in

ស្រឡាញ់ស្រឡាញ់ អស្ចារ្យអស្ចារ្យ

ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

ចំណុច​១០​យ៉ាង​ដែល​លោក​អ្នក​គួរ​ដឹង​

១. ព្រះ​គម្ពីរ​ប្រើ​ពាក្យ​ពេចន៍ វោហារ សម្ដី និង​ការ​ប្រៀប​ធៀប​ជា​ច្រើន​ក្នុង​ការ​រៀប​រាប់​ចំណុច​ដ៏​ពិត​ដែល​ថា​យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​លើក​ឡើង​ពាក្យ​ពេចន៍​ជា​ច្រើន​អំពី​ការ​ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ។ ឧទាហរណ៍​៖ ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​ក្នុង​ព្រះ​គ្រីស្ទ (អេភេសូរ ២:១០) យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ (កាឡាទី ២:២០) យើង​បាន​ទទួល​ការ​បញ្ចុះ​ក្នុង​ផ្នូរ​ជា​មួយ​នឹង​ទ្រង់ (កូឡុស ២:១២) យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក និង​ក្ដី​ស្លាប់​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ (រ៉ូម ៦:៣) យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ការ​រស់​ពី​សុគត​ឡើង​វិញ​របស់​ទ្រង់ (រ៉ូម ៦:៥) យើង​បាន​អង្គុយ​ជា​មួយ​នឹង​ទ្រង់​នៅ​ស្ថានសួគ៌ (អេភេសូរ ២:៦) អ្នក​ជឿ​កាន់​តែ​មាន​លក្ខណៈ​ដូច​រូប​អង្គ​ព្រះ​គ្រីស្ទ (កាឡាទី ៤:១៩) ព្រះ​គ្រីស្ទ​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជឿ (អេភេសូរ ៣:១៧) ក្រុមជំនុំ​ជា​រូបកាយ​របស់​ព្រះ​គ្រីស្ទ (១កូរិនថូស ៦:១៥; ១២:២៧) ព្រះ​គ្រីស្ទ​គង់​ក្នុង​យើង (២កូរិនថូស ១៣:៥) យើង​ក៏​នៅ​ក្នុង​ទ្រង់​ដែរ (១កូរិនថូស ១:៣០) ក្រុមជំនុំ​មាន​សាច់​ឈាម​តែ​មួយ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ (អេភេសូរ ៥:៣១-៣២) អ្នក​ជឿ​ទទួល​បាន​ព្រះ​គ្រីស្ទ ហើយ​ទ្រង់​ក៏​ទទួល​ពួក​គេ​ដែរ (ភីលីព ៣:៨-៩)។

លើស​ពី​នោះ​ទៅ​ទៀត ក្នុង​ព្រះ​គ្រីស្ទ​យើង​ទទួល​បាន​ភាព​សុចរិត (រ៉ូម ៨:១) សិរី​ល្អ (រ៉ូម ៨:៣០) ការ​ញែក​ជា​បរិសុទ្ធ (១កូរិនថូស ១:២) ការ​ត្រាស់ហៅ (រ៉ូម ១:៩) ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ (អេភេសូរ ២:៥) បាន​កើត​ជា​ថ្មី (២កូរិនថូស ៥:១៧) ក្លាយ​ជា​កូន​ចិញ្ចឹម (កាឡាទី ៣:២៦) ការ​ជ្រើស​តាំង (អេភេសូរ ១:៤-៥)។ អស្ចារ្យ​មែន! យើង​លើក​ឡើង​ចំណុច​ទាំង​នោះ​ដោយ​មិន​ទាំង​ទាន់​មើល​ក្នុង​កណ្ឌ​ដំណឹង​ល្អ និង​កណ្ឌ​ដែល​និពន្ធ​ដោយ​សាវ័ក ​យ៉ូហាន! បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ គឺ​ជា​មូល​ដ្ឋាន​ដ៏​ធំ​មួយ​ដែល​សាវ័ក​បាន​លើក​ឡើង​ក្នុង​កណ្ឌ​ដំណឹង​ល្អ—មូលហេតុ​គឺ​ដោយ​សារ​ព្រះ​គ្រីស្ទ​រាប់​ថា​សំខាន់ ហើយ​ពួក​គាត់​ក៏​រាប់​ថា​សំខាន់​ដែរ។

២. យើង​បាន​ចូល​រួបរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ យើង​មាន​ចំណែក​ក្នុង​រឿង​អាថ៌កំបាំង​ដ៏​ធំ​បំផុត​នៃ​ចក្រវាល—ការ​យក​កំណើត​ជា​មនុស្ស​របស់​ព្រះ។

លោក​គ្រូ ស៊ី. អេស. លូវ៉ីស (C.S. Lewis) បាន​ហៅ​ការ​យាង​មក​យក​កំណើត​បុត្រា​របស់​ព្រះ​ជាម្ចាស់​ថា​ជា «ការ​អស្ចារ្យ​ដ៏​សំខាន់​បំផុត» សម្រាប់​គ្រីស្ទសាសនា។ គាត់​បាន​លើក​ឡើង​យ៉ាង​ត្រឹម​ត្រូវ​មែន។ ផែនការ​នៃ​ការ​សង្គ្រោះ ការ​ស្ដារ​ឡើង​វិញ ការ​បង្កើត​ជា​ថ្មី ការ​ផ្សះផ្សា​មនុស្ស​មាន​បាប និង​រាល់​ចំណុច​ទាំង​អស់​ទៀត គឺ​ពឹង​លើ​ព្រះ​ជាម្ចាស់​ទាំង​ស្រុង​ដែល​ទ្រង់​មិន​ដែល​ឈប់​មាន​លក្ខណៈ​ដែល​ទ្រង់​មាន ហើយ​បាន​ក្លាយ​ដូច​ជា​យើង​ទាំង​ស្រុង​តាម​រយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ។ ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​ធ្វើ​បែប​នេះ? ក្នុង​សម្ដី​ម្យ៉ាង​ទៀត តើ​ហេតុ​អ្វី​«ព្រះបន្ទូល​បាន​ត្រឡប់​ជា​សាច់ឈាម» (យ៉ូហាន ១:១៤ គគខ)? គោលការណ៍​នៃ​មូលហេតុ​ដ៏​ធំ​បំផុត​លើ​មូលហេតុ​ទាំង​អស់​គឺ​ថា ព្រះ​រាជបុត្រា​ដ៏​ជា​ព្រះ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ដើម្បី​ឲ្យ​យើង​មាន​ការ​រួបរួម​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ដើម្បី​ឲ្យ​យើង​មាន​អំណរ​ក្នុង​ការ​ប្រកប​គ្នា​ជា​មួយ​នឹង​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ នេះ​ឯង​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច (យ៉ូហាន ១៧:៣)។

៣. ការ​រួបរួម​របស់​យើង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ពិត​ជា​អស្ចារ្យ ហើយ​មាន​ភាព​ស្និទ្ធស្នាល​មែន

ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​មិន​មែន​ជា​រឿង​មនោសញ្ចេតនា ការ​ប្រៀប​ធៀប បទ​បង្ហាញ ឬ​ក៏​គ្រាន់​តែ​ជា​ទេវវិទ្យា​ប៉ុណ្ណោះ​ទេ។ ហើយ​ការ​នេះ​ក៏​មិន​មែន​ជា​វិធី ដើម្បី​នឹង​និយាយ​អំពី​រឿង​អ្វី​ផ្សេង​ទៀត ដូច​ជា​ការ​រាប់​ជា​សុចរិត ការ​ញែក​ជា​បរិសុទ្ធ ឬ​ក៏​អត្ថ​ប្រយោជន៍​ដែល​យើង​បាន​ពី​ព្រះ​គ្រីស្ទ​នោះ​ទេ (ទោះ​បើ​វា​មាន​រួម​ជា​អត្ថប្រយោជន៍​ហើយ​មាន​លើស​ពី​នោះ​ទៅ​ទៀត​ក៏​ដោយ)។ ការ​ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​គឺ​ជា​ចំណុច​ដ៏​ពិត​ដែល​បញ្ជាក់​ពី​ជីវិត​ថ្មី និង​ពី​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង។ បើ​គិតៗ​ទៅ​យើង​មិន​អាច​យល់​ពី​ចំណុច​ដ៏​អស្ចារ្យ​នេះ​ទាំង​ស្រុង​បាន​ឡើយ ព្រោះ​ការ​គិត​របស់​យើង​មាន​កម្រិត។ យើង​ពិត​ជា​មាន​ការ​រួបរួម​ទាំង​ខាង​ឯ​វិញ្ញាណ និង​សាច់​ឈាម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ដែល​បាន​មក​យក​កំណើត​ជា​មនុស្ស ត្រូវ​បាន​គេ​ឆ្កាង ហើយ​បាន​រស់​ឡើង​វិញ។ គ្មាន​ដំណឹង​ណា​ល្អ​ជាង​ដំណឹង​នេះ​នោះ​ទេ។

៤. ដោយសារ​ការ​រួបរួម​របស់​យើង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ជា​ចំណុច​គោល​ក្នុង​ដំណឹង​ល្អ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពី​ក្រុមជំនុំ​មួយ​ទៅ​ក្រុមជំនុំ​មួយ​តែងតែ​បង្រៀន និង​អធិប្បាយ​អំពី​ចំណុច​នេះ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ

យើង​មិន​គួរ​មាន​ការ​ភ្ញាក់ផ្អើល​ពេល​ដែល​យើង​ឃើញ​ថា ក្រុមជំនុំ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​បង្រៀន​ពី​ការ​រួបរួម​របស់​យើង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ព្រោះ​ព្រះ​គម្ពីរ​លើក​ឡើង​ពី​ការ​បង្រៀន​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ច្បាស់​លាស់។ គ្រូ​បង្រៀន​ពី​បរិបទ​នេះ​មាន​ដូច​ជា៖ អ័យរិនណាអោស៍ (Irenaeus) អាឡិចសាន់ (Athanasius) អហ្គស្ទីន (Augustine) សាយរិន ពី​ស្រុក​អាឡិចសាន់ (Cyril of Alexandria) ម៉ាទីន លូសើរ (Martin Luther) ចន ខិលវ៉ិន (John Calvin) ចន ខូទិន (John Cotton) and យ៉ូណាថាន អេឌវើដស៍ (Jonathan Edwards)។ល។

យោង​តាម​លោក​គ្រូ ចន ខិលវ៉ិន (John Calvin) គាត់​បាន​លើក​ឡើង​ថា យើង​ត្រូវ​តែ​រាប់​ភាព​រួបរួម​គ្នា​របស់​យើង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ថា «ជា​ចំណុច​ដ៏​សំខាន់​បំផុត»។ ហេតុ​អ្វី? ព្រោះ​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​គឺ​ជា​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ៖ «នេះ​ឯង​ជា​ចំណុច​ចម្បង​នៃ​ដំណឹង​ល្អ—ឲ្យ​យើង​អាច​ទទួល​បាន​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​យើង​មាន​សាច់​តែ​មួយ​ក្នុង​ព្រះ​គ្រីស្ទ»។

៥. ការ​ដែល​ព្រះ​ជាម្ចាស់​រាប់​យើង​ជា​សុចរិត គឺ​ជា​អត្ថ​ប្រយោជន៍​ដ៏​ធំ​មួយ​នៃ​ការ​ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

យើង​មិន​បាន​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ព្រោះ​យើង​បាន​ទទួល​ការ​រាប់​ជា​សុចរិត​នោះ​ទេ។ គឺ​ផ្ទុយ​ពី​នោះ​ទាំង​ស្រុង៖ យើង​បាន​ទទួល​ការ​រាប់​ជា​សុចរិត ព្រោះ​យើង​បាន​ទទួល​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ដែល​ទ្រង់​ផ្ទាល់​ជា​មនុស្ស​សុចរិត​របស់​យើង (១កូរិនថូស ១:៣០)។ ហេតុ​ដែល​យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​របស់​ព្រះ​គ្រីស្ទ គឺ​ដោយ​សារ​យើង​ទទួល​បាន​ព្រះ​គ្រីស្ទ។ លោក​គ្រូ ម៉ាទីន លូសើរ (Martin Luther) ក៏​ដឹង​អំពី​ចំណុច​នេះ​ដែរ៖ «ចំណុច​ស្នូល​នៃ​ការ​រាប់​ជា​សុចរិត​គឺ ព្រះ​គ្រីស្ទ និង​ខ្ញុំ​ត្រូវ​មាន​ការ​ជាប់​ប្រកិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​កម្រិត​ដែល​ទ្រង់​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់។ នេះ​ជា​ចំណុច​ដ៏​អស្ចារ្យ​មែន! ដោយសារ​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ដូច្នេះ​ព្រះ​គុណ ភាព​សុចរិត ជីវិត សន្តិភាព និង​ក្ដី​សង្គ្រោះ​គឺ​សិទ្ធ​តែ​ជា​របស់​ខ្ញុំ តែ​ក៏​ជា​របស់​ព្រះ​គ្រីស្ទ​ដែរ។ យើង​អាច​មាន​ការ​រួបរួម​នោះ​បាន​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​បាន​តាម​រយៈ​ជំនឿ យោង​តាម​រយៈ​ព្រះ​វិញ្ញាណ​យើង​នឹង​មាន​សាច់​តែ​មួយ។

៦. ការ​ដែល​ព្រះ​ជាម្ចាស់​ញែក​យើង​ជា​បរិសុទ្ធ​គឺ​ជា​អត្ថ​ប្រយោជន៍​ដ៏​ធំ​មួយ​នៃ​ការ​ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

ព្រះ​គ្រីស្ទ​ជា​សេចក្ដី​សុចរិត​របស់​យើង ហើយ​ទ្រង់​ក៏​ជា​អ្នក​ញែក​យើង​ជា​បរិសុទ្ធ​ផង​ដែរ (១កូរិនថូស ១:៣០)។ ហេតុដូច្នេះ តាម​រយៈ​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ យើង​មិន​គ្រាន់​តែ​ទទួល​បាន​ការ​អត់​ទោស និង​ការ​រាប់​ជា​សុចរិត​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ​ឲ្យ​កាន់​តែ​មាន​ភាព​ដូច​រូប​អង្គ​ទ្រង់​ទៀត​ផង។ ការ​ដែល​ព្រះ​គ្រីស្ទ​បាន​ឲ្យ​រួប​អង្គ​ទ្រង់​មក​យើង នោះ​បញ្ជាក់​ថា ទ្រង់​នឹង​មិន​ឲ្យ​យើង​ទទួល​ការ​ថ្កោល​ទោស និង​ពិរុទ្ធភាព​ឡើយ ហើយ​ទ្រង់​ក៏​នឹង​មិន​បោះបង់​យើង​ចោល​ឲ្យ​យើង​មាន​ការ​ពុករលួយ ក៏​ដូច​ជា​មិន​ឲ្យ​យើង​ទទួល​បាន​ការ​ញែក​ជា​បរិសុទ្ធ​ផង​ដែរ។ លោក​គ្រូ ចន ខិលវ៉ិន (John Calvin) បាន​លើក​យ៉ាង​ច្បាស់ៗ​ទាក់ទង​នឹង​ចំណុច​នោះ «ចំណុច​នោះ​អាច​ទៅ​រួច​បាន ព្រោះ​យើង​មិន​អាច​បំបែក​ព្រះ​គ្រីស្ទ​ឲ្យ​ទៅ​ជា​ដុំ​តូចៗ​បាន​ឡើយ។» ព្រះ​គ្រីស្ទ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ដំណឹង​ល្អ​នោះ​ទេ តែ​ទ្រង់​គឺ​ជា​ផ្នែក​ទាំង​មូល​នៃ​ដំណឹង​ល្អ។ ពេល​ដែល​យើង​មាន​ការ​រួបរួម​គ្នា​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ យើង​បាន​ទទួល​ព្រះ​គ្រីស្ទ​ទាំង​មូល​តែ​ម្ដង។

៧. ការ​ដែល​ព្រះ​ជាម្ចាស់​យក​យើង​ធ្វើ​ជា​កូន​ចិញ្ចឹម​គឺ​ជា​អត្ថ​ប្រយោជន៍​ដ៏​ធំ​មួយ​នៃ​ការ​ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

ការ​ដែល​ព្រះ​គ្រីស្ទ​បាន​ផ្ដល់​រូប​អង្គ​ទ្រង់​សម្រាប់​ប្រយោជន៍​អ្នក​ដទៃ​គឺ​ជា​ការ​ដ៏​អស្ចារ្យ​មែន។ ព្រះ​អង្គ​បាន​យក​យើង​មក​ជាប់​នឹង​ទ្រង់​យ៉ាង​ជាប់​ប្រកៀក ហេតុដូច្នេះ​យើង​មាន​ចំណែក​ក្នុង​រាល់​ចំណុច​ដែល​ថា ទ្រង់​ជា​ព្រះ​សង្គ្រោះ​របស់​យើង។ អំណោយទាន​ដ៏​ធំ​បំផុត​គឺ​ប្រហែល​ជា​អំណោយទាន​នេះ​ឯង៖ យើង​មាន​ចំណែក​ធ្វើ​ជា​កូន (ចិញ្ចឹម) របស់​ព្រះ​ជាម្ចាស់។ ពេល​យើង​មាន​ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​តាម​រយៈ​ព្រះ​វិញ្ញាណ យើង​ក៏​មាន​ចំណែក​ក្នុង​ក្ដី​ស្រឡាញ់​រវាង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​ផង​ដែរ ពោល​គឺ​ក្ដី​ស្រឡាញ់​ដូច​ដែល​ក្ដី​ស្រឡាញ់​ដែល​ព្រះ​វរបិតា​មាន​ចំពោះ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ (យ៉ូហាន ១៧:២៣)។ ដែល​នេះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​ស្រឡាញ់​យើង​ស្មើ​នឹង​ទ្រង់​ស្រឡាញ់​បុត្រា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច។ នេះ​ជា​ក្ដី​ស្រឡាញ់​ដ៏​ខ្ពស់​បំផុត៖ ជា​ក្ដី​ស្រឡាញ់​ដែល​មិន​អាច​រំលាយ​បាន មិន​ទ្រាំទ្រ​នឹង​ការ​ទាស់​ប្រឆាំង ហើយ​ក៏​ផ្ដល់​ជីវិត និង​អំណរ​ដ៏​ឥត​ឈប់​ឈរ​ដែល​នៅ​យ៉ាង​អស់កល្ប​ជានិច្ច។ នៅ​ក្នុង​ព្រះ​គ្រីស្ទ យើង​ពិត​ជា​កូន​ប្រុស​កូន​ស្រី​របស់​ព្រះ​ជាម្ចាស់​ដ៏​អស់​កល្ប​ជានិច្ច​មែន។

៨. ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​បង្កើត​ឲ្យ​មាន​ក្រុមជំនុំ

ធាតុ​ពិត​នៃ​ក្ដី​សង្គ្រោះ និង​ធាតុ​ពិត​នៃ​ក្រុមជំនុំ​គឺ​ជា​ធាតុ​ពិត​តែ​មួយ​ទេ។ ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​គឺ​ជា​អត្ថន័យ​នៃ​សេចក្ដី​សង្គ្រោះ។ ស្រប​គ្នា​ផង​ដែរ ការ​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​គឺ​ជា​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​ក្រុមជំនុំ៖ ក្រុមជំនុំ​ជា​រូបកាយ និង​ជា​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ។ ការ​វែកញែក​រវាង​គោលជំនឿ​នៃ​ក្ដី​សង្គ្រោះ និង​គោលជំនឿ​នៃ​ក្រុមជំនុំ​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ។ អ្នក​ជឿ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​បាន​អះអាង​ថា គ្មាន​ក្ដី​សង្គ្រោះ​ក្រៅ​ពី​ក្នុង​ក្រុមជំនុំ​នោះ​ទេ ព្រោះ​គ្មាន​ក្ដី​សង្គ្រោះ​ក្រៅ​ពី​ក្នុង​ព្រះ​គ្រីស្ទ​នោះ​ឡើយ។ យើង​ទទួល​បាន​ក្ដី​សង្គ្រោះ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​យើង​គឺ​ជា​ក្រុមជំនុំ​ក្នុង​ព្រះ​គ្រីស្ទ។ នេះ​គឺ​ជា​ដំណឹង​ល្អ​ដ៏​អស្ចារ្យ​ដូច​គ្នា។

៩. ពិធី​ជ្រមុជ​ទឹក​គឺ​ជា​ក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ចំពោះ​យើង​អំពី​ការ​រួបរួម​របស់​យើង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

តាម​រយៈ​ទឹក​ដែល​យើង​ទទួល​ជ្រមុជ ព្រះ​ជាម្ចាស់​បាន​កត់​ចំណាំ​លើ​រូបកាយ​នូវ​សេចក្ដី​ពិត និង​ធាតុ​ពិត​នៃ​ការ​ដែល​មាន​ចំណែក​ក្នុង​សេចក្ដី​ស្លាប់ ការ​បញ្ចុះ​ក្នុង​ផ្នូរ ​ការ​រស់​ឡើង​វិញ​ និង​ការ​ដែល​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ។ ការ​ជ្រមុជ​ទឹក​ គឺ​ជា​ការបង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ទទួល​ដំណឹង​ល្អ ដែល​ការ​នោះ​បង្ហាញ​ថា យើង​បាន​ជាប់​ឆ្កាង​ហើយ​ស្លាប់​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ហើយ​ក៏​បាន​រស់​ឡើង​វិញ​ឲ្យ​មាន​ជីវិត​ថ្មី​ក្នុង​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ផង​ដែរ។ ពិធី​ជ្រមុជ​ទឹក​គឺ​ជា​អត្តសញ្ញាណ​ដ៏​អាថ៌កំបាំង​ថ្មី​មួយ​នៃ​ការ​ដែល​យើង​បាន​ជាប់​ឆ្កាង ហើយ​រស់​ឡើង​វិញ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ។ ពិធី​ជ្រមុជ​ទឹក​គឺ​ប្រៀប​ដូច​ជា «ដំណឹង​ល្អ​ក្នុង​ទឹក» អញ្ចឹង ដែល​ទឹក​នោះ​អនុញ្ញាត​ឲ្យ​រូប​កាយ​យើង​ដក​ពិសោធ​ក្នុង​ការ​ដែល​យើង​បាន​ជ្រមុជ​ក្នុង​សេចក្ដី​ពិត​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដ៏​អស់កល្ប​ជានិច្ច។

១០. ពិធី​លៀង​ព្រះ​អម្ចាស់​គឺ​ជា​ក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ចំពោះ​យើង​អំពី​ការ​រួបរួម​របស់​យើង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

តាម​រយៈ​នំបុ័ង និង​ទឹក​ទំពាំងបាយជូរ​នៃ​ពិធី​លៀង​ព្រះ​អម្ចាស់ ព្រះ​ជាម្ចាស់​បាន​កត់​ចំណាំ​លើ​រូបកាយ​នូវ​សេចក្ដី​ពិត និង​ធាតុ​ពិត​នៃ​ការ​ដែល​យើង​បន្ត​មាន​ចំណែក​ក្នុង​ព្រះ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ។ ពិធី​លៀង​ព្រះ​អម្ចាស់​ គឺ​ជា​ការ​បង្ហាញ និង​ជា​ការដែល​​អាច​ទទួល​ទាន​បាន​នូវ​ការ​ដក​ពិសោធ​នៃ​ដំណឹង​ល្អ​ដ៏​ធំ​ដែល​បង្ហាញ​ថា យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ទ្រង់​ក៏​នៅ​ក្នុង​យើង​។ ព្រះ​គ្រីស្ទ​បាន​នាំ​យើង​ចូល​ក្នុង​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ​ដោយ​ទ្រង់​បាន​ផ្ដល់​រូប​អង្គ​ទ្រង់​ផ្ទាល់​ដល់​យើង​តែ​ម្ដង ហើយ​ទ្រង់​ក៏​នឹង​បន្ត​ផ្គត់ផ្គង់ និង​ទ្រទ្រង់​យើង​តាម​រយៈ​ព្រះ​វត្តមាន​របស់​ទ្រង់​ដែល​នៅ​ក្បែរ​យើង​ដែរ។ តាម​រយៈ​ដំណឹង​ល្អ យើង​ពិត​ជា​បាន​ក្លាយ​ជា​សាច់​តែ​មួយ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​មែន ហើយ​យើង​ក៏​នឹង​បន្ត​នៅ​ទទួល​ព្រះ​គ្រីស្ទ​តាម​រយៈ​ដំណឹង​ល្អ​នៃ​នំប៉័ង និងទឹកទំពាំងបាយជូរដែល​ទ្រង់​បាន​រៀបចំ​ទុក​ជា​ការ​បង្ហាញ​ព្រះ​វត្តមាន​របស់​ទ្រង់​ចំពោះ​រូបកាយ​របស់​ទ្រង់ និង​កូន​ក្រមុំ​របស់​ទ្រង់។ កណ្ឌគម្ពីរ ១កូរិនថូស ១០:១៦ បាន​ចែង​ថា «តើ​ពែង​នៃ​ព្រះពរ​ដែល​យើង​អរព្រះគុណ​ មិន​មែន​ជា​ការ​រួម​ចំណែក​ក្នុង​ឈាម​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ? តើ​នំប៉័ង​ដែល​យើង​កាច់​ មិន​មែន​ជា​ការ​រួម​ចំណែក​ក្នុង​រូបកាយ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ?» (គគខ)។ ប្រាកដ​ណាស់! រូបកាយ និង​ឈាម​របស់​ទ្រង់ គឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​យើង!

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Marcus Peter Johnson
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់ និងលោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ប្រភព​ជីវិត

ដើម្បីជួប​ព្រះគ្រីស្ទ