ម៉ាកុស ២:១-១២
ព្រះយេស៊ូវប្រោសមនុស្សខ្វិនម្នាក់ឲ្យជា
(សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៩.១-៨ លូកា ៥.១៧-២៦)
ក្នុងអត្ថបទមុនយើងបានសិក្សាជាមួយគ្នាអំពីជំនឿរបស់បុគ្គលដែលជាមនុស្សខ្វិន និងជំនឿរបស់មិត្តភក្ដិគាត់ ហើយនៅក្នុងអត្ថបទខ្ញុំចង់សិក្សាអំពីភាពជាព្រះរបស់ព្រះយេស៊ូវ។ តើដំណើររឿងនៃការដែលព្រះយេស៊ូវប្រោសមនុស្សខ្វិនម្នាក់ឲ្យជាបង្រៀនយើងអំពីភាពជាព្រះរបស់ព្រះយេស៊ូវយ៉ាងដូចម្ដេច?
«១ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយគេឮថា ព្រះអង្គគង់នៅក្នុងផ្ទះ។ ២មានមនុស្សប្រមូលផ្ដុំគ្នាជាច្រើន រហូតដល់គ្មានសល់កន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ហើយព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់។ ៣ពេលនោះ មានបុរសបួននាក់ សែងអ្នកស្លាប់ដៃស្លាប់ជើងម្នាក់មករកព្រះអង្គ។ ៤គេពុំអាចនាំគាត់ចូលទៅជិតព្រះអង្គបាន ដោយព្រោះមហាជន គេក៏បើកដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់។ កាលទម្លុះរួចហើយ គេក៏សម្រូតគ្រែដែលអ្នកស្លាប់ដៃស្លាប់ជើងដេកនោះចុះមកក្រោម។ ៥កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ “កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ៦មានអាចារ្យខ្លះអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ ៧“ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?” ៨ព្រះយេស៊ូវជ្រាបក្នុងវិញ្ញាណព្រះអង្គភ្លាមពីការរិះគិតនៅក្នុងចិត្តរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតនៅក្នុងចិត្តដូច្នេះ? ៩ដ្បិតដែលនិយាយទៅអ្នកស្លាប់ដៃស្លាប់ជើងនេះថា ‘ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ’ ឬថា ‘ចូរក្រោកឡើង ហើយយកគ្រែស្នែងរបស់អ្នកដើរទៅ’ តើពាក្យណាងាយថាជាជាង? ១០ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន”។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ ១១“ខ្ញុំនិយាយទៅកាន់អ្នក៖ ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះទៅ!” ១២គាត់ក៏ក្រោកឡើងភ្លាម យកគ្រែស្នែងដើរចេញទៅនៅមុខមនុស្សទាំងអស់ ធ្វើឲ្យគេគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះ ដោយពោលថា៖ “យើងមិនដែលបានឃើញអ្វីដូច្នេះសោះ”» (ម៉ាកុស ២:១-១២)។
ភាពជាព្រះរបស់ព្រះយេស៊ូវ
ក្នុងខ៥ ឃ្លាថា «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ» គឺជាការឆ្លើយតបដ៏ប្លែករបស់ព្រះយេស៊ូវ ប្រសិនបើយើងគិតត្រួសៗទៅ។ រាល់ពេលដែលខ្ញុំអានដំណើររឿងមួយនេះ ខ្ញុំតែងតែរំពឹងគិតថាព្រះយេស៊ូវគួរឆ្លើយបែបដូចនេះ «ចូលមកកូន ខ្ញុំនឹងព្យាបាលកូន»។ ដែលតាមពិតយើងដឹងហើយថា នៅចុងក្រោយព្រះយេស៊ូវក៏បានព្យាបាលគាត់មែន ប៉ុន្តែអ្នកអានមានការអក់សឺនៅក្នុងឃ្លាថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ» ពីព្រោះនោះមិនមែនជាអ្វីដែលយើងរំពឹងគិតថាលោក ម៉ាកុស គួរសរសេរអំពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលឡើយ។ ដែលនេះឯងគឺជាចំណុចមួយនៃការទាក់ទាញរបស់អ្នកនិពន្ធ ដើម្បីឲ្យយើងឃើញអំពីភាពជាព្រះរបស់ព្រះយេស៊ូវ នៅក្នុងដំណើររឿងមួយនេះ។
ព្រោះភ្លាមៗនោះ ពួកអាចារ្យដែលកំពុងអង្គុយនៅទីនោះក៏បានរិះគិតក្នុងចិត្តថា៖ «ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?» (ខ៦-៧)។ ពិតជាអស្ចារ្យមែន ព្រោះសូម្បីទាំងអ្នកដែលជំទាស់នឹងព្រះអង្គក៏បានផ្ដល់ជាអំណះអំណាងនៃភាពជាព្រះរបស់ទ្រង់ផងដែរ ក្នុងការរិះគន់របស់ពួកគេ។
ខ៨បានប្រាប់យើងថា «ព្រះយេស៊ូវជ្រាបក្នុងវិញ្ញាណព្រះអង្គភ្លាមពីការរិះគិតនៅក្នុងចិត្តរបស់គេ»។ មានតែព្រះទេដែលអាច «ជ្រាប» ដូចនេះបាន។ យើងឃើញនៅក្នុងខ៦ថា ពួកគេគ្រាន់តែ «បានរិះគិតក្នុងចិត្ត» ពោលគឺពួកគេមិនបាននិយាយឲ្យឮៗនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្ដីក៏ព្រះយេស៊ូវបាន «ជ្រាប» ក្នុងវិញ្ញាណរបស់ទ្រង់អំពីការរិះគន់នៅក្នុងចិត្តរបស់ពួកគេផងដែរ។
ការចាកប្រធានបទបន្តិច
ពាក្យ «ចិត្ត» ត្រង់នេះមិនមែនសំដៅទៅលើបេះដូងដែលកំពុងលោតឌុកដាក់ៗរបស់ពួកគេនោះទេ ប៉ុន្តែសំដៅទៅលើ «ចិត្តគំនិតនៃការគិតគូ» មិនមែនអំពីអារម្មណ៍នោះទេ។ ចំពោះសាសន៍ហេប្រឺ ប្រសិនបើពួកគេចង់សំដៅទៅលើ «អារម្មណ៍» នោះពួកគេនឹងប្រើប្រាស់ពាក្យ «ស្លិងណា» (“splagchna”) ដែលសំដៅទៅលើគ្រឿងក្នុង គឺពោះវៀនពោះតាំងរបស់យើង។ ប៉ុន្តែ ត្រង់នេះលោក ម៉ាកុស កំពុងតែបង្ហាញថា ព្រះយេស៊ូវកំពុងតែអាន «ខួរក្បាល និងចិត្តគំនិត» របស់ពួកគេ ដោយឮអំពីអ្វីដែលពួកគេកំពុងគិត។
គ្មានបុគ្គលណាអាចអានចិត្តគំនិត ឬក៏ខួរក្បាលរបស់យើងបាននោះទេ ទាក់ទងទៅនឹងអ្វីដែលយើងកំពុងគិត ឬក៏រិះគិតឮនោះទេ លើកលែងតែបុគ្គលនោះគឺជាព្រះផ្ទាល់តែម្ដង។ ពិតជាអស្ចារ្យមែន! ក្នុងដំណើររឿងមួយនេះ យើងឃើញអំពីភាពជាព្រះរបស់ព្រះយេស៊ូវ។
លោក ម៉ាកុស ក៏បានបង្ហាញអំពីភាពជាព្រះរបស់ព្រះយេស៊ូវ មកដល់អ្នកអាន ដោយបញ្ចប់ដំណើររឿងត្រង់ថា មនុស្សខ្វិនបានជា។ នៅចុងខ៨ និងខ៩ទាំងមូល យើងឃើញថា ព្រះយេស៊ូវបានមានព្រះបន្ទូលឆ្លើយតបទៅនឹងការរិះគិតក្នុងចិត្តរបស់ពួកអាចារ្យ បន្ទាប់ពីទ្រង់បានជ្រាបក្នុងវិញ្ញាណរបស់ទ្រង់ ដោយលើកឡើងថា «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតនៅក្នុងចិត្តដូច្នេះ? ដ្បិតដែលនិយាយទៅអ្នកស្លាប់ដៃស្លាប់ជើងនេះថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើង ហើយយកគ្រែស្នែងរបស់អ្នកដើរទៅ” តើពាក្យណាងាយថាជាជាង?»។
ការឆ្លើយសំណួរ
ព្រះយេស៊ូវបានឆ្លើយសំណួររបស់ទ្រង់ដោយបញ្ជាឲ្យអ្នកដែលស្លាប់ដៃស្តាប់ជើងនោះ «ក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះ» ចុះ។ បងប្អូន! យើងដឹងហើយថា ការនិយាយថា «ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ» គឺជាការងាយស្រួលជាងថា «ចូរក្រោកឡើង ហើយយកគ្រែស្នែងរបស់អ្នកដើរទៅ»។ ហេតុអ្វី? ពីព្រោះប្រសិនបើព្រះយេស៊ូវគ្រាន់តែមានបន្ទូលថា «ខ្ញុំអត់ទោសបាបឲ្យអ្នកហើយ» នោះគ្មានភស្តុតាងអ្វី ដើម្បីបង្ហាញថា គាត់ពិតជាទទួលបានការអត់ទោសមែននោះទេ ពីព្រោះយើងមិនអាចមើលឃើញបាបរបស់គាត់ទទួលបានការអត់ទោស តាមរយៈភ្នែករបស់យើងបានឡើយ។
ប៉ុន្តែ នៅក្នុងខ១២ យើងឃើញអំពីការឆ្លើយតបរបស់មនុស្សខ្វិនដោយគាត់បាន «ក្រោកឡើងភ្លាម យកគ្រែស្នែង ដើរចេញទៅនៅមុខមនុស្សទាំងអស់»។ ការឆ្លើយតបរបស់គាត់គឺមានភាពស៊ីគ្នាទៅនឹងការបញ្ជារបស់ព្រះយេស៊ូវទាំងស្រុង។ ក្នុងខ១១ យើងឃើញថា ព្រះយេស៊ូវបានបញ្ជាឲ្យគាត់ «ក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះ» ចុះ។ ហើយក្នុងខ១២ យើងឃើញថា មនុស្សខ្វិនម្នាក់នោះក៏បានធ្វើតាមបញ្ជាទាំងស្រុង។
ការដែលព្រះយេស៊ូវអាចបញ្ជាបានដូច្នេះបង្ហាញយើងអំពីភាពជាព្រះរបស់ព្រះអង្គ។ សរុបសេចក្ដីទៅ ព្រះអង្គមិនមែនគ្រាន់តែមានអំណាចក្នុងការអត់ទោសបាបនោះទេ ប៉ុន្តែទ្រង់ក៏មានអំណាចក្នុងការព្យាបាលផងដែរ។ លើសពីនេះទៅទៀត ការព្យាបាលមនុស្សខ្វិនមួយនេះក៏បង្ហាញអំពីអំណាចនៃភាពជាព្រះរបស់ព្រះយេស៊ូវផងដែរ ព្រោះទ្រង់បានទទួលអំណាចនោះពីព្រះជាម្ចាស់ផ្ទាល់។
ដូច្នេះសំណួរសួរថា តើយើងបានយកព្រះយេស៊ូវធ្វើជាព្រះរបស់ខ្លួនហើយឬនៅ? ត្រង់នេះ ខ្ញុំចង់បញ្ជាក់ថា នេះមិនមែនមានន័យថា លុះត្រាតែយើងយកព្រះយេស៊ូវ ដោយតែងតាំង ឬក៏អភិសេកទ្រង់ជាព្រះ នោះទើបទ្រង់ជាក្លាយព្រះនោះទេ។ សូមកុំច្រឡំយើង! ព្រះយេស៊ូវគឺជាព្រះ ១០០% តាំងពីដើមមកម្ល៉េះ ហើយតាំងពីមុនមានពេលវេលាទៀត៖ ព្រះអង្គគឺជាព្រះហើយ។ ហើយយើងក៏ដឹងផងដែរថា ព្រះយេស៊ូវក៏ជាមនុស្ស ១០០% ផងដែរនៅពេលដែលព្រះអង្គបានយាងមកយកកំណើតជាមនុស្សនៅលើផែនដីនេះ។ នេះគឺជាការចាំបាច់ ដើម្បីឲ្យព្រះអង្គអាចធ្វើជាព្រះសង្គ្រោះរបស់យើងបាន។
ប៉ុន្តែ អ្វីដែលខ្ញុំចង់មានន័យនោះគឺថា តើយើងបានបោះបង់ព្រះក្លែងក្លាយរបស់យើងចោលហើយឬនៅ ហើយមកយកព្រះយេស៊ូវធ្វើជាព្រះដែលសោយរាជ្យលើជីវិតរបស់យើងដែរឬទេ? គ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីនឹងត្រូវលុតចុះ ពេលឮព្រះនាមព្រះយេស៊ូវ (ភីលីព ២:១០)។ នៅចុងបញ្ចប់ មិនថាយើងចង់លុតជង្គង់ដោយចេតនា ឬក៏អចេតនាក្ដី ក៏នៅគ្រាចុងក្រោយយើងនឹងត្រូវទទួលការបង្ខំឲ្យលុតជង្គង់នៅចំពោះព្រះយេស៊ូវដែរ ប្រសិនបើមិនបានលុតជង្គង់ដោយចេតនាឥឡូវនេះក៏ដោយ។
ដូច្នេះ ចំពោះយើងដែលបានលុតជង្គង់ដោយចេតនានៅលើផែនដីនេះហើយ សូមបន្តស្វះស្វែងឡើងទៅមុខទៀត ក្នុងការបន្តដំណើរជំនឿនៃជីវិតក្នុងការដើរតាមព្រះយេស៊ូវ ដោយមិនមានភាពនឿយហត់។ សូមបន្តសម្លឹងទៅមើលឯព្រះយេស៊ូវ «ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» ដែរ (ហេព្រើរ ១២:២)។
ហើយចំពោះយើងដែលមិនទាន់បានលុតជង្គង់នៅចំពោះព្រះយេស៊ូវនៅឡើយ ខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកបងប្អូនកែប្រែចិត្ត ហើយទទួលជឿលើទ្រង់ឥឡូវនេះភ្លាម។ សូមកុំគ្រាន់តែ «មានសេចក្តីអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះ ដោយពោលថា៖ «យើងមិនដែលបានឃើញអ្វីដូច្នេះសោះ!» ដូចពួកមហាជនឡើយ ពីព្រោះពួកគេមិនបានមានការកែប្រែចិត្តនោះទេ ប៉ុន្តែគ្រាន់តែមានការស្ញប់ស្ញែងប៉ុណ្ណោះ។ ហើយនេះគឺជារឿងដ៏គួរឲ្យសោកស្ដាយមែន។
សូមកុំឲ្យការទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃនេះរំលងផុតពីយើងនោះឡើយ។
កូនមនុស្ស
ខ្ញុំចង់លើកឡើងបន្តិចអំពីការដែលព្រះយេស៊ូវ បានហៅខ្លួនឯងថា «កូនមនុស្ស» នៅក្នុងខ១០។ ហេតុអ្វីបានជាព្រះយេស៊ូវហៅខ្លួនឯងបែបនោះ? ហេតុអ្វីបានជាព្រះអង្គមិនហៅខ្លួនឯងថាជា «ព្រះរាជបុត្រារបស់ព្រះជាម្ចាស់» «ព្រះមេស្ស៊ី» «ព្រះដែលត្រូវបានជ្រើសតាំង» ឬក៏ «បុត្រារបស់ស្ដេច ដាវីឌ»។ល។? ងារ «កូនមនុស្ស» មានប្រមាណជាង ១៩២X ក្នុងព្រះគម្ពីរទាំងមូល ៨០X ក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយ ១២X ក្នុងកណ្ឌគម្ពីរ ម៉ាកុស។ កណ្ឌគម្ពីរ ដានីញ៉ែល ៧:១៣ និង១៤ គឺជាកន្លែងតែមួយគត់ដែលប្រៀបធៀប «កូនមនុស្ស» ទៅជាងារនៃ «ព្រះមេស្ស៊ី» ក្រៅពីនោះក្នុងគម្ពីរដែលលើកឡើងអំពីងារ «កូនមនុស្ស» គឺសំដៅទៅលើមនុស្សយើងតែម្ដង គឺមិនមែនសំដៅទៅលើ «ព្រះមេស្ស៊ី» នោះទេ។
ទំនងយើងកំពុងតែងឿងឆ្ងល់ថា «ប៉ុន្តែ ក្រែងយើងកំពុងតែលើកឡើងថា ដំណើររឿងមួយនេះគឺកំពុងតែបង្ហាញអំពីភាពជាព្រះរបស់ព្រះយេស៊ូវមែនឬ? ចុះហេតុអ្វីបានជាព្រះយេស៊ូវហៅខ្លួនឯងថាជា «កូនមនុស្ស» ជាជាង «កូនព្រះ»?»។
ទាំងនោះគឺជាសំណួរដ៏ល្អ។ ជាដំបូង នេះគឺជាងារដែលព្រះយេស៊ូវសព្វព្រះហឫទ័យចូលចិត្តប្រើប្រាស់ក្នុងការហៅខ្លួនឯង ក្នុងព្រះគម្ពីរសញ្ញាថ្មី។ មូលហេតុគឺ ពីព្រោះព្រះអង្គកំពុងតែបង្ហាញអំពីការបន្ទាបខ្លួនរបស់ទ្រង់។ ហើយព្រះអង្គក៏កំពុងតែគេចចេញពីការឈ្លោះគ្នា ដែលគ្មានការចាំបាច់ ឬក៏គ្មានប្រយោជន៍ទាក់ទងទៅនឹងនយោបាយ ក្នុងបរិបទនៃការរំពឹងរង់ចាំ «ព្រះមេស្ស៊ី»។ ព្រះអង្គកំពុងតែពន្យារការឈ្លោះប្រកែកគ្នា ដើម្បីឲ្យទ្រង់អាចទៅទីកន្លែងផ្សេងៗ ដើម្បីប្រកាសសារនៃសេចក្ដីសង្គ្រោះ និងរាជ្យរបស់ព្រះជាម្ចាស់។
សរុបសេចក្ដីទៅ សូម្បីតែនៅក្នុងងារដែលព្រះអង្គប្រើប្រាស់សម្រាប់ខ្លួនឯង ក៏ព្រះអង្គកំពុងតែគិតអំពីទ្រង់ទ្រាយដ៏ធំនៃដំណឹងល្អដែរ។ ចូរយើងចេញទៅ ហើយប្រកាសដំណឹងល្អ ហើយប្រសិនបើអាច ចូរព្យាយាមបង្កើតឲ្យមានការរួបរួមគ្នា ហើយគេចចេញពីបញ្ហាដែលយើងអាចគេចចេញបាន ដែលមិនមែនជាបញ្ហាសំខាន់ៗ ដើម្បីឲ្យយើងអាចប្រកាសដំណឹងល្អបានយ៉ាងមានប្រសិទ្ធភាព។
មតិយោបល់
Loading…