in ,

ទំ​នួល​ខុស​ត្រូវ​៥​យ៉ាង​នៃ​សមាជិក​ពួក​ជំនុំ​គ្រប់​រូប

សមាជិក​ភាព​នៃ​ពួក​ជំនុំ​មិន​មែន​ជា​ជម្រើស​ទេ​ តែវា​ជា​កត្តា​ចាំ​បាច់​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​ដើម្បី​ស្វែង​រក​ចូល​រួម និង​ភ្ជាប់​ខ្លួន​ទៅ​កាន់​ក្រុម​ជំនុំ​តាម​តំបន់។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ចូល​រួម​ក្រុម​ជំនុំ តើ​អ្នក​មាន​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ?

នៅ​ក្នុង​សៀវភៅ​របស់​គាត់មានចំណងជើងថា​សញ្ញា​៩​យ៉ាង​នៃ​ក្រុម​ជំនុំ​ដែល​មាន​សុខភាព​ល្អ (“Nine Marks of a Healthy Church” មាន​ការ​បោះ​ពុម្ព​លើក​ទី២​មិន​មែន​លើក​ទី៣​ទេ ដូច្នេះប្រហែល​ទើប​តែ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​រួច) លោកគ្រូ ម៉ាក ដិវើរ (Mark Dever) ចេញផ្សាយ​នូវ​ចំណងជើងថា ទំនួល​ខុស​ត្រូវ​ទាំង​៥ខាង​ក្រោម​សម្រាប់​សមាជិក​ក្រុមជំនុំ​គ្រប់​រូប​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់៖ ចូល​រួម​ការ​ថ្វាយ​បង្គំ​ជា​ប្រចាំ ចូល​រួម​ការ​រួប​រួម​ពិធី​កាច់​នំបុ័ង ចូល​រួម​ការ​ប្រជុំ​របស់​សមាជិក​ដោយ​ខ្ជាប់​ខ្ជួន អធិស្ឋាន​ជា​ទៀង​ទាត់ និង​ថ្វាយ​តង្វាយជា​ទៀង​ទាត់ (ទំព័រ១៦១)។

នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ ហើយមិន​ចាំ​បាច់​​សង្ស័យ​ទេ អ្នក​អាច​បង្កើត​បញ្ជី​ទំនួល​ខុស​ត្រូវ​ចំនួន ២០ ឬ៣០ និង៤០​យ៉ាង​ងាយ​ស្រួល​សម្រាប់​សមាជិក​ក្រុម​ជំនុំ​នីមួយៗ ដូច្នេះ​បញ្ជី​នេះ​មិន​គួរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ទូលំ​ទូលាយ ឬ​គួរ​ឲ្យ​ហត់​នឿយ​នោះ​ទេ។ ហើយ​ការ​យល់ដឹង​របស់​អ្នក​អំពី​អ្វី​ដែល​សមាជិក​ក្រុម​ជំនុំ​ត្រូវ​បាន​គេ​សន្មត​ថា នឹង​ធ្វើ នឹងមានការប្រែប្រួល អាស្រ័យ​លើ​គោល​ជំនឿ​របស់​អ្នកនោះ និង​និកាយ ឬ​បណ្ដាញ​ក្រុម​ជំនុំរបស់ពួកគេ។ ប៉ុន្តែ​ការ​កសាង និង​នាំ​យក​ពី​ការងារ​របស់​លោកគ្រូ ម៉ាក ដិវើរ ខ្ញុំ​សូម​ណែនាំ​នូវ​ទំនួល​ខុស​ត្រូវ​ទាំង​ប្រាំ​យ៉ាងខាង​ក្រោម​សម្រាប់​សមាជិក​ក្រុម​ជំនុំ​គ្រប់​រូប៖

១. ចូល​រួម​ពេល​ថ្វាយ​បង្គំ​​នៅ​ថ្ងៃ​អាទិត្យ
​នៅ​អាមេរិក ​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​គិត​ថា ពួក​គេ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ក្រុម​ជំនុំ ប្រសិន​បើ​ពួក​គេ​ចូល​រួម​ការ​ថ្វាយ​បង្គំ​ថ្ងៃ​អាទិត្យ​ពីរ​ដង​ក្នុង​មួយ​ខែ។ ខ្ញុំ​សូម​អង្វរ​កុំ​ធ្វើ​ដូច្នោះ​ឡើយ។ ទោះ​បី​ជា​ជំងឺ វិស្សម​កាល និង​ហេតុផល​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត ដែល​នឹង​រារាំង​រាស្ត្រ​របស់​ព្រះ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ក៏​ដោយ វា​ជា​រឿង​ចាំ​បាច់​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​ក្នុង​ការ​ចូល​រួម​ក្នុងព្រះវិហារ​នៅ​ថ្ងៃអាទិត្យ លុះ​ត្រា​តែ​មាន​កិច្ច​ការ​សំខាន់​ដែល​មិន​អាច​ជៀស​វាង​បាន។

ដោយ​ការ​មិន​បាន​ទៅ​ក្រុម​ជំនុំ នោះ​អ្នក​ខក​ខាន​ពិធី​​លៀង​​ព្រះ​អម្ចាស់ ការ​អធិប្បាយ​ព្រះ​បន្ទូល ការ​ប្រកប​ជា​មួយ​អ្នក​ជឿ ការ​រីកចម្រើន​ឡើង​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​អ្នក និង​រឿង​ល្អៗ​ជា​ច្រើន​ផ្សេង​ទៀត។ អ្នក​ដាក់​ខ្លួន​អ្នក​ឲ្យ​នៅ​ឆ្ងាយ​ពី​របៀប​ចម្បង​មួយ​ដែល​ព្រះ​បាន​តាំង ដើម្បី​ស្អាង​អ្នក​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ វា​មិន​មែន​ជា​ការ​បំផ្លើស​ទេ​ក្នុង​ការ​និយាយ​ថា ទង្វើ​ដ៏​ស្មុគ​ស្មាញ​នៃ​ការ​មិន​ចូល​រួម​ក្រុម​ជំនុំ​ជា​ទៀង​ទាត់​ដោយ​សារ​​ហេតុផល​តូច​តាច​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ខាង​វិញ្ញាណ។

ប៉ុន្តែ វា​មិន​មែន​គ្រាន់​តែ​ជា​អ្វី​ដែល​អ្នក​ទទួល​បាន​ពី​ក្រុម​ជំនុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្វី​ដែល​អ្នក​ផ្ដល់​ឲ្យ​ផង​ដែរ (ការ​ពន្យល់​បន្ថែម​ទៀត​នៅ​ខាង​ក្រោម) ដល់​ក្រុម​ជំនុំ​របស់​អ្នក។ វត្ត​មាន​របស់​អ្នក​គឺ​ចាំ​បាច់​ណាស់។ សូម​ស្ដាប់​នូវ​របៀប​ដែល​លោក ដេទ្រិខ ប៊ុនហូហ្វ័រ (Dietrich Bonhoeffer) សរសេរ​វា​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ ជីវិត​រួម​គ្នា៖ «វត្ត​មាន​រាង​កាយ​របស់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត គឺ​ជា​ប្រភព​នៃ​សេចក្ដី​អំណរ និង​កម្លាំង​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ចំពោះ​អ្នក​ជឿ។

ដោយ​គ្រាន់​តែ​ទៅ​ក្រុម​ជំនុំ​នៅ​ថ្ងៃ​អាទិត្យ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​មួយ​ដល់​គ្រូ​គង្វាល​របស់​អ្នក និង​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ អ្នក​ប្រហែល​ជា​មិន​តែង​តែ​មាន​អារម្មណ៍​ចង់​ទៅ​ក្រុម​ជំនុំ​ទេ ប៉ុន្តែ​អ្នក​នឹង​សប្បាយ​ចិត្ត​ដែពេលអ្នក​ទៅ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ទាំង​នោះ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។ ហើយ​សូម្បី​តែ​ពេល​ដែល​អ្នក​មិន​មាន​អារម្មណ៍​ចង់​ទៅ​ក៏​ដោយ ក៏​អ្នក​ទទួល​បាន​ច្រើន​ពី​វា​ដែល​អ្នក​ប្រហែល​ជា​មិន​ដឹង។ ព្រះ​ធ្វើ​ការ​ដើម្បី​កសាង​អ្នក​ក្នុង​សេចក្ដី​ជំនឿ​របស់​អ្នក​យ៉ាង​ច្បាស់ និង​ល្អិត​ល្អន់​ពេល​អ្នក​ចូល​ក្រុម​ជំនុំ​ដោយ​ស្មោះ​ត្រង់​រាល់​ថ្ងៃ​អាទិត្យ។

២. បម្រើ​ក្រុម​ជំនុំ​ដោយ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​អ្នក
មាន​គោល​ការណ៍​នៅ​ក្នុង​អាជីវកម្ម​ដែល​ហៅ​ថា​គោល​ការណ៍​ប៉ារ៉ាតូ (Pareto Principle)។ ជា​សង្ខេប វា​មាន​ន័យ​ថា ២០% នៃ​មនុស្ស​ធ្វើ ៨០% នៃ​ការ​ងារ ឬ​ជា​ពិសេស​ជាង ៨០% នៃ​ផល​ប៉ះ​ពាល់ គឺ​មក​ពី ២០% នៃ​មូលហេតុ។ ពិត​នៅ​ក្នុង​អាជីវកម្ម ហើយ​ជា​រឿយៗ​ក៏​ជា​ការ​ពិត​នៅ​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្តែ​វា​មិន​គួរ​ទេ។ ប្រសិន​បើ​អ្នក​ជា​គ្រីស្ទ​បរិស័ទ​ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក​ដោយ​អំណោយ​ទាន​ខាង​វិញ្ញាណ (ឬ​អំណោយ)។ ហើយ​គោល​បំណង​នៃ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​អ្នក គឺ​មិន​មែន​ដើម្បី​រក្សា​ទុក​វា កប់​វា ឬ​ប្រើ​វា​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មើល​ទៅ​អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​ដើម្បី​រក្សា​វា​ឲ្យ​បាន​ល្អ​ដោយ​ការ​ស្អាង​ព្រះវិហារ។

តើ​អំណោយ​ខាង​វិញ្ញាណ​របស់​អ្នក​គឺ​ជា​អ្វី? រដ្ឋ​បាល? បដិ​សណ្ឋារកិច្ច? បង្រៀន? ចូរ​ប្រើ​វា។ សង្ឃឹម​ថា​គ្រូ​គង្វាល​នៃ​ក្រុម​ជំនុំ​របស់​អ្នក​កំពុង​នាំ​ពួក​បរិសុទ្ធ​សម្រាប់​ការ​បម្រើ (អេភេសូរ ៤:១២)។ និយាយ​ជាមួយ​នរណា​ម្នាក់​នៅ​ក្នុង​ព្រះវិហារ​របស់​អ្នក​អំពី​ការ​ចូលរួម​បម្រើ​។ ចុះ​ឈ្មោះ​សម្រាប់​ក្រុម​កិច្ច​ការ​ព័ន្ធ​កិច្ច​។ អ្វី​ក៏​ដោយ​ដែល​អ្នក​ធ្វើ​សូម​កុំ​កប់​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​អ្នក។

៣. ស្វែង​រក​ភាព​បរិសុទ្ធ
លោក រ៉ូបឺត មួរេយ មែកឆេនី (Robert Murray McCheyne) ធ្លាប់​បាន​និយាយ​ថា «តម្រូវ​ការ​ដ៏​ធំ​បំផុត​របស់​ប្រជា​ជន​របស់​ខ្ញុំ គឺ​ភាព​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ»។

ពិត​សម្រាប់​គ្រូ​គង្វាល ហើយ​ក៏​ជា​ការ​ពិត​សម្រាប់​ក្រុម​ជំនុំ​ផង​ដែរ។

ខ្ញុំ​ឃើញ​ថា គ្រីស្ទ​បរិស័ទ​មាន​ទំនោរ​ទៅ​រក​ការ​គិត​មួយ​ក្នុង​ចំណោម​ពីរ។ ផ្នែក​ដំបូង​ជា​ការ​គិត​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុមជំនុំ​ទាំង​ស្រុង ហើយ​សង្កត់ធ្ងន់​លើ​ការ​ដើរ​ផ្ទាល់​របស់​មនុស្ស​ម្នាក់​ជា​មួយ​ព្រះ​យេស៊ូវ។ ផ្នែក​ទីពីរ​ជា​ការ​គិត​ដែល​មាន​ទំនោរ​មិន​អើពើ​នឹង​ការ​ជួប​ជា​មួយ​ព្រះ​ពេញ​មួយ​សប្ដាហ៍ លើក​លែង​តែ​ថ្ងៃអាទិត្យ។យើង​ត្រូវ​នាំ​ពួក​គេ​ទាំង​ពីរ​មក​ជា​មួយ​គ្នា។

ទោះ​បី​ជា​ការ​បម្រើ​ថ្ងៃ​អាទិត្យ គឺ​មិន​ស្មើ​គ្នា​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​សារៈ​សំខាន់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ​របស់​អ្នក​ក៏​ដោយ​អ្នក​មិន​អាច​រំពឹង​ថា កម្មវិធី​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ​តែ​ឯង ដើម្បី​ទ្រ​ទ្រង់​អ្នក​ខាង​វិញ្ញាណ​ពេញ​មួយ​សប្ដាហ៍​នោះ​ទេ។នេះ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​បន្ត​គោរព​ព្រះ​យ៉ាង​សកម្ម​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍​ផង​ដែរ។ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន?

អាន​ព្រះ​គម្ពីរ​របស់​អ្នក ហើយ​អធិស្ឋាន​ជា​លក្ខណៈ​ឯក​ជន​ជា​ទៀង​ទាត់។ ចាប់​យក​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទៅ​ធ្វើ​ការ​ដោយ​ស្ដាប់​ព្រះ​បន្ទូល ផតខាស និង​សៀវភៅ​ជា​សំឡេង។ ចូល​រួម​ក្រុម​តូច​មួយ។ អាន​សៀវភៅ​គ្រីស្ទាន​ល្អៗ និង​ប្លក់។ ការ​ព្យាយាម​ស្វែង​រក​យ៉ាង​សកម្ម​ដើម្បី​សម្លាប់​អំពើ​បាប ដែល​រំខាន​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ការ​ជួប​ជុំ​ជា​មួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អ្នក​អាច​ធ្វើ​បាន។ ការ​ស្វែង​រក​ភាព​បរិសុទ្ធ​កើត​ឡើង​តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ជំរុញ​ដោយ​ព្រះ​គុណ​សម​ស្រប​តាម​មធ្យោបាយ​នៃ​ព្រះ​គុណ​និង​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ បើ​អ្នក​ប្រ​កាន់​យក​ភាព​បរិសុទ្ធ​កាន់​តែ​ខ្លាំង​នោះ​ក្រុម​ជំនុំ​របស់​អ្នក​នឹង​កាន់​តែ​ប្រសើរ។

៤. លើក​កម្ពស់​ការ​រួប​រួម​ក្នុង​ក្រុម​ជំនុំ
ថ្មីៗ​នេះ​ខ្ញុំ​បាន​លើក​ឡើង​ប្រាំ​នាទី ស្ដី​អំពី​ការ​រួប​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រ​ចាំ​ឆ្នាំ​របស់​យើង។ ខ្ញុំ​មិន​បាន​គិត​ច្រើន​អំពី​វា​ទេ ហើយ​ស្ទើរ​តែ​មិន​បាន​សរសេរ​កំណត់​ត្រា​ណា​មួយ​ឡើយ។ ប៉ុន្តែ​សមាជិក​របស់​យើង​ទទួល​បាន​យ៉ាង​ខ្លាំង​តាម​រយៈ​​ពាក្យ​របស់​ខ្ញុំ។ ដូច្នេះ វា​បាន​ជំ​រុញ​ឲ្យ​មាន​យុទ្ធនា​ការ «ការ​រួប​រួម​ចុង​សប្ដាហ៍» ដែល​យើង​នឹង​ប្រារព្ធ​ការ​រួប​រួម​របស់​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ជា​មួយ​គ្នា​នៅ​ពេល​ក្រោយ​និទាឃៈ​រដូវ​នេះ។

អ្នក​ទំនង​ជា​មិន​ចូល​ចិត្ត​រឿង​មួយ​ចំនួន​អំពី​ព្រះ​វិហារ​របស់​អ្នក​ទេ។ នោះ​ជា​រឿង​ធម្មតា។ ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​អ្វី​ទាំង​អស់​អំពី​ព្រះវិហារ​របស់​ពួក​គេ សូម្បី​តែ​គ្រូ​គង្វាល​ក៏​ដោយ។ ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​មាន​អំពើ​បាប​ធ្ងន់ធ្ងរ​ចូល​មក នោះ​វា​ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់។ ប៉ុន្តែ​ភាគ​ច្រើន វា​មិន​មែន​ជា​អំពើ​បាប​ដ៏​អាក្រក់​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចុះ​នោះ​ទេ ប៉ុន្តែ​ជា​ការ​រំខាន​បន្តិច​បន្តួច​វិញ។ ក្នុង​គ្រា​ទាំងនេះ ពេល​អ្នក​ត្រូវ​ល្បួង​ឲ្យ​ឈ្លោះ​គ្នា ឬ​បែក​គ្នា វា​សំខាន់​ណាស់​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ដូច្នោះ។ កុំ​និយាយ​ដើម​គេ ឬ​បង្កាច់​បង្ខូច​នរណា​ម្នាក់។ កុំ​ស្វែង​រក​មើល​កំហុស​របស់​នរណា​ម្នាក់។ អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​រំខាន​អ្នក។ ហើយ​ប្រសិន​បើ​អ្នក​ត្រូវ​និយាយ​ជា​មួយ​នរណា​ម្នាក់​អំពី​បញ្ហា​មួយ សូម​ធ្វើ​ដោយ​អធិស្ឋាន ដោយ​ទន់​ភ្លន់។

៥. ផ្ដល់​ឲ្យ
បាទពិតណាស់​លុយ​របស់​អ្នក។ ប្រសិន​បើ​បច្ចុប្បន្ន អ្នក​ជា​សមាជិក​ក្រុម​ជំនុំ ហើយ​អ្នក​មិន​បាន​ផ្ដល់​ប្រាក់​ណា​មួយ​ដល់​ក្រុម​ជំនុំ​របស់​អ្នក​ទេ​ចូរ​ដឹង​ថា ប្រសិន​បើ​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​ធ្វើ​តាម​គំរូ​របស់​អ្នក នោះ​ក្រុម​ជំនុំ​ភាគ​ច្រើន​នៅ​លើ​ពិភព​លោក​នឹង​លែង​មាន។ ថ្វី​បើ​កាលៈទេសៈ​លំបាក មិន​មែន​ជា​ធម្មតា​អាច​រារាំង​អ្នក​មិន​ឲ្យ​ថ្វាយ​មួយ​រដូវ​ជា​បណ្ដោះ​អាសន្ន​ក៏​ដោយ ក៏​បញ្ហា​សម្រាប់​យើង​ភាគ​ច្រើន​មិន​មែន​ជា​ស្ថាន​ភាព​ជីវិត​ដ៏​លំបាក​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ជា​ការ​ខ្ជិល ភាព​ល្ងង់ខ្លៅ ឬ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ស្រាវ​ជ្រាវ​បទ​គម្ពីរ ដើម្បី​មើល​អ្វី​ដែល​ពួកគេ​និយាយ​អំពី​ប្រាក់ ហើយ​បន្ទាប់​មក​ថ្វាយ​ដល់​ក្រុមជំនុំ​ក្នុង​តំបន់​របស់​អ្នក។ អធិស្ឋាន។ ចាប់​ផ្ដើម​ថ្វាយ—ហើយ​មើល​អ្វី​ដែល​កើត​ឡើង។

ខ្ញុំ​ស្រឡាញ់​ព្រះ​វិហារ​ក្នុង​តំបន់។ ខ្ញុំ​ស្រឡាញ់​គ្រូ​គង្វាល សមាជិក​ក្រុម​ជំនុំ ការ​ដាំ​ក្រុម​ជំនុំ និកាយ ដែល​មាន​សុខភាព​ល្អ និង​បណ្ដាញ។ យើង​ជា​ក្រុម​តែមួយ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​វា​ជា​រឿង​ដ៏​ល្អ​ប្រសើរ។ យើង​មាន​ពរ​ណាស់។ ប៉ុន្តែ​ព្រះ​ពរ​ទាំង​នោះ​គួរ​តែ​នាំ​ទៅ​រក​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​សមាជិក​ក្រុម​ជំនុំ។ សង្ឃឹម​ថា ការ​ប្រកាស​នេះ​នឹង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​អនុវត្ត​៥​យ៉ាង ដូច​បាន​រៀប​រាប់​​ខាង​លើ។

និពន្ធ​ដោយ៖ លោក David Kaywood
បក​ប្រែ​ដោយ៖ លោក ពេជ្រ ប៊ុនណា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ,លោក ស៊ូ ទិត្យ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី gospelrelevance.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​​មហា​បេសកកម្ម​គឺ​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​មែន​ឬ?

កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឬ? អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​សេចក្តី​ស្រឡាញ់ (ភាគ៣)