in ,

អ្នក​នឿយ​ហត់​មាន​អំណរ

«កាល​ព្រះ​យេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេហិម​ស្រុក​យូដា ក្នុង​រាជ្យ​ស្ដេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរា ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូសាឡិម សួរ​ថា “តើ​ព្រះ​អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្ដេច​សាសន៍​យូដា​ទ្រង់​គង់​នៅ​ឯ​ណា? ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់។” កាល​ស្ដេច ហេរ៉ូឌ បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡឹម​ទាំង​អស់​គ្នា​ផង» (ម៉ាថាយ ២:១-៣)។

ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ជួយ​សាសន៍​អ៊‌ីស្រាអែល​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​រង់ចាំ​ទទួល​ស្ដេច​មួយ​អង្គ​ដែល​នឹង​យាង​មក​សោយ​រាជ្យ​យ៉ាង​អស់​កល្ប​ជានិច្ច។ ហោរា ណាថាន់ បាន​ទាយ​ទុក​ទាក់ទង​នឹង​ការ​នោះ​ថា តាមរយៈ​តំណ​វង្ស​នៃ​ស្ដេច ដាវីឌ «បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់ខ្ជួន​នៅ​ជា​រៀង​រាប​ដរាប​ទៅ» (២សាំយូអែល ៧:១៦)។ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​បន្ទូល​បាន​ទាយ​ទុក​អំពី​អ្នក​សោយរាជ្យ​មួយ​អង្គ​នា​អនាគត ដែល​នឹង​នាំ​ឲ្យ​អ្វីៗ​ទាំង​អស់​បាន​ល្អ​ប្រសើរ​ឡើង​វិញ។ តួនាទី​របស់​សាសន៍​អ៊‌ីស្រាអែល​គឺ​សម្លឹង​ដោយ​រំពឹង​មើល​លើ​រាជ​បល្ល័ង្ក​របស់​ស្ដេច ដាវីឌ ដែល​នៅ​ទទេ ដោយ​ទន្ទឹង​រង់ចាំ​នូវ​ការ​លេច​ឡើង​មក​នៃ​ព្រះ​រាជ​បុត្រា​របស់​ស្ដេច ដាវីឌ និង​ជា​ព្រះ​អម្ចាស់​របស់​ស្ដេច ដាវីឌ ផង​ដែរ (ម៉ាកុស ១២:៣៥-៣៦)។ ពួក​គេ​ទន្ទឹង​រង់ចាំ​ស្ដេច​មួយ​អង្គ​ដែល​ជា​មនុស្ស ប៉ុន្តែ​ទ្រង់​លើស​ពី​មនុស្ស​ទៅ​ទៀត—គឺ​ជា​អង្គ​ដែល​នឹង​មិន​បរាជ័យ​នៅ​ក្នុង​ការ​ដឹក​នាំ​របស់​ពួក​គេ​ដូច​ស្ដេច​មុនៗ​បាន​បរាជ័យ​ឡើយ គឺ​ជា​អង្គ​ដែល​នឹង​សោយ​រាជ្យ​អស់​កល្ប​ជានិច្ច​ក្នុង​សេចក្ដី​សុចរិត។

តើ​ស្ថាន​សួគ៌​បាន​គិត​យ៉ាង​ដូច​ម្ដេច?

ដូច្នេះ យើង​ទំនង​ជា​ងឿង​ឆ្ងល់​ថា តើ​ពួក​ទេវតា​បាន​យល់​ឃើញ​យ៉ាង​ដូច​ម្ដេច ទាក់​ទង​នឹង​ការ​ដែល​ពិភព​លោក​នេះ​ទទួល​យក​ស្ដេច​របស់​ខ្លួន​ដែល​ពួក​គេ​បាន​រង់ចាំ​យ៉ាង​យូរ។ ខណៈ​ពេល​ដែល​ពួក​គេ​សម្លឹង​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថានសួគ៌ តើ​ពួក​គេ​បាន​គិត​យ៉ាង​ដូច​ម្ដេច​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិ​ការណ៍​នៃ​ការដែល​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់​បាន​យាង​មក​យក​កំណើត ហើយ​គង់នៅ​ក្នុង​ចំណោម​ពួក​មនុស្ស (១ពេត្រុស ១:១២)?

ព្រះ​ដ៏​វិសុទ្ធ ព្រះ​ដ៏​វិសុទ្ធ ព្រះ​ដ៏​វិសុទ្ធ ដែល​ពួក​គេ​រស់ ដើម្បី​ស្រឡាញ់​កំពុង​តែ​យាង​ទៅ​កាន់​ផែនដី​នេះ។ ពួក​គេ​បានឮ​ទេវតា កាព្រីយ៉ែល ប្រកាស​ប្រាប់​នាង ម៉ារា ថា «ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ» ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ចេះ​ផុត​ឡើយ (លូកា ១:៣១-៣៣)។ ដំណឹង​នៃ​រឿង​នេះ​គឺ​ជា​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​លោក​ទាំង​អស់ (លូកា ២:១០-១១)។ ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​បាន​សម្លឹង​មើល​យ៉ាង​ផ្ចិតផ្ចង់​ទៅ​កាន់​ផែន​ដី​ដ៏​ងងឹត​នៅ​ខាង​ក្រោម ដោយ​រំពឹង​គិត​ថា​នឹង​មាន​សេចក្តី​អំណរ​ដ៏​មហិមា​នៅ​ពេល​ដែល​ព្រះ​អង្គ​យាង​ទៅ​ដល់។

ប៉ុន្តែ តើ​ពួក​គេ​បាន​ឃើញ​អ្វី​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ​នៃ​ជីវិត​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួក​គេ​បាន​យាង​មក​កាន់​ផែនដី​នេះ? នៅ​ពេល​ដែល «ពួក​ហោរា» ពី​សាសន៍​ដទៃ​បាន​មក​ដល់ ហើយ​សួរនាំ​អំពី​ព្រះ​ឱរស «ស្ដេច ហេរ៉ូឌ បានឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡឹម​ទាំង​អស់​គ្នា​ផង (ម៉ាថាយ ២:៣)។

ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ!

ពិធី​បុណ្យ​ណូអែល​បួន​របៀប

បន្ទាប់​ពី១៤​ជំនាន់​ពី​លោក អ័ប្រាហាំ ទៅ​ស្ដេច ដាវីឌ ហើយ១៤​ជំនាន់​ពី​ស្ដេច ដាវីឌ ទៅ​គ្រា​និរទេស ហើយ១៤​ជំនាន់​ទៀត​ពី​គ្រា​និរទេស​មក​ដល់​ការ​ប្រសូត​របស់​ព្រះ​មេស្ស៊ី—ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល «ជា​វង្សា​ហ្លួង ដាវីឌ» បាន​ទទួល​នូវ​ការ​ស្វាគមន៍​ដោយ​របៀប​នេះ (ម៉ាថាយ ១:១)? ផែន​ដី​ទាំង​មូល​ស្ថិត​ក្នុង​អំពើ​បាប និង​កំហុស—ប្រាកដ​ណាស់—ប៉ុន្តែ​មិន​សូវ​ជា​មាន​មនុស្ស​ច្រើន​ប៉ុន្មាន ដែល​ទន្ទឹង​រង់ចាំ​ការ​យាង​មក​ដល់​របស់​ព្រះ​យេស៊ូវ​ដោយ​អន្ទះសា​ឡើយ។

ក្នុង​ដើម​ជំពូក​ដំបូងៗ​នៃ​កណ្ឌ​ដំណឹង​ល្អ​របស់​សាវ័ក ម៉ាថាយ យើង​ឃើញ​មាន​ការ​ឆ្លើយ​តប​ខុសៗ​គ្នា​បួន​យ៉ាង​ទាក់​ទង​នឹង​ការ​យាង​មក​ដល់​របស់​ព្រះ​មេស្ស៊ី។ ដែល​នេះ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ស្ដេច យេស៊ូវ ដែល​យើង​អាច​នៅ​មើល​ឃើញ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ​ការ​យាង​មក​វិញ​ជា​លើក​ទី​ពីរ​របស់​ទ្រង់។

១. ស្ដេច​ដែល​ត្រូវ​បាន​គេ​គំរាម​កំហែង

«កាល​ស្ដេច ហេរ៉ូឌ បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ» (ម៉ាថាយ ២:៣)។

នៅ​ពេល​ដែល​ស្ដេច ហេរ៉ូឌ បាន​ឮ​ការ​សួរ​ដេញ​ដោល​របស់​ពួក​ហោរា ទាក់​ទង​នឹង​ស្ដេច​ដែល​នឹង​ប្រសូត​មក ទ្រង់​បាន​រន្ធត់​ក្នុង​ព្រះ​ទ័យ​ជា​ខ្លាំង។ តើ​ទ្រង់​មិន​មែន​ជា​ស្ដេច​នៃ​ពួក​សាសន៍​យូដា​ទេ​ឬអី ជា​អង្គ​ដែល​ពួក​រ៉ូម​បាន​តែង​តាំង​? រាជ​បល្ល័ង្ក និង​ដំបង​រាជ​ទ្រង់​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់។ ស្ដេច ហេរ៉ូឌ ក៏​បាន​ព្យាយាម​សម្លាប់​ព្រះ​ឱរស​នោះ​ចោល ហើយ​តាម​រយៈ​ការ​ធ្វើ​បែប​នោះ ទ្រង់​ក៏​បាន​ក្លាយ​ជា​ភ្នាក់​ងារ​ម្នាក់​នៃ​កំហឹង​របស់​សាតាំង «លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែន​ដី​ហើយ នោះ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស​នោះ» (វិវរណៈ ១២:១៣)។ តាម​រយៈ​ការ​សម្លាប់​កូន​ប្រុសៗ​ក្រោម​អាយុ២​ឆ្នាំ​នៅ​ឯ​ភូមិ​បេថ្លេហិម សាតាំង​បាន​ព្យាយាម​កំណត់​ឲ្យ​ប្រាកដ​ថា រាជ​បល្ល័ង្ក​នៃ​ស្តេច ដាវីឌ នៅ​ទទេ​សូន្យ។

ក្រោម​ការ​សោយ​រាជ្យ​របស់​ស្ដេច ហេរ៉ូឌ យើង​ឃើញ​អំពី​អង្គ​ដែល​ត្រូវ​បាន​គេ​បោក​ប្រាស់​ក្នុង​នយោបាយ ហើយ​ក៏​ជា​អង្គ​ដែល​ស្រេក​ឃ្លាន​ចង់​បាន​អំណាច​ត្រង់​ថា ទ្រង់​នឹង​មិន​ប្រគល់​អំណាច​ទៅ​ឲ្យ​ព្រះ​គ្រីស្ទ​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ឡើយ។ យើង​ក៏​ឃើញ​ខ្លួន​ឯង​ផ្ទាល់​ដែរ គឺ​មុន​ពេល​ដែល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ យើង​ស្អប់​នៅ​ពេល​មាន​គេ​គំរាម​កំហែង​មក​លើ​បល្ល័ង្ក​របស់​យើង ទោះ​បើ​មិន​សូវ​មាន​មនុស្ស​ជា​ច្រើន​ដឹង​ពី​រឿង​នេះ​ក្តី—ហើយ​យើង​ក៏​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់ ឬ​រង​របួស​ក្តី។

២. មនុស្ស​ម្នា​ដែល​បារម្ភ

«កាល​ស្ដេច ហេរ៉ូឌ បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡឹម​ទាំង​អស់​គ្នា​ផង» (ម៉ាថាយ ២:៣)។

មនុស្ស​ម្នា​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​មក ដើម្បី​នាំ​សន្តិភាព និង​ភាព​ចម្រុង​ចម្រើន​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ក៏​មាន​ការ​ភ័យ​បារម្ភ​ចំពោះ​ការ​យាង​មក​ដល់​របស់​ទ្រង់​ដែរ។ «ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ» (យ៉ូហាន ១:១១)។ តើ​ហេតុ​អ្វី​បាន​ជា​សាសន៍​អ៊‌ីស្រាអែល​ភ័យ​បារម្ភ​? ក្រែង​ពួក​គេ​ធ្លាប់​បាន​ច្រៀង​បទ​ទំនុក​តម្កើង​របស់​ស្ដេច ដាវីឌ ដែល​មាន​រៀប​រាប់​អំពី​ការ​សោយរាជ្យ​របស់​ព្រះ​មេស្ស៊ី​ដែល​នឹង​យាង​មក (ជា​ពិសេស​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​ជំពូក២ និង១១០)។ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​ឥឡូវ​នេះ​ពួក​គេ​អន្ទះអន្ទែង​ប្រឆាំង​នឹង​ការ​យាង​មក​ដល់​របស់​ទ្រង់​អញ្ចឹង?

តើ​យើង​មិន​អាច​ប៉ាន់​ស្មាន​បាន​ទេ​ឬ​អី ដោយ​ព្រោះ​យើង​ស្គាល់​ចិត្ត​របស់​ខ្លួន​យើង តើ​យើង​មិន​អាច​ប្រមើល​ថា ព្រះ​គ្រីស្ទ​បាន​យាង​មក​ឃើញ​មនុស្សម្នា​ក្នុង​ក្រុង​យេរូសាឡឹម​មាន​ការ​ព្រួយ​បារម្ភ​ដោយ​ព្រោះ​ពួក​គេ​ស្រឡាញ់​លោកីយ៍​នេះ? ព្រះ​គ្រីស្ទ​មិន​ទាន់​ទាំង​បាន​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​ដែល​បណ្ដាល​ឲ្យ​ពួក​គាត់​ឈោង​រើស​យក​ដុំ​ថ្ម ដើម្បី​នឹង​គប់​ទ្រង់​នៅ​ឡើយ។ និយាយ​ឲ្យ​ខ្លី​ទៅ ពួក​គេ​មាន​ការ​ពេញ​ចិត្ត​ជា​មួយ​នឹង​របៀប​របប​នៃ​អ្វីៗ គឺ​ស្កប់​ចិត្ត​ជា​មួយ​នឹង​អ្វីៗ​ទាំង​អស់​នោះ​រួច​ស្រេច​ទៅ​ហើយ។ តើ​មក​ផ្លាស់​ប្ដូរ ដើម្បី​អ្វី? ពួក​គេ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ផែនដី​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប​រួច​ហើយ។ ពួក​គេ​ចង់​បន្ត​រស់​នៅ​បែប​ជា​មនុស្ស​ល្អ ហើយ​ទៅ​ចូល​រួម​នៅ​ឯ​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក—ហើយ​ពួក​គេ​មិន​ត្រូវ​ការ​មាន​ស្ដេច​ថ្មី ដើម្បី​ធ្វើ​បែប​នោះ​ឡើយ។

នេះ​គឺ​ជា​រូប​ភាព​ដែល​បង្ហាញ​អំពី​ចំណុច​ខ្មៅ​ងងឹត​នៃ​ដួង​ចិត្ត​របស់​មនុស្ស​យើង ដែល​ថា​បើ​គ្មាន​ការ​កើត​ពី​ព្រះ​ជាម្ចាស់ នោះ​យើង​នឹង​ប្រាកដ​ជា​ជ្រើស​រើស​មិន​ទទួល​បាន​នូវ​សេចក្ដី​សង្គ្រោះ​ឡើយ។ ជា​ជាង​ស្រែក​ថា «ហូសាណា ដល់​ព្រះ​វង្ស​ហ្លួង​ដាវីឌ!» ប្រហែល​ជា​យើង​នៅ​ជា​មួយ​មនុស្សម្នា​ដែល​ស្រែក​ថា «ឲ្យ​ឆ្កាង​វា​ទៅៗ» ជា​មិន​ខាន (ម៉ាថាយ ២១:១៥; លូកា ២៣:១៣-២១)។

៣. អ្នក​ដឹក​នាំ​ដែល​ព្រងើយ​កន្តើយ

ក្រុម​មួយ​នេះ​ទំនង​ជា​ក្រុម​ដែល​ពិបាក​យល់​ខ្លាំង​ជាង​គេ។ ពួក​ហោរា​ពី​ទិស​ខាង​កើត​បាន​ទៅ​រក​អ្នក​ដឹក​នាំ​សាសន៍​អ៊‌ីស្រាអែល​ខាង​ឯ​ព្រលឹង​វិញ្ញាណ ដើម្បី​សួរ​នាំ​ពី​ទី​តាំង​នៃ​ព្រះ​ឱរស ដែល​ពួក​គេ​បាន​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ក្នុង​ការ​ពន្យល់។ ពួក​គាត់​ក៏​បាន​បើក​ក្រាំង​ទៅ​កាន់​កណ្ឌ​គម្ពីរ មីកា ៥:២ ហើយ​យើង​ក៏​អាច​ស្ដាប់​ឮ​ការ​អាន​ទំនាយ​ដែល​បាន​កត់​ត្រា​ទុក​ប្រាំ​ពីរ​សតវត្សរ៍​មុន​ដូច​ត​ទៅ៖

«ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ ឯង​មិន​មែន​តូច​ជាង​គេ ក្នុង​ពួក​ចៅហ្វាយ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​ចៅហ្វាយ១​ចេញ​ពី​ឯង​មក ចៅហ្វាយ​នោះ​នឹង​ឃ្វាល​អ៊‌ីស្រាអែល ជា​រាស្ត្រ​អញ» (ម៉ាថាយ ២:៦)។

ហើយ​បន្ទាប់​មក ពួក​គេ​ក៏​បន្ត​រស់​នៅ​តាម​ធម្មតា​ត​ទៅ​ទៀត។ ពួក​គេ​បន្ត​រក​ស៊ី​ដូច​ធម្មតា។ ពួក​គេ​មិន​បាន​ចេញ​ដំណើរ​ជា​មួយ​នឹង​ពួក​ហោរា ដើម្បី​ទៅ​ថ្វាយ​បង្គំ​ទ្រង់​ឡើយ។ ពួក​គេ​បាន​ប្រាប់​ពួក​សង្ឃ​នៃ​សាសន៍​ដទៃ​អំពី​ទី​កន្លែង​ដែល​ពួក​គេ​អាច​រក​ឃើញ​ព្រះ​មេស្ស៊ី​របស់​ពួក​គេ គឺ​ព្រះ​គ្រីស្ទ​របស់​ពួក​គេ ដែល​ជា​ស្ដេច ហើយ​បន្ទាប់​មក​ក៏​បាន​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា​លើ​ព្រះ​បន្ទូល​ដដែល​នោះ​ដែល​បាន​សន្យា​ថា៖

«ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋបាល​ទ្រង់ និង​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់​ទល់ ដោយ​សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​សុចរិត​ចាប់​តាំងពី​ឥឡូវ​នេះ ជា​រៀង​រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ នឹង​សម្រេច​ការ​នេះ» (អេសាយ ៩:៧)។

ក្នុង​រចនា​សម្ព័ន្ធ​នៃ​សាសនា​របស់​ពួក​គេ​គឺ​ពួក​គេ​មិន​មាន​បន្ទប់​សល់​ក្នុង​ផ្ទះ​សំណាក់​ឡើយ។ ពួក​ហោរា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទឹក​ដី​យ៉ាង​ឆ្ងាយ ពីព្រោះ​ពួក​គេ​បាន​ឃើញ​ផ្កាយ​ដែល​ជា​ទី​សម្គាល់​របស់​ព្រះ​ជាម្ចាស់​នៅ​លើ​មេឃ ប៉ុន្តែ​ចំណែក​ឯ​ពួក​អ្នក​ដឹក​នាំ​សាសន៍​អ៊‌ីស្រាអែល​វិញ គេ​មិន​រវីរវល់​ក្នុង​ការ​ធ្វើ​ដំណើរ​ចម្ងាយ ៩.៦៥ គីឡូម៉ែត្រ​ចុះ​ទៅ​តាម​ដង​ផ្លូវ ពេល​កំពុង​តែ​មើល​ទំនាយ​នានា​ក្នុង​ព្រះ​បន្ទូល​នោះ​ទេ។ ៣០ឆ្នាំ​ក្រោយ​មក យើង​ឃើញ​អំពី​ធាតុ​ពិត​នៃ​ការ​ព្រងើយ​កន្តើយ​របស់​ពួក​គេ ពេល​ដែល​លោក​ចៅហ្វាយ​ស្រុក​ឈ្មោះ ប៉ុនទាស-ពីឡាត់ បាន​ប្រកែក​នឹង​សំណូម​ពរ​របស់​ពួក​គេ​ក្នុង​ការ​ឆ្កាង​ព្រះ​អង្គ៖ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​នៃ​អ្នក​រាល់​គ្នា​ឬអី?» (ម៉ាថាយ ២៧)។ ពួក​សម្ដេច​សង្ឃ​បាន​ឆ្លើយ​ថា «យើង​ខ្ញុំ​មាន​ស្ដេច​តែ​សេ​សារ​ទេ» (យ៉ូហាន ១៩:១៥)។

៤. អ្នក​ថ្វាយ​បង្គំ​ដែល​ធ្វើ​ដំណើរ

«តើ​ព្រះ​អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្ដេច​សាសន៍​យូដា​ទ្រង់​គង់​នៅ​ឯណា ពីព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់។» (ម៉ាថាយ ២:២)

នៅ​ពេល​ដែល​ពួក​ហោរា​បាន​ឃើញ​ផ្កាយ ពួក​គេ​បាន​ធ្វើ​នូវ​អ្វី​ដែល​អាច​កើត​ឡើង​តាម​ការ​ដែល​ព្រះ​ជា​ម្ចាស់​អនុញ្ញាត៖ ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង បាន​ចេញ​ទៅ​រក​ព្រះ​គ្រីស្ទ បាន​ឱន​ក្រាប​ចុះ ហើយ​បាន​ថ្វាយ​បង្គំ​ទ្រង់។ ព្រះ​អង្គ​គឺ​ជា​ស្ដេច ដែល​គេ​ត្រូវ​ថ្វាយ​បង្គំ ជា​ស្ដេច​ដែល​ស័ក្ដិសម​នឹង​ទទួល​កំណប់​ទ្រព្យ​របស់​ពួក​គេ ដ្បិត​ទ្រង់​គឺ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​របស់​ពួក​គេ (ម៉ាថាយ ២:១០-១១)។

ពួក​គេ​បាន​ឃើញ​នូវ​អ្វី​ដែល​អ្នក​ដទៃ​មិន​អាច​មើល​ឃើញ៖ ស្ដេច​ដែល​បាន​ប្រសូត​មក​ដោយ​គ្មាន​មកុដ រាជ​បល្ល័ង្ក​ដែល​មាន​កំពស់​ត្រឹម​ស្នូក​សត្វ នគរ​ដែល​ការពារ​ដោយ​សត្វ​ពាហនៈ។ ពួក​គេ​បាន​ឃើញ​បុគ្គល​ដែល​បាន​យាង​មក៖ ស្ដេច​លើ​អស់​ទាំង​ស្ដេច។ ពួក​គេ​បាន​ចូល​រួម​ជា​មួយ​នឹង​អស់​អ្នក​ជឿ​ដែល​ពេញ​ទៅ​ដោយ​សិរីរុងរឿង​ជា​មនុស្ស​ដែល​មិន​ស័ក្ដិសម​មាន​ឋានៈ​ខុសៗ​គ្នា​នៅ​ក្នុង​សម័យ​សញ្ញា​ថ្មី​ដែល​នឹង​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់។

ពិភព​លោក​ដែល​ហត់​នឿយ​មាន​អំណរ

នៅ​ចុង​បញ្ចប់​នៃ​រាល់​កណ្ឌ​ដំណឹង​ល្អ គេ​តែង​តែ​សួរ​ព្រះ​យេស៊ូវ​ថា «តើ​អ្នក​ជា​ស្ដេច​របស់​សាសន៍​យូដា​ឬ​អី?» ហើយ​គ្រប់​ពេល ទ្រង់​តែង​ឆ្លើយ​ថា «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។

មុន​ពេល​ដែល​ពួក​គេ​សួរ​សំណួរ​ខាង​លើ​នេះ យើង​ឃើញ​ថា មាន​មនុស្ស​គ្រប់​ប្រភេទ​បាន​មក​ឱន​ក្រាប​​ចំពោះ​ព្រះ​យេស៊ូវ ហើយ​បាន​ចូល​ទៅ​ក្នុង​នគរ​របស់​ទ្រង់។ បុរស​ដែល​ជា​មនុស្ស​ខ្វាក់​ភ្នែក ឧក្រិដ្ឋ​ជន​ដែល​គ្មាន​សេចក្ដី​សង្ឃឹម អ្នក​នេសាទ​ត្រី​ដែល​គ្មាន​ឈ្មោះ ពួក​មាន​បាប ពួក​អាម៉ាស់ ពួក​ខ្វិន មនុស្ស​ឃ្លង់​ដែល​មិន​អាច​ចូល​ក្នុង​សង្គម​បាន ស្រីៗ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ អ្នក​ដែល​អារក្ស​សាតាំង​បាន​ជាន់​ឈ្លី​ធ្វើ​បាប មនុស្ស​ដែល​គេ​មិន​ចូល​ចិត្ត អស់​អ្នក​ដែល​គ្មាន​កន្លែង​ក្នុង​សង្គម អស់​អ្នក​ដែល​មិន​គួរឲ្យ​ទទួល​ស្គាល់ មនុស្ស​បែប​នោះ​បាន​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ​ម្ដង​ហើយ​ម្ដង​ទៀត—ខណៈ​ពេល​ដែល​អស់​អ្នក​ដែល​មាន​ភាព​ស្រណុក​សុខ​ស្រួល អស់​អ្នក​ដែល​នៅ​ផ្ទះ​យ៉ាង​រំភើយ អស់​អ្នក​ដែល​ធូរធារ និង​អស់​អ្នក​ដែល​ប្រកាន់​ខ្ជាប់​តាម​សាសនា ប៉ុន្តែ​មាន​ការ​ព្រងើយ​កន្តើយ បែរ​ជា​មិន​ទៅ​រក​ព្រះ​អង្គ​ទៅ​វិញ។

អស់​អ្នក​ឈឺ និង​មនុស្ស​មាន​បាប​ដែល​បាន​ទៅ​រក​ទ្រង់​សុទ្ធ​តែ​ដឹង​ថា ដាច់​ខាត​ពួក​គាត់​ត្រូវ​តែ​ទៅ។ តើ​ឲ្យ​ពួក​គាត់​ទៅ​រក​អ្នក​ណា​វិញ? រាល់​ចំណុច​នៃ​ប្រវត្តិ​សាស្ត្រ គ្រប់​ចំណុច​នៃ​ព្រះ​បន្ទូល គ្រប់​ចំណុច​នៃ​សេចក្ដី​ពិត និង​ភាព​ស្អាត​ស្អំ និង​សេចក្ដី​សប្បុរស—រាល់​តម្រូវ​ការ​ទាំង​អស់—គឺ​សុទ្ធ​តែ​នាំ​ពួក​គេ​ទៅ​រក​ព្រះ​អង្គ។ ទាំង​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល ព្រះ​អង្គ​គឺ​ជា​អំណរ​ដល់​អស់​អ្នក​ដែល​មាន​ភាព​នឿយ​ហត់​ដោយ​សារ​អំពើ​បាប​ខ្លួន នឿយ​ហត់​ក្នុង​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប ហើយ​គ្មាន​កម្លាំង​ដោយ​សារ​នៅ​បែក​ពី​ព្រះ​អង្គ។ ព្រះ​យេស៊ូវ—ជា​ស្ដេច​ដែល​យើង​មិន​អាច​ស្មាន​ដល់—ព្រះ​យេស៊ូវ​​ជា​ស្តេច​ដែល​ស័ក្ដិសម​ក្នុង​ការ​ទទួល​នូវ​គ្រប់​ចំណុច​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង—បាន​យាង​មក​ដល់​ហើយ។ ដោយ​ទទួល​បាន​ការ​ជ្រើស​តាំង​ពី​ព្រះ​ជាម្ចាស់ ហើយ​មនុស្ស​គ្រប់​រូប​ត្រូវ​ការ​ទ្រង់ នោះ​ការ​សោយ​រាជ្យ​របស់​ព្រះអង្គ គឺ​នៅ​តែ​ជា​ជីវិត និង​ជា​សន្តិភាព​ជា​រៀង​ដរាប​ត​ទៅ​សម្រាប់​អស់​អ្នក​ណា​ដែល​ទទួល​ជឿ​ទុក​ចិត្ត​លើ​ទ្រង់​ហើយ​រង់​ចាំ​ព្រះ​អង្គ​យាង​ត្រឡប់​មក​វិញ។ តោះ! ចូរ​យើង​ស្រឡាញ់​ព្រះ​អង្គ​ចុះ!

និពន្ធ​ដោយ៖ លោក​គ្រូ Greg Morse
លោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា ជុំ ចាន់ដារ៉ា, កញ្ញា អឿង ដាលីន, លោកគ្រូ លូកា ស្មីត, និងអ្នកគ្រូ សេង សុខា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មនុស្សខ្សោយត្រូវបានក្លាយជាអ្នកខ្លាំង

មិនរកសេចក្ដីសង្គ្រោះក្នុងព្រះគ្រីស្ទ