in ,

ការ​បាត់​បង់​គុណ​ធម៌​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង

https://youtu.be/GRjw5qWOcoQ

មាន​ជីវិត​ពីរ​ប្រភេទ​ខុស​ពី​គ្នា​ដែល​ខ្ញុំ​រស់​នៅ។ គឺ​ជីវិត​ពីរ​ខុស​ពី​គ្នា។ មាន​ជីវិត​ដែល​ខ្ញុំ​ស្រឡាញ់ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ថែ​រក្សា​ណាស់ ហើយ​មាន​ជីវិត​ដែល​ខ្ញុំ​ស្អប់ ហើយ​ជា​ញឹក​ញយ​ខ្ញុំ​ត្រូវ​បាន​អូស​ទាញ​ទៅ​រក​ជីវិត​នោះ។ ជីវិត​ទី​មួយ​គឺ​ជីវិត​ដែល​មាន​ការ​លត់​ដំ និង​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង ខណៈ​ដែល​ជីវិត​ទី​ពីរ​គឺ​ជីវិត​ដែល​គ្មាន​សណ្ដាប់ធ្នាប់ និង​មិន​មាន​ស្ថិរភាព។ ខ្ញុំ​ស្រឡាញ់​ជីវិត​ទី​មួយ ប៉ុន្តែ​ជា​ញឹក​ញយ​ខ្ញុំ​តែង​តែ​ទោរទន់​ទៅ​រក​ជីវិត​ទី​ពីរ។

ព្រះ​គម្ពីរ​បាន​បញ្ជាក់​ពី​ការ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង និង​ការ​លត់​ដំ​ខ្លួន។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា ការ​គ្រប់​គ្រង​ខ្លួន​ឯង​គឺ​ជា​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ដែល​ជា​រូប​ភាព​នៃ​ព្រះ​វត្ត​មាន​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ជីវិត​យើង។ ព្រះ​គម្ពីរ​បាន​បង្គាប់​យើង​ឲ្យ​លត់​ដំ និង​បង្វឹក​ខ្លួន​តាម​របៀប​របស់​ព្រះ (១ ធីម៉ូថេ ៤ :៧ ) ឲ្យ​ខំ​ប្រឹង ដើម្បី​មាន​ទម្លាប់ និង​ផ្លូវ​ដែល​នាំ​យើង​ឆ្ពោះ​ទៅ​រក​ការ​មាន​គំនិត​បរិសុទ្ធ បំណង​ចិត្ត​បរិសុទ្ធ ហើយ​និង​ជីវិត​បរិសុទ្ធ។

ខ្ញុំ​គិត​ថា យើង​បាន​បាត់​បង់​ការ​គ្រប់​គ្រង​ខ្លួន​ឯង ពោល​គឺ​ការ​បាត់​បង់​គុណ​ធម៌ ដែល​ជា​គុណ​សម្បត្តិ​ដែល​យើង​ងាយ​ស្រួល​មើល​រំលង​មួយ។ ខ្ញុំ​គិត​ថា យើង​ងាយ​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ជា​មួយ​នឹង​គំនិត​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង ពីព្រោះ​យើង​ចូល​ចិត្ត​ផ្ដោត​លើ​ព្រះ​គុណ។ មិនថា​ជា​យ៉ាង​មិច យើង​បែរ​ជា​រាប់​ព្រះ​គុណ​ទៅ​ដូច​ជា​សេរី​ភាព​ចេញ​ពី​ការ​មាន​រចនា​សម្ពន្ធ ជា​សេរី​ភាព​ចេញ​ពី​ភាព​ម៉ឺង​ម៉ាត់។ យើង​សប្បាយ​ជា​មួយ​នឹង​សេរី​ភាព​នៃ​ដំណឹង​ល្អ ដោយ​មិន​បាន​កត់​សម្គាល់​ថា​ដំណឹង​ល្អ​មិន​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព​ចេញ​ពី​ការ​គ្រប់​គ្រង​ខ្លួន​ឯង​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ឲ្យ​យើង​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង។ ដោយ​សារ​យើង​លែង​រាប់​ទម្លាប់ និង​ផ្លូវ​នៃ​ការ​លត់​ដំ​ខ្លួន​យើង ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ​ទៀត នោះ​យើង​អាច​មាន​សេចក្តី​អំណរ​ក្នុង​ការ​ប្រមូល​ផ្តុំ​វា ដើម្បី​លត់​ដំ​ខ្លួន​យើង​ឆ្ពោះ​ទៅ​កាន់​ការ​ញែក​ជា​បរិសុទ្ធ។

ការ​គ្រប់​គ្រង​ខ្លួន និង​ការ​លត់​ដំ​ខ្លួន​ឯង​គឺ​ជា​អំណោយ​ទាន ដែល​យើង​អាច​ប្រើ​ប្រាស់ ដើម្បី​មិន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​មាន​ភាព​បរិសុទ្ធ​កើត​ឡើង។ វា​គឺ​ជា​អំណោយ​ដែល​យើង​អាច​ប្រើ​ប្រាស់​បាន ដើម្បី​បញ្ឈប់​ទម្លាប់​ចាស់ ហើយ​លើក​ស្ទួយ​ទម្លាប់​ថ្មីៗ​ដែល​ប្រសើរ​ជាង។

ខ្ញុំ​ស្រឡាញ់​ជីវិត​ដែល​មាន​ការ​លត់​ដំ និង​ការ​គ្រប់​គ្រង​ខ្លួន​ឯង។ ខ្ញុំ​ស្អប់​ជីវិត​របស់​ខ្ញុំ​ដែល​មាន​ការ​ភាន់​ច្រឡំ និង​ការ​មិន​មាន​ស្ថិរភាព។ ប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​ជីវិត​នោះ​តែង​តែ​បោយ​ដៃ តែង​តែ​ដង្ហោយ​ហៅ។ នៅ​វេលា​ណា​ដែល​ខ្ញុំ​ចាប់​ផ្ដើម​មិន​សូវ​ប្រយ័ត្ន នោះ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឈាន​ចេញ​ពី​ការ​ទប់​ទល់​ឆ្ពោះ​ទៅ​កាន់​ភាព​រញ៉េរញ៉ៃ។ ខ្ញុំ​ធ្លាក់​ចេញ​ពី​ការ​លត់​ដំ​ខ្លួន​ឯង ហើយ​ឆ្ពោះ​ទៅ​កាន់​ភាព​គ្មាន​សណ្ដាប់​ធ្នាប់។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ខ្ញុំ​ទទួល​ឥទ្ធិ​ពល​ទាំង​ពី​ជីវិត​ចាស់ និង​ជីវិត​ថ្មី គឺ​មនុស្ស​ចាស់​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​ពី​មុន និង​មនុស្ស​ថ្មី​ដែល​ខ្ញុំ​កំពុង​តែ​ក្លាយ​ទៅ​ជា។ មនុស្ស​ថ្មី​ស្រឡាញ់​ក្នុង​ការ​មើល​ឃើញ​គ្រប់​វិនាទី​ថា​ជា​អំណោយ​មក​ពី​ព្រះ​ជាម្ចាស់ ដែល​ត្រូវ​ថែ​រក្សា​ឲ្យ​បាន​ល្អ​ប្រសើរ ខណៈ​ពេល​ដែល​មនុស្ស​ចាស់​ចូល​ចិត្ត​ខ្ជះខ្ជាយ​ពេល​វេលា និង​ខក​ខាន​ឱកាស​ពី​មួយ​ពេល​ហើយ​ទៅ​មួយ​ពេល​ទៀត។ មនុស្ស​ថ្មី​មើល​ឃើញ​ប្រយោជន៍​នៃ​ការ​រស់​នៅ​ក្នុង​ជីវិត​នៃ​ការ​លត់​ដំ​ខ្លួន ខណៈ​ពេល​ដែល​មនុស្ស​ចាស់​ទទូច​ថា វា​គឺ​គ្រាន់​តែ​ជា​ការ​តូច​មួយ​ដែល​មិន​ស័ក្កិសម​ក្នុង​ការ​លះ​បង់​ធ្វើ។ មនុស្ស​ថ្មី​មើល​ឃើញ​ថា​ផ្លូវ និង​ទម្លាប់​នោះ​អាច​កែ​ប្រែ នឹង​ស្ដារ​ឡើង​វិញ​បាន ហើយ​ប្រើ​សម្រាប់​ជា​ការ​ល្អ ខណៈ​ពេល​ដែល​មនុស្ស​ចាស់​ស្រែក​ថា នេះ​គឺ​ជា​ចំណុច​ខ្សោយ គ្រាន់​តែ​ជា​ជន្ទល់​សម្រាប់​មនុស្ស​ដែល​ខ្វះ​ការ​ជំរុញ​ដែល​ប្រសើរ​ជាង​នេះ។

ខណៈ​ពេល​ដែល​រដូវ​ក្តៅ​កន្លង​ផុត​ចូល​ដល់​រដូវ​ភ្លៀង—ខណៈ​ពេល​ដែល​ភាព​ច្របូក​ច្របល់​នៃ​ពេល​វ៉ាកង​បាន​ឆ្លង​ចូល​ទៅ​ក្នុង​កាល​វិភាគ​នៃ​រដូវ​ពេល​ចូល​រៀន​វិញ—នេះ​គឺ​ជា​ពេល​វេលា​ក្នុង​ការ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ទៅ​កាន់​ជីវិត​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង ជា​ជីវិត​ដែល​លត់​ដំ​ខ្លួន ដើម្បី​ឆ្ពោះ​ទៅ​កាន់​ជីវិត​បរិសុទ្ធ។ វា​គឺ​ជា​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ប្ដេជ្ញា​ជា​ថ្មី ដើម្បី​ឆ្ពោះ​ទៅ​កាន់​ជីវិត​ល្អ​បរិសុទ្ធ និង​គោល​តម្លៃ​ដ៏​សាមញ្ញ​របស់​វា។ គ្មាន​ពេល​ណា​ដែល​ល្អ​ជាង​ពេល​នេះ​ទេ។

មាន​ជីវិត​ពីរ​ប្រភេទ​ខុស​ពី​គ្នា​ដែល​ខ្ញុំ​រស់​នៅ។ គឺ​ជីវិត​ពីរ​ខុស​ពី​គ្នា។ មាន​ជីវិត​ដែល​ខ្ញុំ​ស្រឡាញ់ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ថែ​រក្សា​ណាស់ ហើយ​មាន​ជីវិត​ដែល​ខ្ញុំ​ស្អប់ ហើយ​ជា​ញឹក​ញយ​ខ្ញុំ​ត្រូវ​បាន​អូស​ទាញ​ទៅ​រក​ជីវិត​នោះ។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក សឹម រក្សា និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

រឿងពិតអំពីលោក នីកូឡាស

សៀវភៅជីវិតគ្រួសាររបស់់អ្នកដឹកនាំគ្រីស្ទបរិស័ទ