in

ចូល​រៀន​វិញ—ការ​អធិស្ឋាន​សម្រាប់​កូន​បេសកជន

ដល់​ពេល​វេលា​នៃ​ឆ្នាំ​ទៀត​ហើយ មែន​ទេ? ឆ្នាំ​សិក្សា​ថ្មី​គឺ​ត្រៀម​នឹង​ចាប់​ផ្ដើម។ ឪពុក​ម្តាយ​នាំ​គ្នា​ទៅ​ហាង​ធំៗ ទិញ​ខ្មៅ​ដៃ ទិញ​ប៊ិច ក្រដាស​ជូត​មាត់ និង​កន្ត្រៃ​ក្បាល​មូល…ដើម្បី​ផ្គូផ្គង​ឲ្យ​ត្រូវ​គ្នា​ជា​មួយ​អ្នក​រក្សា (ឬ​ស្រោម iPad…) ហើយ​លាត់​ឯកសណ្ឋាន​ចាស់ ដើម្បី​មើល​ថា​វា​ល្មម​សម្រាប់​កូន​របស់​អ្នក​ដែល​កំពុង​តែ​ធំឡើង ឬ​ក៏​អត់។

គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ទៅ ខ្ញុំ​ឮ​និយាយ​អំពី​សាលា។ ឪពុក​ម្តាយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អ្នក​រដ្ឋបាល​ថ្មី​របស់​សាលា។ គ្រូ​បង្រៀន​មាន​ការ​ព្រួយ​បារម្ភ​អំពី​សិស្ស​ថ្មី (ឬ​សិស្ស​ចាស់)។ ក្មេងៗ​វិញ​គឺ​មាន​ពោ​ពេញ​ទៅ​ដោយ​ភាព​ផ្ទុយ​គ្នា​ស្រឡះ ពោរពេញ​ដោយ​ភាព​អន្ទះសា ហើយ​និង​ការ​ថប់​បារម្ភ​ជា​មួយ​នឹង​ការ​អាក់​អន់​ចិត្ត​ដោយ​វិស្សមកាល​ចាស់​ជិត​កន្លង​ផុត។

សូម្បី​តែ​នៅ​ក្នុង​សំបុត្រ​បច្ចុប្បន្នភាព​របស់​បេសកជន​ក៏​ធ្វើ​ការ​ជជែក​អំពី «ការ​ត្រឡប់​ទៅ​រៀន» ថា​តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា​សម្រាប់​គ្រួសារ​ពួក​គេ ហេតុ​ដូច្នេះ ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការ​យក​ពេល​គិត​មួយ​ភ្លែត​អំពី​មិត្តភក្ដិ​វ័យ​ក្មេង​របស់​អ្នក​ដែល​កំពុង​តែ​នៅ​ក្នុង​វាល​បេសកកម្ម។ មិន​ថា​ពួក​គេ​ចូល​រៀន​នៅ​ក្នុង​សាលា​របស់​បេសកជន​នៅ​លើ​បរិវេណ​មួយ មើល​ទូរទស្សន៍​នៅ​បន្ទប់​ទទួល​ភ្ញៀវ​នៅ​ផ្ទះ រៀន​ជា​មួយ​គ្រូ​នៅ​ផ្ទះ ចូល​រៀន​នៅ​សាលា​អន្តរជាតិ ឬ​ត្រៀម​ខ្លួន​ដើម្បី​ចូល​រៀន​នៅ​សាលា​ជាតិ​ក៏​ដោយ កូន​របស់​បេសកជន​ក៏​ជួប​ជា​មួយ​បទ​ពិសោធន៍​នៃ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​សាលា​រៀន​វិញ​ដែរ ដូច្នេះ នេះ​ជា​ចំណុច​គួរ​ពិចារណា​មួយ​ចំនួន ដើម្បី​ជួយ​អ្នក​សម្រាប់​ការ​អធិស្ឋាន​ឲ្យ​កូន​របស់​បេសកជន​នៅ​ក្នុង​ជីវិត​របស់​អ្នក។

អធិស្ឋាន​សម្រាប់​សេចក្តី​សង្គ្រោះ​ឲ្យ​កូន​បេសកជន៖ កូន​បេសកជន គឺ​ដូច​ជា​មនុស្ស​ទូទៅ ពួក​គាត់​ក៏​ប្រហែល​ជា​ជួប​នឹង​ការ​លំបាក​ក្នុង​ការ​ជឿ​លើ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ដែរ។ អធិស្ឋាន​សូម​ឲ្យ​ព្រះ​អង្គ​បាន​បន្ទន់​ចិត្ត​រឹង​រូស ហើយ​ទ្រង់​នឹង​ប្រទាន​ការ​ប្រែ​ចិត្ត ព្រម​ទាំង​ទាញ​នាំ​កុមារ​ទាំង​នោះ​មក​កាន់​ភាព​ផ្អែម​ល្ហែម​នៃ​ការ​ស្គាល់​ទ្រង់។ អធិស្ឋាន​ឲ្យ​កូន​បេសកជន​ស្រឡាញ់​ព្រះ​យេស៊ូវ ដើម្បី​ជា​ប្រយោជន៍​ដល់​ទ្រង់ មិន​មែន ពីព្រោះ​ពួក​គេ​ព្យាយាម​ផ្គាប់​ចិត្ត​នរណា​ម្នាក់ ឬ​ដើម្បី​បង្ហាញ​សកម្មភាព​ខាង​ក្រៅ​ឡើយ។ អធិស្ឋាន​សម្រាប់​ឪពុក​ម្តាយ​ឲ្យ​មាន​សេចក្តី​អត់​ធ្មត់ ហើយ​និង​ការ​អំពាវ​នាវ​ដ៏​ទន់​ភ្លន់ នៅ​ក្នុង​គ្រា​លំបាក។ សម្រាប់​ពួក​គេ​ដែល​ជា​អ្នក​ជឿ សូម​អធិស្ឋាន​ឲ្យ​ជំនឿ​ពួក​គាត់​បាន​រីក​ចម្រើន ហើយ​បង្កើត​ផល​ផ្លែ ទោះ​បី​ជា​ពួក​គាត់​នៅ​ជា​យុវជន​ក៏​ដោយ។

អធិស្ឋាន​ឲ្យ​មាន​មិត្តភក្ដិ​ល្អៗ៖ វា​មាន​ការ​លំបាក​គ្រប់​គ្រាន់​ហើយ​នៅ​ក្នុង​ការ​បង្កើត​មិត្តភក្ដិ​នៅ​ក្រោម​ស្ថាន​ភាព​ធម្មតា ប៉ុន្តែ​បើ​បន្ថែម​លើ​ការ​ទាំង​នោះ​ដូច​ជា​វប្បធម៌​ផ្សេង ភាសា ការ​រំពឹង​ទុក​ពី​ឪពុក​ម្តាយ ហើយ​ការ​ផ្លាស់​ប្ដូរ​សហគមន៍​ញឹក​ញាប់ នោះ​ការ​សាង​មិត្តភាព​ស្និទ្ធ​ស្នាល​រឹត​តែ​មាន​ការ​លំបាក​បន្ថែម​ទៀត។ ជា​ញឹក​ញាប់ កូន​បេសកជន​អាច​បង្កើត​មិត្តភាព​បាន​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ការ​បាត់​បង់​ជា​ញឹក​ញាប់​ដោយ​ព្រោះ​ការ​ផ្លាស់​ប្ដូរ​អាច​ក្លាយ​ជា​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ក្មេង​ខ្ចី។ សូម​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ប្រទាន​ឲ្យ​មាន​មិត្តភាព​ជាប់​លាប់​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ។

អធិស្ឋាន​ឲ្យ​មាន​គ្រូៗ​ដែល​មាន​ចិត្ត​ល្អ៖ យើង​ជា​ច្រើន​នាក់​មាន​ការ​ចង​ចាំ​អំពី​ជីវិត​ដែល​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​គ្រូ។ សូម​អធិស្ឋាន​ឲ្យ​ព្រះ​ជាម្ចាស់​បាន​ដាក់​ឲ្យ​មាន​គ្រូ​ត្រឹម​ត្រូវ​សម្រាប់​ថ្នាក់​ដែល​ត្រឹម​ត្រូវ​សម្រាប់​សិស្ស​ដែល​ត្រូវ​ការ​ពួក​គាត់។ សូម​អធិស្ឋាន​ឲ្យ​គ្រូ​ថ្មី និង​អ្នក​រដ្ឋបាល​មាន​ការ​ចូល​រួម​ជា​មួយ​ការ​ជំរុញ​ត្រឹម​ត្រូវ​ដែល​មក​ពី​ព្រះ​ជាម្ចាស់ ឲ្យ​រៀន​យ៉ាង​ឆាប់​រហ័ស និង​ទទួល​បាន​ការ​គាំទ្រ​គ្រប់​គ្រាន់។ សូម​អធិស្ឋាន​ឲ្យ​គ្រូ​បាន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​ព្រះ​ជាម្ចាស់ ក្នុង​ការ​ថែទាំ​ជីវិត​ក្មេងៗ​ទាំង​នេះ។ សម្រាប់​សិស្សានុសិស្ស​ដែល​ទំនង​ជា​ចូល​រៀន​នៅ​សាលា​ជាតិ​ដែល​មាន​ការ​ប្រកួត​ប្រជែង សូម​អធិស្ឋាន​ឲ្យ​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​នៅ​បន្ត​កំសាន្ត​ចិត្ត​ពួក​គាត់ នៅ​ពេល​ប្រឈម​មុខ​ជា​មួយ​គ្រូ​ដែល​ពិបាកៗ ការ​ធ្វើ​បាប ឬ​សម្ពាធ​ខាង​ផ្នែក​សាសនា។

អធិស្ឋាន​ឲ្យ​កូន​បេសកជន​មាន​ឱកាស​ជះ​ពន្លឺ៖ ព្រះ​ជាម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​ដល់​សិស្ស​ម្នាក់ៗ​ឲ្យ​មាន​ទេពកោសល្យ​ជាក់​លាក់ ហើយ​និង​សមត្ថភាព​ក្នុង​ការ​ទំនាក់​ទំនង។ សូម​អធិស្ឋាន​ឲ្យ​កូន​បេសកជន​ម្នាក់ៗ​មាន​ឱកាស​ក្នុង​ការ​ស្វែង​យល់​ពី​អំណោយ​ទាន​របស់​ពួក​គាត់ ហើយ​រក​ឃើញ​ចំណុច​ដែល​ព្រះ​ប្រើ​ប្រាស់​ជីវិត​ពួក​គាត់​សម្រាប់​ជីវិត​មនុស្ស​ផ្សេង​ទៀត។ សូម​អធិស្ឋាន​ឲ្យ​សម្រាប់​សិស្សានុសិស្ស​ដែល​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​មាន​ជ័យ​ជំនះ​ទាំង​ផ្លូវ​កាយ និង​ប្រាជ្ញា​ស្មារតី។ សូម​អធិស្ឋាន​ឲ្យ​ឪពុក​ម្តាយ និង​គ្រូ​របស់​ពួក​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លំបាក​ទាំង​នេះ ហើយ​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​ប្រកប​ដោយ​ក្តី​សង្ឃឹម។

អធិស្ឋាន​ឲ្យ​កូន​បេសកជន​មាន​សុវត្ថិភាព៖ នៅ​ក្នុង​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា​គ្មាន​អ្នក​ណា​ដែល​មាន​ឆន្ទៈ​ទទួល​យក​ហានិភ័យ​ខាង​រាង​កាយ​ជាង​កូន​បេសកជន​ទេ។ បើ​លោក​អ្នក​ចង់​ដឹង សូម​ស្តាប់​រឿង​ចម្លែកៗ​ទាំង​នោះ​ពី​ពួក​គាត់? សូម​អង្គុយ​ជា​មួយ​ក្រុម​កូនៗ​របស់​បេសកជន ហើយ​គ្រាន់​តែ​ស្តាប់​ចុះ។ ហែល​ទឹក​នៅ​ក្នុង​ធុង​ទឹក​តូច? កាំជ្រួច​ធ្វើ​នៅ​ផ្ទះ មុជទឹក​ជា​មួយ​ត្រី​ឆ្លាម ជិះ​ស្គី/កង់​ម៉ូតូ។ល។? ទាំង​នេះ​ជា​របៀប​ទូទៅ​ដែល​កូន​បេសកជន​លេង។ ក្មេងៗ​ខ្លះ​ជិះ​រថយន្ត​សាធារណៈ​តែ​ម្នាក់​ឯង ដើម្បី​ទៅ​រៀន​សាលា​មត្តេយ្យ។ ហើយ​ក៏​មាន​ទាំង​សត្វ​ល្អិត សត្វ​ពស់ ការ​ចិញ្ចឹម​សត្វ​ស្វា ញ៉ាំ​អាហារ​លក់​តាម​ចិញ្ចើម​ផ្លូវ លោត​ពី​លើ​ទឹក​ជ្រោះ ក្មេង​ទំនើង លេង​ក្នុង​រូង​ភ្នំ ហើយ​និង​ជីវិត​នៅ​ជនបទ។ ហើយ​បើ​ពួក​គាត់​ចាប់​ផ្ដើម​និយាយ​ពី​រឿង​ទៅ​សាលារៀន នោះ​ក៏​កាន់​តែ​ចម្លែក! សូម​អធិស្ឋាន​ឲ្យ​របួស និង​ជំងឺ​របស់​ពួក​គេ​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ ហើយ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រើ​ការ​ប្រថុយ​ទាំង​នោះ​សម្រាប់​ព្រះ​កិត្តិនាម និង​សិរីល្អ​របស់​ទ្រង់។

អធិស្ឋាន​ឲ្យ​កូន​បេសកជន​ទទួល​ស្គាល់ ហើយ​ដឹង​គុណ​ចំពោះ​គោល​បំណង​នៃ​ដំណឹង​ល្អ ទៅ​កាន់​ការ​ងារ​របស់​ឪពុក​ម្តាយ​ពួក​គាត់។ វា​មិន​មែន​ងាយ​ស្រួល​រហូត​នោះ​ទេ ក្នុង​ការ​ដើរ​តាម​គ្រួសារ​នៃ​អ្នក​ធ្វើ​ព័ន្ធកិច្ច ហើយ​ត្រូវ​រស់​នៅ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​ដទៃ។ គឺ​ត្រូវ​មាន​ការ​បង់​ថ្លៃ មិន​ថា​ព័ន្ធកិច្ច​ណា​ក៏​ដោយ ជា​ការ​បង់​ថ្លៃ​ដែល​ក្មេងៗ​មិន​បាន​ជ្រើស​រើស​យក។ សូម​អធិស្ឋាន​ឲ្យ​ពួក​គាត់​អាច​មើល​ឃើញ​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​កំពុង​ធ្វើ​ការ ហើយ​រៀន​ស្រឡាញ់​ការ​លំបាកៗ​នោះ។

អធិស្ឋាន​សម្រាប់​កូន​បេសកជន​ដែល​ហៀប​នឹង​ពេញ​វ័យ។ មិន​ថា​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​នៃ​ប្រទេស​នៃ​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ (ពិត​មែន តើ​ផ្ទះ​របស់​ពួក​គាត់​នៅ​ឯ​ណា?) ឬ​ក៏​ការ​ព្យួរ​ឆ្នាំ គឺ​ការ​អវត្តមាន​ចេញ​ពី​ក្រុម​គ្រួសារ​អាច​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ​ក្នុង​ប្រទេស​មួយ​ទៀត ដែល​ពួក​គាត់​មិន​សូវ​ស្គាល់។ សូម​អធិស្ឋាន​ឲ្យ​ពួក​គាត់​អាច​រក​បាន​ក្រុម​ជំនុំ​ដែល​មាន​ការ​គាំទ្រ ឲ្យ​មាន​ក្រុម​គ្រួសារ​ដែល​នឹង​ឱប​ក្រសោប​ពួក​គាត់ មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​និង​សហគមន៍​ក្រុម​មនុស្ស​ល្អៗ​ដែល​អាច​យល់​អំពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ក្នុង​ការ​មិន​អាច​ឆ្លើយ​ទៅ​កាន់​សំណួរ​ថា «តើ​អ្នក​មក​ពី​ណា?» បាន។

អធិស្ឋាន​ឲ្យ​ឪពុក​ម្តាយ។ សូម​អធិស្ឋាន​ឲ្យ​ពួក​គាត់​អាច​កត់​សម្គាល់​អំពី​ទុក្ខ​លំបាក​របស់​កូនៗ អាច​អបអរ​ជោគ​ជ័យ​របស់​កូនៗ ហើយ​ឲ្យ​អាច​មាន​ភាព​អត់​ធ្មត់​បែប​អធិធម្មជាតិ​ក្នុង​ការ​ណែនាំ​ទៅ​កាន់​កូនៗ​របស់​ខ្លួន​ក្នុង​ចំណុច​ទាំង​ពីរ​នោះ។ សូម​អធិស្ឋាន​ឲ្យ​មាន​ភាព​ទៀង​ទាត់​ក្នុង​ការ​ចង្អុល​បង្ហាញ​ឲ្យ​កូនៗ​មើល​ឃើញ​ព្រះ​អង្គ​ដែល​ស្រឡាញ់​ពួក​គេ​លើស​ជាង​ឪពុក​ម្តាយ​ខ្លួន​ទាំង​អស់។ សូម​អធិស្ឋាន​ឲ្យ​ពួក​គាត់​អាច​ដឹង​ថា តើ​ពេល​ណា​ជា​ពេល​ត្រឹម​ត្រូវ​ក្នុង​ការ​និយាយ​ថា «បាន» ឬ​ក៏ «អត់​ទេ»។

និពន្ធ​ដោយ៖ Lisa LaGeorge
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ឡង់ គីមឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី lisalageorge.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

នៅ​ពេល​គ្រីស្ទ​បរិស័ទ​មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ

អត្ថ​ប្រយោជន៍​ប្រាំ​មួយ​យ៉ាង​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​សម្រាប់​ការ​បង្កើត​សិស្ស