in ,

ជេរ​ប្រមាថ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

ផ្នត់​គំនិត​នៃ​ការ​ជេរ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៣:២២៣០ និង​ម៉ាថាយ ១២:២២៣២។ ព្រះ​យេស៊ូវ​ទើប​តែ​បាន​ធ្វើ​ការ​អស្ចារ្យ។ គេ​បាន​នាំ​បុរស​ដែល​មាន​វិញ្ញាណ​អាក្រក់​សណ្ឋិត​ក្នុង​គាត់​មក​កាន់​ព្រះ​យេស៊ូវ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញ ហើយ​ក៏​បាន​ព្យាបាល​បុរស​ខ្វាក់ និង​គរ​ផង​ដែរ។ អស់​អ្នក​ដែល​បាន​ឃើញ​ការ​បណ្ដេញ​នេះ​ក៏​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូវ​ពិត​ជា​ព្រះ​មេស្ស៊ី ដែល​គេ​បាន​រង់​ចាំ​មែន​ឬ។ ពួក​ផារិស៊ី​ដែល​បាន​ឮ​ការ​និយាយ​អំពី​ព្រះ​មេស្ស៊ី​ក៏​បាន​រម្លាយ​ចោល​យ៉ាង​លឿន​អំពី​ជំនឿ​ដែល​កំពុង​តែ​ដុះ​ឡើង​ក្នុង​មហាជន៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ​សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ» (ម៉ាថាយ ១២:២៤)

ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ជា​មួយ​នឹង​ពួក​ផារិស៊ី​ដោយ​ប្រើ​ប្រាស់​តក្ក​វែក​ញែក​អំពី​មូល​ហេតុ​ដែល​ថា ព្រះ​អង្គ​មិន​មែន​កំពុង​តែ​ដេញ​អារក្ស​ក្នុង​អំណាច​សាតាំង​ឡើយ (ម៉ាថាយ ១២:២៥២៩)។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​លើក​ឡើង​អំពី​ការ​ជេរ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​អាច​នឹង​ទទួល​បាន​ការ​អត់​ទោស​ឲ្យ​រួច​ចេញ​ពី​អំពើ​បាប និង​ពាក្យ​ប្រមាថ​បាន តែ​ពាក្យ​ប្រមាថ​ដល់​ព្រះ​វិញ្ញាណ នឹង​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ។ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​អាច​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ ទោះ​ក្នុង​សម័យ​នេះ ឬ​នៅ​ឯ​បរ​លោក​ក៏​ដោយ»

យើង​អាចប​ក​ស្រាយ​ពាក្យ «ទាស់​នឹង» ថា​ជា​ទូទៅ​សំដៅ​ទៅ​លើ «ការ​ប្រឆាំង​ជា​ចំហ​ដែល​គ្មាន​ការ​គោរព»។ ពាក្យ​នេះ​អាច​ប្រើ​ប្រាស់​ទាក់​ទង​នឹង​អំពើ​បាប​ដែល​ជេរ​ប្រមាថ​ព្រះ​ជាម្ចាស់ ឬក៏​ការ​បន្ទាប​បន្ថោក​អ្វី​មួយ​ដោយ​ចេតនា​ផ្ទាល់​ទាក់​ទង​ទៅ​នឹង​ព្រះ​ជាម្ចាស់។ «ការ​ទាស់​នឹង» បែប​នេះ​ក៏​រាប់​ថា ព្រះ​ជាម្ចាស់​មាន​អំពើ​អាក្រក់​ខ្លះៗ ឬ​ក៏​ទទួល​ស្គាល់​ថា​ព្រះ​អង្គ​មិន​មាន​អំពើ​ល្អ​ដែល​យើង​គួរ​រាប់​បញ្ចូល​ក្នុង​ព្រះ​អង្គ​ឡើយ។ ទាក់​ទង​នឹង​ករណី​នៃ «ការ​ទាស់​នឹង» មួយ​នេះ​គឺ៖ អញ្ចឹង​ហៅ​ថា «ពោល​ពាក្យ​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ» ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១២:៣១។ បន្ទាប់​ពី​ពួក​ផារិស៊ី​បាន​ឃើញ​ភស្តុតាង​ដែល​មិន​អាច​បដិសេធ​បាន​ត្រង់​ថា ព្រះ​យេស៊ូវ​កំពុង​តែ​ធ្វើ​ការ​អស្ចារ្យ​ក្នុង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពួក​គេ​បែរ​ជា​អះអាង​ថា ព្រះ​អង្គ​ត្រូវ​មាន​អារក្ស​មក​សណ្ឋិត​លើ​ទៅ​វិញ (ម៉ាថាយ ១២:២៤)។ សូម​កត់​សម្គាល់​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៣:៣០ ត្រង់​ថា​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​យ៉ាង​ចំៗ​អំពី​អ្វី​ដែល​ពួក​ផារិស៊ី​បាន​ធ្វើ​ក្នុង​ការ​ប្រព្រឹត្ត​ការ​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ៖ «ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា៖ “ព្រះ​អង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល”»

ការ​ប្រមាថ​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាក់​ទង​ទៅ​នឹង​ការ​ចោទ​ព្រះ​យេស៊ូវ​គ្រីស្ទ​ថា មាន​អារក្ស​សណ្ឋិត​ក្នុង​ព្រះ​អង្គ​ជា​ជាង​ទ្រង់​មាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​វិញ។ ប្រភេទ​នៃ​ការ​ជេរ​ប្រមាថ​បែប​នេះ​មិន​អាច​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន​ឡើយ។ ពួក​ផារិស៊ី​កំពុង​តែ​ស្ថិត​ក្នុង​ពេល​វេលា​ដ៏​ពិសេស​ក្នុង​ប្រវត្តិ​សាស្ត្រ៖ ពួក​គេ​មាន​កណ្ឌ​គម្ពីរ​ក្រឹត្យ​វិន័យ នឹង​កណ្ឌ​គម្ពីរ​ពួក​ហោរា ពួក​គេ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ចិត្ត​របស់​ពួក​គេ ពួក​គេ​មាន​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់​ផ្ទាល់​ដែល​កំពុង​តែ​គង់​នៅ​ពី​មុខ​ពួក​គេ​ផ្ទាល់ ហើយ​ពួក​គេ​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ខ្លួន​នូវ​ការ​អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ដែរ។ ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ពិភពលោក​ពី​មុន (ហើយ​ក៏​នឹង​មិន​មាន​បន្ទាប់​ពី​នោះ) មិន​ដែល​មាន​ពន្លឺ​នៃ​ព្រះ​ដល់​ដំណាក់​កាល​នោះ​ដែល​ត្រូវ​បាន​ប្រទាន​មក​កាន់​មនុស្ស​លោក​នោះ​ទេ ប្រសិន​បើ​គួរ​មាន​នរណា​ដែល​ស្គាល់​ថា​ព្រះ​យេស៊ូវ​គឺ​ជា​នរណា នោះ​មាន​តែ​ពួក​ផារិស៊ី​ទេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ជ្រើស​រើស​ទាស់​ប្រឆាំង​ជា​ចំហ​ទៅ​វិញ។ ពួក​គេ​បាន​ថ្វាយ​ព័ន្ធកិច្ច​នៃ​ព្រះ​វិញ្ញាណ​ទៅ​កាន់​អារក្ស​ដោយ​ចេតនា ទោះ​បើ​ពួក​គេ​ស្គាល់​សេចក្ដី​ពិត ហើយ​មាន​ភស្តុតាង​ក៏​ដោយ។ ព្រះ​យេស៊ូវ​ក៏​បាន​ប្រកាស​ថា ការ​ខ្វាក់​ភ្នែក​ដោយ​ចេតនា​របស់​ពួក​គេ​មិន​អាច​ទទួល​ការ​អត់​ទោស​បាន​ឡើយ។ ការ​ពោល​ពាក្យ​ជេរ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ការ​បដិសេធ​ជា​លើក​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ​អំពី​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់។ ពួក​គេ​បាន​ជ្រើស​រើស​ផ្លូវ​ខ្លួន​ឯង ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ការ​ផ្ដន្ទាទោស​រហូត​ដល់​ស្លាប់ ដោយ​គ្មាន​ការ​ឃាត់​ឃាំង​ដែរ។

ព្រះ​យេស៊ូវ​ប្រាប់​ពួក​មហាជន​ថា ការ​ប្រមាថ​របស់​ពួក​ផារិស៊ី​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​នឹង «មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ ទោះ​ក្នុង​សម័យ​នេះ ឬ​នៅ​ឯ​បរលោក​ក៏​ដោយ» (ម៉ាថាយ ១២:៣២)។ នេះ​គឺ​ជា​របៀប​ម្យ៉ាង​ទៀត​នៃ​ការ​លើក​ឡើង​ថា អំពើ​បាប​របស់​ពួក​គេ​នឹង​មិន​ដែល​ទទួល​បាន​ការ​អត់​ទោស​ទេ។ មិន​ដែល​ទាល់​តែ​សោះ។ មិន​ដែល​ឥឡូវ​នេះ ហើយ​ក៏​មិន​ដែល​នៅ​អស់​កល្ប​ជានិច្ច​ដែរ។ ដូច​ដែល​កណ្ឌ​គម្ពីរ ម៉ាកុស ៣:២៩ បាន​ចែង​ថា៖ «អ្នក​នោះ​មាន​បាប​ជាប់​ទោស​អស់​កល្ប​ជានិច្ច»

លទ្ធផល​ភ្លាមៗ​នៃ​ការ​បដិសេធ​របស់​ពួក​ផារិស៊ី​ជា​សាធារណៈ​អំពី​ព្រះ​គ្រីស្ទ​នោះ (និង​ការ​ដែល​ព្រះ​ជាម្ចាស់​បដិសេធ​ពួក​គេ) ក៏​មាន​ចែង​នៅ​ក្នុង​ជំពូក​បន្ទាប់​ដែរ។ ហើយ​ជា​លើក​ដំបូង ព្រះ​យេស៊ូវ​ក៏ «មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​អំពី​សេចក្ដី​ជា​ច្រើន» (ម៉ាថាយ ១៣:; ហើយ​សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៤:)។ ពួក​សិស្ស​មិន​អាច​យល់​អំពី​របៀប​នៃ​ការ​បំផ្លាស់​បំប្រែ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ហើយ​ព្រះ​អង្គ​ក៏​បាន​ពន្យល់​អំពី​ការ​ដែល​ទ្រង់​ប្រើ​ប្រាស់​រឿង​ប្រៀប​ប្រដូច៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌កំបាំង​របស់​ព្រះ​រាជ្យ​នៃ​ស្ថាន​សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេដ្បិត​ដែល​គេ​មើល តែ​មិន​ឃើញ គេ​ស្ដាប់ តែ​មិន​ឮ ហើយ​ក៏​មិន​យល់​ដែរ» (ម៉ាថាយ ១៣:១១, ១៣)។ ព្រះ​យេស៊ូវ​ក៏​ចាប់​ផ្ដើម​បើក​សម្ដែង​សេចក្ដី​ពិត​ដោយ​ប្រើ​ប្រាស់​រឿង​ប្រៀប​ប្រដូច និង​រឿង​ឧបមា​ដែល​នោះ​គឺជា​លទ្ធផល​ផ្ទាល់​ទាក់​ទង​ទៅ​នឹង​ការ​ដែល​មេ​ដឹក​នាំ​ពួក​សាសន៍​យូដា​បាន​បដិសេធ​ទ្រង់​ជា​ផ្លូវ​ការ។

ជា​ថ្មី​ម្ដង​ទៀត ការ​ជេរ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​មិន​អាច​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​បាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ ទោះ​បើ​ថា​មាន​មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​ធ្វើ​ក៏​ដោយ។ ព្រះ​យេស៊ូវ​គ្រីស្ទ​មិន​មែន​កំពុង​គង់​នៅ​លើ​ផែនដី​នេះ​ទៀត​ទេ—ប៉ុន្តែ ព្រះ​អង្គ​កំពុង​តែ​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​ជាម្ចាស់។ គ្មាន​អ្នក​ណា​អាច​មើល​ឃើញ​ផ្ទាល់​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​យេស៊ូវ​ធ្វើ ហើយ​បន្ទាប់​មក​ថ្វាយ​អំណាច​នោះ​ទៅ​កាន់​អារក្ស​សាតាំង ជា​ជាង​ទៅ​កាន់​ព្រះ​វិញ្ញាណ​បាន​ទៀត​ឡើយ។

អំពើ​បាប​ដែល​មិន​អាច​ទទួល​បាន​ការ​អត់​ទោស​បាន​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការ​បន្ត​មិន​ជឿ។ ឥឡូវ​នេះ ព្រះ​វិញ្ញាណ​បន្ត​ធ្វើ​ការ​ក្នុង​ផែនដី​នៃ​អំពើ​បាប​ដែល​មិន​ទាន់​ទទួល​បាន​ការ​សង្គ្រោះ អ្នក​ដែល​ទទួល​បាន​ការ​រាប់​ជា​សុចរិត និង​ការ​ថ្កោល​ទោស (យ៉ូហាន ១៦:)។ ការ​បដិសេធ​ដោយ​ទាស់​ប្រឆាំង​នឹង​ការ​ធ្វើ​ការ​នោះ និង​ការ​បន្ត​មិន​កែ​ប្រែ​ចិត្ត​ដោយ​ចេតនា​គឺជា «ការ​ទាស់​នឹង» ព្រះ​វិញ្ញាណ។ មិន​មាន​ការ​អត់​ទោស​ទេ មិន​ថា​នៅ​សម័យ​នេះ ឬ​ក៏​នៅ​សម័យ​ដែល​នឹង​កើត​ឡើង សម្រាប់​បុគ្គល​ដែល​បដិសេធ​ការ​ធ្វើ​ព័ន្ធកិច្ច​របស់​ព្រះ​វិញ្ញាណ​ក្នុង​ការ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បន្ទាប់​មក​ស្លាប់​ដោយ​មិន​ទទួល​ជឿ។ យើង​អាច​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​យ៉ាង​ច្បាស់​ណាស់៖ «ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។ ហើយ​ជម្រើស​ក៏​ច្បាស់​ដែរ៖ «អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជានិច្ច តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ​រាជបុត្រា​វិញ អ្នក​នោះ​នឹង​មិន​ឃើញ​ជីវិត​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ​តែង​នៅ​ជាប់​លើ​អ្នក​នោះ​ជានិច្ច» (យ៉ូហាន ៣:៣៦)

និពន្ធ​ដោយ៖ ក្រុម GotQuestions
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា សួន សុជាតា និង​លោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

នោះក៏កុំឲ្យជឿឲ្យសោះ

ព្រះអង្គយាងចូលមក