ពីមុនខ្ញុំបានសរសេរបន្តិចទាក់ទងនឹងប្រធានបទលុយកាក់ ដោយព្យាយាមលើកឡើងនូវ៤ចំណុចដែលយើងជាគ្រីស្ទបរិស័ទតែងតែគិតអំពីលុយកាត់ និងទ្រព្យសម្បត្តិក្នុងរបៀបលោកីយ៍។ ឥឡូវនេះ ខ្ញុំចង់បន្តលើប្រធានបទនោះដោយលើកឡើងថា តើព្រះគម្ពីរបានចែងយ៉ាងដូចម្ដេចទាក់ទងនឹងការឲ្យ និងការថ្វាយតង្វាយ។ ព្រះជាម្ចាស់ប្រទានលុយកាក់ដល់យើង ហើយក៏បានប្រាប់យើងឲ្យប្រុងប្រយ័ត្ន ដោយធ្វើជាអ្នកត្រួតត្រាយ៉ាងស្មោះត្រង់ផងដែរ។ តើចំណុចមួយនៃការត្រួតត្រារបស់យើងទាក់ទងទៅនឹងការឲ្យអាចថា យ៉ាងហោចណាស់យើងគួរតែឲ្យលុយនោះខ្លះទៅអ្នកដទៃមែនឬ? សូមអនុញ្ញាតឲ្យខ្ញុំឆ្លើយនូវសំណួរនេះដោយសួរនូវសំណួរបួនយ៉ាងទៀតសិន៖ ១) តើខ្ញុំត្រូវតែឲ្យ? ២) តើឲ្យខ្ញុំឲ្យដោយរបៀបណា? ៣) តើខ្ញុំគួរឲ្យទៅនរណា ឬក៏កន្លែងណា ៤) តើខ្ញុំគួរឲ្យប៉ុន្មាន?
ចូរយើងទទួលស្គាល់ថា នេះគឺជាប្រធានបទដ៏ពិបាក ហើយក៏នាំឲ្យមានការវែកញែក និងការមិនឯកភាពគ្នាជាច្រើនផងដែរ។ ខ្ញុំមានផែនការដោយចែកចាយអំពីរបៀបដែលខ្ញុំរកដំណោះស្រាយសម្រាប់ខ្លួនឯង។
តើខ្ញុំត្រូវតែឲ្យមែនឬ?
លុយកាក់គឺជាអំណោយទានដ៏ល្អពីព្រះជាម្ចាស់។ ទោះបើថាមនុស្សយើងអាចយកវាទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍អំពើអាក្រក់ ឬក៏ថាវាជាចំណុចគំរាមកំហែងដល់យើងក្នុងការក្លាយជាព្រះសម្រាប់យើងក៏ដោយ ក៏លុយនៅតែល្អដដែល។ លុយកាក់គឺមិនមែនជាឫសគល់នៃរាល់អំពើអាក្រក់ទេ ផ្ទុយទៅវិញការស្រឡាញ់លុយកាក់គឺជាឫសគល់គ្រប់បែបយ៉ាងនៃអំពើអាក្រក់។ នេះមានន័យថា វាមិនជាការខុសក្នុងការរកលុយនោះទេ។ ការយកប្រាក់ខែមកផ្ទះ គឺមិនមែនជាការខុសនោះទេ។ ហើយតាមពិតទៅ ចំណុចផ្ទុយគឺពិតទេតើ។ ព្រះអម្ចាស់រំពឹងថា យើងនឹងធ្វើការដោយនឿយហត់ ទទួលប្រាក់ខែគួរសម ហើយប្រើប្រាស់លុយកាក់របស់យើងដោយមានទំនួលខុសត្រូវ។
ដោយបានលើកឡើងអំពីចំណុចនេះ ហើយដោយសន្មតថា លោកអ្នកនឹងរកលុយ តើឥឡូវនេះព្រះជាម្ចាស់តម្រូវថាលោកអ្នកគួរត្រូវឲ្យលុយនោះ (យ៉ាងហោចណាស់ខ្លះ) ទៅអ្នកដទៃមែនឬ? តាមការយល់ដឹងរបស់ខ្ញុំ ប្រាកដណាស់ព្រះអង្គតម្រូវ។ ខ្ញុំបានឈានដល់សេចក្ដីសន្និដ្ឋានបែបនេះដោយមានរបៀបខុសៗគ្នាមួយចំនួន។
ទី១ យើងឃើញពីគំរូមួយនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ពិតណាស់! យើងត្រូវតែមានការប្រុងប្រយ័ត្នក្នុងការដកអត្ថន័យចេញពីព្រះគម្ពីរសញ្ញាចាស់ ដោយសារឥឡូវនេះយើងរស់នៅក្រោយសម័យកាលព្រះគ្រីស្ទជាជាងសម័យកាលមុនព្រះអង្គ។ ប៉ុន្តែ ដោយសារយើងបានលើកឡើងអំពីចំណុចនេះរួចស្រេចទៅហើយ ក៏យើងនៅដឹងផងដែរថា ព្រះគម្ពីរសញ្ញាចាស់នៅមានគោលការណ៍ជាច្រើនដែលជាការណែនាំដល់យើង។ តាំងពីដំបូងមកម៉្លេះ ព្រះជាម្ចាស់បានលើកឡើងនូវចំណុចមួយដ៏ច្បាស់លាស់ទៅកាន់រាស្ត្ររបស់ទ្រង់ គឺថាព្រះអង្គតម្រូវឲ្យពួកគេថ្វាយត្រឡប់ទៅទ្រង់វិញ។ ព្រះអង្គទាមទារឲ្យពួកគេថ្វាយផលផ្លែដំបូងនៃការងាររបស់ពួកគេ ហើយទ្រង់សព្វព្រះហឫទ័យចង់បានផលផ្លែដំបូង និងផលផ្លែដ៏ល្អបំផុត។ ផលផ្លែដំបូងទាំងអស់នោះគឺជាតំណាងនៃការទាមទាររបស់ព្រះជាម្ចាស់លើផលផ្លែទាំងអស់ផ្សេងទៀត។ តាមរយៈការថ្វាយផលផ្លែដំបូង និងផលផ្លែដ៏ល្អបំផុត នោះរាស្ត្ររបស់ព្រះជាម្ចាស់កំពុងតែទទួលស្គាល់ថា រាល់អ្វីៗទាំងអស់គឺសុទ្ធតែជារបស់ទ្រង់ទេតើ។ ប្រសិនបើពួកគាត់ថ្វាយផងផ្លែចុងក្រោយ និងផលផ្លែដ៏អាក្រក់បំផុត នោះវាជាការសម្គាល់ថាតាមពិតទៅរាល់គ្រប់អ្វីៗគឺសុទ្ធតែរបស់ពួកគាត់ទេតើ។ ព្រះជាម្ចាស់ទាមទារនូវអ្វីដែលល្អបំផុត ហើយនោះឯងគឺជាអ្វីដែលរាស្ត្ររបស់ទ្រង់បានថ្វាយទៅព្រះអង្គក្នុងអាកប្បកិរិយាដែលមានពេញទៅដោយអំណរ។
ព្រះជាម្ចាស់ក៏បានទាមទារឲ្យមានការថ្វាយតង្វាយផងដែរ។ កណ្ឌគម្ពីរ លេវីវិន័យ ២៧ គឺជាកន្លែងដំបូងដែលព្រះអង្គបានប្រកាសអំពីក្រឹត្យវិន័យមួយនេះ ហើយទ្រង់បានមានព្រះបន្ទូលថា «តង្វាយមួយភាគដប់ទាំងអស់គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្ដី ត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់»។ នេះមានន័យថា «មួយភាគដប់» ឬក៏ «ដប់ភាគរយ» នៃផលផ្លែគឺត្រូវថ្វាយទៅកាន់ព្រះអម្ចាស់។ នៅសម័យកាលនោះ មនុស្សម្នាមិនចាយលុយកាក់នោះទេ ប៉ុន្តែគេចាយផលផ្លែ និងរបស់របរ ហើយនោះឯងគឺជាអ្វីដែលព្រះអម្ចាស់តម្រូវឲ្យពួកគាត់ថ្វាយ។ មិនថាពួកគាត់មានការងារអ្វីក៏ដោយ ក៏ព្រះជាម្ចាស់តម្រូវឲ្យពួកគាត់យកតង្វាយមួយភាគដប់មកកាន់ទ្រង់ផងដែរ—តង្វាយមួយភាគដប់ដំបូង និងល្អជាងគេបំផុត។ ព្រះជាម្ចាស់មិនទទួលយកនូវអ្វីដែលសេសសល់នោះទេ ប៉ុន្តែទទួលនូវអ្វីដែលល្អជាងគេបំផុត។
ជាព័ត៌មានបន្ថែម វាជាចំណុចសម្គាល់សំខាន់ដែលថា ការថ្វាយតង្វាយគឺតែងតែ ១០%។ អត្ថន័យពាក្យនេះគឺមិនសម្គាល់ទៅលើការឲ្យ ឬក៏ការបរិច្ចាគនោះទេ ប៉ុន្តែនេះគឺជាពាក្យដែលពណ៌នាយ៉ាងចំៗអំពីចំនួននៃ ១០%។
ចំណុចនោះផ្ដល់ដល់យើងនូវព័ត៌មានខ្លះៗអំពីព្រះគម្ពីរសញ្ញាចាស់។ ហើយប្រាកដណាស់យើងក៏ត្រូវតែបែរទៅមើលព្រះគម្ពីរសញ្ញាថ្មីផងដែរ។ ក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៦ ព្រះយេស៊ូវបានមានព្រះបន្ទូលដូចនេះ៖ «ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើ…»។ល។ វាជាចំណុចដ៏សំខាន់ណាស់ដែលយើងសម្គាល់ត្រង់ថា ព្រះអង្គមិនបានមានបន្ទូលថាប្រសិនបើលោកអ្នកធ្វើទាន ប៉ុន្តែពេលណាលោកអ្នកធ្វើទាន។ ព្រះយេស៊ូវបានសន្មតថា យើងនឹងធ្វើទាន។ តាមពិតទៅ គ្មានខគម្ពីរណាបានលើកឡើងថា ព្រះយេស៊ូវបង្គាប់ឲ្យយើងមិនថ្វាយទៅកាន់ព័ន្ធកិច្ចរបស់ព្រះអម្ចាស់ឡើយ។ ក្រោយពីព្រះយេស៊ូវបានសុគតទៅ នៅគ្រាដំបូងនៃក្រុមជំនុំដើម យើងឃើញថារាស្ត្ររបស់ព្រះអង្គបានធ្វើទានយ៉ាងសប្បុរស។ កណ្ឌគម្ពីរ កិច្ចការ ២ បានលើកឡើងអំពីខគម្ពីរដ៏អស្ចារ្យមួយនេះ៖ «គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ» (គកស)។ ជាថ្មីម្ដងទៀត ជំពូក៤ក៏បានលើកឡើងអំពីការធ្វើទាន និងសេចក្ដីសប្បុរស ហើយបានលើកឡើងថា មិនមានបុគ្គលណាម្នាក់ដែលមានតម្រូវការសោះ គ្រប់គ្នាបានឲ្យ ហើយអស់អ្នកដែលមានតម្រូវការក៏បានទទួល។ ការធ្វើទានក៏ជាប្រធានបទមួយក្នុងសំបុត្រនានានៃព្រះគម្ពីរសញ្ញាថ្មីផងដែរ—ឲ្យព្រោះព្រះអម្ចាស់បានប្រទានមកយើង ហើយឲ្យដូចដែលព្រះជាម្ចាស់បានប្រទានមកយើងដែរ។
រឿងអស់នេះ គឺដើម្បីលើកឡើងថា ព្រះគម្ពីរសញ្ញាថ្មីបង្រៀន ហើយក៏បង្ហាញជាគំរូទាក់ទងនឹងប្រធានបទនៃការធ្វើទានផងដែរ។ នៅមានខគម្ពីរជាច្រើនទៀតដែលយើងអាចមើលបានលើសពីខគម្ពីរដ៏តិចតួចទាំងប៉ុន្មាននេះ។ យើងត្រូវធ្វើការ ហើយយ៉ាងហោចណាស់ក៏ត្រូវឲ្យប្រាក់ចំណេញមួយផ្នែកនៃលុយកាក់របស់យើងផងដែរ។
ចំណុចនេះនាំយើងមកកាន់សំណួរទី២៖
តើឲ្យខ្ញុំឲ្យដោយរបៀបណា?
អ្វីដែលខ្ញុំចង់មានន័យនៅត្រង់នេះគឺថា តើខ្ញុំគួរមានឥរិយាបថយ៉ាងដូចម្ដេច? តើខ្ញុំគួរមានចិត្តយ៉ាងម៉េចខណៈពេលដែលខ្ញុំឲ្យ? យើងអាចឆ្លើយដោយមានរបៀបពីរបីយ៉ាង។
ទី១ យើងត្រូវឲ្យក្នុងលក្ខណៈជាការថ្វាយបង្គំ។ ព្រះយេស៊ូវបានព្រមានយ៉ាងច្បាស់លាស់នឹងការឲ្យដោយមានចិត្តជំរុញមិនត្រឹមត្រូវ។ ព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ពួកផារិស៊ី ហើយព្រមានពួកគាត់ដោយជំទាស់ក្នុងការធ្វើទានបែបជាសាធារណៈ ហើយធ្វើដោយមានការចេញមុខ និងការផ្លុំត្រែឲ្យអ្នកដទៃឃើញ។ មើលទៅ មានអ្នកខ្លះក្នុងចំណោមពួកគាត់ចូលចិត្តធ្វើទានដោយបង្ហាញយ៉ាងពេញមុខ ដូចតែពួកគាត់បានធ្វើទាក់ទងទៅនឹងការតមអាហារ និងចំណុចនៃការថ្វាយបង្គំនានាទៀត។ ការធ្វើបែបនោះក្បត់នូវមូលហេតុពិតដែលពួកគាត់ធ្វើទាន—ពួកគាត់ចង់ឲ្យមនុស្សឃើញ ហើយកោតសរសើរខ្លួន។ ការធ្វើទានរបស់ពួកគាត់គឺតាមពិតទៅសម្រាប់ខ្លួនឯង មូលហេតុដ៏អាត្មានិយម ហើយមិនមែនសម្រាប់ព្រះជាម្ចាស់ទេ។ ព្រះយេស៊ូវបានបង្រៀនថា យើងត្រូវធ្វើទាន ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់ ដើម្បីអរព្រះគុណព្រះជាម្ចាស់ ហើយជាចុងក្រោយគឺដើម្បីថ្វាយបង្គំព្រះអង្គ។ ការធ្វើបែបនេះដកភ្នែកយើងចេញពីការសម្លឹងមើលខ្លួនឯង ហើយរម្លឹកយើងអំពីអត្ថន័យដើមនៃការថ្វាយប្រាក់តង្វាយ និងការឲ្យផងផ្លែដំបូងក្នុងព្រះគម្ពីរសញ្ញាចាស់—រាល់គ្រប់អ្វីៗគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយរាល់គ្រប់អ្វីដែលយើងមានគឺជាសញ្ញាសម្គាល់អំពីសេចក្ដីសប្បុរសរបស់ព្រះអង្គមកកាន់យើង។ យើងធ្វើទាន ដើម្បីជាការថ្វាយបង្គំព្រះជាម្ចាស់។
ទី២ ទោះបើថាព្រះគម្ពីរបានបង្គាប់ឲ្យយើងថ្វាយ យើងត្រូវតែថ្វាយដោយមានសេរីភាព និងការស្ម័គ្រចិត្តមិនមែនថ្វាយបែបជាតួនាទីទេ។ សាវ័ក ប៉ុល បានសរសេរក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៩ ទាក់ទងនឹងប្រធានបទនៃការថ្វាយដោយលើកឡើងថា៖ «ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ត ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្តរីករាយ» (ខ៧ គកស)។ ដូច្នេះ ទោះបើព្រះគម្ពីរបានបង្គាប់ឲ្យយើងថ្វាយក៏ដោយ («ម្នាក់ៗត្រូវតែចូលប្រាក់») ក៏យើងនៅអាចថ្វាយតាមដែលខ្លួនបានសម្រេចចិត្តផងដែរ។ បើនិយាយម្យ៉ាងទៀតទៅ ការថ្វាយដោយមានចិត្តស្ទាក់ស្ទើរ នោះមិនមែនជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាននោះទេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យយើងថ្វាយដោយមានចិត្តអាត្មានិយម ឬក៏ខឹងនៅឡើយ ឬក៏សូម្បីតែមានចិត្តចង់លើកឡើងដោយថា «បានៗ ដោយសារទ្រង់តម្រូវ នោះទូលបង្គំនឹងថ្វាយ» ដែរ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងថ្វាយដោយមានសេរីភាព។ ហើយជាថ្មីម្ដងទៀត យើងអាចធ្វើការនេះបាននៅពេលដែលយើងយល់ថា រាល់គ្រប់អ្វីៗគឺជាកម្មសិទ្ធិរបស់ព្រះអង្គ។ ប្រសិនបើរាល់គ្រប់អ្វីៗជាកម្មសិទ្ធិរបស់ទ្រង់ ហើយប្រសិនបើទ្រង់ជាម្ចាស់ ហើយយើងគ្រាន់តែជាអ្នកត្រួតត្រា នោះយើងគួរមានចិត្តថ្លែងអំណរគុណដ៏អស្ចារ្យទៅកាន់ព្រះអង្គត្រង់ថា យើងអាចទុកខ្លះសម្រាប់ខ្លួនឯងបាន! ព្រះអង្គអាចទាមទារនូវរាល់លុយកាក់ទាំងប៉ុន្មានដែលយើងរកបានយ៉ាងងាយស្រួល ដ្បិតនោះគឺជាកម្មសិទ្ធិរបស់ទ្រង់។
ដូច្នេះ ការថ្វាយរបស់យើងគឺជាការថ្វាយដោយមានសេរីភាព។ ទោះបើថា ព្រះគម្ពីរបានបង្គាប់ឲ្យយើងថ្វាយក៏ដោយ ក៏យើងនៅអាចថ្វាយដោយមានសេរីភាព មិនមែនស្ថិតក្រោមការបង្ខិតបង្ខំឡើយ។ យើងត្រូវថ្វាយ ដោយមានចិត្តអរសប្បាយ។ ខគម្ពីរនោះត្រូវបានបញ្ចប់ដោយលើកឡើងថា «ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្តរីករាយ»។ ក្នុងរដូវកាលបុណ្យទានក្នុងក្រុមជំនុំដូចជាបុណ្យណូអែល បុណ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ នោះគឺជាឱកាសដែលយើងអាចគិតអំពីការថ្វាយ។ តើលោកអ្នកបងប្អូនចង់ឲ្យមិត្តភក្តិណាម្នាក់របស់ខ្លួនយកកាដូនៃបុណ្យណូអែលមកជូនលោកអ្នកហើយលើកឡើងថា «គ្នាមានអារម្មណ៍ថាត្រូវតែទិញអ្វីមួយឲ្យឯង អញ្ចឹងនេះកាដូ» ដែរឬទេ? ទេ! ប្រសិនបើមាននរណាម្នាក់ឲ្យកាដូមកលោកអ្នក នោះលោកអ្នកចង់ឲ្យកាដូនោះឆ្លុះបញ្ចាំងពីដួងចិត្តដែលស្ម័គ្រចិត្ត និងការឲ្យហើយមានអំណរ។ ហើយនោះឯងគឺជារបៀបដែលព្រះអម្ចាស់រំពឹងថាយើងនឹងថ្វាយទៅកាន់ទ្រង់។
នោះគឺជាចម្លើយលើសំណួរទីពីររបស់យើង៖ តើយើងឲ្យដោយរបៀបណា? យើងត្រូវថ្វាយដោយស្ម័គ្រពីចិត្ត និងពេញដោយអំណរ ហើយជាទង្វើនៃការថ្វាយបង្គំ។ ពេលក្រោយ យើងនឹងមើលចម្លើយលើសំណួរពីរទៀត៖ តើខ្ញុំគួរឲ្យទៅនរណា ឬក៏កន្លែងណា? ហើយតើខ្ញុំគួរឲ្យប៉ុន្មាន?
មតិយោបល់
Loading…