in

មនុស្សសម័យទំនើប និងពិភពស្រមើស្រមៃរបស់ពួកគេ

The Modern Man and His Fantasy World

គ្រីស្ទ​បរិស័ទ​គ្រប់​សម័យកាល​តែងតែ​ប្រឈមមុខ​នឹង​រឿង​លំបាកៗ។ ការ​ប្រឈមមុខ​ដ៏​លំបាក​មួយ​គឺ ការ​រស់នៅ​ដោយ​ជំនឿ ដែល​ការ​នេះ​មាន​ន័យ​ថា យើង​ត្រូវ​ផ្ទុកផ្ដាក់​បញ្ហា​ចម្បងៗ​នៃ​ជីវិត​របស់​យើង​ទៅ​ក្នុង​ដៃ​នៃ​បុគ្គល​ម្នាក់​ដែល​ភ្នែក​យើង​មិន​អាច​មើល​ឃើញ​នោះ​ទេ។ វា​ពិបាក​ណាស់​ក្នុង​ការ​ឲ្យ​យើង​ដាក់​ជំនឿ​លើ​ព្រះ​ជាម្ចាស់ ព្រោះ​យើង​មិន​អាច​មើល​ទ្រង់​ឃើញ។ សាវ័ក ពេត្រុស ដឹង​អំពី​រឿង​នេះ ហើយ​គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា៖

«ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក​អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង។» (១ពេត្រុស ១:៨-៩)

ការ​មើល​ព្រះ​ជាម្ចាស់​មិន​ឃើញ​មិន​មែន​ជា​បញ្ហា​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​បទ​ពិសោធន៍​នៃ​ជំនឿ​របស់​យើង​ខុស​ពី​ជំនឿ​អ្នក​ដទៃ។ អំណរ​របស់​យើង​មិន​ពឹង​អាង​លើ​បទពិសោធន៍​ទេ តែ​ពឹង​លើ​ការ​ប្រកប​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​ដែល​យើង​មើល​មិន​ឃើញ​តាម​រយៈ​ជំនឿ​វិញ។

ថ្មីៗ​នេះ ខ្ញុំ​បាន​កត់សម្គាល់​ចំណុច​មួយ ជាពិសេស​ក្នុង​ចំណោម​ប្រុសៗ ដែល​នោះ​ជា​ហេតុ​រារាំង​ជំនឿ​របស់​ពួកគេ។ ចំណុច​ដែល​ខ្ញុំ​កំពុង​និយាយ គឺ​ការ​ដែល​ពួកគេ​រស់នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ។ នៅ​សម័យ​នេះ មាន​បុរស​ជា​ច្រើន​កំពុង​រស់នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ ហើយ​ការ​នេះ​ក៏​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ពិបាក​នឹង​មាន​ជំនឿ​លើ​ព្រះ​ជាម្ចាស់​ដែល​ពួកគេ​មិន​អាច​មើល​ឃើញ​នោះ​ណាស់។

ឧទាហរណ៍​នីមួយៗ​ខាង​ក្រោម​នេះ គឺ​បង្ហាញ​ពី​មនុស្ស​ប្រុស​ភាគ​ច្រើន​កំពុង​តែ​ចំណាយ​ជីវិត​របស់​គេ​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​មើល​ឃើញ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ពិត។ ចំពោះ​គ្រីស្ទបរិស័ទ​វិញ យើង​កំពុង​តែ​ចំណាយ​ជីវិត​យើង​ទៅ​នឹង​អ្វី​ដែល​យើង​មើល​មិន​ឃើញ តែ​ជា​ការ​ពិត។ (នៅ​ក្នុង​ឧទាហរណ៍​ដំបូង ខ្ញុំ​ជឿ​ថា វា​ជា​អំពើ​បាប ប៉ុន្តែ​ចំពោះ​ឧទាហរណ៍​ផ្សេងៗ ខ្ញុំ​មិន​ជឿ​ថា​វា​ជា​អំពើ​បាប​នោះ​ទេ ប្រសិនបើ​យើង​ប្រឡូក​នឹង​វា​ដោយ​ចេះ​មាន​ការ​គ្រប់​គ្រោង។)

ការ​មើល​រូប​អាសអាភាស

២៤​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ឃើញ​ថា ការ​មើល​រូប​អាសអាភាស​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ មនុស្ស​មួយ​ចំនួន​បាន​រាប់​ការ​នេះ​ថា​ជា​ជម្ងឺរោគ។ ពេល​ដែល​ពួកគេ​កាន់​តែ​ធំ​ដឹង​ក្ដី​ឡើង ពួកគេ​បាន​មើល​រូប​បែប​នេះ ហើយ​ក៏​ញៀន​នឹង​វា​ដែរ។ ភាគ​ច្រើន​អ្នក​ដែល​មើល​រូប​ដូច​នេះ​មាន​ចាប់​ពី​សិស្ស​សាលា​នៅ​វិទ្យាល័យ មហាវិទ្យាល័យ និង​អ្នក​ដែល​មាន​អាយុ​៤០ឆ្នាំ​ចុះ​ក្រោម។ ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​គង្វាល​ម្នាក់ ខ្ញុំ​មិន​ដែល​មាន​អាទិត្យ​ណា​ដែល​ខ្ញុំ​មិន​បាន​ឮ​អំពី​ការ​តយុទ្ធ​នេះ​នោះ​ឡើយ។ ចូរ​គិត​ទៅ​មើល​ថា តើ​នឹង​មាន​ហេតុការណ៍​អី​ខ្លះ​កើត​ឡើង​នៅ​ក្នុង​កាលៈទេសៈ​ដូច​នេះ? បុគ្គល​ដែល​មើល​រូប​អាសអាភាស គេ​កំពុង​តែ​ព្យាយាម​រក​ភាព​សប្បាយ​រីករាយ​ពី​ការ​រួមភេទ​ដោយ​មិន​មាន​ទំនាក់ទំនង​នៃ​ជីវិត​អាពាហ៍ពិពាហ៍។ ទោះ​ជា​យ៉ាង​ណា​ក្ដី នេះ​ក៏​មិន​មែន​ជា​ចំណុច​ចម្បង​នៃ​បញ្ហា​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ ចំណុច​មួយ​ទៀត​នោះ​គឺ​ថា អ្វី​ដែល​គាត់​មើល​គឺ​គ្រាន់​តែ​ជា​រូបភាព​មួយ​ចំនួន​ប៉ុណ្ណោះ។ រាល់​ចំណុច​នីមួយៗ គឺ​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ​ដូចជា៖ ស្ត្រី​ក្នុង​រូប បទពិសោធន៍ និង «ការ​អរសប្បាយ» ដែល​ពួកគេ​ដក់​ចិត្ត​ចំពោះ។ វា​គ្រាន់​តែ​ជា​រឿង​ស្រមើស្រមៃ​ប៉ុណ្ណោះ​ទេ! មាន​បុរស​ជា​ច្រើន​បាន​ជាប់​អន្ទាក់​នៃ​ការ​រួមភេទ​បែប​ស្រមើស្រមៃ​នេះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ពិបាក​នឹង​មាន​ជំនឿ​ដ៏​ពិត​ទោះ​បើ​គេ​មើល​មិន​ឃើញ​ក៏​ដោយ។

ការ​លេង​ហ្គេម

នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​លេង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​មាន​ប្រជាប្រិយភាព​ណាស់។
សព្វថ្ងៃ​នេះ ឪពុកម្ដាយ​ភាគ​ច្រើន​បាន​ទិញ​ទូរស័ព្ទ​ទំនើបៗ​ទុក​សម្រាប់​កូនៗ​របស់​ខ្លួន។ ហើយ​កូនៗ​ភាគ​ច្រើន​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​លេង​ហ្គេម។ ខ្ញុំ​ឃើញ​ថា កូន​ក្មេង​ដែល​មាន​អាយុ​ពី​៥​ឆ្នាំ​ឡើង​ទៅ​គឺ ពួកគេ​អាច​លេង​បាន ហើយ​មាន​ក្មេង​ខ្លះ​ក៏​ពូកែ​លេង​ដែរ។ ហើយ​ចំពោះ​ក្មេង​ជំទង់​វិញ ពួកគេ​ភាគ​ច្រើន​មាន​ការ​ញៀន​ក្នុង​ការ​លេង​ហ្គេម ជា​ពិសេស​ហ្គេម​នៅ​តាម​កន្លែង​មាន​កុំព្យូទ័រ​ភ្ជាប់​ជាមួយ​នឹង​សេវា​អ៊ីនធឺណិត។ មាន​ក្មេង​ខ្លះ​ជា​ក្មេង​ញៀន​នឹង​ហ្គេម​យ៉ាង​ខ្លាំង ពួកគេ​បាន​ចេញ​ពី​ផ្ទះ ឬ​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​ស្លៀកពាក់​ជា​សិស្ស​សាលា តែ​មិន​បាន​ចូល​សាលា​ទេ គឺ​តម្រង់​ទៅ​កាន់​កន្លែង​លេង​ហ្គេម​តែ​ម្ដង។ រីឯ​ក្មេង​ខ្លះ ពួកគេ​នាំ​គ្នា​ទៅ​លេង​ពេល​ចេញ​ពី​សាលា ឬ​ម៉ោង​ដែល​គ្រូ​អវត្តមាន។ មិន​ត្រឹមតែ​ក្មេង​ជំទង់​ប៉ុណ្ណោះ​ទេ​ដែល​ញៀន​ក្នុង​ការ​លេង​ហ្គេម សូម្បី​តែ​សិស្ស​ពេញ​វ័យ​ក៏​មាន​អ្នក​ញៀន​លេង​ហ្គេម​ខ្លាំង​ដែរ ដូច​ជា​សិស្ស​នៅ​រៀន​នៅ​វិទ្យាល័យ និង​មហាវិទ្យាល័យ​ផង​ដែរ។ តែ​សិស្ស​មហាវិទ្យាល័យ​មិន​សូវ​មាន​អ្នក​លេង​ហ្គេម​ច្រើន​ជាង​សិស្ស​វិទ្យាល័យ និង​សិស្ស​បឋម​សិក្សា​ទេ។ ខ្ញុំ​ធ្លាប់​ដឹង​តាមរយៈ​សិស្ស​អនុវិទ្យាល័យ​របស់​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ថា គាត់​លេង​ហ្គេម​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់ ហើយ​ក៏​មាន​សិស្ស​សាលា​ខ្លះ​ទៀត​ដែល​លេង​នៅ​ទី​នោះ​ដែរ គឺ​ពួកគេ​លេង​រហូត​ដាច់​យប់ ព្រោះ​នៅ​ទី​នោះ​មាន​កន្លែង​សម្រាប់​ពួកគេ​គេង។ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ដែល​បាន​លេង​ហ្គេម​ទាន់​តែ​ភ្លេច​បាយ​ទឹក​កូន​ចៅ​ផង​ដែរ។ ការ​នេះ​គឺ​ជា​ការ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ណាស់។

ការ​រស់នៅ​ក្នុង​ពិភពលោក​នៃ​ការ​ស្រមើស្រមៃ

ប្រសិនបើ​យើង​ផ្គុំ​ចំណុច​ទាំង​នេះ​រួម​គ្នា នោះ​យើង​នឹង​ឃើញ​ថា ពួកគេកំពុង​តែ​រស់នៅ​ក្នុង​ពិភពលោក​នៃ​ការ​ស្រមើស្រមៃ។ ទោះ​បើ​គ្រូ​គង្វាល​ព្យាយាម​លើក​ទឹក​ចិត្ត​ប្រុសៗ​ឲ្យ​បម្រើ​ក្នុង​ក្រុម​ជំនុំ សិក្សា​ព្រះ​បន្ទូល ផ្សាយ​ដំណឹងល្អ ហើយ​ដឹកនាំ​ក្នុង​ក្រុម​ជំនុំ​ក៏​ដោយ ក៏​ពួកគេមិន​សូវ​ចង់​ធ្វើ ព្រោះ​ពួកគេកំពុង​រវល់​រស់នៅ​ក្នុង​ពិភពលោក​នៃ​ការ​ស្រមើស្រមៃ។

ដូច្នេះ​ហើយ​យើង​មិន​គួរ​ឆ្ងល់​ថា ហេតុ​អ្វី​ក្នុង​ក្រុម​ជំនុំ​មិន​សូវ​មាន​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​ព្រះ​ជាម្ចាស់!

វា​ជា​ការ​ដ៏​អាម៉ាស់​ណាស់ ដែល​បុរស​ជា​ច្រើន​កំពុង​រវល់​នឹង​ការ​យក​ឈ្នះ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ រវល់​នឹង​មើល​រូប​អាសអាភាស ជាជាង​រវល់​នឹង​ការ​ដើរ​តាម​គន្លង​ផ្លូវ​របស់​ព្រះ​គ្រីស្ទ ដែល​តម្រូវ​ឲ្យ​ពួកគេលះ អាល័យ​ខ្លួន​ឯង លី​ឈើឆ្កាង ហើយ​បម្រើ​ព្រះ​ជាម្ចាស់​និង​អ្នក​ដទៃ​នោះ។

គ្រូ​គង្វាល​ដែល​កំពុង​ព្យាយាម​បង្រៀន និង​ប្រកាស​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ដល់​មនុស្ស​ដែល​កំពុង​រស់នៅ​ក្នុង​ពិភពលោក​នៃ​ការ​ស្រមើស្រមៃ ដាច់​ខាត​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង។ គ្រូ​គង្វាល​ត្រូវ​ខិតខំ​បង្ហាញ​ដល់​ក្រុម​ជំនុំ​ថា​ព្រះ​គ្រីស្ទ​មាន​ពេញ​ទៅ​ដោយ​សិរីល្អ។ ទោះ​បើ​ព្រះ​គម្ពីរ​ថ្កោល​ទោស​យើង​ក៏​ដោយ ក៏​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា​យើង​បាន​ធ្វើ​ខុស ហើយ​ក៏​ជួយ​ឲ្យ​យើង​ប្រែ​ចិត្ត​ផង​ដែរ។ យើង​ត្រូវ​តែ​ប្រកាស​អំពី​សិរីល្អ​ទ្រង់​ដល់​អ្នក​ដទៃ​ជាជាង​មើល​ងាយ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូវ​មិន​មែន​ជា​បុព្វបុរស​នៃ​រឿង​ប្រលោម​លោក​នោះ​ទេ តែ​ព្រះ​អង្គ​ជា​ព្រះ​សង្គ្រោះ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ!

ប្រសិនបើ​លោក​អ្នក​ជា​បុគ្គល​ម្នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ នេះ​មាន​ន័យ​ថា ជំនឿ​របស់​លោក​អ្នក​មិន​ទាន់​លូត​លាស់​នៅ​ឡើយ​ទេ។ ដូច្នេះ លោក​អ្នក​គួរ​គិត​សារ​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត។ ប្រសិនបើ​លោក​អ្នក​មាន​ការ​ជាប់​ចិត្ត​មួយ​ចំនួន​ក្នុង​ជីវិត​រស់នៅ (ដូច​ជា​ការ​មើល​រូប​អាសអាភាស) នោះ​មាន​ន័យ​ថា ការ​នោះ​កំពុង​រារាំង​មិន​ឲ្យ​លោក​អ្នក​លូតលាស់​ក្នុង​ព្រះ​គ្រីស្ទ​ហើយ។ របៀប​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​គឺ ១) អធិស្ឋាន ២) លន់តួ​បាប ៣) កែ​ប្រែ​ចិត្ត។ បន្ទាប់មក លោក​អ្នក​គួរ​តែ​ឲ្យ​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​ជួយ​កែ​តម្រង់​លោក​អ្នក​ពេល​ដែល​លោក​អ្នក​ធ្វើ​ខុស ហើយ​ចូរ​បម្រើ​ក្នុង​ក្រុម​ជំនុំ​តាម​តំបន់​ផង។ ខ្ញុំ​សន្យា​ចំពោះ​លោក​អ្នក​ថា ការ​ដែល​លោក​អ្នក​ឃើញ​ដំណឹងល្អ​ធ្វើ​ការ​ផ្លាស់ប្រែ​ក្នុង​ជីវិត​មនុស្ស លោក​អ្នក​នឹង​ពិត​ជា​ទទួល​បាន​អំណរ​ដ៏​យឺនយូរ​ក្នុង​ព្រលឹង​លោក​អ្នក​ជា​មិន​ខាន់ ជា​អំណរ​ដែល​គ្មាន​អ្វី​ប្រៀប​ស្មើ​បាន។ ព្រះ​យេស៊ូវ​ទ្រង់​សំខាន់​ណាស់ ហេតុ​ដូច្នេះ​ហើយ​លោក​អ្នក​មិន​គួរ​យក​ទ្រង់​ធ្វើ​ជា​ជម្រើស​ទី​ពីរ​ក្នុង​ជីវិត​លោក​អ្នក​ឡើយ! ប្រសិនបើ​យើង​ពិត​ជា​ជឿ​លើ​ការ​នេះ​មែន នោះ​យើង​នឹង​ប្រាកដ​ជា​ប្រព្រឹត្ត​តាម​ជា​មិន​ខាន។

ចំណាំ៖ យើង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​កែសម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
និពន្ធ​ដោយ​លោក​គ្រូ៖ Erik Raymond
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

អធិស្ឋានៗ​លក់​ភ្លឹង

សំណួរ​​ដែល​យើង​ត្រូវ​សួរ​មុន​នឹង​និយាយ​ដើម​គេ