ការអានមតិយោបល់លើបណ្ដាញសង្គមគឺជាអ្វីមួយដែលពេញទៅដោយចំណាប់អារម្មណ៍ ហើយពេលខ្លះគឺជាការសិក្សាដែលពេញដោយសេចក្ដីអំពល់កង្វល់អំពីលក្ខណៈរបស់មនុស្សយើង។ ហើយការអានការបញ្ចេញមតិយោបល់របស់អស់អ្នកដែលអះអាងថាខ្លួនជាអ្នកជឿ នៅលើគេហទំព័រគ្រីស្ទបរិស័ទ (ក៏ដូចជានៅលើផេកមួយចំនួនក្នុងហ្វេសប៊ុក) អាចជាការបាក់ទឹកចិត្តដល់យើងក្នុងការសិក្សាលើរបៀបអនុវត្តទេវវិទ្យា។
ជាទូទៅ ការបញ្ចេញមតិយោបល់ភ្លាមៗនៅលើគេហទំព័រ ឬក៏តាមបណ្ដាញសង្គមមិនមែនជាអ្វីដែលជួយដល់អ្នកអាននោះទេ ហើយក៏អាចនាំឲ្យមានការបាក់បែកគ្នាដែរ។ មនុស្សភាគច្រើនបានបញ្ចេញមតិយោបល់ដោយមិនបានគិតជាមុន។ នេះជាមូលហេតុដែលយើងត្រូវស្ដាប់តាមការព្រមានរបស់ព្រះយេស៊ូវ៖ «ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ» (ម៉ាថាយ ១២:៣៦)។ ការដាស់តឿននេះបង្ហាញថា ការបញ្ចេញមតិយោបល់គឺជាអ្វីដែលហ្មត់ចត់ចំពោះព្រះជាម្ចាស់។
តើយើងគួរបញ្ចេញមតិយោបល់ដោយរបៀបណា?
កុំសូវបញ្ចេញ៖ «អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា» (សុភាសិត ១០:១៩)។
ព្រះគម្ពីរបានផ្ដល់ជាប្រឹក្សាឲ្យយើងឃាត់ទប់បបូរមាត់របស់យើង (ដែលនៅក្នុងសតវត្សរ៍ទី២១នេះមានរួមទាំងម្រាមដៃរបស់យើង) ពីព្រោះមនុស្សល្ងីល្ងើសម្បូរពាក្យសម្ដីណាស់ (សាស្ដា ៥:៣)។ មនុស្សដែលមានប្រាជ្ញានឹងស្ដាប់ប្រឹក្សានេះ។ ហើយវាក៏ជាជំនួយដល់យើងដែរនៅក្នុងការចងចាំថា លក្ខណៈជាមនុស្សមានបាបរបស់យើងក៏ផ្តល់ដល់យើងនូវគំនិតដែលថាយើងសំខាន់បែបបំផ្លើស។ ប៉ុន្តែ ការបន្ទាបខ្លួនក្នុងដំណឹងល្អនាំឲ្យយើងចេះលើកអ្នកដទៃខ្ពស់ជាងខ្លួន (ភីលីព ២:៣)។ ទំនង គេមិនត្រូវការយោបល់របស់យើងទេ។
យឺតៗ៖ «ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ» (យ៉ាកុប ១:១៩)។
ប្រសិនបើឯកសារ ឬក៏ការបង្ហោះណាមួយធ្វើឲ្យយើងខឹង យើងស្ទើរតែមិនត្រូវសរសេរក្នុងភាពនៃការក្ដៅក្រហាយទេ។ ក្នុងផ្នត់គំនិតបែបនោះ វាគឺជារឿងពិបាកណាស់ក្នុងការ «ត្រូវមានចិត្តស្លូតបូត ទាំងសម្ដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង» (ទីតុស ៣:២)។ ការរង់ចាំ និងការអធិស្ឋានគឺជាអ្វីដែលល្អបំផុតដែលយើងគួរធ្វើ។ ប្រសិនបើយើងចាំមួយម៉ោង ឬក៏មួយថ្ងៃ នោះវាអាចនឹងងាយឲ្យយើងឆ្លើយតបដោយមានពេញដោយព្រះគុណវិញ ប្រសិនបើចាំបាច់ត្រូវមានការឆ្លើយតបនឹង។
ប្រកបដោយព្រះគុណ៖ «ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនីមួយៗ» (កូឡូស ៤:៦)។
គ្រប់ពាក្យសម្ដីដែលមនុស្សដែលបានធ្លាក់ក្នុងអំពើបាបលើកឡើងដែលមិនមានក្នុងព្រះគម្ពីរ ជាពិសេសការសរសេរយ៉ាងរហ័សលើបណ្ដាញសង្គម ដើម្បីផ្ដល់ជាព័ត៌មានក្តៅៗ ទាំងអស់សុទ្ធតែមានកម្រិត មានភាពខ្វះខាត និងមានកំហុស។ ហើយយើងទាំងអស់គ្នាសុទ្ធតែអានដោយមានតម្រង់នៃបទពិសោធន៍ និងទស្សនៈរបស់ខ្លួន។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់និយាយ និងកាត់ស្រាយក្នុងរបៀបដែលមិនត្រឹមត្រូវ។ ដូច្នេះ យើងត្រូវរៀនឲ្យចេះបង្ហាញព្រះគុណ ការអត់ធ្មត់ និងព្យាយាមគិតបែបវិជ្ជមានអំពីអ្នកដទៃ។
តើយើងគួរបញ្ចេញមតិយោបល់នៅពេលណា?
ចំពោះគ្រីស្ទបរិស័ទ គោលបំណងនៃការនិយាយអ្វីមួយទៅកាន់បុគ្គលណាម្នាក់នៅពេលណាមួយ មិនថាតាមរយៈបបូរមាត់ ឬក៏ម្រាមដៃ គឺយើងធ្វើឡើង «ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់» (អេភេសូរ ៤:២៩)។ ដូច្នេះ ប្រសិនបើយើងមានការវិនិច្ឆ័យល្អត្រង់ថា យើងគួរបញ្ចេញមតិយោបល់លើការបង្ហោះរបស់បុគ្គលណាម្នាក់ នោះការជំរុញចិត្តរបស់យើងគឺគួរដើម្បីផ្ដល់ព្រះគុណដល់គាត់។ នៅពេលដែលយើងសម្រេចចិត្តថា ពេលនោះគឺជាពេលល្អដែលយើងគួរបញ្ចេញមតិយោបល់ ខាងក្រោមនេះគឺជារបៀបមួយចំនួននៃការបង្ហាញព្រះគុណ៖
អរគុណ៖ ទំនង ការអរគុណគឺជាមូលហេតុដ៏ល្អបំផុត ដែលយើងគួរលើកឡើងនៅពេលដែលយើងបញ្ចេញមតិយោបល់។ ប្រសិនបើអ្នកបង្ហោះបានចម្រើនចំណេះដឹងរបស់យើង លើកទឹកចិត្តដល់ព្រលឹងយើង ដាស់តឿនយើងក្នុងរបៀបដ៏ល្អ ឬក៏បានព្រមានយើងអំពីអ្វីមួយ នោះការអរគុណដល់គាត់គឺជារបៀបដ៏សមរម្យដែលយើងអាចប្រាប់គាត់ ដោយសារវាក៏នឹងលើកទឹកចិត្តដល់គាត់ផងដែរ។ អ្វីដែលគាត់បង្ហោះមិនចាំបាច់ជាចំណុចដែលល្អឥតខ្ចោះនោះទេ។ ប្រសិនបើគាត់បានជួយយើង នោះយើងគួរអរគុណគាត់។ ប្រសិនបើគាត់មិនបានជួយយើង នោះយើងមិនចាំបាច់បញ្ចេញមតិយោបល់អ្វីទេ។
លើកទឹកចិត្ត៖ មនុស្សយើងមានទម្លាប់ងាយស្រួលណាស់ក្នុងការរិះគន់គ្នាទៅវិញទៅមក ជាជាងលើកទឹកចិត្តគ្នា។ ជាទូទៅ ការឆ្លើយតបបែបនេះគឺអំនួតនៃអំពើបាបដែលកំពុងតែជះឥទ្ធិពលលើជំនាញនៃតក្កនៃការគិតរបស់យើង។ ទំនង សមាមាត្រគឺមានមនុស្ស១០០នាក់ដែលរិះគន់សម្រាប់មនុស្សម្នាក់ដែលលើកទឹកចិត្ត។ ក្នុងនាមជាមនុស្សដែលជឿលើដំណឹងល្អ ដែលព្យាយាមផ្ដល់ព្រះគុណ នោះគ្រីស្ទបរិស័ទអាចប្រើប្រាស់ការបញ្ចេញមតិយោបល់ ដើម្បីលើកទឹកចិត្ត ស្អាងអ្នកបង្ហោះ និងអ្នកអាន (១ថែស្សាឡូនិច្ច ៥:១១)។ សូមស្វែងរក និងកត់ចំណាំលើព្រះគុណក្នុងឯកសារ ឬក៏ការបង្ហោះណាមួយ។
បញ្ជាក់ឲ្យច្បាស់លាស់៖ ប្រសិនបើយើងឃើញថា ការបង្ហោះណាមួយហាក់បីដូចជាមានការភាន់ច្រឡំ ឬក៏ខុសឆ្គង នោះជាដំបូងការផ្ដល់ព្រះគុណគឺការសួរនាំ ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់សិន ជាជាងធ្វើសេចក្ដីសន្និដ្ឋានភ្លាមៗ។ ការសួរនាំដេញដោលដែលកើតចេញពីការមានចិត្តល្អ និងការយល់ដឹងជ្រៅជ្រះអាចទំនងនឹងបង្ហាញឲ្យឃើញកំហុសរបស់អ្នកសរសេរ ឬក៏ការយល់ដឹងមិនត្រឹមត្រូវរបស់អ្នកអាន។
កែតម្រង់ដោយមានការថ្នម៖ យើងកុំសូវកែតម្រង់ច្រើនពេក។ ជាទូទៅ ខ្ញុំគិតថា មានការចំណាយពេលខ្ជះខ្ជាយច្រើនណាស់ក្នុងការសរសេរការរិះគន់ក្នុងការបញ្ចេញមតិយោបល់ ហើយបន្ទាប់មកការចំណាយពេលការពារការរិះគន់នោះពីអ្នកបញ្ចេញមតិយោបល់ជំទាស់។ ប៉ុន្តែ ម្ដងម្កាល យើងក៏គួរបង្ហាញសេចក្ដីពិត ឬក៏គោលលទ្ធិខុសឆ្គងផងដែរក្នុងការព្រមាន។ នៅក្នុងករណីព្រមាន ដាច់ខាតយើងត្រូវតែចងចាំការណែនាំរបស់សាវ័ក ប៉ុល៖
«ក៏មិនគួរឲ្យបាវបម្រើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្ដាលឲ្យគេប្រែចិត្ត ឲ្យបានស្គាល់សេចក្ដីពិតវិញ» (២ធីម៉ូថេ ២:២៤-២៥)។
ការបន្ទាបខ្លួនពិតនៅក្នុងចិត្ត និងនៅក្នុងសំណេរបញ្ចេញរបស់យើងគឺជាការសំខាន់ណាស់។ សូមរង់ចាំ ហើយអធិស្ឋានរហូតទាល់តែលោកអ្នកអាចបញ្ចេញមតិយោបល់ក្នុងរបៀបដែលមានភាពស៊ីគ្នាទៅនឹងការលើកទឹកចិត្តរបស់សាវ័ក ប៉ុល។ ហើយក៏កុំចំណាយពេលច្រើនក្នុង «ពាក្យសម្ដីឡេះឡោះឥតប្រយោជន៍» ជាមួយនឹងអ្នកបញ្ចេញមតិយោបល់ផ្សេងទៀតដែរ (២ធីម៉ូថេ ២:១៦)។ សូមទុកការបញ្ចេញមតិយោបល់ចោលដោយមានជំនឿ ហើយកុំអន់ចិត្តប្រសិនបើមិនមានគេទទួលការឆ្លើយតប។ ប្រសិនបើលោកអ្នកស្គាល់អ្នកនិពន្ធផ្ទាល់ សូមចៀសចេញពីការកែតម្រូវគាត់តាមរយៈការបញ្ចេញមតិយោបល់សាធារណៈ។ សូមទាក់ទងគាត់ផ្ទាល់វិញ។
កុំចាប់ផ្តើមភ្លើង
ក្នុងការបញ្ចប់ យើងចងចាំពាក្យសម្ដីដ៏ម៉ឺងម៉ាត់របស់លោក យ៉ាកុប៖
«ហើយអណ្ដាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្ដីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ» (យ៉ាកុប ៣:៦)។
លោក យ៉ាកុប បានសរសេរការព្រមាននេះទៅកាន់គ្រីស្ទបរិស័ទ។ ភាគច្រើន គ្រីស្ទបរិស័ទគឺជាអ្នកចាប់ផ្ដើមដុតភ្លើង ក្នុងការបញ្ចេញមតិយោបល់។ ចូរយើងកុំចាប់ផ្ដើមដុតភ្លើង តាមរយៈពាក្យពេចន៍ឡេះឡោះ ដែលយើងនឹងត្រូវឆ្លើយទៅកាន់ព្រះអង្គឡើយ។ ផ្ទុយទៅវិញ ចូរយើងទប់មាត់/ម្រាមដៃយើង ហើយនៅពេលដែលយើងនិយាយ ចូរនិយាយតែក្នុងករណីដែលនឹងផ្ដល់ព្រះគុណដល់អ្នកស្ដាប់ចុះ។
ជាទូទៅ ការបញ្ចេញមតិយោបល់ភ្លាមៗនៅលើគេហទំព័រ ឬក៏តាមបណ្ដាញសង្គមមិនមែនជាអ្វីដែលជួយដល់អ្នកអាននោះទេ ហើយក៏អាចនាំឲ្យមានការបាក់បែកគ្នាដែរ។ មនុស្សភាគច្រើនបានបញ្ចេញមតិយោបល់ដោយមិនបានគិតជាមុន…
មតិយោបល់
Loading…