៣) សាសន៍អ៊ីស្រាអែល
ដោយសារសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ ទ្រង់មានផែនការមួយដើម្បីសង្គ្រោះ មនុស្សមួយក្រុម ក៏ដូចជាប្រើ ពួកគេឲ្យសម្រេចនូវគោលបំណងដើមរបស់ទ្រង់សម្រាប់អ្វីៗដែលទ្រង់បានបង្កើតមក។ គោលបំណងនោះគឺការបង្ហាញឲ្យឃើញពីសិរីល្អរបស់ទ្រង់។ ព្រះជាម្ចាស់បានសន្យានឹងបុរសម្នាក់ឈ្មោះ អាប់រ៉ាម ថាទ្រង់នឹងប្រទានពរដល់គាត់ និងកូនចៅរបស់គាត់។ ហើយពួកគេក៏នឹងក្លាយទៅជាព្រះពរដល់គ្រប់ទាំងគ្រួសារនៅលើផែនដី (លោកុប្បត្ដិ ១២:១-៣)។ ទ្រង់បានហៅពួកគេថា «សាសន៍បរិសុទ្ធ» និង «នគរដែលសុទ្ធតែជាសង្ឃ» (និក្ខមនំ ១៩:៥-៧)។ នេះមានន័យថា ព្រះជាម្ចាស់បានញែកពួកគេទុក ដើម្បីនឹងបង្ហាញ ហើយឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ដល់សាសន៍ដទៃទៀតដោយការធ្វើតាមក្រឹត្យវិន័យដែលទ្រង់បានប្រទានដល់ពួកគេ (ដូចដែលលោក អ័ដាម គួរតែបានធ្វើដែរ)។ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់សាសន៍អ៊ីស្រាអែលឲ្យពួកគេបង្ហាញដល់លោកីយ៍ពីលក្ខណៈរបស់ទ្រង់ «ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យនៅជាបរិសុទ្ធចុះ ដ្បិតអញជាបរិសុទ្ធ» (លេវីវិន័យ ១១:៤៤; ១៩:២; ២០:៧)។
ព្រះជាម្ចាស់ថែមទាំងបានហៅសាសន៍នេះថាជា «កូន» របស់ទ្រង់ទៀតផង ដ្បិតក្នុងប្រពៃណីសម័យនោះ គេរំពឹងថា កូននឹងដើរតាមគន្លងរបស់ឪពុក (និក្ខមនំ ៤:២២-២៣)។ ហើយទ្រង់ក៏បានសន្យាថានឹងគង់នៅជាមួយនឹង «កូន» មួយនេះនៅក្នុងទឹកដីដែលទ្រង់នឹងប្រទានដល់ពួកគេ។ នេះគឺជាឱកាសដែលសាសន៍នេះអាចបង្ហាញពីសិរីល្អរបស់ព្រះជាម្ចាស់ដល់សាសន៍ដែលនៅជុំវិញពួកគេបាន (១ពង្សាវតារក្សត្រ ៨:៤១-៤៣)។
ប៉ុន្តែ ព្រះជាម្ចាស់ក៏បានព្រមានដល់ «កូន» នេះដែរថា ប្រសិនបើគេមិនស្ដាប់បង្គាប់ ហើយមិនបង្ហាញពីចរិតលក្ខណៈបរិសុទ្ធរបស់ទ្រង់ទេ នោះទ្រង់នឹងបណ្តេញគេចេញពីទឹកដីនោះ។ និយាយឲ្យខ្លីទៅ «កូន» នេះមិនបានស្ដាប់បង្គាប់ទេ ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់បណ្តេញគេចេញពីព្រះវត្តមានរបស់ទ្រង់ និងចេញពីទឹកដីនោះ។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…