in ,

មុន​ស្ដាប់​សេចក្ដី​អធិប្បាយ​

វាជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ក្លាយ​ជា​អ្នក​ស្ដាប់​សេចក្ដី​អធិប្បាយ​ដោយ​មិន​សកម្ម។ កាល​ខ្ញុំ​ទើប​តែ​ជឿ​លើ​ព្រះ​យេស៊ូវ​ថ្មីៗ ខ្ញុំ​ចាប់​ផ្ដើម​ស្គាល់​ពី​អារម្មណ៍​មួយ​នេះ​ក្នុង​ជីវិត​ខ្លួន​ឯង​ទាក់​ទង និង​ការ​ស្ដាប់។ ដូច្នេះ នៅ​អាទិត្យ​មួយ​ខ្ញុំ​ក៏​បាន​យក​កូន​សៀវភៅ​មួយ​ក្បាល​ទៅ​ព្រះ​វិហារ ហើយ​ចាប់​ផ្ដើម​បង្កើត​ការ​អនុវត្ត​ដ៏​សាមញ្ញ​មួយ ដើម្បី​ឲ្យ​ខ្ញុំ​ចេះ​បង្កើត​ការ​វែក​ញែក​មុន​ស្ដាប់​សេចក្ដី​អធិប្បាយ។ វា​សាមញ្ញ​ដល់​ថ្នាក់​ថា ខ្ញុំ​សួរ​តែ​បី​សំណួរ​ប៉ុណ្ណោះ ហើយ​វា​ក៏​បាន​នៅ​ជាប់​ជា​មួយ​ខ្ញុំ​រហូត​ដល់​ឥឡូវ​នេះ​ដែរ។ ហើយ​បន្ទាប់​មក​ទៀត ខ្ញុំ​ក៏​ចាប់​ផ្ដើម​ប្រើ​ប្រាស់​មធ្យោបាយ​មួយ​នេះ​ពេល​ស្តាប់​សេចក្ដី​អធិប្បាយ​តាម​បណ្ដាញ​សង្គម ពេល​អាន​កំណត់​ហេតុ​បណ្ដាញ ពេល​អាន​សៀវភៅ ហើយ​មិន​យូរ​មិន​ឆាប់​ពេល​ស្ដាប់​បទ​ចម្រៀង​គ្រីស្ទ​បរិស័ទ​ដែរ។

វិធី​សាស្ត្រ​នេះ​ចង្អុល​បង្ហាញ​ទៅ​លើ​សេចក្ដី​ពិត​មួយ​ដ៏​សំខាន់​ដែល​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ៖ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​សង្គ្រោះ​តាម​រយៈ​បុគ្គល​ណា​ម្នាក់ ឬ​ក៏​អ្វី​មួយ។ ប៉ុន្តែ ខណៈ​ពេល​ដែល​យើង​ស្ដាប់​ដោយ​សកម្ម នោះ​ភ្លាមៗ​យើង​នឹង​ឃើញ​ថា លោកីយ៍​នេះ​មាន​ដំណឹង​ល្អ​ខុសៗ​គ្នា​ជា​ច្រើន​ណាស់ រាល់​គ្រូ​អធិប្បាយ អ្នក​និពន្ធ និង​កវី​ក៏​សុទ្ធតែ​មាន​សារ​មួយ​នៃ​សេចក្ដី​សង្គ្រោះ។ ដាច់​ខាត! យើង​ត្រូវ​តែ​ពិនិត្យ​មើល​ភាព​សច្ច​នៃ​ដំណឹង​ល្អ​ដែល​ពួក​គាត់​ចែក​ចាយ ហើយ​សំណួរ​ទាំង​បី​ខាង​ក្រោម​នេះ​គឺ​ជា​សំណួរ​ដ៏​សាមញ្ញ​ក្នុង​ការ​ប្រើ​ប្រាស់​ជា​មធ្យោបាយ​សម្រាប់​ខ្ញុំ។

សំណួរ​បី

មុន​ខ្ញុំ​ចាប់​ផ្ដើម​ស្ដាប់​សេចក្ដី​អធិប្បាយ​ណា​មួយ ឬ​ក៏​បទ​ចម្រៀង​ណា​មួយ ឬ​ក៏​បើក​អាន​សៀវភៅ​គ្រីស្ទ​បរិស័ទ​របស់​នរណា​ម្នាក់ ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំង​បី​នេះ៖

  • តើ​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​របៀប​ណា?
  • តើ​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ចេញ​ពី​អ្វី?
  • តើ​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដើម្បី​អ្វី?

សំណួរ​ទាំង​នេះ​គឺ​ជា​សំណួរ​ដ៏​ខ្លីៗ ងាយ​ចាំ​បាន ហើយ​ក៏​មិន​ចាំ​បាច់​ជា​សំណួរ​ដ៏​វែង​នោះ​ដែរ។ កាល​ដំបូង​ខ្ញុំ​តែង​តែ​សរសេរ​សំណួរ​នេះ​នៅ​លើ​ក្រដាស ហើយ​បំពេញ​ចម្លើយ​ដោយ​សរសេរ​ដៃ ប៉ុន្តែ​បន្ទាប់​មក​វា​ក៏​បាន​ក្លាយ​ជា​សំណួរ​ដក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាល​ខ្ញុំ ដោយ​សួរ​ជា​អចិន្ត្រៃយ៍។

ហើយ​ក្រោយ​មក ខ្ញុំ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា សំណួរ​ដូច​នេះ​ក៏​ជា​សំណួរ​ដ៏​មាន​ប្រយោជន៍​ដែរ ទាក់​ទង​ទៅ​នឹង​បរិបទ​ផ្សេងៗ។ វា​គឺ​ជា​សំណួរ​ទាក់​ទង​នឹង​ដំណឹង​ល្អ ហើយ​ក៏​ជា​ប្រយោជន៍​សម្រាប់​ក្រុម​ជំនុំ​ដែរ។ ប៉ុន្តែ វា​ក៏​ជា​សំណួរ​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ចម្រាញ់​ទស្សនវិជ្ជា​ណា​មួយ​ឲ្យ​យើង​ឃើញ​ពី​ចំណុច​ស្នូល​របស់​វា។ វា​ជួយ​យើង​ក្នុង​ការ​វែក​ញែក​ការ​ផ្សព្វផ្សាយ និង​សារ​សន្យា​ពី​បុគ្គល​ណា​ម្នាក់ ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​យើង។

ចម្លើយ​ដ៏​សាមញ្ញ​បួន​យ៉ាង

ដើម្បី​ជា​ប្រយោជន៍​ក្នុង​កំណត់​បណ្ដាញ​សង្គម​មួយ​នេះ ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​តែ​ការ​ស្ដាប់​សេចក្ដី​អធិប្បាយ​ប៉ុណ្ណោះ។ ចូរ​សួរ​សំណួរ​ទាំង​បី​យ៉ាង​នេះ ហើយ​ចម្លើយ​ដែល​លោក​អ្នក​នឹង​ទទួល​បាន​ជា​ទូ​ទៅ​នឹង​មាន​លក្ខណៈ​បួន​យ៉ាង​ដូច​ខាង​ក្រោម​នេះ៖

១. លោក​អ្នក​នឹង​ឮ​ដំណឹង​ល្អ​បែប​ជា​ការ​ព្យាបាល

  • យើង​ទទួល​បាន​ការ​សង្គ្រោះ​តាម​រយៈ​ការ​ក្លាយ​ជា​បុគ្គល​ដែល​ការ​រាប់ និង​អះអាង​ខ្លួន​ឯង​ថា​ជា​បុគ្គល​ដ៏​ល្អ​ម្នាក់។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​ការ​ចង់​បំផ្លាញ​ខ្លួន​ឯង​យ៉ាង​អវិជ្ជមាន​ចោល។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ ដើម្បី​ឲ្យ​ខ្លួន​មាន​ទំនុក​ចិត្ត។

២. លោក​អ្នក​នឹង​ឮ​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន

  • យើង​ទទួល​បាន​ការ​សង្គ្រោះ​តាម​រយៈ​ជំនឿ​ដែល​បង្កើត​ឲ្យ​មាន​សុខ​ភាព​ល្អ និង​ទ្រព្យ​សម្បត្តិ។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​ភាព​ក្រី​ក្រ និង​ទុក្ខ​លំបាក​ផ្នែក​ថវិកា។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ ដើម្បី​ឲ្យ​អរ​សប្បាយ​នឹង​ការ​មាន​ថវិកា​ជា​ច្រើន។

៣. លោក​អ្នក​នឹង​ឮ​ដំណឹង​ល្អ​អំពី​ការ​បាក់​បែក

  • យើង​ទទួល​បាន​ការ​សង្គ្រោះ​តាម​រយៈ​ការ​បន្លែង​ខ្លួន​ឯង​ចេញ​ពី​ការ​ចង​ចាំ​នៃ​អំពើ​បាប​ចាស់ៗ។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​ការ​មាន​អារម្មណ៍​អាក្រក់​អំពី​ខ្លួន​ឯង។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ ដើម្បី​ឲ្យ​រស់​នៅ​យ៉ាង​ពេញ​លេញ​ជា​ថ្មី​ម្ដង​ទៀត។

៤. លោក​អ្នក​នឹង​ឮ​ដំណឹង​ល្អ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍

  • យើង​ទទួល​បាន​ការ​សង្គ្រោះ​តាម​រយៈ​ការ​ចង​ចាំ​ជាង​មុន​អំពី​ព្រះ​ជាម្ចាស់។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​ការ​មើល​រំលង​ថា ព្រះ​ជាម្ចាស់​មាន​ព្រះ​ជន្ម​គង់​នៅ។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ ដើម្បី​ឲ្យ​រស់​នៅ​ដោយ​មាន​សតិសម្បជញ្ញៈ​ថែម​ទៀត​អំពី​ព្រះ​ជាម្ចាស់។

មិន​ថា​សារ​ទាំង​អស់​នេះ​មាន​តម្រុយ​ខ្លះៗ​អំពី​ដំណឹង​ល្អ មាន​សល់​ចំណុច​ខ្លះៗ​អំពី​សេចក្ដី​ពិត ឬ​ក៏​ថា​វា​ជា​ការ​បំភ្លៃ​ដែល​មិន​មែន​ជា​ដំណឹង​ល្អ​ទាល់​តែ​សោះ​ក៏​ដោយ ក៏​សារ​ទាំង​នោះ​នឹង​ជ្រាប​ចូល​បែប​ជា​មិន​ជាក់​ស្ដែង ឬ​ក៏​ជាក់​ស្ដែង​ក្នុង​សៀវភៅ បទ​ចម្រៀង និង​សេចក្ដី​អធិប្បាយ​របស់​គ្រីស្ទ​បរិស័ទ​បែប​ជា​សារ​ដ៏​ពិត ហើយ​ជា​ទូ​ទៅ​បែប​ជា​ការ​បង្ហាញ​ដំណឹង​ល្អ​យ៉ាង​គ្រប់​គ្រាន់។ ប៉ុន្តែ វា​មិន​ដូច្នោះ​ទេ។ តាម​ពិត​ទៅ គឺ​វា​ឆ្ងាយ​ណាស់​ពី​សេចក្ដី​ពិត។ ហើយ​ចំណុច​នីមួយៗ​ទាំង​បួន​នោះ (ក្នុង​របៀប​របស់​វា​ផ្សេងៗ​គ្នា) គឺ​ឲ្យ​អាទិភាព​លើ​ព្រះ​គ្រីស្ទ​ជា​ទី​ពីរ ឬ​ក៏​គ្រាន់​តែ​ជា​ជម្រើស​ប៉ុណ្ណោះ។

ចម្លើយ​ពី​ព្រះ​គម្ពីរ

ព័ន្ធ​កិច្ច​ដ៏​ពិត​គឺ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ឆ្លើយ​សំណួរ​ទាំង​បី​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ទាល់​តែ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​បាន​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង​ទាំង​ស្រុង​តែ​ម្ដង។

ប្រសិន​បើ​យើង​ឈូស​ផ្លូវ​វាង​ខ្លះៗ​នៃ​ដំណឹង​ល្អ​តាម​ព្រះ​គម្ពីរ​ចោល នោះ​ចម្លើយ​លើ​សំណួរ​របស់​យើង​នឹង​មាន​យ៉ាង​ច្បាស់​លាស់​ដូច​ត​ទៅ៖

  • យើង​ទទួល​បាន​ការ​សង្គ្រោះ​តាម​រយៈ​ព្រះ​គុណ​ដោយ​ជំនឿ​ក្នុង​ការ​សុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​ដែល​ទទួល​យក​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ជំនួស​យើង។ ហើយ​យើង​ក៏​ទទួល​បាន​ការ​រាប់​ជា​សុចរិត​ក្នុង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ក្នុង​នាម​ទ្រង់​ជា​អ្នក​ជំនួស​យើង ដែល​ជា​ពួក​បះបោរ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​ព្រះ​ដ៏​បរិសុទ្ធ​ចេញពី​សេចក្ដី​ក្រោធ​ដ៏​សុចរិត​របស់​ទ្រង់​ដែល​ត្រូវ​បាន​ចាក់​លើ​មនុស្ស​មាន​បាប​គ្រប់ៗ​គ្នា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​សិរី​ល្អ​របស់​ទ្រង់។
  • យើង​ទទួល​បាន​ការ​សង្គ្រោះ ដើម្បី​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​រស់​នៅ​ដោយ​បរិសុទ្ធ ដើម្បី​ឲ្យ​អាច​ជួប​ជុំ​គ្នា​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ដែល​រស់​នៅ និង​ស្រឡាញ់ ហើយ​បើក​សម្ដែង​អំពី​ព្រះ​ជាម្ចាស់​តាម​រយៈ​ការ​ដែល​យើង​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះ​គ្រីស្ទ និង​មាន​អំណរ​ក្នុង​ទ្រង់​លើស​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​លោកីយ៍​នេះ ក៏​ដូច​ជា​ក្នុង​ជីវិត​បន្ទាប់​ពី​ស្លាប់​ផង​ដែរ។

ដំណឹង​ល្អ​គឺ​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត​យ៉ាង​ម៉ត់​ចត់ ហើយ​សក្ដិសម​ឲ្យ​យើង​សិក្សា​យ៉ាង​អស់​កល្ប​ជានិច្ច និង​អបអរសាទរ—ប៉ុន្តែ វា​ក៏​ជា​ដំណឹង​ដែល​មិន​ពិបាក​យល់​ផង​ដែរ។ បញ្ហា​ដែល​យើង​តែង​តែ​ប្រឈម​មុខ​គឺ​ត្រង់​ថា ដំណឹង​ល្អ​មាន​ការ​ផ្លាស់​ប្រែ គឺ​ថា​ដំណឹង​ល្អ​បាន​ប្ដូរ​ក្នុង​លក្ខណៈ​ដ៏​តូច​តាច​ក្នុង​ភាសា​ដែល​ធ្វើ​ឲ្យ​ចម្លើយ​នឹង​សំណួរ​ដ៏​សំខាន់​ទាំង​បី​នោះ​មាន​ការ​ភាន់​ច្រឡំ ឬ​ក៏​មិន​សូវ​ច្បាស់។ វា​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​កុំ​ឲ្យ​យើង​រសាត់​ចូល​ទៅ​ក្នុង «ដំណឹង​ល្អ​ដែល​មាន​ការ​បត់​បែន» ដំណឹង​ដែល​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​បែប​ជា​គ្រីស្ទ​បរិស័ទ ដែល​ជាក់​ស្ដែង​កំពុង​តែ​ធ្វើ​ឲ្យ​គោល​បំណង​ផ្ទាល់​ខ្លួន​កើត​ឡើង ឬ​ក៏​បំពេញ​តម្រូវ​ការ​ដែល​ខ្លួន​ចង់​បាន ប៉ុន្តែ​ស្រប​គ្នា​នោះ​ដែរ​បាន​បរាជ័យ​ក្នុង​ការ​ពន្យល់​អំពី​ប្រធាន​បទ​ស្នូល​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់ ឬ​ក៏​អំពី​គោល​បំណង​ដ៏​សំខាន់​របស់​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​លោហិត​របស់​ទ្រង់​ដែល​បង្ហូរ​ជំនួស​យើង។ បើ​និយាយ​ម្យ៉ាង​ទៀត​ទៅ ការ​ផ្លាស់​ប្ដូរ​នៃ​គំនិត​របស់​យើង​គឺ​តែង​តែ​ទាក់​ទង​ទៅ​នឹង​ការ «បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ​គ្រីស្ទ» (២កូរិនថូស ១១:៣)។

ចូរ​បន្ត​សួរ​សំណួរ

គ្រូ​អធិប្បាយ អ្នក​និពន្ធ​បទ​ចម្រៀង ឬ​ក៏​អ្នក​និពន្ធ​សៀវភៅ​ត្រូវ​តែ​ត្រឡប់​មក​សួរ​សំណួរ​ដ៏​សាមញ្ញ​ទាំង​នេះ​ជា​ញឹកញាប់ ដើម្បី​ល្បង​ល​ព័ន្ធ​កិច្ច​របស់​ពួក​គាត់​ក្នុង​ការ​វាយ​តម្លៃ​លើ​សារ​របស់​ខ្លួន និង​លើ​ក្ដី​សង្ឃឹម​ដែល​យើង​កំពុង​តែ​ណែនាំ​ឲ្យ​អ្នក​ដទៃ​ស្គាល់។ ហើយ​សំខាន់​ស្មើ​គ្នា​នោះ​ដែរ គឺ​ថា​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​ក៏​ត្រូវ​តែ​ប្រ​ឡប់​មក​សួរ​នូវ​សំណួរ​ទាំង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ទាល់​តែ​យើង​ចេះ​សួរ​ដោយ​មិន​ទាំង​គិត​ទៀត​ផង។

  • តើ​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​របៀប​ណា?
  • តើ​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ចេញ​ពី​អ្វី?
  • តើ​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដើម្បី​អ្វី?

ត្រង់​នេះ​ខ្ញុំ​មិន​មែន​ណែនាំ​ថា រាល់​បទ​ចម្រៀង រាល់​សេចក្ដី​អធិប្បាយ និង​រាល់​សៀវភៅ​គ្រប់​ក្បាល​គឺ​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ​ដោយ​មាន​ភាព​ស្មើៗ​គ្នា​នោះ​ទេ។ ប៉ុន្តែ សូម​យើង​យក​ចិត្ត​ទុក​ដាក់។ ខណៈ​ពេល​ដែល​លោក​អ្នក​ស្ដាប់ ឬ​ក៏​អាន នោះ​លោក​អ្នក​នឹង​ចាប់​ផ្ដើម​យល់​អំពី​អ្វី​ដែល​សាវ័ក ប៉ុល បាន​ហៅ​ថា​ជា «ពាក្យ​ដ៏​ត្រឹម​ត្រូវ» (២ធីម៉ូថេ ១:១៣)។ ដោយ​សារ​គ្រប់​ទស្សនវិជ្ជា​ទាំង​អស់​សុទ្ធ​តែ​មាន​លំនាំ​បែប​នេះ នោះ​លោក​អ្នក​នឹង​ឃើញ​ពី​លំនាំ​ក្នុង​រូប​ភាព​បែប​ជា​ធំ និង​ក្នុង​រូប​ភាព​បែប​ជា​លម្អិត។ ចំពោះ​គ្រីស្ទ​បរិស័ទ គឺ​មាន​លំនាំ​ដែល​មិន​រេរា​ទាក់​ទង និង​ពាក្យ​ដ៏​ត្រឹម​ត្រូវ​នៃ​ដំណឹង​ល្អ​ដែល​យើង​គួរ​ផ្ដោត​ទៅ​លើ​ពេល​ដែល​យើង​ស្ដាប់ ហើយ​គួរ​តែ​កត់​សម្គាល់​នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​ថា​ពាក្យ​ទាំង​នោះ​មិន​មាន​នៅ​ក្នុង​អ្វី​ដែល​យើង​កំពុង​តែ​ស្ដាប់។

ចូរ​ស្រឡាញ់​ការ​វែក​ញែក

អ្វី​ដែល​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​គឺ​ថា​ឲ្យ​យើង​ចេះ​វែក​ញែក។ ជំនាញ​នៃ​ការ​វែក​ញែក​គឺ​ជា​ការ​រៀន​ចេះ​បដិសេធ​នូវ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ ឬក៏​នឹង​នរ ប៉ុន្តែ​សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​ឲ្យ​យើង​ចង់​ចេះ​ឱប​ក្រសោប​នូវ​អ្វី​ដែល​មាន​តម្លៃ (កិច្ចការ ១៧:១១; រ៉ូម ១២:៩; ១ថែស្សាឡូនីច ៥:២១)។ ការ​វែក​ញែក​ដំណឹង​ល្អ​ជួយ​ឲ្យ​យើង​ស្គាល់​ពី​ចំណុច​ខុស​គ្នា ដើម្បី​ឲ្យ​យើង​រក្សា​ទុក​នូវ​សេចក្ដី​ពិត​ដ៏​ត្រឹម​ត្រូវ ហើយ​និង​ដើម្បី​ឲ្យ​យើង​ពិត​ជា​អាច​ឱប​ក្រសោប​សេចក្ដី​ពិត​នោះ​បាន ក៏​ដូច​ជា​មាន​ការ​អប​អរ​សាទរ​ជា​មួយ​នឹង​វា​ផង​ដែរ។

ជា​លទ្ធផល នេះ​មាន​ន័យ​ថា យើង​ត្រូវ​តែ​ឲ្យ​តម្លៃ​លើ​បុរស និង​ស្ត្រី​ដែល​ឆ្លើយ​សំណួរ​ដំបូង​បាន​យ៉ាង​ច្បាស់​លាស់ ពីព្រោះ​តាម​រយៈ​ការ​នោះ វា​នឹង​ជួយ​ឲ្យ​យើង​កាន់​តែ​ងាយ​យល់​លើ​សំណួរ​នានា​ទៀត​ផង។

ប្រសិន​បើ​លោក​អ្នក​ចំណាយ​ពេល​យ៉ាង​យូរ​ក្នុង​ការ​ឆ្លើយ​សំណួរ​ទាំង​បី​នេះ នោះ​លោក​អ្នក​នឹង​ប្រាកដ​ជា​ឃើញ​លំនាំ​របស់​វា​ជា​មិន​ខាន។ ការ​ចេះ​វែក​ញែក​បែប​នេះ​នឹង​ជួយ​លោក​អ្នក​ពេល​ដែល​លោក​អ្នក​ប្រឈម​មុខ​ក្នុង​ការ​ចម្រាញ់​ការ​ស្ដាប់​សេចក្ដី​អធិប្បាយ ការ​អាន​កំណត់​ហេតុ​បណ្ដាញ ការ​ស្ដាប់​បទ​ចម្រៀង ឬ​ក៏​ការ​អាន​សៀវភៅ​ជា​ដើម។

ខ្ញុំ​ជឿ​ជាក់​ថា ក្រុម​ជំនុំ​នឹង​កាន់​តែ​មាន​សុខ​ភាព​ល្អ និង​ចេះ​មាន​អំណរ​លើស​ដើម ខណៈ​ពេល​ដែល​ក្រុម​ជំនុំ​កាន់​តែ​មាន​ជំនាញ​ក្នុង​ការ​វែក​ញែក កាន់​តែ​យល់​លើ​ដំណឹង​ល្អ និង​កាន់​តែ​មាន​ជំនាញ​ក្នុង​ការ​ដឹង​ថា តើ​យើង​គួរ​ស្រឡាញ់​អ្វី​ទៅ។ ការ​វែក​ញែក​កំពុង​តែ​ស្រែក​ហៅ​មក​កាន់​យើង។ តាម​រយៈ​ការ​សួរ​សំណួរ​ទាំង​បី​នេះ យើង​កំពុង​តែ​ណែនាំ​ឲ្យ​គេ​ស្គាល់​ឡើង​វិញ​ពី​សារៈសំខាន់​នៃ​ចម្លើយ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្រាន់​តែ​ស្ដាប់ ដើម្បីឲ្យ​ទទួល​បាន​ចម្លើយ​ត្រឹម​ត្រូវ​នោះ​ទេ ពិត​ណាស់​យើង​ចង់​បាន​ចម្លើយ​ដែល​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​យើង​អាច​ស្វែង​រក​បាន​សារ​ជាថ្មី​ម្ដង​ទៀត​ក្នុង​ការ​លង់​ស្នេហ៍​លើ​ភាព​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។

ហើយ​នេះ​គឺ​ជា​របៀប​ដែល​វា​នឹង​កើត​ឡើង​បាន។ សំណួរ​បី​ដ៏​ធំ (គឺ​សំណួរ​បី​ដ៏​ធំ​ជាង​គេ​បំផុត) ដែល​យើង​អាច​សួរ​មក​កាន់​ខ្លួន​ឯង​នៅ​ក្នុង​ជីវិត​នេះ ដើម្បី​ជា​ការ​រម្លឹក​យើង​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ ចូរ​សាក​ល្បង​វា​ទៅ។ នៅ​ពេល​លោក​អ្នក​ស្ដាប់​សេចក្ដី​អធិប្បាយ​ពេល​ក្រោយ ចូរ​សួរ​សំណួរ​ដ៏​សាមញ្ញ​ទាំង​បី​នេះ ហើយ​ស្ដាប់—ដោយ​យក​ចិត្ត​ទុក​ដាក់—រក​ចម្លើយ​ដ៏​មាន​តម្លៃ​ដែល​យើង​ស្គាល់​ដែល​ជួយ​ទ្រទ្រង់​អំណរ​ប្រចាំ​ថ្ងៃ​របស់​យើង​ក្នុង​ព្រះ​គ្រីស្ទ។

និពន្ធ​ដោយ៖ លោក​គ្រូ Tony Reinke
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក វែល ណាថាន និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សម្រាក​ក្នុង​អធិបតេយ្យភាព

ត្រូវធ្វើអ្វីខ្លះ? ពេលផ្អាកថ្វាយបង្គំមួយរយៈ?