ស្ទើរគ្រប់ទាំងជំពូកនៃកណ្ឌគម្ពីរចោទិយកថាគឺសុទ្ធតែជា «សេចក្ដីលា» ដែលលោក ម៉ូសេ បាននិយាយទៅកាន់កូនចៅនៃសាសន៍អ៊ីស្រាអែល មុនពេលពួកគេបានចូលទៅក្នុងទឹកដីសន្យា។ មុនលោក ម៉ូសេ ស្លាប់ គាត់បានសរសេរចុះនូវពាក្យទាំងនោះ «ប្រគល់ឲ្យដល់ពួកសង្ឃ ជាកូនចៅលេវី ដែលគេសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ហើយដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានផង» (ចោទិយកថា ៣១:៩)។ គេបានទទួលស្គាល់ថាលោក ម៉ូសេ គឺជាអ្នកនិពន្ធកណ្ឌគម្ពីរចោទិយកថា (ចោទិយកថា ៣១:៩, ២៤)។ ហើយព្រះយេស៊ូវក៏បានលើកឡើងនូវខគម្ពីរមួយចំនួនចេញពីកណ្ឌគម្ពីរចោទិយកថាដែរ ដែលបញ្ជាក់ថាលោក ម៉ូសេ គឺជាអ្នកនិពន្ធ (ម៉ាថាយ ១៩:៨; ចោទិយកថា ២៤:១-៤)។ តែទោះជាយ៉ាងណាក្ដី ក៏ជំពូកចុងក្រោយនៃកណ្ឌគម្ពីរនេះបានធ្វើឲ្យលេចឡើងនូវសំណួរមួយដែលយើងកំពុងពិភាក្សាគ្នាថា៖ តើនរណាជាអ្នកសរសេរកណ្ឌគម្ពីរចោទិយកថាជំពូក៣៤ ដោយសារវាជាការកត់ចុះអំពីមរណភាពរបស់លោក ម៉ូសេ?
ព្រះជាម្ចាស់បានប្រាប់លោក ម៉ូសេ ថា គាត់នឹងមិនអាចដឹកនាំសាសន៍អ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យាបានឡើយ ពីព្រោះគាត់មិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់កាលពីមុន (ជនគណនា ២០:១២) ហើយថា គាត់នឹងស្លាប់នៅឯស្រុកម៉ូអាប់។ កណ្ឌគម្ពីរចោទិយកថាជំពូក៣៤ បានលើកឡើងអំពីការដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យលោក ម៉ូសេ អាចមើលស្រុកកាណានពីចម្ងាយបានមុនពេលគាត់ស្លាប់ (ចោទិយកថា ៣៤:១-៦)។ បន្ទាប់ពីលោក ម៉ូសេ បានស្លាប់បាត់ទៅ អ្នកដែលទទួលដំណែងជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែលគឺលោក យ៉ូស្វេ។
លើសពីសំណួរដែលសមហេតុផល យើងអាចសន្មតថាលោក ម៉ូសេ បានសរសេរកណ្ឌគម្ពីរចោទិយកថារហូតទាល់តែគាត់ជិតស្លាប់។ ហើយក្នុងនាមជាអ្នកទទួលដំណែងជាអ្នកដឹកនាំបន្ទាប់ពីលោក ម៉ូសេ លើសាសន៍ អ៊ីស្រាអែល នោះលោក យ៉ូស្វេ ទំនងជាអ្នកដែលសរសេរអំពីការស្លាប់របស់លោក ម៉ូសេ។ មានការសន្មតផ្សេងទៀតដែលថាហោរា អែសរ៉ា គឺជាអ្នកដែលបានសរសេរកណ្ឌគម្ពីរចោទិយកថាជំពូក៣៤ ហើយក៏នៅមានអ្នកខ្លះទៀតបានសន្មតថា ពួកចាស់ទុំចំនួន៧០នាក់ដែលបានបម្រើក្រោមដឹកនាំរបស់លោក ម៉ូសេ គឺជាអ្នកសរសេរ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ និក្ខមនំ ២៤:៩)។
មតិយោបល់
Loading…