in ,

របៀប​ដ៏ល្អ​ក្នុងការ​បង្រៀនព្រះបន្ទូល

ប្តី​ដែល​លាក់​ពុត—អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង ឬ​ក៏​ធ្លាប់​ស្គាល់​ហើយ។ ប្តី​ដែល​និយាយ សរសេរ ឬ​ក៏​អធិប្បាយ​អំពី​អាពាហ៍ពិពាហ៍ ជា​ប្តី​ដែល​ប្រកាស​នូវ​សេចក្តី​ស្រឡាញ់​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ចំពោះ​ប្រពន្ធ ប៉ុន្តែ​ក៏​ជា​ប្តី​ដែល​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​ខ្លួន​ដ៏​គួរ​ឲ្យ​ខ្លាច ឬ​ក៏​ថា​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​ខ្លួន​បែប​ព្រងើយ​កន្តើយ​ទៅ​វិញ​ទៀត​ផង។ គាត់​ចូល​ចិត្ត​ប្រាប់​អ្នក​ដទៃ​ថា គាត់​ស្រឡាញ់​ប្រពន្ធ​ខ្លួន តែ​ទង្វើ​របស់​គាត់​បែរ​ជា​ផ្ទុយ​ពី​សម្ដី​របស់​គាត់​ទៅ​វិញ។

ក្នុង​នាម​ជា​អ្នក​និពន្ធ និង​ជា​អ្នក​អធិប្បាយ​ម្នាក់ ខ្ញុំ​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទំនោរ​របស់​ខ្លួន​ចង់​ទៅ​រក​ការ​លាក់​ពុត​តាម​របៀប​បែប​នេះ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​សមត្ថភាព​បង្រៀន​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​អាពាហ៍ពិពាហ៍ (ឬ​ក៏​អ្វី​ផ្សេង​ទៀត​ទាក់​ទង​នឹង​ប្រធាន​បទ​នេះ) ទោះ​បើ​ខ្ញុំ​មិន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​អាពាហ៍ពិពាហ៍​ក៏​ដោយ។ ខ្ញុំ​មាន​សមត្ថភាព​ក្នុង​ការ​សរសេរ​សៀវភៅ «វិធី​៨​យ៉ាង ដើម្បី​ធានា​ឲ្យ​អណ្តាត​ភ្លើង​ឆេះ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត» (“8 Ways to Guarantee the Flame Lasts Forever”) ខណៈ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដូច​ជា​មិន​ខ្វល់​ថា តើ​វា​អាច​នៅ​មាន​រយៈ​ពេល​៥​នាទី​ទៀត​ឬ​ក៏​អត់។

សម្រាប់​ថ្ងៃ​នេះ ខ្ញុំ​មិន​ចង់​សរសេរ​អំពី​អាពាហ៍ពិពាហ៍​ទេ តែ​ខ្ញុំ​ចង់​សរសេរ​អំពី​ព្រះ​គម្ពីរ​វិញ។ អត្ថបទ​នេះ​តាម​ពិត​ទៅ​បាន​ផ្តើម​ចេញ​ពី​ការ​ពិភាក្សា​ជា​មិត្តភាព​មួយ​អំពី​ភាព​គ្មាន​កំហុស​នៃ​ព្រះ​គម្ពីរ។ ខ្ញុំ ហើយ​និង​មិត្តភក្តិ​ខ្ញុំ​ម្នាក់​បាន​ពិភាក្សា​គ្នា​អំពី​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​មួយ​អំពី​ការ​បញ្ជាក់​អះអាង​របស់​ព្រះ​គម្ពីរ ហើយ​ខ្ញុំ​បាន​គិត​គូរ​អំពី​ពួក​ជំនុំ​របស់​ខ្លួន។ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ពួក​គាត់​យល់​ដឹង​អំពី​ព្រះ​គម្ពីរ​ដោយ​របៀប​ណា ហើយ​ថា តើ​ពួក​គេ​នឹង​បញ្ជាក់​អះអាង​អំពី​ភាព​មិន​មាន​កំហុស​នៃ​ព្រះ​គម្ពីរ ឬ​ក៏​អត់?

ខ្ញុំ​គិត​ថា ពួក​គាត់​គួរ​តែ​អាច—ខ្ញុំ​គិត​ថា​ពួក​គាត់​ទាំង​អស់​គ្នា​នឹង​យល់​ស្រប​ទៅ​នឹង​ការ​អះ​អាង​ថា ព្រះ​គម្ពីរ​គ្មាន​កន្លែង​ខុស ហើយ​ថា ព្រះ​គម្ពីរ​ក៏​មិន​បញ្ជាក់​អះ​អាង​អំពី​អ្វី​ដែល​ផ្ទុយ​នឹង​ការ​ពិត​ដែរ។ ហើយ​ខ្ញុំ​គិត​ថា រឿង​នេះ​ក៏​ពិត​ជា​អញ្ចឹង​មែន​ដែរ ទោះ​បី​ជា​ពួក​គាត់​មិន​ធ្លាប់​ឮ​ពាក្យ​នេះ​ក៏​ដោយ។ នេះ​ជា​មូល​ហេតុ៖ វិធី​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​នៃ​ការ​បង្រៀន​អំពី​ភាព​គ្មាន​កំហុស​នៃ​ព្រះ​គម្ពីរ គឺ​កុំ​បង្រៀន​អំពី​ភាព​គ្មាន​កំហុស​នៃ​ព្រះ​គម្ពីរ ប៉ុន្តែ​បង្រៀន​អំពី​ព្រះ​គម្ពីរ​វិញ។ ភាព​គ្មាន​កំហុស​នៃ​ព្រះ​គម្ពីរ​អាច (ហើយ​ពេល​ខ្លះ​យើង​ក៏​គួរ​តែ) នឹង​ត្រូវ​ពន្យល់​ន័យ​ដែរ។ ប៉ុន្តែ ជា​ធម្មតា យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​ផ្ទាល់។ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ការ​អធិប្បាយ​បែប​រុក​រក​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍។

វា​នៅ​ត្រង់​ថា យើង​បង្ហាញ​នូវ​អ្វី​ដែល​យើង​ពិត​ជា​ជឿ​នៅ​ក្នុង​ការ​អធិប្បាយ​ព្រះ​បន្ទូល។ វា​នៅ​ត្រង់​ថា យើង​បង្ហាញ​ទេវវិទ្យា​របស់​យើង​ឲ្យ​នៅ​ក្នុង​សកម្មភាព។ យើង​បើក​ព្រះ​គម្ពីរ​ឡើង និយាយ​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់ ជឿ​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង ហើយ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​បង្គាប់។ យើង​បើក​ព្រះ​គម្ពីរ​ឡើង អនុញ្ញាត​ឲ្យ​ព្រះ​មាន​បន្ទូល​មក​កាន់​យើង បន្ទាប់​មក​រស់​នៅ​ឲ្យ​ស្រប​តាម​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល។ វា​មិន​មែន​ជា​រឿង​ក្បាច់​ក្បូរ​ទេ។ ប៉ុន្តែ មាន​អ្វី​ម្យ៉ាង​ដែល​មិន​ធម្មតា ហើយ​បែប​អធិធម្មជាតិ​សុទ្ធសាធ។

នៅ​ពេល​ដែល​មនុស្ស​អង្គុយ​ស្តាប់​ការ​អធិប្បាយ​ប្រភេទ​នេះ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ពី​កណ្ឌ​មួយ​ទៅ​កណ្ឌ​មួយ នោះ​ពួក​គាត់​នឹង​ឃើញ​អំពី​ភាព​គ្មាន​កំហុស​នៃ​ព្រះ​គម្ពីរ ពួក​គាត់​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ចំពោះ​រឿង​ហ្នឹង ពួក​គាត់​នឹង​ជឿ​លើ​ភាព​គ្មាន​កំហុស​នៃ​ព្រះ​គម្ពីរ ហើយ​ពួក​គាត់​នឹង​ចាត់​ទុក​ថា​រឿង​ផ្សេងៗ​គឺ​ជា​រឿង​នឹក​ស្មាន​មិន​ដល់។ មេរៀន​ដ៏​សំខាន់​បំផុត​អំពី​ភាព​គ្មាន​កំហុស​នៃ​ព្រះ​គម្ពីរ គឺ​មិន​មែន​ជា​មេរៀន​នៅ​ក្នុង​ទេវវិទ្យា​ជា​ប្រព័ន្ធ​ទេ ប៉ុន្តែ​ជា​មេរៀន​ដែល​បង្រៀន​មក​ពីលើ​អាសនា​វិញ។

ខ្ញុំ​រៀន​បាន​ច្រើន​អំពី​អាពាហ៍ពិពាហ៍ ដោយ​ការ​ពិនិត្យ​មើល​អំពី​អាពាហ៍ពិពាហ៍ ជា​ជាង​គ្រាន់​តែ​អាន​និយម​ន័យ ឬ​ក៏​ការ​រៀប​រាប់​អំពី​វា។ ការ​ធ្វើ​អញ្ចឹង គឺ​ត្រឹម​ត្រូវ ហើយ​ក៏​នៅ​ល្អ​ផង​ដែរ។ ការ​យល់ និង​ការ​ពន្យល់​ន័យ​អំពី​ភាព​មិន​មាន​កំហុស​នៃ​ព្រះ​គម្ពីរ​គឺ​សំខាន់ ប៉ុន្តែ​ការ​ឃើញ​ផ្ទាល់​នោះគឺ​សំខាន់​ជាង។ នៅ​ពេល​យើង​អធិប្បាយ​ព្រះ​គម្ពីរ​ថា​គ្មាន​កំហុស នោះ​យើង​កំពុង​តែ​បង្រៀន​មនុស្ស​ឲ្យ​យល់​ថា នោះ​ហើយ​ជា​ភាព​មិន​មាន​កំហុស។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូធេ, លោក សឹម រក្សា និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំអស់កម្លាំង ហើយរវល់ តើរកពេលឯណាអានព្រះគម្ពីរ?

ចូរ​ប្រុង​ប្រយ័ត្ន​ព្រះ​គ្រីស្ទ​ក្លែងក្លាយ