ក្នុងសៀវភៅអត្ថាធិប្បាយរបស់គាត់លើកណ្ឌគម្ពីរហេព្រើរសម្រាប់ក្រុម Evangelical Biblical Theology Commentary បោះពុម្ពដោយក្រុម Lexham និពន្ធដោយលោកគ្រូ ថម ជ្រេន័រ (Tom Schreiner) បានផ្ដល់ជូននូវការសង្ខេបដំណើររឿងនៃព្រះគម្ពីរសញ្ញាថ្មីទាំងមូលបានយ៉ាងល្អ ហើយយើងខ្ញុំក៏បានលើកឡើងនៅក្នុងឯកសារនេះដោយមានការអនុញ្ញាត។ យើងខ្ញុំបានដាក់ចំណងជើង។
ព្រះបន្ទូលបានបើកឆាកក្នុងកណ្ឌគម្ពីរលោកុប្បត្ដិដោយបង្ហាញថាព្រះជាម្ចាស់គឺជាស្ដេចដែលមានពេញទៅដោយអធិបតេយ្យភាពដែលកំពុងតែបង្កើតពិភពលោក និងរាល់គ្រប់អ្វីៗដែលមាននៅក្នុងវា។
លោក អ័ដាម និងនាង អេវ៉ា
ព្រះជាម្ចាស់បានបង្កើតមនុស្សលោកក្នុងរូបអង្គទ្រង់ ហើយក៏បានតែងតាំងឲ្យពួកគេត្រួតត្រាលើផែនដីនេះសម្រាប់ព្រះអង្គដែរ (លោកុប្បត្ដិ ១:២៦-២៧)។ ព្រះជាម្ចាស់បានបញ្ជាឲ្យពួកគាត់ត្រួតត្រាលើផែនដីក្រោមភាពជាអម្ចាស់របស់ទ្រង់ និងសម្រាប់សិរីល្អរបស់ទ្រង់។
ជាជាងទុកចិត្ត និងស្តាប់បង្គាប់ព្រះជាម្ចាស់ នោះលោក អ័ដាម និងនាង អេវ៉ា ក៏បែរជាប្រឆាំងជាជំហរនឹងទ្រង់ ហើយក៏បានបដិសេធមិនព្រមចុះចូលព្រះអង្គដែរ (លោកុប្បត្ដិ ៣)។ ដោយសារពួកគាត់បានប្រព្រឹត្តល្មើសតាមការណែនាំពីពាក្យពេចន៍របស់សត្វពស់ នោះពួកគាត់ក៏បានបែកចេញពីព្រះជាម្ចាស់ខាងឯព្រលឹងវិញ្ញាណ ហើយក៏បាននាំឲ្យមានសេចក្ដីស្លាប់ចូលមកក្នុងផែនដីនេះដែរ។
ទោះជាយ៉ាងណាក៏ដោយក៏សេចក្ដីស្លាប់មិនមែនជាពាក្យចុងក្រោយនោះទេ ដ្បិតព្រះជាម្ចាស់បានសន្យាថា នឹងមានពូជពីស្ត្រីដែលនឹងកិនក្បាលពស់ (លោកុប្បត្ដិ ៣:១៥)។
ជាដំបូង សេចក្ដីសន្យានេះបានបណ្ដាលឲ្យលោក អ័ដាម និងនាង អេវ៉ា មានសុទិដ្ឋិនិយម។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានពួកគាត់ក៏បានបាត់បង់សុទិដ្ឋិនិយមនោះ នៅពេលដែលពួកគាត់ឃើញថា មនុស្សលោកយើងពិតជាអាក្រក់ខ្លាំងមែន។ លោក កាអ៊ីន គឺជាកូនរបស់សត្វពស់ (សាតាំង) ហើយក៏បានសម្លាប់លោក អេបិល។ (កូនចៅទាំងអស់របស់លោក អ័ដាម និងនាង អេវ៉ា កើតមកក្នុងលោកនេះក្នុងលក្ខណៈជាកូនចៅរបស់សត្វពស់ ហេតុដូច្នេះហើយបានជាឲ្យអ្នកណាដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់គឺជាអ្នកដែលទទួលព្រះគុណរបស់ទ្រង់)។ ពូជរបស់សត្វពស់កំពុងតែយកឈ្នះលើពូជរបស់ស្ត្រី ទោះបើព្រះជាម្ចាស់បានប្រទានលោក សេត ទៅកាន់លោក អ័ដាម និងនាង អេវ៉ា ដើម្បីឲ្យបន្តខ្សែស្រឡាយតាមរយៈសេចក្ដីសន្យាដែលនឹងទទួលបានការបំពេញក៏ដោយ (លោកុប្បត្ដិ ៤:២៥)។
លោក ណូអេ
ពីព្រោះមានការពុករលួយខ្លាំងពេក ពីព្រោះពូជរបស់សត្វពស់ក៏កំពុងតែសាយភាយយ៉ាងឆាប់រហ័ស នោះព្រះជាម្ចាស់ត្រូវតែបំផ្លាញពួកគេចោលតាមរយៈទឹកជំនន់ ដោយបង្ហាញថាព្រះអង្គកំពុងតែសោយរាជ្យ និងត្រួតត្រាសូម្បីតែខណៈពេលដែលមើលទៅហាក់បីដូចជាថាអំពើអាក្រក់កំពុងតែឈ្នះក៏ដោយ។ ព្រះជាម្ចាស់បានបង្កើតសេចក្ដីតាំងសញ្ញាជាមួយនឹងលោក ណូអេ ដោយសន្យាថាព្រះអង្គនឹងរក្សាផែនដីរហូតទាល់តែទ្រង់បានសម្រេចការប្រោសលោះសិន (លោកុប្បត្ដិ ៦-៩)។
ប៉មបាបិល
ទោះជាយ៉ាងណាក៏ដោយក៏ដំណើររឿងនៃប៉មបាបិលបានបើកបង្ហាញថាមនុស្សលោកមិនមានការផ្លាស់ប្រែទេ (លោកុប្បត្ដិ ១១:១-៩)។ ពួកគេនៅតែចូលចិត្តជ្រើសរើសយកអំពើអាក្រក់ ហើយរស់នៅដោយចង់បង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងជាជាងរស់នៅសម្រាប់សិរីល្អ ព្រះកិត្តិយស និងការសរសើរតម្កើងព្រះជាម្ចាស់ដ៏ពិតតែមួយគត់វិញដែរ។
កណ្ឌគម្ពីរលោកុប្បត្ដិជំពូក១-១១ បង្ហាញជាសាធារណៈអំពីអំពើអាក្រក់របស់មនុស្សលោក ដើម្បីឲ្យអ្នកអានឃើញថា ជ័យជម្នះលើសត្វពស់គឺជាការងារដ៏ធំ។ អំពើអាក្រក់ក្នុងមនុស្សលោកគឺមិនមែនជារឿងកំប៉ិកកំប៉ុកនោះទេ។ ការបដិសេធព្រះជាម្ចាស់បែបជាលក្ខណៈអារក្សសាតាំង និងការឧបក្រសោបអំពើអាក្រក់បានធ្វើឲ្យមនុស្សលោករងទុក្ខវេទនា។
លោក អ័ប្រាហាំ
ទោះបើមនុស្សយើងអាក្រក់ខ្លាំងប៉ុណ្ណាក៏ដោយ ដែលប្រឆាំងនឹងការនឹកស្រមៃ ក៏ព្រះជាម្ចាស់នៅមានពេញទៅដោយព្រះគុណដែរ។ ព្រះអង្គបានជ្រើសរើសបុរសម្នាក់ដែលតាមរយៈគាត់ទ្រង់នឹងបំពេញសេចក្ដីសន្យាដែលទ្រង់បានធ្វើជាមួយនឹងស្ត្រី។ ព្រះអង្គបានសន្យាទៅកាន់លោក អ័ប្រាហាំ ថាគាត់នឹងមាន៖
- ទឹកដី (កាណាន)
- ពូជ (លោក អ៊ីសាក) និង
- ព្រះពរសកល (លោកុប្បត្ដិ ១២:១-៣)។
ទោះជាយ៉ាងណាក៏ដោយក៏ដំណើររឿងនៅបន្តទៅមុខយ៉ាងយឺតៗដែរ។ លោក អ័ប្រាហាំ លោក អ៊ីសាក និងលោក យ៉ាកុប មិនដែលមានទឹកដីនោះជាកម្មសិទ្ធិរបស់ខ្លួនឡើយ ហើយលោក អ័ប្រាហាំ ក៏មានការពិបាកយ៉ាងខ្លាំងក្នុងការមានកូនសូម្បីតែមួយដែរ! ព្រះអម្ចាស់បានបង្រៀនគាត់តាមរយៈកំណើតរបស់លោក អ៊ីសាក ថាសេចក្ដីសន្យាទាំងអស់នឹងទទួលបានការបំពេញតាមតែរយៈទ្រង់ផ្ទាល់ ហើយថាមនុស្សលោកមិនអាចមានចំណែកក្នុងការបំពេញសេចក្ដីសន្យាទាំងនោះទេ។
លោក អ៊ីសាក និងលោក យ៉ាកុប ក៏បានរៀននូវមេរៀនដូចគ្នាផងដែរ នៅពេលដែលកណ្ឌគម្ពីរលោកុប្បត្ដិបានឈានដល់ទីបញ្ចប់ សាសន៍អ៊ីស្រាអែលកំពុងតែស្ថិតនៅក្នុងទឹកដីខុស (ស្រុកអេស៊ីព្ទ) ហើយមានគ្នាតែប៉ុន្មាន ៧០ នាក់ (ខណៈពេលដែលព្រះជាម្ចាស់បានសន្យាទៅកាន់ពួកគាត់ថានៅមានគ្នាច្រើនដូចជាផ្កាយនៅលើមេឃ) ហើយពេលនោះក៏មិនមានព្រះពរសកលផងដែរ។ អ្វីដែលយើងបានលើកឡើងនៅត្រង់នេះក៏អាចមានការយល់ច្រឡំមិនត្រឹមត្រូវផងដែរ ដ្បិតមិនអាចមានកូនចៅដែលរាប់មិនអស់ក្នុងតែបីជំនាន់បាននោះទេ ហើយលោក យ៉ូសែប ដែលជាដៃស្ដាំរបស់ស្ដេចផារ៉ោនក៏ពិតជាបានប្រទានពរដល់ជាតិសាសន៍ផ្សេងៗផងដែរ។
និក្ខមនំ
នៅពេលដែលកណ្ឌគម្ពីរនិក្ខមនំបើកឆាក សេចក្ដីសន្យាអំពីពូជពង្សនៃសាសន៍អ៊ីស្រាអែលកំពុងតែទទួលបានការបំពេញ ដ្បិតចំនួនប្រជាជនពួកគាត់ក៏កំពុងតែផ្ទុះកើនឡើង ដែលកាលនោះបានធ្វើឲ្យអ្នកស្រុកអេស៊ីព្ទភ័យខ្លាចយ៉ាងខ្លាំង។ ព្រះអម្ចាស់សព្វព្រះហឫទ័យក្នុងការបង្ហាញសាសន៍អ៊ីស្រាអែលម្ដងហើយម្ដងទៀតថាសេចក្ដីសង្គ្រោះគឺជាព័ន្ធកិច្ចរបស់ទ្រង់ មិនមែនរបស់ពួកគេនោះទេ។ ហេតុដូច្នេះហើយបានជាព្រះអង្គរំដោះសាសន៍អ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទតាមរយៈលោក ម៉ូសេ ដោយទីសម្គាល់យ៉ាងធំ ហើយនិងការអស្ចារ្យជាច្រើន (និក្ខមនំ ១-១៨)។ ព្រះអម្ចាស់បានកិនក្បាលពូជពង្សសត្វពស់ (ស្ដេចផារ៉ោន) ដែលកំពុងតែព្យាយាមបំផ្លាញរាស្ត្រដែលចេញពីនោះពូជរបស់ស្ត្រីនឹងកើតមក (លោកុប្បត្ដិ ៣:១៥)។
ការតាំងសេចក្ដីសញ្ញាជាមួយនឹងសាសន៍អ៊ីស្រាអែល
សាសន៍អ៊ីស្រាអែលបានទទួលស្គាល់ថាព្រះអម្ចាស់បានសង្គ្រោះពួកគាត់ ដោយបំពេញសេចក្ដីសន្យារបស់ទ្រង់ទៅកាន់លោក អ័ប្រាហាំ លោកអ៊ីសាក និងលោក យ៉ាកុប។ ព្រះជាម្ចាស់បានយកសាសន៍អ៊ីស្រាអែលធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ (និក្ខមនំ ៤:២២) ដោយក្លាយជាកម្មសិទ្ធិពិសេសរបស់ទ្រង់ និងជានគរដែលសុទ្ធតែជាសង្ឃ ប្រសិនបើពួកគាត់ដើរតាមការណែនាំរបស់ទ្រង់ (និក្ខមនំ ១៩:៥-៦)។ ការប្រោសលោះឲ្យរួចពីប្រទេសអេស៊ីព្ទបានក្លាយជាប្រភេទ ឬក៏ជាការរង់ចាំមួយនៃការប្រោសលោះដែលព្រះយេស៊ូវគ្រីស្ទនឹងសម្រេចឡើង។
ព្រះអម្ចាស់បានធ្វើសេចក្ដីតាំងសញ្ញាជាមួយនឹងសាសន៍អ៊ីស្រាអែល ដោយជ្រើសរើសយកពួកគេធ្វើជារាស្ត្រពិសេសរបស់ទ្រង់ (និក្ខមនំ ១៩-២៤)។ ប្រសិនបើសាសន៍អ៊ីស្រាអែលស្ដាប់បង្គាប់តាមសេចក្ដីព្រមព្រៀងក្នុងសេចក្ដីតាំងសញ្ញា នោះពួកគាត់នឹងទទួលបានព្រះពរ ប៉ុន្តែប្រសិនបើពួកគាត់ប្រព្រឹត្តល្មើសនឹងអ្វីដែលព្រះអម្ចាស់បានបញ្ជា នោះពួកគាត់នឹងទទួលបានបទពិសោធន៍នៃការត្រូវបណ្ដាសាពីការតាំងសញ្ញាជាមិនខាន (លេវីវិន័យ ២៦, ចោទិយកថា ២៦-២៨)។ ព្រះអម្ចាស់មិនបានទាមទារឲ្យមានភាពល្អឥតខ្ចោះ ដើម្បីឲ្យបន្តនៅក្នុងសេចក្ដីតាំងសញ្ញានោះទេ ដ្បិតព្រះអង្គបានរៀបរៀងយញ្ញបូជាឡើង ដើម្បីជាការប្រទានការអត់ទោសសម្រាប់សេចក្ដីល្មើសរបស់សាសន៍អ៊ីស្រាអែល (លេវីវិន័យ ១-៧, ១៦)។
ព្រះអម្ចាស់ក៏បានបង្ហាញចំណាប់អារម្មណ៍នៃភាពបរិសុទ្ធរបស់ទ្រង់ទៅកាន់ពួកសាសន៍អ៊ីស្រាអែលដែរ។ ទ្រង់បានគង់នៅជាមួយនឹងរាស្ត្ររបស់ទ្រង់ក្នុងរោងឧបោសថ (និក្ខមនំ ២៥-៤០) ប៉ុន្តែអស់អ្នកដែលប្រព្រឹត្តទៅកាន់ព្រះអម្ចាស់ដោយមានការមើលងាយនឹងត្រូវបំផ្លាញចោល (លេវីវិន័យ ១០) ដូចដែលព្យុះផ្គរលាន់រន្ទះនៅឯភ្នំស៊ីណាយបានទូន្មានពួកគាត់យ៉ាងច្បាស់លាស់ដែរ។
នៅទីបំផុត សេចក្ដីតាំងសញ្ញាចាស់ក៏បានបរាជ័យ។ យញ្ញបូជាមិនបានសម្អាតសតិសម្បជញ្ញៈនៃអំពើបាប នឹងផ្ដល់ជូននូវការចូលទៅកាន់ព្រះជាម្ចាស់ដោយសេរី ហើយសេចក្ដីតាំងសញ្ញាចាស់ក៏មិនបានចារិកក្រឹត្យវិន័យលើដួងចិត្តផងដែរ។ ប៉ុន្តែ យើងកំពុងតែឈានទៅមុខហួសដំណើររឿងពេកហើយ!
ទឹកដីកាណាន
ឥឡូវ ចំណុចបន្ទាប់នៃសេចក្ដីសន្យាទៅកាន់លោក អ័ប្រាហាំ ហៀបនឹងទទួលបានការបំពេញហើយ។ សាសន៍អ៊ីស្រាអែលកំពុងតែជិតយកទឹកដីកាណានជាកម្មសិទ្ធិ។ យើងអាចអានក្នុងកណ្ឌគម្ពីរជនគណនាអំពីរបៀបដែលពួករាស្ត្របរាជ័យក្នុងការធ្វើតាមសេចក្ដីណែនាំរបស់ព្រះអម្ចាស់។ បន្ទាប់ពីបានឃើញទីសម្គាល់យ៉ាងធំ ហើយនិងការអស្ចារ្យជាច្រើនរបស់ព្រះជាម្ចាស់ដែលបានកើតឡើងនៅស្រុកអេស៊ីព្ទ ជាការដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ដែលពួកសាសន៍អ៊ីស្រាអែលនៅបន្តមិនជឿថាព្រះអម្ចាស់អាចនាំពួកគាត់ចូលទៅក្នុងទឹកដី [សន្យា] ហេតុដូច្នេះហើយបានជាពួកគាត់មិនស្ដាប់តាមការណែនាំរបស់ទ្រង់។
ទោះជាណាក៏ដោយក៏ដំណើររឿងមិនបានឈានដល់ទីបញ្ចប់នៅឡើយទេ ដ្បិតក្រោមការដឹកនាំរបស់លោក យ៉ូស្វេ នោះសាសន៍អ៊ីស្រាអែលក៏បានយកទឹកដីកាណានជាកម្មសិទ្ធិរបស់ខ្លួន ទោះបើសាច់រឿងបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនបានយកទឹកដីទាំងមូលជាកម្មសិទ្ធិក៏ដោយ។ ជ័យជម្នះរបស់សាសន៍អ៊ីស្រាអែលគឺជាព័ន្ធកិច្ចរបស់ព្រះអម្ចាស់ ដ្បិតពួកគាត់ឈ្នះលើជ័យជម្នះដែលមិនអាចទៅរួចបានលើខ្មាំងសត្រូវដែលខ្លាំងជាងខ្លួនយ៉ាងក្រៃលែង។ លោក យ៉ូស្វេ បានធ្វើសេចក្ដីសន្និដ្ឋានតាមរយៈការមានប្រសាសន៍ថា ព្រះអម្ចាស់បានប្រទានការសម្រាកដល់សាសន៍អ៊ីស្រាអែល (២១:៤; ២២:៤; ២៣:១)។ ការសម្រាកក្រោមលោក យ៉ូស្វេ គឺជាប្រភេទ ឬក៏ជាការរង់ចាំមួយនៃការសម្រាកដ៏ល្អប្រសើរជាងដែលនឹងកើតឡើង។
ពួកចៅហ្វាយ
ក្នុងការបើកឆាកក្នុងកណ្ឌគម្ពីរពួកចៅហ្វាយ យើងទំនងជាគិតថាស្ថានបរមសុខទំនងជានៅជិតក្បែរជ្រុងនេះហើយ។ មានចំណុចពីរនៃសេចក្ដីសន្យាទៅកាន់លោក អ័ប្រាហាំ ដែលទទួលបានការបំពេញ៖ សាសន៍អ៊ីស្រាអែល
- មានប្រជាជនជាច្រើននាក់
- ហើយឥឡូវនេះក៏កំពុងតែរស់នៅក្នុងទឹកដីកាណាន
រាប់រយឆ្នាំបានកន្លងផុតទៅចាប់ពីពេលដែលលោក អ័ប្រាហាំ ទទួលបានសេចក្ដីសន្យា ប៉ុន្តែឥឡូវនេះសាសន៍អ៊ីស្រាអែលហាក់បីដូចជាកំពុងតែទទួលបានព្រះពរហើយ។
វាពិតជាចំណុចដ៏គួរឲ្យភ្ញាក់ផ្អើលមែនក្នុងការឃើញកន្លែងដែលសាច់រឿងបន្ត។ ជាជាងឈានទៅមុខ សាសន៍អ៊ីស្រាអែលបែរជាធ្លាក់ថយក្រោយ។ ក្នុងអត្ថន័យមួយ ពួកគាត់បានស្ថិតក្នុងកន្លែងដែលលោក អ័ដាម បានស្ថិតនៅក្នុងស្ថានបរមសុខ។ ជាជាងជឿទុកចិត្ត និងស្ដាប់បង្គាប់ព្រះអម្ចាស់ ពួកគាត់បែរជាទៅរកព្រះក្លែងក្លាយ ហេតុដូច្នេះហើយបានជាទ្រង់អនុញ្ញាតឲ្យខ្មាំងសត្រូវរបស់ពួកគាត់ធ្វើទុក្ខពួកគាត់។ សាសន៍អ៊ីស្រាអែលបានប្រព្រឹត្តវដ្ដនៃអំពើបាបដដែលៗម្ដងហើយម្ដងទៀត៖ ខ្មាំងសត្រូវបានយកឈ្នះលើពួកគាត់ ពួកគាត់បានកែប្រែចិត្ត ហើយទទួលបានការរំដោះ។ កណ្ឌគម្ពីរពួកចៅហ្វាយបានបញ្ចប់សាច់រឿងដោយបន្ទរអំពីអ្វីដែលបានកើតឡើងទៅកាន់លោក ឡុត នៅក្នុងទីក្រុងសូដុំម (ពួកចៅហ្វាយ ២០; លោកុប្បត្ដិ ១៩)។ សាសន៍អ៊ីស្រាអែលបាននៅក្នុងទឹកដី ប៉ុន្តែពួកគាត់មិនបានចុះចូលក្រោមអម្ចាស់ភាពនៃព្រះយេហូវ៉ាទេ។ ជាជាងក្លាយជាកន្លែងបញ្ចេញព្រះពរទៅកាន់ជាតិសាសន៍នានា ពួកគាត់បែរជាទទួលបានការពុករលួយពីពួកសាសន៍នានាទៅវិញ។
ស្ដេច សូល
នៅពេលដែលកណ្ឌគម្ពីរសាំយូអែលបើកឆាក សាសន៍អ៊ីស្រាអែលមានរចនាសម្ព័ន្ធនៃពួកសង្ឃដែលមានភាពពុករលួយ ហើយក៏មានភាពប៉ះបើកៗហៀបនឹងដួលរលំផងដែរ។ ទោះជាយ៉ាងណាក៏ដោយក៏ព្រះអម្ចាស់ដែលមានពេញទៅដោយព្រះគុណដោយព្រះអង្គបានលើកហោរា សាំយូអែល ឡើង ដើម្បីដឹកនាំពួកសាសន៍ឲ្យត្រឡប់មករកទ្រង់វិញ។ ក្រោមការដឹកនាំហោរា សាំយូអែល ការមានស្ដេចតាំងឡើង នៅពេលដែលគេបានតែងតាំងលោក សូល ឲ្យធ្វើជាស្ដេចដំបូង។
ប្រសិនបើយើងអានដោយមានការយល់ដឹង នោះយើងនឹងឃើញថា តាមពិតទៅប្រធានបទនៃការតែងតាំងស្ដេចមានក្នុងដំណើររឿងតាំងពីដើមមកម្ល៉េះ។ ព្រះអម្ចាស់បានសន្យាថា នឹងមានស្ដេចកើតចេញពីលោក អ័ប្រាហាំ និងលោក យ៉ាកុប (១៧:៦; ១៦; ៣៥:១១)។ ប្រាកដណាស់ ដំបងរាជ្យនឹងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធយូដា ហើយមនុស្សលោក (ព្រះពរសកល) និងស្តាប់បង្គាប់គាត់ (លោកុប្បត្ដិ ៤៩:១០)។ លោក បាឡាម បានទាយថានឹងមានផ្កាយ និងដំបងរាជ្យមួយចេញពីពូកយូដាដែលនឹងកំទេចខ្មាំងសត្រូវរបស់ព្រះអម្ចាស់ចោល (ជនគណនា ២៤:១៧-១៩)។ ពូជនៃស្ត្រីដែលនឹងបំផ្លាញសត្វពស់ចោលនឹងកើតចេញពីស្ដេចមួយអង្គក្នុងសាសន៍អ៊ីស្រាអែល។
ដំណើររឿងលើកឡើងនូវសំណួរដ៏ច្បាស់លាស់មួយ៖ តើសូលជាស្ដេចនោះមែនឬ? ជាដំបូង នៅពេលដែលទ្រង់បានឡើងកាន់អំណាច មើលទៅហាក់បីដូចជាថា ទ្រង់ទំនងជាស្ដេចដូចនោះមែនដែរ។ ប៉ុន្តែស្ដេច សូល មានលក្ខណៈដូចជាលោក អ័ដាម នៅក្នុងសួនច្បារ និងដូចជាសាសន៍អ៊ីស្រាអែលបន្ទាប់ពីទទួលបានទឹកដីកាណានជាកម្មសិទ្ធិ។ ជាជាងជឿទុកចិត្តលើ និងស្តាប់បង្គាប់ព្រះអម្ចាស់ ទ្រង់បានធ្វើតាមសេចក្ដីប្រាថ្នារបស់ខ្លួន ហេតុដូច្នេះហើយបានជាព្រះអម្ចាស់សន្យាថា ព្រះរាជ្យនគរនឹងមិនមែនជារបស់ពូជពង្សស្ដេច សូល ទេ។
ការតាំងសេចក្ដីសញ្ញាជាមួយនឹងស្ដេច ដាវីឌ
ព្រះជាម្ចាស់ក៏បានតាំងលោក ដាវីឌ ឲ្យក្លាយជាស្ដេចជាជាងស្ដេច សូល ហើយស្ដេច សូល ក៏បានក្លាយជាខ្មាំងសត្រូវស្លាប់រស់ជាមួយនឹងលោក ដាវីឌ ដែលការនេះបង្ហាញថាស្ដេច សូល កំពុងតែដើរតាមជំហានរបស់ស្ដេច ផារ៉ោន (ដែលជាពូជពង្សរបស់សត្វពស់!) ដែលបានព្យាយាមបំផ្លាញរាស្ត្រជ្រើសតាំងរបស់ព្រះអម្ចាស់ចោល។ លោក ដាវីឌ ទទួលបានការបៀតបៀន ហើយរត់គេចឥតឈប់ឈរ ប៉ុន្តែគាត់ទុកចិត្តលើព្រះអម្ចាស់ក្នុងការដែលទ្រង់នឹងលើកតម្កើងគាត់ ជាជាងព្យាយាមដកហូតនគរពីស្ដេច សូល។ នៅចុងបញ្ចប់ ពួកភីលីស្ទីនបានសម្លាប់ស្ដេច សូល នៅក្នុងចម្បាំង ហើយលោក ដាវីឌ ក៏បានសោយរាជ្យជាស្ដេចលើសាសន៍អ៊ីស្រាអែលទាំងមូលដែរ។
នគររបស់ស្ដេច ដាវីឌ មានទីសម្គាល់តាមរយៈការដែលទ្រង់ជឿទុកចិត្ត និងស្តាប់បង្គាប់ព្រះអម្ចាស់។ ប្រាកដណាស់ ព្រះអម្ចាស់បានតាំងសេចក្ដីសញ្ញាជាមួយនឹងស្ដេច ដាវីឌ ដែលមានដំណើររឿងនៃព្រះបន្ទូលជាចំណុចស្នូល។ ពូជពង្សនៃស្ត្រីដែលនឹងយកឈ្នះលើសត្វពស់នឹងកើតចេញពីខ្សែស្រឡាយនៃស្ដេច ដាវីឌ។ ទ្រង់នឹងក្លាយជាស្ដេចចេញពីខ្សែស្រឡាយនៃស្ដេច ដាវីឌ ដ្បិតព្រះអង្គបានសន្យាទៅកាន់ស្ដេច ដាវីឌ ថាទ្រង់នឹងមាននគរជាអចិន្ត្រៃយ៍ (២សាំយ៉ូអែល ៧)។ សេចក្ដីសន្យានេះទទួលបានការបំពេញក្នុងព្រះយេស៊ូវដែលជាព្រះមេស្ស៊ី។
ទោះបើស្ដេច ដាវីឌ មានគុណសម្បត្តិជាច្រើនក៏ដោយក៏ទ្រង់មិនមែនជាបុគ្គលដែលនឹងកិនក្បាលសត្វពស់ ដ្បិតទ្រង់ក៏ជាមនុស្សមានបាបដែលត្រូវការការអត់ទោសដោយសារទ្រង់បានប្រព្រឹត្តល្មើសនឹងសេចក្ដីតាំងសញ្ញាជាមួយនឹងព្រះអម្ចាស់ តាមរយៈការផិតក្បត់ជាមួយនឹងនាង បាតសេបា និងការសម្លាប់លោក អ៊ូរី (២សាំយ៉ូអែល ១១)។
ស្ដេច សាឡូម៉ូន
ទោះជាយ៉ាងណាក៏ដោយនៅពេលដែលលោក សាឡូម៉ូន ដែលជារាជបុត្រារបស់ស្ដេច ដាវីឌ បានឡើងសោយរាជលើបល្ល័ង្ក មើលទៅហាក់បីដូចជាថាស្ថានបរមសុខទំនងជានៅជិតក្បែរជ្រុងនេះហើយ។ សាសន៍អ៊ីស្រាអែលស្ថិតនៅក្នុងសន្តិភាព។ ស្ដេច សាឡូម៉ូន គឺជាស្ដេចដែលមានប្រាជ្ញា និងសុភវិនិច្ឆ័យ ហើយទ្រង់ក៏បានសាងសង់ព្រះវិហារដ៏អស្ចារ្យមួយសម្រាប់ជាកន្លែងថ្វាយបង្គំព្រះអម្ចាស់ដែរ។ ទំនងព្រះពរសកលមិននៅឆ្ងាយប៉ុន្មានពីនេះនោះទេ។
ប៉ុន្តែស្ដេច សាឡូម៉ូន បានបញ្ជាក់ជាថ្មីនូវដំណើររឿងដែលយើងបានឃើញម្ដងហើយម្ដងទៀតសារឡើងវិញ។ ទ្រង់បានត្រាប់តាមលំនាំនៃលោក អ័ដាម ក្នុងសួនច្បារ សាសន៍អ៊ីស្រាអែលនៅឯទឹកដីកាណាន និងស្ដេច សូល។ ទ្រង់បានឈប់ជឿទុកចិត្តលើព្រះអម្ចាស់ ហើយក៏បានបែរទៅរកព្រះក្លែងក្លាយ។
នគរបែកបាក់
បន្ទាប់ពីសម័យស្ដេច សាឡូម៉ូន និងដោយសារជាលទ្ធផលនៃអំពើបាបរបស់ទ្រង់ នោះនគរក៏បានបែកបាក់គ្នារវាងនគរខាងជើង និងនគរខាងត្បូង ដោយសាសន៍អ៊ីស្រាអែលនៅខាងជើង សាសន៍យូដានៅខាងត្បូង។
ស្ដេចទាំងអស់នៃសាសន៍អ៊ីស្រាអែលបានត្រាប់តាមលំនាំនៃស្ដេចដំបូង ស្ដេច យេរ៉ូបោម ដែលជាបុត្រារបស់ស្ដេច នេបាត បានថ្វាយបង្គំព្រះក្លែងក្លាយ។ ស្ដេចមួយចំនួននៃសាសន៍យូដាមានរបាយការណ៍លាយឡំគ្នា ដ្បិតមានស្ដេចមួយចំនួនមានភាពស្មោះត្រង់ទៅកាន់ព្រះអម្ចាស់ ទោះបើថាស្ដេចដ៏ល្អបំផុតនៅក្នុងចំណោមស្ដេចទាំងអស់ក៏បានបរាជ័យក្នុងការមិនធ្វើតាមរាល់បទបញ្ជារបស់ព្រះអម្ចាស់ក៏ដោយ។
ភាពជាឈ្លើយ
នៅចុងបញ្ចប់ ទោះបើទាំងសាសន៍អ៊ីស្រាអែល និងសាសន៍យូដាក៏សុទ្ធតែបានប្រគល់ខ្លួនទៅក្នុងអំពើបាប ហេតុដូច្នេះហើយបានជានគរទាំងពីរទទួលបទពិសោធន៍នៃការត្រូវបណ្ដាសាពីការតាំងសញ្ញា៖
- សាសន៍អ៊ីស្រាអែលបានក្លាយជាឈ្លើយទៅកាន់ស្រុកអាសស៊ើរនៅក្នុងឆ្នាំ ៧២២ មុនគ.ស.។
- ហើយសាសន៍យូដាបានក្លាយជាឈ្លើយទៅកាន់ស្រុកបាប៊ីឡូននៅក្នុងឆ្នាំ ៥៨៦ មុនគ.ស.។
ការតាំងសេចក្ដីសញ្ញាថ្មីល្អប្រសើរជាងសេចក្ដីសញ្ញាចាស់។ ការវិនិច្ឆ័យបែបនោះទទួលបានការផ្ទៀងផ្ទាត់តាមរយៈប្រវត្តិសាស្ត្រសាសន៍អ៊ីស្រាអែល។ រាជនគរមិនបានកើតឡើងតាមរយៈការតាំងសេចក្ដីសញ្ញាចាស់ ដោយសារទាំងសាសន៍អ៊ីស្រាអែល និងសាសន៍យូដាមិនបាន ហើយក៏មិនអាចត្រាប់តាមសេចក្ដីព្រមព្រៀងនៃការតាំងសញ្ញា។
ពួកហោរា
ពួកហោរាបានចូលក្នុងឆាកកណ្ដាល បន្ទាប់ពីនគរបានតាំងឡើងក្នុងសាសន៍អ៊ីស្រាអែល ហើយបានព្រមានទាំងសាសន៍អ៊ីស្រាអែល និងសាសន៍យូដាថាភាពជាឈ្លើយនឹងកើតឡើង លុះត្រាតែពួកគាត់កែប្រែចិត្ត ហើយបែរទៅរកព្រះអម្ចាស់វិញ។ ថ្ងៃនៃព្រះយេហូវ៉ានឹងកើតឡើង ហើយវាមិនមែនជាថ្ងៃនៃសេចក្ដីសង្គ្រោះនោះទេ ប៉ុន្តែជាថ្ងៃនៃការថ្កោលទោសដោយសារសាសន៍អ៊ីស្រាអែលមិនបានស្ដាប់បង្គាប់។
ទោះជាយ៉ាងណាក៏ដោយក៏ពួកហោរាមិនគ្រាន់តែបានប្រកាសសារនៃការថ្កោលទោសប៉ុណ្ណោះនោះទេ។ សាសន៍អ៊ីស្រាអែលនឹងក្លាយជាឈ្លើយ ប៉ុន្តែនឹងមានដំណើរចាកចេញថ្មី។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ នោះសាសន៍អ៊ីស្រាអែលនឹងត្រឡប់មកឯទឹកដីរបស់ខ្លួនវិញ។ នៅមានការចាប់ផ្ដើមថ្មីសម្រាប់រាស្ត្ររបស់ព្រះជាម្ចាស់ ហើយនគរនឹងកើតមានឡើងតាមរយៈការមកដល់នៃដំណើរចាកចេញថ្មី។
ហើយមិនត្រឹមតែមានប៉ុណ្ណឹងនោះទេ ។ ក៏នឹងមានការតាំងសេចក្ដីសញ្ញាថ្មី (យេរេមា ៣១:៣១-៣៤; អេសេគាល ៣៦:២៦-២៧) ដែលតាមរយៈនោះអំពើបាបសាសន៍អ៊ីស្រាអែលនឹងទទួលបានការអត់ទោសជាចុងក្រោយយ៉ាងពេញលេញ។ ព្រះអម្ចាស់នឹងចារិកក្រឹត្យវិន័យលើដួងចិត្តរបស់សាសន៍អ៊ីស្រាអែលតាមរយៈការប្រទានព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកគាត់ ហើយពួកគាត់នឹងមានសេចក្ដីប្រាថ្នាចង់ធ្វើនូវអ្វីដែលព្រះអម្ចាស់បង្គាប់។ ព្រះអម្ចាស់នឹងចាក់ព្រះវិញ្ញាណរបស់ទ្រង់លើរាស្ត្ររបស់ទ្រង់ ហើយយុគសម័យថ្មីនៃសេចក្ដីសង្គ្រោះនឹងមកដល់ (អេសាយ ៣២:១៥; ៤៤:៣; យ៉ូអែល ២:២៨)។ ការបង្កើតឡើងនឹងមានការចាប់ផ្ដើមជាថ្មី ហើយដែលមានដំណើរចាកចេញជាថ្មី មានសេចក្ដីតាំងសញ្ញាជាថ្មី និងការបង្កើតជាថ្មី។
ព្រះរាជ្យនគរដែលព្រះជាម្ចាស់បានសន្យាមិនមានការដកចេញនោះទេ។ វានឹងមកដល់ ហើយដាវីឌថ្មីនឹងសោយរាជ្យលើបល្ល័ង្កនោះ (ហូសេ ៣:៥; មីកា ៥:២-៤; អេសាយ ៩:១-៧; ១១:១-១០; ៥៥:៣; យេរេមា ២៣:៥-៦; ៣០:៩; ៣៣:១៥-១៧; អេសេគាល ៣៤:២៣-២៤; ៣៧:២៤-២៥; សាការី ៩:៩)។ ការបង្កើតជាថ្មី ដំណើរចាកចេញជាថ្មី និងការតាំងសេចក្ដីសញ្ញាជាថ្មីនឹងទទួលបានការបំពេញឡើងតាមរយៈស្ដេចមួយអង្គ! សត្វពស់នឹងចាញ់ ហើយព្រះរាជ្យនគរនឹងមកដល់។
ការត្រឡប់មកវិញពីភាពជាឈ្លើយ
សាសន៍អ៊ីស្រាអែលបានត្រឡប់មកវិញពីភាពជាឈ្លើយនៅក្នុងឆ្នាំ ៥៣៦ មុនគ.ស. ប៉ុន្តែសេចក្ដីសន្យានៃការតាំងសញ្ញាថ្មី ការបង្កើតឡើងជាថ្មី និងការដែលនគរមកដល់មិនទាន់មាននៅឡើយទេ។ មើលទៅវាហាក់ដូចជាថា ទំនាយដែលមាននៅក្នុងកណ្ឌគម្ពីរពួកហោរាហាក់បីដូចជាគ្រាន់តែមានរួចស្រេច ប៉ុន្តែមិនទាន់មានការបំពេញនៅឡើយ។ នៅពេលដែលយើងពិចារណាគ្រប់ជ្រុងជ្រោយ វាគួរឲ្យកត់សម្គាល់ខ្លាំងណាស់ត្រង់ថា សាសន៍អ៊ីស្រាអែលមិនបានបោះបង់ជំនឿរបស់ខ្លួនចោលនោះទេ។ ពួកគាត់នៅបន្តជឿជាក់ថា ព្រះអម្ចាស់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះពួកគាត់។
លោកគ្រូ ជ្រេន័រ បានបន្តផ្ដល់ជូននូវការសង្ខេបត្រួសៗនៃការឈានដល់កម្រិតខ្ពស់បំផុតនៃដំណើររឿងនេះក្នុងកណ្ឌគម្ពីរដំណឹងល្អ និងក្នុងកណ្ឌគម្ពីរកិច្ចការ៖
កណ្ឌគម្ពីរដំណឹងល្អ
នៅពេលដែលព្រះគម្ពីរសញ្ញាថ្មីបើកឆាក មានយោបល់នានា និងបក្សជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ប៉ុន្តែមានជំនឿរួមគ្នាថាព្រះអម្ចាស់នឹងរក្សាសេចក្ដីសន្យានៃព្រះរាជ្យនគររបស់ទ្រង់។ មានមនុស្សជាច្រើនបានជឿថា សេចក្ដីសន្យាដ៏សំខាន់ៗនឹងកើតមានឡើងបាន លុះត្រាតែសាសន៍អ៊ីស្រាអែលស្ដាប់បង្គាប់តាមធម៌រ៉ា (“Torah” «កណ្ឌគម្ពីរប្រាំច្បាប់ដំបូង»)។ ព្រឹត្តិការណ៍នានានៅក្នុងកណ្ឌគម្ពីរដំណឹងល្អបានកើតឡើងមុនកណ្ឌគម្ពីរហេព្រើរបាននិពន្ធឡើង ហេតុដូច្នេះហើយបានជានេះគឺជាផ្នែកមួយនៃចំណុចពីខាងក្រោយនៃទេវវិទ្យាសំបុត្រមួយនេះ។ យើងមិនអាចលើកឡើងបានយ៉ាងក្បោះក្បាយអំពីសារនៃដំណឹងល្អនៅចំណុចនេះបានឡើយ ប៉ុន្តែយ៉ាងហោចណាស់យើងក៏អាចមើលឃើញប្រធានបទមួយចំនួនបានផុសឡើងបានដែរ។
ទី១ ព្រះយេស៊ូវគឺជាដាវីឌថ្មីដែលពួកហោរាបានសន្យាអំពី។ ព្រះអង្គជាបុគ្គលដែលនឹងបំពេញព្រះពរដែលព្រះជាម្ចាស់បានសន្យាទៅកាន់លោក អ័ប្រាហាំ និងស្ដេច ដាវីឌ។
ទី២ ព្រះយេស៊ូវបានបង្រៀនថា ព្រះរាជ្យនគរបានមកដល់ក្នុងព័ន្ធកិច្ចរបស់ទ្រង់។ ព្រះរាជ្យនគរបានមកដល់ ពីព្រោះស្ដេចបានយាងមកដល់!
ទី៣ ព្រះយេស៊ូវបានបង្រៀនយ៉ាងច្បាស់លាស់ថា ព្រះអង្គគឺជាអង្គដែលនឹងប្រទានព្រះវិញ្ញាណទៅកាន់រាស្ត្ររបស់ទ្រង់ (ម៉ាថាយ ៣:១១-១២; យ៉ូហាន ១៤:១៦) សេចក្ដីសន្យាថានឹងត្រឡប់ពីភាពជាឈ្លើយវិញ ការតាំងសេចក្ដីសញ្ញាថ្មី ការបង្កើតថ្មីដែលនឹងកើតឡើងតាមរយៈព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។
ទី៤ ព្រះយេស៊ូវគឺជាកូនមនុស្សដែលនឹងទទួលព្រះរាជ្យនគរ (ដានីយ៉ែល ៧:៩-១៤)។ ព្រះអង្គគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលជាអេម៉ាញូអែល ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើង (ម៉ាថាយ ១:២៣)។ ព្រះអង្គគឺជាព្រះបន្ទូលនៃព្រះជាម្ចាស់ (យ៉ូហាន ១:១-១៨) ដែលជាព្រះមួយរយភាគរយ (យ៉ូហាន ៥:២៣)។ ព្រះអង្គមានព្រះជន្មគង់នៅមុនលោក អ័ប្រាហាំ បានកើតមកម៉្លេះ (យ៉ូហាន ៨:៥៨)។ ព្រះអង្គជានំប៉័ងជីវិត ជាពន្លឺនៃលោកីយ៍ ជាអ្នកគង្វាលដ៏ល្អ ជាព្រះដែលមានព្រះជន្មរស់ឡើងវិញ ជាព្រះនៃជីវិត ជាផ្លូវជាសេចក្ដីពិត និងជាជីវិត និងជាដើមទំពាំងបាយជូរដ៏ពិត។
ទី៥ នៅឯពិធីជប់លៀងចុងក្រោយ ព្រះយេស៊ូវបានបង្រៀនថា សេចក្ដីតាំងសញ្ញាថ្មីត្រូវបានបង្កើតឡើងតាមរយៈការសុគតរបស់ទ្រង់ (ម៉ាថាយ ២៦:២៦-២៩)។ ព្រះយេស៊ូវគឺជាបាវបម្រើផងព្រះអម្ចាស់ (អេសាយ ៥៣) ដែលបានយកអំពើបាបនៃរាស្ត្ររបស់ទ្រង់មកដាក់លើទ្រង់ផ្ទាល់។ គេបានហៅកណ្ឌគម្ពីរដំណឹងល្អថាជាការនិទានរឿងដែលមានពេញទៅដោយភាពឆេះឆួលដែលមានសេចក្ដីផ្ដើមបន្ថែម ដ្បិតព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតគឺជាសាច់រឿងនៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយកណ្ឌគម្ពីរដំណឹងល្អទាំងអស់បង្រៀនថា តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះក៏មានការអត់ទោសដែរ (ម៉ាថាយ ១:២១; ២០:២៨; ម៉ាកុស ១០:៤៥; លូកា ២២:១៩-២០: យ៉ូហាន ១:២៩; ៦:៥១; ១១:៤៩-៥២)។
នៅមានចំណុចជាច្រើនៗទៀតដែលយើងនៅអាចលើកឡើងបាន។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺថា ក្នុងសាច់រឿងនៃដំណឹងល្អគឺថាពួកសាសន៍អ៊ីស្រាអែល លើកលែងតែពួកសិស្សមួយចំនួន បានបរាជ័យក្នុងការមើលឃើញនូវអ្វីដែលមាននៅពីមុខភ្នែករបស់ពួកគាត់។ បញ្ហាដែលបានធ្វើឲ្យមានវិប្បដិសារីក្នុងប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែលនឹងនៅបន្តមានទៀត។ ពួកគាត់បានបន្តនៅបដិសេធការបើកសម្ដែងរបស់ព្រះជាម្ចាស់។ សាសន៍អ៊ីស្រាអែលមិនបានឱបក្រសោបយកព្រះយេស៊ូវជាព្រះអង្គដែលរំដោះពួកគាត់ទេ។ ពួកគាត់បានស្អប់ព្រះយេស៊ូវដោយចាត់ទុកទ្រង់ថា ជាអ្នកធ្វើពុតជាព្រះមេស្ស៊ី ជាពិសេសដោយសារពួកគាត់បានគិតថា សេចក្ដីបង្រៀនរបស់ទ្រង់មិនមានភាពស៊ីគ្នាជាមួយនឹងក្រឹត្យវិន័យ។ ហេតុដូច្នេះហើយ ជាជាជាងតែងតាំងព្រះយេស៊ូវដោយដាក់មកុដលើទ្រង់ថាជាស្ដេច នោះពួកគាត់បែរជាឆ្កាងព្រះអង្គលើឈើឆ្កាងទៅវិញ។
ពួកគាត់មិនបានទទួលស្គាល់ថា ព្រះយេស៊ូវគឺជាកូនចៀមនៃបុណ្យរំលង ជាកូនមនុស្ស ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ ជាព្រះបន្ទូលនៃព្រះជាម្ចាស់ ជាបាវបម្រើនៃព្រះអម្ចាស់នៅក្នុងកណ្ឌគម្ពីរអេសាយជំពូក៥៣នោះទេ។
ពួកគាត់មិនបានយល់ថា តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង នោះការតាំងសេចក្ដីសញ្ញាថ្មីនឹងមានដូចដែលព្រះអង្គបានបង្រៀននៅឯពិធីជប់លៀងចុងក្រោយនោះដែរ។
ពួកគាត់មិនបានទទួលស្គាល់ថា តាមរយៈការសុគតរបស់ព្រះយេស៊ូវ នោះព្រះអង្គបានសម្រេចការអត់ទោសដូចដែលមានសន្យានៅក្នុងការតាំងសេចក្ដីសញ្ញាថ្មីនោះទេ (យេរេមា ៣១:៣៤)។
សេចក្ដីស្លាប់គឺមិនមែនជាចំណុចចុងក្រោយនៃសាច់រឿងនោះទេ។ ព្រះជាម្ចាស់បានបង្ហាញថា ព្រះយេស៊ូវគ្មានទោសតាមរយៈការដែលព្រះអង្គបានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ពីការសុគតឡើងវិញ។ ការមានព្រះជន្មរស់ពីការសុគតឡើងវិញ (អេសាយ ២៦:១៩; អេសេគាល ៣៧; ដានីយ៉ែល ១២:២) ផ្ដល់ជាសញ្ញានៃការដែលការបង្កើតជាថ្មី និងសម័យថ្មីបានមកដល់។
ក្នុងព្រះយេស៊ូវ ការត្រឡប់ពីភាពជាឈ្លើយ (ដែលជាការដែលនគរមកដល់) បានកើតឡើង ទោះដឹងថាវានឹងមិនបានសម្រេចឡើងរហូតទាល់តែការយាងមកលើកទីពីរក៏ដោយ។
ការតាំងសេចក្ដីសញ្ញាថ្មីបានត្រូវបានអភិសេកឡើងតាមរយៈការសុគតរបស់ទ្រង់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ។
ការបង្កើតជាថ្មីបានមកដល់តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយព្រះអង្គក៏ពិតជាដាវីឌថ្មីមែនដែរ។
ទំនាយទាំងអស់ពីព្រះគម្ពីរសញ្ញាថ្មីត្រូវបានបំពេញឡើងក្នុងទ្រង់។
ប៉ុន្តែ នៅមានលក្ខខណ្ឌមួយ។ ការបង្កើតជាថ្មី ការតាំងសេចក្ដីសញ្ញាជាថ្មី និងការចាកចេញជាថ្មីត្រូវបានអភិសេកឡើង ប៉ុន្តែមិនទាន់បានសម្រេចទៅដល់ទេ។ ព្រះរាជ្យនគរបានមកដល់ ប៉ុន្តែមិនមែនក្នុងរូបភាពធំនៅឡើយ។ ជាតិសាសន៍ទាំងអស់នឹងទទួលបានព្រះពរតាមរយៈទ្រង់ ដូច្នេះមានឱកាសសម្រាប់មនុស្សទាំងអស់ក្នុងការទទួលបានសេចក្ដីសង្គ្រោះមុនថ្ងៃចុងក្រោយមកដល់។
កណ្ឌគម្ពីរកិច្ចការ
យើងឃើញថាក្នុងកណ្ឌគម្ពីរកិច្ចការនៃពួកសាវ័ក នោះព្រះអង្គបានប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមកកាន់ក្រុមជំនុំ (កិច្ចការ ២) ដែលនេះបង្ហាញជាសញ្ញាថាគ្រាចុងក្រោយក៏បានមកដល់ដែរ។ ការតាំងសេចក្ដីសញ្ញាថ្មីគឺជាយុគសម័យនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានកើតឡើងនៅថ្ងៃបុណ្យ៥០។ ក្នុងកណ្ឌគម្ពីរកិច្ចការដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទត្រូវបានប្រកាសទៅកាន់ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃ ដើម្បីឲ្យសេចក្ដីសន្យាទៅកាន់លោក អ័ប្រាហាំ លោក អ៊ីសាក និងលោក យ៉ាកុប នៃព្រះពរពេញផែនដីបានកើតឡើង។
មតិយោបល់
Loading…