in ,

មិន​បញ្ចប់​ការ​រង​ទុក្ខ

ខ្ញុំ​មិន​បាន​ចង​ចាំ​ពី​ថ្ងៃ​ដែល​គេ​បាន​រក​ឃើញ​ថា ខ្ញុំ​មាន​ពិការ​ភាព​ខាង​ឯ​រូប​កាយ​នោះ​ទេ។ កាល​នោះ​ខ្ញុំ​ទើប​តែ​មាន​អាយុ ៣ ឆ្នាំ​នៅ​ឡើយ។ ពិការ​ភាព​គឺ​ជា​អ្វី​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​តាំង​ពី​យូរ​ណាស់​មក​ហើយ ហើយ​វា​ក៏​នឹង​បន្ត​មាន​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ដែរ។

កាល​ខ្ញុំ​កំពុង​ធំ​ធាត់​ឡើង ខ្ញុំ​មិន​ដែល​មាន​មន្ទិល​សង្ស័យ​ទេ​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​ខ្ញុំ​មក​ក្នុង​របៀប​ដែល​ទ្រង់​បាន​បង្កើត​ដោយ​ទ្រង់​មាន​មូល​ហេតុ។ ខ្ញុំ​នឹង​បន្ត​មាន​ពិការ​ភាព​នេះ​ក្នុង​អំឡុង​ពេល​ដែល​ទ្រង់​ជ្រើស​រើស​ឲ្យ​ខ្ញុំ​បន្ត​មាន​នៅ​ក្នុង​ជីវិត​ខ្ញុំ ដើម្បី​បំពេញ​អាថ៌កំបាំង​របស់​ទ្រង់ ប៉ុន្តែ​ជា​គោល​បំណង​ដ៏​ល្អៗ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធំ​ធាត់​ឡើង ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា ជំងឺ​ឈឺ​ថ្កាត់​គឺ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​គោល​បំណង​ឲ្យ​រូប​កាយ​យើង​មាន​ពី​ដើម​នោះ​ទេ។ ជំងឺ​ឈឺ​ថ្កាត់​គឺ​សម្រាប់​តែ​ពិភព​លោក​ដ៏​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប​ដែល​យើង​កំពុង​រស់នៅ​យ៉ាង​ខ្លី​នេះ​ប៉ុណ្ណោះ។ ការ​រង​ទុក្ខ​គឺ​ជា​សញ្ញា​សម្គាល់​ដែល​ថា​យើង​បាន​បាក់​បែក ហើយ​ត្រូវ​ការ​ព្រះ​សង្គ្រោះ។ វា​ក៏​ចង្អុល​បង្ហាញ​អំពី​ព្រះ​ចេស្ដា​របស់​ព្រះ​ជាម្ចាស់ និង​អធិបតេយ្យ​ភាព​របស់​ទ្រង់​ផង​ដែរ។ ខ្ញុំ​ដឹង​ថា ព្រះ​ជាម្ចាស់​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​មនុស្ស​លោក ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ថា​ទ្រង់​ទំនង​ជា​ជ្រើស​រើស​មិន​ព្យាបាល​ផង​ដែរ សម្រាប់​ជា​ប្រយោជន៍​ល្អ​ដល់​យើង។

ចំណុច​ទាំង​ពីរ​នោះ​អាច​ជា​ជំនួយ​ដែល​ពិបាក​ផ្សះផ្សា​គ្នា​បាន។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​អាច​បញ្ឈប់​ការ​រងទុក្ខ​របស់​យើង​នៅ​លើ​ផែនដី​នេះ​បាន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ធ្វើ? តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​កើត​មាន​ឡើង​ចំពោះ​យើង ប្រសិន​បើ​ជំងឺ​ឈឺ​ថ្កាត់​គឺ​មិន​មែន​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​តាំង​ពី​ដើម​មក​ម្ល៉េះ?

គ្មាន​ចម្លើយ​ណា​ងាយ​យល់​នោះ​ទេ។ ប៉ុន្តែ វា​មិន​អី​ទេ ហើយ​ក៏​ជា​ការ​ល្អ​ផង​ដែរ​ក្នុង​ការ​ចាក់​ដោត​លើ​សំណួរ​ដូចៗ​នេះ។ ការ​ឈឺ​ចាប់ និង​សួរ​ការ​ចាក់​ដោត​នាំ​ឲ្យ​យើង​វិល​ត្រឡប់​មក​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ទាក់​ទង​នឹង​ការ​រងទុក្ខ។

ព្រះ​ជាម្ចាស់​ល្អ មិន​មែន​កាច​សាហាវ​ទេ

នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ស្ថានភាព​រង​ទុក្ខ​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ ឬ​ក៏​ក្នុង​ជីវិត​របស់​អ្នក​ដទៃ ភ្លាមៗ​នោះ​ចិត្ត​គំនិត​របស់​ខ្ញុំ​ក៏​បែរ​ទៅ​លើ​សំណួរ ហេតុ​អ្វី? ព្រះ​ជាម្ចាស់​បាន​ប្រកាស​ហើយ​ថា ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ចំពោះ​អ្នក​ដែល​ស្រឡាញ់​ទ្រង់ «អស់​អ្នក​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ​អង្គ» (រ៉ូម ៨:២៨ គកស)។

ប៉ុន្តែ តើ​ឲ្យ​យើង​កាត់​ស្រាយ​ថា​ការ​រង​ទុក្ខ​ជា​អ្វី​ដែល​ល្អ​បាន​ដោយ​របៀប​ណា​ទៅ? វា​ហាក់​បី​ដូច​ជា​មិន​យុត្តិធម៌​សោះ​ដែល​ទ្រង់​ធ្វើឲ្យ​ការ​ឈឺ​ចាប់​របស់​យើង​កាន់​តែ​អូស​ក្រឡា ដោយ​អនុញ្ញាត​ឲ្យ​វា​ដក​ចេញ​នូវ​លក្ខណៈ​សម្បត្តិ​ខ្លះៗ ឬ​ក៏​ជីវិត​យូរ​អង្វែង​របស់​យើង។

ប្រាកដ​ណាស់! ព្រះ​ជាម្ចាស់​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​រូប​កាយ​របស់​យើង​មាន​ភាព​ពេញ​លេញ​ល្អ​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ដែរ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ដួង​ចិត្ត​របស់​យើង​លង់​ក្នុង​ទ្រង់​ដោយ​មាន​ការ​យល់​ដឹង​យ៉ាង​ជ្រាលជ្រៅ​អំពី​ព្រះ​គុណ និង​ក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ផង​ដែរ។

លោក​គ្រូ ស៊ី. អេស. លូវ៉ីស (C.S. Lewis) បាន​សង្ខេប​យ៉ាង​ល្អ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា The Problem of Pain «ម្យ៉ាង​ទៀត​គឺ​ថា៖ ប្រសិន​បើ​ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​ព្រះ​ប្រាជ្ញា​ខ្លាំង​ជាង​យើង នោះ​ការ​វិនិច្ឆ័យ​របស់​ទ្រង់​ដាច់​ខាត​ត្រូវ​តែ​មាន​ការ​ខុស​គ្នា​ពី​យើង​លើ​ប្រធាន​បទ​ជា​ច្រើន មិន​ថា​លើ​អំពើ​ល្អ ឬ​ក៏​អំពើ​អាក្រក់​ក្ដី។ អ្វី​ដែល​មើល​ទៅ​ពី​ទស្សនៈ​របស់​យើង​ហាក់​បី​ដូច​ថា​ជា​ការ​ល្អ តែ​បែរ​ជា​មិន​ល្អ​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់​វិញ ហើយ​អ្វី​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​អាក្រក់​ចំពោះ​យើង តែ​បែរ​ជា​មិន​មែន​ជា​ការ​អាក្រក់​វិញ។»

នៅ​ពេល​ដែល​យើង​មើល​ទៅ​ថា​ហាក់​បី​ដូច​ជា​ព្រះ​ជាម្ចាស់​កំពុង​តែ​បដិសេធ​ដោយ​មិន​ព្យាបាល​យើង នេះ​មិន​មែន​មក​ពី​ទ្រង់​ឃោរឃៅ​នោះ​ទេ។ ការ​យល់​ដឹង​របស់​យើង​មាន​ព្រំដែន ហើយ​យើង​ក៏​នឹង​មិន​ដែល​ឃើញ​យ៉ាង​ច្បាស់​លាស់​លើ​អ្វីៗ​ទាំង​អស់​ដោយ​ចេញ​ពី​ទស្សនៈ​របស់​ព្រះ​អង្គ​ឡើយ។ យើង​ទំនង​ជា​ពិបាក​យល់​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ប្រើ​ប្រាស់​ការ​រង​ទុក្ខ​សម្រាប់​ជា​សេចក្ដី​ល្អ ប៉ុន្តែ​យើង​មិន​មាន​ប្រាជ្ញា ឬ​ក៏​អំណាច​ក្នុង​ការ​លើក​ឡើង​ថា វា​ក៏​មិន​មែន​ជា​ការ​ពិត​បាន​ផង​ដែរ។

ការ​ប្រាថ្នា​ចង់​ទទួល​បាន​ការ​ព្យាបាល និង​ការ​ឱប​ក្រសោប​ការ​រង​ទុក្ខ

នៅ​ពេល​ដែល​ការ​រង​ទុក្ខ​ជ្រាប​ចូល​ក្នុង​ជីវិត​របស់​យើង ជា​ទូទៅ​យើង​មាន​អារម្មណ៍​ថា​មាន​តែ​ជម្រើស​ពីរ​យ៉ាង​ប៉ុណ្ណោះ៖ ១) ទទួល​ស្គាល់​ថា​កាលៈទេសៈ​របស់​យើង​វា​នឹង​មិន​ល្អ​ប្រសើរ​បាន​ឡើយ ២) ប្រាថ្នា​ជានិច្ច​ចង់​ឲ្យ​មាន​អ្វី​មួយ​ផ្លាស់​ប្រែ។

ប៉ុន្តែ យើង​មិន​មែន​គ្រាន់​តែ​មាន​ជម្រើស​តែ​ប៉ុណ្ណោះ​ឡើយ។ តាម​រយៈ​ព្រះ​គ្រីស្ទ ព្រះ​ជាម្ចាស់​បាន​ប្រទាន​សេរីភាព​យ៉ាង​ប្លែក​ដែល​អនុញ្ញាត​ឲ្យ​យើង​មាន​ក្ដី​សង្ឃឹម​សម្រាប់​អនាគត​ក្នុង​ការ​ព្យាបាល និង​ការ​ស្ដារ​ឡើង​វិញ ដែល​ស្រប​ពេល​ជា​មួយ​គ្នា​នោះ ក៏​ជួយ​ឲ្យ​យើង​មាន​សន្តិភាព​ក្នុង​ចិត្ត ខណៈ​ពេល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​រងទុក្ខ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ។ សេរីភាព​មួយ​នេះ​អនុញ្ញាត​ឲ្យ​យើង​ប្រឈម​នឹង​មន្ទិល​សង្ស័យ និង​សំណួរ​របស់​យើង ហើយ​ស្រប​ពេល​ដែល​យើង​បន្ត​ថែ​បំប៉ន​ភាព​ស្កប់​ស្កល់​ចិត្ត​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​មាន។ វា​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ការ​តយុទ្ធ​មិន​មែន​ជា​ភស្តុតាង​ថា​យើង​គ្មាន​ជំនឿ​នោះ​ឡើយ។ វា​ពង្រឹង​ជំនឿ​របស់​យើង​ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ចម្លើយ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​វិញ ហើយ​អនុវត្ត​ក្ដី​សង្ឃឹម​នៃ​ក្ដី​សន្យា​របស់​ទ្រង់​ទៅ​លើ​កាលៈទេសៈ​ដ៏​លំបាក​ដែល​យើង​កំពុង​ប្រឈម​មុខ​ភ្លាមៗ​នោះ។

វា​ជា​ការ​ធម្មតា​ទេ​ក្នុង​ការ​ចង់​ឲ្យ​អ្វី​មួយ​មាន​ការ​ខុស​ប្លែក។ នៅ​ពេល​ដែល​យើង​នាំ​សំណូម​ពរ​របស់​យើង​ទៅ​កាន់​ព្រះ​ជាម្ចាស់ យើង​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​ជា​គំរូ​ដែល​ព្រះ​គ្រីស្ទ​ផ្ទាល់​បាន​បង្ហាញ​ដល់​យើង​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ព្រះអង្គ​មុន​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង (លូកា ២២:៤២)។ ព្រះ​អង្គ​បាន​បង្ហាញ​នូវ​គំរូ​ទាំង​ក្ដី​សង្ឃឹម​ដ៏​ពិត​សម្រាប់​អ្វី​មួយ​ខុស​ប្លែក ហើយ​ខណៈ​ពេល​នោះ​ក៏​បាន​ទទួល​យក​នូវ​ការ​រង​ទុក្ខ​ដែល​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​សម្រាប់​ទ្រង់​ផង​ដែរ។

ព្រះ​យេស៊ូវ​មិន​បាន​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទូល​សូម​ព្រះ​វរបិតា​ឲ្យ​មាន​ជម្រើស​ណា​មួយ​ផ្សេង​ទៀត ដើម្បី​សម្រេច​ផែន​ការ​របស់​ព្រះ​អង្គ​ទេ ប៉ុន្តែ​នៅ​ចុង​បញ្ចប់​សំណូម​ពរ​របស់​ព្រះ​អង្គ​ទ្រង់​បាន​លើក​ឡើង​ដោយ​មាន​ព្រះ​ទ័យ​ចុះ​ចូល។

រាល់​អ្វីៗ​ដែល​យើង​ត្រូវ​ការ

ខណៈ​ពេល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​រងទុក្ខ និង​បន្ត​មាន​សំណួរ​ដ៏​ពិបាកៗ ការ​ប្រឆាំង​នឹង​អារម្មណ៍​ដែល​ថា ខ្លួន​មិន​គ្រប់​គ្រាន់ និង​ច្រណែន​អ្នក​ដទៃ​គឺ​ជា​អ្វី​ដែល​ពិបាក​ណាស់។ ប៉ុន្តែ ក្នុង​ការ​បន្ទាប​ខ្លួន និង​ការ​បី​ត្រកង​ដោយ​ព្រះ​គុណ យើង​ក៏​បន្ត​តយុទ្ធ​ទាំង​ក្នុង​ការ​មាន​អំណរ​ជា​មួយ​អ្នក​ដទៃ​ក្នុង​ការ​ព្យាបាល​របស់​ពួក​គេ ហើយ​ក្នុង​ការ​បន្ត​ដំណើរ​ជា​មួយ​អស់​អ្នក​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់ ដោយ​ដឹង​ថា​យើង​មិន​គួរ​យក​ការ​រងទុក្ខ​របស់​យើង​មក​ប្រៀប​ធៀប​នឹង​គ្នា​នោះ​ឡើយ។

យើង​ត្រូវ​តែ​ចងចាំ​ថា ព្រះ​ជាម្ចាស់​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ជ្រាលជ្រៅ​ណាស់ ហើយ​ព្រះ​អង្គ​ក៏​នឹង​តែង​តែ​ផ្គត់​ផ្គង់​នូវ​រាល់​អ្វីៗ​ដែល​យើង​ត្រូវ​ការ​ផង​ដែរ។ ព្រះ​អង្គ​បាន​សម្រេច​រួច​ជា​ស្រេច​ហើយ។

ការ​មាន​សុខ​ភាព​ល្អ​ឥត​ខ្ចោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​មិន​ដែល​មាន ឬ​ស្គាល់​ក្នុង​ជីវិត​នេះ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​មាន​វា​ទេ នោះ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​ត្រូវ​ការ​វា​ដែរ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​សម្រាប់​ខ្ញុំ​ឡើយ។ ព្រះ​អង្គ​មិន​បាន​ធ្វើ​អ្វី​ខុស​នៅ​ពេល​ដែល​ទ្រង់​បង្កើត​ខ្ញុំ​នោះ​ឡើយ។ ក្នុង​ជីវិត​នេះ គ្មាន​អ្វី​មួយ​ធ្លាប់​បាន​កើត​ឡើង​ក្រៅ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ទេ។ ដែន​កំណត់​ខាង​ឯ​រូប​កាយ​របស់​ខ្ញុំ​មិន​បាន​ដក​ហូត​សិទ្ធិ​ខ្ញុំ​ចេញ​ពី​អ្វី​ដែល​ព្រះអង្គ​ត្រាស់​ហៅ​ឲ្យ​ខ្ញុំ​សម្រេច​នោះ​ដែរ។ តាម​ពិត​ទៅ ខ្ញុំ​ជឿ​ថា​ពិការ​ភាព​នោះ​បាន​ត្រៀម​របៀប​ខុស​ប្លែក​គ្នា និង​របៀប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ខ្ញុំ​ក្នុង​ការ​បំពេញ​ការ​ត្រាស់​ហៅ​នោះ។ ខ្ញុំ​ជឿ​ថា ព្រះ​ជាម្ចាស់​បាន​ប្រទាន​កាលៈទេសៈ និង​បញ្ហា​ខាង​ឯ​រូប​កាយ​ទាំង​នោះ​មក​ខ្ញុំ​ទុក​ជា​ការ​ផ្គត់​ផ្គង់​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​បំពេញ​ការ​ត្រាស់​ហៅ​របស់​ទ្រង់​ក្នុង​ជីវិត​ខ្ញុំ។

ការ​ព្យាបាល​ក្នុង​ជីវិត​នេះ​ទំនង​ជា​អាច​នឹង​កើត​មាន​ឡើង​បាន។ ឬ​ក៏​ថា ព្រះ​អង្គ​ទំនង​ជា​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មាន​ដំណើរ​រឿង​នៃ​ជំនឿ​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​រង្វាន់​ថែម​ទៀត​តាម​រយៈ​ការ​រង​ទុក្ខ​របស់​យើង​ក៏​ថា​បាន។ គ្មាន​ការ​បដិសេធ​ទេ​ដែល​ថា​វិថី​មួយ​នេះ​គឺ​ជា​វិថី​ដ៏​ពិបាក ប៉ុន្តែ​ព្រះ​ជាម្ចាស់​ក៏​កំពុង​តែ​គង់​នៅ​ត្រង់​នេះ​ក្នុង​ការ​ដើរ​ជា​មួយ​នឹង​យើង​ផង​ដែរ និង​រម្លឹក​យើង​ថា​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ​ក្នុង​រាល់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។

មិន​យូរ​មិន​ឆាប់ ការ​រង​ទុក្ខ​របស់​យើង​នឹង​ឈាន​ដល់​ទី​បញ្ចប់។ ប្រសិន​បើ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​ការ​រង​ទុក្ខ​គឺ​គ្រាន់​តែ​ជា​រឿង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​នោះ ពេល​យើង​ឃើញ​ជំនឿ​ដែល​យើង​មាន នោះ​យើង​នឹង​ដក​ពិសោធន៍ និង​សិរីល្អ​ដែល​មិន​ស័ក្ដិសម​នោះ​យក​មក​ប្រៀប​ធៀប​នឹង​រាល់​ចំណុច​ពិបាកៗ​ដែល​យើង​ធ្លាប់​ដក​ពិសោធន៍​នៅ​លើ​ផែនដី​នេះ​ឡើយ។

និពន្ធ​ដោយ៖ អ្នក​គ្រូ MaryLynn Johnson
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក នាង និត,
លោក​ស្រី ថា សំបូរ, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​

ព្រះអម្ចាស់ប្រទានសេចក្ដីស្រឡាញ់