បើនិយាយបែបទូលំទូលាយ ដំណឹងល្អគឺជាព្រះបន្ទូលទាំងមូល ហើយបើនិយាយបែបលម្អិតវិញ ដំណឹងល្អគឺជាដំណឹងដែលទាក់ទងនឹងព្រះគ្រីស្ទ និងរបៀបនៃសេចក្ដីសង្គ្រោះ។
គន្លឹះនៃការយល់ដឹងមួយនេះគឺ យើងត្រូវដឹងអំពីមូលហេតុដែលនាំឲ្យដំណឹងនេះល្អសិន។ ដើម្បីឲ្យយើងអាចយល់បាន ដាច់ខាតយើងត្រូវតែយល់ដឹងអំពីដំណឹងអាក្រក់ជាមុនសិន។ នៅយុគសម័យលោក ម៉ូសេ ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យទៅកាន់សាសន៍អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (ចោទិយកថា ៥:១)។ យើងអាចរាប់ក្រឹត្យវិន័យថា ជាបន្ទាត់រង្វាស់ ហើយអំពើបាបគឺជាអ្វីដែលខ្វះមិនដល់ «ភាពល្អឥតខ្ចោះ» ដែលយោងតាមស្តង់ដារនោះ។ ការទាមទារដ៏សុចរិតពីក្រឹត្យវិន័យមានភាពតឹងរឹងដល់ថ្នាក់ថាគ្មានបុគ្គលណាម្នាក់មានលទ្ធភាពក្នុងការត្រាប់តាមឲ្យល្អឥតខ្ចោះនោះទេ ទាំងតាមការដែលមានចែង និងការដែលមានចិត្តចង់ត្រាប់តាម។ មិនថា «អំពើល្អ» ឬក៏ «អំពើអាក្រក់» របស់យើងមានការស៊ីសងគ្នាប៉ុណ្ណាក៏ដោយ ក៏យើងទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្នុងទូកខាងឯវិញ្ញាណតែមួយជាមួយគ្នាដដែល—យើងគ្រប់គ្នាបានធ្វើបាប ហើយឈ្នួលនៃអំពើបាបគឺសេចក្ដីស្លាប់ ឧ. ការដាច់ចេញពីព្រះជាម្ចាស់ ដែលទ្រង់ជាប្រភពនៃជីវិត (រ៉ូម ៣:២៣)។ ដើម្បីឲ្យយើងអាចទៅនៅឯស្ថានសួគ៌បាន ដែលទីនោះគឺជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏ជាប្រភពនៃជីវិត និងពន្លឺ ហើយដាច់ខាតយើងត្រូវតែដកអំពើបាបចេញក្នុងរបៀបណាមួយចោល ឬក៏បង់ថ្លៃលោះវាសិន។ ក្រឹត្យវិន័យបានតម្រូវថា មានតែតាមរយៈការខ្ចាយឈាមនៃយញ្ញបូជាពីជីវិតដ៏ល្អឥតខ្ចោះមួយប៉ុណ្ណោះទើបអាចសម្អាតនូវអំពើបាបនេះចោលបាន (ហេព្រើរ ៩:២២)។
ដំណឹងល្អមានរួមបញ្ចូលនូវការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ដោយក្នុងនាមជាតង្វាយធួននឹងបាប ដើម្បីបំពេញការទាមទារដ៏សុចរិតពីក្រឹត្យវិន័យ (រ៉ូម ៨:៣-៤; ហេព្រើរ ១០:៥-១០)។ នៅក្រោមក្រឹត្យវិន័យ គេបានយកសត្វមកធ្វើជាយញ្ញបូជាពីមួយឆ្នាំទៅមួយឆ្នាំទៀត ទុកជាការដែលរម្លឹកអំពីអំពើបាប និងអំពីនិមិត្តសញ្ញានៃការដែលព្រះគ្រីស្ទនឹងយាងមកសុគតធ្វើជាយញ្ញបូជា (ហេព្រើរ ១០:៣-៤)។ ពេលដែលព្រះគ្រីស្ទបានថ្វាយរូបអង្គទ្រង់ផ្ទាល់នៅលើភ្នំកាល់វ៉ារី ហើយនិមិត្តសញ្ញាមួយនោះក៏បានក្លាយទៅជាការពិតចំពោះអស់អ្នកដែលទទួលជឿ (ហេព្រើរ ១០:១១-១៨)។ ឥឡូវនេះ ព័ន្ធកិច្ចនៃការធួននឹងបាបត្រូវបានសម្រេចឡើងហើយ ហើយនោះឯងគឺជាដំណឹងល្អ។
ដំណឹងល្អក៏មានរួមបញ្ចូលនូវការដែលព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទៅបីផងដែរ។ «ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត» (រ៉ូម ៤:២៥)។ ប្រាកដណាស់! ការដែលព្រះយេស៊ូវបានយកឈ្នះលើអំពើបាប និងសេចក្ដីស្លាប់ (ឈ្នួលនៃអំពើបាប) នោះហើយគឺជាដំណឹងល្អ។ ហើយការដែលព្រះអង្គសព្វព្រះហឫទ័យក្នុងការចែកចាយជ័យជម្នះមួយនេះជាមួយយើងនោះគឺជាដំណឹងដ៏ល្អបំផុតបើប្រៀបធៀបទៅនឹងដំណឹងផ្សេងៗ (យ៉ូហាន ១៤:១៩)។
កណ្ឌគម្ពីរ ១កូរិនថូស ១៥:៣-៦ បានរៀបរាប់យ៉ាងចំៗអំពីចំណុចនានានៃដំណឹងល្អ។ នេះជាខគម្ពីរដែលនិយាយអំពីដំណឹងល្អរបស់ព្រះជាម្ចាស់ «ដ្បិតសេចក្ដីសំខាន់ជាងគេក្នុងសេចក្ដីដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា ជាសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគតជំនួសបាបរបស់យើង ស្របតាមព្រះគម្ពីរ ហើយត្រូវគេបញ្ចុះរួចនៅថ្ងៃទីបី ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ស្របតាមព្រះគម្ពីរ ព្រមទាំងលេចមកដល់កេផាស ហើយបន្ទាប់មកបានលេចមកដល់សាវ័កទាំងដប់ពីរនាក់ ក្រោយមក ព្រះអង្គបានលេចមកដល់បងប្អូនជាងប្រាំរយនាក់ក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនទាំងនោះ ភាគច្រើននៅរស់រហូតមកដល់ពេលនេះ…» (គខស)។ ជាដំបូង សូមកត់សម្គាល់ត្រង់ថាសាវ័ក ប៉ុល «បានទទួល» ដំណឹងល្អនេះ ហើយបន្ទាប់មកគាត់ក៏ «បានប្រគល់» បន្តដល់អ្នកដទៃ។ នេះគឺជាដំណឹងដែលមកពីព្រះជាម្ចាស់ ពោលគឺមិនមែនជាដំណឹងដែលមនុស្សយើងជាអ្នកច្នៃប្រឌិតនោះឡើយ។ ទីពីរ ដំណឹងល្អគឺជា «សេចក្ដីសំខាន់ជាងគេ»។ គ្រប់ទីកន្លែងដែលពួកសាវ័កបានទៅ គឺពួកគាត់សុទ្ធតែប្រកាសអំពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ទីបី សារនៃដំណឹងល្អក៏ថែមទាំងមានភស្តុតាងផងដែរ៖ ព្រះគ្រីស្ទបានសុគតសម្រាប់អំពើបាបរបស់យើង (ការបញ្ចុះព្រះសពរបស់ទ្រង់គឺជាភស្តុតាង) ហើយព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី (អ្នកដែលបានឃើញទ្រង់គឺជាភស្តុតាង)។ ទីបួន ទាំងអស់នោះបានកើតឡើង «ស្របតាមព្រះគម្ពីរ»។ ប្រធានបទស្នូលនៃព្រះគម្ពីរគឺ អំពីសេចក្ដីសង្គ្រោះរបស់មនុស្សលោកតាមរយៈព្រះគ្រីស្ទ។ ព្រះគម្ពីរគឺជាដំណឹងល្អ។
«ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រិកផង» (រ៉ូម ១:១៦)។ ដំណឹងល្អគឺ
រាជសារដ៏មោះមុត ហើយយើងគ្មានសេចក្ដីខ្មាសក្នុងការប្រកាសអំពីដំណឹងនេះឡើយ។ ជាដំណឹងដែលមានព្រះចេស្ដា ព្រោះដំណឹងនេះជាដំណឹងល្អរបស់ព្រះជាម្ចាស់។ ជាដំណឹងដែលជួយសង្គ្រោះ ហើយមានតែដំណឹងមួយនេះតែមួយគត់ដែលពិតជាអាចបំផ្លាស់បំប្រែដួងចិត្តរបស់មនុស្សលោកយើងបានមែន។ ជាដំណឹងបែបសកល ទាំងសម្រាប់សាសន៍យូដា និងសាសន៍ក្រិក។ ហើយគេអាចទទួលដំណឹងល្អនេះបានតាមរយៈការមានជំនឿ។ សេចក្ដីសង្គ្រោះគឺជាអំណោយទានរបស់ព្រះជាម្ចាស់ (អេភេសូរ ២:៨-៩)។
ដំណឹងល្អគឺជាដំណឹងនៃការដែលព្រះជាម្ចាស់បានស្រឡាញ់លោកីយ៍នេះដ៏ម៉្លេះ រហូតដល់ថ្នាក់ទ្រង់ប្រទានព្រះរាជបុត្រាតែមួយគត់របស់ព្រះអង្គ ដើម្បីឲ្យមកសុគតសម្រាប់អំពើបាបរបស់យើង (យ៉ូហាន ៣:១៦)។ ដំណឹងនេះល្អ ព្រោះព្រះគ្រីស្ទបានធានាសេចក្ដីសង្គ្រោះរបស់យើង និងជីវិតអស់កល្បជានិច្ច និងលំនៅរបស់យើងនៅឯស្ថានសួគ៌រួចហើយ (យ៉ូហាន ១៤:១-៤)។ «….ទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបម្រុងទុកឲ្យយើងរាល់គ្នា នៅស្ថានសួគ៌» (១ពេត្រុស ១:៣-៤)។
នៅពេលដែលយើងយល់ថា យើងមិនអាច (និងមិនមានលទ្ធភាព) ក្នុងការទិញសេចក្ដីសង្គ្រោះរបស់យើងបាន នោះទើបយើងអាចយល់បានថា ដំណឹងនេះល្អមែន។ ព័ន្ធកិច្ចនៃការសង្គ្រោះ និងការរាប់ជាសុចរិតត្រូវបានបញ្ចប់ ពោលគឺត្រូវបានសម្រេចឡើងនៅឯឈើឆ្កាង (យ៉ូហាន ១៩:៣០)។ ព្រះយេស៊ូវគឺជាតង្វាយធួននឹងបាបសម្រាប់អំពើបាបរបស់យើង (១យ៉ូហាន ២:២)។ ដំណឹងនេះល្អ ព្រោះវាអះអាងថា យើងដែលធ្លាប់ជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ឥឡូវនេះព្រះលោហិតរបស់ព្រះគ្រីស្ទបានផ្សះផ្សាយើង ហើយក៏បានយកយើងធ្វើជាកូនចិញ្ចឹមក្នុងគ្រួសាររបស់ព្រះអង្គ (រ៉ូម ៥:១០; យ៉ូហាន ១:១២)។ «មើល៍ សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៏ ដែលព្រះវរបិតាបានផ្ដល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ…» (១យ៉ូហាន ៣:១)។ ដំណឹងនេះល្អ ព្រោះ «…អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៨:១)។
ការបដិសេធដំណឹងល្អគឺជាការឧបក្រសោបដំណឹងអាក្រក់។ ការមានទោសនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់គឺជាលទ្ធផលនៃការមិនមានជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលទ្រង់គឺជាការផ្គត់ផ្គង់តែមួយគត់សម្រាប់សេចក្ដីសង្គ្រោះ។ «ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជម្រះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ» (យ៉ូហាន ៣:១៧-១៨)។ ព្រះជាម្ចាស់បានផ្ដល់ដំណឹងល្អមកដល់លោកីយ៍ដែលត្រូវវិនាសរួចហើយ៖ ពោលគឺដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។
មតិយោបល់
Loading…