៥) ពួកជំនុំ
យើងបានស្លាប់ក្នុងអំពើបាបរបស់យើង ប៉ុន្តែទ្រង់បានប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ នៅពេលដែលយើងជ្រមុជក្នុងការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ដូច្នេះហើយ លោក ប៉ុល ប្រកាសថា «ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» (កាឡាទី ៣:២៦-២៧)។ «ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ» (កាឡាទី ៤:៦)។
តើកូនរបស់ព្រះជាម្ចាស់ដ៏ច្រើនទាំងនេះត្រូវធ្វើអ្វីខ្លះ? យើងត្រូវបង្ហាញនូវចរិតលក្ខណៈ របស់ព្រះរាជបុត្រា និងព្រះវរបិតាដែលទ្រង់គង់នៅឯនគរស្ថានសួគ៌ ហើយយើងក៏ត្រូវបង្ហាញនូវភាពដូច ជាព្រះ ព្រមទាំងរូបអង្គ និងសិរីល្អ របស់ទ្រង់ផងដែរ។
ព្រះយេស៊ូវប្រាប់យើងឲ្យធ្វើជា «អ្នកផ្សះផ្សា» ដោយព្រោះព្រះវរបិតាទ្រង់បានផ្សះផ្សាយើងជាមួយនឹងទ្រង់តាមរយៈយញ្ញបូជារបស់ព្រះរាជបុត្រាទ្រង់ (ម៉ាថាយ ៥:៩)។
ព្រះយេស៊ូវប្រាប់យើងឲ្យ «ស្រឡាញ់ពួកខ្មាំងសត្រូវរបស់យើង» ដោយព្រោះព្រះវរបិតារបស់យើងដែលគង់នៅឯនគរស្ថានសួគ៌ទ្រង់បានស្រឡាញ់យើង ទោះបើពីមុនមក យើងជាខ្មាំងសត្រូវរបស់ទ្រង់ក៏ដោយ (ម៉ាថាយ ៥:៤៤; រ៉ូម ៥:៨)។
ព្រះយេស៊ូវប្រាប់យើងឲ្យ «ស្រឡាញ់គ្នាទៅវិញទៅមក» ដោយព្រោះទ្រង់ស្រឡាញ់យើងបានជាទ្រង់ប្រទានជីវិតរបស់ទ្រង់ផ្ទាល់ដល់យើង ហើយចេញពីការដែលយើងស្រឡាញ់គ្នាទៅវិញទៅមកអាចបង្ហាញដល់លោកីយ៍ឃើញថា ទ្រង់មានលក្ខណៈបែបណា (យ៉ូហាន ១៣:៣៤-៣៥)។
ព្រះយេស៊ូវអធិស្ឋានឲ្យយើងបាន «រួមមកតែមួយ» ដ្បិតទ្រង់ និងព្រះវរបិតាទ្រង់ក៏រួមមកតែមួយដែរ (យ៉ូហាន ១៧:២០-២៣)។
ព្រះយេស៊ូវប្រាប់យើង «ឲ្យបានគ្រប់លក្ខណ៍» ដូចដែលព្រះវរបិតារបស់យើងដែលគង់នៅឯនគរស្ថានសួគ៌ទ្រង់គ្រប់លក្ខណ៍ដែរ (ម៉ាថាយ ៥:៤៨)។
ព្រះយេស៊ូវប្រាប់យើងឲ្យធ្វើជា «អ្នកនេសាទមនុស្ស» និងអ្នកបង្កើតសិស្សនៅក្នុងគ្រប់ទាំងសាសន៍ (ម៉ាថាយ ៤:១៩; ២៨:១៩)។ ទ្រង់បានចាត់ឲ្យយើងទៅដូចដែលព្រះវរបិតាចាត់ទ្រង់ឲ្យមកដែរ (យ៉ូហាន ២០:២១)។
ព្រះវរបិតាយ៉ាងណា នោះព្រះរាជបុត្រាក៏យ៉ាងនោះ ហើយពួកកូនរបស់ទ្រង់ក៏ដូច្នោះដែរ។ ព្រះជាម្ចាស់បានសម្អាតអំពើបាបរាស្ត្ររបស់ទ្រង់ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ ព្រមទាំងប្រទានឲ្យពួកគេមានចិត្តថ្មីតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នេះហើយបានជាពួកគេចាប់ផ្តើមស្ដាររូបអង្គដ៏ល្អឥតខ្ចោះរបស់ទ្រង់ឡើងវិញ។ ព្រះគ្រីស្ទជាផលដំបូងរបស់យើង (១កូរិនថូស ១៥:២៣)។ ទ្រង់បានដោះស្បៃចោល ហើយបានបើកផ្លូវឲ្យពួកជំនុំមើលឃើញរូបអង្គរបស់ព្រះវរបិតាម្តងទៀត (២កូរិនថូស ៣:១៤, ១៦)។ ឥឡូវនេះ យើងមើលឃើញរូបអង្គទ្រង់ដោយជំនឿ ហើយ «យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ» (២កូរិនថូស ៣:១៨)។
តើលោកអ្នកចង់ឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ពួកជំនុំដែលសរុបមកត្រឹមតែពីរខនេះដែរឬទេ? លោក ប៉ុល បានមានប្រសាសន៍ថា៖
ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ តាមគំនិតសំរេចតាំងពីអស់កល្បរៀងមក ដែលទ្រង់បានគិតស្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។ (អេភេសូរ ៣:១០-១១)
តើពួកជំនុំអាចបង្ហាញពីប្រាជ្ញាដ៏មានជាច្រើនយ៉ាងនៃព្រះជាម្ចាស់ដោយរបៀបណា? មានតែព្រះដែលមានគ្រប់ទាំងប្រាជ្ញាទេដែលអាចបង្កើតនូវផ្លូវមួយដើម្បីជួយសម្រួលរវាងសេចក្តីស្រឡាញ់ និងភាពយុត្តិធម៌របស់ទ្រង់ ខណៈដែលទ្រង់សង្គ្រោះមនុស្សមានបាបដែលពួកគេបានដាច់ទំនាក់ទំនងចេញពីទ្រង់ និងពីគ្នាទៅវិញទៅមកហើយនោះ។ ហើយមានតែព្រះដែលមានគ្រប់ទាំងប្រាជ្ញាទេដែលអាចបង្កើតនូវផ្លូវមួយដើម្បីនឹងផ្លាស់ប្តូរពីចិត្តរឹងដូចថ្មឲ្យក្លាយជាចិត្តទន់ដែលចេះស្រឡាញ់ ហើយនិងសរសើរតម្កើងទ្រង់។ ចូរឲ្យពួកទេវតាទាំងមូលឃើញ ហើយស្ញប់ស្ញែងពីការអស្ចារ្យនេះ។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…