«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា» (យ៉ូហាន ១៤:១២)។
បុគ្គលដែលមានជំនឿដ៏ពិតក្នុងព្រះយេស៊ូវបានទទួលសេចក្ដីសន្យាថាគាត់នឹងធ្វើការធំជាងអ្វីដែលព្រះយេស៊ូវបានធ្វើ។ ប៉ុន្តែតើ «ការធំជាង» នោះមានន័យយ៉ាងដូចម្ដេច? តើគ្រីស្ទបរិស័ទនឹងធ្វើការអស្ចារ្យយ៉ាងសម្បើមខ្លាំងជាងមែនឬ? វាពិបាកណាស់ក្នុងការស្រមៃអំពីការអស្ចារ្យដែលសម្បើមជាងអ្វីដែលព្រះយេស៊ូវបានធ្វើ។ «ការធំជាង» នោះមិនមានអត្ថន័យបែបនេះនោះទេ។
តើឃ្លា «ការធំជាង» អាចមានន័យថា «ច្រើនលើសដើមជាង» ឬក៏ «សាយភាយទៅកន្លែងផ្សេងច្រើនជាង» ដែរឬទេ? ក្នុងអត្ថន័យនេះ គ្រីស្ទបរិស័ទពិតជាបានធ្វើ «ការធំជាង» ការដែលព្រះយេស៊ូវបានធ្វើមែន។ យើងបានអធិប្បាយនៅជុំវិញពិភពលោក បានឃើញមនុស្សប្រុស និងមនុស្សស្រីរាប់លាននាក់កែប្រែចិត្តជឿ បានឧបត្ថម្ភជំនួយ បានទទួលការរៀនសូត្រ និងស្បៀងអាហារដល់មនុស្សរាប់លាននាក់។ ដូច្នេះ «ការធំជាង» ទំនងជាកំពុងសំដៅទៅលើការដែលអ្នកជឿជួបជុំគ្នាក្នុងក្រុមជំនុំតាមរយៈទីបន្ទាល់របស់ពួកសិស្ស (យ៉ូហាន ១៧:២០; ២០:២៩) និងសេចក្ដីសប្បុរសដែលបានចែករំលែកដល់អ្នកដទៃតាមរយៈជីវិតដែលទទួលបានការបំផ្លាស់បំប្រែ។
ព្រះយេស៊ូវបានមានបន្ទូលថា ការធំជាងនឹងកើតឡើង «ពីព្រោះខ្ញុំទៅឯព្រះវរបិតា»។ មួយវិញសោត ការយាងចេញរបស់ព្រះយេស៊ូវតាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ ដើម្បីទទួលការលើកតម្កើង គឺជាលក្ខន្តិកៈដំបូងនៃបេសកកម្មរបស់ពួកសិស្សព្រះអង្គ។ ពីព្រោះព្រះអង្គ «ទៅឯព្រះវរបិតា» នោះក្រុមជំនុំក៏ចូលរួមក្នុងបេសកកម្មដែរ។ លើសពីនោះទៅទៀត ការលើកតម្កើងព្រះយេស៊ូវគឺជាលក្ខន្តិកៈដំបូងនៃការដែលព្រះវិញ្ញាណបរិសុទ្ធចុះមកដូចដែលមានសន្យា (យ៉ូហាន ៧:៣៩; ១៦:៧) ហើយព្រះអង្គនឹងធ្វើការជាមួយនឹងពួកសិស្សក្នុងទីបន្ទាល់របស់ពួកគាត់ (យ៉ូហាន ១៥:២៦; ១៦:៧-១១)។ ដោយសារមូលហេតុទាំងនេះ នោះអ្នកដើរតាមព្រះយេស៊ូវនឹងធ្វើ «ការធំ [ៗ] ជាង»។
ប៉ុន្តែ ទោះបើថា ដោយគ្មានមន្ទិលសង្ស័យ ការពន្យល់មួយនេះគឺត្រឹមត្រូវ ចុះហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលអំពី «ការធំជាង» ខណៈពេលដែលការពន្យល់នេះហាក់បីដូចជាកំពុងមានន័យថា ព្រះអង្គសំដៅទៅលើការ «ច្រើនជាង»?
អភ័យឯកសិទ្ធិធំជាងក្នុងនគរ
យើងនឹងទំនងជាទទួលបានជំនួយបានតាមរយៈការប្រៀបធៀបប្រយោគមួយទៀតរបស់ព្រះយេស៊ូវ៖
«ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ» (ម៉ាថាយ ១១:១១)។
មូលហេតុនៃការប្រៀបធៀបត្រង់ថា ទោះបើភាពធំជាងរបស់លោក យ៉ូហាន-បាទីស្ទ មិនអាចមានគូរប្រៀបផ្ទឹមបាន នោះគាត់ក៏មិនដែលមានចំណែកក្នុងព្រះរាជ្យនគរនៃស្ថានសួគ៌ដែរ។ ការត្រាស់ហៅរបស់គាត់បានដាក់គាត់ [ក្នុងពេលវេលា] លឿនពេកក្នុងប្រវត្តិសាស្ត្រនៃសេចក្ដីប្រោសលោះក្នុងការអនុញ្ញាតឲ្យគាត់មានការរួមចំណែកបាន។ ក្នុងអត្ថន័យនេះ បុគ្គលដ៏ទាបបំផុតមានអភ័យឯកសិទ្ធិក្នុងការមានចំណែកក្នុងព្រះរាជ្យនគរធំជាងលោក យ៉ូហាន-បាទីស្ទ។ អ្វីដែលកំពុងពាក់ព័ន្ធគឺទំហំនៃអភ័យឯកសិទ្ធិ ភាពសំខាន់ពិភាក្សាជាមួយនឹងអភ័យឯកសិទ្ធិនៃការចូលរួមក្នុងយុគសម័យនៃគ្រាចុងក្រោយដែលត្រូវបានអភិសេកឡើងរួចហើយ។
ទំនងជាមានចំណុចស្រដៀងគ្នាក្នុងទស្សនៈនៅក្នុងកណ្ឌគម្ពីរយ៉ូហានជំពូក១៤ដែរ។ តាមរយៈព័ន្ធកិច្ចនៃការប្រោសលោះរបស់ទ្រង់ ការដែលព្រះអង្គ «ទៅឯព្រះវរបិតា» នោះព្រះយេស៊ូវបានអភិសេកកំណត់កាលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រនៃការប្រោសលោះ ហើយក៏នៅក្នុងបេសកកម្មនៃការចូលរួមរបស់ពួកសិស្សក្នុងព័ន្ធកិច្ចដោយឡែកនៃយុគសម័យនៃគ្រាចុងក្រោយដែលបានមកដល់ហើយនេះដែរ។ ក្នុងព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដីនេះ ព្រះយេស៊ូវមិនដែលបានធ្វើដូចនោះទេ។ ព័ន្ធកិច្ចរបស់ទ្រង់បាននាំឲ្យវាមកដល់ ប៉ុន្តែបន្ទាប់មកព្រះអង្គបានចាកចេញ ហើយទ្រង់ក៏មិនបានចូលរួមក្នុងវាដែរ (ក្នុងរូបកាយផ្ទាល់របស់ទ្រង់) ក្រោយថ្ងៃបុណ្យ៥០។
នេះមិនមែនមានន័យថា ពួកសិស្សរបស់ព្រះយេស៊ូវធំជាងទ្រង់នោះទេ។ ប៉ុន្តែ វាមានន័យថា ព័ន្ធកិច្ចរបស់ពួកគាត់ធំជាងព្រះរាជកិច្ចទ្រង់ក្នុងលក្ខណៈនេះ—ត្រង់ថាពួកគាត់មានអភ័យឯកសិទ្ធិក្នុងការចូលរួមក្នុងផលផ្លែនៃព័ន្ធកិច្ចសម្រេចរបស់ព្រះយេស៊ូវ។ រហូតទាល់តែព្រះអង្គត្រឡប់ទៅឯព្រះវរបិតារបស់ទ្រង់ ហើយចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យយាងមកសិន នោះទើបរាល់គ្រប់អ្វីៗដែលព្រះយេស៊ូវបានធ្វើដែលសំខាន់គឺមិនទាន់សម្រេចនៅឡើយទេ។ ផ្ទុយពីនោះ ព័ន្ធកិច្ចនៃការចូលរួមក្នុងកាលៈទេសៈថ្មីរបស់ពួកសិស្ស ដែលមានបន្ទាប់ពីពេលដែលព្រះយេស៊ូវបានសម្រេចព័ន្ធកិច្ចរបស់ទ្រង់។ កិច្ចការរបស់ពួកគាត់ធំជាងត្រង់ថាពួកគាត់មានអភ័យឯកសិទ្ធិក្នុងការធ្វើបន្ទាប់ពីការបំពេញហើយ។
ព្រះយេស៊ូវបានសម្រេចនូវអភ័យឯកសិទ្ធិសម្រាប់យើង
ដាច់ខាត! យើងត្រូវតែដាក់ផ្ទាំងគំនូរដ៏ស្រស់ស្អាតនេះនៅពីមុខភ្នែករាល់គ្រីស្ទបរិស័ទដែលជាអ្នកធ្វើទីបន្ទាល់។ ជំនឿរបស់យើងក្នុងព្រះយេស៊ូវមិនបានបោះយើងចូលទៅក្នុងការតយុទ្ធដែលយើងនៅតែម្នាក់ឯង ដែលមានលទ្ធផលមិនច្បាស់លាស់ ដែលព្រះពរដែលទ្រង់សន្យាគឺសម្រាប់តែអស់អ្នកដែលនឹងទៅស្ថានសួគ៌ប៉ុណ្ណោះនោះទេ។
តាមពិត ផ្ទុយពីនេះវិញ៖ ជំនឿរបស់យើងក្នុងព្រះយេស៊ូវបានបោះយើងចូលទៅក្នុងការតយុទ្ធ ដែលបានឈ្នះរួចស្រេចហើយ ដែលព្រះពរនៃគ្រាចុងក្រោយដែលទ្រង់សន្យាក៏បានទទួលការបំពេញរួចទៅហើយដែរ ទោះបើថាវាមិនទាន់បានសម្រេចទៅឡើយក៏ដោយ។ ប្រាកដណាស់! ការខិតខំប្រឹងប្រែងដ៏ទន់ខ្សោយរបស់យើងក្នុងការចូលរួមក្នុងជ័យជម្នះរបស់ព្រះគ្រីស្ទ និងព័ន្ធកិច្ចនៃព្រះវិញ្ញាណដែលទ្រង់បានប្រទានមកកាន់យើងក្នុងការត្រាស់ហៅឲ្យមនុស្សជាច្រើននាក់មកដើរតាមព្រះអង្គសង្គ្រោះ និងចៅហ្វាយរបស់យើង នោះគឺជាអភ័យឯកសិទ្ធិនៃការបម្រើរបស់យើង។ នេះគឺជាទំហំដ៏ពិតនៃការត្រាស់ហៅរបស់យើង។ ហើយដាច់ខាតយើងត្រូវតែប្រៀបធៀបកិច្ចការដ៏សាមញ្ញៗជាមួយនឹងផ្ទៃខាងក្រោយដ៏គួរឲ្យចាប់អារម្មណ៍នេះ។
ទាំងអស់នេះកើតឡើង ពីព្រោះព្រះយេស៊ូវបានឈានដល់កម្រិតដ៏ខ្ពស់បំផុតនៃព័ន្ធកិច្ចរបស់ទ្រង់ក្នុងការបើកសម្ដែងនៃព្រះវរបិតាតាមរយៈការដែលព្រះអង្គ «ទៅឯព្រះវរបិតា» ដោយឆ្លងកាត់ឈើឆ្កាង។ ទ្រង់បានបង់ថ្លៃយ៉ាងខ្ពស់សម្រាប់ព័ន្ធកិច្ចនេះ។ ព្រះអង្គបានបង្ហាញពីរដងថា ទ្រង់ព្រួយព្រះទ័យយ៉ាងខ្លាំងខាងឯវិញ្ញាណ (យ៉ូហាន ១២:២៧; ១៣:២១) ខណៈពេលដែលព្រះអង្គសញ្ជឹងគិតអំពីពេលវេលានៅខាងមុខ។ ហើយព័ន្ធកិច្ចដូចគ្នានោះក៏បានតែងតាំងជាមូលដ្ឋាននៃអ្វីដែលទ្រង់អាចប្រាប់ពួកសិស្សរបស់ទ្រង់ថា «កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ» (យ៉ូហាន ១៤:១)។
មតិយោបល់
Loading…