«តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ។» (កាឡាទី ៤:៤)
ខគម្ពីរមួយនេះប្រកាសអំពីការដែលព្រះជាម្ចាស់ចាត់ព្រះរាជបុត្រារបស់ទ្រង់ក្នុង «វេលាកំណត់បានមកដល់»។ មានព្រឹក្តិការណ៍ជាច្រើនបានកើតឡើងក្នុងអំឡុងពេលនៃសតវត្យទី១ យ៉ាងហោកណាស់តាមរយៈការគិតគូររបស់យើង ពេលនោះគឺជាពេលដ៏ល្អក្នុងការឲ្យព្រះយេស៊ូវយាងមក។
តើមានមូលហេតុអ្វីបានជាព្រះជាម្ចាស់ចាត់ព្រះយេស៊ូវក្នុងវេលាដែលទ្រង់បានកំណត់ឲ្យទៅ? ហេតុអ្វីបានជាមិនចាត់មកមុនហ្នឹង? ហេតុអ្វីបានជាមិនចាត់ក្រោយហ្នឹង?
១) នៅគ្រានោះក្នុងចំណោមសាសន៍យូដាមានការទន្ទឹងរងចាំយ៉ាងខ្លាំងថា ព្រះមេស្ស៊ីនឹងយាងមក។ ការដែលពួករ៉ូមត្រួតត្រាលើសាសន៍អ៊ីស្រាអែលធ្វើឲ្យសាសន៍យូដាមានការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការឲ្យព្រះមេស្ស៊ីយាងមក។
២) ក្រោមការត្រួតត្រារបស់ពួករ៉ូម ពួកគេបាននាំឲ្យពិភពលោកមានការរូបរួមគ្នា ដែលការនោះផងដែរបានផ្ដល់ឲ្យផ្នែកនានានៃទឹកដីមួយចំនួនមានការរួបរួមគ្នា។ ហើយដោយសារចក្រភពមានសន្តិភាព នោះការធ្វើដំណើរក៏អាចទៅរួចបាន ដែលការនោះបានអនុញ្ញាតឲ្យគ្រីស្ទបរិស័ទគ្រាដំបូងអាចផ្សព្វផ្សាយដំណឹងល្អបាន។ បើនៅគ្រាយុគសម័យក្រៅពីនេះ នោះសេរីភាពនៃការធ្វើដំណើរមិនអាចទៅរួចបានឡើយ។
៣) ក្នុងខណៈពេលដែលពួករ៉ូមបានយកឈ្នះខាងកងទ័ព ពួកក្រិកបានយកឈ្នះខាងប្រពៃណី។ សណ្ឋាននៃភាសា «សាមញ្ញ» របស់ពួកក្រិក (ខុសគ្នាពីអក្សរសិល្ប៍ក្រិក) គឺជាភាសាពាណិជ្ជកម្ម ហើយក៏ជាភាសាដែលគេប្រើប្រាស់ក្នុងចក្រវាលទាំងមូល ដែលការនោះហើយធ្វើឲ្យការផ្សព្វផ្សាយដំណឹងល្អទៅរួចបាន ទៅកាន់ពួកក្រុមមនុស្សជាច្រើនទៀតតាមរយៈភាសាដ៏សាមញ្ញតែមួយ។
៤) ធាតុពិតត្រង់ថា ការថ្វាយបង្គំព្រះក្លែងក្លាយជាច្រើនបាននាំឲ្យពួកគាត់បរាជ័យក្នុងការយកឈ្នះលើពួករ៉ូម ដែលបានយកឈ្នះលើពួកគាត់ ដែលការនោះបានបណ្ដាលឲ្យអ្នកថ្វាយបង្គំបោះបង់រូបព្រះក្លែងក្លាយទាំងអស់នោះចោល។ ស្របគ្នានោះដែរ ក្នុងទីក្រុងដែលមានបែបបទប្រពៃណីល្អជាងទីក្រុងមួយចំនួន ទស្សនវិជ្ជា និងវិទ្យាសាស្ត្ររបស់ពួកក្រិកនៅគ្រានោះបាននាំឲ្យមនុស្សមួយចំនួនមានភាពទទេស្អាតខាងឯព្រលឹងវិញ្ញាណ ដូចគ្នាផងដែរ ក្នុងរបៀបដែលពួកគ្មានសាសនានៃពួកកុម្មុយនីស្តនាំឲ្យមានភាពទទេស្អាតខាងឯព្រលឹងវិញ្ញាណសព្វថ្ងៃនេះដែរ។
៥) សាសនាបែបអាថ៌កំបាំងមួយចំនួននៅគ្រានោះផ្ដោតលើព្រះ—សង្គ្រោះ ហើយទាមទារអ្នកថ្វាយបង្គំឲ្យបូជាឈាម ដែលការនោះធ្វើឲ្យដំណឹងល្អរបស់ព្រះគ្រីស្ទដែលមានរួមបញ្ចូលទាំងការធ្វើយញ្ញបូជាចុងក្រោយអាចជាការជឿជាក់បានចំពោះពួកគេ។ ពួកសាសន៍ក្រិកក៏ជឿលើភាពអមតៈនៃព្រលឹងវិញ្ញាណដែរ (ប៉ុន្តែមិនជឿទៅលើរូបកាយឡើយ)។
៦) ពួកកងទ័ពរ៉ូមក៏បានជ្រើសរើសពួកទាហានចេញពីតាមតំបន់ខេត្តនានា ហើយណែនាំទាហានទាំងនោះឲ្យស្គាល់ប្រពៃណីពួករ៉ូម និងគំនិតគិតគូរ (ដែលមានដូចជាដំណឹងល្អជាដើម) ដែលមិនទាន់បានឈានទៅដល់ជាយខេត្តមួយចំនួននោះនៅឡើយទេ។ ការណែនាំដំណឹងល្អដំបូងបង្អស់ទៅកាន់ពួកប្រទេសអង់គ្លេសគឺជាលទ្ធផលនៃការដែលពួកទាហានគ្រីស្ទបរិស័ទទៅបោះទីតាំងនៅទីនោះ។
ចំណុចទាំងប៉ុន្មាននៅខាងលើនេះគឺគ្រាន់តែជាការដែលមនុស្សយើងសង្កេតមើលលើពេលវេលា ហើយគ្រាន់តែសន្មតអំពីមូលហេតុដែលនៅចំណុចពេលវេលានោះក្នុងប្រវត្តិសាស្ត្រ គឺជាពេលវេលាដ៏ល្អក្នុងការដែលព្រះគ្រីស្ទយាងមកតែប៉ុណ្ណោះ។ ប៉ុន្តែ យើងយល់ឃើញថា របៀបរបស់ព្រះជាម្ចាស់គឺមិនមែនជារបៀបរបស់យើងឡើយ (អេសាយ ៥៥:៨) ហើយចំណុចទាំងប៉ុន្មានទំនង ឬក៏មិនទំនងជាមូលហេតុដែលព្រះអង្គជ្រើសរើសចាត់ព្រះរាជបុត្រារបស់ទ្រង់ក្នុងពេលវេលានោះផងដែរក៏មិនដឹង។ យោងតាមកណ្ឌគម្ពីរកាឡាទីជំពូក៣ និង៤ យើងឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ព្យាយាមចាក់គ្រឹះ តាមរយៈក្រឹត្យវិន័យរបស់សាសន៍យូដា ដែលនឹងរៀបចំសម្រាប់ការដែលព្រះមេស្ស៊ីយាងមក។ គោលបំណងនៃក្រឹត្យវិន័យគឺ ដើម្បីជួយឲ្យមនុស្សយល់អំពីជម្រៅនៃភាពអាក្រក់នៃអំពើបាបរបស់ខ្លួន (ត្រង់ថាពួកគេមិនមានលទ្ធភាពក្នុងការត្រាប់តាមក្រឹត្យវិន័យនោះឡើយ) ដើម្បីឲ្យពួកគេទំនងជាអាចត្រៀមខ្លួនក្នុងការទទួលការព្យាបាលអំពើបាបរបស់ពួកតាមរយៈព្រះយេស៊ូវដែលជាព្រះមេស្ស៊ី (កាឡាទី ៣:២២-២៣; រ៉ូម ៣:១៩-២០)។ ក្រឹត្យវិន័យក៏ «ធ្វើជាអ្នកដឹកនាំ» មនុស្សទៅកាន់ព្រះយេស៊ូវជាព្រះមេស្ស៊ីដែរ (កាឡាទី ៣:២៤)។ វាបានធ្វើបែបនោះតាមរយៈការលើកឡើងជាទំនាយទាក់ទងទៅនឹងព្រះមេស្ស៊ីដែលព្រះយេស៊ូវបានបំពេញ។ លើសពីនោះទៅទៀតគឺការធ្វើយញ្ញបូជាដែលចង្អុលបង្ហាញទៅលើតម្រូវការទាក់ទង់នឹងយញ្ញបូជាចំពោះអំពើបាប ក៏ដូចជាការដែលវាមិនអាចបំពេញបានដោយខ្លួនឯង (ដោយថាយញ្ញបូជានីមួយៗតែងតែតម្រូវឲ្យមានយញ្ញបូជាមួយទៀតថែមពីលើ)។ ប្រវត្តិសាស្ត្រនៃព្រះគម្ពីរសញ្ញាចាស់ក៏បានផាត់ជាពណ៌អំពីបុគ្គល និងព័ន្ធកិច្ចរបស់ព្រះគ្រីស្ទតាមរយៈព្រឹត្តិការណ៍មួយចំនួន និងការជប់លៀងខាងឯសាសនា (ឧទាហរណ៍៖ ការដែលលោក អ័ប្រាហាំ ស្ម័គ្រចិត្តក្នុងការថ្វាយលោក អ៊ីសាក ឬក៏ការពណ៌នាយ៉ាងលម្អិតអំពីថ្ងៃបុណ្យរំលងនៅពេលដែលសាសន៍អ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទ។ល។)។
ជាចុងក្រោយ ព្រះគ្រីស្ទបានយាងមកនៅពេលដែលព្រះអង្គបានយាងមកក្នុងការបំពេញទំនាយដ៏ជាក់លាក់។ កណ្ឌគម្ពីរ ដានីយ៉ែល ៩:២៤-២៧ បាននិយាយរៀបរាប់អំពី «៧០អាទិត្យ» ឬក៏ ៧០ «ប្រាំពីរ»។ ដោយយោងទៅតាមបរិបទ «អាទិត្យ» ទាំងនេះ ឬក៏ «ប្រាំពីរ» និយាយសំដៅទៅលើក្រុមនៃប្រាំពីរឆ្នាំ មិនមែនប្រាំពីរថ្ងៃទេ។ បើយើងអាចពិនិត្យមើលប្រវត្តិសាស្ត្រ ហើយរៀបរាប់ពីចំណុចលម្អិតនៃ ហុកសិបប្រាំបួនអាទិត្យដំបូង (អាទិត្យទីចិតសិបនឹងកើតឡើងនៅឯអនាគត)។ ការរាប់ចុះនៃ «៧០អាទិត្យ» ចាប់ផ្ដើមជាមួយនឹងការ «បង្គាប់ឲ្យតាំងក្រុងយេរូសាឡឹម ហើយសង់ឡើងវិញ» (ខ២៥)។ ស្ដេច អើថាស៊ើកសេស ឡ៉ងហ្គីម៉ានូស៍ (Artaxerxes Longimanus) បានចេញរាជសារនៅឆ្នាំ ៤៤៥ មុនគ.ស. (នេហេមា ២:៥)។ បន្ទាប់ពីប្រាំពីរ «ប្រាំពីរ» បូកជាមួយនឹង ៦២ «ប្រាំពីរ» ឬក៏ ៦៩ គុណនឹង ៧ ឆ្នាំ ទំនាយក៏បានលើកឡើងដូចតទៅ «នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្ដាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ រួចបណ្ដាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង នឹងទីបរិសុទ្ធ» (ខ២៦)។ នៅត្រង់នេះ យើងមានខគម្ពីរយោងដែលមិនអាចភ័ន្តច្រឡំបានទាក់ទងទៅនឹងការសុគតរបស់ព្រះសង្គ្រោះនៅលើឈើឆ្កាង។ មួយសតវត្សមុននេះ ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងជាភាសាអង់គ្លេសថា The Coming Prince លោកគ្រូ ស័រ រ៉ូបើត អនឌឺសិន (Sir Robert Anderson) បានផ្ដល់ជូនការទូទាត់យ៉ាងលម្អិតអំពីហុកសិបប្រាំបួនអាទិត្យ ដោយប្រើប្រាស់ «ឆ្នាំនៃទំនាយ» ដោយអនុញ្ញាតឲ្យមានឆ្នាំរំលង កំហុសឆ្គងក្នុងប្រតិទិន ការប្ដូរចេញពី មុនគ.ស. ទៅ គ.ស. ហើយបានរកឃើញថា ហុកសិបប្រាំបួនអាទិត្យបានចប់នៅថ្ងៃដែលព្រះយេស៊ូវបានយាងចូលមកក្នុងទីក្រុងយេរូសាឡឹម ប្រាំថ្ងៃមុនទ្រង់សុគត។ មិនថាបុគ្គលណាម្នាក់ប្រើប្រាស់ ឬក៏មិនប្រើប្រាស់ការវិភាគមួយនេះក៏ដោយ ក៏ត្រង់ចំណុចនេះគឺថា ពេលវេលានៃការដែលព្រះគ្រីស្ទយាងមកយកកំណើតក៏មានភាពស៊ីគ្នាក្នុងទំនាយយ៉ាងលម្អិតដែលហោរា ដានីយ៉ែល បានកត់ទុកប្រមាណជាង ៥00 ឆ្នាំមុនដែរ។
ពេលវេលានៃការដែលព្រះគ្រីស្ទបានយាងមកយកកំណើត គឺបានកើតឡើងក្នុងលក្ខណៈដែលថា មនុស្សម្នានៅគ្រានោះបានត្រៀមខ្លួនរួចជាស្រេចក្នុងការយាងមករបស់ព្រះអង្គ។ ចាប់តាំងពីពេលនោះមក មនុស្សគ្រប់សតវត្សមានភស្តុតាងយ៉ាងគ្រប់គ្រាន់អំពីព្រះយេស៊ូវដែលថា ទ្រង់ពិតជាព្រះមេស្ស៊ីដែលត្រូវបានសន្យាឡើងមែន តាមរយៈការដែលព្រះអង្គបានបំពេញព្រះបន្ទូលដែលមានបង្ហាញជារូបភាព និងទំនាយអំពីការយាងមករបស់ទ្រង់យ៉ាងលម្អិតផងដែរ។
មតិយោបល់
Loading…