ព្រះយេស៊ូវប្រោសមនុស្សខ្វិនម្នាក់ឲ្យជា
ម៉ាកុស ២:១-១២
(cf. ម៉ាថាយ ៩.១-៨ លូកា ៥.១៧-២៦)
តើអ្វីទៅជាចំណុចស្នូលនៃដំណើររឿងនៃការដែលព្រះយេស៊ូវបានប្រោសមនុស្សខ្វិនម្នាក់ឲ្យជា?
ចម្លើយ៖ ការដែលព្រះយេស៊ូវបានប្រោសមនុស្សខ្វិនម្នាក់នេះឲ្យជាបង្ហាញពីជំនឿរបស់បុគ្គលនោះ និងមិត្តភក្ដិរបស់គាត់ និងពីភាពជាព្រះរបស់ព្រះអង្គ។
«១ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយគេឮថា ព្រះអង្គគង់នៅក្នុងផ្ទះ។ ២មានមនុស្សប្រមូលផ្ដុំគ្នាជាច្រើន រហូតដល់គ្មានសល់កន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ហើយព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់។ ៣ពេលនោះ មានបុរសបួននាក់ សែងអ្នកស្លាប់ដៃស្លាប់ជើងម្នាក់មករកព្រះអង្គ។ ៤គេពុំអាចនាំគាត់ចូលទៅជិតព្រះអង្គបាន ដោយព្រោះមហាជន គេក៏បើកដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់។ កាលទម្លុះរួចហើយ គេក៏សម្រូតគ្រែដែលអ្នកស្លាប់ដៃស្លាប់ជើងដេកនោះចុះមកក្រោម។ ៥កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ “កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ៦មានអាចារ្យខ្លះអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ ៧“ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?” ៨ព្រះយេស៊ូវជ្រាបក្នុងវិញ្ញាណព្រះអង្គភ្លាមពីការរិះគិតនៅក្នុងចិត្តរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតនៅក្នុងចិត្តដូច្នេះ? ៩ដ្បិតដែលនិយាយទៅអ្នកស្លាប់ដៃស្លាប់ជើងនេះថា ‘ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ’ ឬថា ‘ចូរក្រោកឡើង ហើយយកគ្រែស្នែងរបស់អ្នកដើរទៅ’ តើពាក្យណាងាយថាជាជាង? ១០ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន”។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ ១១“ខ្ញុំនិយាយទៅកាន់អ្នក៖ ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះទៅ!” ១២គាត់ក៏ក្រោកឡើងភ្លាម យកគ្រែស្នែងដើរចេញទៅនៅមុខមនុស្សទាំងអស់ ធ្វើឲ្យគេគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះ ដោយពោលថា៖ “យើងមិនដែលបានឃើញអ្វីដូច្នេះសោះ”» (ម៉ាកុស ២:១-១២)។
លោក ម៉ាកុស បានប្រាប់យើងថា «ក្រុងកាពើណិម» គឺជាទីកន្លែងដែលដំណើររឿងមួយនេះបានកើតឡើង។ ក្នុងឃ្លាថា «ប៉ុន្មានថ្ងៃក្រោយមក» យើងមិនអាចសន្មតថា មានពេលវេលាប៉ុន្មានថ្ងៃបានកន្លងផុតទៅយ៉ាងជាក់លាក់នោះឡើយ ប៉ុន្តែនេះគ្រាន់តែជាឃ្លាមួយដែលភ្ជាប់ដំណើររឿងនៅក្នុងជំពូក១ ដោយបន្តចូលមកដំណើររឿងថ្មីមួយទៀតនៅក្នុងជំពូកទី២តែប៉ុណ្ណោះ។ ព្រះយេស៊ូវបានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់នៅតាមតំបន់សមុទ្រកាលីឡេ ហើយ «ក្រុងកាពើណិម» គឺជាទីកន្លែងដែលព្រះអង្គតែងតែត្រឡប់មកវិញជាមួយនឹងពួកសិស្សរបស់ទ្រង់ ដើម្បីសម្រាកមុនទ្រង់នឹងបន្តដំណើរចេញទៅធ្វើព័ន្ធកិច្ចម្ដងទៀត។
នៅពេលដែលបណ្ដាលជននៃទីក្រុងកាពើណិមបានឮថា ព្រះអង្គគង់នៅក្នុងផ្ទះមួយនោះ នោះពួកគេក៏ «ប្រមូលផ្ដុំគ្នាជាច្រើន រហូតដល់គ្មានសល់កន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ហើយព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់»។ ពាក្យ «ព្រះបន្ទូល» ត្រង់នេះសំដៅទៅលើការដែលព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលបានជិតមកដល់ ដូចដែលមានចែងនៅក្នុងខ១៤-១៥នៃជំពូក១ ដោយត្រាស់ហៅបណ្ដាជនឲ្យមានការបំផ្លាស់បំប្រែចិត្ត ហើយទទួលជឿលើដំណឹងល្អមួយនោះ។ ពេលខ្លះលោក ម៉ាកុស និយាយកាត់ដោយសរសេរថា «ព្រះអង្គប្រកាសព្រះបន្ទូល»។
ទោះបើលោក ម៉ាកុស មិនបានសរសេររៀបរាប់ប្រាប់យើងថា ព្រះយេស៊ូវបានបង្រៀនអ្វីខ្លះនៅក្នុងដំណើររឿងមួយនេះក៏ដោយ ក៏យើងនៅតែអាចសន្មតដោយមើលខគម្ពីរផ្សេងៗទៀតត្រង់ថា ព្រះអង្គកំពុងតែបង្រៀនអំពីនគរព្រះជាម្ចាស់។ កណ្ឌគម្ពីរ ម៉ាថាយ និងកណ្ឌគម្ពីរ លូកា បានសរសេរចុះប្រាប់យើងថា ព្រះអង្គបានចំណាយពេលបង្រៀនអំពីនគររបស់ព្រះទាំងនៅលើភ្នំដើមអូលីវ និងនៅក្នុងផ្ទះ និងតាមមាត់សមុទ្រ។ល។
ត្រង់នេះលោក ម៉ាកុស ចង់បង្ហាញយើងអំពីជំនឿរបស់មនុស្សខ្វិនម្នាក់នោះ និងមិត្តភក្ដិរបស់គាត់ និងបង្ហាញយើងអំពីភាពជាព្រះរបស់ព្រះយេស៊ូវ។ សម្រាប់ឥឡូវនេះ យើងនឹងគ្រាន់តែសិក្សាជាមួយគ្នាអំពីជំនឿជាមុនសិន ហើយនៅក្នុងកំណត់ហេតុបណ្ដាញបន្ទាប់ យើងនឹងសិក្សាអំពីភាពជាព្រះរបស់ព្រះយេស៊ូវ។
ជំនឿរបស់មនុស្សខ្វិន និងមិត្តភក្ដិរបស់គាត់
នៅក្នុងខ៣ យើងចាប់ផ្ដើមឃើញអំពីជំនឿរបស់ «អ្នកស្លាប់ដៃស្លាប់ជើង» ម្នាក់នោះ និងមិត្តភក្ដិរបស់គាត់ត្រង់ថា ពួកគាត់បានចាប់ផ្ដើមព្យាយាមស្វែងរកមធ្យោបាយចូលទៅជិតព្រះយេស៊ូវ។ ខ២បានប្រាប់យើងថា «មានមនុស្សប្រមូលផ្ដុំគ្នាជាច្រើន» ហើយខ៣ក៏បានប្រាប់យើងផងដែរអំពីមូលហេតុដែលពួកគាត់មិនអាចចូលទៅជិតព្រះយេស៊ូវបានគឺដោយសារមាន «មហាជន» នៅយ៉ាងកកកុញត្រង់ថា សូម្បីតែនៅមាត់ទ្វារច្រកផ្ទះក៏គ្មានកន្លែងចូលបានផង។ ដូច្នេះហើយបានជាពួក «គេក៏បើកដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់…ទម្លុះ…ក៏សម្រូតគ្រែដែលអ្នកស្លាប់ដៃស្លាប់ជើងដេកនោះចុះមកក្រោម»។
ការចាកប្រធានបទបន្តិច
មុននឹងខ្ញុំបន្តលើប្រធានបទនៃជំនឿរបស់មនុស្សខ្វិនម្នាក់នេះ និងជំនឿរបស់មិត្តភក្ដិរបស់គាត់ ខ្ញុំសូមចាកប្រធានបទបន្តិចដោយលើកឡើងអំពីមហាជនដែលកំពុងតែប្រមែប្រមូលផ្តុំគ្នាជាច្រើននាក់នៅកន្លែងដែលព្រះយេស៊ូវកំពុងតែបង្រៀន។ ការដែលមានមនុស្សម្នាជាច្រើនយ៉ាងសន្ធឹកមកចូលរួមព័ន្ធកិច្ចរបស់យើងគឺមិនមែនជារង្វាស់នៃភាពជោគជ័យទេ។ សូមកុំច្រឡំឲ្យសោះ! ចំនួនតួលេខមនុស្សចូលរួមគឺមិនមែនជារង្វាស់នៃជោគជ័យក្នុងព័ន្ធកិច្ចនោះទេ។ អ្នកដែលបានចូលរួមទាំងអស់នេះបានមកគឺដោយសារពួកគេឆ្ងល់ មិនមែនមកដើម្បីទទួលជឿដំណឹងល្អនោះទេ ទោះបើជាពួកគេបានស្ដាប់ការបង្រៀននោះក៏ដោយ។ ដូចដែលដំណើររឿងផ្សេងៗក្នុងកណ្ឌគម្ពីរដំណឹងល្អម៉ាថាយ លូកា និងយ៉ូហាន យើងឃើញថាពួកគេបានចូលរួម ដើម្បីចំអែតក្រពះរបស់ខ្លួន តែមិនបានមកដើម្បីទទួលជឿ ឬក៏ស្វែងយល់អំពីនគរព្រះនោះឡើយ ដូចដែលមានក្នុងដំណើររឿងមួយនេះដែរ។
យើងឃើញថា មហាជនដែលបានមកស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវក្នុងខគម្ពីរទាំងនេះក៏មិនមានចិត្តអាណិតអាសូរផងដែរ។ មិនអាណិតអាសូរយ៉ាងម៉េច? គឺពួកគេមិនព្រមបើកផ្លូវឲ្យអ្នកដែលកំពុងតែសែងអ្នកស្លាប់ដៃស្លាប់ជើងម្នាក់នោះ ដែលកំពុងតែចង់ទៅជិតព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គព្យាបាលគាត់ផង។ ពួកគេមិនខ្វល់អ្វីសោះអំពីមនុស្សខ្វិនម្នាក់នោះ។
ខ្ញុំសូមលើកទឹកចិត្តដល់អស់លោកអ្នកដែលកំពុងធ្វើព័ន្ធកិច្ច៖ សូមកុំយកតួលេខមនុស្សចូលរួមជាការបង្ហាញថាខ្លួនកំពុងតែមានជោគជ័យក្នុងព័ន្ធកិច្ចឲ្យសោះ ដូចយើងឃើញថា ក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវ មានមនុស្សមកចូលរួមជាច្រើន ប៉ុន្តែពួកគេមិនទាំងប្រែចិត្តទទួលជឿដំណឹងល្អផង។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងឈប់ហៅ ឬក៏អញ្ជើញអ្នកជិតខាងសាច់ញាតិបងប្អូនរបស់យើងឲ្យមកចូលរួមកម្មវិធីនៅព្រះវិហារនោះទេ។ ចូរយើងនៅបន្តអញ្ជើញ ហើយហៅឲ្យពួកគាត់ចូលរួម ប៉ុន្តែអ្វីដែលខ្ញុំចង់លើកទឹកចិត្តដល់អស់លោកអ្នកគឺត្រង់ថា សូមកុំយកតួលេខចំនួនមនុស្សដែលមកចូលរួមថាជាព័ន្ធកិច្ចដែលខ្លួនកំពុងតែធ្វើបានជោគជ័យឲ្យសោះ។
ការត្រឡប់មកប្រធានបទវិញ
យើងឃើញថាពួកគាត់មានជំនឿត្រង់ថា ពួកគាត់ហ៊ានបើកដំបូលផ្ទះដែលព្រះយេស៊ូវកំពុងតែគង់នៅ ហើយទម្លុះដំបូលផ្ទះនោះ ដើម្បីសម្រូតគ្រែមនុស្សខ្វិនម្នាក់នោះចុះក្រោម។ បើនិយាយឲ្យខ្លីទៅ ពួកគាត់ពិតជាហ៊ានមែនក្នុងការបង្ហាញជំនឿរបស់ខ្លួន។
ផ្ទះនៅសម័យបុរាណកាលនោះមានរាងបួនជ្រុង ដែលទូទៅមានជណ្ដើរឡើងទៅលើដំបូលនៅពីចំហៀងផ្ទះ ហើយដំបូលរបស់គេគឺធ្វើពីស្លឹកឈើ ស្មៅ ឬក៏ដីឥដ្ឋជាប់ជាមួយគ្នា។ របៀបធ្វើដំបូលបែបនេះក៏មិនសូវជាខុសគ្នាប៉ុន្មានដែរក្នុងការដែលប្រទេសខ្មែរយើងធ្វើដំបូលដែលយើងប្រើស្បូវ ឈើ ឫស្សី ដើម្បីប្រក់។ ចំណុចខុសប្លែកពីគ្នាគឺត្រង់ថា៖ ពួកគាត់ក៏បានប្រើដីឥដ្ឋ ដើម្បីជួយឲ្យសារធាតុទាំងនោះនៅជាប់ជាមួយគ្នា ហើយក៏ដើម្បីការពារកំដៅដែរ។
សូមលោកអ្នកនឹកស្រមៃជាមួយខ្ញុំ៖ ព្រះយេស៊ូវកំពុងតែបង្រៀន ហើយពេលនោះស្រាប់តែមានគេចាប់ផ្ដើមរើដំបូងផ្ទះ ដោយវាយដំបំបែកដីឥដ្ឋ។ ប្រសិនបើលោកអ្នកជាគ្រូបង្រៀន ឬក៏ជាគ្រូអធិប្បាយ នោះលោកអ្នកនឹងយល់អំពីអារម្មណ៍នៃការបង្រៀន ដោយចង់ឲ្យមានការស្ងប់ស្ងាត់នៅពេលកំពុងបង្រៀន ឬក៏ស្ដាប់។ ដូច្នេះ សូម្បីតែអ្នកស្ដាប់ក៏ចង់ព្យាយាមរក្សាភាពស្ងប់ស្ងាត់ នៅពេលដែលមានបុគ្គលណាម្នាក់កំពុងតែបង្រៀនដែរ។
ប៉ុន្តែ ដោយសារជំនឿរបស់ពួកគេ ហេតុដូច្នេះហើយបានជាពួកគេខិតខំយ៉ាងខ្លាំងក្នុងការនាំឲ្យមិត្តភក្ដិដែលជាមនុស្សខ្វិនអាចចូលទៅកាន់ព្រះយេស៊ូវបាន ទោះបើថាពួកគាត់ត្រូវរើដំបូលផ្ទះនោះ ដែលព្រះយេស៊ូវកំពុងតែគង់នៅទីនោះក៏ដោយ។
ដូច្នេះ សំណួរសួរថា តើលោកអ្នកបងប្អូនហ៊ានលះបង់ ឬក៏ធ្វើអ្វីខ្លះ ដើម្បីបង្ហាញជំនឿរបស់ខ្លួន? ពេលនៅកន្លែងសាធារណៈ តើលោកអ្នកបងប្អូនហ៊ានបង្ហាញជំនឿរបស់ខ្លួនដែរឬទេ? នៅឯកន្លែងធ្វើការ តើលោកអ្នកហ៊ានបង្ហាញជំនឿរបស់ខ្លួនដែរឬទេ ទោះបើថានឹងមានគេវាយប្រហារលោកអ្នក ដោយសារឧទាហរណ៍លោកអ្នកអធិស្ឋានមុនពេលទទួលទានអាហារ? ឬក៏លោកអ្នកចូលស្ទឹងតាមបទ ចេកមិនចេក តែមិនតែ ស្ករមិនស្ករ កាហ្វេមិនកាហ្វេ?
នៅក្នុងខ៥ យើងក៏ដឹងផងដែរថា ពួកគាត់មានជំនឿ ពីព្រោះលោក ម៉ាកុស បានសរសេរថា «ព្រះយេស៊ូវឃើញជំនឿរបស់គេ»។ ឃ្លានេះពិតជាអស្ចារ្យមែន ពីព្រោះកណ្ឌគម្ពីរដំណឹងល្អបានលើកឡើងតែបុគ្គលមួយចំនួនប៉ុណ្ណោះ ដែលបានប្រាប់យើងថាព្រះយេស៊ូវឃើញជំនឿរបស់ពួកគេ៖ ស្ត្រីដែលធ្លាក់ឈាម (ម៉ាថាយ ៩:២០-២២, ម៉ាកុស ៥:២៥-៣៤, លូកា ៨:៤៣-៤៨) បុរសខ្វាក់នៅឯទីក្រុង បេតសៃដា (ម៉ាកុស ៨:២២-២៦) បុរសខ្វាក់នៅឯទីក្រុងយេរីខូរ (ម៉ាកុស ១០:៤៦-៥២) បុរសខ្វាក់នៅឯទីក្រុងកាលីឡេ (ម៉ាថាយ ៩:២៧-៣១) អ្នកបម្រើរបស់មេទ័ពម្នាក់ (លូកា ៧:១-១០) និងពួកអ្នកកើតឃ្លង់ (ម៉ាថាយ ១០; លូកា ១៧:១១-១៩)។
សំណួរដែលខ្ញុំចង់សួរដល់លោកអ្នកគឺថា៖ តើលោកអ្នកមានជំនឿលើព្រះយេស៊ូវហើយឬនៅ? កណ្ឌគម្ពីរ ហេព្រើរ ១១:១ បានចែងថា «រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ»។ តើសេចក្ដីសង្ឃឹមរបស់លោកអ្នកមាននៅលើលោកនេះ ឬក៏បន្ទាប់ពីលោកអ្នកស្លាប់ទៅ? បងប្អូន! «មនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះ» (ហេព្រើរ ៩:២៧)។ តើលោកអ្នកបានត្រៀមខ្លួនហើយឬនៅក្នុងការប្រឈមមុខនឹងការជំនុំជម្រះ នៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់?
ប្រសិនបើមិនទាន់ទេ សូមលោកអ្នកកុំឲ្យថ្ងៃនេះរំលងឡើយ ប៉ុន្តែសូមបើកចិត្តទទួលជឿលើព្រះយេស៊ូវភ្លាមនេះ ហើយទទួលបានសេចក្ដីសង្គ្រោះនេះចុះ។ ព្រះជាម្ចាស់ស្រឡាញ់យើងយ៉ាងខ្លាំង ដល់ថ្នាក់ថាព្រះអង្គបានចាត់ព្រះរាជបុត្រាតែមួយអង្គគត់របស់ទ្រង់ឲ្យយាងមកសុគតជំនួសអំពើបាបយើង។ សូមបើកចិត្តទទួលជឿលើព្រះអង្គ។ ចូរមានជំនឿឡើងដូចជាមនុស្សខ្វាក់នោះ និងមិត្តភក្ដិរបស់គាត់ចុះ!
មតិយោបល់
Loading…