in ,

ការ​ចាក់​សាក់

សព្វ​ថ្ងៃ​នេះ ការ​ចាក់​សាក់​មាន​ការ​ពេញ​និយម​ណាស់ គ្រប់​ទី​កន្លែង​ជា​ច្រើន​លើ​ពិភព​លោក​។ ថ្មីៗ​នេះ ចំនួន​មនុស្ស​ដែល​ចាក់​សាក់​ក៏​បាន​កើន​ឡើង​ជា​ច្រើន​ផង​ដែរ។ ការ​ចាក់​សាក់​លែង​ជា​លម្អៀង​ទៅ​រក​ជន​ដែល​ចូល​ចិត្ត​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ ឬ​ក៏​អ្នក​បះបោរ​ទៀត​ហើយ។ គែម​នៃ​ប្រវត្តិសាស្ត្រ​នៃ​ការ​បះបោរ​ដែល​គេ​រាប់​បញ្ចូល​ជា​មួយ​នឹង​ការ​ចាក់​សាក់​ក៏​បាន​ចាប់​ផ្ដើម​រលាយ​សាប​សូន្យ​ខ្លះៗ​ដែរ។

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​លើក​ឡើង​នូវ​ចំណុច​អ្វី​ទាក់​ទង​នឹង​ថា តើ​អ្នក​ជឿ​ព្រះ​យេស៊ូវ​គួរ ឬ​ក៏​មិន​គួរ​ចាក់​សាក់​នោះ​ទេ។ ដូច្នេះ យើង​មិន​អាច​លើក​ឡើង​ថា ការ​ចាក់​សាក់​គឺ​ជា​អំពើ​បាប​បាន​ដែរ។ ដោយ​សារ​ព្រះ​បន្ទូល​មាន​ភាព​ស្ងៀមស្ងាត់ នោះ​ការ​ចាក់​សាក់​ធ្លាក់​ក្រោម​ក្រុម​ទស្សនៈ «ពណ៌​ប្រផេះ» ដូច្នេះ​ទាក់​ទង​នឹង​ចំណុច​នេះ អ្នក​ជឿ​គួរ​ប្រើប្រាស់​ការ​ដឹង​ជាក់​ក្នុង​ចិត្ត​របស់​ខ្លួន ហើយ​គោរព​អ្នក​ដែល​ទំនង​ជា​មាន​ការ​ដឹង​ជាក់​ក្នុង​ចិត្ត​ខុសៗ​គ្នា។

ខាង​ក្រោម​នេះ​គឺ​ជា​គោល​ការណ៍​ទូទៅ​មួយ​ចំនួន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​ដែល​លោក​អ្នក​អាច​យក​ទៅ​ប្រើ​ប្រាស់​ទាក់​ទង​នឹង​ការ​ចាក់​សាក់៖

  • ព្រះ​គម្ពីរ​បាន​បង្គាប់​ឲ្យ​កូនៗ​គោរព និង​ស្ដាប់​បង្គាប់​តាម​ឪពុក​ម្ដាយ​របស់​ខ្លួន (អេភេសូរ ៦:១-២)។ ប្រសិន​បើ​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​ចាក់​សាក់ ដោយ​ទាស់​ប្រឆាំង​ជា​មួយ​នឹង​សេចក្ដី​ប្រាថ្នា​របស់​ឪពុក​ម្ដាយ​ខ្លួន នោះ​គាត់​មិន​អាច​យក​ព្រះ​គម្ពីរ​មក​គាំទ្រ​គំនិត​របស់​ខ្លួន​បាន​ទេ។ ការ​ចាក់​សាក់​ដែល​ជា​លទ្ធផល​នៃ​ការ​បះបោរ​គឺ​ជា​អំពើ​បាប។
  • «ការ​តែង​ខ្លួន​បែប​ខាង​ក្រៅ» មិន​សូវ​មាន​សារៈ​សំខាន់​ដូច​នឹង​ការ​លូត​លាស់​ខាង​ឯ «ការ​តែង​លាក់​កំបាំង​ក្នុង​ចិត្ត» នោះ​ទេ ហើយ​ក៏​មិន​គួរ​ជា​ចំណុច​ផ្ដោត​របស់​គ្រីស្ទ​បរិស័ទ​ដែរ (១ពេត្រុស ៣:៣-៤)។ បុគ្គល​ដែល​ប្រាថ្នា​ចង់​ចាក់​សាក់ ដើម្បី​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍​លើ​ខ្លួន ឬ​ក៏​ឲ្យ​គេ​សរសើរ​គឺ​ជា​បុគ្គល​ដែល​ពេញ​ទៅ​ដោយ​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​ផ្ដោត​ទៅ​លើ​ខ្លួន​ឯង​ក្នុង​បែប​ជា​អំពើ​បាប​ទៀត​ផង។
  • ព្រះ​ជាម្ចាស់​ទត​ឃើញ​ដួង​ចិត្ត ហើយ​ចំណុច​ដែល​ជំរុញ​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ក៏​យើង​គួរ​ធ្វើ​វា​ឡើង ដើម្បី​ជា​ការ​ថ្វាយ​សិរីល្អ​ទៅ​កាន់​ទ្រង់​ដែរ (១កូរិនថូស ១០:៣១)។ ការ​ជំរុញ​ចិត្ត​ក្នុង​ការ​ចាក់​សាក់ ដើម្បី​ឲ្យ «ចុះ​សម្រុង​នឹង​គេ» ឬ​ក៏​ឲ្យ​មាន «ភាព​ខុស​ប្លែក​ពី​គេ»។ល។ ក៏​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ​ដែរ។ ការ​ចាក់​សាក់​ផ្ទាល់​ទំនង​មិន​មែន​ជា​អំពើ​បាប​នោះ​ទេ ប៉ុន្តែ​ការ​ជំរុញ​ចិត្ត​ឲ្យ​ចាក់​សាក់​អាច​ជា​អំពើ​បាប។
  • ទាំង​រូប​កាយ និង​ព្រលឹង​របស់​យើង​គឺ​ត្រូវ​បាន​ទទួល​បាន​ការ​ប្រោស​លោះ ហើយ​ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់​ដែរ។ រូប​កាយ​អ្នក​ជឿ​គឺ​ជា​ព្រះ​វិហារ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ (១កូរិនថូស ៦:១៩-២០)។ តើ​ទ្រង់​នឹង​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ដូច​ម្តេច​ក្នុង​ការ​កែ​កុន​ព្រះ​វិហារ​នោះ​ក្នុង​កម្រិត​ណា​មួយ? តើ​មាន​គំនូស​បន្ទាត់​ដែល​យើង​មិន​គួរ​ឆ្លង​កាត់​ដែរ​ឬទេ? តើ​មាន​កម្រិត​ទេ​ថា​ការ​បង្កើន​ចំនួន​សាក់​នៅ​លើ​ខ្លួន​លែង​ក្លាយ​ជា​សិល្បៈ ហើយ​បាន​ក្លាយ​ជា​ការ​កាត់​រូប​កាយ​ខ្លួន​ឯង​ក្នុង​របៀប​ជា​អំពើ​បាប? នេះ​គួរ​តែ​ជា​ចំណុច​នៃ​ការ​ឆ្លុះ​បញ្ចាំង​របស់​បុគ្គល​រៀងៗ​ខ្លួន ហើយ​ក៏​ជា​ការ​អធិស្ឋាន​ដែល​គាត់​គួរ​មាន​ភាព​ស្មោះ​ត្រង់។
  • យើង​គឺ​ជា​ទូត​របស់​ព្រះ​គ្រីស្ទ នាំ​សារ​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​ផែន​ដី (២កូរិនថូស ៥:២០)។ ការ​ចាក់​សាក់​នឹង​បញ្ចេញ​សារ​យ៉ាង​ដូច​ម្ដេច ហើយ​ថា​តើ​វា​ជា​ជំនួយ ឬ​ក៏​ជា​ការ​បង្វែរ​ការ​ធ្វើ​ជា​អ្នក​តំណាង​របស់​ព្រះ​គ្រីស្ទ និង​ការ​ផ្សាយ​ដំណឹង​ល្អ​វិញ?
  • អ្វី​ដែល​មិន​បាន​កើត​ឡើង​ចេញ​ពី​ជំនឿ​គឺ​ជា​អំពើ​បាប (រ៉ូម ១៤:២៣) ដូច្នេះ​បុគ្គល​ដែល​សម្រេច​ចិត្ត​ថា​នឹង​ចាក់​សាក់​គួរ​តែ​មាន​ការ​ដឹង​ជាក់​ក្នុង​ចិត្ត​ឲ្យ​ពិត​ប្រាកដ​ថា​នោះ​ឯង​គឺ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​គាត់។

យើង​មិន​អាច​ដើរ​ចេញ​ពី​ការ​វែកញែក​អំពី​ការ​ចាក់​សាក់​ដោយ​មិន​ពិនិត្យ​មើល​អំពី​ក្រឹត្យ​វិន័យ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាក់​ទង​ទៅ​នឹង​ការ​ហាមប្រាម​បាន​នោះ​ទេ៖ «ក៏​មិន​ត្រូវ​ឆូត​ស្បែក​ដោយ​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ឬ​សាក់​ខ្លួន​ផង​ដែរ អញ​នេះ​ជា​ព្រះ​យេហូវ៉ា» (លេវីវិន័យ ១៩:២៨)។ ខ​គម្ពីរ​នេះ​មិន​បាន​លើក​ឡើង​អំពី​មូល​ហេតុ​ទាក់​ទង​នឹង​ការ​ហាម​ប្រាម​ពី​ការ​ចាក់​សាក់​នោះ​ទេ ប៉ុន្តែ​វា​ទំនង​មក​ពី​ថា ការ​ចាក់​សាក់​គឺ​ជា​ការ​អនុវត្ត​ន៍​របស់​សាសនា​ក្លែង​ក្លាយ​ដែល​ពាក់​ព័ន្ធ​គ្នា​ជា​មួយ​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ និង​អបិយ​ជំនឿ។ ទំនង​មក​ពី​វា​ជា​រឿង​សាមញ្ញ​ក្នុង​ការ​ដែល​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ​កត់​សម្គាល់​លើ​ស្បែក​របស់​ខ្លួន​នូវ​ឈ្មោះ​របស់​ព្រះ​ក្លែង​ក្លាយ ឬ​ក៏​សញ្ញា​សម្គាល់​ក្នុង​ការ​ថ្វាយ​កិត្តិយស​ទៅ​កាន់​ព្រះ​ក្លែង​ក្លាយ​ណា​មួយ​ផ្សេង​ទៀត។ ព្រះ​ជាម្ចាស់​ទាម​ទារ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​មាន​ភាព​ខុស​គេ។ ដូច​ដែល​ព្រះ​អង្គ​បាន​រម្លឹក​ពួក​គេ​ក្នុង​ខ​ដដែល​នោះ «អញ​នេះ​ជា​ព្រះ​យេហូវ៉ា»។ សាសន៍​អ៊ីស្រាអែល​គឺ​ជា​កម្មសិទ្ធិ​របស់​ទ្រង់ ពួក​គេ​គឺ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ទ្រង់​បង្កើត ដូច្នេះ​ពួក​គេ​ក៏​មិន​គួរ​មាន​ឈ្មោះ​របស់​ព្រះ​ក្លែង​ក្លាយ​នៅ​លើ​រូប​កាយ​របស់​ខ្លួន។ ខណៈ​ពេល​ដែល​អ្នក​ជឿ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​ស្ថិត​ក្រោម​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ នោះ​យើង​អាច​យក​គោល​ការណ៍​ដែល​មាន​នៅ​ក្នុង​បញ្ញត្តិ​មួយ​នេះ​បាន។ ប្រសិន​បើ​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​ជ្រើស​រើស​ចាក់​សាក់ នោះ​គាត់​មិន​គួរ​ធ្វើ​ដោយ​មាន​អបិយ​ជំនឿ ឬ​ក៏​ចង់​លើក​តម្កើង​ទស្សនវិជ្ជា​នៃ​លោកីយ៍​នេះ​ឡើយ។ សរុប​សេចក្ដី​ទៅ ការ​ចាក់​សាក់​គឺ​មិន​មែន​ជា​អំពើ​បាប​នោះ​ទេ។ វា​គឺ​ជា​ចំណុច​នៃ​សេរីភាព​របស់​គ្រីស្ទ​បរិស័ទ ហើយ​គួរ​មាន​ការ​ណែនាំ​តាម​រយៈ​គោល​ការណ៍​ដែល​មាន​ការ​ពឹង​ផ្អែក​លើ​ព្រះ​គម្ពីរ និង​ឫស​គល់​ក្នុង​ការ​ស្រឡាញ់។

និពន្ធដោយ៖ GotQuestions
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី GotQuestions ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះរាជបុត្រា​នៃ​ព្រះ

គ្មានហេតុផលក្នុងការរអ៊ូរទាំ