ខ្ញុំបានមើលមុខសង្សាររបស់ខ្ញុំ ហើយខ្ញុំបាននឹកចាំអំពីពាក្យពេចន៍របស់គាត់ដែលបាននិយាយទៅកាន់ខ្ញុំ៖ «បងពិតជាមិនចូលចិត្តចំណាយពេលនៅជាមួយអូនទាល់តែសោះ»។
ខ្ញុំមិនដែលដឹងថា បេះដូងអាចនឹងខូច ហើយខ្ទេចខ្ទាំបានយ៉ាងឆាប់រហ័ស—ដោយសារតែពាក្យមួយប្រយោគបែបនេះសោះ។ ខ្ញុំក៏បានស្វះស្វែងរកអ្វីមួយ ដើម្បីជួយបន្ទន់ភាពចាក់ដោតនៃពាក្យទាំង១៣នោះ។ ខ្ញុំអាចរកឃើញតែបួនពាក្យប៉ុណ្ណោះ «ជូនអូនទៅផ្ទះ»។ ខណៈពេលដែលយើងកំពុងតែបើកបរ គំនិតរបស់ខ្ញុំក៏ស្រអាប់ព្រាលៗ ប្រៀបដូចជាដើមឈើដែលយើងកំពុងតែជិះកាត់អញ្ចឹង។ តើអាចឲ្យទំនាក់ទំនងបីឆ្នាំកន្លងមកចប់ត្រឹមបីនាទីបានយ៉ាងដូចម្ដេច?
ពាក្យថា «ខូចចិត្ត» គឺបានប្រើយ៉ាងទូលំទូលាយមែនទែន នៅក្នុងសង្គមរបស់យើង ដែលស្ដាប់ទៅវាហាក់ដូចជារ៉ូមែនទិចណាស់។ នៅអំឡុងពេលនោះ ខ្ញុំក៏យល់ថា វាពិតជាមិនរ៉ូមែនទិចទេ—សង្រែកនៃទឹកភ្នែក ការបែកបាក់ដែលទាមទារការយកចិត្តទុកដាក់ពេញលេញ ប្រភេទនៃការឈឺចាប់ដែលមិនព្រមបោះបង់ចោល។
ការខូចចិត្តទំនងជាកើតឡើងនៅពេលដែលស្ត្រីម្នាក់ទទួលបានទូរស័ព្ទពីគ្រូពេទ្យ ហើយប្រាប់នាងថា កូនរបស់នាងបានរលូតហើយ។ គឺជាកូនដែលដឹងថា ឪពុករបស់ខ្លួនមានជម្ងឺមហារីក។ វាគឺជាការបែកបាក់ទំនាក់ទំនង និងការបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ ហើយក្ដីស្រមៃកំពុងរលាយបន្តិចម្ដងៗនៅក្នុងដៃរបស់យើង។
នៅថ្ងៃបន្ទាប់ពីខ្ញុំបានខូចចិត្ត ខ្ញុំក៏បានទៅព្រះវិហារ។ រៀងរាល់ថ្ងៃអាទិត្យ ព្រះវិហារមានពេញទៅដោយមនុស្សដែលមានបេះដូងដែលខ្ទេចខ្ទាំ ហើយឈឺចុកចាប់។ ទោះបើខ្ញុំមានមនុស្សជាច្រើននៅជុំវិញក្នុងសហគមន៍ក៏ដោយ ក៏ការឈឺចាប់នោះនៅតែមានអារម្មណ៍ថាវាផ្ទាល់ខ្លួនដែរ។ «ចិត្តមនុស្សរមែងស្គាល់សេចក្តីជូរចត់របស់ខ្លួន» (សុភាសិត ១៤:១០)។ ការឈឺចាប់ដ៏ខ្លាំងអាចធ្វើឲ្យយើងមានអារម្មណ៍ថាដូចជាជាប់ក្នុងគុកអញ្ចឹង។ ខ្មាំងសត្រូវដែលជាអារក្សសាតាំងមិនចង់បានអ្វីក្រៅពីចាក់សោអ្នកជឿនៅក្នុងគុកនៃការឈឺចាប់ និងឃុំយើងទុកនៅក្នុងភាពឯកានោះទេ។ ប៉ុន្តែ ព្រះជាម្ចាស់សព្វព្រះទ័យធ្វើផ្ទុយពីនោះ។ នេះគឺជាចំណុចបីយ៉ាងដែលត្រូវចងចាំនៅពេលដែលលោកអ្នកធ្លាក់ក្នុងការល្បួងឲ្យនៅផ្ទះព្រឹកថ្ងៃអាទិត្យ ពេលខូចចិត្ត។
ការខូចចិត្តគឺជាឱកាសបើកចំហចិត្ត
«ការខូចចិត្តមានច្រើនប្រភេទ ហើយព្រះគ្រីស្ទពូកែព្យាបាលការខូចចិត្តទាំងនោះណាស់»។ (Charles Spurgeon)
សូមស្រមៃបែបនេះថា លោកអ្នកកំពុងតែមានបញ្ហាបេះដូង ហើយលោកអ្នកត្រូវការវះកាត់បេះដូងបើកចំហដ៏ប្រថុយប្រថានមួយ។ នៅមន្ទីរពេទ្យមួយ មានគ្រូពេទ្យជាច្រើនអ្នកដែលអះអាងថាខ្លួនមានជំនាញខាងឯការវះកាត់ ប៉ុន្តែមានតែម្នាក់ទេដែលមានប្រវត្តិមិនដែលភ្លាត់—រាល់ដំណើរការដែលគាត់ធ្វើការវះកាត់មិនដែលភ្លាត់សោះ។ រាល់ការដែលគាត់ធ្វើគឺល្អឥតខ្ចោះ។
តើលោកអ្នកនឹងជ្រើសរើសយកគ្រូពេទ្យដែលមានបទពិសោធតិចជាង ឬមានប្រវត្តិមិនល្អ? ប្រសិនបើលោកអ្នកឲ្យតម្លៃលើជីវិតរបស់ខ្លួន នោះលោកអ្នកនឹងមិនជ្រើសបែបនោះទេ។
ព្រះជាម្ចាស់គឺជាគ្រូពេទ្យតែមួយអង្គគត់ ដែលអាចព្យាបាលការខូចចិត្តរបស់លោកអ្នកបានយ៉ាងពេញលេញ ហើយព្រះអង្គក៏មិនដែលបរាជ័យនៅក្នុងសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលនោះទេ។ នាងសារ៉ាយ ស្ដេច ដាវីឌ និងហោរា ហូសេ ទាំងអស់សុទ្ធតែធ្លាប់ទទួលរងការឈឺចាប់ពីការខូចចិត្តនៅក្នុងហេតុផលផ្សេងៗគ្នា— នាងសារ៉ាយ ជាស្ត្រីអារ ស្ដេច ដាវីឌ បានឆ្លងផ្លូវនៃអំពើបាបយ៉ាងអាម៉ាស់ ហោរា ហូសេ បានស្រឡាញ់ដោយមិនបានទទួលការឆ្លើយតបវិញ—ហើយព្រះជាម្ចាស់បានព្យាបាលពួកគាត់ទាំងអស់គ្នា។ ការខូចចិត្តគឺជាចិត្តដែលបើកចំហ ហើយចិត្តដែលបើកចំហគឺវាងាយរងគ្រោះណាស់។ ក្នុងអំឡុងពេលដែលងាយរងគ្រោះបែបនេះ សូមអនុញ្ញាតឲ្យព្រះអង្គក្លាយជាទីពឹងជ្រករបស់លោកអ្នកចុះ។ សូមអនុញ្ញាតឲ្យព្រះអង្គបំពេញលោកអ្នកដោយការព្យាបាលតាមរយៈការច្រៀងសរសើរ ការអធិស្ឋាន និងការបង្រៀនពីក្រុមជំនុំ ដែលជាគ្រួសាររបស់លោកអ្នកចុះ។
ការឈឺចាប់គឺជាការផ្ទាល់ខ្លួន ប៉ុន្តែការព្យាបាលគឺជាការសហការគ្នា
តើលោកអ្នកធ្លាប់មានមិត្តភក្ដិជិតស្និទ្ធណាម្នាក់ដែលបានឆ្លងកាត់ការឈឺចាប់ដ៏ធ្ងន់ធ្ងរ ហើយគាត់មិនបានប្រាប់លោកអ្នកដែរឬទេ? វាពិតជាឈឺចាប់មែនទែននៅពេលដែលលោកអ្នកបានដឹងអំពីការនោះ។ យ៉ាងហោចណាស់ក៏មានហេតុផលពីរយ៉ាងដែរដែលថា វាពិតជាឈឺចាប់មែន៖ (១) វាធ្វើឲ្យលោកអ្នកឈឺចាប់ដោយសារមិត្តភក្ដិរបស់លោកអ្នកកំពុងតែឈឺចាប់ ហើយ (២) វាឈឺចាប់ដែលមិត្តភក្ដិរបស់លោកអ្នកមិនទុកចិត្តលោកអ្នកក្នុងការជួយយកបន្ទុករបស់គាត់ជាមួយនឹងគាត់។
ក្នុងនាមជាអ្នកជឿ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យយកអាសាគ្នាទៅវិញទៅមក (កាឡាទី ៦:២)។ គ្មាននរណាម្នាក់ហ៊ានជំទាស់ថា បុរសម្នាក់អាចលើកអ្វីមួយបានខ្លាំងជាងបុរសដប់នាក់ដែលកំពុងលើកជាមួយគ្នានោះទេ។ ដូច្នេះ ហេតុអ្វីបានជាយើងតែងតែមើលរំលងដៃដែលលាតមកជួយយើងក្នុងការទ្របន្ទុករបស់យើង ហើយព្យាយាមលីបន្ទុករបស់យើងដោយខ្លួនឯងធ្វើអ្វី? យើងប្រហែលជាតែងតែលីនូវបន្ទុកដ៏ធ្ងន់បំផុត ប៉ុន្តែការលើកទឹកចិត្ត និងការគាំទ្រពីបងប្អូនប្រុសស្រីរួមជំនឿនឹងអាចជួយសម្រាលបន្ទុកទាំងនោះបាន។ សូមតយុទ្ធជាមួយការឈឺចាប់ដោយការច្រៀងយ៉ាងអស់ពីចិត្ត ភាពឯកាជាមួយនឹងសហគមន៍ និងការបាក់ទឹកចិត្តដោយព័ន្ធកិច្ចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។
សូមដាក់ខ្លួនរបស់លោកអ្នកនៅក្នុងកន្លែងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ នោះលោកអ្នកនឹងឃើញថា ការព្យាបាលតម្រូវឲ្យមានមនុស្សមួយភូមិ—ហើយថា ភូមិទាំងមូលពិតជាខ្លាំងជាងក្នុងការព្យាបាលណាស់។ យើងត្រូវតែតយុទ្ធជាមួយការឈឺចាប់ដ៏ខ្លាំងរបស់យើងដោយការតាំងចិត្តយ៉ាងមុតមាំក្នុងការថ្វាយបង្គំព្រះវរបិតា ដើរទៅជាមួយបងប្អូនប្រុសស្រីរួមជំនឿដែលអាចអធិស្ឋានជាមួយយើង និងសម្រាប់យើងផងដែរ។
ការថ្វាយបង្គំបង្កើតឲ្យមានទស្សនវិស័យ
«សូមសម្លឹងមើលទៅឯព្រះយេស៊ូវ
សូមមើលឲ្យចំព្រះភ័ក្ដ្រដ៏អស្ចារ្យរបស់ទ្រង់ចុះ
ហើយគ្រប់ការទាំងអស់នៅផែនដីនឹងត្រឡប់ទៅជាស្រអាប់យ៉ាងចម្លែក
ដោយសារពន្លឺនៃសិរីល្អ និងព្រះគុណរបស់ទ្រង់ជាមិនខាន»។
ទោះបីជាទុក្ខលំបាកមិនមែនជារឿងតូចតាចក៏ដោយ ក៏ព្រះជាម្ចាស់តែងតែធំប្រសើរជាងនេះទៅទៀត។ ការថ្វាយបង្គំជួយយើងឲ្យផ្ដោតគំនិតលើភាពឧត្ដុង្គឧត្ដមរបស់ព្រះជាម្ចាស់ឡើងវិញម្ដងទៀត និងជាការដែលដាក់ការឈឺចាប់របស់យើងនៅកន្លែងដែលត្រឹមត្រូវ—នៅក្រោមការសោយរាជ្យរបស់ព្រះវរបិតា ដែលទ្រង់មានជ័យជម្នះរួចស្រេចហើយ។
ទោះបីជាលោកអ្នកមានអារម្មណ៍ថាប្លែកនៅពេលនេះក៏ដោយ សូមលើកដៃសរសើរតម្កើង ហើយនឹកចាំថាយើងបានទទួលជ័យជម្នះរួចរាល់ហើយ។ សូមចងចាំថា ព្រះជាម្ចាស់ដែលជាអង្គគ្រប់គ្រង់លើជីវិតរបស់លោកអ្នកនៅក្នុងព្រះហស្តដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់កំពុងនាំយើងទៅកាន់សមរភូមិដែលមានជ័យជម្នះ។ «ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ» (ចោទិយកថា ៣១:៦)។
នៅពេលដែលយើងឈរនៅលើកំពូលភ្នំនៃការថ្វាយបង្គំ នោះយើងនឹងឃើញពីភាពតូចតាចរបស់យើងជាមិនខាន។ ហើយវានឹងមិនធ្វើឲ្យយើងខកចិត្តទាល់តែសោះ។ យើងទទួលបានអំណរដោយដឹងថា ព្រះគ្រីស្ទមានសិរីរុងរឿងលើសជាងអ្វីដែលយើងអាចគិតដល់ និងមានសិរីរុងរឿងនៅក្នុងការដែលព្រះអង្គគ្រប់គ្រងលើគ្រប់របស់ទាំងអស់ ដោយរួមបញ្ចូលគ្រប់ចំណុចទាំងអស់ និងវិនាទីនៃការឈឺចាប់របស់យើងដែរ។ គ្មានអ្វីអាចប៉ះពាល់លោកអ្នកបានទេ លើកលែងតែតាមរយៈការចម្រាញ់តាមម្រាមនៃព្រះហស្តដ៏ពេញដោយសេចក្ដីស្រឡាញ់របស់ទ្រង់សិន។
សូមឲ្យការសរសើរតម្កើងយ៉ាងស្មោះពីចិត្តរម្លឹកយើងពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ និងអធិបតេយ្យភាពដ៏ពេញទីរបស់ទ្រង់ ហើយសូមឲ្យការរម្លឹកទាំងនេះបាននាំមកនូវការព្យាបាលដល់ការខូចចិត្តរបស់លោកអ្នកចុះ។ ការថ្វាយបង្គំគឺជាថ្នាំ សម្រាប់ព្យាបាល សូម្បីតែរបួសដ៏ជ្រៅបំផុតក៏ដោយ។
មតិយោបល់
Loading…