ក្នុងយុគសម័យដែលយើងកំពុងរស់នៅសព្វថ្ងៃ ដំណើរនៃចំណេះដឹងខាងផ្លូវភេទ និងការផ្សព្វផ្សាយតាមបណ្ដាញផ្សេងៗពីការរួមភេទ គឺមានជាហូរហែ។ លោកអ្នកមិនអាចគេចផុតពីការនេះឡើយ នៅពេលដែលលោកអ្នកចេញពីផ្ទះ ឬនៅពេលដែលលោកអ្នកមើលគ្រឿងអេឡិចត្រូនិច។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងងាយនឹងប្រឈមមុខនឹងការចូលស្ទឹងតាមបត់ ចូលទូកតាមកំពង់ និងចូលស្រុកតាមប្រទេសខ្លាំងណាស់។ យើងប្រឈមមុខនឹងការប្រឡូកចូលទៅក្នុងទម្លាប់ និងវប្បធម៌ដែលប្រែប្រួលទៅតាមសម័យកាលទំនើបនេះណាស់។ ហេតុដូច្នេះហើយបានជាខ្ញុំ និងគ្រីស្ទបរិស័ទផ្សេងទៀតសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទនៅក្នុងចិត្ត និងក្នុងជីវិតរស់នៅរបស់យើង។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ។ សូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្ដាលឲ្យអ្នកនិពន្ធព្រះគម្ពីរ និពន្ធនៅជំនាន់ដែលពោរពេញទៅដោយការខ្វះក្រមសីលធម៌ផ្នែកផ្លូវភេទដែរ ហើយប្រាជ្ញាដែលពួកគាត់បានចែករំលែកដល់យើង គឺអាចឲ្យយើងប្រើក្នុងសម័យណាក៏បាន។ ខគម្ពីរខាងក្រោមនេះជាខដែលមានរៀបរាប់ពីកង្វះនៃក្រមសីលធម៌ ក៏ដូចជាផ្ដល់ប្រាជ្ញាដល់យើងក្នុងការរស់នៅប្រកបដោយក្រមសីលធម៌៖
១ថែស្សាឡូនីច ៤:៣-៤ «ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ហើយម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធ និងសេចក្ដីថ្លៃថ្នូរ» (គគខ)។
១ពេត្រុស ១:១៥ «ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធខាងឯការប្រព្រឹត្តទាំងអស់ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គបរិសុទ្ធ» (គគខ)។
១កូរិនថូស ៦:១២-២០ «ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់ ប៉ុន្តែមិនមែនអ្វីៗទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្តែខ្ញុំមិនឲ្យអ្វីមួយគ្រប់គ្រងលើខ្ញុំបានឡើយ។ អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្តែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ ព្រះជាម្ចាស់ដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញនឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារអំណាចរបស់ព្រះអង្គដែរ តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទ? ដូច្នេះ តើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រីស្ទធ្វើជាអវយវៈរបស់ស្ត្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត ឬមួយអ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមរ័កជាមួយស្ត្រីពេស្យា មានរូបកាយតែមួយជាមួយនាង ដ្បិតមានសេចក្ដីចែងទុកថា៖ «អ្នកទាំងពីរនឹងត្រឡប់ជារូបកាយតែមួយ» រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ក៏មានវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។ ចូររត់គេចចេញពីអំពើអសីលធម៌ខាងផ្លូវភេទ។ បាបទាំងឡាយដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅរូបកាយទេ ប៉ុន្តែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ ដ្បិតព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ដូច្នេះចូរសរសើរតម្កើងព្រះជាម្ចាស់ដោយរូបកាយរបស់អ្នករាល់គ្នាចុះ» (គគខ)។
យ៉ូហាន ៤:១៦-១៨ «ព្រះអង្គមានបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីរបស់អ្នកមកទីនេះ» ស្ត្រីនោះទូលទៅព្រះអង្គវិញថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូវមានបន្ទូលថា៖ «អ្នកនិយាយថា គ្មានប្តី នោះត្រូវហើយ ដ្បិតអ្នកមានប្តីប្រាំនាក់មកហើយ រីឯបុរសដែលនៅជាមួយអ្នកសព្វថ្ងៃនេះមិនមែនជាប្តីរបស់អ្នកទេ ដូច្នេះពាក្យដែលអ្នកនិយាយនេះ ពិតប្រាកដហើយ» (គគខ)។
សុភាសិត ជំពូក៧។ល។
ការសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទមានពីរចំណុច៖ ការងាកបែរចេញ និងការងាកបែរទៅរក ។ ការបញ្ឈប់ឥរិយាបថណាមួយ និងការចាប់ផ្ដើមឥរិយាបថណាមួយផ្សេងទៀត។ ជារឿយៗ ក្នុងការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ ខ្ញុំតែងតែមានបទបញ្ជាដោយហាមខ្លួនឯងបែបអវិជ្ជមានថា៖ កុំធ្វើនេះ! កុំមានឥរិយាបថបែបនោះ! កុំបន្តទម្លាប់នេះទៀត! ហើយខ្ញុំគិតថា ពេលខ្លះយើងក៏ជឿដែរថា ប្រសិនបើខ្ញុំគ្រាន់តែបញ្ឈប់ទម្លាប់អាក្រក់នោះ គឺខ្ញុំនឹងមានភាពស្អាតស្អំខាងឯផ្លូវភេទហើយ។ ប៉ុន្តែ ចូរចងចាំថា ភាពបរិសុទ្ធខាងឯផ្លូវភេទក៏ជាបទបញ្ជាបែបវិជ្ជមានផងដែរ។ តាមពិត ខ្ញុំគិតថាវាពិតជាបទបញ្ជាបែបវិជ្ជមានទាំងស្រុង។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ មិនមែនគ្រាន់តែជាការគេចពីអ្វីដែលអាក្រក់ឡើយ ប៉ុន្តែវាក៏ជាការសង្វាតដេញតាម ហើយទាញយកអំណរចេញពីអ្វីដែលល្អផងដែរ។
ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ មិនមែនគ្រាន់តែជាការងាកបែរចេញពីបាបប៉ុណ្ណោះឡើយ ប៉ុន្តែក៏ជាការមានចិត្ដរីករាយក្នុងអំណោយទានរបស់ព្រះជាម្ចាស់ផងដែរ។ គោលបំណងចម្បង គឺមិនមែនការឈប់សង្វាតតាមអ្វីៗដែលអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសង្វាតតាមនូវអ្វីដែលល្អ ហើយមានចិត្តរីករាយក្នុងការនោះដែរ។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ គឺជាការគេចចេញពីអំពើអសីលធម៌ខាងផ្លូវភេទ បោះបង់ចោលរឿងរ៉ាវអាក្រក់ៗ ឈប់មើលរូបអាសអាភាស និងការតាំងសញ្ញាជាមួយភ្នែកខ្លួនឯង។ ទាំងនេះជាចំណុចល្អ ហើយវាជាការចាំបាច់។ ប៉ុន្តែ ចំណុចនៃការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ មានលើសពីនោះទៅទៀត ពោលគឺវាល្អជាងនោះណាស់។ វាមានលក្ខណៈវិជ្ជមានជាងនោះ។
ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ គឺជាការសង្វាតចាប់ចិត្ត គំនិត និងរាងកាយរបស់ប្រពន្ធខ្លួន។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ គឺជាការមានចិត្តរីករាយក្នុងការរួមភេទជាមួយនឹងប្ដីខ្លួន។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ គឺជាការចងចាំពីការរួមភេទលើកមុន ហើយជាការទន្ទឹងរង់ចាំនៅពេលអនាគត។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ គឺជាការអរសប្បាយរវាងប្ដី និងប្រពន្ធ។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ គឺជាការមើលប្រពន្ធខ្លួនឯងដោយស្រឡាញ់នាង។
ឱប្ដីរាល់គ្នាអើយ! ការដែលលោកឈប់មើលរូបអាសអាភាសមិនមែនជាការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទទេ ប៉ុន្តែនៅពេលដែលអ្នកមានចិត្តរីករាយក្នុងការរួមដំណេកជាមួយនឹងប្រពន្ធខ្លួន ហើយនៅពេលដែលលោកអ្នកប្រព្រឹត្តិចំពោះរូបកាយប្រពន្ធខ្លួនដោយចិត្តបរិសុទ្ធ និងផ្ដល់កិត្តិយសដល់នាង នោះទើបជាការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ។ ឱប្រពន្ធរាល់គ្នាអើយ! ការដែលនាងគេចចេញពីសេចក្ដីល្បួងខាងឯផ្លូវភេទ ឬការរួមភេទមិនអស់ពីចិត្ត មិនមែនជាការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទទេ ប៉ុន្តែនៅពេលដែលនាងមានការរួមចំណែក ក៏ដូចជាមានចិត្តរីករាយក្នុងការរួមដំណេកជាមួយប្ដីរបស់នាង នោះទើបជាការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទ។
តើលោកអ្នកឃើញដែរឬទេ? ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទមិនមែនគ្រាន់តែជាការគេចចេញពីអ្វីមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសង្វាត និងការមានចិត្តរីករាយទៅនឹងអ្វីផ្សេងទៀត។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទជាការសម្លាប់ទម្លាប់ចាស់ៗចោល ដើម្បីឲ្យខ្លួនមានសេរីភាពក្នុងការសង្វាតដេញតាមទម្លាប់ដ៏ល្អៗជាងនោះទៅទៀត។ ព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការរំដោះលោកអ្នកចេញពីអំពើបាប ដើម្បីឲ្យលោកអ្នកមានការរីករាយក្នុងអំណោយទានរបស់ទ្រង់។ ការព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទតាមបទបែបរបស់ព្រះជាម្ចាស់ គឺជាការសង្វាតឲ្យបានបរិសុទ្ធបែបវិជ្ជមាន។
បណ្ដាំសម្រាប់អ្នកនៅលីវ៖ ពេលនេះ ព្រះជាម្ចាស់ក៏នៅមានព្រះហឫទ័យឲ្យអ្នកព្យាយាមសង្វាតឲ្យបានបរិសុទ្ធខាងឯផ្លូវភេទដែរ ទោះបើអ្នកមិនទាន់អាចមានភាពអរសប្បាយក្នុងការរួមភេទនៅឡើយក៏ដោយ។ បទបញ្ជាឲ្យចៀសចេញពីអំពើអសីលធម៌ខាងផ្លូវភេទ គឺជាការផ្ដល់ឲ្យលោកអ្នកមានសេរីភាព និងមានអំណរក្នុងការស្ដាប់បង្គាប់ព្រះជាម្ចាស់ ព្រមទាំងការទទួលព្រះពរតាមរយៈការស្ដាប់បង្គាប់នោះ។ ព្រះយេស៊ូវបានដកពិសោធន៍ក្នុងសេរីភាពនេះ ដោយទ្រង់បានមានព្រះជន្មគង់នៅយ៉ាងល្អឥតខ្ចោះ ទោះបើទ្រង់មិនមានការរួមភេទក៏ដោយ។
មតិយោបល់
Loading…