ម៉ាកុស ៦:៣០–៤៤ «៣០ ពួកសាវ័កបានមកប្រជុំគ្នានៅចំពោះព្រះយេស៊ូវ ហើយរៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងបានបង្រៀន។ ៣១ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ ៣២ ដូច្នេះ គេនាំគ្នាចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក។ ៣៣ ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន។ ៣៤ កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្ដួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។ ៣៥ លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ ៣៦ សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ»។ ៣៧ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារីទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?» ៣៨ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន? ចូរទៅមើលមើល៍»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «មានប្រាំដុំ និងត្រីពីរកន្ទុយ»។ ៣៩ ពេលនោះ ព្រះអង្គបង្គាប់ពួកសិស្សឲ្យប្រាប់ពួកគេអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ ៤០ ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។ ៤១ ព្រះអង្គយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ងើបព្រះភក្ត្រទៅស្ថានសួគ៌ អរព្រះគុណ ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ដើម្បីចែកឲ្យបណ្ដាជន ហើយព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះទៅគេទាំងអស់គ្នាដែរ។ ៤២ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ៤៣ រួចគេប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មានដែលនៅសល់ បានពេញដប់ពីរកន្ត្រក។ ៤៤ អស់អ្នកដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៤:១៣–២១ លូកា ៩:១០–១៧ និងយ៉ូហាន ៦:១–៤)។
ដំណើររឿងនៃការអស្ចារ្យមួយនេះគឺជាការតភ្ជាប់ពីពេលដែលពួកសិស្សចេញទៅធ្វើបេសកកម្មនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ៦:៧–១៣។ នៅក្នុងដំណើររឿងនោះ យើងបានសិក្សាអំពីតម្លៃនៃភាពជាសិស្សរបស់ព្រះយេស៊ូវ គឺត្រូវឲ្យមានការលះបង់។ ហើយលោក ម៉ាកុស បានបង្ហាញអំពីចំណុចនេះតាមរយៈការដែលគាត់លើកឡើងអំពីពេលដែលព្រះបាទ ហេរ៉ូឌ សម្លាប់លោក យ៉ូហាន–បាទីស្ទ ដែលជាការបំពេញការសន្យាទៅកាន់កូនរបស់នាង ហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ព្រះបាទ ភីលីព ជាអនុជ ដែលព្រះបាទ ហេរ៉ូឌ បានយកនាងមកធ្វើជាប្រពន្ធរបស់ខ្លួន ពីព្រោះកូនរបស់នាង ហេរ៉ូឌាស បានរាំនៅក្នុងពិធីខួបកំណើតរបស់ព្រះបាទ ហេរ៉ូឌ និងភ្ញៀវរួមតុ ហើយបានធ្វើឲ្យពួកគេពេញចិត្តយ៉ាងខ្លាំង។ យើងដឹងហើយថា ការរាំនោះគឺជាការរាំបែបបង្កើតឲ្យមានភាពស្រើបស្រាល ប្រវត្តិសាស្ត្រវិទូបានសរសេរថាការរាំនេះទំនងជាការរាំអាក្រាត។
មកដល់ពេលនេះលោក ម៉ាកុស ក៏ចង់ប្រាប់យើងថា មូលហេតុដែលព្រះយេស៊ូវប្រទានអាហារសម្រាប់មនុស្សទាំងអស់នេះដែលជាការអស្ចារ្យគឺ ពីព្រោះគាត់ចង់បង្ហាញអំពី «ភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវ» តាមរយៈការដែលព្រះអង្គ៖ I. ប្រទានការសម្រាក II. ការបង្រៀនព្រះបន្ទូល III. ការផ្គត់ផ្គង់អាហារ ដែលនេះបង្ហាញអំពីភាពល្អប្រសើររបស់ព្រះយេស៊ូវ [លើសជាងលោក ម៉ូសេ លោក យ៉ូស្វេ លោក អេលីយ៉ា និងលោក អេលីសេ។ល។] និងភាពជាព្រះមេស្ស៊ីដ៏នៅអស់កល្បជានិច្ច។
មូលហេតុដែលគាត់បកស្រាយអំពីភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវគឺ ពីព្រោះមនុស្សម្នាជាច្រើនកំពុងតែងឿងឆ្ងល់សួរថា «តើព្រះយេស៊ូវជានរណា?»។
I. ប្រទានការសម្រាក
យើងឃើញអំពី «ភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវ» តាមរយៈការដែលព្រះអង្គប្រទានការសម្រាកដល់ពួកសិស្ស។
ខ៣០–៣២មានចែងដូចតទៅ៖ «ពួកសាវ័កបានមកប្រជុំគ្នានៅចំពោះព្រះយេស៊ូវ ហើយរៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងបានបង្រៀន។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ ដូច្នេះ គេនាំគ្នាចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក»។
ខទាំងនេះបង្ហាញអំពីការដែលពួកសិស្សមករៀបរាប់អំពីរបាយការណ៍នៃព័ន្ធកិច្ចរបស់ពួកគាត់។ ទោះបើលោក ម៉ាកុស មិនបានសរសេរយ៉ាងក្បោះក្បាយសម្រាប់យើងអំពីអ្វីដែលពួកសិស្សបាន «រៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលពួកគេបានធ្វើ និងបានបង្រៀន» នៅក្នុងខនេះក៏ដោយ ក៏មានយោងតាមខ៨ យើងបានដឹងហើយថា «គេដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យអ្នកដែលមានជំងឺជាច្រើន ដើម្បីប្រោសគេឲ្យបានជា»។ អ្វីដែលលោក ម៉ាកុស ចង់ផ្ដោតលើគឺការរ៉ាយរ៉ាប់ប្រាប់យើងអំពីរបាយការណ៍ទាក់ទងនឹងអ្វីៗដែលពួកគាត់បានធ្វើទៅកាន់ព្រះយេស៊ូវ។
ជាដំបូង ទាក់ទងនឹងទីកន្លែង យើងមិនដឹងយ៉ាងប្រាកដនោះទេ ពីព្រោះលោក ម៉ាកុស មិនបានប្រាប់យើង ប៉ុន្តែយើងអាចសន្មតថា ទំនងជានៅទីក្រុង កាពើណិម ដែលជាទីស្នាក់ការដ៏ចម្បងរបស់ព្រះយេស៊ូវក្នុងការដែលព្រះអង្គ និងពួកសិស្សតែងតែត្រឡប់មកវិញបន្ទាប់ពីបានធ្វើព័ន្ធកិច្ច ឬក៏មុនចេញធ្វើព័ន្ធកិច្ចថ្មីៗទៀត។ ហើយទាក់ទងនឹងតួឯក គឺយើងដឹងហើយថាគឺ៖ «ព្រះយេស៊ូវ» និង «ពួកសាវ័ក»។
ជាបន្ទាប់ខ៣១បង្ហាញអំពីការណែនាំរបស់ព្រះយេស៊ូវឲ្យពួកសិស្សញែកពេលវេលា ដើម្បីសម្រាក។ តាមរយៈខនេះយើងឃើញថាលោក ម៉ាកុស បានចាប់ផ្ដើមឆ្លើយសំណួរ៖ «តើព្រះយេស៊ូវជានរណា?» ដោយបកស្រាយអំពីភាពជាអ្នកគង្វាលដ៏ល្អរបស់ទ្រង់ដោយផ្ដោតទៅលើការដែលព្រះអង្គផ្គត់ផ្គង់ការសម្រាកដល់ពួកសិស្ស។
ពេលដែលយើងអានត្រួសៗជាដំបូង ខ្ញុំគិតថា៖ ទាំងបងប្អូន ហើយនិងខ្ញុំទំនងជាឯកភាពថា មើលទៅហាក់បីដូចជាព្រះយេស៊ូវមិនខ្វល់អំពីអ្វីដែលពួកសិស្សទើបតែបានធ្វើសោះ ប៉ុន្តែនេះមិនមែនជាការពិតឡើយ។ ផ្ទុយទៅវិញ ការដែលព្រះយេស៊ូវបានបង្គាប់ពួកសិស្សឲ្យ «ចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន» គឺជាការដែលព្រះអង្គកំពុងតែបង្ហាញអំពីការយកព្រះហឫទ័យទុកដាក់របស់ព្រះយេស៊ូវទៅកាន់ពួកសិស្ស។ ការសម្រាកពីការបម្រើក្នុងព័ន្ធកិច្ចគឺមិនមែនជាការខុសឆ្គងនោះទេ។ តាមពិតទៅ នៅក្នុងប្រយោគនេះ យើងឃើញថា ព្រះអង្គលើកទឹកចិត្តឲ្យពួកសិស្សញែកខ្លួនចេញទៅកន្លែងស្ងាត់ ហើយសម្រាក។ ដូចគ្នាផងដែរ មេរៀនមួយដែលយើងអាចរៀនបានចេញពីពួកសិស្សរបស់ព្រះអង្គគឺត្រង់ថា ឲ្យយើងចេះញែកពេលវេលា ទៅរកកន្លែងស្ងាត់ ដើម្បីលម្ហែកាយផងដែរ ព្រោះបើមិនដូច្នោះទេ នោះយើងអាចនឹងល្វើយរហូតដល់ឈប់ពីការបម្រើទាំងស្រុង។
ក្នុងខ៣២ យើងឃើញអំពីការដែលពួកគេចាប់ផ្ដើមចេញទៅរកកន្លែងសម្រាកដោយបាន «ចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក»។ ត្រង់នេះ យើងឃើញថា ព្រះយេស៊ូវមិនគ្រាន់តែបង្គាប់ឲ្យពួកសិស្សញែកពេលវេលាទៅរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកប៉ុណ្ណោះនោះទេ ប៉ុន្តែព្រះអង្គនាំមុខក្នុងការចុះទូកជាមួយនឹងពួកគេផងដែរ។
«ប៉ុន្តែ» ជាការដ៏គួរឲ្យសោកស្ដាយណាស់ ខ៣៣រៀបរាប់ប្រាប់យើងថា៖ «មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន»។
ទាំងពួកសិស្ស និងព្រះយេស៊ូវផ្ទាល់នៅតែបន្តមិនមានពេលសម្រាកទាល់តែសោះ។ មូលហេតុគឺដោយសារមកដល់ពេលនេះ ព្រះយេស៊ូវចាប់ផ្ដើមមានភាពល្បីល្បាញ ដោយសារពួកសិស្សទើបតែត្រឡប់មកពីការធ្វើព័ន្ធកិច្ច ដែលមានពេញទៅដោយការអស្ចារ្យ ដូចដែលយើងឃើញនៅក្នុងខ៨ «គេដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យអ្នកដែលមានជំងឺជាច្រើន ដើម្បីប្រោសគេឲ្យបានជា» (ម៉ាកុស ៦:១៤–១៦៖ «ដំណឹងនោះក៏ឮដល់ព្រះបាទហេរ៉ូឌ ដ្បិតព្រះនាមរបស់ព្រះយេស៊ូវបានឮល្បីសុសសាយ។ អ្នកខ្លះនិយាយថា៖ “លោកយ៉ូហាន–បាទីស្ទបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ”។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ “លោក អេលីយ៉ា” ខ្លះទៀតថា៖ “ជាហោរា ដូចជាហោរាឯទៀតៗពីជំនាន់ដើមដែរ”។ ប៉ុន្តែ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានរាជឱង្ការថា៖ “យ៉ូហានដែលយើងបានកាត់ក្បាល បានរស់ពីស្លាប់ឡើងវិញហើយ”» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៤:១៤–១៦)។
ពិតជាអស្ចារ្យមែន! តាមរយៈខគម្ពីរនេះ បន្ទាប់ពី «មនុស្សជាច្រើនបានឃើញ» ហើយ «ដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ» នោះពួក «គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន»។ សូមនឹកស្រមៃជាមួយខ្ញុំបងប្អូន មនុស្សម្នាទាំងនោះបានរត់ទៅរង់ចាំ ដើម្បីទទួលព្រះអង្គ!
ការអនុវត្ត
តើបងប្អូនធ្លាប់ធ្វើបែបនេះដែរឬទេ ក្នុងការទៅជួបព្រះអង្គ ឬក៏ការទៅព្រះវិហារ ដើម្បីជួបព្រះអង្គ ឬក៏ការញែកពេលវេលាដាច់ដោយឡែក ដើម្បីចំណាយជាមួយនឹងព្រះអង្គ? ដែលនេះខ្ញុំចង់មានន័យថា តើបងប្អូនធ្លាប់ញែកពេលវេលាមុនមកព្រះវិហារ ឬក៏មុនជួបព្រះអង្គក្នុងការចំណាយពេលតែឯងជាមួយនឹងព្រះអង្គ មិនថាការអានព្រះគម្ពីរ ឬក៏ការអធិស្ឋាន ដើម្បីរៀបចំចិត្ត និងត្រៀមចិត្តក្នុងការចូលទៅក្នុងព្រះវត្តមានរបស់ព្រះអង្គ?
កាលខ្ញុំនៅមណ្ឌលក្មេងកុមារកំព្រា អ្នកដឹកនាំបានលើកទឹកចិត្តឲ្យពួកយើងញែកពេលវេលាខ្លះនៅថ្ងៃសៅរ៍ ដើម្បីត្រៀមចិត្តក្នុងការទៅថ្វាយបង្គំនៅថ្ងៃអាទិត្យ។ ហើយខ្ញុំក៏ចង់លើកទឹកចិត្តឲ្យយើងទាំងអស់គ្នាធ្វើដូច្នេះដែរ មិនថាយើងមកថ្វាយបង្គំនៅព្រះវិហារផ្ទាល់ ឬក៏ថ្វាយបង្គំតាមប្រព័ន្ធអនឡាញក៏ដោយ។
មូលហេតុដែលពួក «មនុស្សជាច្រើន» នោះ «ប្រញាប់ប្រញាល់នាំគ្នារត់» ទៅរង់ចាព្រះយេស៊ូវ គឺពីព្រោះពួកគេចង់ស្គាល់ថា «តើព្រះយេស៊ូវជានរណា?» ដែលនេះឯងគឺជាមូលហេតុដែលលោក ម៉ាកុស [និងពួកសាវ័កនានា] បានសរសេរអំពីការអស្ចារ្យមួយនេះសម្រាប់យើង ដែលនេះនាំយើងមកដល់ចំណុចទី២នៃការបកស្រាយអំពីភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវត្រង់ថា៖
II. ព្រះអង្គបង្រៀនព្រះបន្ទូល
ខ៣៤ «កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្ដួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន»។
ជាដំបូង យើងឃើញថា ព្រះយេស៊ូវមិនបានខ្ញាល់នឹងអស់អ្នកដែលរត់មកតាមទ្រង់ទេ ទោះបើពួកគេបានមករំខានការញែកខ្លួនចេញ ដើម្បីទៅសម្រាករបស់ព្រះអង្គជាមួយនឹងពួកសិស្សក៏ដោយ។ បើគិតៗទៅ ព្រះអង្គអាចជ្រើសរើសមានព្រះហឫទ័យខ្ញាល់នឹងពួកគេ បន្ទាប់ពីព្រះអង្គ «បានឡើងពីទូកមក [ហើយ] ឃើញមហាជនច្រើនកុះករ»។ ប៉ុន្តែ ផ្ទុយទៅវិញ «ព្រះអង្គ [បែរជា] មានព្រះហឫទ័យក្ដួលអាណិតដល់ [ពួក] គេ» ហើយលោក ម៉ាកុស ក៏បានសរសេរប្រាប់យើងអំពីមូលហេតុដែលព្រះអង្គ «ក្ដួលអាណិត» ផងដែរគឺពី «ព្រោះគេដូចជាចៀមដែលគ្មានគង្វាល»។ នេះហើយជាមូលហេតុដែលព្រះអង្គបាន «ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន»។ តាមរយៈខនេះ យើងឃើញថា ព្រះអង្គបានមកដល់ទីកន្លែងថ្មី ហើយក៏មានតួឯកថ្មីៗថែមទៀតដូចជា៖ «មនុស្សជាច្រើន» «មហាជនច្រើនកុះករ» ពួកសិស្ស និង «ព្រះយេស៊ូវ» ផ្ទាល់។
ពាក្យ «ក្ដួលអាណិត» គឺត្រូវបានប្រើប្រាស់ឡើងក្នុងព្រះគម្ពីរសញ្ញាថ្មីសំដៅទៅលើតែព្រះយេស៊ូវមួយអង្គគត់ប៉ុណ្ណោះ។ ពាក្យនេះសំដៅទៅលើការអាណិតដែលកើតចេញពីក្បាលពោះ ហាក់បីដូចជាថា អាណិតដល់ថ្នាក់រមួលពោះរហូតដល់ស្រក់ទឹកភ្នែក។ ឬក៏ក្នុងសម័យបណ្ដាញសង្គមសព្វថ្ងៃនេះ យើងឃើញគេពេញនិយមនិយាយថា «បើអាណិតសូមចុច Like និង Share មួយផង»។ ការអាណិតបែបនេះគឺជាការដែលពេលដែលមើលឃើញធ្វើឲ្យយើងឈឺចុករហូតថាចង់ឆ្កួតឈាម។ ការក្ដួលអាណិតបែបនេះគឺមិនចប់ត្រឹមតែការមានអារម្មណ៍នោះទេ ប៉ុន្តែនឹងបណ្ដាលឲ្យមានការបញ្ចេញសកម្មភាព ដែលនេះហើយជាអ្វីដែលយើងឃើញព្រះយេស៊ូវបានធ្វើគឺ៖ «ព្រះអង្គក៏ចាប់ផ្ដើមបង្រៀន [ពួក] គេពីសេចក្តីជាច្រើន» ហើយនៅក្នុងខបន្តបន្ទាប់យើងក៏ឃើញផងដែរថា ព្រះអង្គក៏បានប្រទានអាហារបរិភោគដល់ពួកគេដែរ។
ការអនុវត្ត
តើយើងមានចិត្តក្ដួលអាណិតដូចព្រះយេស៊ូវមានដែរឬទេ? ឬក៏ថា យើងធ្លាប់ជួយគេច្រើនដងពេក ហើយគេក៏ធ្លាប់ធ្វើបាបយើងច្រើនដងពេក ហេតុដូច្នេះយើងមិនចេះអាណិតទៀតមែនឬ? ខ្ញុំធ្លាប់ជួយមនុស្សមួយចំនួន ហើយនៅចុងបញ្ចប់ពួកគេមិនគ្រាន់តែមិនដឹងគុណយើង ប៉ុន្តែបែរជាល្មើសគុណ ហើយនិយាយអាក្រក់ៗអំពីយើងទៀត។ ហើយអ្វីមួយដែលខ្ញុំកំពុងតែបន្តនៅធ្វើរហូតមកដល់សព្វថ្ងៃនេះគឺទទូចអង្វរទូលសូមឲ្យព្រះជាម្ចាស់ជួយខ្ញុំក្នុងការអត់ទោសបាបពួកគាត់។
ក្នុងឃ្លា «ដូចជាចៀមដែលគ្មានគង្វាល» យើងឃើញអំពីការដែលលោក ម៉ាកុស បង្ហាញអំពីភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវ ដោយសារព្រះអង្គបានចាប់ផ្ដើមមើលថែពួកគេ។ ទោះបើថាតាមរយៈឃ្លានេះ វាបង្ហាញអំពីភាពទន់ខ្សោយ និងការដែលពួកគេមិនអាចជួយខ្លួនឯងបានក៏ដោយ ក៏នេះមិនមែនជាអត្ថន័យចម្បងដែរ នៅក្នុងប្រពៃណីសាសន៍ យូដា ប៉ុន្តែនេះគឺជាការប្រៀបធៀបអំពីអ្នកគង្វាលដែលជាអ្នកដឹកនាំសាសន៍ យូដា ដូចជាលោក ម៉ូសេ (អេសាយ ៦៣:១១, និក្ខមនំ ១៦:៤) ឬក៏ដូចជាលោក យ៉ូស្វេ ដែលជាអ្នកដឹកនាំ ដែលជាវីរបុរសខាងឯការធ្វើសង្គ្រាម (ជនគណនា ២៧:១៧; ១ពង្សាវតារក្សត្រ ២២:១៧ និង២របាក្សត្រ ១៨:១៦; យេរេមា ១០:២១; អេសេគាល ៣៤:៥; ៣៧:២៤; ណាហ៊ុម ៣:១៨; និងសាការី ១៣:៧) និងស្ដេច ដាវីឌ ជាដើម។ល។ នេះគឺជាការប្រៀបធៀបផ្នែកការដឹកនាំខាងការធ្វើសង្គ្រាមដែលនាំឲ្យមានជោគជ័យ។
ទោះបើលោក ម៉ាកុស មិនបានសរសេរចុះប្រាប់យើងអំពីសេចក្ដីបង្រៀនជាច្រើនដែលព្រះយេស៊ូវបានបង្រៀនដល់ពួកគេក៏ដោយ ក៏យើងដឹងហើយថា អ្វីដែលគាត់ចង់ផ្ដោតទៅលើគឺគ្រូបង្រៀន មិនមែនទាក់ទងទៅនឹងសេចក្ដីបង្រៀនខ្លាំងប៉ុន្មានទេ។ ប៉ុន្តែ យើងដឹងហើយថា សេចក្ដីបង្រៀនជាច្រើននេះគឺកំពុងតែផ្ដោតទៅលើការដែលព្រះអង្គបកស្រាយអំពីដំណឹងល្អ និងអំពីព្រះរាជនគររបស់ព្រះជាម្ចាស់ដែលបានមកដល់ (ម៉ាកុស ១:១៤–១៥ «ប្រកាសដំណឹងល្អអំពីព្រះ…ព្រះអង្គមានព្រះបន្ទូលថា៖ “ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ”»)។ តាមរយៈការបង្រៀនរបស់ព្រះយេស៊ូវ៖ លោក ម៉ាកុស កំពុងតែផ្ដោតទៅលើភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវ ដែលនោះគឺជាការឆ្លើយនូវសំណួរដែលពួកមហាជនកំពុងតែងឿងឆ្ងល់សួរថា «តើព្រះយេស៊ូវជានរណា?»។ ហើយចម្លើយគឺ ព្រះអង្គជាអ្នកគង្វាលដ៏ល្អ ដែលមិនគ្រាន់តែព្យាយាមប្រទានការសម្រាកដល់ពួកសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្វែរ «ព្រះហឫទ័យក្ដួលអាណិត» ឲ្យក្លាយជាការបង្រៀនព្រះបន្ទូល និងការផ្គត់ផ្គង់អាហារដល់ពួកមហាជន ដែលនេះនាំយើងមកដល់ចំណុចចុងក្រោយ៖
III. ការផ្គត់ផ្គង់អាហារ
ខ៣៥–៤៤ «លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ “ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ”។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ “ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង”។ គេទូលព្រះអង្គថា៖ “តើយើងយកប្រាក់ពីររយដេណារីទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?” ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ “តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន? ចូរទៅមើលមើល៍”។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ “មានប្រាំដុំ និងត្រីពីរកន្ទុយ”។ ពេលនោះ ព្រះអង្គបង្គាប់ពួកសិស្សឲ្យប្រាប់ពួកគេអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។ ព្រះអង្គយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ងើបព្រះភក្ត្រទៅស្ថានសួគ៌ អរព្រះគុណ ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ដើម្បីចែកឲ្យបណ្ដាជន ហើយព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះទៅគេទាំងអស់គ្នាដែរ។ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា រួចគេប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មានដែលនៅសល់ បានពេញដប់ពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់»។
លោក ម៉ាកុស មិនគ្រាន់តែបង្ហាញយើងអំពីភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវតាមរយៈឃ្លានៃការប្រៀបប្រដូចពួកមនុស្សដែលកំពុងមកជួបព្រះអង្គថា «ដូចជាចៀមដែលគ្មានគង្វាល» នៅពេលដែលព្រះយេស៊ូវបង្រៀនព្រះបន្ទូលដល់ពួកមហាជនដ៏ច្រើនកុះករប៉ុណ្ណោះនោះទេ ប៉ុន្តែ តាមពិតទៅ សូម្បីតែនៅក្នុងឃ្លា «នៅលើស្មៅខៀវខ្ចី» ក៏ផ្ដល់អំពីចម្លើយលើសំណួរនេះដែរ ដែលនេះក៏កំពុងតែបង្វែរអារម្មណ៍អ្នកអានឲ្យគិតទៅដល់កណ្ឌគម្ពីរ ទំនុកតម្កើង ២៣ «ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ…» (ខ១–២)។
តាមរយៈការអស្ចារ្យនៃការដែលព្រះយេស៊ូវផ្គត់ផ្គង់អាហារដល់ពួកមហាជនដែល «មានបុរសចំនួនប្រាំពាន់នាក់» លោក ម៉ាកុស បានបង្ហាញយើងអំពីភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវ ដោយបង្ហាញអំពីភាពល្អប្រសើររបស់ព្រះយេស៊ូវ និងភាពជាព្រះមេស្ស៊ីរបស់ទ្រង់។ តាមពិតទៅ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ បានប្រាប់យើងថា នេះមិនទាន់ទាំងរាប់មនុស្សស្រី និងក្មេងៗផង។
យើងបានពិនិត្យមើលត្រួសៗជាមួយគ្នាហើយអំពីការដែលព្រះអង្គល្អប្រសើរជាងលោក ម៉ូសេ និងលោក យ៉ូស្វេ ហើយនៅក្នុងខទាំងប៉ុន្មានខាងលើនេះ យើងក៏នឹងឃើញអំពីភាពល្អប្រសើរជាងរបស់ព្រះយេស៊ូវ ពេលប្រៀបធៀបជាមួយនឹងលោក អេលីយ៉ា និងលោក អេលីសេ ផងដែរ។
នៅក្នុងកណ្ឌគម្ពីរ ២ពង្សាវតារក្សត្រ ៤:៤២–៤៤ យើងឃើញអំពីពេលដែលលោក អេលីសេ បានផ្គត់ផ្គង់ដល់ពួកបណ្ដាជន បន្ទាប់ពីមនុស្សម្នាក់មកពីស្រុក បាល–សាលីសា បាន «យកនំបុ័ងម្សៅឱក២០ដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូន» ពេលគាត់ប្រាប់ «ចែកឲ្យបណ្ដាជនបរិភោគ»។ ស្រដៀងគ្នានឹងដំណើររឿងមួយនេះ យើងឃើញថា មនុស្សម្នាក់នោះក៏មានសភាពដូចជាពួកសិស្សក្នុងការប្រកែកនឹងលោក អេលីសេ ដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គបានប្រើប្រាស់លោក អេលីសេ ក្នុងការផ្គត់ផ្គង់ឲ្យបណ្ដាជន «បរិភោគឆ្អែត ហើយនៅមានសល់ផង» ដូចដែលមានចែងនៅក្នុងដំណើររឿងនៃការអស្ចារ្យមួយនេះផងដែរ។
ហើយនៅក្នុងកណ្ឌគម្ពីរ ១ពង្សាវតារក្សត្រ ១៧:៨–១៦ យើងឃើញអំពីការដែលព្រះជាម្ចាស់បានប្រើប្រាស់លោក អេលីយ៉ា ក្នុងការផ្គត់ផ្គង់ម្សៅដល់ស្ត្រីមេម៉ាយនៅស្រុក សារិបតា មិនចេះអស់ជាយូរថ្ងៃដែរ។
តាមរយៈខគម្ពីរទាំងនេះលោក ម៉ាកុស ក៏កំពុងតែបន្តបកស្រាយប្រាប់ឲ្យយើងនូវសំណួរដែលពួកមហាជនកំពុងតែងឿងឆ្ងល់។ យើងដឹងហើយថា៖ លោក ម៉ូសេ និងលោក អេលីយ៉ា និងលោក អេលីសេ មានលទ្ធភាពផ្គត់ផ្គង់អាហារឆ្អែតតែមួយរយៈ ប៉ុន្តែនៅចុងបញ្ចប់មានតែព្រះយេស៊ូវទេដែលជាអង្គដែលអាចនាំមកនូវការសម្រាក និងការផ្គត់ផ្គង់ [មិនមែនត្រឹមតែខាងឯសាច់ឈាមប៉ុណ្ណោះនោះទេ ប៉ុន្តែខាងឯព្រលឹងវិញ្ញាណដែរ] ដែលនឹងនៅអស់កល្បជានិច្ច ដែលនេះបង្ហាញអំពីភាពជាព្រះមេស្ស៊ីរបស់ទ្រង់។
នៅចុងបញ្ចប់ ព្រះយេស៊ូវដែលជាព្រះមេស្ស៊ីនឹងមិនគ្រាន់តែប្រទានអាហារខាងឯសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏នឹងប្រទានការសម្រាកដ៏ល្អប្រសើរជាងលោក ម៉ូសេ និងលោក យ៉ូស្វេ និងពួកវីរបុរសនានានៃសាសន៍អ៊ីស្រាអែលអាចធ្វើបានទៅទៀត។ ប្រសិនបើបងប្អូនចង់អានបន្ថែមទៀតអំពីភាពល្អប្រសើររបស់ព្រះយេស៊ូវ និងភាពជាព្រះមេស្ស៊ីរបស់ទ្រង់ សូមអានកណ្ឌគម្ពីរហេព្រើរទាំងមូល។
សរុបសេចក្ដីទៅ រយៈការអស្ចារ្យនៃការដែលព្រះយេស៊ូវប្រទានម្ហូបអាហារដល់មនុស្សប្រាំពាន់នាក់៖ លោក ម៉ាកុស បានបង្ហាញអំពីភាពជាអ្នកគង្វាលដ៏ល្អរបស់ព្រះយេស៊ូវ តាមរយៈការដែលព្រះអង្គ៖ I. ការប្រទានការសម្រាក II. ការបង្រៀនព្រះបន្ទូល III. ការផ្គត់ផ្គង់ម្ហូបអាហារ ដែលនេះបង្ហាញអំពីភាពល្អប្រសើររបស់ព្រះយេស៊ូវ និងភាពជាព្រះមេស្ស៊ីដែលនៅអស់កល្បជានិច្ចរបស់ទ្រង់។
មតិយោបល់
Loading…