in ,

ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ

ម៉ាកុស ២:១-១២
ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា
(សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៩.១-៨ លូកា ៥.១៧-២៦)

ក្នុង​អត្ថបទ​មុន​យើង​បាន​សិក្សា​ជា​មួយ​គ្នា​អំពី​ជំនឿ​របស់​បុគ្គល​ដែល​ជា​មនុស្ស​ខ្វិន និង​ជំនឿ​របស់​មិត្តភក្ដិ​គាត់ ហើយ​នៅ​ក្នុង​អត្ថបទ​ខ្ញុំ​ចង់​សិក្សា​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ។ តើ​ដំណើរ​រឿង​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា​បង្រៀន​យើង​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ​យ៉ាង​ដូច​ម្ដេច?

«១ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះ​អង្គ​យាង​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​គេ​ឮ​ថា ព្រះ​អង្គ​គង់​នៅ​ក្នុង​ផ្ទះ។ ២មាន​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ជា​ច្រើន រហូត​ដល់​គ្មាន​សល់​កន្លែង​ណា​ទៀត​សោះ សូម្បី​នៅ​មាត់​ទ្វារ​ក៏​គ្មាន​ដែរ ហើយ​ព្រះ​អង្គ​ប្រកាស​ព្រះ​បន្ទូល​ឲ្យ​គេ​ស្ដាប់។ ៣ពេល​នោះ មាន​បុរស​បួន​នាក់ សែង​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​រក​ព្រះ​អង្គ។ ៤គេ​ពុំ​អាច​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ​អង្គ​បាន ដោយ​ព្រោះ​មហាជន គេ​ក៏​បើក​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះ​អង្គ​គង់។ កាល​ទម្លុះ​រួច​ហើយ គេ​ក៏​សម្រូត​គ្រែ​ដែល​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​មក​ក្រោម។ ៥កាល​ព្រះ​យេស៊ូវ​ឃើញ​ជំនឿ​របស់​គេ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ “កូន​អើយ! ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ៦មាន​អាចារ្យ​ខ្លះ​អង្គុយ​នៅ​ទី​នោះ រិះគិត​ក្នុង​ចិត្ត​ថា៖ ៧“ហេតុ​អ្វី​បាន​ជា​អ្នក​នេះ​និយាយ​ដូច្នេះ? ពាក្យ​នេះ​ប្រមាថ​ដល់​ព្រះ​ទេ​តើ! ក្រៅ​ពី​ព្រះ​មួយ​អង្គ តើ​មាន​អ្នក​ណា​អាច​អត់​ទោស​បាប​បាន?” ៨ព្រះ​យេស៊ូវ​ជ្រាប​ក្នុង​វិញ្ញាណ​ព្រះ​អង្គ​ភ្លាម​ពី​ការ​រិះ​គិត​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ​គិត​នៅ​ក្នុង​ចិត្ត​ដូច្នេះ? ៩ដ្បិត​ដែល​និយាយ​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា ‘ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ’ ឬ​ថា ‘ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ’ តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង? ១០ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​​ទោស​បាប​បាន”។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ ១១“ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក៖ ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ទៅ!” ១២គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ស្នែង​ដើរ​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពោល​ថា៖ “យើង​មិន​ដែល​បាន​ឃើញ​អ្វី​ដូច្នេះ​សោះ”» (ម៉ាកុស ២:១-១២)។

ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ

ក្នុង​ខ៥ ឃ្លា​ថា «កូន​អើយ! ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ» គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​ប្លែក​របស់​ព្រះ​យេស៊ូវ ប្រសិន​បើ​យើង​គិត​ត្រួសៗ​ទៅ។ រាល់​ពេល​ដែល​ខ្ញុំ​អាន​ដំណើរ​រឿង​មួយ​នេះ ខ្ញុំ​តែង​តែ​រំពឹង​គិត​ថា​ព្រះ​យេស៊ូវ​គួរ​ឆ្លើយ​បែប​ដូច​នេះ «ចូល​មក​កូន ខ្ញុំ​នឹង​ព្យាបាល​កូន»។ ដែល​តាម​ពិត​យើង​ដឹង​ហើយ​ថា នៅ​ចុង​ក្រោយ​ព្រះ​យេស៊ូវ​ក៏​បាន​ព្យាបាល​គាត់​មែន ប៉ុន្តែ​អ្នក​អាន​មាន​ការ​អក់សឺនៅ​ក្នុង​ឃ្លា​ថា៖ «កូន​អើយ! ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ» ពីព្រោះ​នោះ​មិន​មែន​ជា​អ្វី​ដែល​យើង​រំពឹង​គិត​ថា​លោក ម៉ាកុស គួរ​សរសេរ​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឡើយ។ ដែល​នេះ​ឯង​គឺ​ជា​ចំណុច​មួយ​នៃ​ការ​ទាក់​ទាញ​របស់​អ្នក​និពន្ធ ដើម្បី​ឲ្យ​យើង​ឃើញ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ដំណើរ​រឿង​មួយ​នេះ។

ព្រោះ​ភ្លាមៗ​នោះ ពួក​អាចារ្យ​ដែល​កំពុង​អង្គុយ​នៅ​ទី​នោះ​ក៏​បាន​រិះគិត​ក្នុង​ចិត្ត​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នេះ​និយាយ​ដូច្នេះ? ពាក្យ​នេះ​ប្រមាថ​ដល់​ព្រះ​ទេ​តើ! ក្រៅ​ពី​ព្រះ​មួយ​អង្គ តើ​មាន​អ្នក​ណា​អាច​អត់​ទោស​បាប​បាន?» (ខ៦-៧)។ ពិត​ជា​អស្ចារ្យ​មែន ព្រោះ​សូម្បី​ទាំង​អ្នក​ដែល​ជំទាស់​នឹង​ព្រះ​អង្គ​ក៏​បាន​ផ្ដល់​ជា​អំណះអំណាង​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់​ផង​ដែរ ក្នុង​ការ​រិះគន់​របស់​ពួក​គេ។

ខ៨​បាន​ប្រាប់​យើង​ថា «ព្រះ​យេស៊ូវ​ជ្រាប​ក្នុង​វិញ្ញាណ​ព្រះ​អង្គ​ភ្លាម​ពី​ការ​រិះ​គិត​នៅ​ក្នុង​ចិត្ត​របស់​គេ»។ មាន​តែ​ព្រះ​ទេ​ដែល​អាច «ជ្រាប» ដូច​នេះ​បាន។ យើង​ឃើញ​នៅ​ក្នុង​ខ៦​ថា ពួក​គេ​គ្រាន់​តែ «បាន​រិះគិត​ក្នុង​ចិត្ត» ពោល​គឺ​ពួក​គេ​មិន​បាន​និយាយ​ឲ្យ​ឮៗ​នោះ​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​ព្រះ​យេស៊ូវ​បាន «ជ្រាប» ក្នុង​វិញ្ញាណ​របស់​ទ្រង់​អំពី​ការ​រិះគន់​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ផង​ដែរ។

ការ​ចាក​ប្រធាន​បទ​បន្តិច

ពាក្យ «ចិត្ត» ត្រង់​នេះ​មិន​មែន​សំដៅ​ទៅ​លើ​បេះដូង​ដែល​កំពុង​លោត​ឌុកដាក់ៗ​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​សំដៅ​ទៅ​លើ «ចិត្ត​គំនិត​នៃ​ការ​គិត​គូ» មិន​មែន​អំពី​អារម្មណ៍​នោះ​ទេ។ ចំពោះ​សាសន៍​ហេប្រឺ ប្រសិន​បើ​ពួក​គេ​ចង់​សំដៅ​ទៅ​លើ «អារម្មណ៍» នោះ​ពួក​គេ​នឹង​ប្រើ​ប្រាស់​ពាក្យ «ស្លិងណា» (“splagchna”) ដែល​សំដៅ​ទៅ​លើ​គ្រឿង​ក្នុង គឺ​ពោះ​វៀន​ពោះ​តាំង​របស់​យើង។ ប៉ុន្តែ ត្រង់​នេះ​លោក ម៉ាកុស កំពុង​តែ​បង្ហាញ​ថា ព្រះ​យេស៊ូវ​កំពុង​តែ​អាន «ខួរ​ក្បាល និង​ចិត្ត​គំនិត» របស់​ពួក​គេ ដោយ​ឮ​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​គិត។

គ្មាន​បុគ្គល​ណា​អាច​អាន​ចិត្ត​គំនិត ឬ​ក៏​ខួរ​ក្បាល​របស់​យើង​បាន​នោះ​ទេ ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​យើង​កំពុង​គិត ឬ​ក៏​រិះ​គិត​ឮ​នោះ​ទេ លើក​លែង​តែ​បុគ្គល​នោះ​គឺ​ជា​ព្រះ​ផ្ទាល់​តែ​ម្ដង។ ពិត​ជា​អស្ចារ្យ​មែន​​! ក្នុង​ដំណើរ​រឿង​មួយ​នេះ យើង​ឃើញ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ។

លោក ម៉ាកុស ក៏​បាន​បង្ហាញ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ មក​ដល់​អ្នក​អាន ដោយ​បញ្ចប់​ដំណើរ​រឿង​ត្រង់​ថា មនុស្ស​ខ្វិន​បាន​ជា។ នៅ​ចុង​ខ៨ និង​ខ៩​ទាំង​មូល យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគិត​ក្នុង​ចិត្ត​របស់​ពួក​អាចារ្យ បន្ទាប់​ពី​ទ្រង់​បាន​ជ្រាប​ក្នុង​វិញ្ញាណ​របស់​ទ្រង់ ដោយ​លើក​ឡើង​ថា «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ​គិត​នៅ​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​និយាយ​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា “ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ” តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង?»។

ការ​​ឆ្លើយ​សំណួរ

ព្រះ​យេស៊ូវ​បាន​ឆ្លើយ​សំណួរ​របស់​ទ្រង់​ដោយ​បញ្ជា​ឲ្យ​អ្នក​ដែល​ស្លាប់​ដៃ​ស្តាប់​ជើង​នោះ «ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ» ចុះ។ បង​ប្អូន! យើង​ដឹង​ហើយ​ថា ការ​និយាយ​ថា «ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ» គឺ​ជា​ការ​ងាយ​ស្រួល​ជាង​ថា «ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ»។ ហេតុ​អ្វី? ពីព្រោះ​ប្រសិន​បើ​ព្រះ​យេស៊ូវ​គ្រាន់​តែ​មាន​បន្ទូល​ថា «ខ្ញុំ​អត់​ទោស​បាប​ឲ្យ​អ្នក​ហើយ» នោះ​គ្មាន​ភស្តុតាង​អ្វី ដើម្បី​បង្ហាញ​ថា គាត់​ពិត​ជា​ទទួល​បាន​ការ​អត់​ទោស​មែន​នោះ​ទេ ពីព្រោះ​យើង​មិន​អាច​មើល​ឃើញ​បាប​របស់​គាត់​ទទួល​បាន​ការ​អត់​ទោស តាម​រយៈ​ភ្នែក​របស់​យើង​បាន​ឡើយ។

ប៉ុន្តែ នៅ​ក្នុង​ខ១២ យើង​ឃើញ​អំពី​ការ​ឆ្លើយ​តប​របស់​មនុស្ស​ខ្វិន​ដោយ​គាត់​បាន «ក្រោក​ឡើង​ភ្លាម យក​គ្រែ​ស្នែង ដើរ​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់»។ ការ​ឆ្លើយ​តប​របស់​គាត់​គឺ​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ការ​បញ្ជា​របស់​ព្រះ​យេស៊ូវ​ទាំង​ស្រុង។ ក្នុង​ខ១១ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​បញ្ជា​ឲ្យ​គាត់ «ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ» ចុះ។ ហើយ​ក្នុង​ខ១២ យើង​ឃើញ​ថា មនុស្ស​ខ្វិន​ម្នាក់​នោះ​ក៏​បាន​ធ្វើ​តាម​បញ្ជា​ទាំង​ស្រុង។

ការ​ដែល​ព្រះ​យេស៊ូវ​អាច​បញ្ជា​បាន​ដូច្នេះ​បង្ហាញ​យើង​អំពី​ភាព​ជា​ព្រះ​របស់​ព្រះអង្គ។ សរុប​សេចក្ដី​ទៅ ព្រះ​អង្គ​មិន​មែន​គ្រាន់​តែ​មាន​អំណាច​ក្នុង​ការ​អត់​ទោស​បាប​នោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​មាន​អំណាច​ក្នុង​ការ​ព្យាបាល​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ព្យាបាល​មនុស្ស​ខ្វិន​មួយ​នេះ​ក៏​បង្ហាញ​អំពី​អំណាច​នៃ​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ​ផង​ដែរ ព្រោះ​ទ្រង់​បាន​ទទួល​អំណាច​នោះ​ពី​ព្រះ​ជាម្ចាស់​ផ្ទាល់។

ដូច្នេះ​សំណួរ​សួរ​ថា តើ​យើង​បាន​យក​ព្រះ​យេស៊ូវ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន​ហើយ​ឬ​នៅ? ត្រង់​នេះ ខ្ញុំ​ចង់​បញ្ជាក់​ថា នេះ​មិន​មែន​មាន​ន័យ​ថា លុះ​ត្រា​តែ​យើង​យក​ព្រះ​យេស៊ូវ ដោយ​តែង​តាំង ឬ​ក៏​អភិសេក​ទ្រង់​ជា​ព្រះ នោះ​ទើប​ទ្រង់​ជា​ក្លាយ​ព្រះ​នោះ​ទេ។ សូម​កុំ​ច្រឡំ​យើង! ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ ១០០% តាំង​ពី​ដើម​មក​ម្ល៉េះ ហើយ​តាំង​ពី​មុន​មាន​ពេលវេលា​ទៀត៖ ព្រះ​អង្គ​គឺ​ជា​ព្រះ​ហើយ។ ហើយ​យើង​ក៏​ដឹង​ផង​ដែរ​ថា ព្រះ​យេស៊ូវ​ក៏​ជា​មនុស្ស ១០០% ផង​ដែរ​នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​នៅ​លើ​ផែនដី​នេះ។ នេះ​គឺ​ជា​ការ​ចាំ​បាច់ ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​ធ្វើ​ជា​ព្រះ​សង្គ្រោះ​របស់​យើង​បាន។

ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​នោះ​គឺ​ថា តើ​យើង​បាន​បោះ​បង់​ព្រះ​ក្លែង​ក្លាយ​របស់​យើង​ចោល​ហើយ​ឬ​នៅ ហើយ​មក​យក​ព្រះ​យេស៊ូវ​ធ្វើ​ជា​ព្រះ​ដែល​សោយរាជ្យ​លើ​ជីវិត​របស់​យើង​ដែរ​ឬ​ទេ? គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​នឹង​ត្រូវ​លុត​ចុះ ពេល​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ (ភីលីព ២:១០)។ នៅ​ចុង​បញ្ចប់ មិន​ថា​យើង​ចង់​លុត​ជង្គង់​ដោយ​ចេតនា ឬ​ក៏​អចេតនា​ក្ដី ក៏​នៅ​គ្រា​ចុង​ក្រោយ​យើង​នឹង​ត្រូវ​ទទួល​ការ​បង្ខំ​ឲ្យ​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ​យេស៊ូវ​ដែរ ប្រសិន​បើ​មិន​បាន​លុត​ជង្គង់​ដោយ​ចេតនា​ឥឡូវ​នេះ​ក៏​ដោយ។

ដូច្នេះ ចំពោះ​យើង​ដែល​បាន​លុត​ជង្គង់​ដោយ​ចេតនា​នៅ​លើ​ផែនដី​នេះ​ហើយ សូម​បន្ត​ស្វះស្វែង​ឡើង​ទៅ​មុខ​ទៀត ក្នុង​ការ​បន្ត​ដំណើរ​ជំនឿ​នៃ​ជីវិត​ក្នុង​ការ​ដើរ​តាម​ព្រះ​យេស៊ូវ ដោយ​មិន​មាន​ភាព​នឿយ​ហត់។ សូម​បន្ត​សម្លឹង​ទៅ​មើល​ឯ​ព្រះ​យេស៊ូវ «ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះ​តែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ» ដែរ (ហេព្រើរ ១២:២)។

ហើយ​ចំពោះ​យើង​ដែល​មិន​ទាន់​បាន​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ​យេស៊ូវ​នៅ​ឡើយ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​បង​ប្អូន​កែ​ប្រែ​ចិត្ត ហើយ​ទទួល​ជឿ​លើ​ទ្រង់​ឥឡូវ​នេះ​ភ្លាម។ សូម​កុំ​គ្រាន់​តែ «មាន​សេចក្តី​អស្ចារ្យ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​អ្វី​ដូច្នេះ​សោះ!» ដូច​ពួក​មហាជន​ឡើយ ពីព្រោះ​ពួក​គេ​មិន​បាន​មាន​ការ​កែ​ប្រែ​ចិត្ត​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​ការ​ស្ញប់​ស្ញែង​ប៉ុណ្ណោះ។ ហើយ​នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​មែន។

សូម​កុំ​ឲ្យ​ការ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅ​ថ្ងៃ​នេះ​រំលង​ផុត​ពី​យើង​នោះ​ឡើយ។

កូន​មនុស្ស

ខ្ញុំ​ចង់​លើក​ឡើង​បន្តិច​អំពី​ការ​ដែល​ព្រះ​យេស៊ូវ បាន​ហៅ​ខ្លួន​ឯង​ថា «កូន​មនុស្ស» នៅ​ក្នុង​ខ១០។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​ហៅ​ខ្លួន​ឯង​បែប​នោះ? ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​មិន​ហៅ​ខ្លួន​ឯង​ថា​ជា «ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់» «ព្រះ​មេស្ស៊ី» «ព្រះ​ដែល​ត្រូវ​បាន​ជ្រើស​តាំង» ឬ​ក៏ «បុត្រា​របស់​ស្ដេច ដាវីឌ»។ល។? ងារ «កូន​មនុស្ស» មាន​ប្រមាណ​ជាង ១៩២X ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ៨០X ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ ១២X ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស។ កណ្ឌ​គម្ពីរ ដានីញ៉ែល ៧:១៣ និង១៤ គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​ប្រៀប​ធៀប «កូន​មនុស្ស» ទៅ​ជា​ងារ​នៃ «ព្រះ​មេស្ស៊ី» ក្រៅ​ពី​នោះ​ក្នុង​គម្ពីរ​ដែល​លើក​ឡើង​អំពី​ងារ «កូន​មនុស្ស» គឺ​សំដៅ​ទៅ​លើ​មនុស្ស​យើង​តែ​ម្ដង គឺ​មិន​មែន​សំដៅ​ទៅ​លើ «ព្រះ​មេស្ស៊ី» នោះ​ទេ។

ទំនង​យើង​កំពុង​តែ​ងឿង​ឆ្ងល់​ថា «ប៉ុន្តែ ក្រែង​យើង​កំពុង​តែ​លើក​ឡើង​ថា ដំណើរ​រឿង​មួយ​នេះ​គឺ​កំពុង​តែ​បង្ហាញ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ​មែន​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​ហៅ​ខ្លួន​ឯង​ថា​ជា «កូន​មនុស្ស» ជា​ជាង «កូន​ព្រះ»?»។

ទាំង​នោះ​គឺ​ជា​សំណួរ​ដ៏​ល្អ។ ជា​ដំបូង នេះ​គឺ​ជា​ងារ​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ហឫទ័យ​ចូល​ចិត្ត​ប្រើ​ប្រាស់​ក្នុង​ការ​ហៅ​ខ្លួន​ឯង ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ មូល​ហេតុ​គឺ ពីព្រោះ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​អំពី​ការ​បន្ទាប​ខ្លួន​របស់​ទ្រង់។ ហើយ​ព្រះ​អង្គ​ក៏​កំពុង​តែ​គេច​ចេញ​ពី​ការ​ឈ្លោះ​គ្នា ដែល​គ្មាន​ការ​ចាំ​បាច់ ឬ​ក៏​គ្មាន​ប្រយោជន៍​ទាក់​ទង​ទៅ​នឹង​នយោបាយ ក្នុង​បរិបទ​នៃ​ការ​រំពឹង​រង់ចាំ «ព្រះ​មេស្ស៊ី»។ ព្រះ​អង្គ​កំពុង​តែ​ពន្យារ​ការ​ឈ្លោះ​ប្រកែក​គ្នា ដើម្បី​ឲ្យ​ទ្រង់​អាច​ទៅ​ទី​កន្លែង​ផ្សេងៗ ដើម្បី​ប្រកាស​សារ​នៃ​សេចក្ដី​សង្គ្រោះ និង​រាជ្យ​របស់​ព្រះ​ជាម្ចាស់។

សរុប​សេចក្ដី​ទៅ សូម្បី​តែ​នៅ​ក្នុង​ងារ​ដែល​ព្រះ​អង្គ​ប្រើ​ប្រាស់​សម្រាប់​ខ្លួន​ឯង ក៏​ព្រះ​អង្គ​កំពុង​តែ​គិត​អំពី​ទ្រង់​ទ្រាយ​ដ៏​ធំ​នៃ​ដំណឹង​ល្អ​ដែរ។ ចូរ​យើង​ចេញ​ទៅ ហើយ​ប្រកាស​ដំណឹង​ល្អ ហើយ​ប្រសិន​បើ​អាច ចូរ​ព្យាយាម​បង្កើត​ឲ្យ​មាន​ការ​រួប​រួម​គ្នា ហើយ​គេច​ចេញ​ពី​បញ្ហា​ដែល​យើង​អាច​គេច​ចេញ​បាន ដែល​មិន​មែន​ជា​បញ្ហា​សំខាន់ៗ ដើម្បី​ឲ្យ​យើង​អាច​ប្រកាស​ដំណឹង​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី បូល រដ្ឋា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សប្បុរស

ត្នះតិះដៀល