in ,

តើ​ការ​លើក​ឡើង​ជា​អ្វី? (១ថែស្សាឡូនីច ៤)

«[១៣]បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម [១៤]ដ្បិត​បើ​យើង​ជឿ​ថា ព្រះ​យេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ក្នុង​ព្រះ​យេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់​ដែរ [១៥]ដ្បិត​យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ដូច្នេះ​ថា យើង​ដែល​រស់​នៅ​ជាប់ ដរាប​ដល់​ព្រះ​អម្ចាស់​យាង​មក នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ [១៦]ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះ​ឱស្ឋ​ទាំង​មាន​ឮ​សំឡេង​មហា​ទេវ​តា នឹង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ [១៧]រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួប​ជុំ​នឹង​ព្រះ​អម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះ​អម្ចាស់​ជា​ដរាប​ទៅ [១៨]ដូច្នេះ ចូរ​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ​ចុះ»(១ថែស្សាឡូនីច ៤:១៣-១៨)។

ដំណឹង​ពី​ជំនឿ
សាវ័ក ប៉ុល បាន​ណែនាំ​ប្រធាន​បទ​ថ្មី​មួយ​ដោយ​លើក​ឡើង​ថា «បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង» ដើម្បី​ឲ្យ​ជ្រួត​ជ្រាប​ពី​ការ​ពិភាក្សា​នេះ (១កូរិនថូស ១០:១ ក៏​ដូច​ជា​នៅ​ក្នុង រ៉ូម ១:១៣; ១១:២៥,
១កូរិនថូស ១២:១; ២កូរិនថូស ១:៨)។ សាវ័ក ប៉ុល ចង់​ឲ្យ​អ្នក​នៅ​ក្រុម​ជំនុំ​ថែស្សាឡូនីច​បាន​ដឹង​យ៉ាង​ប្រាកដ​អំពី«ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ»។

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី «ការ​ដេក​លក់» គឺ​ជា​ការ​ប្រៀបធៀប​ទៅ​នឹង «ការ​ស្លាប់» (ឧទាហរណ៍៖ ១កូរិនថូស ១៥:៦, ១៨, ២០ ក៏​ដូច​ជា​នៅ​ក្នុង ម៉ាថាយ ២៧:៥២; កិច្ចការ ៧:៦០; ១៣:៣៦)។ ជា​ញឹក​ញាប់ ការ​ដេក​លក់​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រៀប​ធៀប​ទៅ​នឹង​ការ​រស់​ឡើង​វិញ​នា​ថ្ងៃ​ខាង​មុខ​របស់​អ្នក​ជឿ។ ដូច្នេះ ការ​ដេក​លក់​គឺ​ជា​និមិត្ត​សញ្ញា​សមរម្យ​មួយ។ អ្នក​ស្លាប់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​គ្រាន់​តែ​បាន​ដេក​លក់ រង់ចាំ​ការ​ដាស់​ឲ្យ​ភ្ញាក់​ឡើង​វិញ​នា​ថ្ងៃ​នៃ​ការ​រស់​ឡើង​វិញ​តែ​ប៉ុណ្ណោះ (ឧទាហរណ៍៖ យ៉ូហាន ១១:១១, អេភេសូរ ៥:១៤)។ កិច្ចការ​នេះ​មិន​ចាំបាច់​បញ្ជាក់​អំពី​កង្វះ​ខាត​នៃ​ការ​យល់​ដឹង​ពី​ចន្លោះ​ស្ថានភាព​មធ្យម​រវាង​ការ​ស្លាប់ និង​ការ​រស់​ឡើង​វិញ​នោះ​ទេ (ឧទាហរណ៍៖ លូកា ១៦:១៩-៣១; ២៣:៤៣; ភីលីព ១:២១-២៣; វិវរណៈ ៤:៤; ៧:១-១៧)។

សាវ័ក ប៉ុល បាន​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា «ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម»។ មាន​អ្នក​ខ្លះ​ដាក់​សេចក្ដី​សន្និដ្ឋាន​ដោយ​ខុស​ឆ្គង​ថា តាម​រយៈ​ខ​គម្ពីរ​នេះ គ្រីស្ទ​បរិស័ទ​មិន​គួរ​សោក​សង្រែក​អ្វី​ឡើយ។ យ៉ាង​ណា​មិញ សូម្បី​តែ​ព្រះ​អម្ចាស់​របស់​យើង ព្រះ​អង្គ​ក៏​សោកសៅ​ចំពោះ​ការ​ស្លាប់​របស់​មិត្ត​សម្លាញ់​របស់​ទ្រង់ គឺ​លោក ឡាសារ ហើយ​ព្រះ​អង្គ​បាន​ព្រះ​កន្សែង ដែល​ការ​ស្លាប់​របស់​លោក ឡាសារ បាន​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ និង​មិត្ត​សម្លាញ់​មាន​ការ​ឈឺ​ចាប់ (យ៉ូហាន ១១:៣៣-៣៦; កិច្ចការ ៩:៣៧-៣៩)។ នៅ​កន្លែង​ផ្សេង​ទៀត សាវ័ក ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជឿ​ឲ្យ​ចេះ​យំ​សោក​ជា​មួយ​គ្នា​ចំពោះ​បញ្ហា​ការ​ឈឺ​ចាប់​ក្នុង​ជីវិត​ដែរ (រ៉ូម ១២:១៥; ១កូរិនថូស ១២:២៦)។ សម្រាប់​អ្នក​ជឿ សេចក្ដី​ស្លាប់​មិន​មែន​ជា​សាល​ក្រម​សម្រេច​ចុង​ក្រោយ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ពិត​ជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ឃ្លាត​គ្នា​រវាង​ពួក​យើង នឹង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ដែរ ដែល​ធម្មតា​នាំ​ឲ្យ​មាន​ការ​សោកសៅ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជឿ​មាន​នូវ​ការ​សោក​សៅ​បែប​ផ្សេង​មួយ​ទៀត​ពី​អ្នក​មិន​ជឿ—«ក្រែង…កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម» (សូម​អាន​បន្ថែម​នៅ​ក្នុង អេភេសូរ ២:១២)។ គ្រីស្ទ​បរិស័ទ​មាន​ការ​សោកសៅ ទន្ទឹម​នឹង​ការ​នៅ​មាន​សង្ឃឹម​ថា នឹង​ជួប​ជុំ​គ្នា​វិញ​ម្ដង​ទៀត​នៅ​ថ្ងៃ​នៃ​ការ​រស់​ឡើង​វិញ (យ៉ូហាន ១១:២៥-២៦)។

សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទ​បរិស័ទ
សាវ័ក ប៉ុល បាន​ប្រកាស​នូវ​គ្រឹះ​ដ្ឋាន​នៃ​សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទ​បរិស័ទ៖ «ព្រះ​យេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ» (១កូរិនថូស ១៥:១-១១; រ៉ូម ៦:១-៥; ១ថែស្សាឡូនីច ៥:១០)។ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​បាន​បញ្ជាក់​អំពី​ជ័យ​ជម្នះ​របស់​ទ្រង់​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់ ហើយ​ក៏​បាន​បង្ហាញ​អំពី​គំរូ​នៃ​ជីវិត​របស់​អ្នក​រស់​ឡើង​វិញ ដែល​ព្រះ​អង្គ​នឹង​ផ្ដល់​ឲ្យ​ចំពោះ​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់ នៅ​ពេល​ព្រះ​អង្គ​យាង​ត្រឡប់​មក​វិញ (១កូរិនថូស ១៥:១២-៥៨; ភីលីព ៣:២០-២១)។ ដូច្នេះ​ហើយ អាស្រ័យ​លើ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ នោះ​ក្រុម​ជំនុំ​មាន​ទំនុក​ចិត្ត​ថា ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បង​ប្អូន​ប្រុស​ស្រី​ដែល​ស្លាប់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មាន​ជីវិត​រស់​ឡើង​វិញ។ ប្រាកដ​ណាស់ អ្នក​ដែល​មាន​ជីវិត​រស់​ឡើង​វិញ​ទាំង​នោះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការ​យាង​ត្រឡប់​មក​ជា​លើក​ទី​ពីរ​របស់​ព្រះ​អង្គ។

ព្រះ​បន្ទូល​មួយ​ពី​ព្រះ​យេស៊ូវ
សាវ័ក ប៉ុល បាន​បញ្ជាក់​អំពី​សេចក្ដី​ពិត​ដែល​គាត់​បាន​យល់​ជា​ថ្មី​ម្ដង​ទៀត «តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់»។ សាវ័ក ប៉ុល បាន​ស្គាល់​ព្រះ​បន្ទូល​ណែនាំ​របស់​ព្រះ​យេស៊ូវ​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ​អង្គ​ស្ដី​អំពី​ទេវ​សាស្ត្រ​នៃ​ការ​រស់​ឡើង​វិញ ទោះ​បី​ជា​គាត់​ក៏​អាច​ទាំង​បាន​ទទួល​ការ​បើក​សម្ដែង​ទំនាយ​ពី​ព្រះ​យេស៊ូវ​ក្តី។ យើង​ឃើញ​មាន​ការ​ស៊ី​គ្នា​ជា​ច្រើន​ជា​មួយ​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ​នៃ​ដើម​អូលីវ (ម៉ាថាយ ២៤-២៥; ម៉ាកុស ១៣; លូកា ២១ ក៏​មាន​នៅ​ក្នុង ១ថែស្សាឡូនីច ១:៨-១០)។ នេះ​រួម​បញ្ចូល​ទាំង​ការ​យាង​ត្រឡប់​មក​វិញ​របស់​កូន​មនុស្ស​ពី​ស្ថានសួគ៌​នៅ​លើ​ពពក(ម៉ាថាយ ២៤:៣០) សំឡេង​ត្រែ​ដែល​បន្លឺ​ឡើង(ម៉ាថាយ ២៤:៣១) ការ​ប្រមូល​ពួក​ដែល​បាន​ជ្រើស​តាំង ពី​ចុង​បំផុត​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ម្ខាង​ទៅ​ម្ខាង(ម៉ាកុស ១៣:២៧) ការ​ដែល​មិន​មាន​នរណា​អាច​មាន​លទ្ធភាព​ក្នុង​ការ​ដឹង​អំពី​ពេល​វេលា​ដែល​ព្រះ​អម្ចាស់​នឹង​យាង​មក​វិញ(ម៉ាថាយ ២៤:៤២) ហើយ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូវ​ដែល​ប្រៀប​ដូច​ជា​ចោរ​ចូល​លួច នៅ​ពេល​យប់ (ម៉ាថាយ ២៤:៤៣)។

គន្លឹះ​នៅ​ពីរ​បី​ខ​គម្ពីរ​បន្ទាប់​របស់​សាវ័ក ប៉ុល បាន​បែង​ចែក​រវាង​គ្រីស្ទ​បរិស័ទ​ដែល​បាន​ស្លាប់​មុន​ពេល​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ («ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ» ឬ «ដេក​លក់​ក្នុង​ព្រះ​យេស៊ូវ») ព្រម​ទាំង​អស់​អ្នក​ដែល​កំពុង​រស់​នៅ មាន​ជីវិត​នៅ​ពេល​ព្រះ​គ្រីស្ទ​យាង​មក («យើង​ដែល​រស់​នៅ​ជាប់» ឬ «[អស់​អ្នក​ដែល​រស់​នៅ] ដរាប​ដល់​ព្រះ​អម្ចាស់​យាង​មក»)។ សាវ័ក ប៉ុល បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ស្លាប់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​ប្រាកដ នៅ​ពេល​ព្រះ​អម្ចាស់​យាង​ត្រឡប់​មក​វិញ គឺ​មុន​អស់​អ្នក​ជឿ​ដែល​នៅ​មាន​ជីវិត​រស់ ដើម្បី​នឹង​ស្វាគមន៍​ព្រះ​គ្រីស្ទ។

ជា​ប្រាកដ​ណាស់ អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ «មុន​បង្អស់» (១ថែស្សាឡូនីច ៤:១៦)។ ក៏​ដូច​ជា​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​ខ១៥ «យើង​ដែល​រស់​នៅ​ជាប់ ដរាប​ដល់​ព្រះ​អម្ចាស់​យាង​មក នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ»។ «ការ​យាង​មក​វិញ​ជា​លើក​ទី​ពីរ [ភាសា​ក្រិក «ផារូសៀ័រ» parousia] នៃ​ព្រះ​អម្ចាស់» គឺជា​ឃ្លា​សាមញ្ញ​ដែល​ភាគ​ច្រើន​ត្រូវ​បាន​បក​ស្រាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទៅ​តាម​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ ដើម្បី​បង្កើត​នគរ និង​គ្រង​រាជ្យ​របស់​ព្រះ​អង្គ​អស់​កល្ប​ជា​​និច្ច (សូម​មើល​បន្ថែម​នៅ ២ថែស្សាឡូនីច ២:១)។

លំដាប់​លំដោយ​នៃ​ព្រឹត្តិការណ៍
នៅ​ពីរ​ខ​បន្ទាប់​សាវ័ក ប៉ុល បាន​ផ្ដល់​នូវ​មូលដ្ឋាន​បញ្ជាក់​អំពី​លំដាប់​លំដោយ​នៃ​ព្រឹត្តិការណ៍​នៃ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូវ ដោយ​សង្កត់​ធ្ងន់​ថា អ្នក​ស្លាប់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​នឹង​មាន​ពិសោធន៍​នៃ​ការ​ទទួល​បាន​សិរី​រុងរឿង​នៃ​ការ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​មុន​គេ។ លំដាប់​លំដោយ​នៃ​ព្រឹត្តិការណ៍​ទាំង​នេះ​មាន​ដំណើរ​ការ​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ​អំពី​គ្រា​ចុង​ក្រោយ (ជា​ពិសេស​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២៤:៣០-៣១; ម៉ាកុស ១៣:២៦–២៧; លូកា ២១:២៧)។

មុន​ដំបូង​បង្អស់ ព្រះ​អម្ចាស់ «នឹង​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក»។ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល (ដក​ស្រង់​ពី ដានីយ៉ែល ៧:១៣) បុត្រ​មនុស្ស​នឹង «មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា និង​សិរី​ល្អ​ជា​ខ្លាំង» (ម៉ាថាយ ២៤:៣០; ម៉ាកុស ១៣:២៦; លូកា ២១:២៧)។ មាន​រូប​ភាព​ជា​ច្រើន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ​មាន​ភាព​ស៊ី​គ្នា​ត្រង់​កន្លែង​នេះ តែ​ជា​ពិសេស​នោះ​គឺ​ការ​យាង​ត្រឡប់​មក​ពី​ស្ថានសួគ៌​វិញ​របស់​ព្រះ​យេស៊ូវ ដោយ​ជិះ​សេះ​ស ហើយ​អម​ដំណើរ​ដោយ​ពួក​ពល​ទេវតា ខណៈ​ពេល​ដែល​មាន​ទេវតា​មួយ​បន្លឺ​សំឡេង​យ៉ាង​ឮ (វិវរណៈ ១៩:១១-២១)។

ទិដ្ឋភាព​នេះ​មាន​ការ​អម​ដោយ​សំឡេង​បី​យ៉ាង៖ «ដោយ​ស្រែក​បង្គាប់​១​ព្រះ​ឱស្ឋ» «មាន​ឮ​សំឡេង​មហា​ទេវ​តា» និង «ត្រែ​របស់​ព្រះ​ផង»។ នៅ​ក្នុង​ខ​ផ្សេង​ទៀត​សាវ័ក ប៉ុល បាន​ពណ៌នា​អំពី​លក្ខណៈ​របស់​ព្រះ​យេស៊ូវ «លេច​មក​ពី​ស្ថាន​សួគ៌ ជា​មួយ​នឹង​ពួក​ទេវ​តា​នៃ​ព្រះ​ចេស្ដា​ទ្រង់» (២ថែស្សាឡូនីច ១:៧; សម្រាប់​ពួក​ទេវតា សូម​អាន​បន្ថែម​ក្នុង ម៉ាថាយ ១៣:៤១, ៤៩; ១៦:២៧; ២៤:៣១; ២៥:៣១)។ សំឡេង «ត្រែ​បន្លឺ​ឡើង​យ៉ាង​ឮ» ក៏​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​កណ្ឌ​គម្ពីរ ម៉ាថាយ ២៤:៣១ (សូម​អាន​បន្ថែម ១កូរិនថូស ១៥:៥២)។ ការ​បន្លឺ​សំឡេង​ត្រែ​ឡើង​នៅ​កំឡុង​ពេល​នៃ​គ្រា​ចុង​ក្រោយ​របស់​រាស្ត្រ​នៃ​ព្រះ​ជាម្ចាស់​ក៏​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ផង​ដែរ (ឧទាហរណ៍៖ អេសាយ ២៧:១៣) ហើយ​ត្រែ​ក៏​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ​ផង​ដែរ (ជា​ពិសេស​ជំពូក ៨-១១)។

ចំណុច​ស្នូល​នៃ​ការ​វែកញែក​របស់​សាវ័ក ប៉ុល គឺ​ពាក្យ​ថា «ពួក​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់»។ ទោះ​បើ​ការ​រស់​ឡើង​វិញ​របស់​អ្នក​ជឿ​ដែល​បាន​ស្លាប់​ទៅ​ហើយ​មាន​ការ​លើក​ឡើង​ជា​ញឹក​ញាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏​ដោយ (ឧទាហរណ៍៖ ១កូរិនថូស ១៥:២៣, ៥២; ក៏​ដូច​ជា​នៅ​ក្នុង​កណ្ឌ​គម្ពីរ លូកា ១៤:១៤; វិវរណៈ ២០:៤-៥)។ ការ​បង្រៀន​ថា អ្នក​ស្លាប់​នឹង​រស់​ឡើង​វិញ​មុន​បង្អស់​របស់​ព្រះ​យេស៊ូវ​ផ្ទាល់​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​មិន​បាន​បញ្ជាក់​ដោយ​ផ្ទាល់​អំពី​ការ​រស់​ឡើង​វិញ​របស់​អ្នក​ដែល​បាន​ស្លាប់​ថា ពួក​គាត់​នឹង​រស់​ឡើង​វិញ «មុន​បង្អស់» នោះ​ទេ (មុន​ពេល​អ្នក​នៅ​មាន​ជីវិត​រស់​នៅ​ទៅ​ជួប​ជា​មួយ​ព្រះ​អម្ចាស់)។ ទំនង​ប្រហែល​ជា​សាវ័ក ប៉ុល កំពុង​តែ​ផ្ដោត​សញ្ជឹង​គិត​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ត្រង់​ប្រយោគ​មួយ​ដែល​ថា ទេវតា «នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង» (ម៉ាថាយ ២៤:៣១; សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១៣:២៧) ឬ​ថា សាវ័ក ប៉ុល បាន​ដឹង​អំពី​ការ​នេះ​តាម​រយៈ​ការ​បង្រៀន​ផ្ទាល់​មាត់​ពី​ក្រុម​ពួក​សាវ័ក ឬ​ក៏​ជា​ការ​បើក​សម្ដែង​ដោយ​ផ្ទាល់។

អ្នក​ជឿ​ដែល​នៅ​រស់
បន្ទាប់​ពី​អ្នក​ជឿ​ដែល​បាន​ស្លាប់​ទទួល​ការ​រស់​ឡើង​វិញ នោះ​សាច់​រឿង​ក៏​បាន​ប្ដូរ​ទៅ​ដល់​អ្នក​ជឿ​ដែល​នៅ​មាន​ជីវិត នា​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ។ ខ​គម្ពីរ​នេះ​ជា​ខ​គម្ពីរ​នៃ​ប្រធាន​បទ​ដ៏​ចម្រូងចម្រាស​មួយ​ស្ដី​អំពី​អត្ថន័យ​នៃ​គោល​ការណ៍​របស់​អ្នក​ដែល​ជឿ​ថា «នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់» ហើយ​និង«ដើម្បី​ឲ្យ​បាន​ជួប​ជុំ​នឹង​ព្រះ​អម្ចាស់​នៅ​នា​អាកាស»។ មនុស្ស​ជា​ច្រើន​ជំទាស់​អំពី​ការ​ផ្ដល់​មូលដ្ឋាន​ប្រតិបត្តិ​នៃ​ការ​សិក្សា​ពី​ទេវ​សាស្ត្រ​ស្ដី​ពី«ការ​ឆក់»អ្នក​ជឿ​ដែល​នៅ​រស់ ឡើង​ភ្លាមៗ​ចេញ​ពី​ពិភព​លោក​នេះ ហើយ​លើក​ទៅ​ស្ថានសួគ៌​ភ្លាមៗ មុន​ពេល​នៃ​គ្រា​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង​កើត​មាន​ឡើង ដែល​គេ​ជឿ​ថា​មាន​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នៅ​អនាគត។

ជា​មួយ​គ្នា​ផង​ដែរ មាន​មនុស្ស​ជា​ច្រើន​លើក​ឡើង អំពី​ភាព​ស្រដៀង​គ្នា​ជា​មួយ​នឹង​អស់​អ្នក​ដែល«នឹង​បាន​យក​ទៅ»នា​សម័យ​កាល​លោក ណូអេ(សូម​អាន​បន្ថែម ម៉ាថាយ ២៤:៤០-៤១)។ យ៉ាង​ណា​វិញ ការ​លើក​ឡើង​បែប​នេះ​បង្ក​ឲ្យ​មាន​បញ្ហា ដោយ​សារ​អស់​អ្នក​ដែល​ត្រូវ​ទឹក​ជន់«បាន​យក​គេ​ទៅ​ទាំង​អស់​គ្នា»នា​សម័យ​កាល​លោក ណូអេ បាន​ស្លាប់​ដោយ​ការ​លង់​ទឹក និង​ការ​វិនិច្ឆ័យ​ទោស ខណៈ​ពេល​ដែល​អ្នក​នៅ​រស់ (លោក ណូអេ និង​ក្រុម​គ្រួសារ​របស់​គាត់) បាន​ទទួល​ពិសោធន៍​នៃ​ការ​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់។

មាន​ចំណុច​ពិបាក​នៅ​ក្នុង​កណ្ឌ​គម្ពីរ ថែស្សាឡូនីច​ខ្សែ​ទី១ អំពី​ទ្រឹស្ដី​នៃ​ការ​ឆក់​ឡើង។ ការ​បក​ស្រាយ​បែប​នេះ​អាច​នឹង​ចង្អុល​បង្ហាញ​ថា ការ​យាង​មក​វិញ​ដ៏​រុងរឿង​របស់​ព្រះ​យេស៊ូវ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ(គឺ​មិន​មាន​លក្ខណៈ​ពេញលេញ) ដោយ​ឈប់​នៅ​រង់​ចាំ​ទទួល​អស់​អ្នក ដែល​ត្រូវ​លើក​ឡើង​ទៅ​លើ «ពពក/អាកាស» តែ​មួយ​រយៈ​ខ្លី ដើម្បី​ជួប​ជា​មួយ​អ្នក​ជឿ​ដែល​ត្រូវ​បាន​លើក​ឡើង​ជា​មុន​សិន មុន​ត្រឡប់​ទៅ​ស្ថានសួគ៌​ជា​មួយ​ពួក​គាត់។ ប៉ុន្តែ មើល​ទៅ​ហាក់​បី​ដូច​ជា​សាវ័ក ប៉ុល រំពឹង​ថា ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​នឹង​បន្ត​ដំណើរ​ពី​ស្ថានសួគ៌​មក​កាន់​ផែនដី។ ដូច្នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​លើក​ជា​ការ​ជំទាស់​លើ​ពាក្យ «ជួប» នៅ​ឃ្លា «ជួប​ជុំ​នឹង​ព្រះ​អម្ចាស់​នៅ​នា​អាកាស» ថា​ជា​គន្លឹះ​ក្នុង​ការ​យល់​អំពី​ព្រឹត្តិការណ៍​ដែល​បម្រុង​នឹង​កើត​ឡើង​នេះ។ ពាក្យ«ជួប»(apantēsis) ក្នុង​ភាសា​ក្រិក​មាន​លើក​ឡើង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ត្រឹម​តែ​ពីរ​ដង​ប៉ុណ្ណោះ។ នៅ​ក្នុង​ប្រស្នា​ស្ដី​អំពី​គ្រា​ចុង​ក្រោយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២៥:៦ ស្ត្រី​ព្រហ្មចារី​រង់​ចាំ​កូន​កំលោះ អ្នក​ដែល​ពួក​នាង​នឹង «ទៅ​ទទួល» ហើយ​ស្វាគមន៍​មក​វិញ​នៅ​ឯ​ពិធី​ជប់​លៀង​មង្គល​ការ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ ២៨:១៥ អ្នក​ជឿ​នៅ​ក្រុង​​រ៉ូម​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ («ចេញ​មក​ជួប») ផ្សារ​អាប់ភាស ដើម្បី​នឹង​ស្វាគមន៍​សាវ័ក ប៉ុល ហើយ​នាំ​គាត់​ទៅ​ទី​ក្រុង​រ៉ូម​វិញ​ជា​មួយ​នឹង​ពួក​គេ។ ទាំង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ជំពូក២៥ និង​កិច្ចការ ជំពូក២៨ សកម្មភាព​នៃ​ការ​ជួប​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចេញ​ទៅ​បដិសណ្ឋារកិច្ច​បុគ្គល​មាន​កិត្តិយស រួច​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​ជា​មួយ​ភ្ញៀវ​កិត្តិយស​នោះ។ មាន​ករណី​ជា​ច្រើន​នៅ​ក្នុង​ការ​ជួប (apantēsis) នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បក​ប្រែ​ដើម​ទៅ​ជា​ភាសា​ក្រិក (Septuagint Greek OT) ក៏​តែង​តែ​ភ្ជាប់​មក​ជា​មួយ​នឹង​លំនាំ​នៃ​ការ​ប្រៀបធៀប។ (ឧទាហរណ៍៖ ពួកចៅហ្វាយ ៤:១៨; ១១:៣១, ៣៤; ១៩:៣; ១សាំយ៉ូអែល ១៣:១០)។ ហើយ​ការ​សរសេរ​ក្នុង​ភាសា​ក្រិក​ផ្សេង​ទៀត​ក៏​ប្រើ​ប្រាស់​ពាក្យ​នោះ ដើម្បី​រៀប​រាប់​អំពី​ការ​ចេញ​ទៅ​ស្វាគមន៍​ឥស្សរ​ជន​របស់​ពល​រដ្ឋ មុន​ពេល​ត្រឡប់​មក​ប្រារព្ធ​អប​អរ​សាទរ​នៅ​ក្នុង​ទី​ក្រុង​វិញ​ផង​ដែរ។

នេះ​អាច​នឹង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​លេច​មក​របស់​ព្រះ​គ្រីស្ទ៖ សាវក ប៉ុល រំពឹង​គិត​ថា អ្នក​ស្លាប់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់​ឡើង​វិញ ហើយ​បន្ទាប់​មក​អ្នក​ជឿ​ដែល​នៅ​មាន​ជីវិត​រស់​នឹង​ត្រូវ​បាន​លើក​ឡើង ដើម្បី​ទៅ​ស្វាគមន៍​ព្រះ​យេស៊ូវ​នៅ​លើ​អាកាស មុន​ពេល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​លើ​ផែនដី​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់ ដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក ហើយ​សាង​ព្រះ​រាជ្យ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​ជា​ស្រេច។ សម្រាប់​ការ​យាង​មក​ដល់​របស់​ព្រះ​យេស៊ូវ «លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា និង​សិរី​ល្អ​ជា​ខ្លាំង» ជា​ថ្មី​ម្ដង​ទៀត យើង​ឃើញ​នៅ​កណ្ឌ​គម្ពីរ ម៉ាថាយ ២៤:៣០ (ដក​ស្រង់​ចេញ​ពី ដានីយ៉ែល ៧:១៣; ក៏​ដូច​ជា​នៅ​ក្នុង ម៉ាកុស ១៣:២៦; និង​លូកា ២១:២៧)។ មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ពាក្យ «នៅ​លើ​មេឃ» អាច​មាន​ន័យ​ប្រៀប​ធៀប​ទៅ​នឹង «ទី​វាល​ខាង​ក្រៅ» ប្រហែល​ជា​នៅ​លើ​ពពក​ដល់​ដី​ដែល​យើង​ធ្វើ​ដំណើរ​មក​ជា​មួយ​នឹង​ព្រះ​យេស៊ូវ។ យ៉ាង​ណា​មិញ សាវ័ក ប៉ុល ទំនង​ជា​ចង់​ប្រើ​ពាក្យ «អាកាស» និង «មេឃ» ដើម្បី​បញ្ជាក់​អំពី​គម្លាត​រវាង​ផែនដី និង​ស្ថានសួគ៌។

បន្ថែម​លើ​ការ​សង្កត់​អត្ថន័យ​នៃ​ការ​បក​ស្រាយ​អំពី​ការ​រស់​ឡើង​វិញ​របស់​អ្នក​ស្លាប់ វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​សង្កត់​ធ្ងន់​លើ​ឃ្លា​ចុង​ក្រោយ​របស់​សាវ័ក ប៉ុល នៅ​ក្នុង​ខ​គម្ពីរ​នេះ។ នៅ​ទី​នេះ សាវ័ក ប៉ុល បញ្ជាក់​អំពី​ទំនុក​ចិត្ត​លើ​ជីវិត​អស់​កល្ប​ជានិច្ច​របស់​អ្នក​ជឿ នៅ​គ្រា​មួយ​ដែល​នឹង​មក​ដល់​ថា៖ «យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះ​អម្ចាស់​ជា​ដរាប​ទៅ»។

សាវ័ក ប៉ុល បាន​បញ្ចប់​សេចក្ដី​នៅ​ត្រង់​ចំណុច​នេះ​ដោយ​ការ​បង្គាប់​ឲ្យ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​ចាំ​បាច់​មួយ តាម​រយៈ​សេចក្ដី​បង្រៀន​នេះ។ បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​ថែស្សាឡូនីច​ដែល​បាន​បារម្ភ​អំពី​ការ​ពិត ដែល​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្លួន​បាន​ស្លាប់​ទៅ​ក្នុង​ព្រះ​អម្ចាស់​គួរ​តែ​ទទួល​បាន​ការ​លួង​លោម​ចិត្ត តាម​រយៈ​សេចក្ដី​បង្រៀន​របស់​សាវ័ក ប៉ុល។ ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​បង្ហាញ​ថា អ្នក​ស្លាប់​នៅ​ក្នុង​ទ្រង់​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ—គឺ​រស់​ឡើង​វិញ​មុន​អ្នក​មាន​ជីវិត​មាន​អភ័យ​ឯក​សិទ្ធិ​ជួប​ជុំ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រីស្ទ​បរិស័ទ​មិន​ចាំ​បាច់​សោក​សង្រេង​ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។

និពន្ធ​ដោយ៖ David Chapman
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មូល​ហេតុ១០យ៉ាង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ

តើ​ព្រះ​គម្ពីរ​ពិបាក​យល់​ពេក​សម្រាប់​អស់​អ្នក​ដែល​មិន​សូវ​ចង់​អាន​មែន​ឬ?