in

តើ​ឃ្លា «តួ​រូប​អង្គ» ក្នុង​កណ្ឌ​គម្ពីរ កូឡូស ២:១៧ ថា​មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

តើ​បង​ប្អូន​ប៉ុន្មាន​នាក់​មាន​សង្សារ​ក្នុង​ក្តី​ស្រមៃ? តើ​បង​ប្អូន​ប៉ុន្មាន​នាក់​មាន​ការងារ​ក្នុង​ក្តី​ស្រមៃ? តើ​បង​ប្អូន​ប៉ុន្មាន​នាក់​មាន​រៀន​សូត្រ​ក្នុង​ក្តី​ស្រមៃ?
ប្រាកដ​ណាស់ វា​ជា​រឿង​ដ៏​ប្រពៃ​នៅ​ពេល​ដែល​ក្តី​ស្រមៃ​របស់​យើង​បាន​ក្លាយ​ជា​ការ​ពិត។ កាល​ខ្ញុំ​នៅ​លីវ ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​បាន​ប្រពន្ធ​ដែល​ស្អាត ឆ្លាត និង​កោត​ខ្លាច​ព្រះ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ ខ្ញុំ​ក៏​ពិត​ជា​សប្បាយ​ចិត្ត​មែន។ តើ​បង​ប្អូន​ចង់​បន្ត​រស់​នៅ​ក្នុង​ក្តី​ស្រមៃ ឬ​ក៏​ក្នុង​ការ​ពិត? ចំពោះ​អ្នក​ដែល​មាន​គ្រួសារ តើ​អ្នក​ចង់​ថើប​ស្រមោល​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ ឬ​ក៏​ចង់​ថើប​គាត់​ផ្ទាល់?

បើ​យើង​មើល​ជា​ទ្រង់​ទ្រាយ​ធំ នោះ​យើង​ដឹង​ថា​សាវ័ក ប៉ុល កំពុង​តែ​រៀប​រាប់​ដំណឹង​ល្អ​ដ៏​ពិត ហើយ​ព្រមាន​ក្រុម​ជំនុំ​ឲ្យ​ប្រយ័ត្ន​ជា​មួយ​នឹង​សេចក្តី​បង្រៀន​ខុសឆ្គង ឬ​ក៏​គ្រូ​ខុស​ឆ្គង។ ពួក​គ្រូ​ខុស​ឆ្គង​កំពុង​តែ​ព្យាយាម​បង្រៀន​ថា ក្រុម​ជំនុំ​ត្រូវ​ការ​អ្វី​ផ្សេង​ទៀត​នៅ​លើ​ជំនឿ​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ពេញ​លេញ។ 

យើង​សង្ខេប​កណ្ឌ​គម្ពីរ កូឡូស ២:៨-១៥ ដូច​ត​ទៅ​ថា «វិសាលភាព​នៃ​ការ​សម្រេច​របស់​ព្រះ​គ្រីស្ទ​ទៅ​លើ​ឈើ​ឆ្កាង»។ តើ​ព្រះ​អង្គ​បាន​សម្រេច​អ្វី​ខ្លះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ២:៨-១៥?

ព្រះ​អង្គ​បាន​សម្រេច​ការ​កាត់​ស្បែក (ខ.១១) ការ​កប់ និង​ការ​រស់​ឡើង​វិញ (ខ.១២) ការ​ស្លាប់ និង​ជីវិត​ថ្មី (ខ.១៣) ការ​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក (ខ.១៤) និង​ការ​ទំលាក់​ងារ (ខ.១៥)។ ហើយ​ប្រសិន​បើ​យើង​នៅ​ចង់​រម្លឹក​ថែម​ទៀត​អំពី​ប្រធាន​បទ​ស្នូល​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ចាប់​តាំងពី​កណ្ឌ​គម្ពីរ កូឡូស ១:១-២:១-១៤ យើង​អាច​យក​កណ្ឌ​គម្ពីរ កូឡូស ១:១៨ មក​សង្ខេប​ទាំង​មូល៖ «ទ្រង់​ជា​សិរសា​របស់​រូប​កាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់»។ នេះ​គឺ​ជា​ខ​គម្ពីរ​គន្លឹះ​សម្រាប់​កណ្ឌ​គម្ពីរ​កូឡូស​ទាំង​មូល។ 

នេះ​មាន​ន័យ​ថា ការ​មាន​ព្រះ​យេស៊ូវ​គឺ​គ្រប់​គ្រាន់​ហើយ ដូច្នេះ​ចូរ​នៅ​ឲ្យ​ជាប់​ក្នុង​ទ្រង់ ហើយ​បដិសេធ​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ចុះ។ ព្រះ​យេស៊ូវ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​តែ​មួយ​គត់​នៃ​ជំនឿ​របស់​យើង។ យើង​មិន​ចាំ​បាច់​ថែម​អ្វី​ផ្សេង​ទៀត ដូច​ដែល​គ្រូ​ខុស​ឆ្គង​តែង​តែ​បង្រៀន​នោះ​ទេ។ ព្រះ​យេស៊ូវ​គ្រប់​គ្រាន់ ដោយ​សារ​ទ្រង់​ជា «តួ​រូប​អង្គ»៖ «សេចក្ដី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ​គ្រីស្ទ» (កូឡូស ២:១៧)។

«ស្រមោល»

ហេតុ​អ្វី​បាន​ជា​ការ​មាន​ព្រះ​គ្រីស្ទ​គឺ​ជា​ការ​គ្រប់​គ្រាន់? ពីព្រោះ​ព្រះ​អង្គ​គឺ​ជា «តួ​រូប​អង្គ»។ កណ្ឌ​គម្ពីរ កូឡូស ១:១៥ បាន​ចែង​ថា «ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក»។

តើ​មាន​ស្រមោល​អ្វី​ទៀត​ដែល​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់?

ពូជ​ស្ត្រី (លោកុប្បត្ដិ ៣:១៥)

«អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។

កូន​ចៀម​នៃ​បុណ្យ​រំលង (និក្ខមនំ ១២)
«លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ​យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក» (យ៉ូហាន ១:២៩)។

នំ​ម៉ាណា​ពី​ស្ថាន​សួគ៌ (និក្ខមនំ ១៦)
«ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំប៉័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ» (យ៉ូហាន ៦:៣៥)។

សត្វ​ពស់​ធ្វើ​ពី​លង្ហិន (ជនគណនា ២១:៤-៩)
«ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ​ស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ» (យ៉ូហាន ៣:១៤-១៥)។

រោង​ឧបោសថ និង​ព្រះ​វិហារ (និក្ខមនំ ២៥-៣១ និង ១ពង្សាវតាក្សត្រ ៦)
«ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះ​វិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ ដូច្នេះ​ពួក​សាសន៍​យូដា​ទូល​ថា គេ​សង់​ព្រះ​វិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ ប៉ុន្តែ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ​វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ» (យ៉ូហាន ២:១៩-២១)។

សម្ដេច​សង្ឃ (លេវីវិន័យ ១៦)
«ដូច្នេះ ដែល​មាន​សម្ដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន​សួគ៌ គឺ​ព្រះ​យេស៊ូវ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សម្ដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត​អា​សូរ ដល់​សេចក្ដី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក នៃ​ព្រះ​គុណ​ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ» (ហេព្រើរ ៤:១៤-១៦; ៩:១១-១២)។

លោក ម៉ិលគីស្សា (លោកុប្បត្ដិ ១៤:១៨-២០)
សូម​អាន​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ជំពូក៧។

អ្នក​គង្វាល​ដ៏​ល្អ (ទំនុកតម្កើង ២៣)
ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្ដូរ​ជីវិត​ជំនួស​ចៀម (យ៉ូហាន ១០:១១)។

ថ្ម​ជ្រុង (ទំនុកតម្កើង ១១៨:២២)
«ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯ​ក​ហើយ» (ទំនុកតម្កើង ១១៨:២២)

«ដូច្នេះ ដែល​ទ្រង់​វិសេស នោះ​គឺ​វិសេស​ដល់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​ដល់​ពួក​អ្នក​មិន​ជឿ​វិញ នោះ «“ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក”» (១ពេត្រុស ២:៧)។

«ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវក​នឹង​ពួក​ហោរា ហើយ​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» (អេភេសូរ ២:២០)។

ហឹប​នៃ​សេចក្តី​តាំង​សញ្ញា (និក្ខមនំ ២៥:១០-២២)
«កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រិត្យ​វិន័យ ឬ​ទំ​នាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ» (ម៉ាថាយ ៥:១៧)។

ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វី​ដែល​ពិត​ប៉ុណ្ណោះ «…តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ​គ្រីស្ទ» ផ្ទាល់។

ខ. «ព្រះ​គ្រីស្ទ»

ព្រះ​យេស៊ូវ​បាន​បំពេញ​តួនាទី​ជា​ព្រះ​មេស្ស៊ី​ក្នុង​នាម​ជា​ហោរា ជា​សង្ឃ និង​ជា​ស្ដេច។ ព្រះ​អង្គ​មិន​មែន​គ្រាន់​តែ​ធ្វើ​ជា​សង្ឃ ដើម្បី​ធ្វើ​យញ្ញ​បូជា​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​ទ្រង់​ផ្ទាល់​គឺ​ជា​យញ្ញ​បូជា​ដ៏​ល្អ​ប្រសើរ​ជាង​យញ្ញ​បូជា​នានា​ផ្សេង​ទៀត។

«…ព្រះ​យេស៊ូវ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​សេចក្ដី​ជំនឿ​របស់​យើង» (ហេព្រើរ ៣:១)។

យើង​អាច​សង្ខេប​កណ្ឌ​គម្ពីរ​ហេព្រើរ​ដូច​ត​ទៅ៖ ព្រះ​យេស៊ូវ​ល្អ​ប្រសើរ​ជាង៖ ១. ពួក​ហោរា ២. ពួក​ទេវតា ៣. លោក ម៉ូសេ ៤. លោក យ៉ូស្វេ ៥. ពួក​សម្ដេច​សង្ឃ ៦. លោក អ័ប្រាហាំ ៧. ពួក​សង្ឃ​នៅ​សម័យ​សញ្ញា​ចាស់ ៨. សេចក្ដី​តាំង​សញ្ញា​ចាស់ ៩. រោង​ឧបោសថ ១០. យញ្ញ​បូជា​ចាស់ ១១. និង​ភ្នំ​ស៊ីណាយ។ល។

មាន​ព្រះ​អង្គ​គឺ​គ្រប់​គ្រាន់​ហើយ បង​ប្អូន ដ្បិត «ព្រះ​យេស៊ូវ​ជា​សាវ័ក និង​ជា​សម្ដេច​សង្ឃ» (ហេព្រើរ ៣:១)។

វិវរណៈ ២១:៦ «ទ្រង់ [សំដៅ​លើ “ព្រះ​យេស៊ូវ”] ជា [សេចក្ដី] ស្រេច​ហើយ អញ​ជា​អាលផា និង​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង»។

អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​សម្រេច គឺ​ទ្រង់​បាន​សម្រេច​រួច​អស់​ហើយ ហើយ​យើង​អាច​ដឹង​អំពី​ការ​នេះ​បាន​ដោយ​សារ​ឥឡូវ​នេះ​ព្រះ​អង្គ​កំពុង​តែ​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហត្ថ​របស់​ព្រះ​វរបិតា (ហេព្រើរ ១:៣)។

ដូច្នេះ ចូរ​យើង​នៅ​ឲ្យ​ជាប់​ជា​មួយ​នឹង​ព្រះ​អង្គ ពីព្រោះ​បើ​មិន​ដូច្នោះ​ទេ នោះ​យើង​នឹង​បែក​ឆ្វេង ដោយ​ទទួល​យក​សេចក្តី​បង្រៀន​ខុស​ឆ្គង​ជា​មិន​ខាន។

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ
ផ្ទៀង​ផ្ទាត់​ដោយ៖ លោក ខែម បូឡុង, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់​ គីមឡុង និងលោក ស៊ូ ទិត្យ

ឯកសារយោង
Calvin, J. (1548). On The Epistle of Paul to the Philippians, Colossians and Thessalonians. Translated and edited from the original Latin, and colated with the French Version by the Rev. John Pringle; Christian Classics Ethereal Library, Grand Rapids, MI.

Dunn, J. D. G. (1996). The Epistles to the Colossians and to Philemon: a commentary on the Greek text. William B. Eerdmans Publishing; Paternoster Press.

Moo, D. J. (2008). The letters to the Colossians and to Philemon (p. 232). William B. Eerdmans Pub. Co.

Sinclair Ferguson on Colossians 2:16-19: https://youtu.be/W7_8sZhIxc4?si=lysOnV3dXjgfG8SL

John MacArthur on Colossians 2: https://youtu.be/ZSZgnWIt_Bk?si=ZHH-xftA5HCIoQwD

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​យើង​មាន​អ​ស្ថេរ​ភាព​ខាង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ការ​រៀប​ការ​មែន​ទេ?