ខ្ញុំចូលចិត្តរុករកនូវអ្វីដែលខ្ញុំហៅថា «គន្លឹះនៃសេចក្ដីជំនឿ» ដែលជាវិធីសាស្ត្រ ឬតិចនិកងាយៗសម្រាប់រស់នៅជាជីវិតគ្រីស្ទបរិស័ទ។ នៅពេលដែលខ្ញុំអាន ស្ដាប់សេចក្ដីអធិប្បាយ និយាយទៅកាន់អ្នកដទៃ ខ្ញុំតែងតែស្វែងរកនូវគំនិតយោបល់អំពីរបៀបដែលគ្រីស្ទបរិស័ទដទៃទៀតរស់នៅដោយបង្ហាញអំពីជំនឿរបស់ពួកគេតាមវិធីងាយៗ។ ថ្មីៗនេះ ខ្ញុំបានចែករំលែកនូវវិធីដ៏សាមញ្ញបំផុតមួយ ដើម្បីបង្ហាញអំពីការបង្ហាញពីភាពជាអ្នកដឹកនាំដែលចេះបម្រើ។ ថ្ងៃនេះ ខ្ញុំប្ដូរមកចែកចាយអំពីការអធិស្ឋានម្ដង។
ព្រះគម្ពីរមិនគ្រាន់តែប្រាប់យើងថា យើងអាចអធិស្ឋានបានប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រាប់យើងថា យើងគួរតែ និងត្រូវតែអធិស្ឋានផងដែរ។ ការអធិស្ឋានគឺជាទំនួលខុសត្រូវ ក៏ដូចជាអភ័យឯកសិទ្ធិដ៏ធំមួយក្នុងចំណោមទំនួលខុសត្រូវ និងអភ័យឯកសិទ្ធិធំៗមួយចំនួនទៀតរបស់គ្រីស្ទបរិស័ទ ប៉ុន្តែការអធិស្ឋានក៏មិនងាយស្រួលដែរ។ ការអធិស្ឋានឲ្យមានប្រសិទ្ធភាពគឺជាការលំបាក ហើយការអធិស្ឋានជាប្រព័ន្ធក៏លំបាកដែរ។
គ្រីស្ទបរិស័ទបានបង្កើតគំរូ និងប្រព័ន្ធជាច្រើន ដើម្បីជួយពួកគាត់នៅពេលដែលពួកគាត់អធិស្ឋាន។ គំរូអធិស្ឋានមួយដែលខ្ញុំចូលចិត្តគឺគំរូនៃការអធិស្ឋានក្នុងសំណុំរង្វង់របស់លោកគ្រូ ចន ផាយភ័រ (John Piper)។ នៅក្នុងសេចក្ដីអធិប្បាយមួយកាលពីខែមករា ឆ្នាំ២០០០ ស្ដីអំពីការអំពាវនាវរបស់សាវ័ក ប៉ុល ឲ្យអធិស្ឋាននៅក្នុងកណ្ឌគម្ពីរ កូឡូស ៤:២ លោកគ្រូ ចន បានរៀបរាប់អំពីរបៀបដែលលោករៀបចំការអធិស្ឋានរបស់ខ្លួន។
សូមពិចារណាក្នុងការអធិស្ឋានក្នុងសំណុំរង្វង់ដោយចាប់ផ្ដើមពីព្រលឹងផ្ទាល់របស់លោកអ្នក ហើយចេញទៅពិភពលោកទាំងមូល។ នេះជាការអនុវត្តជាប្រចាំរបស់ខ្ញុំ។ ខ្ញុំអធិស្ឋានសម្រាប់ព្រលឹងផ្ទាល់របស់ខ្ញុំជាមុន។ នេះមិនមែនដោយព្រោះខ្ញុំស័ក្តិសមជាងអ្នកឯទៀតនោះទេ ប៉ុន្តែដោយព្រោះថាប្រសិនបើព្រះជាម្ចាស់មិនដាស់ ពង្រឹង បន្ទាបចុះ និងបំពេញព្រលឹងរបស់ខ្ញុំជាមុនសិនទេ នោះខ្ញុំមិនអាចអធិស្ឋានសម្រាប់ព្រលឹងរបស់អ្នកផ្សេងទៀតបាននោះទេ។ ដូច្នេះ ខ្ញុំទូលអង្វរទៅកាន់ព្រះអម្ចាស់ជារៀងរាល់ព្រឹកសម្រាប់ការទ្រាំទ្រ ការបន្សុទ្ធ និងអំណាចនៃព្រលឹងផ្ទាល់របស់ខ្ញុំ។
បន្ទាប់មក ខ្ញុំចូលទៅស្រទាប់សំណុំរង្វង់បន្ទាប់ គឺគ្រួសាររបស់ខ្ញុំ ហើយខ្ញុំអធិស្ឋានសម្រាប់ពួកគេម្នាក់ៗចំឈ្មោះតែម្ដងដូចជា៖ ណូអែល សែលលី ប៊ែនយ៉ាមីន អ័ប្រាហាំ បាណាបាស តាប៊ីថា និងបងប្អូនសាច់ឆ្ងាយរបស់ខ្ញុំមួយចំនួនទៀត។
បន្ទាប់មក ខ្ញុំចូលទៅស្រទាប់សំណុំរង្វង់បន្ទាប់ គឺបុគ្គលិក និងពួកចាស់ទុំនៃក្រុមជំនុំ បេថ្លេហិម។ ខ្ញុំអធិស្ឋានចំឈ្មោះរបស់ពួកគេទាំងអស់។
បន្ទាប់មក ខ្ញុំអធិស្ឋានសម្រាប់អ្នករាល់គ្នា ដែលជាក្រុមជំនុំបាទីស្ទបេថ្លេហិម។ ហើយបន្ទាប់មក ខ្ញុំអធិស្ឋានចេញពីចំណុចនោះ មកអធិស្ឋានពីបញ្ហា និងក្រុមផ្សេងៗនៅពេលវេលាខុសៗគ្នាដូចជា៖ បេសកជនរបស់យើង និកាយរបស់យើង សាលារៀនរបស់យើង មហាសន្និបាតបាទីស្ទ ការផ្សាយដំណឹងល្អទូទៅ និងក្រុមជំនុំជុំវិញពិភពលោក ជាពិសេសក្រុមជំនុំដែលកំពុងរងទុក្ខលំបាក។ រង្វង់ធំៗខាងក្រៅរួមមានទីក្រុង រដ្ឋ ជាតិសាសន៍ និងបញ្ហាសង្គមវប្បធម៌ពិភពលោក។
លោកអ្នកមិនអាចអធិស្ឋានសម្រាប់គ្រប់ទាំងរឿងគ្រប់ពេលបាននោះទេ។ ដូច្នេះ ការអធិស្ឋានរបស់លោកអ្នកត្រូវតែមានភាពខុសៗគ្នា។ ហើយចិត្តរបស់លោកអ្នកក៏នឹងកំណត់បន្ទុកភាគច្រើនរបស់លោកអ្នកផងដែរ។ ថ្ងៃខ្លះ លោកអ្នកអាចអធិស្ឋានសម្រាប់សមាជិកគ្រួសារម្នាក់ ឬបុគ្គលិកម្នាក់ ឬវិបត្តិមួយនៅក្នុងក្រុមជំនុំ បើមិនធ្វើដូច្នេះទេ នោះពិភពលោកនេះនឹងយកពេលវេលារបស់លោកអ្នកស្ទើរទាំងអស់ជាមិនខាន។ ប៉ុន្តែ ប្រសិនបើលោកអ្នកមានគំរូមួយ—ដូចជាគំរូអធិស្ឋានតាមសំណុំរង្វង់នេះ—នោះលោកអ្នកនឹងមិនមានការលំបាកថា ត្រូវចាប់ផ្ដើមការអធិស្ឋានពីត្រង់ចំណុចណានោះទេ។
នេះជាវិធីដ៏សាមញ្ញ ហើយងាយស្រួល៖ ដោយចាប់ផ្ដើមអធិស្ឋានពីសំណុំរង្វង់ជិតចេញទៅសំណុំរង្វង់ឆ្ងាយទៅៗ។
ព្រះគម្ពីរមិនគ្រាន់តែប្រាប់យើងថា យើងអាចអធិស្ឋានបានប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រាប់យើងថា យើងគួរតែ និងត្រូវតែអធិស្ឋានផងដែរ។ ការអធិស្ឋានគឺជាទំនួលខុសត្រូវ…
មតិយោបល់
Loading…