ខ្ញុំជាបុគ្គលដែលរវល់មិនចេះឈប់មិនចេះឈរ។ ខ្ញុំក៏តែងតែជួបជាមួយមនុស្សដែលរវល់ច្រើនដែរ។ ហើយលោកអ្នកទំនងក៏ជាបុគ្គលដែលរវល់ផងដែរ។ ភាពរវល់មាននៅជុំវិញយើងគ្រប់គ្នា ហើយយើងទាំងអស់គ្នាមិនសូវចូលចិត្តមានការរវល់ពេកឡើយ ប៉ុន្តែមានមនុស្សតែមួយចំនួនប៉ុណ្ណោះដែលអាចគេចពីវាបាន។
ការដែលយើងរវល់ពេកមិនគ្រាន់តែធ្វើឲ្យយើងមិនស្រួលខ្លួននោះទេ ប៉ុន្តែវាក៏ពេញទៅដោយគ្រោះថ្នាក់ផងដែរ។ ក្រៅពីភាពរវល់ពេក មានតែរឿងរ៉ាវមួយចំនួនប៉ុណ្ណោះដែលអាចមានគ្រោះថ្នាក់ដូចវា ពោលគឺអាចបំផ្លាញជីវិតយើងបាន។
លោកគ្រូ ប្លេស៍ ផាស្កេល (Blaise Pascal) បានធ្លាប់មានប្រសាសន៍ថា «ការដែលមនុស្សមួយចំនួនមានការរវល់ខ្លាំងពេកបានបញ្ជូនពួកគាត់ទៅស្ថាននរកជាជាងការដែលគាត់មិនព្រមទទួលជឿលើព្រះជាម្ចាស់ទៅទៀត។»
ហេតុដែលយើងចេះតែមានការរវល់មិនចេះឈប់ឈរ គឺព្រោះវាធ្វើឲ្យយើងមានអារម្មណ៍ថា យើងជាមនុស្សម្នាក់ដែលសំខាន់។ ពេលដែលតារាងកាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំមិនមានចន្លោះទំនេរ ខ្ញុំមានអារម្មណ៍ថា មានមនុស្សច្រើនត្រូវការខ្ញុំ។ យើងតែងតែគិតថា បើគ្មានខ្ញុំផែនដីនេះប្រាកដជាឈប់វិលហើយមើលទៅ។ មានគ្រីស្ទបរិស័ទមួយចំនួនក៏បានគិតដូចនេះផងដែរដោយសន្មតថា ការដែលខ្លួនរវល់គឺស្មើនឹងភាពស្មោះត្រង់។ ប៉ុន្តែ ធាតុពិតគឺយើងកំពុងបំផ្លាញខ្លួនឯងដោយចាប់ផ្ដើមអស់កម្លាំងក្នុងការបម្រើព្រះយេស៊ូវ ព្រោះយើងគិតថាខ្លួនឯងសំខាន់។ ចូរចងចាំថា៖ ព្រះយេស៊ូវមិនសព្វព្រះហឫទ័យនឹងរឿងបែបនេះឡើយ។
ការដែលព្រះយេស៊ូវបានបង្គាប់ឲ្យយើងមកសម្របក្នុងទ្រង់ គឺជាការដែលព្រះអង្គកំពុងបំផ្លាញគំនិតរបស់យើងដែលគិតថា ការដែលខ្លួនរវល់គឺស្មើនឹងភាពស្មោះត្រង់ គឺជាការដែលទ្រង់ព្រមាន ភាពភ័យខ្លាចរបស់យើងដែលនាំយើងឲ្យរវល់ពេល។ ការដែលយើងសម្រាកក្នុងព្រះយេស៊ូវគឺជាចំណុចដ៏ល្អបំផុត។ ចូរអង្គុយនៅក្រោមព្រះបាទរបស់ព្រះយេស៊ូវ ហើយស្វែងរកភាពគ្រប់គ្រាន់ពីទ្រង់ បន្ទាប់មកចាំយើងផ្ដើមបំពេញកាលវិភាគរបស់យើងនូវអ្វីដែលទ្រង់បង្គាប់យើងឲ្យធ្វើ។
ប៉ុន្តែ តើយើងអាចធ្វើបែបនោះបានយ៉ាងដូចម្ដេច? ខាងក្រោមនេះជាវិធីបួនយ៉ាងដែលព្រះគម្ពីរ និងគតិបណ្ឌិតបានបង្រៀនយើងឲ្យយកមកប្រើក្នុងការតយុទ្ធនឹងភាពរវល់ ហើយមកអង្គុយក្រោមព្រះបាទព្រះយេស៊ូវ៖
១. ចូរគេង
កណ្ឌគម្ពីរ ទំនុកតម្កើង ១២៧:២ បានចែងថា «ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់ ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់បានដេកលក់សប្បាយ»។ ចំណុចសម្គាល់មួយដែលបង្ហាញថាលោកអ្នកជាអ្នក «ស្ងួនភ្ងារបស់ទ្រង់» គឺលោកអ្នកអាចគេងលក់នៅពេលយប់។ ការដែលបុគ្គលម្នាក់រវល់ពេកមិនមែនជាការបង្ហាញថា គាត់មានភាពស្និទ្ធស្នាលជាមួយនឹងព្រះជាម្ចាស់ឡើយ ប៉ុន្តែអ្វីដែលអាចបង្ហាញថា បុគ្គលនោះស្និទ្ធស្នាលជាមួយទ្រង់គឺ ការដែលគាត់អាចគេងលក់ ទោះបើគាត់រស់នៅក្នុងយុគសម័យដ៏រសាប់រសល់ក៏ដោយ។ ភាគច្រើនការដែលយើងមិនអាចគេងលក់ ព្រោះយើងបានគិតថា ខ្លួនជាមូលហេតុដែលបណ្ដាលឲ្យរបស់ទាំងអស់នៅស្ថិតស្ថេរ។ យើងមិនគួរគិតបែបនេះឡើយ ប៉ុន្តែយើងត្រូវតែរៀនគិតថា ខណៈពេលដែលយើងកំពុងគេងព្រះជាម្ចាស់ក៏កំពុងតែកសាងទីក្រុងផងដែរ។ ការដែលយើងមិនបានគេងគ្រប់គ្រាន់មិនគ្រាន់តែបណ្ដាលឲ្យយើងពិបាកខាងឯរូបរាងកាយប៉ុណ្ណោះទេ តែវាក៏នឹងប៉ះពាល់ ហើយបង្ខូចជីវិតខាងឯវិញ្ញាណរបស់យើងផងដែរ។ ការដែលយើងរវល់ពីព្រលឹមដល់ព្រលប់ វាមិនល្អទេ ជាពិសេសបើវារារាំងយើងមិនឲ្យលូតលាស់ខាងឯវិញ្ញាណជាមួយនឹងព្រះជាម្ចាស់ រារាំងមិនឲ្យយើងមានអំណរ ក៏ដូចជាបង្កឲ្យយើងស្លាប់ក្មេងពេកដែរ។ លោកគ្រូខ្ញុំម្នាក់ធ្លាប់ប្រាប់ខ្ញុំថា «ពេលខ្លះ អ្វីដែលបរិសុទ្ធបំផុតសម្រាប់អ្នកគឺទៅគេងមួយស្របក់»។
២. ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែក
ព្រះយេស៊ូវបានមានបន្ទូលក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៦:៣៤ ថា «ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្ដីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ។»
ខ្ញុំធ្លាប់មានចម្ងល់លើខគម្ពីរនេះយ៉ាងខ្លាំង។ តើព្រះយេស៊ូវមានអត្ថន័យយ៉ាងដូចម្ដេចពេលដែលទ្រង់លើកឡើងថា «ថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង» ព្រោះថ្ងៃស្អែកនោះឯងជាអ្វីដែលខ្ញុំកំពុងខ្វល់ខ្វាយ។ ចម្លើយគឺ៖ ព្រះយេស៊ូវនឹងបន្តគង់នៅជាមួយនឹងយើងថ្ងៃស្អែកដូចទ្រង់កំពុងគង់នៅជាមួយនឹងយើងថ្ងៃនេះអញ្ចឹង។ ហេតុដែលព្រះជាម្ចាស់គ្រាន់តែផ្ដល់នំម៉ាន៉ាឲ្យសាសន៍អ៊ីស្រាអែលតែមួយថ្ងៃម្ដងៗគឺ ព្រោះទ្រង់ចង់បង្រៀនពួកគេថា ព្រះអង្គនឹងផ្គត់ផ្គង់ពួកគេនៅថ្ងៃស្អែក។ ហើយសព្វថ្ងៃនេះ ព្រះអង្គក៏កំពុងព្យាយាមបង្រៀនមេរៀនដដែលនោះដល់យើងផងដែរ។
៣. ចូរដាក់រនាំងមួយចំនួន
លោកអ្នកប្រហែលជាធ្លាប់ឮការបង្រៀនពីការប្រៀបប្រដូចទៅនឹងដុំថ្ម និងដីខ្សាច់។ ដុំថ្មតំណាងពីអ្វីៗដែលសំខាន់ ហើយដីខ្សាច់តំណាងពីអ្វីៗដែលមិនសូវសំខាន់។ បើលោកអ្នកមិនធ្លាប់ឮទេ ការបង្រៀននោះមានដូចតទៅ៖ ចូរដាក់ដុំថ្មក្នុងក្រឡមួយ បន្ទាប់មកចាក់ដីខ្សាច់ នោះលោកអ្នកនឹងឃើញថា ដីខ្សាច់នឹងបំពេញចន្លោះថ្មទាំងនោះ។ ប៉ុន្តែ ប្រសិនបើលោកអ្នកដាក់ដីខ្សាច់មុនដាក់ថ្មធំៗ នោះលោកអ្នកនឹងឃើញថា លោកអ្នកមិនអាចដាក់ដុំថ្មចូលដោយមិនឲ្យដីខ្សាច់ហៀរចេញបានឡើយ។ នេះជាការប្រៀបប្រដូចដ៏សាមញ្ញមួយដែលមានការបង្រៀនដ៏ល្អ៖ ចូរផ្ដល់អត្តិភាពចម្បងលើ «ដុំថ្ម» នៃជីវិតរបស់លោកអ្នក បន្ទាប់មកសឹមដាក់ «ដីខ្សាច់» ក្នុងជីវិតខ្លួន។ ភាពស្មុគស្មាញ និងភាពរវល់អាចកើតមានឡើងចេញពីការដែលយើងរវល់ធ្វើនេះធ្វើនោះពេក។ ប៉ុន្តែ ពេលខ្លះវាក៏កើតឡើងមកពីយើងមិនដែលមានពេលសម្រាក ពោលគឺកាលវិភាគយើងវាពេញពេក។ ការសង្ខេប៖
ចូរដាក់ «ដុំថ្ម» ក្នុងជីវិតលោកអ្នកដែលជាចំណុចសំខាន់ៗសិន បន្ទាប់មកសឹមដាក់ «ដីខ្សាច់» ដែលជាចំណុចមិនសូវសំខាន់ណាស់ណានោះចូលចុះ។ លោកអ្នកត្រូវតែការពារកាលវិភាគរបស់ខ្លួន បើមិនដូច្នោះទេនឹងមានអ្នកផ្សេងមកឆាឆៅហើយយកពេលវេលាលោកអ្នកជាមិនខាន។
៤. ចូររក្សាថ្ងៃសម្រាក
ព្រះជាម្ចាស់បានប្រទានថ្ងៃសម្រាកជាច្រើនដល់យើង។ ឧទាហរណ៍៖ ថ្ងៃសប្ប័ទជាថ្ងៃដែលយើងទៅថ្វាយបង្គំព្រះអង្គ ហើយសម្រាក ជាថ្ងៃនៃការដាក់ដង្វាយ និងការគេង។ ភាគច្រើនយើងស្គាល់អំពីថ្ងៃសប្ប័ទ ប៉ុន្តែយើងមិនសូវគិតថា ការដាក់ដង្វាយ និងការគេងសម្រាកក៏ជាការរក្សាថ្ងៃសប្ប័ទដែរ។ ហេតុដែលព្រះជាម្ចាស់ប្រទានថ្ងៃសប្ប័ទ គឺដើម្បីឲ្យពួកគាត់ឈប់សម្រាកពីការងារ។ ចេញពីការដែលពួកគាត់ស្ដាប់បង្គាប់ ព្រះជាម្ចាស់បានសន្យាថា ទ្រង់បង្កើនផលផ្លែនៃការងាររបស់ពួកគាត់សម្រាប់ប្រាំមួយថ្ងៃដែលពួកគាត់ធ្វើការ។ ហើយការថ្វាយដង្វាយគឺជាការអនុវត្តមេរៀននោះ ហើយចំណែកការគេងគឺជាការដែលយើងអនុវត្តថ្ងៃសប្ប័ទជារៀងរាល់ថ្ងៃ។ ចំណុចទាំងបីនេះគឺជាការរំឭកយើងថា យើងមិនមែនជាព្រះឡើយ ហើយក៏ជាការរំឭកយើងដែរថា យើងមិនមែនជាអ្នកទ្រទ្រង់ និងអ្នកផ្គត់ផ្គង់…ខ្លួនឯងដែរ។ ព្រះជាម្ចាស់ទេតើដែលជាអង្គទ្រទ្រង់ និងផ្គត់ផ្គង់យើង។ ខណៈពេលដែលយើងកាន់តែចងចាំថា ថ្ងៃសប្ប័ទទាំងអស់នេះគឺជាអំណោយទាន និងអភ័យឯកសិទ្ធិ ជាជាងតួនាទីរបស់យើង នោះវានឹងកាន់តែនាំយើងឲ្យទៅសម្រាកក្នុងព្រះគ្រីស្ទ។
ចូរយើងគេចវេះចេញពីភាពរវល់ ហើយព្យាយាមស្វែងរកការសម្រាកសម្រាប់ព្រលឹងវិញ្ញាណយើងវិញ។
មតិយោបល់
Loading…