in ,

ពួក​ហោរា

អំណោយ​ទាន​នៃ​ពួក​ហោរា​គឺ​ជា​អំណោយ​ទាន​បណ្ដោះ​អាសន្ន​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ​សម្រាប់​ជា​ការ​ចាក់​គ្រឹះ​នៃ​ក្រុម​ជំនុំ «ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវ័ក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន» (អេភេសូរ ៤:១១)។ ពី​មុនៗ ពួក​ហោរា​គឺ​ជា​គ្រឹះ​នៃ​ក្រុម​ជំនុំ «ដែល​បាន​សង់​ឡើង​លើ​គ្រឹះ​របស់​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះ​យេស៊ូវ​គ្រីស្ទ​​ផ្ទាល់ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» (អេភេសូរ ២:២០)។ ពួក​ហោរា​ប្រកាស​ព្រះ​រាជសារ​ពី​ព្រះ​អម្ចាស់​ទៅ​កាន់​អ្នក​ជឿ​ដំបូងៗ។ ពេល​ខ្លះ​ព្រះ​រាជសារ​របស់​ពួក​ហោរា​គឺ​ជា​ការ​បើក​សម្ដែង (ការ​បើក​សម្ដែង​ថ្មី និង​សេចក្ដី​ពិត​ពី​ព្រះ​ជាម្ចាស់) ហើយ​ពេល​ខ្លះ​ព្រះ​រាជសារ​របស់​ពួក​ហោរា​គឺ​ជា​ការ​ទាយ​ទុក​អំពី​អនាគត (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ «ក្នុង​ចំណោម​ហោរា​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ក្រោក​ឡើង ហើយ​ថ្លែង​ដោយ​ព្រះ​វិញ្ញាណ​ថា នឹង​មាន​អំណត់​ជា​ខ្លាំង​នៅ​ពាស​ពេញ​លើ​ផែនដី (អំណត់​នេះ​កើត​មាន​ក្នុង​រជ្ជកាល​ព្រះ​ចៅ​ក្លូ‌ឌាស)» និង «កាល​យើង​កំពុង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ មាន​ហោរា​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ចុះ​មក​ពី​ស្រុក​យូដា។» កិច្ចការ ១១:២៨ និង២១:១០)។ គ្រីស្ទ​បរិស័ទ​នៅ​សម័យ​ដំបូង​មិន​ទាន់​មាន​ព្រះ​គម្ពីរ​ពេញ​លេញ​ទាំង​មូល​នៅ​ឡើយ​ទេ។ ហើយ​គ្រីស្ទ​បរិស័ទ​ដំបូង​មួយ​ចំនួន​ទៀត​ក៏​មិន​មាន​កណ្ឌ​គម្ពីរ​ណា​មួយ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ឡើយ​ដែរ។ ពួក​ហោរា​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី «បំពេញ​ចន្លោះ» តាម​រយៈ​ការ​ប្រកាស​ព្រះ​រាជសារ​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​អស់​អ្នក​ដែល​មិន​មាន​ព្រះ​គម្ពីរ។ កណ្ឌ​គម្ពីរ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី (វិវរណៈ) មិន​ទាន់​បាន​សរសេរ​ឡើង​យ៉ាង​ពេញ​លេញ​នៅ​ឡើយ​រហូត​ដល់​ចុង​សម័យ​សតវត្សរ៍​ទី១។ ដូច្នេះ ព្រះ​អម្ចាស់​ក៏​បាន​ចាត់​ពួក​ហោរា​ឲ្យ​ទៅ​ប្រកាស​ព្រះ​បន្ទូល​របស់​ទ្រង់​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់។

តើ​សព្វ​ថ្ងៃ​នេះ​នៅ​មាន​ពួក​ហោរា​ពិត​ដែរ​ឬ​ទេ? ប្រសិន​បើ​គោល​បំណង​នៃ​ពួក​ហោរា​គឺ​ដើម្បី​បើក​សម្ដែង​សេចក្ដី​ពិត​ពី​ព្រះ​ជាម្ចាស់ ចុះ​តើ​ឲ្យ​យើង​ត្រូវ​ការ​មាន​ពួក​ហោរា​ដើម្បី​អ្វី ប្រសិន​បើ​យើង​មាន​ការ​បើក​សម្ដែង​យ៉ាង​ពេញ​លេញ​ពី​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​គម្ពីរ​រួច​ស្រេច​ទៅ​ហើយ? ប្រសិន​បើ​ពួក​ហោរា​គឺ​ជា «គ្រឹះ» នៃ​ក្រុម​ជំនុំ​ដំបូង តើ​សព្វ​ថ្ងៃ​នេះ​យើង​កំពុង​តែ​បន្ត​សង់ «គ្រឹះ» មែន​ឬ? តើ​ព្រះ​ជាម្ចាស់​អាច​ប្រទាន​សារ​ទៅ​កាន់​បុគ្គល​ណា​ម្នាក់ ដើម្បី​ឲ្យ​គាត់​យក​សារ​នោះ​ទៅ​ប្រាប់​បុគ្គល​ណា​ម្នាក់​បាន​ឬ? បាន! តើ​ព្រះ​ជាម្ចាស់​នៅ​បន្ត​សម្ដែង​សេចក្ដី​ពិត​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​ក្នុង​របៀប​អធម្មជាតិ ហើយ​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​នោះ​ទៅ​ប្រាប់​សារ​ទៅ​កាន់​អ្នក​ដទៃ​បាន​ឬ? បាន! ប៉ុន្តែ តើ​នេះ​ជា​អំណោយ​ទាន​នៃ​ពួក​ហោរា​តាម​ព្រះ​គម្ពីរ​មែន​ឬ? ទេ!

មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​អះអាង​ថា ខ្លួន​កំពុង​តែ​មាន​ប្រសាសន៍​សម្រាប់​ព្រះ​ជាម្ចាស់ (ចំណុច​ស្នូល​នៃ​ការ​ទាយ) គន្លឹះ​គឺ​ត្រង់​ថា យើង​ត្រូវ​តែ​ប្រៀប​ធៀប​នូវ​អ្វី​ដែល​គាត់​បាន​លើក​ឡើង​ជា​មួយ​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ទុក​រួច​ទៅ​ហើយ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​តាម​រយៈ​បុគ្គល​ណា​ម្នាក់​នៅ​ថ្ងៃ​នេះ ដាច់​ខាត​វា​ត្រូវ​តែ​មាន​ភាព​ស៊ី​គ្នា ១០០% ទៅ​នឹង​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្លាប់​មាន​ព្រះ​បន្ទូល​រួច​ទៅ​ហើយ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​ជាម្ចាស់​មិន​ចេះ​មាន​បន្ទូល​ទាស់​ប្រឆាំង​នឹង​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់​ឡើយ។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១ បាន​ណែ​នាំ​យើង​ថា «ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ» (គកស)។ កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:២០-២១ បាន​ប្រកាស​ថា «កុំ​មើល​ងាយ​សេចក្ដី​ទំនាយ។ ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ!» (គកស)។ សរុប​សេចក្ដី​ទៅ ទោះ​បើ​ថា វា​ជា «ព្រះ​បន្ទូល​ពី​ព្រះ​អម្ចាស់» ឬ​ក៏​ថា​ជា​ទំនាយ​ណា​មួយ ក៏​ការ​ឆ្លើយ​តប​របស់​យើង​គួរ​តែ​នៅ​ដដែល។ ចូរ​ប្រៀប​ធៀប​នូវ​អ្វី​ដែល​គេ​បាន​លើក​ឡើង​ទៅ​នឹង​អ្វី​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មាន​ចែង។ ប្រសិន​បើ​វា​ប្រឆាំង​នឹង​ព្រះ​គម្ពីរ ចូរ​គ្រវាត់​វា​ចោល​ទៅ។ ប្រសិន​បើ​វា​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ព្រះ​គម្ពីរ ចូរ​អធិស្ឋាន​ទូល​សូម​ប្រាជ្ញា និង​ការ​វែក​ញែក​ពី​ព្រះ​ជាម្ចាស់​អំពី​របៀប​ដែល​លោក​អ្នក​អាច​យក​ព្រះ​រាជសារ​នោះ​ទៅ​អនុវត្ត​ចុះ។ «គ្រប់​ទាំង​បទ​គម្ពីរ ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក» (២ធីម៉ូថេ ៣:១៦-១៧ គកស) កណ្ឌ​គម្ពីរ យ៉ាកុប ១:៥ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូម​ពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ» (គកស)។

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ និងលោក ខែម បូឡុង
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កុំ​ចាប់​ផ្តើម​ចែចង់​

តែ​ទ្រង់​រង​ទុក្ខ​ខ្លាំង​ជាង​គេ​