in

ការ​ស្វែង​រក​អត្ថន័យ​ក្នុង​ព្រះ​បន្ទូល

ក្នុ​ង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់ ខ្ញុំ​តែង​តែ​ឆ្លើយ​សំណួរ​ឥត​ឈប់​ឈរ​ទាក់​ទង​ទៅ​នឹង​លំហាត់ និង​សេចក្ដី​រំពឹង​នៃ​ការ​សិក្សា។ នៅ​ពេល​ដែល​ខ្ញុំ​ឆ្លើយ​ទៅ​កាន់​សិស្ស​ណា​ម្នាក់​ថា «ទេ! កូន​មិន​អាច​ប្រើ​ប្រាស់​កំណត់​ចំណាំ​សិក្សា​ពេល​ប្រឡង​បាន​ឡើយ» ខ្ញុំ​មាន​ន័យ​ដូច្នោះ ហើយ​គាត់​ក៏​យល់​បាន​ដែរ។

ពេល​ខ្ញុំ​ប្រាប់​សិស្ស​ណា​ម្នាក់​ថា «កូន​មិន​អាច​ប្រើ​ប្រាស់​កំណត់​ចំណាំ​សិក្សា​ពេល​ប្រឡង» ការ​ឆ្លើយ​តប​ដំបូង​របស់​គាត់​គឺ​មិន​មែន​រៀប​រៀង​ពាក្យ​ពេចន៍​របស់​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​បង្កើត​នូវ​អត្ថន័យ​ដែល​នឹង​នាំ​ឲ្យ​គាត់​ស្កប់​ស្កល់​តាម​ការ​ប៉ង​ប្រាថ្នា​របស់​គាត់​ឡើយ។ ពិត​ណាស់! គាត់​អាច​មាន​អារម្មណ៍​ស្មុគស្មាញ ឬ​ក៏​បាក់​ទឹក​ចិត្ត​ទាក់​ទង​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​ខ្ញុំ។ គាត់​អាច​ព្យាយាម​សូម​ករណី​លើក​លែង ដោយ​រំពឹង​លើ​កាលៈទេសៈ​របស់​គាត់​បាន។ គាត់​ក៏​ថែម​ទាំង​អាច​ទទួល​ស្គាល់​ចម្លើយ​របស់​ខ្ញុំ ប៉ុន្តែ​បន្ទាប់​មក​មាន​ផែនការ​លាក់​កំបាំង​ក្នុង​ការ​រក​ផ្លូវ​វាង​ទាក់​ទង​នឹង​ពាក្យ​ពេចន៍​របស់​ខ្ញុំ។ ប៉ុន្តែ អារម្មណ៍​របស់​គាត់ និង​អត្ថន័យ​របស់​ខ្ញុំ​គឺជា​ចំណុច​ខុស​គ្នា​ជា​ពីរ​ប្រភេទ។

នេះ​គឺ​ជា​ចំណុច​ពិត​នៃ​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ។ ប្រសិន​បើ​ខ្ញុំ​ទិញ​ផ្ទះ​ណា​មួយ នោះ​ខ្ញុំ​ជាប់​ចំណង​ក្នុង​អត្ថន័យ​នៃ​កិច្ច​ព្រម​ព្រៀង​ទាក់​ទង​នឹង​ការ​ទិញ​លក់។ ប្រសិន​បើ​ខ្ញុំ​បើក​បរ​ទៅ​កន្លែង​ទិញ​ម្ហូប​អាហារ ដាច់​ខាត! ខ្ញុំ​ត្រូវ​តែ​គោរព​តាម​អត្ថន័យ​នៃ​សញ្ញា​សម្គាល់​តាម​ផ្លូវ និង​ច្បាប់​បើក​បរ។ ពេល​ខ្ញុំ​មាន​សកម្ម​ភាព​រួម​គ្នា​ជា​មួយ​នឹង​ប្រពន្ធ និង​កូនៗ​របស់​ខ្ញុំ ដាច់​ខាត! ខ្ញុំ​ត្រូវ​តែ​គោរព​អត្ថន័យ​នៃ​ពាក្យ​ពេចន៍​របស់​ពួក​គេ ប្រសិន​បើ​ខ្ញុំ​ប្រាថ្នា​ចង់​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​គេ។ នៅ​ក្នុង​កម្រិត​មូលដ្ឋាន​ចុង​គេ​បង្អស់ ការ​នៅ​ជាប់​តាម​អត្ថន័យ​របស់​អ្នក​ផ្ដល់​ព័ត៌មាន​គឺ​ធ្វើឲ្យ​ជីវិត​យើង​ដំណើរ​ការ​បាន។ ផ្ទុយ​ទៅ​វិញ ជីវិត​នឹង​បាក់​បែក​ពេល​យើង​មិន​អើពើ​លើ​អត្ថន័យ​នោះ។

ប៉ុន្តែ ពេល​ខ្លះ យើង​មិន​មាន​ភាព​ទៀង​ទាត់​ក្នុង​របៀប​ដែល​យើង​ចូល​ទៅ​កាន់​ទំនាក់​ទំនង ជា​ពិសេស​ពេល​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​គម្ពីរ។ វា​មិន​មែន​ជា​រឿង​ពិបាក​ទេ​ក្នុង​ការ​យល់​អំពី​ស្ថាន​ភាព​ខាង​ក្រោម​នេះ ពីព្រោះ​យើង​ជា​ច្រើន​នាក់​ក៏​ធ្លាប់​ដក​បទ​ពិសោធន៍​ពី​វា​ដែរ។ មាន​មនុស្ស​មួយ​ក្រុម​បាន​ជួប​ជុំ​គ្នា​សម្រាប់​ការ​បរិភោគ​អាហារ ការ​ប្រកប​គ្នា និង​ការ​សិក្សា​ព្រះ​បន្ទូល។ ម្ចាស់​កម្មវិធី​នៃ​ការ​ប្រជុំ​គ្នា​បាន​ថ្លែង​អំណរ​គុណ​ដល់​ទាំង​អស់​គ្នា​ដោយ​គ្រាន់​តែ​បាន «បង្ហាញ​មុខ»។ គាត់​អាន​ខ​គម្ពីរ​មួយ ហើយ​បន្ទាប់​មក​សួរ​នូវ​សំណួរ​ដ៏​សំខាន់​មួយ «តើ​ខគម្ពីរ​មួយ​នេះ​មានន័យ​យ៉ាង​ដូច​ម្ដេច​ចំពោះ​លោក​អ្នក?»។ យើង​ត្រូវ​ចំណាយ​ពេល​ចាំ​បន្តិច ប៉ុន្តែ​បន្ទាប់​មក​ការ​ឆ្លើយ​តប​នឹង​កើត​មាន​ឡើង។ «ចំពោះ​ខ្ញុំ ខ​មួយ​នេះ​មាន​ន័យ​ថា…»។ ខណៈ​ពេល​ដែល​អ្នក​ចូល​រួម​ចាប់​ផ្ដើម​ចែក​ចាយ​មតិ​យោបល់​របស់​ខ្លួន នោះ​វា​ក៏​នឹង​បង្ក​ឲ្យ​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​ក្លា​ដែរ។ ម្ចាស់​កម្មវិធី​បញ្ជាក់​អះអាង​ចម្លើយ​នីមួយៗ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ការ​សិក្សា​ព្រះ​បន្ទូល​គឺ​ជា​កន្លែង​សុវត្ថិភាព—ជា​កន្លែង​ដែល​ត្រូវ​ការ ដើម្បី​បញ្ចេញ​ការ​សម្ដែង​ដោយ​ខ្លួន​ឯង (ដើម្បី​សម្ដែង​អារម្មណ៍​ផ្ទាល់​ខ្លួន) និង​ការ​ទទួល​ស្គាល់។ អ្វី​ក៏​អាច​ទទួល​បាន​ដែរ (លុះ​ត្រា​តែ​ចម្លើយ​របស់​បុគ្គល​ណា​ម្នាក់​មិន​រិះគន់​ចម្លើយ​របស់​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ដែល​គាត់​ទើប​តែ​លើក​ឡើង!)។

ប៉ុន្តែ តើ​នេះ​ដំណើរ​ការ​បាន​ដោយ​របៀប​ណា​ទៅ? យើង​ទទួល​ស្គាល់​ថា ការ​ឆ្លើយ​តប​បែប​នេះ​នឹង​បង្ក​បង្កើត​ឲ្យ​មាន​រឿង​រ៉ាវ​ជា​ច្រើន ប្រសិន​បើ​យើង​យក​មក​អនុវត្ត​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ—មិនថា​ទាក់​ទង​នឹង​ការ​បង្រៀន​សិស្ស​ការ​បង់​ថ្លៃ​ប្រាក់​កម្ចី ការ​បើក​បរ​លើ​ផ្លូវ​សាធារណៈ ឬក៏​ការ​បង្កើត​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​នោះ​ទេ។ ជា​ពិសេស យើង​នឹង​ជំទាស់ ពេល​មាន​បុគ្គល​ណា​ម្នាក់​កាត់​ស្រាយ​ពាក្យ​ពេចន៍​របស់​យើង​ក្នុង​របៀប​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ទាក់​ទង​នឹង​ព្រះ​គម្ពីរ ស្ទើរ​តែ​គ្រប់​ទាំង​អស់​ទទួល​យក​បាន។ ភាសា​នៃ​ព្រះ​គម្ពីរ​ត្រូវ​បាន​យក​មក​ប្រើ​ហាក់​បី​ដូច​ជា វា​ជា​ករណី​លើក​លែង​ពី​ច្បាប់​ដូច​គ្នា​នៃ​ការ​ទាក់​ទង និង​ការ​យល់​ដឹង​ដែល​អនុវត្ត​នៅ​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ។ ជា​ការ​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​ទទួល​បាន​ការ​ធ្វើ​បាប​ខ្លាំង​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​លោក។

ការ​នេះ​ជំរុញ​ឲ្យ​យើង​ពិចារណា​លើ​សំណួរ​មូល​ដ្ឋាន​គ្រឹះ​មួយ​ចំនួន៖ «តើ​អ្វីទៅ​ជា​អត្ថន័យ? ហើយ​ថា តើ​អ្នកណា​មាន​អំណាច​ក្នុង​ការ​កាត់​ស្រាយ​វា?»។

យើង​អាច​ឆ្លើយ​សំណួរ​ដំបូង​បាន​យ៉ាង​ងាយ​ស្រួល។

«អត្ថន័យ» សំដៅ​ទៅ​លើ​ចំណុច​នៃ​ទំនាក់ទំនង​ដែល​អ្នក​និពន្ធ ឬក៏​អ្នក​និយាយ​បាន​រៀបចំ​ទុក​ក្នុង​សតិសម្បជញ្ញៈ​របស់​គាត់​ដែល​គាត់​ចង់​បញ្ចេញ​តាម​រយៈ​ពាក្យ​ពេចន៍ និង​វេយ្យាករណ៍​ដែល​គាត់​ប្រើ​ប្រាស់។

បើ​និយាយ​បែប​អវិជ្ជមាន អត្ថន័យ​គឺ​មិន​មែន​ជា​អ្វី​ដែល​អ្នក​អាន ឬ​ក៏​អ្នក​ស្ដាប់​មាន​អារម្មណ៍​នោះ​ទេ។ វា​មិន​មែន​ជា​អ្វី​ដែល​អ្នក​អាន ឬក៏​អ្នក​ស្ដាប់​បាន​គិត​ទុក​ជា​មុន​នោះ​ទេ។ ហើយ​វា​ក៏​មិន​មែន​ជា​អ្វី​ដែល​អ្នក​អាន ឬ​ក៏​អ្នក​ស្ដាប់​បង្កើត​ឡើង​ដែរ។ អ្នក​អាន ឬក៏​អ្នក​ស្ដាប់​មិន​ផ្ដល់​អ្វី​ទេ​ទៅ​លើ​អត្ថន័យ។ ផ្ទុយ​ទៅ​វិញ អត្ថន័យ​នៃ​ប្រភេទ​នៃ​ទំនាក់​ទំនង​ណា​មួយ—ការ​និយាយ​ផ្ទាល់​មាត់ ការ​សរសេរ​ចេញ​ជា​អក្សរ ឬក៏​កាយ​វិការ​ដៃ​—គឺ​ផ្ដោត​ទៅ​លើ​អ្នក​ទំនាក់​ទំនង មិន​មែន​លើ​អ្នក​ទទួល​ការ​ទំនាក់​ទំនង​នោះ​ទេ។

ជាថ្មី​ម្ដង​ទៀត វា​សំខាន់​ណាស់​ក្នុង​ការ​កត់​សម្គាល់​ថា អត្ថន័យ​បែប​នេះ​គឺ​យើង​អាច​មើល​ឃើញ​ផ្ទាល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ វា​ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​បង់​ប្រាក់​កម្ចី ការ​បើក​បរ​លើ​ផ្លូវ និង​ជីវិត​អាពាហ៍ពិពាហ៍​អាច​ដំណើរ​ការ​បាន។ អស់​អ្នក​ដែល​បដិសេធ​អត្ថន័យ​មួយ​នេះ​—ជា​ពិសេស​គ្រូ​អធិប្បាយ​ដែល​ប្រកាស​សម័យ​ទំនើបៗ—នឹង​រម្លាយ​ចោល​ករណី​របស់​ខ្លួន​ខណៈ​ពេល​ដែល​ពួក​គាត់​ចាប់​ផ្ដើម​សម្ដែង​មតិ​យោបល់ ហើយ​ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គាត់​អះអាង​ថា អ្នក​ដែល​ជំទាស់​ជា​មួយ​នឹង​ពួក​គាត់​មិន​បាន​យល់​ពី​ពួក​គាត់​យ៉ាង​ត្រឹម​ត្រូវ​ទេ! ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ពួក​គាត់​គឺ​ជា​ការ​បម្រើ​ខ្លួន​ឯង​ទាំង​ស្រុង។ ពួក​គាត់​ប្រាថ្នា​ចង់​មាន​អំណាច​លើ​ពាក្យ​ពេចន៍​របស់​ខ្លួន ប៉ុន្តែ​បោះ​បង់​ពាក្យ​ពេចន៍​របស់​អ្នក​ផ្សេង​ចោល ដែល​កំពុង​មាន​ចំណែក​ក្នុង​ការ​ជជែក​វែក​ញែក។

ការ​ផ្ដល់​អត្ថន័យ​ដូច​នោះ​ក៏​មិន​មាន​លក្ខណៈ​ទាប​ជាង​ក្នុង​ការ​កាត់​ស្រាយ​ព្រះ​គម្ពីរ​ដែរ។ ប្រសិន​បើ​យើង​ពិត​ជា​ជឿ​ថា ព្រះគម្ពីរ​បាន​ថ្លែង​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ជា​ការ​បើក​សម្ដែង​របស់​ព្រះ​ជាម្ចាស់ នោះ​មិន​មាន​អ្វី ក្រៅ​ពី​ការ​ជេរ​ប្រមាថ​ទេ ក្នុង​ការ​ដែល​យើង​ជឿ​ថា—ក្នុង​នាម​ជា​អ្នក​ទទួល—បាន​ផ្ដល់​អត្ថន័យ​ទៅ​លើ​ព្រះ​គម្ពីរ។ ជា «ការ​បើក​សម្ដែង» ព្រះ​គម្ពីរ​គឺ​ជា​លទ្ធផល​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​សម្ដែង​ចំណេះ​ដឹង​មក​កាន់​យើង—ចំណេះ​ដឹង​ដែល​យើង​មិន​អាច​ស្គាល់​បាន​ក្រៅ​ពី​នោះ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល បាន​ហៅ​ព្រះ​បន្ទូល​ថា​ជា «ព្រះ​ជាម្ចាស់​បាន​ផ្ទុកផ្ដាក់​ព្រះ​បន្ទូល» (រ៉ូម ៣:២ គខប)។ ព្រះ​បន្ទូល​គឺ​ជា​សេចក្ដី​អត្ថាធិប្បាយ​របស់​ព្រះ​ជាម្ចាស់​មក​កាន់​យើង។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល បាន​ពណ៌នា​ថា​ព្រះ​បន្ទូល​គឺ «ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»—ឬ​ក៏​ថា​បើ​បក​ឲ្យ​ចំៗ «គឺ​ជា​ការ​ផ្លុំ​ខ្យល់​ពី​ព្រះ​ជាម្ចាស់» (២ធីម៉ូថេ ៣:១៦)។ សារ​របស់​ព្រះ​គម្ពីរ​កើត​ចេញ​ពី​ព្រះ​ជាម្ចាស់​ផ្ទាល់​តែ​មួយ​អង្គ​គត់។ អត្ថន័យ​នៃ​បរិបទ​ព្រះ​គម្ពីរ​គឺ​មិន​រំពឹង​លើ​អ្នក​អាន​នោះ​ទេ។ អត្ថន័យ​នៅ​មាន​ដដែល ទោះ​បើ​ថា​អ្នក​អាន​យល់ ឬ​ក៏​មិន​យល់​ក៏​ដោយ។

ការ​ផ្ដល់​អត្ថន័យ​បែប​នេះ​នាំ​មក​នូវ​ការ​ពិនិត្យ​សង្កេត​មួយ​ចំនួន​ទៀត៖

«អត្ថន័យ» គឺជា​គោល​ដៅ​នៃ​ការ​កាត់​ស្រាយ។

បើ​និយាយ​ឲ្យ​ខ្លី​ទៅ គោល​បំណង​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​ដ៏​ពិត​គឺ​ថា ឲ្យ​ស្វែង​រក​ឃើញ​ក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​នូវ​អត្ថន័យ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សម្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​បន្ទូល និង​វេយ្យាករណ៍​ដែល​បាន​សរសេរ​ចុះ​ក្នុង​របៀប​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ក្នុង​ការ​ប្រើ​ប្រាស់—អ្នក​សរសេរ​ព្រះ​គម្ពីរ។ ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​មិន​មែន​ជា​ទង្វើ​នៃ​ការ​បង្ហាញ​ភាព​ច្នៃ​ប្រឌិត ឬ​ក៏​ការ​និយាយ​អំពី​ខ្លួន​ឯង​នោះ​ទេ។ ហើយក៏​មិន​មែន​ជា​ទង្វើ​នៃ​ការ​វិភាគ​លើ​ខ្លួន​ឯង​ទាក់​ទង​នឹង​ចិត្ត​សាស្ត្រ ឬ​ក៏​ការ ចែក​ចាយ​ខាង​ឯ ព្រលឹង​វិញ្ញាណ​ដែរ។ អ្នក​អាន​គឺ​មិន​មែន​ជា​គោល​ដៅ ឬក៏​ជា​ស្ថានីយ​នៃ​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​ចុង​ក្រោយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​សិក្សា​ព្រះ​បន្ទូល​ឲ្យ​បាន​ត្រឹម​ត្រូវ​ផ្ដោត​ទៅ​លើ​អត្ថន័យ​នៃ​បទ​គម្ពីរ​យោង​តាម​ព្រះ​ជាម្ចាស់។ វា​ទាមទារ​ឲ្យ​អ្នក​អាន​បដិសេធ​ការ​ដែល​ចង់​គឺ​ផ្ដោត​លើ​តែ​ខ្លួន​ឯង ដែល​រំពឹង​ឲ្យ​ខ​គម្ពីរ​គាំ​ទ្រ​ការ​យល់​ដឹង​មុនៗ និង​ការ​គិត​របស់​គាត់។ វា​រម្លឹក​អ្នក​អាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ដោយ​ទាស់​ប្រឆាំង​នឹង​សេចក្ដី​ល្បួង​ដែល​នៅ​ជិត​បង្កើយ​ក្នុង​ការ​អាន​ដោយ​ដាក់​ខ្លួន​គាត់​ចូល​ទៅ​ក្នុង​បរិបទ ហើយ​បន្ទាប់​មក​ដក​ខ្លួន​ឯង​ចេញ​វិញ។

«អត្ថន័យ» មាន​ន័យ​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​និពន្ធ​ចង់​មាន​ន័យ។

ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ «អត្ថន័យ» គឺ​ជា​អ្វី​ដែល​អ្នក​និពន្ធ ឬ​ក៏​អ្នក​និយាយ​បាន​រៀប​ចំ​ទុក​ក្នុង​សតិសម្បជញ្ញៈ​របស់​គាត់​ដែល​គាត់​ចង់​បញ្ចេញ​តាម​រយៈ​ពាក្យ​ពេចន៍ និង​វេយ្យាករណ៍​ដែល​គាត់​ប្រើ​ប្រាស់។ នេះ​ទាមទារ​ឲ្យ​យើង​យល់​ថា អត្ថន័យ​មាន​ន័យ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​អ្នកនិពន្ធ​ចង់​មាន​ន័យ។

អត្ថន័យ = អ្វី​ដែល​អ្នកនិពន្ធ​ចង់​មាន​ន័យ

ការ​យល់ និង​គោរព​ភាព​ស្មើ​គ្នា​នេះ​គឺ​ជា​ចំណុច​ដ៏​ចាំ​បាច់​ក្នុង​ការ​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ។ ការ​បោះ​បង់​វា​នឹង​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​ចោល។ អ្នក​និពន្ធ​សៀវភៅ​ដែល​មិន​ទាក់​ទិន​នឹង​សាសនា​ម្នាក់​លោក អ៊ី. ឌី. ហើរសជ៍ (E. D. Hirsch) ដែល​ជា​អ្នក​រិះគន់​ម្នាក់ បាន​ពណ៌នា​យ៉ាង​ត្រឹមត្រូវ​ទាក់ទង​នឹង​អ្វី​ដែល​សំខាន់ ពេល​ដែល​គាត់​សរសេរ​ថា៖

«ពេល​ដែល​អ្នករិះគន់​បោះបង់​អ្នក​និពន្ធ​ដើម​ចោល​ដោយ​ចេតនា ពួក​គាត់​ផ្ទាល់​បាន​វាយ​ប្រហារ​យក​ទីតាំង​អ្នក​និពន្ធ ហើយ​ការ​នេះ​ក៏​នាំ​មក​នូវ​ការ​ខុសឆ្គង​ដែល​មិន​អាច​គេច​ផុត​មួយ​ចំនួន ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​ជា​មួយ​សព្វ​ថ្ងៃ​នេះ ទាក់​ទង​ទៅ​នឹង​ភាព​ជ្រួល​ច្របល់​ខាង​ទ្រឹស្ដី។ កាល​ពី​មុន​មាន​អ្នក​និពន្ធ​តែ​មួយ​ទេ ប៉ុន្តែ​ឥឡូវ​មាន​អ្នក​និពន្ធ​ជា​ច្រើន​បាន​ងើប​ក្បាល​ឡើង ម្នាក់ៗ​កាន់​នូវ​អំណាច​ដែល​បុគ្គល​បន្ទាប់​នឹង​កាន់។ ការ​បោះ​បង់​អ្នក​និពន្ធ​ដើម​ចោល ជា​អ្នក​កាត់​ស្រាយ​អត្ថន័យ គឺ​ជា​ការ​បដិសេធ​នូវ​គោល​ការណ៍​ដ៏​សាមញ្ញ​ហើយ​គួរ​ឲ្យ​ទទួល​យក​បាន​ចោល ដែល​ការ​នោះ​អាច​នាំ​មក​នូវ​ការ​កាត់​ស្រាយ​ដ៏​ត្រឹម​ត្រូវ​វិញ​បាន….ដ្បិត​ប្រសិន​បើ​អត្ថន័យ​នៃ​អត្ថបទ​ណា​មួយ​មិន​មែន​ជា​អត្ថន័យ​របស់​អ្នក​និពន្ធ នោះ​មាន​ន័យ​ថា គ្មាន​ការ​កាត់​ស្រាយ​ណា​អាច​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​អត្ថន័យ​នៃ​បរិបទ​បាន​ឡើយ ដោយ​សារ​អត្ថបទ​មិន​អាច​មាន​ការ​ប្រាកដ​ច្បាស់​លាស់ ឬ​ក៏​ប្រាកដ​អត្ថន័យ​បាន​ដែរ2។»

លទ្ធផល​នានា​នៃ​ការ​វែក​ញែក​នេះ​មិន​មែន​មិន​សំខាន់​ជាង​ក្នុង​ការ​កាត់​ស្រាយ​ព្រះ​គម្ពីរ​ទេ។ មូល​ហេតុ​ដែល​មាន​ការ​ច្របូក​ច្របល់ និង​ការ​ច្រឡូក​ច្រឡំ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ក្នុង​ក្រុម​ជំនុំ​គឺ ពីព្រោះ​វា​កើត​ឡើង​ចេញ​ពី​ការ​បរាជ័យ​ក្នុង​ការ​ផ្ដល់​អត្ថន័យ​នៃ​អត្ថបទ​ព្រះ​គម្ពីរ​ឲ្យ​មាន​ភាព​ស្មើគ្នា​ជា​មួយ​នឹង​អត្ថន័យ​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ចង់​ឲ្យ​មាន។

ខណៈ​ពេល​ដែល​អ្នកអាន​ដក​អត្ថន័យ​ចេញពី​ការ​បណ្ដាល​ឲ្យ​តែង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចេញ នោះ​ពួក​គេ​មិន​មែន​គ្រាន់​តែ​កំពុង​តែ​វាយ​ប្រហារ​លើ​អំណាច​របស់​អ្នក​និពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ថែម​ទាំង​បំផ្លាញ​នូវ​ផ្នត់​គំនិត​នៃ​អត្ថន័យ​ចោល​ដោយ​ផ្ទាល់​ទៀត​ផង។

ដូច្នេះ សំណួរ​ដ៏​សំខាន់​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​មិន​អាច​មាន​ដូច​នោះ​បាន​ឡើយ៖ «ដែល​ខគម្ពីរ​មួយ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ខ្ញុំ?»។ ដាច់​ខាត! សំណួរ​គឺ​ត្រូវ​តែ​ដូច​នេះ៖ «តើ​អ្នក​និពន្ធ​ចង់​មាន​ន័យ​យ៉ាង​ដូច​ម្ដេច តាម​រយៈ​អ្វី​ដែល​គាត់​បាន​សរសេរ​ចុះ?»។ ប្រសិន​បើ​យើង​មើល​រំលង ឬ​ក៏​មិន​អើពើ​លើ​សំណួរ​ដ៏​ពិត​មួយ​នេះ នោះ​អត្ថន័យ​គឺ​លែង​មាន​ន័យ​ទៀត​ហើយ។

«អត្ថន័យ» គឺជា​លទ្ធផល​នៃ​ការ​និពន្ធ​ពីរ​នាក់។

ការ​វែក​ញែក​ទាក់​ទង​ទៅ​នឹង​អត្ថន័យ​របស់​អ្នក​និពន្ធ​ដោយ​ផ្អែក​ទៅ​លើ​អត្ថបទ​ក្នុង​ព្រះ​គម្ពីរ​ដាច់​ខាត​ត្រូវ​តែ​មាន​ចំណុច​ទាក់​ទង​នឹង​អ្នក​និពន្ធ​ពីរ និង​ទំនាក់​ទំនង​រវាង​ព្រះ​ជាម្ចាស់ ហើយ​មនុស្ស​ក្នុង​មូល​ហេតុ​ដែល​ព្រះ​អង្គ​តែង​ព្រះ​គម្ពីរ។

មួយ​វិញ​សោត តាំង​ពី​ដើម​ដល់​ចប់ ព្រះ​គម្ពីរ​បាន​ផ្ដល់​ជា​ភស្តុតាង​ថា​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ សាវ័ក ប៉ុល បាន​សង្ខេប​យ៉ាង​ល្អ​ទាក់ទង​នឹង​ទីបន្ទាល់​ដ៏​ច្រើន​លើស​លប់​នេះ៖ «គ្រប់​ទាំង​បទ​គម្ពីរ ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង» (២ធីម៉ូថេ ៣:១៦)។ ស្រប​ពេល​នោះ​ដែរ ព្រះ​បន្ទូល​ក៏​បាន​បញ្ជាក់​ផង​ដែល​ថា អ្វីៗ​ដែល​មាន​ចែង​នៅ​ក្នុង​គឺ៖ មនុស្ស​ដែល​បាន​នាំ​ឲ្យ​មាន ដែល​ព្រះ​អង្គ​បាន​ប្រើ​ប្រាស់​ជា​ឧបករណ៍។ មាន​ការ​អះអាង​ថា​អ្នក​និពន្ធ​មិន​បាន​សរសេរ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហាក់​បី​ដូច​ជា​មនុស្ស​យន្ត ឬ​ក៏​ពេល​ដែល​គាត់​សប្បាយ​រីក​រាយ​ដែល​មិន​អាច​ទប់​បាន​ឡើយ។ អ្នក​និពន្ធ​មាន​ចំណែក​យ៉ាង​ពេញទី—បេះ​ដូង គំនិត និង​ព្រលឹង—ក្នុង​ការ​សរសេរ​ព្រះ​បន្ទូល។

ដូច្នេះ ដូច​ដែល​សាវ័ក ប៉ុល បាន​ប្រកែក​ថា​យើង​គួរ​ហៅ​គ្រប់​អ្វីៗ​ឲ្យ​ត្រឹម​ត្រូវ​ថា «បទ​គម្ពីរ» ជា «ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង» ក៏​បាន​លើក​ឡើង​ថា «ព្រះ​អង្គ​បាន​បើក​សម្ដែង​អាថ៌​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​បាន​សរសេរ​យ៉ាង​សង្ខេប​ពី​ខាង​ដើម​រួច​មក​ហើយ» ហើយ​ថា «ពេល​អ្នក​រាល់​គ្នា​អាន​សេចក្ដី​នេះ អ្នក​រាល់​គ្នា​មុខ​ជា​នឹង​យល់​ពី​ចំណេះ​របស់​ខ្ញុំ​អំពី​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ» ជា​មិន​ខាន (អេភេសូរ ៣:៣-៤)។ និយាយ​ម្យ៉ាង​ទៀត អត្ថន័យ​របស់​សាវ័ក ប៉ុល នៃ​ការ​បណ្ដាល​ឲ្យ​តែង (អ្វី​ដែល​គាត់ «បាន​សរសេរ​យ៉ាង​សង្ខេប​ពី​ខាង​ដើម»—សំដៅ​ទៅ​លើ​កណ្ឌ​គម្ពីរ អេភេសូរ ២) ទាំង​ពីរ​គឺជា​លទ្ធផល​នៃ​ការ «បើក​សម្ដែង» ហើយ​ក៏​ដូច​គ្នា​ជា​មួយ​នឹង «ចំណេះ» របស់​គាត់​ផង​ដែរ។

ប្រាកដ​ណាស់! ចំណុច​នៃ​អ្នក​និពន្ធ​ពីរ​ក៏​បាន​ប៉ះ​ពាល់​លើ​បញ្ហា​ជា​ច្រើន​ដែល​យើង​មិន​អាច​លើក​ឡើង​នៅ​ពេល​នេះ​បាន។ ប៉ុន្តែ ជា​ចំណុច​ចាប់​ផ្ដើម វា​ជា​ការ​ដ៏​សំខាន់​ណាស់​ដែល​យើង​យល់​អំពី​ផ្នត់​គំនិត​នៃ​អ្វី​ដែល​យើង​ហៅ​ថា ការ​ព្រម​ព្រៀង​របស់​ព្រះ នេះ​គឺ​ជា​ជំនឿ​ដែល​ជឿ​ថា​ព្រះ​ជាម្ចាស់​ត្រួត​ត្រា​លើ​គំនិត​នៃ​ដំណើរ​ការ​របស់​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ដល់​កម្រិត​ដែល​ថា​អត្ថន័យ​នៃ​ពាក្យ​ពេចន៍​របស់​ពួក​គាត់​បាន​ចុះ​ចូល​ផ្ទាល់​ទៅ​នឹង​អត្ថន័យ​របស់​ទ្រង់​ក្នុង​ពាក្យ​ពេចន៍​ដូចៗ​គ្នា។

អត្ថន័យ​របស់​ព្រះ​ជាម្ចាស់ និង​មនុស្ស​ក្នុង​អត្ថបទ​ព្រះ​គម្ពីរ​មាន​ភាព​ស៊ី​គ្នា​ដល់​ថ្នាក់​ថា​អាច​និយាយ​ឡើង​ហាក់​បី​ដូច​ជា​តែ​មួយ គ្មាន​ផ្នែក​នៃ​អត្ថ​បទ​ណា​មាន​ភាព​ពឹង​ផ្អែក​លើ​ព្រះ​ជាម្ចាស់ ឬ​ក៏​លើ​មនុស្ស​ជាង​នោះ​ទេ។

លោក បិនយ៉ាមិន វ័រហ្វៀលដ៍ (Benjamin Warfield) បាន​សង្ខេប​យ៉ាង​ល្អ​ថា៖

«ហេតុអ្វី​បាន​ជា​យើង​មិន​ជឿ​ថា ព្រះ​ជាម្ចាស់​ដែល​នាំ​ឲ្យ​គោល​បំណង​របស់​ទ្រង់​បាន​ក្លាយ​ជា​ផល​ផ្លែ​ក្នុង​ការ​ដែល​ព្រះ​អង្គ​ត្រួត​ត្រា​លើ​ពិភព​លោក​នេះ ដោយ​គ្មាន​អំពើ​ហិង្សា​ដល់​កម្រិត​ទី២ ឬ​ក៏​ឈ្លាន​ពាន​លើ​របស់​សព្វ​សារពើ​ដែល​ទ្រង់​បាន​បង្កើត​ទាក់​ទង​ទៅ​នឹង​ឆន្ទៈសេរី​នៃ​ការ​ជ្រើស​រើស ត្រួត​ត្រា​លើ​ដំណើរ​ការ​នៃ​គំនិត​របស់​ឧបករណ៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ដើម្បី​សម្ដែង​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ក្នុង​ការ​ធានា​ថា​ពួក​គេ​នឹង​និយាយ​ពាក្យ​ពេចន៍​របស់​ព្រះ​អង្គ​ក្នុង​របៀប​និយាយ​របស់​ខ្លួន3?»

«អត្ថន័យ» គឺ​មាន​តែ​មួយ មាន​ការ​កំណត់ និង​មាន​គោល​បំណង។

គោល​ការណ៍​នៃ​អត្ថន័យ​របស់​អ្នក​និពន្ធ​តម្រូវ​ឲ្យ​មាន​គោល​ការណ៍​នៃ​អត្ថន័យ​តែ​មួយ។ ដោយ​សារ​អត្ថន័យ​អត្ថបទ​ណា​មួយ​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ និង​មនុស្ស ហើយ​ការ​ឆ្លើយ​តប​របស់​អ្នក​អាន​មិន​អាច​មាន​ការ​ប៉ះ​ពាល់​លើ​បាន ដូច្នេះ​នឹង​តែង​តែ​មាន​អត្ថន័យ​តែ​មួយ​គត់​ក្នុង​អត្ថបទ​ណា​មួយ​ដែល​កំពុង​មើល—អត្ថន័យ​ដើម​ពេល​និពន្ធ​តាំង​ពី​លើក​ដំបូង។

លើស​ពី​នោះ​ទៅ​ទៀត ដោយ​សារ​អត្ថន័យ​នៃ​អត្ថបទ​ណា​មួយ​មិន​អាច​មាន​ការ​បែក​គ្នា​ចេញ​ពី​អត្ថន័យ​របស់​ព្រះ​ជាម្ចាស់ និង​មនុស្ស ដូច​ដែល​មាន​លើក​ឡើង​ក្នុង​ការ​និពន្ធ​ដើម នោះ​អត្ថន័យ​នៃ​អត្ថបទ​ព្រះ​គម្ពីរ​ក៏​មិន​អាច​មាន​ការ​ផ្លាស់​ប្រែ​តាម​ពេលវេលា​ឡើយ។ ពិត​ណាស់! ការ​បើក​សម្ដែង​បន្ត​បន្ទាប់​អាច​បន្ថែម​ទៅ​លើ​ចំណេះ​ដឹង​ដែល​បាន​ប្រមូល​ផ្ដុំ​ដែល​ត្រូវ​បាន​បើក​សម្ដែង​អំពី​ប្រធាន​បទ​ណា​មួយ​ដែល​អត្ថបទ​ត្រូវ​បាន​លើក​ឡើង។ ប៉ុន្តែ ការ​បើក​សម្ដែង​បន្ត​បន្ទាប់​មិន​អាច​បំផ្លាស់​បំប្រែ​អត្ថន័យ​នៃ​អត្ថបទ​នោះ​បាន​ឡើយ។

ហើយ​កាន់​តែ​លើស​ពី​នោះ​ទៅ​ទៀត អត្ថន័យ​នៃ​អត្ថបទ​នោះ​ក៏​នៅ​មាន​ភាព​ដូច​គ្នា​សម្រាប់​អ្នក​អាន​គ្រប់​រូប​ដែរ។ វា​មិន​មាន​ការ​បំផ្លាស់​បំប្រែ​ពី​អ្នក​កាត់​ស្រាយ​មួយ​ទៅ​អ្នក​កាត់​ស្រាយ​មួយ​ទៀត​នោះ​ទេ ពី​ប្រពៃណី​មួយ​ទៅ​ប្រពៃណី​មួយ​ទៀត ឬ​ក៏​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​នោះ​ដែរ។ វា​បន្ត​នៅ​ទៀង​ទាត់ មាន​គោល​បំណង នៅ​ស្ថិតស្ថេរ ហើយ​ក៏​នៅ​មាន​កំណត់​អ្វី​មួយ​លើ​ទំព័រ​នៃ​ព្រះ​បន្ទូល​ទៀត​ផង​ដែរ។

សរុប​សេចក្ដី​ទៅ អត្ថបទ​មួយ​មិន​អាច​មាន​អត្ថន័យ​លើ​អ្វី​ដែល​វា​មិន​មាន​អត្ថន័យ​លើ​បាន ហើយ​វា​ក៏​មិន​អាច​មាន​ន័យ​នូវ​អ្វី​ដែល​វា​មិន​អាច​មាន​ន័យ​ឥឡូវ​នេះ​បាន​ឡើយ។ គោល​បំណង​នៃ​គុណ​ភាព​របស់​អត្ថបទ​ខ​គម្ពីរ​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះ​គម្ពីរ​មាន​សុទិដ្ឋិនិយម មាន​ប្រយោជន៍ និង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់។ វា​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​អាន​បន្ត​អត់ធ្មត់។ ទោះ​បើ​គាត់​ទំនង​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ទាញ​យក​អត្ថន័យ​នៃ​អត្ថបទ​ក៏​គាត់​នៅ​អាច​មាន​ទំនុក​ចិត្ត​ត្រង់​ថា ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​អត្ថន័យ​នៅ​មាន​ដដែល។ វា​អនុញ្ញាត​ឲ្យ​អ្នក​កាត់​ស្រាយ​មាន​ការ​ជជែក​វែក​ញែក​ដែល​មាន​ផល​ផ្លែ ខណៈ​ពេល​ដែល​ពួក​គាត់​ទទួល​ស្គាល់​ថា ខ្លួន​មាន​ប្រវត្តិ​ដែល​ងាយ​គិត​តែ​ពី​ខ្លួន​ឯង និង​ការ​ព្យាយាម​រក​យុត្តិធម៌​សម្រាប់​សេចក្ដីសន្និដ្ឋាន​របស់​ខ្លួន​ក្នុង​អត្ថបទ​ផ្ទាល់។ វា​គឺ​ជា​ការ​ការពារ​ដ៏​សំខាន់​មួយ​ទាស់​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​កើត​ចេញ​ពី​ភាព​ទុទ្ទិដ្ឋិនិយម និង​ការ​អស់​សង្ឃឹម។ វា​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​ជំនឿ​ដ៏​ពិត​ក្នុង​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​ព្រះ​បន្ទូល—ជំនឿ​ដែល​យើង​អាច​ពណ៌នា​ដោយ​មាន​ភាព​ក្លាហាន​ថា «ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ» (ហេព្រើរ ១១:១)។

«អត្ថន័យ» មាន​ភាព​ខុស​គ្នា​ពី​អ្វី​ដែល​សំខាន់។

«ភាព​សំខាន់» គឺ​ជា​ការ​មាន​ទំនាក់​ទំនង​រវាង​អត្ថន័យ​ដែល​ត្រូវ​បាន​បើក​សម្ដែង​ឡើង​ក្នុង​អត្ថបទ និង​បរិបទ​នានា នៃ​ផ្នត់​គំនិត ឬ​ក៏​ចំណុច​ទាំង​មូល​តែ​ម្ដង។ ដូច្នេះ ខណៈ​ពេល​ដែល​អត្ថន័យ​នៃ​អត្ថបទ​ណា​មួយ​មាន​អត្ថន័យ​តែ​មួយ ហើយ​មិន​អាច​កែ​ប្រែ​បាន នោះ​ភាព​សំខាន់​នៃ​អត្ថន័យ​នោះ​នៅ​មាន​ការ​បត់បែន ឬ​ក៏​បែប​នេះ​បែប​នោះ​ពី​អ្នក​អាន​ម្នាក់​ទៅ​អ្នក​អាន​ម្នាក់​ទៀត​បាន។

ទោះ​បើ​ថា​មាន​អត្ថន័យ​តែ​មួយ​ក្នុង​អត្ថបទ​ណា​មួយ ក៏​អត្ថន័យ​នោះ​នៅ​អាច​មាន​ការ​អនុវត្ត​ជា​ច្រើន​បែប​បាន—ការ​អនុវត្ត​ដែល​សូម្បី​តែ​អ្នក​និពន្ធ​ក៏​មិន​ដែល​នឹក​ស្រមៃ​ដល់។

ឧទាហរណ៍៖ សូម​ពិនិត្យ​មើល​ពាក្យ​ពេចន៍​របស់​សាវ័ក ប៉ុល ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤:២៩ «មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ​គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់»។ មាន​អត្ថន័យ​តែ​មួយ​គត់​សម្រាប់​ពាក្យ​ពេចន៍​ទាំង​នោះ គឺ​អត្ថន័យ​ដែល​សាវ័ក ប៉ុល ចង់​មាន​ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ ដើម្បី​បណ្ដាល​ឲ្យ​គាត់​សរសេរ។ ពេល​ដែល​សាវ័ក ប៉ុល សរសេរ​ពាក្យ​ពេចន៍​ទាំង​នេះ​សម្រាប់​ក្រុម​ជំនុំ​អេភេសូរ ពិត​ណាស់​គាត់​មិន​បាន​គិត​ដល់​ប្រភេទ​នានា​នៃ​ការ​ទាក់​ទង​គ្នា​ដែល​មាន​សព្វ​ថ្ងៃ​នេះ​ក្នុង​ទម្រង់​ជា​ច្រើន​បែប​លើ​បណ្ដាញ​សង្គម​ឡើយ។ អ្វី​ដែល​គាត់​បាន​គិត​គឺ​ការ​ទំនាក់​ទំនង​តាម​មាត់ របៀប​នៃ​ការ​ដែល «ពាក្យ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា» ហើយ​ជា​ប្រយោជន៍​ដល់ «អស់​អ្នក​ដែល​ស្តាប់»។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​នៅ​មាន​ទំនាក់​ទំនង​រវាង​អត្ថន័យ​នៃ​ពាក្យ​ពេចន៍​របស់​សាវ័ក ប៉ុល ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤:២៩ និង​របៀប​ដែល​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ​នេះ​ចូល​រួម​ក្នុង​បណ្ដាញ​សង្គម​ដែរ។ យើង​ហៅ​ទំនាក់​ទំនង​នេះ​ថា​សំខាន់ ហើយ​នៅ​ត្រង់​នេះ—មិន​មែន​ក្នុង​អត្ថន័យ—ពេល​មាន​ចំណុច​ខុសៗ​គ្នា។ ប៉ុន្តែ ខណៈ​ពេល​ដែល​មាន​ចំណុច​ខុស​ៗគ្នា​ក្នុង​លទ្ធផល​ប្រកប​ដោយ​ភាព​សំខាន់ នោះ​ដាច់​ខាត​ភាព​សំខាន់​ក៏​នៅ​តែ​ជា​យុថ្កា​ការ​ដែល​មិន​អាច​បំផ្លាស់​បំប្រែ​បាន និង​អត្ថន័យ​គោល​នៃ​អត្ថបទ​ផ្ទាល់ ប្រសិន​បើ​វា​មាន​អំណាច។

តើ​អ្នក​ណា​ជា​អ្នក​ផ្ដល់​អត្ថន័យ?

ការ​ពិនិត្យ​សង្កេត​អំពី​អត្ថន័យ​ទាំង​នេះ​ជួយ​យើង​ឲ្យ​ឆ្លើយ​នូវ​សំណួរ​មូល​ដ្ឋាន​ទី២​ដែល​បាន​លើក​ឡើង​ខាង​លើ៖ តើ​អ្នក​ណា​មាន​អំណាច​ក្នុង​ការ​កាត់​ស្រាយ​អត្ថន័យ​បាន? ចម្លើយ​មាន​ពីរ​យ៉ាង។ ម្យ៉ាង​គឺ​ថា អំណាច​នៃ​ការ​កាត់​ស្រាយ​អត្ថន័យ​គឺ​មាន​នៅ​លើ​តែ​អ្នក​និពន្ធ​ផ្ទាល់​ប៉ុណ្ណោះ។ ដាច់​ខាត! អ្នក​និពន្ធ​គឺ​ជា​បុគ្គល​ដំបូង និង​ជា​បុគ្គល​ចុង​ក្រោយ​នៃ​ការ​ផ្ដល់​អត្ថន័យ​ទៅ​លើ​អត្ថបទ​របស់​គាត់។

មួយ​វិញ​សោត អំណាច​ដែល​ក្លាយ​ពី​ការ​មាន​តៗ​គ្នា​ក៏​មាន​ដែរ។ អ្នក​កាត់​ស្រាយ​សព្វ​ថ្ងៃ​នេះ​ក៏​ទទួល​បាន​អំណាច​ពី​អ្នក​និពន្ធ​ផង​ដែរ នៅ​ពេល​ដែល​គាត់​កាត់​ស្រាយ​អត្ថបទ​របស់​អ្នក​និពន្ធ​ដោយ​មាន​ភាព​ត្រូវ​គ្នា​ជា​មួយ​នឹង​អត្ថន័យ​របស់​អ្នក​និពន្ធ។ ដូច្នេះ ក្នុង​វិសាលភាព​ដែល​អ្នក​កាត់​ស្រាយ​បដិសេធ​ដោយ​មិន​ពឹងផ្អែក​លើ​ការ​យល់​ដឹង​របស់​គាត់​ផ្ទាល់ ហើយ​ចុះ​ចូល​ចំពោះ ឆន្ទៈ​របស់​អ្នក​និពន្ធ នោះ​គាត់​ក៏​មាន​អំណាច​ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​ថា «អត្ថបទ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច» ដែរ។

និពន្ធ​ដោយ៖ លោក​គ្រូ Brad Klassen
បក​ប្រែ​ដោយ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ លោក នាង និត និង​លោក​ស្រី ថា សំបូរ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី blog.tms.edu ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​យេហូវ៉ា​ទ្រង់​ល្អ

ទីបន្ទាល់ និងសេចក្ដីស្រឡាញ់