ព្រះជាម្ចាស់បានលើកឡើងជាច្រើនចំណុចណាស់ ទាក់ទងទៅនឹងប្រធានបទអំពីលុយកាក់។
ដូច្នេះ ឥឡូវនេះ យើងខ្ញុំនឹងលើកឡើងនូវបីចំណុចដែលព្រះគម្ពីរមិនបាននិយាយទាក់ទងទៅនឹងលុយកាក់—មិនថាយើងធ្លាប់បានឮអ្វីខ្លះក៏ដោយ។ ខាងក្រោមនេះជាចំណុចខុសឆ្គងបីយ៉ាង៖
១. ព្រះជាម្ចាស់ធានាថាយើងនឹងក្លាយជាអ្នកមាន
អ្នកដែលផ្សាយដំណឹងល្អថា បើលោកអ្នកទទួលជឿលើព្រះយេស៊ូវ លោកអ្នកនឹងក្លាយជាអ្នកមាន នោះជារបៀបក្នុងការផ្សាយដំណឹងល្អរបស់ពួកគាត់ដែលមានរបៀបជាច្រើន ប៉ុន្តែចំណុចដែលយើងត្រូវចងចាំគឺ៖ ប្រាកដណាស់ ព្រះជាម្ចាស់ប្រទានពរដល់យើង ពេលដែលយើងស្ដាប់បង្គាប់ទ្រង់ ហើយព្រះអង្គធ្វើការនោះដោយអនុញ្ញាតឲ្យយើងមានសម្ភារៈល្អៗមួយចំនួន។ សារនៃព្រះបន្ទូលបានណែនាំឲ្យលោកអ្នកថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់តាមរយៈលុយកាក់របស់លោកអ្នក នោះលោកអ្នកនឹងស្គាល់ពីព្រះពរនេះ។ ប្រាកដណាស់! ចំណុចដែលផ្ទុយពីចំណុចខាងលើនេះគឺ៖ ប្រសិនបើលោកអ្នកកំពុងតែប្រឈមមុខនឹងភាពយ៉ាប់យ៉ឺនផ្នែកថវិកា នោះមានន័យថា លោកអ្នកមិនមានជំនឿ ហើយក៏មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ផងដែរ។
ចំណុចខុសឆ្គងដ៏ធំបំផុតចំពោះអស់អ្នកដែលផ្សាយដំណឹងល្អថា បើលោកអ្នកទទួលជឿព្រះយេស៊ូវ នោះលោកអ្នកនឹងក្លាយជាអ្នកមានគឺ៖ ពួកគាត់បានអើពើត្រង់ថា ក្ដីសន្យានៃការទទួលព្រះពរផ្នែកលុយកាក់គឺស្ថិតនៅក្រោមការតាំងសេចក្ដីសញ្ញាចាស់។ តែការតាំងសេចក្ដីសញ្ញាថ្មីមានដំណើរការខុសគ្នា។ តាមពិតទៅ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់អ្នកដើរតាមទ្រង់ថា ពួកគេនឹងទទួលបានព្រះពរ នៅពេលដែលពួកគាត់ក្រ ស្រេកឃ្លាន យំសោក ទទួលការស្អប់ខ្ពើមពីអ្នកដទៃ ត្រូវបានគេដេញចេញ ត្រូវបានគេប្រមាថ និងបដិសេធចោល (លូកា ៦:២០-២២)។
ព្រះគម្ពីរមិនបានសន្យាថា គ្រីស្ទបរិស័ទនឹងទទួលបានព្រះពរខាងផ្នែកថវិកានោះទេ! ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏នៅមានព្រះបន្ទូលមួយចែងថា៖ ព្រះជាម្ចាស់នឹងប្រទានពរ ពេលដែលយើងស្ដាប់បង្គាប់ទ្រង់។ ហើយព្រះយេស៊ូវក៏បានសន្យាទៀតថា៖
«…ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង។» (ម៉ាកុស ១០:២៩-៣០)
ចំពោះគ្រីស្ទបរិស័ទដែលថ្វាយទៅកាន់ព្រះជាម្ចាស់ នោះគាត់នឹងមិនទទួលបាននូវអ្វីដែលមិនល្អវិញពីទ្រង់នោះឡើយ។ ព្រះជាម្ចាស់នឹងប្រទានពរដល់ការថ្វាយរបស់យើង។ ប៉ុន្តែ តើព្រះអង្គធ្វើការនោះដោយរបៀបណាទៅ? តើអ្វីទៅជារបៀបធម្មតានៃការប្រទានពរពីទ្រង់។
ព្រះយេស៊ូវមិនមែនមានន័យថា ប្រសិនបើលោកអ្នកថ្វាយផ្ទះមួយខ្នងទៅទ្រង់ នោះលោកអ្នកនឹងទទួលបានមកវិញនូវផ្ទះ១០០ខ្នងនោះទេ។ តែព្រះអង្គចង់មានន័យថា ព្រះជាម្ចាស់នឹងប្រទានពរដល់យើងឲ្យទទួលបាននូវការបើកចំហនូវផ្ទះ១០០ខ្នងថែមទៀត ហើយនិងការស្គាល់នូវក្រុមគ្រួសារថ្មីៗនៅក្នុងព្រះវិហារ។
យើងត្រូវកត់សម្គាល់ផងដែរត្រង់ចំណុចថា យើងនឹងប្រាកដជាទទួលបាននូវ «សេចក្ដីបៀតបៀន»។ ព្រះយេស៊ូវមិនមែនកំពុងតែមានបន្ទូលថា ជីវិតរស់នៅរបស់យើងនឹងទទួលបានព្រះពរដោយភាពស្រណុកសុខស្រួលនោះទេ ប៉ុន្តែយើងនឹងទទួលបានព្រះពរដោយមានទុក្ខលំបាក។ គ្មានការលះបង់ណាមួយដែលលោកអ្នកនឹងធ្វើសម្រាប់ព្រះយេស៊ូវដែលលោកអ្នកនឹងមានការសោកស្ដាយនោះឡើយ។
ការផ្សាយដំណឹងល្អបែបនេះថា បើលោកអ្នកទទួលជឿព្រះយេស៊ូវ នោះលោកអ្នកនឹងក្លាយជាអ្នកមាន នោះគឺជាការផ្សាយដំណឹងល្អមួយដ៏ខុសឆ្គងយ៉ាងខ្លាំងណាស់! ប៉ុន្តែនៅមានចំណុចផ្ទុយពីនេះដែលល្អមួយដែរ។ ព្រះជាម្ចាស់ពិតជាប្រទានពរដល់ការថ្វាយរបស់យើងមែន។ ការដែលលោកអ្នកលះបង់ដំណើរកំសាន្តណាមួយចោល (ពេលវេលា និងលុយកាក់) ដើម្បីជាប្រយោជន៍នៃការថ្វាយដល់ក្រុមជំនុំ នោះលោកអ្នកនឹងទំនងជាឃើញថា លោកអ្នកនឹងទទួលបានការរួបរួមគ្នា និងក្ដីស្រឡាញ់ដ៏ធំធេងក្នុងក្រុមជំនុំរបស់លោកអ្នកជាមិនខាន។ ការដែលលោកអ្នកផ្គត់ផ្គង់អ្នកដទៃដោយមានចិត្តសន្ដោស នោះលោកអ្នកនឹងទំនងជាឃើញថា អ្នកនោះនឹងផ្ដល់អំណោយទានរបស់លោកអ្នកដល់អ្នកដទៃទៀតផងដែរ។ យើងខ្ញុំបានប្រើប្រាស់ពាក្យ «ទំនង» ពីព្រោះយើងខ្ញុំមិនដឹងប្រាកដថា ព្រះជាម្ចាស់នឹងប្រទានពរលើការថ្វាយរបស់លោកអ្នកដោយរបៀបណានោះទេ ប៉ុន្តែយើងខ្ញុំដឹងថា ព្រះអង្គនឹងប្រាកដជាប្រទានពរដល់លោកអ្នកជាមិនខាន—ប្រសិនបើមិនក្នុងជីវិតនេះទេ នោះគឺនៅក្នុងជីវិតបន្ទាប់។ យើងមិនអាចថ្វាយច្រើនលើសជាងព្រះជាម្ចាស់ឲ្យនោះទេ។
២. ដាច់ខាត! ព្រះជាម្ចាស់ត្រូវតែចុះចូលនឹងរបៀបរបស់ខ្ញុំ
វាជាការងាយស្រួលណាស់ក្នុងការដែលយើងគិតថា របៀបរបស់យើងគឺជារបៀបដែលព្រះជាម្ចាស់សព្វព្រះហទ័យ។ ឧទាហរណ៍៖ យើងខ្ញុំចូលចិត្តទិញខោអាវពេលដែលគេលក់ក្នុងពេលបញ្ចុះតម្លៃ ជាជាងការទិញក្នុងតម្លៃពេញ ហើយកានេះធ្វើយើងខ្ញុំមានភាពងាយស្រួលណាស់ក្នុងការមើលងាយមើលថោកលើអស់អ្នកដែលមិនធ្វើបែបនោះដែរ។ ប៉ុន្តែ ប្រាកដណាស់ យើងខ្ញុំក៏មានការចំណាយលុយកាក់ទៅលើកាទាំងនេះ ដូចជាទិញកាហ្វេនៅហាងល្បីៗ ឬក៏ហូបទឹកក្រឡុក និងពោះគោឆ្ងាញ់ៗ ដែលអ្នកដទៃគិតថា វាមិនសូវជាការចាំបាច់នោះទេ។
ដូច្នេះ នេះឯងគឺជាបញ្ហា។ យើងអាចមានការងាយស្រួលណាស់ក្នុងការធ្លាក់ក្នុងផ្នត់គំនិតថា ព្រះជាម្ចាស់សព្វព្រះហទ័យនឹងអ្វីៗដែលយើងធ្វើ ហើយមើលងាយរបៀបរបស់អ្នកដទៃ។ ប៉ុន្តែ ដាច់ខាត យើងមិនត្រូវប្រៀបធៀបការចំណាយលុយកាក់ផ្ទាល់ខ្លួនរបស់យើងទៅនឹងការកោតខ្លាចដល់ព្រះជាម្ចាស់នោះទេ ហើយក៏មិនត្រូវប្រើប្រាស់ការនោះទុកជារង្វាស់នៃការថ្កោលទោសអ្នកដទៃឡើយ។ ខណៈពេលដែលយើងអាចមើលឃើញការចំណាយរបស់បុគ្គលណាម្នាក់ យើងក៏មិនអាចយល់ពីហេតុផលនៃការចំណាយរបស់ពួកគេដែរ។ អ្វីដែលយើងត្រូវការនោះគឺ៖ ស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយមានភាពស្មោះត្រង់ ក៏ដូចជាគោរពរបៀបរបស់អ្នកដទៃ និងសមត្ថភាពនៃការជជែកគ្នាទាក់ទងនឹងការសម្រេចចិត្តក្នុងការចាយវាយដោយមានភាពទៀងត្រង់ និងដោយក្ដីស្រឡាញ់។ សំណួរខាងក្រោមនេះគឺជាសំណួរដ៏មានប្រយោជន៍មួយចំនួនដែលយើងគួរសួរខ្លួនឯង៖
- តើអ្វីទៅជាការចាយវាយដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ? ហេតុអ្វី?
- តើប្រវត្តិ និងបុគ្គលិកភាពមួយណាក្នុងជីវិតរបស់ខ្ញុំធ្លាប់បានជះឥទ្ធិពលលើការចាយវាយ?
- តើខ្ញុំបានមើលងាយលើបុគ្គលណាម្នាក់ ទាក់ទងលើការចាយវាយរបស់គាត់ដែរឬទេ? ហេតុអ្វី?
- តើខ្ញុំមានអំនួត ឬក៏រំពឹងលើសេចក្ដីសុចរិតរបស់ខ្លួនឯងនៅត្រង់ចំណុចណាខ្លះ?
ចុះរីឯចំណុចវិជ្ជមានវិញ? បើនិយាយឲ្យសាមញ្ញទៅ៖ ព្រះអង្គទំនងជាសព្វព្រះហទ័យនឹងរបៀបរបស់ខ្ញុំ ពីព្រោះខ្ញុំបានព្យាយាមរស់នៅដោយមានភាពស្មោះត្រង់ ឲ្យដោយមានចិត្តសន្ដោស ហើយក៏ស្គាល់ខ្លួនឯងទាក់ទងនឹងការគ្រប់គ្រងនូវអ្វីៗដែលព្រះអង្គប្រទានឲ្យផងដែរ។ ហើយពិតណាស់! គំនិតបែបនេះគួរតែធ្វើឲ្យខ្ញុំទទួលស្គាល់ថា៖ ព្រះជាម្ចាស់ក៏ទំនងជាសព្វព្រះហទ័យនឹងរបៀបរបស់អ្នកដទៃផ្សេងទៀត ដូចនឹងរបៀបដែលខ្ញុំចង់ត្រាប់តាមផងដែរ។
៣. ព្រះជាម្ចាស់សព្វព្រះហទ័យចំពោះការមានលុយកាក់ដោយឯករាជ្យ
តើព្រះជាម្ចាស់សព្វព្រះហទ័យនឹងបុរស ឬក៏ស្ត្រីដែលខំប្រឹងធ្វើការយ៉ាងនឿយហត់ ដើម្បីផ្គត់ផ្គង់ជីវិតខ្លួនឯងដែរឬទេ?
យើងគួរចាប់ផ្ដើមដោយឆ្លើយថា៖ ប្រាកដណាស់! ព្រះជាម្ចាស់សព្វព្រះហទ័យនឹងការខំធ្វើការនឿយហត់ ហើយយើងក៏គួរតែព្យាយាមរកស៊ី ដើម្បីផ្គត់ផ្គង់ជីវិតរស់នៅរបស់ខ្លួនយើងផងដែរ (២ថែស្សាឡូនីច្ច ៣:១០)។ លោកអ្នកទំនងជាដឹងថាមានពាក្យមួយទៀតដែលយើងត្រូវលើកឡើង ពាក្យនោះគឺពាក្យ «ប៉ុន្តែ»។ ប្រាកដណាស់! ព្រះជាម្ចាស់សព្វព្រះហទ័យឲ្យយើងធ្វើការ និងរកស៊ី ប៉ុន្តែមិនមែនឲ្យយើងធ្វើដោយមានចិត្តមិនត្រឹមត្រូវនោះឡើយ។ នៅក្នុងប្រពៃណីជាច្រើន បានលើកឡើង ហើយសន្មតថា បុគ្គលនីមួយៗត្រូវតែផ្គត់ផ្គង់ខ្លួនឯងជាដាច់ខាត។ ចំពោះបុគ្គលដែលចាប់ផ្ដើមរកស៊ីដោយខ្លួនឯង ហើយទទួលបានជោគជ័យ ភាគច្រើនគេនឹងគោរពគាត់ ហើយគេរាប់គាត់ដោយឲ្យតម្លៃគាត់ថា ជា «បុគ្គលដែលចាប់ផ្ដើមតាំងពីបាតដៃទទេ»។
ភាពជោគជ័យមិនមែនជាបញ្ហានោះទេ តែរបៀបនៃទស្សនៈរបស់លោកីយ៍ទាក់ទងនឹងដំណើរការនេះទេតើ។ រាល់គ្រប់អ្វីៗដែលយើងមាន គឺសុទ្ធតែមកពីព្រះជាម្ចាស់តាំងពីដើមមកម៉្លេះ ឧទាហរណ៍៖ ពេលវេលារបស់យើង កម្លាំងរបស់យើង អំណោយទានរបស់យើង ធនធានធម្មជាតិដែលយើងមាន ដើម្បីប្រើប្រាស់ជា កម្លាំងរបស់យើង—ពោលគឺរាល់គ្រប់អ្វីៗទាំងអស់។ សរុបសេចក្ដីទៅ៖ គ្មានភាពឯករាជ្យផ្នែកលុយកាក់ឡើយ។ មិនថា យើងទទួលស្គាល់ ឬក៏មិនទទួលស្គាល់ក៏ដោយ ក៏យើងនឹងនៅតែរំពឹងលើព្រះជាម្ចាស់ដដែល។ ដូចដែលស្ដេច ដាវីឌ បានអធិស្ឋាន៖ «…គ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ» (១របាក្សត្រ ២៩:១៤)។
រាល់គ្រប់អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះហស្តរបស់ព្រះជាម្ចាស់ ពោលគឺមិនមែនគ្រាន់តែកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងតែប៉ុណ្ណោះនោះទេ។ រាល់គ្រប់អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះអង្គ ហើយនិងរាល់គ្រប់អ្វីៗដែលយើងថ្វាយទៅកាន់ព្រះអង្គវិញ គឺជាការដែលយើងថ្វាយនូវអ្វីដែលព្រះអង្គឲ្យយើងតែប៉ុណ្ណោះ។ យើងមិនមែនជា «បុគ្គលដែលចាប់ផ្ដើមតាំងពីបាតដៃទទេ» ឡើយ។
សរុបសេចក្ដីទៅ៖ ប្រាកដណាស់ ព្រះជាម្ចាស់សព្វព្រះហទ័យឲ្យយើងធ្វើការ និងរកស៊ី ហើយកុំឲ្យពឹងទៅលើគេ ប្រសិនបើអាចធ្វើបាន។ ប៉ុន្តែ ជាដាច់ខាត យើងមិនត្រូវចាប់ផ្ដើមដោយមានអារម្មណ៍ថា យើងមិនចាំបាច់ពឹងទៅលើព្រះជាម្ចាស់ឡើយ។
ការរកអំណរដ៏ពិត
ការគិតខុសឆ្គងនឹងតែងតែនាំឲ្យមានការរស់នៅដ៏ខុសឆ្គង។ វាពិតណាស់ទាក់ទងនឹងលុយកាក់ ក៏ដូចជានូវរាល់គ្រប់អ្វីៗទាំងអស់ទៀតផងដែរ។
ប៉ុន្តែ វាអស្ចារ្យណាស់ ចំណុចផ្ទុយដ៏ពិតមួយ៖ គឺការគិតដ៏ត្រឹមត្រូវនឹងតែងតែនាំឲ្យមានការរស់នៅដ៏ត្រឹមត្រូវដែរ។ ហើយពេលដែលយើងចាប់ផ្ដើមគិតយ៉ាងត្រឹមត្រូវទាក់ទងនឹងលុយកាក់—ពោលគឺជាពេលដែលយើងចាប់ផ្ដើមយល់អំពីអ្វីដែលព្រះជាម្ចាស់ពិតជាបានលើកឡើងទាក់ទងនឹងលុយកាក់—នោះយើងក៏អាចនឹងរកឃើញនូវអំណរដ៏ពិតបានផងដែរ។
បើដូច្នេះ ព្រះជាម្ចាស់ ក្រឡាស់ព្រះបន្ទូល មែនឬទេ។
ព្រះជាម្ចាស់មិនបានក្រឡាស់សម្ដីនោះទេ ប៉ុន្តែមនុស្សទេ យល់ព្រះគម្ពីរមិនត្រឹមត្រូវដែលយល់ខុសលើបរិបទ។