ខ្ញុំគួរតែចាប់ផ្តើមដោយសារភាពអំពីចំណុចដ៏គួរអោយហួសចិត្តមួយ៖ ខ្ញុំមានទំនោរដោយមិនអើពើទៅនឹងអត្ថបទដែលស្តីពីការអធិស្ឋានប៉ុន្មានទេ។ ដែលមានន័យថា ប្រសិនបើលោកអ្នកចុចចេញពីអត្ថបទមួយនេះ នោះខ្ញុំក៏មិនហានស្តីបន្ទោសលោកអ្នកដែរ ពីព្រោះខ្ញុំយល់អំពីអារម្មណ៍មួយនេះ។ តើនៅសល់អ្វីដែលយើងអាចនិយាយអំពីប្រធានបទនេះបាន?
សារៈសំខាន់នៃការអធិស្ឋានគឺមិនមែនគ្រាន់តែជាចំណងជើងអត្ថបទដ៏ថ្មីនោះទេ។ វាជាចំណងជើង
«ដំណឹងចាស់ៗ»។ យើងដឹងហើយថា វាពិតជាសំខាន់ទោះបើយើងមិនបានដឹងអំពីដំណើរការរបស់វាទាំងស្រុងក៏ដោយ។ (ប្រសិនបើព្រះជាម្ចាស់បានរៀបចំផែនការសម្រាប់គ្រប់យ៉ាងហើយ លោកអ្នកប្រហែលជាមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាលោកអ្នកចាំបាច់ទូលសូមអ្វីមួយពីទ្រង់?) ទោះបើលោកអ្នកមិនបានប្រកាន់ភ្ជាប់ខាងសាសនាក៏ដោយ ក៏លោកអ្នកដឹងថា អ្នកដើរតាមព្រះយេស៊ូវក៏អធិស្ឋានដែរ។ ពួកគេនិយាយជាមួយនឹងទ្រង់ ឬគិតថា នោះជាអ្វីដែលពួកគេកំពុងធ្វើ។ ហើយប្រសិនបើលោកអ្នកជាអ្នកជឿ តើនៅមានប្រធានបទដ៏សាមញ្ញជាងនេះទេ?
ប្រសិនបើជំនឿគ្រីស្ទបរិស័ទមានកម្មវិធីសិក្សា នោះថ្នាក់ដែលហៅថា «ការអធិស្ឋានគឺជាការដ៏សំខាន់» នឹងមិនមែនជាជម្រើសថ្នាក់សម្រាប់មហាវិទ្យាល័យទេ តែវាជាតម្រូវការមុនដំបូងបង្អស់សម្រាប់សាលាមត្តេយ្យ។
ចូរកុំសន្មតឡើយ
ដូច្នេះ ការអធិស្ឋានគឺជាមូលដ្ឋានគ្រឹះ។ វាពិតជាសំខាន់ណាស់។ ប៉ុន្តែ តើយើងមិនអាចសន្មតថា នេះជាការពិតមែន ហើយបញ្ចប់ការសិក្សាដោយវគ្គ «ដែលមានប្រយោជន៍» បានឬ? កុំលឿនពេក។ អ្វីដែលសំខាន់ជាងគេបំផុតក្នុងជីវិត យើងមិនត្រូវទៅលឿនពេក ឬកាត់ន័យយកនោះឡើយ។
ខ្ញុំជឿជាក់ថា ការមិនអធិស្ឋានមុនពេលចូលទៅកាន់ព្រះបន្ទូលរបស់ព្រះគឺជាហេតុផលដ៏សំខាន់មួយសម្រាប់ការមិនស្កប់ចិត្តដែលមាននៅក្នុងជីវិតរបស់យើង។ នៅពេលដែលយើងមិនបានអធិស្ឋាន នោះយើងបានលះបង់សេចក្តីអំណរ និងសេចក្តីសុខសាន្តក្នុងជីវិតយើងចោល។ ប្រាកដណាស់! ការអានព្រះគម្ពីរដោយមិនអធិស្ឋានគឺជារឿងដ៏មិនល្អបំផុតដែលយើងកំពុងតែធ្វើ។ ដ្បិតគ្រីស្ទបរិស័ទដែលគ្មានការអធិស្ឋានគឺជាគ្រីស្ទបរិស័ទដែលគ្មានអំណាច។
ស-ស-ស-ព
លោកអ្នកប្រហែលជាស្គាល់អំពីការអធិស្ឋានដោយឆ្លើយតបទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេចក្នុងការអធិស្ឋានដោយការរង់ចាំ? តើការអធិស្ឋានមុនអានព្រះគម្ពីរមានលក្ខណៈបែបណា?
វាមានន័យថា លោកអ្នកមិនត្រូវប្រញាប់អានព្រះគម្ពីររបស់លោកអ្នក ដោយរំពឹងថាអត្ថបទក្នុងទំព័រទាំងនោះនឹងកម្ដៅបេះដូងដ៏ត្រជាក់របស់លោកអ្នកនោះទេ។ តាមពិតទៅ! ព្រះជាម្ចាស់ជាព្រះដែលមានអធិបតេយ្យភាព—ដែលនេះជារបៀបមួយផ្សេងទៀតក្នុងការនិយាយថា ទ្រង់ជាព្រះ ហើយទ្រង់ធ្វើនូវអ្វីៗដែលទ្រង់សព្វព្រះហឫទ័យ (ទំនុកតម្កើង ១១៥:៣) ។ ព្រះអង្គមានសមត្ថភាពក្នុងការដែលកម្ដៅនូវដួងចិត្តរបស់លោកអ្នក សូម្បីតែក្នុងពេលដែលលោកអ្នកមិនបានទូលសូមទ្រង់ក៏ដោយ។ ប៉ុន្តែ ហេតុអ្វីមិនទូលសូមទ្រង់ទៅ?
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានឮលោកគ្រូ ចន ផាបភ័រ ចែកចាយតួអក្សរកាត់ដែលគាត់ប្រើប្រាស់ ដើម្បីត្រៀមបេះដូងរបស់គាត់ក្នុងការស្តាប់ពីព្រះជាម្ចាស់។ តួអក្សរកាត់—ស-ស-ស-ព—ត្រូវគ្នានឹងសេចក្ដីអធិស្ឋាន
ពីទំនុកតម្កើង។
ស – «សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរកសេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!» (ទំនុកតម្កើង ១១៩:៣៦)
នេះមិនមែនជាសំណូមពរដែលនិយាយបញ្ជោរនោះទេ។ តែវាបានបញ្ជាក់ថា ដួងចិត្តរបស់យើងកោងខុសទិស គេចឆ្ងាយចេញពីអ្វីដែលផ្តល់ឲ្យមានជីវិត។ វាមិនមែនមានន័យថា យើងមិនចូលចិត្តព្រះគម្ពីររបស់យើងនោះទេ គឺគ្រាន់តែថាយើងឲ្យតម្លៃធំលើអ្វីផ្សេងទៀត។ ហាក់បីដូចជាថា បញ្ជីបំណងរបស់យើងមានការចាប់អារម្មណ៍ច្រើនជាងនោះ ហើយថាបញ្ជីការងារដែលត្រូវធ្វើរបស់យើងទាំងនោះមានការបន្ទាន់ៗ ហើយមានការ
ចាំបាច់ជាង។
ឧទាហរណ៍៖ ភាគច្រើនពេលព្រឹកខ្ញុំតែងតែគិតអំពីចំណុចណាមួយនៃចំណោមទាំងបីនេះ៖
១. តើខ្ញុំមានគម្រោងការអ្វីខ្លះសម្រាប់ថ្ងៃនេះ?
២. តើខ្ញុំនឹងញ៉ាំអ្វីសម្រាប់អាហារពេលព្រឹក?
៣. តើមានអ្វីកំពុងកើតឡើងលើបណ្ដាញសង្គម?
មិនមែនថាសំណួរបែបនេះមិនល្អនោះទេ ប៉ុន្តែវាបានពណ៌នាអំពីយើងច្រើនណាស់។ វាលាតត្រដាងពីភាពធម្មជាតិនៃការកោងនៃបេះដូងរបស់យើង។ វាបានបង្ហាញថា ទោះបើវាមិនចាំបាច់មានការគិតពីខ្លួនឯងក៏ដោយ ក៏ខ្ញុំត្រូវតែព្យាយាម ដើម្បីគិតពីព្រះជាម្ចាស់ដែរ។
ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវដកខ្លួនឲ្យឆ្ងាយពីការយកចិត្តទុកដាក់ដ៏គួរឲ្យស្អប់ខ្ពើមលើខ្លួនឯងចេញ។ ហើយលោកអ្នកក៏ត្រូវធ្វើបែបនេះដែរ។ ជាការអរគុណដល់ព្រះជាម្ចាស់ ដែលទ្រង់សព្វព្រះហឫទ័យក្នុងការដកនូវអ្វីៗដែលឥតប្រយោជន៍ចេញពីដួងចិត្តរបស់យើង ហើយបង្វែរវាឆ្ពោះទៅរកអ្វីៗដែលមិនអាចកាត់ថ្លៃបាន ទាំងអស់នោះគឺសម្រាប់ជាប្រយោជន៍នៃអំណរដល់យើងវិញ។ នេះគឺជាភារកិច្ចនៃការអធិស្ឋាន។ យើងគ្រាន់តែត្រូវទូលសូមទ្រង់ប៉ុណ្ណោះ។
ស – «សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យនៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ»
(ទំនុកតម្កើង ១១៩:១៨)។
នៅក្នុងរបៀបដូចគ្នាជាច្រើន ការអានព្រះគម្ពីរគឺដូចគ្នានឹងការអានសៀវភៅផ្សេងៗដែរ។ យើងគួរតែអានតាមរបៀបដែលយើងអានផ្នែកអក្សរសិល្ប៍ណាមួយ ដោយផ្ដោតទៅលើប្រភេទនៃអក្សរសិល្ប៍ ប្រពៃណី គោលបំណងរបស់អ្នកនិពន្ធ ហើយទាំងអស់នោះសុទ្ធតែល្អៗមែន។ ប៉ុន្តែ ក៏មានភាពខុសគ្នាដ៏ធំមួយដែរ។ បុគ្គលទីបីនៃព្រះត្រៃឯកដ៏នៅអស់កល្បជានិច្ចបានផ្លុំខ្យល់ដង្ហើមចូលក្នុងពាក្យពេចន៍ទាំងនោះ។ ហើយព្រះវិញ្ញាណសព្វព្រះហឫទ័យក្នុងការនាំព្រះបន្ទូលរបស់ព្រះឲ្យមានជីវិតពីមួយថ្ងៃទៅមួយថ្ងៃក្នុងចិត្តរបស់មនុស្សដែលខ្វាក់ដោយសារការគ្រប់គ្រងអ្វីដែលគ្មានតម្លៃ។
តើមានអ្វីបានទាក់ទាញការស្រមៃរបស់លោកអ្នក? តើកែវភ្នែកបេះដូងរបស់លោកអ្នកស្រឡាញ់អ្វី? នៅពេលដែលលោកអ្នកបានបើកនូវព្រះគម្ពីររបស់អ្នកកុំសង្ឃឹមថានឹងត្រូវមន្តអាគមអាថ៌កំបាំងណាមួយនឹងកើតមានឡើយ។ សូមនិយាយដោយផ្ទាល់ជាមួយអ្នកនិពន្ធចុះ។ ចូរទូលសូមឲ្យព្រះវិញ្ញាណបើកភ្នែកដ៏ខ្វាក់របស់លោកអ្នកឲ្យមើលឃើញភាពស្រស់ស្អាតដែលកំពុងសម្លឹងមើលមុខលោកអ្នក។ ដូចដែលលោកគ្រូ ឆាលស៍ ស្ពើជិន បានសង្កេតឃើញថា «ជារឿយៗ អត្ថបទនឹងបដិសេធមិនបង្ហាញទ្រព្យសម្បត្តិរបស់វា ទាល់តែលោកអ្នកបើកវាដោយយកកូនសោនៃការអធិស្ឋាននោះជាមុនសិន»។
ស – «សូមបង្រួមចិត្តទូលបង្គំឲ្យកោតខ្លាចព្រះនាមព្រះអង្គ» (ទំនុកតម្កើង ៨៦:១១)។
កាលខ្ញុំនៅក្មេង ឪពុកខ្ញុំបានពន្យល់ពីមូលហេតុដែលថាការបើកព្រះគម្ពីរគឺជាការពិបាកណាស់។ គាត់បាននិយាយថា «វាស្ទើរតែដូចជាថាម្រាមដៃរបស់សាតាំងកំពុងតែសង្កត់លើគម្របព្រះគម្ពីរអញ្ចឹង»។ ខ្ញុំចាំថា កាលនោះខ្ញុំបានគិតថា វាចំឡែកណាស់។ តែឥឡូវ ខ្ញុំជឿថាវាជាការពិតមែន។
ព្រះគម្ពីរបានបង្រៀនឲ្យយើងបានដឹងថា អារក្សមានឧបាយកលច្រើនណាស់។ វាដឹងអំពីវិធីដ៏ងាយៗក្នុងការរារាំងយើងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺធ្វើឲ្យយើងវង្វេងស្មារតី យកវត្ថុភ្លឺរលោងទាក់ទាញយើង បោកឲ្យយើងគិតអំពីអ្វី—អ្វីក៏បាន—ផ្សេងៗទៀត។
ប្រហែលជាលោកអ្នកស្គាល់អំពីស្ថានភាពនេះ៖ មិនអីទេ! កណ្ឌគម្ពីររ៉ូមជំពូកទី២។ តោះ! ចូរមើល! តើខ្ញុំបានឈប់នៅកន្លែងណា? មិនអីទេ ចំណុចនេះមើលទៅខ្ញុំយល់ហើយ។ ខ្ញុំស្រឡាញ់សាវ័ក ប៉ុល…ខ្ញុំឃ្លានបាយហើយ។ តើការជួបគ្នាញ៉ាំអាហារថ្ងៃត្រង់របស់ខ្ញុំថ្ងៃស្អែកនៅម៉ោង ១១:៣០ ឬក៏ ១២:៣០? ឲ្យខ្ញុំមើលសិន…។
អស្ចារ្យណាស់! តើវាមិនដូច្នោះមែនទេឬ? ចិត្តរបស់យើងបែកទៅទិសដៅមួយពាន់ផ្សេងៗពីគ្នា។ ដូចដែលលោកគ្រូ ផាបភ័រ បានសរសេរនៅកន្លែងណាមួយ ដែលពាក្យរបស់គាត់គួរមកលងយើងជាច្រើនដងថា
«ការប្រើប្រាស់ដ៏អស្ចារ្យមួយក្នុងបណ្ដាញសង្គម ធ្វីតធ័រ និង ហ្វេសប៊ុក នឹងបង្ហាញថានៅថ្ងៃចុងក្រោយ ភាពគ្មានការអធិស្ឋានមិនមែនមកពីការខ្វះពេលវេលាទេ»។
យើងត្រូវតែអធិស្ឋានឲ្យមានចិត្តដែលរួបរួម ក្រែងវារសាត់ទៅរកការបែងចែក បង្វែរអារម្មណ៍ និងឃ្លាតឆ្ងាយចេញពីព្រះបន្ទូលដ៏មានព្រះជន្មរស់របស់ព្រះជាម្ចាស់។
ព – «ពេល ព្រឹក សូមចម្អែតយើងខ្ញុំដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ» (ទំនុកតម្កើង ៩០:១៤)។
វាមិនមែនគ្រាន់តែថា យើងវង្វេងចេញពីព្រះជាម្ចាស់ទេ។ យើងក៏មិនស្កប់ចិត្តនឹងព្រះជាម្ចាស់ដែរ។
ប្រាកដណាស់! យើងដឹងហើយថា ទ្រង់ជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើង ប៉ុន្តែយើងគិតថាបើយើងចង់ក្លាយជាមនុស្សដែលពិតជាអរសប្បាយមែន—រីករាយដ៏ពិត—យើងត្រូវតែស្វែងរកនៅកន្លែងណាផ្សេងៗទៀត។
ពេលខ្លះអ្នកកាន់សាសនាបង្ហាញអារម្មណ៍ថា ការមានសុភមង្គលគឺមិនមែនជាការគោរពសាសនាទេ។ លោកអ្នកអាចសប្បាយចិត្ត ឬក៏លោកអ្នកអាចជាមនុស្សបរិសុទ្ធ ប៉ុន្តែច្បាស់ជាមិនអាចមានទាំងពីរបានឡើយ។
ជាការអរព្រះគុណណាស់ដែលព្រះគម្ពីរមិនគាំទ្រគំនិតបែបនេះនោះទេ។
មនុស្សគ្រប់ៗរូបនៅលើផែនដីនេះកំពុងតែស្វែងរកសុភមង្គល។ នោះមិនមែនជាបញ្ហាទេ។ តែបញ្ហាគឺថា យើងបានស្វែងរកវាក្រៅពីក្នុងព្រះជាម្ចាស់។ ការស្វែងរកត្រឹមត្រូវ ប៉ុន្តែខុសទិសដៅហើយ។
ក្នុងសុន្ទរកថានៅឆ្នាំ ២០០៥ នៅឯមហាវិទ្យាល័យ ខេនយ៉ុន (Kenyon College) អ្នកនិពន្ធរឿងប្រលោមលោកអាមេរិកម្នាក់ដែលមានឈ្មោះថាលោក ដេវិឌ ហ្វសស្ទ័រ វល់ឡេស៍ (David Foster Wallace)
បាននិយាយយ៉ាងចំៗដែលសូម្បីតែសកលលោកនេះក៏បានចាប់អារម្មណ៍ដែរ។ លោក វល់ឡេស៍ មិនមែនជាគ្រីស្ទបរិស័ទទេ តែពាក្យសម្ដីរបស់គាត់បានជះឥទ្ធិពលយ៉ាងខ្លាំងខាងឯវិញ្ញាណ៖
«ហេតុផលដ៏គួរឲ្យទាក់ទាញនូវអារម្មណ៍គឺទាក់ទងនឹងការជ្រើសរើសព្រះ ឬអ្វីមួយខាងឯវិញ្ញាណ ដើម្បីថ្វាយបង្គំ…គឺត្រង់ថា អ្វីៗផ្សេងទៀតដែលលោកអ្នកថ្វាយបង្គំនឹងស៊ីអ្នកទាំងរស់។ បើអ្នកថ្វាយបង្គំលុយកាក់ និងវត្ថុណាមួយ បើវាជាកន្លែងដែលអ្នកចាប់យកអត្ថន័យពិតនៅក្នុងជីវិតនេះ នោះលោកអ្នកនឹងមិនដែលមានអារម្មណ៍ថា ខ្លួនមានគ្រប់គ្រាន់ទេ។ បើថ្វាយបង្គំរាងកាយ សម្រស់ និងភាពទាក់ទាញអារម្មណ៍ខាងផ្លូវភេទ នោះលោកអ្នកនឹងមានអារម្មណ៍មិនស្អាតរហូត។ ហើយនៅពេលវេលាមកដល់ និងអាយុចាប់ផ្តើមបង្ហាញពីលោកអ្នក នោះលោកអ្នកនឹងស្លាប់រាប់លានដងមុនពេលគេអាចកប់លោកអ្នកទៅទៀត…បើថ្វាយបង្គំអំណាច នោះលោកអ្នកនឹងមានអារម្មណ៍ទន់ខ្សោយ និងភ័យខ្លាច ហើយលោកអ្នកនឹងត្រូវការអំណាចច្រើនទៀតលើអ្នកដទៃ ដើម្បីរម្ងាប់នូវភាពភ័យខ្លាចរបស់ខ្លួនចោល។ បើថ្វាយបង្គំភាពឆ្លាតវៃ ឲ្យគេឃើញថា លោកអ្នកជាមនុស្សឆ្លាត នោះលោកអ្នកនឹងបញ្ចប់ដោយមានអារម្មណ៍ឆោតល្ងង់ ការបន្លំ តែងតែនៅក្នុងស្ថានភាពនៃការបែកធ្លាយ។ ប៉ុន្តែ អ្វីដែលគួរឲ្យស្អប់ខ្ពើមអំពីទម្រង់នៃការថ្វាយបង្គំទាំងនេះគឺ…វាកើតឡើងដោយយើងមិនដឹងខ្លួនទាល់តែសោះ។ វាជាការកំណត់លំនាំដើម។»
តើលោកអ្នកអាចមើលឃើញមុខខ្លួនឯងនៅក្នុងកញ្ចក់នៃពាក្យសម្ដីរបស់លោក វល់ឡេស៍ បានទេ? ខ្ញុំអាច។ នេះជាមូលហេតុដែលខ្ញុំត្រូវតែចូលទៅជិតព្រះបន្ទូលរបស់ព្រះដោយការអធិស្ឋាន ដោយទូលសូមទ្រង់ឲ្យបំពេញចិត្តរបស់យើងដែលមិនចេះឆ្អែតឆ្អន់ដោយសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់ទ្រង់វិញ។
មតិយោបល់
Loading…