in ,

ការ​តយុទ្ធ​ជា​មួយ​ការ​បាក់​ទឹក​ចិត្ត

«ព្រះ​អង្គ​នាំ​លោក ពេត្រុស និង​កូន​របស់​លោក សេបេ‌ដេ ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះ​អង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះ​ហឫទ័យ ហើយ​ចុក​ចាប់​អន្ទះសា​ពន់ប្រមាណ »

(ម៉ាថាយ ២៦:៣៧ គខប)

នៅ​យប់​មុន​ពេល​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ ព្រះ​គម្ពីរ​សម្ដែង​ឲ្យ​យើង​ឃើញ​ក្នុង​របៀប​ដ៏​អស្ចារ្យ​អំពី​​ព្រលឹង​វិញ្ញាណ​របស់​ព្រះ​អង្គ។ ចូរ​មើល ហើយ​រៀន​អំពី​យុទ្ធសាស្ត្រ​ចម្បាំង​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​តយុទ្ធ​ជា​មួយ​នឹង​ការ​ព្រួយ​បារម្ភ ឬ​ការ​បាក់​ទឹក​ចិត្ត។

១. ទ្រង់​បាន​ឲ្យ​មិត្តភក្ដិ​ជិត​ស្និត​មួយ​ចំនួន​នៅ​ជា​មួយ​ទ្រង់។ «ព្រះ​អង្គ​នាំ​លោក ពេត្រុស និង​កូន​របស់​លោក សេបេ‌ដេ ទាំង​ពីរ​នាក់​ទៅ​ជា​មួយ» (ម៉ាថាយ ២៦:៣៧ គខប)

២. ព្រះ​អង្គ​បាន​បើក​ចំហ​ដួង​ចិត្ត​របស់​ទ្រង់​ទៅ​កាន់​ពួក​គេ​ដោយ​មាន​ព្រះ​បន្ទូល​​ថា «ចិត្ត​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់» (ម៉ាថាយ ២៦:៣៨)។

៣. ព្រះ​អង្គ​បាន​ស្នើ​​ឲ្យ​ពួក​គេ​មាន​ចំណែក​រួម​ក្នុង​ការ​អធិស្ឋាន​សម្រាប់​ទ្រង់​ទាក់ទង​នឹង​សង្គ្រាម​នេះ។ «ចូរ​នៅ​ទី​នេះ ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សិន» (ម៉ាថាយ ២៦:៣៨)។

៤. ព្រះ​អង្គ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ​​វរបិតា​របស់​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត។ «ឱ!ព្រះ​វរបិតា​នៃ​ទូល​បង្គំ​អើយ! បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ» (ម៉ាថាយ ២៦:៣៩)។

៥. ព្រះ​អង្គ​បាន​ឲ្យ​ព្រលឹង​ទ្រង់​សម្រាក​ក្នុង​អធិបតេយ្យភាព​នៃ​ព្រះ​ប្រាជ្ញាញាណ​របស់​ព្រះ​ជាម្ចាស់។ «ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ» (ម៉ាថាយ ២៦:៣៩)។

៦. ព្រះ​អង្គ​បាន​សម្លឹង​ទៅ​មើល​ព្រះ​គុណ​ដ៏​រុងរឿង​នៅ​ពេល​ខាង​មុខ ដែល​កំពុង​រង​ចាំ​ទ្រង់​នៅ​ឯ​ម្ខាង​ទៀត​នៃ​ឈើ​ឆ្កាង។ « ព្រះ​អង្គ​សុខ​ចិត្ត​លះ​បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​ព្រះអង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះ​អង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ​ជាម្ចាស់» (ហេព្រើរ ១២:២ គខប)។

នៅ​ពេល​ណា​មាន​អ្វី​មួយ​កើត​ឡើង​ក្នុង​ជីវិត​របស់​លោក​អ្នក​ដែល​មើល​ទៅ​ហាក់បី​ដូច​ជា​គម្រាម​កំហែង​ដល់​អនាគត​ខ្លួន ចូរ​ចង​ចាំ​ការ​នេះ៖ ភាព​ភ័យខ្លាច​ដែល​កើត​ឡើង​ដំបូង​​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក គឺ​ដូច​ជា​ភាព​ភ័យខ្លាច​ដែល​ព្រះ​យេស៊ូវ​មាន​នៅ​ក្នុង​សួន​ច្បារ គែតសេម៉ានី ដែរ។ តែ​នោះ​មិន​មែន​ជា​អំពើ​បាប​ទេ។ ការ​ចុះ​ចូល​ក្នុង​អំពើ​បាប​គឺ​ជា​គ្រោះ​ថ្នាក់​ដ៏​ពិត ក៏​ដូច​ជា​ការ​មិន​តយុទ្ធ​ខាង​ឯ​វិញ្ញាណ។ ការ​គ្មាន​ជំនឿ​គឺ​ជា​ឫស​គល់​នៃ​ការ​ចុះ​ចូល​ចំពោះ​អំពើ​បាប​នោះ—ការ​បរាជ័យ​ក្នុង​ការ​តយុទ្ធ ដើម្បី​ជំនឿ​ក្នុង​ព្រះ​គុណ​នៅ​ពេល​អនាគត។ ការ​បរាជ័យ​ក្នុង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​គ្រប់​ទាំង​សេចក្ដី​សន្យា​​ក្នុង​ព្រះ​យេស៊ូវ​ដែល​ព្រះ​ជាម្ចាស់​មាន​សម្រាប់​យើង។

នៅ​ឯ​សួន​ច្បារ គែតសេម៉ានី ព្រះ​យេស៊ូវ​បង្ហាញ​ដល់​យើង​អំពី​ផ្លូវ​មួយ​ទៀត ដែល​មិន​មែន​ថា​មិន​ឈឺ​ចាប់ ឬ​គ្មាន​សកម្មភាព​ទេ។ ចូរ​ដើរ​តាម​ទ្រង់​ចុះ។ ចូរ​ស្វែង​រក​មិត្តភក្ដិ​ដែល​ខ្លួន​អាច​ទុក​ចិត្ត​បាន​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ចូរ​បើក​ចំហ​ចិត្ត​របស់​លោក​អ្នក​ទៅ​កាន់​ពួក​គេ។ ស្នើ​ឲ្យ​​ពួក​គេ​នៅ​ចាំ​យាម និង​អធិស្ឋាន​ជា​មួយ​អ្នក​ផង។ ចូរ​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត​ទៅ​កាន់​ព្រះ​​វរបិតា។ ចូរ​សម្រាក​ក្នុង​អធិបតេយ្យភាព​នៃ​ព្រះ​ប្រាជ្ញាញាណ​របស់​ព្រះ​ជាម្ចាស់។ ហើយ​ចូរ​សម្លឹង​ទៅ​ឯ​អំណរ​ដែល​នៅ​ខាង​មុខ​លោក​អ្នក​ដែល​មាន​នៅ​ក្នុង​សេចក្ដី​សន្យា​ដ៏​មាន​តម្លៃ និង​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់។

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ និងលោកគ្រូ ឈាង បូរ៉ា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់

ប្រទានការព្យាបាលដ៏អស្ចារ្យ