in

ហេតុ​ផល៥​យ៉ាង ​យើង​មិន​បង្កើត​សិស្ស (ភាគ២)

កាល​ពី​លើក​មុន យើង​បាន​មើល​ទៅ​កាន់​ហេតុ​ផល​ព្រះ​គម្ពីរ​ដែល​យើង​ត្រូវ​បង្កើត​សិស្ស ហើយ​បាន​សួរ​សំណួរ​ថា «ហេតុ​អ្វី​បាន​ជា​យើង​មិន​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​អម្ចាស់?» ខ្ញុំ​បាន​លើក​ឡើង​ពី​ព្រះ​គុណ​ដែល​មាន​តម្លៃ​ទាប គឺ​ជា​មូល​ហេតុ​ចម្បង​មួយ។

មូល​ហេតុ​ពីរ​បន្ថែម​ទៀត​ដែល​យើង​មិន​បង្កើត​សិស្ស

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ណែនាំ​មូល​ហេតុ​ពីរ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ការ​បង្កើត​សិស្ស​មិន​ស៊ី​ជម្រៅ។

១. ក្រុម​ជំនុំ​ព្យាយាម​បំពេញ​ចិត្ត​អ្នក​ថ្មី តែ​អ្នក​ជឿ​ចាស់​មិន​ពេញ​ចិត្ត

ទី១ ក្រុម​ជំនុំ​ព្យាយាម​បំពេញ​ចិត្ត តែ​ខុស​ចិត្ត​អ្នក​ជឿ​ចាស់។ មាន​ក្រុម​ជំនុំ​មួយ​ចំនួន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ ហើយ​អភិវឌ្ឍ​វេន​ថ្វាយ​បង្គំ ដើម្បី​ឈោង​ចាប់​អ្នក​ថ្មី។ ពួក​គេ​ចាប់​ផ្ដើម​ដំបូង​ដោយ​រចនា​ផ្នែក​ខាង​ក្រោយ​នៃ​វេន​ថ្វាយ​បង្គំ​របស់​ពួក​គេ សម្រាប់​អ្នក​ស្វែង​រក​អស់​រយៈ​ពេល ៣០ឆ្នាំ​កន្លង​ទៅ​ហើយ។

មួយ​រយៈ​ក្រោយ​មក គ្រូ​មួយ​ចំនួន​របស់​ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ថា ការ​ធ្វើ​បែប​នោះ​មិន​មាន​ប្រសិទ្ធភាព​ទេ ជា​ពិសេស​ប្រសិនបើ​ចង់​ឲ្យ​អ្នក​មក​ចូល​រួម​កម្ម​វិធី​លូត​លាស់​ក្នុង​ភាព​ជា​សិស្ស។ (ម៉ាថាយ ២៨:១៩) ។ សេចក្ដី​សន្និដ្ឋាន​របស់​ពួក​គេ​នោះ​គឺ​ថា ពួក​គេ​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ពីរ​វេន​ថ្វាយ​បង្គំ​ដែល​បំពេញ​តាម​ចិត្ត​អ្នក​ថ្វាយ​បង្គំ ទៅ​កាន់​វេន​ថ្វាយ​បង្គំ​ដែល​ផ្ដោត​លើ​ការ​ជួយ​ឲ្យ​អ្នក​ជឿ​ចម្រើន​ឡើង​នៅ​ក្នុង​ជំនឿ​របស់​អ្នក​ចូល​រួម៖ ចាប់​តាំង​ពី​អ្នក​ជឿ​ថ្មី រហូត​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ចាស់។

អ្វី​ដែល​ក្រុម​ជំនុំ​មួយ​បាន​ដឹង​នោះ​គឺ (ការ​ដ៏​ពិបាក) យើង​មិន​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ឡើយ។ ប្រសិន​បើ​អ្វី​ដែល​យើង​ផ្ដោត​ធ្វើ​យ៉ាង​ណា ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ថ្មី នោះ​យើង​នឹង​មិន​រីក​ចម្រើន​ក្នុង​ការ​បង្កើត​សិស្ស​ឡើយ។ របប​អាហារ​របស់​ក្រុម​ជំនុំ​របស់​យើង​នឹង​នៅ​តែ​ជា​ទឹក​ដោះ ហើយ​ការ​រីក​ចម្រើន​ឡើង​របស់​យើង​នឹង​នៅ​ជាប់​ទ្រឹង ដោយ​សារ​យើង​ទទួល​ទាន​តែ​អាហារ​ទន់ៗ។

អ្នក​សរសេរ​កណ្ឌ​គម្ពីរ ហេព្រើរ ស្ដី​បន្ទោស​អ្នក​ជឿ​ដែល​មិន​ចម្រើន​លូត​លាស់​ឡើង​លើស​ហួស​ការ​យល់​ដឹង​ពី​ខ្លឹម​សារ​បឋម​សិក្សា​នៃ​សេចក្ដី​ពិត​របស់​ព្រះ​បន្ទូល» ថា៖

«…គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បឋម​សិក្សា នៃ​ព្រះ​បន្ទូល​ម្ដង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ។ ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះបន្ទូល​នៃ​សេចក្ដី​សុចរិត​ទេ ពី​ព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ។ ឯ​អាហារ​រឹង នោះ​សម្រាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រីយ៍ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ (ហេព្រើរ ៥:១២-១៤)»។

ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់ ខ្ញុំ​មិន​មែន​កំពុង​តែ​និយាយ​ថា មិន​មាន​វេន​ថ្វាយ​បង្គំ​ណា​មួយ​ដែល​យើង​មិន​និយាយ​ទៅ​កាន់​អ្នក​ខាង​ក្រៅ​សោះ​នោះ​ទេ។ ឧទាហរណ៍ វេន​ថ្វាយ​បង្គំ​ពិសេស​ជា​ដើម។ ប៉ុន្តែ​បើ​សិន​វា​ជា​របៀប​របប​ជា​ប្រចាំ​សប្ដាហ៍​របស់​យើង នោះ​គ្រីស្ទ​បរិស័ទ​នឹង​មិន​បាន​ឮ​សេចក្ដី​ស៊ី​ជម្រៅ​ជាង​នោះ​ពី​ព្រះ​បាន​ឡើយ ការ​បង្កើត​សិស្ស​របស់​ពួក​គេ​នឹង​នៅ​រាក់​កំភែល ហើយ​ជា​លទ្ធ​ផល​ពួក​គេ​មិន​មាន​សមត្ថ​ភាព​បង្កើត​សិស្ស​ជា​មួយ​នឹង​អ្នក​ផ្សេង​ទៀត​ឡើយ។

យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទៅ​ផ្ដោត​វេន​ថ្វាយ​បង្គំ​ចំពោះ​អ្នក​ចាស់ ក្រែង​ថា​ក្រុម​ជំនុំ​របស់​យើង​នឹង​មិន​និយាយ​ទៅ​កាន់​អ្នក​មិន​ទាន់​ជឿ​នោះ​ឡើយ។ លើស​ពី​នោះ​ទៅ​ទៀត យើង​នឹង​នៅ​តែ​និយាយ​ទៅ​កាន់​ពួក​គេ​ថា ចូរ​ប្រកាស​ដំណឹង​ល្អ។ ដំណឹង​ល្អ​ដែល​នឹង​ទ្រទ្រង់ និង​ចម្រើន​អ្នក​ជឿ​ឡើង គឺ​ជា​ដំណឹង​ល្អ​តែ១ ដែល​យើង​បាន​ជឿ​តាំង​ពី​ដំបូង​មក។

ជា​លទ្ធ​ផល វា​ជា​អត្ថប្រយោជន៍​សម្រាប់​ទាំង​អ្នក​ជឿ និង​អ្នក​មិន​ទាន់​ជឿ​ដូច​គ្នា យើង​គួរ​តែ​អធិប្បាយ​ពី​ដំណឹង​ល្អ​គ្រប់​វេន​ថ្វាយ​បង្គំ ជា​រៀង​រាល់​សប្ដាហ៍ ស្រប​តាម​ព្រះ​បន្ទូល។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ទាំង​ស្រុង ដើម្បី​ធ្វើ​បន្ទាល់​អំពី​អង្គ​ទ្រង់ (យ៉ូហាន ៥:៣៩) ។ ហេតុ​ដូច្នេះ​ហើយ ទោះ​បី​យើង​ត្រូវ​រុក​រក​នៅ​កណ្ឌ​គម្ពីរ​ដូច​ជា​លេវីវិន័យ​ក្ដី ចូរ​ឲ្យ​យើង​ផ្ដោត​លើ​ការ​អធិប្បាយ​ដូច​ព្រះ​អង្គ​បាន​ធ្វើ៖ ដ្បិត​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​ប្រោស​លោះ​ដែល​មាន​នៅ​ក្នុង​ព្រះ​អង្គ។

ជា​ការ​ពិត​ណាស់ បើ​សិន​ជា​យើង​ព្យាយាម​ផ្ដោត​ទៅ​លើ​តែ​អ្នក​ថ្មី នោះ​ក៏​នឹង​មិន​ឲ្យ​យើង​មាន​ឱកាស​ល្អ​ក្នុង​ការ​ប្រកាស​ពី​កណ្ឌ​គម្ពីរ​លេវីវិន័យ​ដែរ ឬ​ផ្នែក​ដទៃៗ​ទៀត​នៃ​បទ​គម្ពីរ​ដែល​យើង​យល់​ថា អាច​នឹង​ប៉ះ​ពាល់​ដល់​ត្រចៀក​របស់​អ្នក​ថ្មី។ នេះ​គឺ​មិន​ល្អ​ទេ ដូច​នៅ​កណ្ឌ​គម្ពីរ ២ធីម៉ូថេ ៣:១៦-១៧ រំឭក​យើង​ថា៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​តម្រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សម្រាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។

ម្យ៉ាង​ទៀត យើង​ចាំ​បាច់​ត្រូវ​ការ​គ្រប់​ទាំង​បទ​គម្ពីរ ដើម្បី​បង្កើត​សិស្ស។ បើ​សិន​ជា​យើង​ធ្វេស​ប្រហែស​ជា​មួយ​នឹង​ផ្នែក​ណា​មួយ​នោះ ដោយ​ព្រោះ​តែ​យើង​បារម្ភ ខ្លាច​យើង​ទៅ​ឆ្ងាយ​ចោល​អ្នក​មិន​ទាន់​ជឿ នោះ​គុណ​ភាព​នៃ​ការ​បង្កើត​សិស្ស​របស់​យើង​នឹង​សឹក​រេច​រឹល​ជា​មិន​ខាន។

២. ក្រុម​ជំនុំ​របស់​យើង​នៅ​មិន​ទាន់​ផ្លាស់​ប្រែ

ទី២ ក្រុម​ជំនុំ​របស់​យើង​នៅ​មិន​ទាន់​ផ្លាស់​ប្រែ។ ដែល​នោះ​គឺ​ថា មាន​អ្នក​ជឿ​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង ហេតុ​នេះ​ហើយ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​សិស្ស​ជា​មួយ​គ្នា​បាន។ មិន​បាច់​ឆ្ងល់​ទេ មូល​ហេតុ​សម្រាប់​រឿង​នេះ​គឺ​វា​ស្មុគ​ស្មាញ​ណាស់ ប៉ុន្តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​ពីរ​ចំណុច។

ទី​មួយ៖ កាល​ពី​ជំនាន់​ដើម ការ​ទទួល​ស្គាល់​ថា​ជា​ផ្នែក​មួយ​នៃ​ព្រះ​កាយ​របស់​ព្រះ​គ្រីស្ទ មាន​ន័យ​ថា យើង​ជា​គ្រីស្ទ​បរិស័ទ។ នោះ​ហើយ​ជា​ការ​សន្មត​របស់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។

ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មាន​ក្រុម​ជំនុំ​ជា​ច្រើន សូម្បី​តែ​នៅ​ក្រុម​ជំនុំ​ខាង​និកាយ​ដំណឹង​ល្អ​ធំៗ​ជា​ច្រើន​ក្ដី លោក​អ្នក​អាច​ក្លាយ​ជា​សមាជិក​របស់​គេ​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​គូស​សញ្ញា​គ្រីស​នៅ​លើ​សំបុត្រ​ស្វាគមន៍​អ្នក​ថ្មី។ មាន​តិច​តួច ឬ​សឹង​តែ​គ្មាន​ការ​ព្យាយាម​សោះ​ក្នុង​ការ​ពិនិត្យ​មើល​ថា បុគ្គល​ម្នាក់​នោះ​ពិត​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ពិត​ប្រាកដ​មែន ឬ​ក៏​អត់ ជា​ពិសេស​ដំណើរ​ខាង​ឯ​វិញ្ញាណ។ តើ​យើង​អាច​រំពឹង​លើ​មនុស្ស​ដែល​មិន​មែន​ទាំង​ជា​សិស្ស​ខ្លួន​ឯង​ផង ឲ្យ​លត់​ដំ​អ្នក​ដ៏​ទៃ​ទៀត​បាន​យ៉ាង​ដូច​ម្ដេច?

ទី២៖ ការ​អនុវត្ត​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​​ត្រូវ​បាន​បាត់​បង់។

នេះ​គឺ​ជា​ស្តង់ដារ​ទំនៀម​ទម្លាប់​នៃ​ក្រុម​ជំនុំ​ក្នុង​សញ្ញា​ថ្មី ឬ​យ៉ាង​ហោច​ណាស់​ក្រុម​ជំនុំ​ដែល​ស្ដាប់​បង្គាប់​ក្នុង​សញ្ញា​ថ្មី។ ឧទាហរណ៍៖ នៅ​កណ្ឌ​គម្ពីរ ១កូរិនថូស ជំពូក​៥ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា ចូរ​ឲ្យ​ដក​អ្នក​ប្រព្រឹត្ត​បាប​ដែល​មិន​កែ​ប្រែ​ចិត្ត​គំនិត​ចេញ​ពី​សមាជិក​ក្រុម​ជំនុំ។

ការ​បរា​ជ័យ​ក្នុង​ការ​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​សាវ័ក ប៉ុល បណ្ដាល​ឲ្យ​យើង​ស្លាប់​ខាង​ឯ​វិញ្ញាណ។ វា​បង្ហាញ​ផល​នៅ​ក្នុង​អស់​អ្នក​ដែល​មិន​មែន​ជា​សិស្ស​ដ៏​ពិត។ ជា​ការ​ពិត ពួក​គេ​នឹង​បង្ហាញ​នូវ​ភាព​សកម្ម​ក្នុង​ការ​បដិសេធ​ព្រះ​គ្រីស្ទ ដោយ​មិន​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ព្រម​ទាំង​ដំណឹង​ល្អ​ទ្រង់។ ជា​ថ្មី​ម្ដង​ទៀត យើង​មិន​អាច​រំពឹង​លើ​មនុស្ស​ដែល​មិន​មែន​ទាំង​ជា​សិស្ស​ខ្លួន​ឯង​ផង ឲ្យ​លត់ដំ​អ្នក​ដទៃ​ទៀត​បាន​ឡើយ។

ហេតុ​អ្វី​បាន​ជា​យើង​ធ្វេស​ប្រហែស​នឹង​កិច្ច​ការ​ទាំង​ពីរ​នេះ?

ខ្ញុំ​គិត​ថា​មាន​មូល​ហេតុ​មួយ​ចំនួន តែ​មួយ​ដែល​​ចម្បង​ជាង​គេ​ក្នុង​ចំណោម​នោះ​គឺ៖ បរិមាណ​បាន​ក្លាយ​ជា​អ្វី​មួយ​ដែល​សំខាន់​សម្រាប់​យើង ដែល​យើង​អាច​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​បង្កើន​វា​ឡើង។ យើង​ប្ដេជ្ញា​ក្នុង​ការ​នាំ​មនុស្ស​ឲ្យ​ចូល​មក ហើយ​ឲ្យ​ពួក​គេ​បាន​នៅ​យ៉ាង​ខ្លាំង។ យើង​បាន​បន្ទាប​តម្លៃ​ដោយ​សង្ឃឹម​ថា នឹង​មាន​មនុស្ស​ច្រើន​នឹង​ទិញ។

តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ជៀស​វាង​អនុវត្តន៍​ភាព​ជា​សមាជិក និង​ការ​ដាក់​វិន័យ​នៅ​ក្នុង​ក្រុម​ជំនុំ? យើង​ទទួល​បាន​វប្បធម៌​ក្រុម​ជំនុំ​ដែល​បាត់​បង់​ចរិត​លក្ខណៈ​នៃ​ភាព​ជា​គ្រីស្ទ​បរិស័ទ បាត់​បង់​ជាតិ​ប្រៃ ​និង​ពន្លឺ​របស់​គេ​យ៉ាង​ខ្លាំង។ យើង​មិន​អាច​បង្កើត​វប្ប​ធម៌​បង្កើត​សិស្ស​បាន​ឡើយ ដោយ​សារ​សមាជិក​ក្រុម​ជំនុំ​របស់​យើង​មិន​មែន​ទាំង​ជា​សិស្ស​ខ្លួន​គេ​ផង​នោះ។ ហើយ​ឥទ្ធិ​ពល​របស់​អស់​សមាជិក​ក្រុម​ជំនុំ​ដែល​មិន​មាន​ការ​ដាក់​វិន័យ​លើ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដ៏​ពិត​ប្រាកដ​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ។

អាច​និយាយ​មួយ​បែប​ទៀត​ថា (របត់​នៃ​ការ​និយាយ​របស់​លោកគ្រូ ម៉ាក ឌិវើរ) កាល​ពី​មុន​ធ្លាប់​តែ​ទ្វារ​ខាង​មុខ​របស់​ក្រុម​ជំនុំ​ត្រូវ​បាន​ការ​ពារ​យ៉ាង​តឹង​រ៉ឹង ខណៈ​ដែល​ទ្វារ​ខាង​ក្រោយ​បើក​ចំហ​យ៉ាង​ធំ​ទូលាយ។ នោះ​គឺ​ជា​ក្រុម​ជំនុំ​ដែល​មាន​ការ​ពិនិត្យ​ពិច័យ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​រួម ហើយ​ពួក​គេ​លត់​ដំ​តឹង​រ៉ឹង​ដល់​អស់​អ្នក​ដែល​រស់​នៅ​ផ្ទុយ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សេចក្ដី​ជំនឿ។ យ៉ាង​ណា​មិញ សព្វ​ថ្ងៃ​នេះ​យើង​បើក​ទ្វារ​ខាង​មុខ​ចំហ​ធំ​ទូ​លាយ យោល​ទៅ​យោល​មក ហើយ​រារាំង​ទ្វារ​ខាង​ក្រោយ​យ៉ាង​ចង្អៀត​ដោយ​បារម្ភ​ខ្លាច​គេ​ចេញ​ទៅ​វិញ។

បើ​សិន​ជា​នេះ​ជា​ផ្នត់​គំនិត​របស់​យើង​ទាំង​អស់​គ្នា នោះ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ យើង​នឹង​ឃើញ​តែ​​ក្រុម​ជំនុំ​ដែល​មិន​បង្កើត​សិស្ស​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ។

លើក​ក្រោយ ខ្ញុំ​នឹង​និយាយ​ពី​ហេតុ​ផល​ទី៤ ដែល​យើង​មិន​បង្កើត​សិស្ស។

សូម​ចុច​នៅ​ត្រង់​នេះ​សម្រាប់​ភាគទី១ភាគទី៣, ​ភាគទី៤ ​នៃ​មេរៀន។

និពន្ធ​ដោយ៖ Barry Cooper
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​គម្ពីរ​គឺ​មាន​ភាព​ច្បាស់​លាស់​ចំពោះ​អ្នក​ដែល​ស្ដាប់​បង្គាប់៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​ ផ្នែក​ទី៤

តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?