជាង៤០ឆ្នាំ ហើយរកបានមកវិញនូវប្រាក់ទាំងអស់ដែលគាត់បានបាត់បង់ ហើយបន្ទាប់មកក៏រកបានមករាប់លានវិញទៀត។ គាត់បានធ្វើដូច្នេះ មិនមែនដោយការប្រដាល់នោះទេ ប៉ុន្តែតាមរយៈការធ្វើទីផ្សារចង្ក្រានអាំងអគ្គិសនីចល័ត ដែលមានឈ្មោះយីហោថា៖ ចច ហ្វ័រមែន ហ្គ្រៀលស៍ (George Foreman Grills) ។ អ្នកប្រដាល់ដែលធ្លាប់បាត់បង់អ្វីៗទាំងអស់នោះ ឥឡូវមានសម្បត្តិតម្លៃជាង ៣០០,០០០,០០០ ដុល្លារដោយសារកេរ្តិ៍ឈ្មោះចង្ក្រានអាំងសាច់របស់គាត់។
ភ័ព្វសំណាងអាចបាត់បង់ និងកើតឡើងវិញបាន ប៉ុន្តែគ្មាននរណាម្នាក់អាចឲ្យម្សិលមិញត្រឡប់មកវិញបានទេ។នៅពេលដែលវេលាកន្លងផុតទៅហើយ គឺវានឹងទៅជារៀងរហូត។
យើងពិចារណាចំនួនទឹកលុយនៅក្នុងគណនីចូលនិវត្តន៍របស់យើង ប៉ុន្តែតើលោកអ្នកធ្លាប់បានសញ្ជឹងគិតអំពីចំនួនថ្ងៃរបស់លោកអ្នកហើយឬនៅ? លោក ម៉ូសេ ដឹងថាពេលវេលាផ្ទាល់គឺប្រៀបដូចជាខ្សាច់ដែលរសាត់តាមម្រាមដៃរបស់យើងទៅ។ យើងអាចព្យាយាមចាប់យកពេលវេលា ប៉ុន្តែកាលណាយើងកាន់តែព្យាយាមចាប់យកវា នោះពេលវេលានឹងកាន់តែគេចចេញពីយើង។ ដោយពឹងលើការយល់នេះលោក ម៉ូសេ បានអង្វរព្រះជាម្ចាស់ឲ្យប្រទានដល់គាត់នូវទស្សនៈត្រឹមត្រូវអំពីដំណើរជីវិតដែលមានភាពបណ្ដោះអាសន្នរបស់គាត់។
វាជាការដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ការរក្សាពេលវេលា និងការដែលយើងរស់នៅសម្រាប់ជាសិរីល្អរបស់ព្រះជាម្ចាស់មិនមែនជាការចាប់ផ្ដើមជាមួយនឹងការមានបញ្ជីកិច្ចការដែលយើងត្រូវធ្វើដ៏វែងនោះទេ តែវាចាប់ផ្ដើមដោយមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ដែលនៅស្ថិតស្ថេរនៅជាដរាប។ លោក ម៉ូសេ បានអង្វរព្រះជាម្ចាស់នៅក្នុងខ១៤ថា «ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត» ។
ជីវិតរបស់យើងតែងតែមានលក្ខខណ្ឌនៅក្នុងការឆ្លើយតបទៅនឹងភាពខ្លីនៃជីវិតជាមួយនឹងការបន្តភាពដឹងខ្លួនលើផ្នែកនៃការដាក់វិន័យសីលធម៌។ ការដាក់វិន័យលើខ្លួនឯងជារឿងល្អ ប៉ុន្តែដើម្បីឲ្យគ្រប់គ្រងជីវិតដ៏ខ្លីរបស់យើងបានល្អ គឺលោក ម៉ូសេ បានជំរុញយើងឲ្យបង្កើតការប្ដេជ្ញាចិត្តនៅពេលព្រឹកជាថ្មី ដោយអធិស្ឋានសូមឲ្យព្រះបំពេញចិត្តយើងដោយសេចក្ដីសប្បុរសដែលនៅស្ថិតស្ថេរនៅជាដរាបរបស់ទ្រង់។
បន្ទាប់ពីបានពិចារណាអំពីសេចក្ដីសប្បុរសដែលនៅស្ថិតស្ថេរនៅជាដរាបរបស់ព្រះនៅក្នុងខ១៤រួចមក នោះលោក ម៉ូសេ ក៏ទូលសូមព្រះនៅក្នុងខ១៧ថា «សូមឲ្យព្រះគុណនៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំបានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំឲ្យខ្ជាប់ខ្ជួនឡើង។ អើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ»។
អ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងមិនបានជំរុញយើងឲ្យធ្លាក់ទៅក្នុងភាពអស់សង្ឃឹមទេ តែគាត់កំពុងជំរុញយើងឲ្យឆ្ពោះទៅរកការពឹងផ្អែកលើព្រះគុណ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់វិញ។
តើយើងអាចរស់នៅក្នុងជីវិតដ៏ខ្លីរបស់យើងនេះឲ្យបានល្អដោយរបៀបណា?
យើងអាចរស់នៅក្នុងជីវិតដ៏ខ្លីរបស់យើងនេះឲ្យបានល្អដោយការឈានទៅរកការពេញចិត្តក្នុងសេចក្ដីសប្បុរសដែលនៅស្ថិតស្ថេរនៅជាដរាបរបស់ព្រះជាម្ចាស់។ លើសពីនេះទៀត យើងត្រូវអង្វរសូមឲ្យព្រះជាម្ចាស់ដាក់ព្រះហស្ដរបស់ទ្រង់មកលើជីវិតរបស់យើង។ លោក ម៉ូសេ បានយល់យ៉ាងត្រឹមត្រូវថា ក្រៅពីការពេញចិត្ត ព្រះគុណ និងសេចក្តីសប្បុរសរបស់ព្រះអម្ចាស់ នោះគ្មានអ្វីនៅក្នុងជីវិតរបស់យើងដែលនឹងមានតម្លៃយូរអង្វែងនោះឡើយ។
ស៊ី. ធី. ស្តូត (C.T. Studd) បានធ្លាប់លើកឡើងថា៖ «ជីវិតដ៏ខ្លីមួយនេះនឹងកន្លងផុតបាត់ទៅ ប៉ុន្តែនូវរាល់អ្វីៗដែលយើងធ្វើសម្រាប់ព្រះគ្រីស្ទនឹងបន្តគង់នៅ»។
នេះជាការពិត មានតែអ្វីដែលបានធ្វើឡើងសម្រាប់ព្រះគ្រីស្ទប៉ុណ្ណោះដែលនឹងនៅស្ថិតស្ថេរ។ ប៉ុន្តែលោក ម៉ូសេ បាននាំយើងមួយជំហានទៅមុខទៀត៖ មានតែការដែលបានធ្វើសម្រាប់ព្រះគ្រីស្ទ ហើយទទួលបានការទទួលស្គាល់ពីព្រះគ្រីស្ទប៉ុណ្ណោះដែលនឹងនៅស្ថិតស្ថេរ។
ព្រះគម្ពីរបានជំរុញយើងឲ្យគិត។ ជាពិសេសនៅត្រង់នេះ តាមរយៈព្រះបន្ទូលដ៏មានជីវិត និងសកម្មរបស់ទ្រង់ គឺព្រះជាម្ចាស់បង្គាប់ឲ្យយើងពិចារណាលើសំណួរទាំងនេះ៖
- តើលោកអ្នកកំពុងរាប់ថ្ងៃអាយុរបស់លោកអ្នកដោយពឹងលើភាពអស់កល្បជានិច្ចដែរឬទេ?
- តើលោកអ្នកបានពិចារណាអំពីភាពខ្លីនៃជីវិតនេះ និងភាពស្ថិតស្ថេរនៃជីវិតបន្ទាប់ដែរឬទេ?
បើសិនជាមិនបានធ្វើដូច្នោះទេ ចូរលោកអ្នកអធិស្ឋានតាមការអធិស្ឋានរបស់លោក ម៉ូសេ៖
«សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា»។
មតិយោបល់
Loading…