in

ផ្ទុយ​ពី​សាសនា​កាតូលិក​រ៉ូម៉ាំង ព្រះ​គម្ពីរ​គឺ​ជា​អំណាច​គ្រប់​គ្រាន់​សម្រាប់​យើង

ខ​គម្ពីរ​ដែល​ល្បី​នៅ​ក្នុង​សម័យ​កំណែ​ទម្រង់ (The Reformation) គឺ​កណ្ឌ​គម្ពីរ រ៉ូម ១:១៧ «ដ្បិត​សេចក្ដី​សុចរិត​នៃ​ព្រះ បាន​សម្ដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ​សារ​សេចក្ដី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្ដី​ជំនឿ​ចម្រើន​ច្រើន​ឡើង​ផង ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា “មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ”»។ នេះ​គឺ​ជា​ខ​គម្ពីរ​ដែល​លោក​គ្រូ ម៉ធិន លូសើរ (Martin Luther) បាន​វែកញែក​នៅ​សម័យ​នោះ។

លោក​គ្រូ​ដឹង​ហើយ​ថា នៅ​ឆ្នាំ​នេះ ខួប​សម័យ​កំណែ​ទម្រង់​គឺ​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​តុលា ឆ្នាំ២០២៣។ ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី​៥០៦​ឆ្នាំ ដោយ​សារ​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៥១៧។ លោក​គ្រូ លូសើរ បាន​សរសេរ​និក្ខេប​បទ៩៥ (Ninety-Five Theses) របស់​គាត់ ហើយ​ផ្ញើ​ទៅ​កាន់​លោក​មហា​សង្ឃ​នាយក (Archbishop) នៅ​សម័យ​នោះ។ ខ្ញុំ​មាន​ពីរ​សំណួរ ទាក់​ទង​នឹង​ចំណុច​ដែល​នាំ​ឲ្យ​ពួក​ក្រុង​រ៉ូម (Rome) បែក​គ្នា​ពី​ទី​ក្រុង​ហ្សឺណែវ (Geneva)។

«ជម្រាប​សួរ​លោក​គ្រូ! ថ្មីៗ​នេះ ខ្ញុំ​មាន​មិត្តភក្ដិ​ដែល​ជា​អ្នក​និកាយ​ប្រូតេស្តង់​មួយ​ចំនួន ដែល​ឥឡូវ​ពួក​គាត់​បាន​ប្ដូរ​ជំនឿ​ទៅ​ជា​និកាយ​រ៉ូម៉ាំង​កាតូលិក (Roman Catholic) ហើយ​ចំណុច​គន្លឹះ​មួយ​គឺ​ទាក់ទង​ទៅ​នឹង​សំណួរ​ដែល​ថា តើ​ព្រះ​គម្ពីរ​គឺ​ជា​អំណាច​ផ្ដាច់​ការ​នៅ​ក្នុង​ជំនឿ​របស់​យើង​មែន​ឬ? បន្ទាប់​ពី​ខ្ញុំ​បាន​ពិនិត្យ​មើល​ចំណុច​វែក​ញែក​របស់​និកាយ​រ៉ូម៉ាំង​កាតូលិក ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​លើ​ចំណុច​បញ្ចុះ​បញ្ចូល​របស់​ពួក​គាត់។ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​ព្យាយាម​វែក​ញែក​ជា​មួយ​នឹង​អ្នក​និកាយ​ប្រូតេស្តង់ នោះ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​ថា ពួក​គាត់​មិន​មាន​ចំណុច​វែក​ញែក​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់ ដែល​មាន​សភាព​ស្មើ​គ្នា​ទៅ​នឹង​ចំណុច​របស់​និកាយ​កាតូលិក​រ៉ូម៉ាំង ទាក់ទង​ទៅ​នឹង​គោល​ជំនឿ​កំណែ​ទម្រង់ «តាម​រយៈ​តែ​ព្រះ​បន្ទូល​ប៉ុណ្ណោះ» (Sola scriptura)។ សូម​លោក​គ្រូ​ជួយ​វែក​ញែក​ដោយ​បញ្ចុះ​បញ្ចូល​ឲ្យ​ខ្ញុំ​យល់ ដើម្បី​ឲ្យ​ខ្ញុំ​ពិត​ជា​ជឿ​លើ​គោល​ជំនឿ​សម័យ​កំណែ​ទម្រង់​មែន»។

ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នឹង​អាច​បញ្ចុះ​បញ្ចូល​អ្នក​សួរ​បាន​ដែរ ឬ​ក៏​អត់​ទេ។ ខ្ញុំ​គិត​ថា​មាន​អត្ថបទ​មួយ​ចំនួន​ដែល​អាច​ជួយ​បាន ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​លើក​ឡើង។ នេះ​ជា​អ្វី​ដែល​បាន​ទ្រទ្រង់​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា វា​អាច​ជា​ជំនួយ​ដល់​អ្នក​សួរ​ដែរ។ ខ្ញុំ​មាន​បី​ចំណុច ក្នុង​ការ​ឆ្លើយ​តប ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​ជួយ គឺ​ជួយ​ឲ្យ​អ្នក​សួរ​បដិសេធ​ក្នុង​ការ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​នៃ​ការ​ប្ដូរ​និកាយ​ចូល​សាសនា​កាតូលិក​រ៉ូម៉ាំង។

១) ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់

ចំណុច​នេះ​មាន​ន័យ​ថា គ្មាន​អំណាច​មនុស្ស​ណា ឬ​ក៏​ស្ថាប័ន​ណា ដែល​អាច​បម្រើ​ដោយ​កំពុង​នៅ​ជាប់​ជា​មួយ​នឹង​ព្រះ​គម្ពីរ ដោយ​មាន​អំណាច​ស្មើ​គ្នា​បាន​ទេ។ មិន​ថា​សម្តេច ប៉ាប អ្នក​ប្រឹក្សា វិជ្ជាករ បូជាចារ្យ គ្រូ​គង្វាល ឬ​ក៏​បវេណី​មនុស្ស​ណា​ម្នាក់​ទេ ទាំង​អស់​មិន​មាន​អំណាច​ស្មើ​នឹង​ព្រះ​គម្ពីរ ប្រសិន​បើ​ព្រះ​គម្ពីរ​គឺ​ពិត​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​មែន។ ហើយ​យើង​ដឹង​ហើយ​ថា ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ពិត​មែន។

លើស​ពី​នេះ​ទៅ​ទៀត គ្មាន​កន្លែង​ណា​ក្នុង​ព្រះ​គម្ពីរ ដែល​មាន​ចែង​អំពី​ការ​ផ្តល់​អំណាច​ដល់​បុគ្គល​ណា ឬ​ក៏​និកាយ​ក្រុម​ជំនុំ​ណា ដែល​មាន​លក្ខណៈ​ស្មើ​គ្នា​ទៅ​នឹង​ព្រះ​គម្ពីរ​ផ្ទាល់​នោះ​ទេ។ ព្រះ​គ្រីស្ទ​បាន​ប្រទាន​ដល់​ក្រុម​ជំនុំ​ឲ្យ​មាន​គ្រូ​គង្វាល និង​គ្រូ​បង្រៀន (អេភេសូរ ៤:១១)។ តួនាទី​របស់​ពួក​គាត់​គឺ​មិន​មែន​ប្រកាស​ការ​បើក​សម្ដែង​ថ្មីៗ ប៉ុន្តែ​គឺ​ឲ្យ​ឈរ​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​ពួក​សាវ័ក និង​ពួក​ហោរា​វិញ។ ហើយ​សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ផង​ដែរ​ថា នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៤:៣៨ ត្រង់​ថា​អំណាច​របស់​អ្នក​ដែល​កាន់​នៅ​ក្នុង​ក្រុម​ជំនុំ គឺ​ពួក​គាត់​ត្រូវ​តែ​មាន​ការ​ឆ្លើយ​តប​ជា​មួយ​នឹង​ព្រះ​បន្ទូល គឺ​មិន​មែន​ជា​មួយ​នឹង​ខ្លួន​ឯង​នោះ​ទេ។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ដំបូង​របស់​ខ្ញុំ។

២) សតិសម្បជញ្ញៈ​របស់​ខ្លួន

ការ​អនុញ្ញាត​ឲ្យ​សតិសម្បជញ្ញៈ​របស់​ខ្លួន​ចុះ​ចូល​ក្រោម​អំណាច​របស់​មនុស្ស ក្រៅ​ពី​ព្រះ​គម្ពីរ គឺ​មិន​មែន​ជា​អ្វី​ដែល​ស្រប​តាម​ព្រះ​គម្ពីរ ហើយ​ក៏​ជា​អ្វី​ដែល​មាន​ប្រាជ្ញា​ដែរ។ នេះ​គឺ​ជា​ពាក្យ​ដ៏​ល្បី​មួយ​របស់​លោក​គ្រូ ម៉ធិន លូសើរ។ ប្រាកដ​ណាស់ វា​មិន​អាច​ទៅរួច​បាន​ទេ—សូម​ព្យាយាម​យល់​ចំណុច​នេះ—វា​មិន​អាច​ទៅ​រួច​បាន​ទេ ក្នុង​ការ​មាន​ជំនឿ​ដែល​ស្រប​តាម​ព្រះ​គម្ពីរ​ក្នុង​សេចក្ដី​ពិត​ណា​មួយ​ដែល​យើង​ជឿ​ថា មិន​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ នេះ​មិន​មែន​ជា​លក្ខណៈ​នៃ​ជំនឿ​ដែល​ស្រប​តាម​ព្រះ​គម្ពីរ​ទេ។ នេះ​មិន​មែន​ជា​លក្ខណៈ​នៃ​ការ​ចុះ​ចូល​ចំពោះ​ព្រះ​ជាម្ចាស់ ដែល​ស្រប​តាម ឬ​ក៏​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ព្រះ​គម្ពីរ នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ ក្នុង​ការ​ឱន​ក្រាប​ចុះ​ចូល​ក្រោម​អំណាច​របស់​បុគ្គល​ណា​ម្នាក់​ដែល​បង្រៀន​នៅ​អ្វី​ដែល​ផ្ទុយ​គ្នា​ពី​ព្រះ​បន្ទូល។

នេះ​មាន​ន័យ​ថា ទី​កន្លែង​ចុង​ក្រោយ និង​ពិត​ប្រាកដ​នៃ​អំណាច​គឺ​មាន​តែ​នៅ​ក្នុង​ព្រះ​បន្ទូល​ប៉ុណ្ណោះ ហើយ​តុលាការ​ចុង​ក្រោយ​នៃ​ការ​កាត់​ស្រាយ​នូវ​អ្វី​ដែល​ព្រះ​បន្ទូល​បង្រៀន គឺ​មាន​តែ​តាម​រយៈ​ការ​បើក​សម្ដែង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​យើង​ដែរ។ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ថា អំណាច​នោះ​គឺ​មិន​មែន​មាន​ជា​បន្ទាប់​បន្សំ ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​នៅ​ក្រៅ​ព្រះ​គម្ពីរ និង​នៅ​ក្រៅ​សតិសម្បជញ្ញៈ​នៅ​ឡើយ។ ជំនឿ​ស៊ុប​នេះ​មាន​ឫស​គល់​តែ​នៅ​ក្នុង​លក្ខណសម្បត្តិ​នៃ​ជំនឿ​ដែល​ស្រប​តាម​ព្រះ​គម្ពីរ និង​នៅ​ក្នុង​តែ​លក្ខណ​សម្បត្តិ​នៃ​ការ​ចុះ​ចូល​ដែល​ស្រប​តាម​ព្រះ​គម្ពីរ​ប៉ុណ្ណោះ។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​មាន​អត្ថន័យ។

ការ​បង្រៀន​ថា មាន​អំណាច​មួយ​ណា​ផ្សេង​ទៀត នៅ​ក្រៅ​ព្រះ​គម្ពីរ ដែល​អាច​ចង​សតិសម្បជញ្ញៈ​របស់​មនុស្ស​យើង​ឲ្យ​ទាស់​នឹង​អ្វី​ដែល​វា​ឃើញ​នៅ​ក្នុង​ព្រះ​បន្ទូល គឺ​ជា​ការ​ទាម​ទារ​ឲ្យ​ជំនឿ និង​ការ​ចុះ​ចូល​នោះ​ក្លាយ​ជា​ទង្វើ​ដែល​មិន​មែន​ជា​ការ​យល់​ដឹង ប៉ុន្តែ​គ្រាន់​តែ​ជា​ទង្វើ​នៃ​ការ​ចុះ​ចូល​ដែល​ខ្វាក់​ចំពោះ​អំណាច​នោះ នៅ​ខាង​ក្រៅ​វិញ។ គឺ​មាន​នៅ​ក្នុង​លក្ខណៈ​នៃ​ជំនឿ​ដែល​បុគ្គល​ណា​ម្នាក់​មិន​អាច​ទទួល​ជឿ​ថា មាន​អ្វីមួយ​ស្រប​តាម​ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​គាត់​ឃើញ​ថា​វា​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​អ្វី​ដែល​គាត់​ឃើញ​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ ដោយ​ពឹង​លើ​អ្វី​ដែល​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​លើក​ឡើង​ថា​ជា​ការ​ពិត។ បុគ្គល​នោះ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ឡើយ។ នេះ​គឺ​ជា​លក្ខណៈ​នៃ​ជំនឿ។

លោក​អ្នក​មិន​អាច​ទទួល​ជឿ​ថា មាន​ចំណុច​ណា​មួយ​​ស្រប​តាម​ព្រះ​គម្ពីរ​បាន​ឡើយ ខណៈ​ពេល​ដែល​លោក​អ្នក​មិន​ឃើញ​ថា វា​ស្រប​តាម​ព្រះ​គម្ពីរ​ទាល់​តែ​សោះ មិន​ថា​មាន​នរណា​មក​ប្រាប់​ឲ្យ​លោក​អ្នក​ជឿ​យ៉ាង​ដូច្នោះ​ក៏​ដោយ។ ប្រសិន​បើ​ខ្ញុំ​ឃើញ​ថា មាន​ចំណុច​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ ប៉ុន្តែ​ចុះ​ចូល​ក្រោម​អំណាច​ដែល​បង្រៀន​នូវ​ចំណុច​ដែល​ខុស​គ្នា​ទាំង​ស្រុង​ពី​ព្រះ​គម្ពីរ នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​តែ​ក្បត់​ជំនឿ ហើយ​ក៏​កំពុង​តែ​លើក​អំណាច​នោះ​ខ្ពស់​ជាង​ព្រះ​គម្ពីរ​ដែរ។ ហើយ​នេះ​មាន​ន័យ​ថា ខ្ញុំ​ក៏​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​រួច​បាន៖ ការ​បង្ខំ​ឲ្យ​ខ្លួន​ឯង​ជឿ​ថា មាន​ចំណុច​ណា​មួយ​ស្រប​តាម​ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​ខ្ញុំ​ឃើញ​ថា​ចំណុច​នោះ​មិន​ស្រប​តាម​ព្រះ​គម្ពីរ​ឡើយ។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទី២​របស់​ខ្ញុំ។

៣) សូម​សម្រេច​ចិត្ត​ថា លោក​អ្នក​នឹង​ទៅ​ក្រុម​ជំនុំ​មួយ​ណា

នេះ​គឺ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពីព្រោះ​វា​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​ឡើយ ពោល​គឺ​ចូល​រួម​ក្រុម​ជំនុំ​មួយ​ណា​ឲ្យ​បាន​ជាក់​លាក់ និង​ជាប់​លាប់។ ក្នុង​រំពេច​នេះ ទាក់​ទង​នឹង​សំណួរ​មួយ​នេះ សូម​កុំ​គ្រាន់​តែ​ផ្ដោត​លើ​ចំណុច​នៃ​អំណាច ដោយ​មិន​ផ្ដោត​លើ​ចំណុច​នៃ​គោល​ជំនឿ​ផ្សេងៗ។

ការ​ធ្វើ​បែប​នោះ​គឺ​ហាក់​បី​ដូច​ជា​ថា អ្នក​ប្រកាន់​ភ្ជាប់​តាម​ជំនឿ​និកាយ​ប្រូតេស្តង់ ដែល​មាន​ជំនឿ​ស៊ុប​ស្រប​តាម​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​គាត់​កំពុង​តែ​ដើរ​ចូល​សេចក្ដី​ងងឹត​ដោយ​បិទ​ភ្នែក ដើម្បី​ឱប​ក្រសោប​គោល​ជំនឿ​សាសនា​កាតូលិក​រ៉ូម៉ាំង ដែល​បង្រៀន​ថា៖ ១) ការ​ជ្រមុជ​ទឹក​អាច​នាំ​ឲ្យ​មាន​ការ​កើត​ជា​ថ្មី ដែល​តាម​ពិត​ទៅ​ការ​បង្រៀន​បែប​នេះ​កំពុង​តែ​បន្ទាប​ចំណុច​សំខាន់​នៃ​ព្រះ​គម្ពីរ​ទាក់​ទង​ទៅ​នឹង​ជំនឿ​ដែល​សង្គ្រោះ ដែល​ថា​នេះ​គឺ​គ្រាន់​តែ​ជា​សញ្ញា​សម្គាល់​នៃ​ការ​កើត​ជា​ថ្មី​តែ​ប៉ុណ្ណោះ ២) គោល​ជំនឿ​នៃ​ការ​រាប់​ជា​សុចរិត​លើ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​នៅ​ក្នុង​ខ្ញុំ ដែល​មិន​មាន​មូល​ដ្ឋាន​លើ​ព្រះ​គ្រីស្ទ​មួយ​អង្គ តាម​រយៈ​ជំនឿ​តែ​មួយ​គត់ ៣) គោល​ជំនឿ​នៃ​ការ​ប្ដូរ​ធាតុ​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ និង​ការ​បង្ហូរ​ព្រះ​គុណ​តាម​រយៈ​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ ៤) គោល​ជំនឿ​នៃ​ការ​បង់​លុយ​លោះ​បាប​កម្ម​ជា​យុទ្ធ​សាស្ត្រ​នៃ​វិប្បដិសារី​ទណ្ឌកម្ម និង​ការ​អត់​ទោស​ដែល​សម្ដេច ប៉ាប ទើប​តែ​បង្រៀន​ជា​ថ្មី​ម្ដង​ទៀត ហើយ​ក៏​បាន​សង្កត់​លើ​យ៉ាង​ច្បាស់​លាស់។

យើង​បាន​គិត​ថា ការ​បង្រៀន​បែប​នោះ​លែង​មាន​ទៀត​ហើយ ប៉ុន្តែ​តាម​ពិត​ទៅ វា​នៅ​មាន​នៅ​ឡើយ​ទេ ដូច​ជា​ការ​បង្រៀន​អំពី​ការ​អភិសេក​នាង ម៉ារា ការ​អធិស្ឋាន​ទៅ​ព្រះ​មាតា ដោយ​លើក​ឋានៈ​នាង​ស្មើ​ទៅ​នឹង​ព្រះ​សង្គ្រោះ។ ការ​បង្រៀន​បែប​នេះ​បន្ទាបបន្ថោក​ចំណុច​ស្នូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ក្នុង​ជំនឿ​របស់​មនុស្ស​រាប់​លាន​នាក់។

សរុប​សេចក្ដី​ទៅ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​លោក​អ្នក​គិត​អំពី​ចំណុច​នៃ​អំណាច—ដែល​នេះ​ផ្ដោត​ទៅលើ​ព្រះ​គម្ពីរ​តែ​មួយ​គត់ ជា​ជាង​ទៅ​លើ​អំណាច​ក្រុម​ជំនុំ​និកាយ​សាសនា​រ៉ូម៉ាំង​កាតូលិក—តើ​លោក​អ្នក​ពិត​ជា​ហ៊ាន​ផ្ដោត​តែ​លើ​ចំណុច​នេះ​មែន? ក្នុង​នាម​ជា​អ្នក​ប្រកាន់​ភ្ជាប់​តាម​និកាយ​ប្រូតេស្តង់ តើ​លោក​អ្នក​ហ៊ាន​មើល​រំលង​ពិធី​បង្ហូរ​ព្រះ​គុណ​របស់​និកាយ​សាសនា​កាតូលិក ដែល​ពិធី​នោះ​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​អ្វី​ដែល​លោក​អ្នក​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​មែន​ឬ? ប្រសិន​បើ​ហ៊ាន តើ​លោក​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​បោះ​បង់​សតិសម្បជញ្ញៈ​របស់​ខ្លួន​ចោល ហើយ​និយាយ​ថា «ខ្ញុំ​មិន​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​ឃើញ​នោះ​ទេ»។

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ហុង សម្ភស, លោក ឯក សត្យា, លោក សឹម រក្សា
និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ព្រះ​វរបិតា​បង្ហាញ​ព្រះ​គុណ​ ដោយ​មាន​ការ​ស្ទាក់ស្ទើរ​មែន​ឬ?

អត្ថបទ​លេខ​១២ – ចុះ​ការ​ក្រង​សក់ និង​ការ​គ្រប​ក្បាល​របស់​ស្ត្រី​យ៉ាង​ណា​ដែរ? តើ​ប្រធាន​បទ​ស្ត្រី​ធ្វើ​ជា​គ្រូ​គង្វាល​គ្រាន់​តែ​ជា​បញ្ហា​វប្បធម៌​មែន​ទេ?