មានរបៀបមិនត្រឹមត្រូវមួយចំនួនដែលគ្រីស្ទបរិស័ទប្រើប្រាស់ព្រះគម្ពីរ។ យើងនឹងមើលលើរបៀបមិនត្រឹមត្រូវបីយ៉ាងសង្ខេប។
របៀបមិនត្រឹមត្រូវទីមួយគឺថា គ្រីស្ទបរិស័ទគ្រាន់តែមើលលើខគម្ពីរផ្សេងៗដោយមិនមានរចនាសម្ព័ន្ធនៅក្នុងរបៀបដែលពួកគេអានព្រះគម្ពីរ ហើយបន្ទាប់មកពួកគេអនុវត្តខគម្ពីរមួយដោយមិនគិតពីបរិបទ។ ឧទាហរណ៍៖ ពួកគេប្រហែលជាអានកណ្ឌគម្ពីរ និក្ខមនំ ៣១:១២-១៧ ហើយគិតថា គ្រីស្ទបរិស័ទត្រូវតែរក្សាថ្ងៃសៅរ៍ជាថ្ងៃឈប់សម្រាក (ថ្ងៃឈប់សម្រាកគឺជាថ្ងៃសៅរ៍)។ យើងត្រូវតែកាត់ស្រាយបទគម្ពីរផ្សេងៗដោយការគិតអំពីអ្វីដែលព្រះគម្ពីរទាំងមូលលើកឡើង។ ព្រះគម្ពីរសញ្ញាថ្មីមិនបានបង្គាប់ឲ្យគ្រីស្ទបរិស័ទរក្សាថ្ងៃឈប់សម្រាកនោះទេ (កូឡូស ២:១៦-១៧)។
របៀបមិនត្រឹមត្រូវទីពីរក្នុងការអានព្រះគម្ពីរគឺ ការគិតថាព្រះគម្ពីរគ្រាន់តែជាសៀវភៅក្បួនច្បាប់ ឬសៀវភៅអំពីសីលធម៌។ ព្រះគម្ពីរពិតជាមានច្បាប់និងបង្រៀនអំពីសីលធម៌ ប៉ុន្តែនោះមិនមែនជាមូលដ្ឋានគ្រឹះរបស់ព្រះគម្ពីរនោះឡើយ។ ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះដែលបើកសម្ដែងផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ហើយព្រះគ្រីស្ទគឺជាចំណុចកណ្តាល។ យើងត្រូវតែអានព្រះគម្ពីរតាមរបៀបនេះ។
របៀបមិនត្រឹមត្រូវទីបីគឺ គ្រាន់តែអានផ្នែកផ្សេងៗរបស់ព្រះគម្ពីរ ដើម្បីលើកទឹកចិត្តយើង ប៉ុន្តែមិនជឿលើអ្វីដែលព្រះគម្ពីរមានបន្ទូលទេ។ ចូរស្រមៃមើលថា មានការរត់ប្រណាំងចម្ងាយឆ្ងាយមួយដែលអ្នករត់ប្រណាំងទាំងអស់គ្នាត្រូវតែរត់តាមផ្លូវជាច្រើន។ ពួកគេមិនស្គាល់ផ្លូវទាំងអស់នៃការរត់ប្រណាំងនោះទេ ដូច្នេះពួកគេត្រូវមានផែនទីមួយ ដើម្បីបង្ហាញផ្លូវដែលពួកគេត្រូវរត់តាម។ ចូរស្រមៃទៀតទៅមើលថា អ្នករត់ម្នាក់ក្នុងចំណោមពួកគេប្រើផែនទី ប៉ុន្តែមិនរត់តាមផ្លូវដែលផែនទីប្រាប់នោះទេ។ គាត់គ្រាន់តែគិតថា ផែនទីនោះស្អាតហើយផ្តល់ឲ្យគាត់មានគំនិតល្អៗ។ ដូច្នេះ ពេលកំពុងរត់ប្រណាំងហើយគាត់ហត់ នោះគាត់យកផែនទីចេញមកមើល គាត់ក៏មានអារម្មណ៍សប្បាយ ពីព្រោះគាត់បានមើលផែនទីដែលគួរឲ្យចាប់អារម្មណ៍មួយនេះ ដែលធ្វើឲ្យគាត់មានកម្លាំងបន្តរត់ទៅមុខទៀត។ ប៉ុន្តែ គាត់មិនរត់តាមទិសដែលផែនទីប្រាប់គាត់ឲ្យរត់នោះទេ។ តើគាត់នឹងរត់ទៅដល់ខ្សែជ័យដែរឬទេ? ទេ!
មនុស្សខ្លះចាត់ទុកព្រះគម្ពីរដូចគ្នាអញ្ចឹងដែរ។ ពួកគេប្រើប្រាស់ខគម្ពីរផ្សេងៗចេញពីព្រះគម្ពីរ ដែលពួកគេចូលចិត្ត យកមកលើកទឹកចិត្តខ្លួនឯង និងជួយធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយៗ ឬមានអារម្មណ៍សុខសាន្ត ប៉ុន្តែពួកមិនជឿលើអ្វីដែលព្រះគម្ពីរនិយាយនោះឡើយ។ សូម្បីតែគ្រូគង្វាលមួយចំនួនក៏ធ្វើដូចនេះផងដែរ។ ឧទាហរណ៍៖ គ្រីស្ទបរិស័ទខ្លះៗចូលចិត្តស្តាប់ខគម្ពីរផ្សេងៗចេញពីព្រះគម្ពីរ ដែលបង្រៀនថា ព្រះស្រឡាញ់យើង។ នោះធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយសុខសាន្ត ប៉ុន្តែពួកគេមិនជឿលើអ្វី ដែលព្រះគម្ពីរនិយាយអំពីការដែលព្រះបោះទម្លាក់មនុស្សទៅក្នុងស្ថាននរកនោះទេ ឬពួកគេមិនចង់អាន ឬស្តាប់ផ្នែកខ្លះៗក្នុងព្រះគម្ពីរដែលពួកគេមិនចូលចិត្តឡើយ។
ដូច្នេះ មនុស្សទាំងនេះប្រើប្រាស់ព្រះគម្ពីរ ប៉ុន្តែពួកគេមិនជឿលើព្រះគម្ពីរនោះទេ។ ពួកគេគ្រាន់តែជឿលើផ្នែកខ្លះៗនៃព្រះគម្ពីរដែលគេចូលចិត្តមិនមែនជាការជឿលើព្រះគម្ពីរនោះទេ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចំពោះទង្វើបែបនេះឡើយ ពីព្រោះនេះគឺជាការប្រើប្រាស់ព្រះមិនមែនជាការជឿព្រះនោះឡើយ។ ទង្វើបែបនេះមានលក្ខណៈអំនួត អាត្មានិយម និងថ្វាយបង្គំរូបព្រះ។ វាជាលក្ខណៈអំនួតដោយព្រោះយើងគិតថា អ្វីដែលយើងជឿគឺល្អប្រសើរជាងអ្វីដែលព្រះមានបន្ទូលទៅវិញ។ វាជាលក្ខណៈអាត្មានិយមដោយព្រោះយើងគ្រាន់តែប្រើប្រាស់ព្រះសម្រាប់ផលប្រយោជន៍របស់យើងតែប៉ុណ្ណោះ។ វាជាលក្ខណៈថ្វាយបង្គំរូបព្រះដោយព្រោះយើងបង្កើតព្រះទៅតាមអ្វីដែលយើងចង់បាន។
មតិយោបល់
Loading…