ព្រះគម្ពីរបង្រៀនថា ព្រះជាម្ចាស់មានព្រះទ័យចង់ឲ្យទំនាក់ទំនងរវាងប្ដី និងប្រពន្ធ បង្ហាញអំពីទំនាក់ទំនងរវាងព្រះគ្រីស្ទ និងក្រុមជំនុំរបស់ទ្រង់។ ប្ដីត្រូវយកគំរូតាមសេចក្ដីស្រឡាញ់ និងការដឹកនាំដែលមានការលះបង់ដូចជាព្រះគ្រីស្ទ ហើយប្រពន្ធត្រូវយកគំរូតាមការចុះចូលដោយរីករាយ ដែលបានផ្ដល់ឲ្យដោយឥតគិតថ្លៃពីក្រុមជំនុំ។
ការចុះចូលសំដៅទៅលើការត្រាស់ហៅពីព្រះជាម្ចាស់ឲ្យប្រពន្ធ ដើម្បីនឹងលើកកិត្តិយស និងបញ្ជាក់អំពីភាពជាអ្នកដឹកនាំរបស់ប្ដី និងជួយបំពេញវាតាមរយៈអំណោយទានរបស់នាង។ វាមិនមែនជាការដាច់ខាតត្រូវតែចុះចាញ់ចំពោះរាល់ក្ដីបំណងរបស់នាងនោះទេ។ ផ្ទុយទៅវិញ យើងនិយាយអំពីឆន្ទៈរបស់នាងក្នុងការធ្វើតាមការណែនាំរបស់ប្ដី និងឆន្ទៈរបស់នាងក្នុងការធ្វើតាមការដឹកនាំរបស់គាត់។ សិទ្ធអំណាចទាំងស្រុងរបស់នាង គឺស្ថិតនៅក្នុងព្រះគ្រីស្ទ មិនមែនជាប្ដីរបស់នាងទេ។ នាងចុះចូល «ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ» (អេភេសូរ ៥:២១)។ សិទ្ធិអំណាចរបស់ប្ដីនាងនឹងត្រូវមានគណនេយ្យភាពចំពោះព្រះគ្រីស្ទ។ នាងមិនគួរធ្វើតាមប្ដី នៅក្នុងអំពើបាបឡើយ។ ផ្ទុយទៅវិញ នាងប្រហែលជាត្រូវឈរជាមួយនឹងព្រះគ្រីស្ទ នៅពេលប្រឆាំងទាស់នឹងឆន្ទៈនៃអំពើបាបរបស់ប្ដីនាង (ឧ. ១ពេត្រុស ៣:១ នាងមិនត្រូវចុះចូលចំពោះភាពគ្មានសេចក្ដីជំនឿរបស់ប្ដីឡើយ) នាងនៅតែអាចមានវិញ្ញាណនៃការចុះចូល-បំណងចិត្តក្នុងការបង្កើតផល។ នាងអាចបង្ហាញដោយឥរិយាបថ និងអាកប្បកិរិយារបស់នាងថា នាងមិនចូលចិត្តតតាំងនឹងបំណងចិត្តរបស់គាត់ ហើយថានាងប្រាថ្នាចង់ឲ្យគាត់លះបង់អំពើបាប ហើយដឹកនាំដោយសុចរិតភាព ដើម្បីឲ្យទំនោរចិត្តរបស់នាងផ្ដល់កិត្តិយសឲ្យគាត់ជាអ្នកនាំមុខ អាចបង្កើតភាពសុខដុមរមនាជាថ្មី។
នៅក្នុងគ្រួសារ ភាពជាអ្នកដឹកនាំស្របតាមព្រះគម្ពីរ សំដៅទៅលើការត្រាស់ហៅពីព្រះជាម្ចាស់សម្រាប់ប្ដី ក្នុងការមានទំនួលខុសត្រូវចម្បងក្នុងការដឹកនាំ ការការពារ និងការផ្គត់ផ្គង់ដូចជាព្រះគ្រីស្ទ។
កណ្ឌគម្ពីរដែលបង្ហាញយ៉ាងច្បាស់ជាងគេបំផុតទាក់ទងនឹងការដឹកនាំ និងការចុះចូលនៅក្នុងចំណងអាពាហ៍ពិពាហ៍ គឺនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិជំពូកទី១-៣, អេភេសូរ ៥:២១-៣៣, កូឡូស ៣:១៨-១៩, ១ធីម៉ូថេ ៣:២,៤,១២, ទីតុស ២:៥ និង ១ពេត្រុស ៣:១-៧។
ទស្សនៈនៃការបង្រៀនរបស់អត្ថបទក្នុងកណ្ឌគម្ពីរទាំងនេះ គឺជាគំរូនៃការដឹកនាំរបស់បុរស ដែលជ្រួតជ្រាបទូទៅ អាចជាការដែលព្រះគម្ពីរបានពណ៌នាអំពីជីវិតគ្រួសារ ដែលអាចជាការឆ្លុះបញ្ចាំងមិនគ្រាន់តែបាតុភូតវប្បធម៌មួយកន្លងផុតទៅជាងរាប់ពាន់ឆ្នាំតែប៉ុណ្ណោះទេ។ ប៉ុន្តែជាការតាក់តែងដើមរបស់ព្រះជាម្ចាស់ ទោះបីជាវាត្រូវបានបង្ខូចដោយអំពើបាបក៏ដោយ។
ពេលខ្លះមនុស្សប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកនៅក្នុងស្ថានភាពស្មុគស្មាញមួយចំនួន។ យើងក៏មិននិយាយបានដែរថា ការដឹកនាំ/ភាពជាអ្នកនាំមុខមានតាំងនៅក្នុងការណែនាំជាស៊េរីសម្រាប់ភរិយាដែរ។ ភាពជាអ្នកដឹកនាំ មិនមានន័យដូចគ្នាទៅនឹងការសម្រេចចិត្តដោយឯកតោភាគីនោះទេ។ តាមពិតទៅ នៅក្នុងចំណងអាពាហ៍ពិពាហ៍ដ៏ល្អមួយ ភាពជាអ្នកដឹកនាំតាំងនៅជាចម្បងក្នុងការទទួលខុសត្រូវនៅក្នុងការបង្កើតគំរូនៃអន្តរកម្ម ដែលផ្ដល់កិត្តិយសដល់ប្ដី និងភរិយា (និងកូន) ដូចជាឃ្លាំងនៃការរក្សាទុកប្រាជ្ញាផ្សេងៗសម្រាប់ជីវិតគ្រួសារ។ ភាពជាអ្នកដឹកនាំមានទំនួលខុសត្រូវចម្បងសម្រាប់ការកែច្នៃ និងការរៀបចំផែនការខាងសីលធម៌នៅក្នុងផ្ទះ ប៉ុន្តែការអភិវឌ្ឍន៍នៃការកែច្នៃ និងរៀបចំផែនការនោះនឹងធ្វើរួមជាមួយនឹងប្រពន្ធ (ដែលនាងប្រហែលជាឆ្លាតជាង និងមានប្រាជ្ញាជាង)។ គ្មានអ្វីមួយត្រូវបានចាត់ទុកថា ឥតប្រយោជន៍ដោយភាពមិនច្បាស់លាស់មួយចំនួននៅក្នុងស្ថានភាពលំបាកៗ និងករណីផ្សេងៗ ដែលប្ដី និងភរិយាមិនយល់ស្របលើអ្វីដែលជំរុញឲ្យមានភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទឡើយ។
រចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋ ក្រុមជំនុំ និងគ្រួសារមិនអាចក្លាយទៅជាអសារឥតការបានទេ ទោះបើព្រះគ្រីស្ទមានអំណាចទាំងស្រុងលើការដឹកនាំបុគ្គលម្នាក់ៗក៏ដោយ។ ព្រះគម្ពីរសញ្ញាថ្មីបានបង្គាប់យើងឲ្យចុះចូលនឹងអ្នកដឹកនាំក្រុមជំនុំ (ហេព្រើរ ១៣:១៧) គឺមិនមែនជាការអសារឥតការនោះទេ ទោះបីជាព្រះគម្ពីរបានប្រាប់ថានឹងមានពួកចាស់ទុំនឹងក្រោកឡើងអធិប្បាយសេចក្ដីខុសឆ្គងក៏ដោយ (កិច្ចការ ២០:៣០) ហើយថានៅពេលដែលពួកគេធ្វើដូច្នេះ ពួកគេគួរតែត្រូវស្ដីបន្ទោសជាជាងការធ្វើតាម (១ធីម៉ូថេ ៥:២០)។ សេចក្ដីបង្គាប់ឲ្យចុះចូលចំពោះអាជ្ញាធរស៊ីវិល (រ៉ូម ១៣:១) គឺមិនមែនគ្មានន័យនោះទេ ទោះបីជាមានការជំទាស់ដោយបញ្ញាចិត្តក៏ដោយ (កិច្ចការ ៥:២៩)។ ក៏មិនមែនជាសេចក្ដីពិតនៃភាពជាអ្នកដឹកនាំដ៏ទន់ភ្លន់ និងរឹងមាំរបស់បុរសនៅឯផ្ទះត្រូវបានចាត់ទុកជាមោឃៈ ដោយសារតែនៅទីបំផុតប្រពន្ធរបស់គាត់ត្រូវតែចុះចូលនឹងអំណាចរបស់ព្រះគ្រីស្ទ មិនមែនគាត់នោះទេ។ ក្នុងករណីដែលការដឹកនាំរបស់គាត់បរាជ័យនៅក្នុងការទទួលបានការឆ្លើយតបដ៏រីករាយរបស់នាង គាត់ត្រូវតែទុកចិត្តលើព្រះគុណនៃព្រះ ហើយស្វែងរកផ្លូវនៃប្រាជ្ញាស្របតាមព្រះគម្ពីរតាមរយៈការអធិស្ឋាន និងការទូន្មាន។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងគេចផុតពីភាពមិនច្បាស់លាស់នៃជីវិតពិតនោះទេ (ដែលពេលខ្លះ ជាការឈឺចាប់ដ៏ពិបាកទ្រាំ)។
និពន្ធដោយ៖ John Piper
បកប្រែដោយ៖ កញ្ញា គឹម បូព្រឹក
ជំនួយការបកប្រែ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ង៉ែត វិទូ, និងលោក ឡង់ គីមឡុង
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ
«៥០សំណួរដ៏សំខាន់ៗ ស្ដីអំពីភាពជាបុរស និងភាពជាស្ត្រីយោងតាមព្រះគម្ពីរ» ដោយមានការអនុញ្ញាត។
មតិយោបល់
Loading…