គ្រីស្ទបរិស័ទដែលនៅលីវជាច្រើន ក្នុងប្រទេសកម្ពុជា មានសំណួរមួយក្នុងគំនិតពួកគាត់ទាក់ទងនឹងទំនាក់ទំនងខាងឯស្នេហា «តើខ្ញុំគួររៀបការជាមួយនឹងអ្នកមិនជឿដែរឬទេ?» យោងតាមប្រវត្តិសាស្ត្រ១ ក្រុមជំនុំសកលបានឆ្លើយសំណួរនេះយ៉ាងច្បាស់ថា «ទេ!»។
ជាទូទៅ គ្រីស្ទបរិស័ទបានគាំទ្រលើទស្សនៈថា អ្នកជឿ និងអ្នកមិនជឿមិនគួររៀបការជាមួយគ្នានោះឡើយ ដោយពឹងអាងលើកណ្ឌគម្ពីរ ២កូរិនថូស ៦:១៤-១៨៖ «មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្ដីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្ដេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាសត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ? តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះមានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្ដាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបំផុត» (គកស)។
វាពិតជាច្បាស់ណាស់ដែលខគម្ពីរនេះមិនបានលើកឡើយចំៗថា «កុំរៀបការជាមួយអ្នកមិនជឿ» ប៉ុន្តែយើងក៏មិនអាចគេចផុតពីការពាក់ព័ន្ធ និងការអនុវត្តនៃខគម្ពីរនេះទៅលើបរិបទនៃអាពាហ៍ពិពាហ៍បានដែរ។ ជីវិតខាងឯអាពាហ៍ពិពាហ៍ គឺជាការទឹមមួយប្រភេទ២ ហើយសាវ័ក ប៉ុល បានលើកឡើងយ៉ាងច្បាស់ថា ការទឹមគឺមិនមែនសម្រាប់អ្នកជឿ និងអ្នកមិនជឿទេ។ គាត់មិនបានលើកឡើងថា អ្នកជឿមិនគួរមិនមានទំនាក់ទំនងជាមួយនឹងអ្នកមិនជឿឡើយ (១កូរិនថូស ៥:១០) ប៉ុន្តែគាត់បានហាមមិនឲ្យពួកគេទឹមជាមួយនឹងគ្នា។ ខ្ញុំយល់ឃើញថា បទគម្ពីរនេះមានការអនុវត្តលើសពីជីវិតអាពាហ៍ពិពាហ៍ទៅទៀត៣ ប៉ុន្តែច្បាស់ណាស់ថា វាក៏មានបូករួមនឹងទំនាក់ទំនងផងដែរ។
ទោះបើយើងឃើញថា មានតែព្រះបន្ទូលនៅកណ្ឌគម្ពីរ ២កូរិនថូស មួយប៉ុណ្ណោះដែលព្រះជាម្ចាស់បានបើកបង្ហាញឲ្យឃើញពីព្រះហឫទ័យរបស់យ៉ាងច្បាស់ទៅលើបញ្ហានេះក៏ដោយ ក៏ខ្ញុំគួរពិចារណាលើបរិបទនៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់ផងដែរ។ គម្ពីរវិន័យបញ្ជាយ៉ាងត្រង់ៗឲ្យទាស់នឹងអស់អ្នកដែលទៅរៀបការជាមួយនឹងអ្នកមិនជឿ។ ព្រះជាម្ចាស់ដាក់រាជបញ្ជាទាំងអស់នោះមិនមែនដើម្បីលើកស្ទួយឧត្តមភាពនៃជាតិសាសន៍របស់អ៊ីស្រាអែលឡើយ ប៉ុន្តែគឺដើម្បីការពារទប់ទល់មិនឲ្យមានសាសន៍ដទៃបង្វែរពួកគេចេញពីជំនឿលើព្រះដ៏ពិតរបស់ពួកគេឡើយ។ សូមមើលឧទាហរណ៍នៅកណ្ឌគម្ពីរ ចោទិយកថា ៧:៣-៤ បានចែងថា «ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ យ៉ាងនោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់»។ ការហាមប្រាមរបស់ព្រះជាម្ចាស់គឺជាឧទាហរណ៍មួយដែលទ្រង់សម្ដែងក្តីមេត្តាករុណាចំពោះរាស្ត្រទ្រង់ ដើម្បីរក្សាចិត្តរបស់ពួកគេពីការធ្លាក់ទៅក្នុងការថ្វាយបង្គំរូបព្រះ។
មុននឹងបន្ថែមអ្វីនៅត្រង់ចំណុចខាងលើ ខ្ញុំត្រូវសិក្សាលើកណ្ឌគម្ពីរ ១កូរិនថូស ៧:៣៩ ជាមុន ពីព្រោះខគម្ពីរនោះបានលើកឡើងអំពីជីវិតអាពាហ៍ពិពាហ៍ទាក់ទងនឹងអស់អ្នកដែលធ្លាប់បានលែងគ្នា។ ក្នុងករណីនេះ ពោះម៉ាយ/ស្ត្រីមេម៉ាយមានសេរីភាពនឹងរៀបការជាថ្មីម្ដងទៀតបាន ប៉ុន្តែរៀបការបានតែជាមួយអ្នកដែល «ក្នុងព្រះអម្ចាស់» ប៉ុណ្ណោះ។ កុំឲ្យច្រឡំថា ខគម្ពីរត្រង់នេះ គ្រាន់តែសំដៅលើតែពោះម៉ាយ ឬមេម៉ាយនោះទេ តែក៏សំដៅលើអ្នកមិនទាន់រៀបការផងដែរ។ បរិបទក្នុងការបង្ហាត់បង្រៀនក្នុងកណ្ឌគម្ពីរ កូរិនថូស ទី១ ក៏មានរួមទាំងការបង្គាប់ដ៏ជាក់លាក់សម្រាប់អ្នកជឿដែលបានរៀបការជាមួយនឹងអ្នកមិនជឿ ឲ្យពួកគាត់បន្តរស់នៅក្នុងជីវិតខាងឯអាពាហ៍ពិពាហ៍ជាមួយគ្នា (ខ១២-១៦)។
តើហេតុអ្វីបានជាសាវ័ក ប៉ុល លើកឡើងចំៗអំពីចំណុចដែលថា អ្នកជឿមិនគួរលែងលះប្ដីឬប្រពន្ធខ្លួនដែលមិនមែនជាអ្នកជឿ? ប្រសិនបើសាវ័ក ប៉ុល បានបង្គាប់អ្នកជឿដែលបានរៀបការជាមួយនឹងអ្នកមិនជឿឲ្យរួមរស់ជាមួយគ្នារហូត នោះមានន័យយ៉ាងច្បាស់ថា បុគ្គលទាំងពីរនោះមិនគួរនឹងរៀបការគ្នាតាំងពីដើមមកម៉្លេះ។ សេចក្ដីសន្និដ្ឋានរបស់សាវ័ក ប៉ុល ក្នុងបរិបទនៃអាពាហ៍ពិពាហ៍រវាងអ្នកជឿ និងអ្នកមិនជឿគឺថា អ្នកទាំងពីរគួរនៅបន្តជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នារហូត ដោយដឹងថាចំណុចល្អអាចនឹងកើតឡើងចេញពីការនោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏យើងមិនត្រូវយកឃ្លាដែលថា ចំណុចល្អអាចនឹងកើតចេញពីអាពាហ៍ពិពាហ៍រវាងអ្នកជឿនិងអ្នកមិនជឿ មកប្រើជាហេតុផលដែលថា អ្នកជឿគួរព្យាយាមរៀបការជាមួយនឹងអ្នកមិនជឿឡើយ។ ទោះបើព្រះជាម្ចាស់អាចនាំមកនូវការញែកជាបរិសុទ្ធ ឬក៏ការសង្គ្រោះចេញពីអំពើបាបណាមួយក៏ដោយ ក៏នេះមិនមែនមានន័យថា យើងគួរប្រព្រឹត្តបាប ដើម្បីឲ្យការល្អចេញពីការនោះឡើយ។ ដ្បិតកណ្ឌគម្ពីរ រ៉ូម ៦:១-២ បានចែងថា «ដូច្នេះ យើងនឹងថាដូចម្ដេច? តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬអី? ទេ! មិនត្រូវឡើយ! ធ្វើដូចម្ដេចឲ្យយើងដែលស្លាប់ខាងឯអំពើបាបហើយ បាននៅរស់ក្នុងអំពើបាបទៀតបាន!»។
និយាយឲ្យចំទៅ ខ្ញុំគួរតែស្វែងរកមូលហេតុចម្បងៗដែលជំរុញចិត្តអ្នកជឿឲ្យចង់រៀបការជាមួយនឹងអ្នកមិនជឿ។ ហេតុអ្វីបានជាអ្នកជឿចង់ទៅរៀបការជាមួយនឹងអ្នកមិនជឿ?៤ តើគេមានភាពដូចគ្នាដ៏សំខាន់ដល់ថ្នាក់ណាដែលបណ្ដាលឲ្យគេចង់រៀបការជាមួយនឹងគ្នា? ក្ដីសង្ឃឹមរបស់ពួកគេខុសគ្នា ជំនឿរបស់ពួកគេខុសគ្នា ក្ដីស្រឡាញ់របស់ពួកគេខុសគ្នា អំណរអររបស់ពួកគេខុសគ្នា ការរាប់ថាខុសឬត្រូវរបស់ពួកគេខុសគ្នា ប្រភពនៃអំណាចដ៏ខ្ពស់របស់ពួកគេខុសគ្នា ហើយទស្សនៈផ្សេងៗរបស់ពួកគេក៏ខុសគ្នា សរុបសេចក្ដីមកតើ «ពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្ដេចបាន?» ដូចដែលសាវ័ក ប៉ុល បានសរសេរក្នុងកណ្ឌគម្ពីរ កូរិនថូស ទី២។ ព្រះយេស៊ូវគឺជាចំណុចចម្បងនៃសេចក្ដីស្នេហារបស់អ្នកជឿគ្រប់ៗរូប ហើយរាល់អ្វីៗដែលពួកគេពិតជាប្រាថ្នាចង់បាន គឺពួកគេអាចរកឃើញតាមរយៈការដែលគាត់កាន់តែស្គាល់ទ្រង់។ ប្រសិនបើគោលបំណងនៃជីវិតអាពាហ៍ពិពាហ៍គឺ ដើម្បីញែកយើងកាន់តែបរិសុទ្ធ ជាជាងឲ្យយើងគ្រាន់តែមានភាពអរសប្បាយ នោះមានន័យថា យើងមិនគួររៀបការជាមួយនឹងនរណាម្នាក់ដែលគ្រាន់តែចង់បំពេញសេចក្ដីប្រាថ្នាខាងឯសាច់ឈាមនោះឡើយ ប៉ុន្តែគួររៀបការជាមួយអ្នកដែលនឹងជួយបំពេញបន្ថែមខាងឯវិញ្ញាណនៃស្រែកឃ្លានរបស់យើងចំពោះព្រះគ្រីស្ទវិញ។
អត់ទោស ចុះប្រសិនបើ មនុស្ស2នាក់ស្គាល់យូរហើយ លុះក្រោយមកទើបមានជំនឿដោយមិនទាន់រៀបការ ហើយ បើមានភាគគីតែម្ខាងដែលជឿ ហើយម្ខាងមិនជឿ តែអ្នកមិនជឿស័គ្រចិត្តរស់នៅជាមួយតើ អ្នកដែលជឿគួររៀបការជាមួយទេ???
ក្នុងអត្ថបទមួយទៀតដូចតទៅ៖
សូមអានថែមនៅក្នុង៖ http://plovpit.com/marriage-believer-unbeliever/
៧. ការរៀបចំពិធីមង្គលការរបៀបគ្រីស្ទបរិស័ទមិនមែនមានន័យថា បងប្អូននឹងមានជីវិតអាពាហ៍ពិពាហ៍ជាគ្រីស្ទបរិស័ទទេ
បងប្អូនទំនងជាបានសម្រេចចិត្តថា នឹងរៀបការជាមួយអ្នកមិនជឿ ហើយក៏គិតដែរថា នោះមិនមែនជាបញ្ហាទេ ព្រោះដៃគូរបស់បងប្អូនបានអនុញ្ញាតឲ្យបងប្អូនធ្វើតាមពិធីបែបជាគ្រីស្ទបរិស័ទ។ ការនេះបណ្ដាលឲ្យបងប្អូនគិតថា ដៃគូរបស់បងប្អូនប្រហែលជាកំពុងបើកចិត្តចង់ឮពីព្រះយេស៊ូវគ្រីស្ទក៏មិនដឹង ទោះបើពួកគាត់មិនទាន់ជឿនៅឡើយក៏ដោយ។ ប៉ុន្តែ ចូរដឹងឲ្យប្រាកដថា ទោះបើបងប្អូនរៀបចំពិធីមង្គលការបែបជាគ្រីស្ទបរិស័ទក៏ដោយ ក៏នោះគ្មានប្រយោជន៍អ្វីដែរ ប្រសិនបើដៃគូរបស់បងប្អូនមិនបានទទួលជឿព្រះយេស៊ូវគ្រីស្ទ! ព្រះជាម្ចាស់មិនខ្វល់ពីសម្បកក្រៅរបស់បងប្អូនទេ ប៉ុន្តែទ្រង់ខ្វល់ពីអ្វីដែលនៅក្នុងចិត្តរបស់បងប្អូនវិញ។ សាសន៍អ៊ីស្រាអែលបានបន្តថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តរបស់ពួកគាត់មិនបានជឿលើព្រះអង្គទេ «ដ្បិតយើងចង់បានសេចក្តីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត» (ហូសេ ៦:៦ គកស)។ បើបងប្អូនពិតជាស្រឡាញ់ព្រះជាម្ចាស់មែន នោះបងប្អូននឹងហ៊ានដើរក្នុងរបៀបដ៏ត្រឹមត្រូវដោយពឹងអាងលើអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរស់នៅរបស់បងប្អូនជាមិនខាន។ ប៉ុន្តែ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងជីវិតរបស់បងប្អូនទេ នោះបងប្អូនក៏នឹងមិនអាចរស់នៅក្នុងរបៀបដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់បានដែរ។ កណ្ឌគម្ពីរ រ៉ូម ៨:៧-៨ បានចែងថា «ព្រោះគំនិតដែលគិតអំពីសាច់ឈាម នោះទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ហើយអស់អ្នកណាដែលរស់នៅខាងសាច់ឈាម ពុំអាចគាប់ព្រះហឫទ័យព្រះបានឡើយ» (គកស)។ កុំច្រឡំថា បើបងប្អូនទៅរៀបការជាមួយអ្នកមិនជឿដោយធ្វើកម្មវិធីបែបជាគ្រីស្ទបរិស័ទ នោះព្រះជាម្ចាស់សព្វព្រះហឫទ័យឡើយ។ តាមពិត ការនេះជាការដ៏អាក្រក់បំផុត ដោយសារបងប្អូនធ្វើឲ្យដៃគូរបស់បងប្អូនដែលមិនមែនជាអ្នកជឿនោះមានមុខពីរដោយបង្ហាញសម្បកក្រៅថា ខ្លួនជាអ្នកជឿព្រះយេស៊ូវគ្រីស្ទ តែធាតុពិតក្នុងចិត្តគាត់មិនបានជឿទេ «សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង» (កាឡាទី ៦:៧ គកស)។