in

សូម​បដិសេធ​សេចក្ដី​បង្រៀន​ខុស​ឆ្គង

ចូរ​យើង​នៅ​ឲ្យ​ជាប់​ជា​មួយ​នឹង​ព្រះ​អង្គ ពីព្រោះ​បើ​មិន​ដូច្នោះ​ទេ នោះ​យើង​នឹង​បែក​ឆ្វេង ដោយ​ទទួល​យក​សេចក្តី​បង្រៀន​ខុស​ឆ្គង​ជា​មិន​ខាន។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​មើល​ជា​មួយ​គ្នា​អំពី​មូល​ហេតុ​មួយ​ចំនួន​ដែល​យើង​គួរ​បដិសេធ​គ្រូ​ខុស​ឆ្គង។

«ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ…គេ​មិន​កាន់​ជាប់​តាម​សិរ​សា​ទេ ដែល​ដោយ​សារ​សិរ​សា​នោះ រូប​កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយ​សារ​សន្លាក់ នឹង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្ដី​ចំរើន​របស់​ព្រះ» (កូឡូស ២:១៦, ១៩)។

ត្រង់​នេះ យើង​អាច​និយាយ​បាន​ថា «និន្ទា» ស្មើ​នឹង​ពាក្យ «បញ្ឆោត» មាន​ទម្ងន់​ស្មើ​គ្នា​ទាក់​ទង​ទៅ​នឹង​ការ​ព្រមាន។

ក្បាល​គឺ​ជា​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​នៅ​ក្នុង​សេរី​រាង​កាយ​របស់​យើង។ មូល​ហេតុ​ដែល​គ្រូ​ខុស​ឆ្គង​បាន​បែក​ឆ្វេង​គឺ​ដោយ​សារ​ពួក​គាត់ «មិន​កាន់​ជាប់​តាម​សិរសា» ដូច​នៅ​ក្នុង ខ១៩ បាន​ប្រាប់​យើង។ សាវ័ក ប៉ុល បាន​ប្រាប់​យើង​ពីរ​ដង​ថា ១. «កុំ​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា» ២. «កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា» (ខ១៨)។ ហើយ​នេះ​ជា​អ្វី​ដែល​យើង​នឹង​ពិនិត្យ​មើល​ជា​មួយ​គ្នា ក្នុង​ពេល​វេលា​ដ៏​ខ្លី​ដែល​យើង​នៅ​សល់​ខាង​មុខ​នេះ។

១. «កុំ​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា» (ខ១៦)

សាវ័ក ប៉ុល មិន​បាន​ប្រាប់​យើង​ច្បាស់​ថា «អ្នក​ណា» ត្រង់​នេះ សំដៅ​ទៅ​លើ​អ្នក​ណា​ដ៏​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​យើង​អាច​សន្មត​ថា សំដៅ​ទៅ​លើ​សេចក្តី​បង្រៀន​បន្ថែម​ទៀត ទៅ​លើ​ក្រឹត្យវិន័យ​របស់​ពួក​សាសន៍​យូដា៖ 

យើង​អាច​សង្ខេប​បម្រាម​អំពី «ចំណី​អាហារ គ្រឿង​ផឹក រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សម្រាក» ថា ទាក់​ទង​ទៅ​នឹង​ក្រឹត្យ​វិន័យ​និយម។ ភាគ​ច្រើន គ្រូ​ខុស​ឆ្គង​តែង​តែ​មាន​វិន័យ​ដែល​អ្នក​ដើរ​តាម​ពួក​គាត់​ត្រូវ​តែ​ធ្វើ​តាម ហើយ​នៅ​ពេល​នេះ យើង​នឹង​មើល​ជា​មួយ​គ្នា​អំពី​ក្រឹត្យ​វិន័យ​មួយ​ចំនួន ដែល​គ្រូ​ខុស​ឆ្គង​នៅ​សម័យ​ក្រុម​ជំនុំ​កូឡូស​បាន​ព្យាយាម​ឲ្យ​ក្រុម​ជំនុំ​ត្រាស់​តាម៖

ក. «ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក»

យើង​មិន​ដឹង​ប្រាកដ​ថា គ្រូ​ខុស​ឆ្គង​ទាំង​នេះ​បាន​ហាម​ប្រាម​ពួក​គាត់​មិន​ឲ្យ​បរិភោគ ឬ​ក៏​ផឹក​អ្វី​ជាក់​លាក់​នោះ​ទេ។ «ចំណី​អាហារ» ត្រង់​នេះ​អាច​សំដៅ​ទៅ​លើ «សត្វ» ដែល​សាសន៍​អ៊‌ីស្រាអែល​អាច​បរិភោគ​បាន ឬ​ក៏​មិន​បាន​នៅ​ក្នុង (លេវីវិន័យ ១១:១-២៣)។ បើ​យើង​គ្រាន់​តែ​ពិនិត្យ​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ លេវីវិន័យ ជំពូក១១ នោះ​យើង​នឹង​ឃើញ​ថា នោះ​យើង​នឹង​ឃើញ​ថា​មាន៖

សត្វ​មិន​ស្អាត​នៅ​លើ​គោក (លេវីវិន័យ ១១:៤-៨)
«សត្វ​ដែល​ទំពា​អៀង និង​ពួក​សត្វ​ដែល​មាន​ក្រចក​ឆែក» ដែល​មាន​ដូច​ជា៖ សត្វ​អូដ្ឋ សត្វ​ទន្សាយ ជ្រូក

សត្វ​មិន​ស្អាត​នៅ​ក្នុង​សមុទ្រ (លេវីវិន័យ ១១:១០-១២)
«សត្វ​ណា​ដែល​ឥត​មាន​ព្រុយ និង​ស្រកា» ដែល​មាន​ដូច​ជា៖ បង្គា ក្តាម បង្កង។

សត្វ​ស្លាប​ដែល​មិន​ស្អាត (លេវីវិន័យ ១១:១៣-១៩)
ឥន្ទ្រី សត្វ​ត្មាត ខ្លែង សត្វ​ទីទុយ ។ល។

សត្វ​ល្អិត​ដែល​មិន​ស្អាត​ជា (លេវីវិន័យ ១១:២០-២៣)
«សត្វ​ស្លាប​មាន​ជើង​ដែល​វារ​តោង​បាន [លើក​លែង] តែ​សត្វ​ណា​ដែល​មាន​ជើង​សម្រាប់​ផ្ទាត់​នៅ​ដី» ដែល​មាន​ដូច​ជា៖ កណ្តូប ចង្រិត។

យើង​ដឹង​ហើយ​ថា​នៅ​ក្នុង​កណ្ឌ​គម្ពីរ ដានីយ៉ែល ១:៣-១៦; ១០:៣ ការ​បរិភោគ ឬ​ក៏​មិន​បរិភោគ​អាហារ​ណា​មួយ​គឺ​ជា​ចំណុច​មូល​ដ្ឋាន​នៃ​ការ​បង្ហាញ​មួយ​ថា បុគ្គល​ម្នាក់​នោះ​មាន​ភាព​ស្មោះ​ត្រង់ ឬ​ក៏​ភក្ដីភាព​ចំពោះ​ប្រទេស​ជាតិ​របស់​ខ្លួន ឬ​ក៏​អត់។ សាសន៍​អ៊‌ីស្រាអែល​ក៏​ថែម​ទាំង​មាន​ច្បាប់​ទំនៀម​ទម្លាប់​នៃ​ការ​ធ្វើ​ម្ហូប ជា​ពិសេស​ទាក់​ទង​នឹង​ការ​បង្ហូរ​ឈាម​សត្វ​នៅ​ពេល​ដែល​សម្លាប់​វា។

ប៉ុន្តែ យើង​ដឹង​ហើយ​ថា​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១០:១៤ ក្នុង​សុបិន្ដ​របស់​សាវ័ក ពេត្រុស គឺ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​ថា​គ្រប់​សត្វ​ទាំង​អស់​ឥឡូវ​អាច​បរិភោគ​បាន។ ដំណឹង​ល្អ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា។

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​គឺថា ប្រសិនបើ​យើង​និយាយ​អំពី​អ្នក​ដែល​ប្រកាន់​ភ្ជាប់​តាម​ក្រឹត្យ​វិន័យ​និយម គ្មាន​អ្នក​ណា​ប្រសើរ​ជាង​សាវ័ក ប៉ុល ទេ។ កណ្ឌ​គម្ពីរ ភីលីព ៣:៤-៧ បាន​ចែង​ថា៖

«ប៉ុន្តែ ខ្ញុំ​មាន​កន្លែង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​បាន​ដែរ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​អ្នក​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រិត្យ​វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រិត្យ​វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ»។

នៅ​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ យើង​ដឹង​ថា គាត់​បាន​បៀតបៀន​ក្រុម​ជំនុំ ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ជំពូក៩ ព្រះ​យេស៊ូវ​បាន​សង្គ្រោះ​គាត់។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​គាត់​រាប់ «សេចក្ដី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ​គ្រីស្ទ» (ភីលីព ៣:៧)។

ចំណុច​អនុវត្ត

«ចូរ​ទទួល​អ្នក​ណា ដែល​ខ្សោយ​ខាង​ឯ​សេចក្ដី​ជំនឿ​ដែរ មិន​មែន​ឲ្យ​បាន​ជជែក​គ្នា​ពី​សេចក្ដី​ប្រកាន់​ផ្សេងៗ​ឡើយ ដ្បិត​ម្នាក់​ជឿ​ថា បរិភោគ​បាន​គ្រប់​មុខ​ទាំង​អស់ ម្នាក់​ទៀត ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ទេ កុំ​ឲ្យ​អ្នក​ដែល​បរិភោគ មើល​ងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា [នេះ​ជា​ពាក្យ​ដូច​គ្នា] ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ​ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បម្រើ​របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្ដី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន» (រ៉ូម ១៤:១-៤)។

«…អ្នក​ណា​ដែល​បរិភោគ នោះ​បរិភោគ ដោយ​គោរព​ដល់​ព្រះ​អម្ចាស់ ដ្បិត​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិភោគ នោះ​គឺ​មិន​បរិភោគ ដោយ​គោរព​ដល់​ព្រះ​អម្ចាស់​ដែរ ក៏​អរ​ព្រះ​គុណ​ដល់​ព្រះ​ដូច​គ្នា» (រ៉ូម ១៤:៦។ នៅ​ទី​បំផុត ១កូរិនថូស ១០:៣១ បាន​ប្រាប់​យើង​ថា «ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សម្រាប់​ចម្រើន​សិរី​ល្អ​ដល់​ព្រះ​ចុះ»។

ហើយ​ទាក់​ទង​ទៅ​នឹង​ចំណុច​បន្ទាប់​សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា៖

«អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​ប្រកាន់​ដោយ​គោរព​ដល់​ព្រះ​អម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះ​អម្ចាស់​ដែរ…» (រ៉ូម ១៤:៦)។

ខ. «ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សម្រាក»

យើង​ដឹង​ហើយ​ថា ទាក់​ទង​ទៅ​នឹង «ថ្ងៃ​បុណ្យ» គ្រប់​សង្គម​សុទ្ធ​តែ​មាន។ ហើយ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ពាក្យ «ថ្ងៃ​បុណ្យ» ក៏​អាច​សំដៅ​ទៅ​លើ​ថ្ងៃ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ផង​ដែរ។ ហើយ​ទាក់​ទង​នឹង «ថ្ងៃ​ចូល​ខែ» ក៏​ជា​អ្វី​ដែល​សង្គម​នៅ​សម័យ​បុរាណ​តែង​តែ​ធ្វើ ត្រង់​នេះ​ប្រហែល​ជា​កំពុង​តែ​សំដៅ​ទៅ​លើ​សេចក្តី​ខុស​ឆ្គង​របស់​សាសន៍​យូដា ហើយ«ថ្ងៃ​ឈប់​សម្រាក» គឺ​ជា​ថ្ងៃ​ឈប់​មួយ​ទៀត​របស់​សាសន៍​យូដា ដែល​ញែក​ពួក​គាត់​ចេញ​ពី​សាសន៍​ដទៃ។ វា​គឺ​ជា​អត្តសញ្ញាណ​របស់​សាសន៍​យូដា ដែល​បញ្ជាក់​ថា ពួក​គាត់​ស្ថិត​នៅ​ក្រោម​ការ​តាំង​សេចក្តី​សញ្ញា​របស់​ព្រះ​ជាម្ចាស់។

ជា​ទូទៅ «ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សម្រាក» សាសន៍​យូដា​បាន​ប្រើ​ប្រាស់​សម្រាប់​បុណ្យ​របស់​ពួក​គេ។ សរុប​សេចក្តី​ទៅ យើង​មិន​គួរ «និន្ទា» ឬ​ក៏​មើល​ងាយ​អ្នក​ផ្សេង «ពីព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ផង​ព្រះ​គ្រីស្ទ» (រ៉ូម ១៤:១០) ទាក់​ទង​នឹង​អ្វី​ដែល​យើង​ប្រព្រឹត្ត។

បម្រាម​ទី២ គឺ​ទាក់​ទង​ទៅ​នឹង​រឿង​អបិយ​ជំនឿ ឬ​ក៏​រឿង​អាថ៌កំបាំង​នៃ​អធិធម្មជាតិ ដែល​គ្រូ​ខុស​ឆ្គង​នោះ​កំពុង​តែ​អះអាង​ថា​គាត់​បាន​ទទួល​ការ​បើក​សម្ដែង។

២. «កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា» (ខ១៨)

«បញ្ឆោត​យក​រង្វាន់» គឺ​ជា​កិរិយាសព្ទ​មួយ​ដែល​គេ​តែង​តែ​ប្រើ​ប្រាស់ ដើម្បី​រៀប​រាប់​អំពី​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ទី​លាន​ប្រកួត (កូឡូស ២:៨; ១កុរិនថូស ៩:២៤-២៧ និង ភីលីព ៣:១៤)។

ក្នុង​ឃ្លា «តាម​តែ​ចិត្ត​ឡើយ» គឺ​សំដៅ​ទៅ​លើ «អ្នក​ណា» នៅ​ក្នុង​ខ១៦ និង​ខ១៩​នេះ សំដៅ​ទៅ​លើ​គ្រូ​ខុស​ឆ្គង ដែល​ពួក​គាត់​តែង​តែ​ថា របៀប ឬ​ក៏​ផ្លូវ​របស់​ពួក​គាត់​គឺ​ជា​អ្វី​ដែល​ល្អ​ប្រសើរ​ជាង។

តើ​ពួក​គាត់​នឹង​បញ្ឆោត​យក​រង្វាន់​អ្វី និង​ដោយ​របៀប​ណា?

រង្វាន់​ដែល​គ្រូ​ខុស​ឆ្គង​នឹង​បោក​យក​គឺ​ចំណែក​កេរ្តិ៍​អាករ «ព្រម​ទាំង​អរ​ព្រះ​គុណ ដល់​ព្រះ​វរ​បិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ នឹង​ទទួល​ចំណែក​កេរ្តិ៍​អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង» (កូឡូស ១:១២)។

ក. «ដោយ​ប្រព្រឹត្ត​បែប​សុភាព»

ឃ្លា «ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព» អាច​មាន​អត្ថ​ន័យ​ថា​ជា​ការ «បញ្ឈឺ​ចិត្ត​ខ្លួន» ឬ​ក៏​ថា បើ​ឲ្យ​កាន់​តែ​ជាក់​លាក់​ជាង​នោះ​ឃ្លា​នេះ​គឺ​កំពុង​សំដៅ​ទៅ​លើ «ការ​តម» (ទំនុកតម្កើង ៣៥:១៣; អេសាយ ៥៨:៣, ៥; ទំនុកតម្កើង ៦៩:១០) ដែល​នេះ​ទំនង​ជា​អ្វី​ដែល​សាវ័ក ប៉ុល ចង់​មាន​អត្ថ​ន័យ​លើ ពីព្រោះ​យើង​ដឹង​ហើយ​ថា ភាគ​ច្រើន​គ្រូ​ខុស​ឆ្គង​ក៏​តែង​តែ​មាន​ច្បាប់​នៃ​ការ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ ឬ​ក៏​បរិភោគ​នេះ ឬ​ក៏​បរិភោគ​នោះ។ ហើយ​បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ​ការ «ប្រព្រឹត្ត​បែប​សុភាព» នេះ​សំដៅ​លើ​ការ​បន្ទាប​ខ្លួន​ក្លែងក្លាយ ពួក​គាត់​អួត​អំពី​ការ​តម ឬ​អ្វី​ដែល​ខ្លួន​ធ្វើ និង​មិន​ធ្វើ។

ឧទាហរណ៍៖ មិន​ទៅ​ពេទ្យ​ពេល​ឈឺ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​មិន​បាន​ប្រាប់​អ្នក​ដែល​តាម​ពួក​គាត់​នោះ​គឺ​ថា គាត់​បាន​ហៅ​ពេទ្យ​មក​ផ្ទះ​គាត់​ផ្ទាល់។ ឬ​ក៏​ថា កុំ​ឲ្យ​ទៅ​ទិញ​ថ្នាំ​លេប ប៉ុន្តែ​គាត់​ឲ្យ​អ្នក​ដទៃ​ទិញ​ជំនួស​គាត់​វិញ ពេល​ដែល​គាត់​ឈឺ។

ចំណុច​ទី២ ដែល​យើង​មិន​ត្រូវ​ចាញ់​បោក​ពួក​គាត់​គឺ​ដោយ​សារ​ពួក​គាត់៖

ខ. «ថ្វាយ​បង្គំ​ពួក​ទេវ​តា»

ចំណុច​មួយ​នេះ​រៀង​ពិបាក​ពន្យល់​បន្តិច ពីព្រោះ​នៅ​ក្នុង​សាសនា​យូដា ព្រះ​អង្គ​បាន​ហាម​មិន​ឲ្យ​ថ្វាយ​បង្គំ​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្កើត​មក​នោះ​ទេ ដូច​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៤:១៩។ ប៉ុន្តែ វា​ជា​ផ្នត់​គំនិត​មួយ​ដែល​មិន​ថា សាសន៍​យូដា ឬ​ក៏​ក្រុម​ជំនុំ​កូឡូស ឬ​ក៏​បង​ប្អូន​ហើយ​និង​ខ្ញុំ គឺ​យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ធ្លាប់​គិត​ចង់ ហើយ​ក៏​បាន​បួង​សួង​ឲ្យ​ទេវតា​ថែ​រក្សា​យើង​ផង​ដែរ។ 

ពេល​ខ្ញុំ​អង្គុយ​លេង​ជា​មួយ​នឹង​អ្នក​ជិត​ខាង​ខ្ញុំ អ្វី​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​គឺ​ថា ពួក​គាត់​តែង​តែ​ច្រូច​ក្រេប​ដំបូង ហើយ​និយាយ​ថា «សេពសោយ កុំ​ប្រកែ​ប្រកាន់​កូន​ចៅ​អី​ណា ជួយ​មើល​ថែ​កូន​ចៅ​ផង»។ បើ​យើង​គ្រាន់​តែ​មើល​ត្រួសៗ​នៅ​ក្នុង​ព្រះ​គម្ពីរ នោះ​យើង​ក៏​ឃើញ​រឿង​ស្រដៀង​នេះ​ខ្លះៗ​ដែរ៖

យ៉ូស្វេ ៥:១៣-១៥ – លោក យ៉ូស្វេ និង​មេ​ទ័ព​របស់​ព្រះ​អង្គ
ពួក​ចៅហ្វាយ ១៣:២០ – លោក ម៉ាណូអា និង​ប្រពន្ធ​គាត់
ដានីយ៉ាល់ ៨:១៧ – លោក ដានីយ៉ាល់ និង​ទេវតា​កាព្រីយ៉ែលអើយ
វិវរណៈ ១៩:១០ – សាវ័ក យ៉ូហាន និង​ទេវតា​ម្នាក់

តើ​ខ្ញុំ​ចង់​មាន​ន័យ​អ្វី តាមរយៈ​ការ​លើក​ឡើង​ទាំង​នេះ? អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​នោះ​គឺ​ថា៖ 

«ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន?» (យេរេមា ១៧:៩)។ វា​មិន​ខុស​គ្នា​ពី​ការ​ដែល​ពេល​ខ្លះ យើង​ទូល​សុំ​ឲ្យ​ទេវតា​ការពារ​ផ្លូវ​យើង​នោះ​ទេ។ ហើយ​គ្រូ​ខុស​ឆ្គង​តែង​តែ​បង្រៀន​ថា ព្រះ​យេស៊ូវ​បូក​អ្វី​ផ្សេង​ទៀត​នោះ​ទើប​ស្មើ​នឹង​ការ​មាន​អ្វីៗ​គ្រប់​ទាំង​អស់ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា ព្រះ​យេស៊ូវ​បូក​សូន្យ​ស្មើ​នឹង​កាន​មាន​អ្វីៗ​គ្រប់​ទាំង​អស់ ពីព្រោះ​ការ​មាន​ព្រះ​អង្គ​គឺ​គ្រប់​គ្រាន់​ហើយ ពីព្រោះ​ព្រះ​អង្គ​គឺ​ជា​សិរសា ដូច​ដែល​យើង​បាន​រៀន​ជា​មួយ​គ្នា​នៅ​ក្នុង​ខ១៩។

«ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ​ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ​សារ​ព្រះ​បន្ទូល​ដ៏​មាន​ព្រះ​ចេស្ដា​នៃ​ទ្រង់» (ហេព្រើរ ១:៣)។

នៅ​ត្រង់​ចំណុច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ថា គ្រូ​ខុស​ឆ្គង​តែង​តែ​និយាយ​អំពី​ការ​បើក​សម្ដែង​ដែល​គាត់​ទទួល​បាន គឺ​ខ្ញុំ​មាន​ភស្តុតាង​ចេញ​ពី​កន្លែង​នេះ​គឺ៖

គ. «ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ ដែល​ខ្លួន​មើល​មិន​ឃើញ»

ការ​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ [គិត] ដែល​ខ្លួន​មើល​មិន​ឃើញ។ ចំណុច​នេះ​មាន​ន័យ​ថា ភាគ​ច្រើន​អ្វី​ដែល​គ្រូ​ខុស​ឆ្គង​បង្រៀន​គឺ​ជា​អ្វី​ដែល​គាត់​នឹក​ឃើញ​ដោយ​ខ្លួន​ឯង ដោយ​មិន​មាន​មូល​ដ្ឋាន​លើ​ព្រះ​គម្ពីរ​ទេ។ គ្រូ​ខុស​ឆ្គង ឬ​ក៏​ក្រុម​ខុស​ឆ្គង​ភាគ​ច្រើន​នឹង​មិន​ប្រាប់​មក​កាន់​យើង​អំពី​អ្វី​ដែល​ពួក​គេ​ជឿ ឬ​ក៏​បង្រៀន​ភ្លាមៗ​នៅ​ពេល​ដែល​ពួក​គេ​បាន​ជួប​យើង​នោះ​ទេ ប៉ុន្តែ​គឺ​ទាល់​តែ​យើង​បាន​ចូល​ជា​មួយ​នឹង​ពួក​គាត់​សិន​ទៅ​ពួក​គាត់​បាន​ប្រាប់​យើង។ ដូច្នេះ សូម​នៅ​ឲ្យ​ជាប់​មួយ​ព្រះ​គ្រីស្ទ។

ឃ. «មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម»

«មាន​ចិត្ត​ប៉ោង» មាន​ន័យ​ថា ពួក​គាត់​មាន​ពេញ​ទៅ​ដោយ​អំនួត​រហូត​ដល់​ថា ខ្លួន​ខ្វាក់​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។ ទាក់​ទង​នឹង​ឃ្លា «គំនិត​ខាង​សាច់​ឈាម» របស់​ពួក​គាត់​គឺ​ជា គំនិត​ខ្យល់។
ភាគ​ច្រើន គ្រូ​ខុស​ឆ្គង​តែង​តែ​មាន​ការ​បរិយាយ​អំពី​រឿងរ៉ាវ​ជា​ច្រើន ដែល​មិន​មាន​មូល​ដ្ឋាន​លើ​សេចក្ដី​ពិត ឬ​ក៏​ប្រវត្តិសាស្ត្រ។ នេះ​មាន​ន័យ​ថា ពួក​គាត់​ពូកែ​វោហារ​ក្នុង​ការ​ច្នៃ​ប្រឌិត​អ្វី​ដែល​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់ តែ​គាត់​អះអាង​ថា​គាត់​មាន ឬ​ក៏​ថា​ទាល់​តែ​ចូល​ខាង​គាត់ ទើប​អាច​ដឹង​ច្បាស់​ជាង​មុន។

មូលដ្ឋាន​របស់​ពួក​គេ​គឺ​ទាក់ទង​ទៅ​នឹង​ការ​ទទួល​បាន​និមិត្ត ឬ​ក៏​ការ​បើក​សម្ដែង​ថ្មី។ ពួក​គាត់​ពូកែ​បក​ស្រាយ​ណាស់ ហើយ​ពេល​ស្តាប់​ទៅ​ធ្វើ​ឲ្យ​ត្រចៀក​យើង​កាន់​តែ​រមាស់​ជាង​មុន។ អ្នក​ដែល​លង់​ក្នុង​សេចក្តី​បង្រៀន​ខុស​ឆ្គង​តែងតែ​និយាយ​ថា «តាំង​ពី​ចូល​ខាង​គាត់​មក ឥឡូវ​ខ្ញុំ​ច្បាស់​ហើយ ខ្ញុំ​យល់​ច្បាស់​ជាង​មុន​ខ្លាំង​ណាស់​បង​ប្អូន» ។ពួក​គាត់​នឹង​អះ​អាង​ថា ខ្លួន​បាន​ទទួល​និមិត្ត​ពី​ព្រះ​ជាម្ចាស់ ឬ​ក៏​បាន​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​ជាម្ចាស់។

កណ្ឌ​គម្ពីរ ២ពេត្រុស ជំពូក២ បាន​រៀប​រាប់​អំពី​លក្ខណៈ​របស់​គ្រូ​ខុស​ឆ្គង​ទាក់​ទង​នឹង​ការ​រស់នៅ​ថា មាន​លក្ខណៈ​បី​ចំណុច​ធំៗ៖ ១. ចង់​បាន​កម្រៃ (លុយ) ដោយ​ព្រោះ​មាន​ចិត្តលោភ (ប្រើ​ប្រាស់​អ្នកជឿ​ចង់​បាន​កម្រៃ) ២. រស់នៅ​ក្នុង​អំពើ​បាប​អសីលធម៌​ផ្លូវភេទ (ផិត​ក្បត់ មាន​ស្រី) និង៣. មើលងាយ​អំណាច​ត្រួតត្រា (ពោល​គឺ​មើលងាយ​អំណាច​ព្រះ​ផ្ទាល់)។

សរុប​សេចក្តី​ទៅ​ចូរ​បដិសេធ​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ចុះ ហើយ​នៅ​ឲ្យ​ជាប់​ក្នុង​ទ្រង់ ព្រោះ​ការ​មាន​ព្រះ​យេស៊ូវ​គឺ​គ្រប់​គ្រាន់​ហើយ។

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ
ផ្ទៀង​ផ្ទាត់​ដោយ៖ លោក ខែម បូឡុង, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់​ គីមឡុង និងលោក ស៊ូ ទិត្យ

  • ឯកសារយោង
    Calvin, J. (1548). On The Epistle of Paul to the Philippians, Colossians and Thessalonians. Translated and edited from the original Latin, and colated with the French Version by the Rev. John Pringle; Christian Classics Ethereal Library, Grand Rapids, MI.
  • Dunn, J. D. G. (1996). The Epistles to the Colossians and to Philemon: a commentary on the Greek text. William B. Eerdmans Publishing; Paternoster Press.
  • Moo, D. J. (2008). The letters to the Colossians and to Philemon (p. 232). William B. Eerdmans Pub. Co.
  • Sinclair Ferguson on Colossians 2:16-19: https://youtu.be/W7_8sZhIxc4?si=lysOnV3dXjgfG8SL
  • John MacArthur on Colossians 2: https://youtu.be/ZSZgnWIt_Bk?si=ZHH-xftA5HCIoQwD

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មេរៀនសង្ខេប អំពី ៖ ជីវិតគ្រួសារ អ្នកដឹកនាំគ្រីស្ទបរិស័ទ!