in ,

ចំណុច១១យ៉ាង​ដែល​គ្រីស្ទ​បរិស័ទ​នៅ​លីវ​គ្រប់​គ្នា​គួរ​តែ​ដឹង

 

ឥឡូវ​នេះ លោក​អ្នក​នៅ​លីវ ហើយ​ពេល​ខ្លះ លោក​អ្នក​ប្រាថ្នា​ចង់​បាន​គូ​ស្រករ។

លោក​អ្នក​ប្រាថ្នា​ចង់​រៀប​ការ ចង់​មាន​កូន និង​មាន​គ្រួសារ។ លោក​អ្នក​ជឿ​ថា ព្រះ​ជាម្ចាស់​បាន​ដាក់​បំណង​ប្រាថ្នា​នេះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក ប៉ុន្តែ​ដោយ​សារ​ហេតុ​ផល​មួយ​ចំនួន វា​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ។ ដូច​ជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​ម្នាក់​ដែរ លោក​អ្នក​នៅ​តែ​ទូល​សូម​ថា «ឱ​ព្រះ​អម្ចាស់​អើយ! តើ​ដល់​កាល​ណា​ទៀត?» (ទំនុក​តម្កើង ១៣:១)។

តើ​លោក​អ្នក​យល់​អំពី​អារម្មណ៍​នេះ​ដែរ​ឬ​ទេ?

ខ្ញុំ​ដល់​វ័យ​ម្ភៃ​ជាង​ហើយ ហើយ​ខ្ញុំ​ក៏​នៅ​លីវ​ពេញ​មួយ​ជីវិត​ដែរ។ ខ្ញុំ​មិន​មាន​ចម្លើយ​ទាំង​អស់​ចំពោះ​ភាព​នៅ​លីវ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​អំពី​ការ​តស៊ូ និង​ការ​លំបាក ព្រម​ទាំង​ព្រះ​ពរ​ដែល​ភាព​នៅ​លីវ​បាន​នាំ​មក​ដែរ។ ផ្លូវ​នោះ​អាច​មាន​ការ​ឈឺ​ចាប់ ប៉ុន្តែ​វា​មិន​ចាំ​បាច់​ថា​យើង​មិន​មាន​អំណរ​នោះ​ទេ។

ខ្ញុំ​ប្រាកដ​ថា មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​យើង​ដែល​នៅ​លីវ​ចង់​ប្រើ​ប្រាស់​ហេតុ​ផល​នេះ​ដោយ​ប្រាជ្ញា—ប៉ុន្តែ​តើ​ដោយ​របៀប​ណា? តើ​យើង​អាច​មាន​អំណរ​ជា​មួយ​ភាព​នៅ​លីវ ដោយ​មិន​ខ្ជះខ្ជាយ​ពេល​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ឃើញ​ថា មាន​ចំណុច​១១​យ៉ាង​ដែល​គ្រីស្ទ​បរិស័ទ​នៅ​លីវ​គ្រប់​គ្នា​គួរ​តែ​ដឹង

១. ចូរ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ។ ការ​រីក​ចម្រើន​ក្នុង​ភាព​នៅ​លីវ​កើត​ឡើង​បាន​ដោយ​ការ​ដែល​លោក​អ្នក​ត្រូវ​សម្លឹង​មើល​ទៅ​កាន់​អង្គ​មួយ ដែល​ទ្រង់​គ្មាន​បាប​ទាល់​តែ​សោះ។ ចូរ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ​ដែល​ទ្រង់​ជា​ប្រភព​នៃ​អំណរ ក្ដី​សង្ឃឹម គោល​បំណង និង​អត្ថន័យ​របស់​លោក​អ្នក។ មាន​តែ​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​នូវ​អ្វី​ដែល​លោក​អ្នក​ចង់​បាន និង​អ្វី​ដែល​លោក​អ្នក​ពិត​ជា​ត្រូវ​ការ។

២. ត្រូវ​ដឹង​ពី​អ្វី​ដែល​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​នៅ​ក្នុង​ចិត្ត​របស់​លោក​អ្នក។ ការ​មាន​មនុស្ស​សំខាន់​មួយ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​វា​ជា​រឿង​មិន​ល្អ​នៅ​ពេល​ដែល​លោក​អ្នក​ប្រែ​ក្លាយ​គាត់​ទៅ​ជា​រូប​ព្រះ។ ការ​ដែល​លោក​អ្នក​យក​អ្វីៗ​ផ្សេង​ទៀត​សំខាន់​ជាង​ព្រះ​គឺ​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ខ្ញុំ​ក៏​ឃើញ​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​បាន​យក​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​របស់​គាត់​សំខាន់​ជាង​ព្រះ នៅ​ពេល​ពួក​គេ​ចាប់​ផ្ដើម​ចែចង់​គ្នា។ ចូរ​ពិនិត្យ​មើល​ដួង​ចិត្ត​របស់​លោក​អ្នក​ឥឡូវ​នេះ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​នៅ​ពេល​ក្រោយ។ តើ​បំណង​ប្រាថ្នា​របស់​លោក​អ្នក​ចង់​នៅ​ជា​មួយ​នរណា​ម្នាក់​ជា​ការ​ដែល​មាន​សុខភាព​ល្អ​ក្នុង​ទំនាក់​ទំនង ឬ​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ?

៣. ចូរ​ការ​ពារ​ដួង​ចិត្ត​របស់​លោក​អ្នក។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ឲ្យ​ការពារ​ដួង​ចិត្ត មិន​មែន​ធ្វើ​តាម​ដួង​ចិត្ត​របស់​យើង​នោះ​ទេ។ ចូរ​ការពារ​ដួង​ចិត្ត​របស់​លោក​អ្នក​ឲ្យ​បាន​គង់​វង្ស​ចេញ​ពី​ការ​ស្រឡាញ់​លោកីយ៍ រូប​ព្រះ និង​បំណង​ប្រាថ្នា​ដែល​ចង់​បាន​ប្ដី ឬ​ប្រពន្ធ​ខ្លាំង​ពេក ប៉ុន្តែ​លោក​អ្នក​អាច​នៅ​បើក​ចំហ​ចិត្ត​ចំពោះ​អស់​អ្នក​ណា​ដែល​ព្រះ​អម្ចាស់​មាន​សម្រាប់​ជីវិត​របស់​លោក​អ្នក សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ។ ដូច្នេះ សូម​ការពារ​ដួង​ចិត្ត​របស់​លោក​អ្នក ប៉ុន្តែ​សូម​កុំ​បិទ​ភ្នែក​ឡើយ។

៤. ចូរ​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ។ ឥឡូវ​នេះ ការ​នៅ​លីវ​របស់​លោក​អ្នក​ប្រហែល​ជា​ពេល​វេលា​ដែល​នាំ​ឲ្យ​លោក​អ្នក​មាន​ពេល​ទំនេរ​ច្រើន​ជាង​ពេល​ផ្សេងៗ​ទៀត​នៅ​ក្នុង​រដូវ​កាល​នៃ​ជីវិត​របស់​លោក​អ្នក។ សូម​កុំ​ខ្ជះខ្ជាយ​ពេល​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រើ​វា​ដោយ​ប្រាជ្ញា​ដោយ​ចំណាយ​ពេល​ដោយ​ចេតនា​ក្នុង​ការ​អាន​ព្រះ​គម្ពីរ និង​អធិស្ឋាន បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ និង​សហគមន៍​របស់​លោក​អ្នក រីក​ចម្រើន​នៅ​ក្នុង​ការងារ​របស់​លោក​អ្នក រៀន​វិជ្ជាជីវៈ​ថ្មីៗ អាន​សៀវភៅ ការ​បង្កើត​ទំនាក់​ទំនង​មិត្តភាព​ដែល​មាន​សុខភាព​ល្អ ក៏​ដូច​ជា​ការ​ចេញ​ទៅ​បម្រើ​បេសកកម្ម​ក្រៅ​ប្រទេស​ផង​ដែរ។ លោក​អ្នក​នឹង​នៅ​តែ​អាច​ធ្វើ​ការ​ទាំង​នោះ​បាន ប្រសិន​បើ​លោក​អ្នក​រៀប​ការ​រួច​ហើយ ប៉ុន្តែ​លោក​អ្នក​នឹង​មិន​អាច​មាន​ពេល​បត់​បែន​បាន​ដូច​ដែល​នៅ​លីវ​ឥឡូវ​នេះ​ទេ។ ដូច្នេះ ចូរ​ប្រើ​ពេល​នេះ​ដោយ​ប្រាជ្ញា​ចុះ។

៥. ត្រូវ​ដឹង​ពី​ភាព​រអ៊ូរទាំ។ ការ​រអ៊ូរទាំ​មិន​មែន​សុខៗ​នឹង​នាំ​ឲ្យ​យើង​មាន​ព្រះ​រាជ​បុត្រ​ដ៏​ស្រស់​សង្ហា​មួយ​អង្គ (ឬ​ក្នុង​ករណី​របស់​ខ្ញុំ ព្រះ​នាង ចាស្មីន) នៅ​ខាង​យើង​នោះ​ទេ។ បន្ថែម​ពី​នេះ​ទៀត ការ​រអ៊ូរទាំ​នឹង​នាំ​យើង​ទៅ​រក​ភាព​ល្វីង​ជូរចត់ ដែល​នោះ​មិន​មែន​ជា​ការ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​នោះ​ទេ។ ជា​ជាង​រអ៊ូរទាំ​អំពី​ការ​ដែល​លោក​អ្នក​នៅ​លីវ ហើយ​ប្រាថ្នា​ថា​ខ្លួន​មាន​គូ ចូរ​បង្កើត​ទម្លាប់ ដើម្បី​រម្លឹក​ឡើង​វិញ​អំពី​ព្រះ​ពរ​របស់​ព្រះ​អម្ចាស់​ដែល​ទ្រង់​បាន​ប្រទាន​ដល់​លោក​អ្នក ដែល​តាម​ពិត​ទៅ​លោក​អ្នក​មិន​សម​នឹង​ទទួល​បាន​អ្វី​ទេ។

៦. សូម​ធ្វើ​បញ្ជី​សម្រាប់​លោក​អ្នក​ផ្ទាល់ មិន​មែន​សម្រាប់​ប្ដី/ប្រពន្ធ​ទេ។ ជា​ជាង​ធ្វើ​បញ្ជី​អំពី​អ្វី​ដែល​លោក​អ្នក​ចង់​បាន​ពី​ប្ដី/ប្រពន្ធ ចូរ​ធ្វើ​បញ្ជី​អំពី​បុគ្គល​ដែល​លោក​អ្នក​ត្រូវ​ក្លាយ​ជា​ក្នុង​នាម​ជា​ប្ដី/ប្រពន្ធ​វិញ។ និយាយ​ម៉្យាង​ទៀត សូម​កុំ​ផ្ដោត​លើ​ការ​ស្វែង​រក​មនុស្ស​ដែល​ត្រឹម​ត្រូវ​ឡើយ៖ តែ​ត្រូវ​ផ្ដោត​លើ​បុគ្គល​ដែល​លោក​អ្នក​ត្រូវ​ក្លាយ​ជា​វិញ។ ប្រភេទ​មនុស្ស​ដែល​លោក​អ្នក​ប្រាថ្នា​ចង់​បាន​ពេល​លោក​អ្នក​នៅ​អាយុ​២០ឆ្នាំ​ទំនង​ជា​មិន​មែន​ជា​ប្រភេទ​មនុស្ស​ដែល​លោក​អ្នក​ត្រូវ​ការ​មាន​ពេល​អាយុ​ខ្ទង់​៥០​ឆ្នាំ​នោះ​ទេ។

៧. សូម​កុំ​ដាក់​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​លោក​អ្នក​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ប្រាថ្នា​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ការ​រៀប​ការ នោះ​នឹង​មាន​ថ្ងៃ​មួយ​ដែល​លោក​អ្នក​នឹង​ទំនង​ជា​បាន​រៀប​ការ…ឬ​ក៏​មិន​បាន​រៀប​ការ​ក៏​អាច​ថា​បាន។ ថ្ងៃ​ដ៏​ពិសេស​នៅ​ថ្ងៃ​រៀប​ការ រាត្រី​ក្រេប​ទឹក​ឃ្មុំ និង​គ្រួសារ​ដែល​លោក​អ្នក​ចង់​បាន​ទៅ​ថ្ងៃ​ខាង​មុខ​សម្រាប់​ជីវិត​របស់​លោក​អ្នក​ទំនង​ជា​អាច​នឹង​មក​ដល់…ឬ​ក៏​មិន​អាច​មក​ដល់​ផង​ដែរ។ លោក​អ្នក​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​អ្នក​ទេ ដូច្នេះ​ចូរ​ទុក​ឲ្យ​វា​នៅ​តែ​ឯង​ចុះ។ ផ្ទុយ​ពី​ការ​ដាក់​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​នៅ​ក្នុង​ប្ដី/ប្រពន្ធ​របស់​លោក​អ្នក សូម​ដាក់​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​លោក​អ្នក​នៅ​ក្នុង​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​ចុះ។

៨. ចូរ​ចាំ​ថា លោក​អ្នក​នៅ​ក្នុង​ពេល​មួយ​នេះ​គឺ​សម្រាប់​ហេតុ​ផល​ណា​មួយ។ ដូច​ដែល​លោក ស៊ី. អេស. លូវីស (C.S. Lewis) បាន​លើក​ឡើង​ពេញ​ដោយ​ប្រាជ្ញា​ថា «ព្រះ​ជាម្ចាស់​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​រង់​ចាំ​នោះ​ទេ លុះ​ត្រា​តែ​ព្រះ​អង្គ​ទត​ឃើញ​ថា វា​ជា​ការ​ល្អ​សម្រាប់​ឲ្យ​ពួក​គេ​ក្នុង​ការ​រង់​ចាំ»។ លោក​អ្នក​មិន​បាន​រង់​ចាំ​ដោយ​ចៃដន្យ​នោះ​ទេ។ ភាព​នៅ​លីវ​របស់​លោក​អ្នក​មិន​មែន​ជា​របៀប​របស់​ព្រះ​អង្គ​ក្នុង​ការ​បង្អត់​លោក​អ្នក​នោះ​ទេ ប៉ុន្តែ​វា​ជា​របៀប​ដែល​ព្រះ​អង្គ​ផ្លាស់​ប្រែ​លោក​អ្នក​វិញ។ អ្នក​បម្រើ​ដែល​រង​ទុក្ខ​ដែល​ជា​ព្រះ​យេស៊ូវ​ក៏​នៅ​លីវ ហើយ​ព្រះ​ជាម្ចាស់​កំពុង​ប្រើ​ប្រាស់​ពេល​នេះ ដើម្បី​ធ្វើ​ឲ្យ​លោក​អ្នក​កាន់​តែ​ដូច​ព្រះ​អង្គ​ថែម​ទៀត។

៩. កុំ​បំផ្លើស​ទំនាក់​ទំនង​ស្នេហា​របស់​លោក​អ្នក​ខាង​ឯ​វិញ្ញាណ​ហួស​ហេតុ​ពេក។ យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​មាន​ភាព​ឆ្គាំឆ្គង​ជា​ខ្លាំង​ជា​មួយ​នឹង​ប្រឹក្សា​អំពី​ការ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ ប្រសិន​បើ​លោក​អ្នក​ស្វែង​រក​នរណា​ម្នាក់​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ និង​ក្រុម​ជំនុំ​របស់​ទ្រង់ ហើយ​លោក​អ្នក​ចាប់​អារម្មណ៍​នឹង​គាត់—ហើយ​គាត់​ក៏​ពិត​ជា​ចាប់​អារម្មណ៍​លោក​អ្នក​ដែរ—ហើយ​មិត្តភក្ដិ និង​គ្រួសារ​របស់​លោក​អ្នក​គិត​ថា ទំនាក់​ទំនង​នោះ​ជា​ការ​ល្អ នោះ​តើ​លោក​អ្នក​នៅ​ចាំ​អី​ទៀត?

១០. ស្វែង​រក​ការ​ផ្ដល់​យោបល់​ឲ្យ​បាន​ទៀត​ទាត់។ សូម​ស្វែង​រក​ការ​ប្រឹក្សា​យោបល់ និង​ប្រាជ្ញា​ពី​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​ដែល​រៀប​ការ​រួច​ហើយ។ សូម​សួរ​សំណួរ​ពិបាកៗ។ ចូរ​អនុញ្ញាត​ឲ្យ​ពួក​គាត់​និយាយ​មក​កាន់​ជីវិត​របស់​លោក​អ្នក ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​រីក​ចម្រើន​ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ​នៅ​លីវ និង​ដូច​ជា​ម្នាក់​ដែល​ហៀប​នឹង​បាន​រៀប​ការ។ ចូរ​សូម​ឲ្យ​អ្នក​ដទៃ​ជួយ​មើលថែ​លោក​អ្នក និង​ចង្អុល​បង្ហាញ​ពី​ចំណុច​ខ្វាក់​របស់​លោក​អ្នក​ដែល​ខ្លួន​មើល​មិន​ឃើញ។ ត្រូវ​ចេះ​ឲ្យ​អ្នក​ផ្សេង​អាច​បង្ហាត់​បង្រៀន​លោក​អ្នក​បាន។ សរុប​មក ចូរ​សូម​ប្រាជ្ញា​ពី​គ្នីគ្នា​គ្រីស្ទ​បរិស័ទ​ផ្សេង​ដែល​មាន​ប្រាជ្ញា​ក្នុង​ការ​ជួយ​ឲ្យ​លោក​អ្នក​រីក​ចម្រើន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៅ​លីវ​នេះ ហើយ​ជួយ​យើង​ឲ្យ​ចេះ​រៀបចំ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ខាង​មុខ​ផង​ដែរ។

១១. ចូរ​ទុក​ចិត្ត​ព្រះ​ជាម្ចាស់។ ចំណុច​នេះ​ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​និយាយ​ដដែលៗ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស់​ជា​ការ​រម្លឹក​បាន​ផង​ដែរ។ ជា​ញឹកញាប់ យើង​តែង​តែ​ភ្លេច​ចំណុច​នេះ ដូច្នេះ​យើង​ត្រូវ​ការ​ការ​រម្លឹក​ជា​ប្រចាំ​ដូច​គ្នា។ មិត្ត​អ្នក​អាន​អើយ! ព្រះ​ជាម្ចាស់​ជ្រាប់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ព្រះ​អង្គ​កំពុង​តែ​ធ្វើ។ តាម​ពិត បំណង​ប្រាថ្នា​របស់​លោក​អ្នក​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​មិន​មែន​ជា​ការ​បន្ទាប់​បន្សំ​នោះ​ទេ។ តើ​ព្រះ​មិន​បាន​ជ្រាប​អំពី​អនាគត​របស់​លោក​អ្នក​ហើយ​ទេ​ឬ​អី? តើ​ព្រះ​អង្គ​មិន​បាន​ធ្វើ​គ្រប់​ការ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក​សម្រាប់​សេចក្ដី​ល្អ​ដល់​លោក​អ្នក និង​សម្រាប់​ជា​សិរីល្អ​ដល់​ទ្រង់​ទេ​ឬ​អី? តើ​ពេល​វេលា​របស់​ព្រះ​អង្គ​មិន​ល្អ​ឥត​ខ្ចោះ​ទេ​ឬ​អី? ចូរ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជាម្ចាស់ ហើយ​ថា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​នឹង​កើត​មាន​ឡើង នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក​ជា​មិន​ខាន។

ពេល​វេលា​នៃ​ភាព​នៅ​លីវ​របស់​លោក​អ្នក​ទំនង​ជា​ពេល​វេលា​នៃ​ការ​រង់​ចាំ ប៉ុន្តែ​លោក​អ្នក​មិន​ត្រូវ​ការ​ប្រើ​ពេល​នេះ​ជា​ការ​ឥត​ប្រយោជន៍​នោះ​ទេ។ អ្នក​នៅ​លីវ​ជា​ច្រើន​មាន​ការ​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម ប៉ុន្តែ​មិត្ត​អ្នក​អាន​អើយ វា​មិន​ត្រូវ​ការ​ជា​បែប​នេះ​នោះ​ទេ។ មាន​អំណរ​ជា​ច្រើន មាន​កំណប់​ទ្រព្យ មាន​ប្រាជ្ញា ការ​ចង​ចាំ​ល្អៗ និង​បទ​ពិសោធន៍​ជា​ច្រើន​ដែល​យើង​អាច​មាន​បាន​នៅ​ពេល​នោះ។ ដូច្នេះ សូម​កុំ​ឲ្យ​ពេល​វេលា​នេះ​ក្លាយ​ទៅ​ជា​ឥត​ប្រយោជន៍​ឡើយ ប៉ុន្តែ​ចូរ​ប្រើ​វា​ឲ្យ​បាន​ល្អ​សម្រាប់​អ្វី​ដែល​នឹង​មាន​នៅ​អស់​កល្ប ពីព្រោះ​ដូច​ដែល​លោក ស៊ី. ធី ស្តាដន៍ (C.T. Studd) បាន​ធ្លាប់​លើក​ឡើង​ថា «ជីវិត​ដ៏​ខ្លី​មួយ​នេះ​នឹង​កន្លង​ផុត​បាត់​ទៅ ប៉ុន្តែ​នូវ​រាល់​អ្វីៗ​ដែល​យើង​ធ្វើ​សម្រាប់​ព្រះ​គ្រីស្ទ​នឹង​បន្ត​គង់​នៅ»។

និពន្ធ​ដោយ៖ លោក David Kaywood
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង
និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី gospelrelevance.com ដោយ​មាន​ការ​អនុញ្ញាត។Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ការ​ស្វែង​រក​ខ​គម្ពីរ​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល ល្អ​ជាង​ការ​ចង​ចាំ​ខ​គម្ពីរ​មែន​ឬ?

ហេតុ​អ្វី​បានជា​ការ​បំពេញ​បន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ភាព​ជា​សិស្ស?