ប្រសិនបើយើងមិនយល់អំពីទម្ងន់នៃការអស្ចារ្យដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្សទេ នោះគឺដោយសារយើងមិនយល់អំពីទម្ងន់នៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ការដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្ស គឺជារឿងដ៏គួរឲ្យរន្ធត់មួយ។ នេះគឺជារឿងមួយស្មានមិនដល់ ដែលព្រះដ៏បរិសុទ្ធ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច បានស្ម័គ្រចិត្តមករស់នៅជាមួយអ្វីៗដែលមិនស្ថិតនៅអស់កល្បជានិច្ច និងជាមួយមនុស្សដែលមិនបរិសុទ្ធ។ តាមពិតទៅ ការយកកំណើតជាមនុស្សគឺជាចំណុចដ៏រន្ធត់មួយ ដែលញែកជំនឿគ្រីស្ទបរិស័ទចេញពីសាសនាអ៊ីស្លាម និងសាសនាយូដា។ ឯកសារពីទីក្រុងយេរូសាឡិម ធាលម៉ាឌ (Jerusalem Talmud) បានលើកឡើងថា «ប្រសិនបើមនុស្សណាម្នាក់អះអាងថាខ្លួនជាព្រះ នោះមានន័យថាគាត់ជាមនុស្សកុហកហើយ» (Ta’anit ២:១)។ គម្ពីរ កូរ៉ាន់ (Qur’an) បានលើកឡើងថា «ព្រះអាឡស់ (Allah) មិនបានកើតមកទេ ហើយក៏គ្មានអ្នកណាបង្កើតទ្រង់ដែរ» (Sura al-lkhlas ១១២)។ ទាំងសាសនាយូដា និងសាសនាអ៊ីស្លាមបានយល់ឃើញថា នេះជារឿងលីលាមួយ ដែលគិតថា ព្រះដ៏បរិសុទ្ធនឹងបន្ទាបខ្លួនមកក្លាយជាមនុស្ស។
ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ធ្វើឲ្យយើងកោតខ្លាចទ្រង់។ ប៉ុន្តែ ប្រសិនបើយើងចង់ស្គាល់ព្រះជាម្ចាស់ និងស្គាល់ខ្លួនឯងកាន់តែច្បាស់ គឺយើងត្រូវតែចាប់ផ្ដើមស្វែងយល់អំពីកម្រិតនៃការដែលព្រះជាម្ចាស់ស្រឡាញ់ភាពបរិសុទ្ធរបស់ទ្រង់ និងអំពីការដែលទ្រង់រក្សាភាពបរិសុទ្ធរបស់ទ្រង់។ ប្រសិនបើយើងមិនចាប់ផ្ដើមពីចំណុចនេះទេ នោះយើងក៏នឹងមិនឲ្យតម្លៃចំពោះដំណឹងល្អដែរ។ ដូចដែលលោកគ្រូ អេ. ដឹបលយូ ថូសឺរ៍ (A.W. Tozer ក្នុងសៀវភៅThe Knowledge of the Holy) បានលើកឡើងថា៖
«ដំណឹងល្អគ្មានន័យចំពោះមនុស្សយើងទេ ប្រសិនបើយើងមិនបានដកពិសោធន៍អំពីទម្ងន់នៃបន្ទុកនោះ ហើយយើងក៏នឹងមិនអាចយល់អំពីភាពវេទនា និងទម្ងន់នោះបានដែរ ប្រសិនបើយើងមិនឃើញ «ព្រះដ៏ជាធំ និងខ្ពស់បំផុត» ទេនោះ។ ការមានទស្សនៈទាបអំពីព្រះជាម្ចាស់ នឹងបំផ្លាញដំណឹងល្អចំពោះអស់អ្នកដែលកាន់តាម។»
ក្រោមការតាំងសញ្ញាចាស់ មនុស្សឆ្លើយតបចំពោះភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដោយមានការភ័យខ្លាច និងការរន្ធត់ចិត្ត។ នៅពេលដែលលោក ម៉ូសេ បានជួបព្រះជាម្ចាស់ គាត់ «ក៏ខ្ទប់មុខ ដ្បិតមិនហ៊ានមើលចំទៅព្រះទេ» (និក្ខមនំ ៣:៦)។ ប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលគាត់ទូលសុំឲ្យបានឃើញសិរីល្អរបស់ព្រះជាម្ចាស់ ទ្រង់បានមានបន្ទូលថា «ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ» (និក្ខមនំ ៣៣:២០)។ នៅពេលដែលគេបានយកហឹបនៃសេចក្ដីតាំងសញ្ញារបស់ព្រះជាម្ចាស់ត្រលប់មកអ៊ីស្រាអែលវិញ ព្រះអង្គបានសម្លាប់មនុស្ស ៥០.០០០ នាក់ ព្រោះពួកគេបានមើលក្នុងហឹបនោះ។ ពួកគេក៏បាននិយាយដោយអស់សង្ឃឹមថា «តើមានអ្នកឯណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនេះបាន?» (១សាំយូអែល ៦:២០)។ នៅពេលដែលស្ដេច ដាវីឌ បានយកហឹបនៃសេចក្ដីសញ្ញាត្រលប់មកក្រុងយេរូសាឡិមវិញ ព្រះអង្គបានសម្លាប់បុរសម្នាក់ដែលបានប៉ះហឹបនោះក្នុងមួយរំពេច។ «នៅថ្ងៃនោះដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានបន្ទូលថា ធ្វើដូចម្ដេចឲ្យហឹបនៃព្រះយេហូវ៉ាចូលមកឯអញបាន» (២សាំយូអែល ៦:៩)។ នៅពេលដែលហោរា អេសេគាល កាន់តែចូលជិតបល្ល័ង្ករបស់ព្រះអម្ចាស់ គាត់ក៏កាន់តែមិនដឹងថាគួរទូលពីអ្វីដែរ «នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា កាលខ្ញុំបានឃើញហើយ នោះខ្ញុំក្រាបមុខចុះដល់ដី» (អេសេគាល ១:២៨)។
មិនត្រឹមតែមនុស្សម្នាមានការរន្ធត់ចំពោះភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែព្រះជាម្ចាស់ក៏បានមានព្រះបន្ទូលជាច្រើនដងអំពីចំណុចនោះដែរ។ ទ្រង់បានមានបន្ទូលតាមរយៈហោរា អេសាយថា «តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនទ្រង់ដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា…អស់ទាំងសាសន៍រាប់ដូចជាទទេសោះនៅចំពោះទ្រង់ ទ្រង់រាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង ។» (អេសាយ ៤០:១៣, ១៧)។ បន្ទាប់ពីលោក យ៉ូប បានសួរដេញដោលអំពីលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ហើយ ទ្រង់បានឆ្លើយតបចេញពីខ្យល់កួចថា «តើអ្នកណានេះដែលបង្អាប់ព្រះតម្រិះ ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង?»។
ព្រះយេស៊ូវក៏មានភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរ ព្រោះទ្រង់ជាព្រះ និងបានគង់នៅជាមួយព្រះតាំងពីដើមមកម៉្លេះ។ នេះមានន័យថា នៅពេលដែលព្រះជាម្ចាស់បានតាំងសេចក្ដីសញ្ញាចាស់ ព្រះយេស៊ូវក៏មានវត្តមាននៅទីនោះដែរ ព្រោះទ្រង់ជាព្រះ។ នេះហើយជាមូលហេតុដែលបញ្ជាក់អំពីភាពរន្ធត់ និងភាពអស្ចារ្យនៃការយាងមកយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានចាក់ការមិនពេញចិត្តរបស់ទ្រង់នៅក្នុងព្រះគ្រីស្ទ។ ព្រះដ៏បរិសុទ្ធរបស់យើងដែលបានយាងមកយកកំណើតជាមនុស្ស បានមានបន្ទូលប្រាប់លោក ម៉ូសេថា «ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ»។ ព្រះអង្គបានប្រសូតមកជាទារកមួយនៅក្នុងស្នូកសត្វ មិនមែននៅលើរាជបល្ល័ង្កឡើយ។ ព្រះដ៏បរិសុទ្ធរបស់យើង ដែលទាមទារយញ្ញបូជាមានឈាម ប្រយោជន៍នឹងលោះបាបយើងនោះ បានយាងមកយកកំណើតជាមនុស្ស។ ទ្រង់បានអនុញ្ញាតឲ្យគេសម្លាប់ទ្រង់នៅលើឈើឆ្កាង។ ព្រះដ៏បរិសុទ្ធរបស់យើងដែលបានសួរលោក យ៉ូបថា «តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង» បានយាងមកយកកំណើត។ ព្រះអង្គបានប្រសូតមកក្នុងស្រុកដែលមិនមានអ្វីពិសេស និងបានធ្វើត្រឹមតែជាជាងឈើនៅក្នុងស្រុកណាសារ៉ែតប៉ុណ្ណោះ។
ការមកយកកំណើតជាមនុស្សនៅថ្ងៃនេះ
តើការដែលព្រះអង្គមកយកកំណើតជាមនុស្សមានអត្ថន័យដូចម្ដេចចំពោះយើងសព្វថ្ងៃនេះ? ទី១ ការដែលទ្រង់មកយកកំណើតជាមនុស្សមានន័យថា យើងរស់នៅក្នុងលោកិយ តែមិនមែនជារបស់ផងលោកិយទេ។ ដូចដែលព្រះយេស៊ូវបានអធិស្ឋានសម្រាប់ពួកសាវ័កទ្រង់ថា «ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ៍ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ» (យ៉ូហាន ១៧:១៥-១៦)។ អាចនិយាយម៉្យាងទៀតបានថា យើងសង្វាតរកភាពបរិសុទ្ធនៅក្នុងជីវិតរស់នៅរបស់យើងតាមរយៈការស្ដាប់បង្គាប់ និងការលះបង់ ទោះបីជាយើងកំពុងរស់នៅក្នុងទីក្រុងរបស់យើង ក្បែរអ្នកជិតខាង និងនៅក្នុងគ្រួសាររបស់យើងក៏ដោយ។
ទី២ ការដែលព្រះយេស៊ូវយាងមកយកកំណើតជាមនុស្សមានន័យថា យើងស្វែងរកឱកាស ដើម្បីនឹងលះអាល័យខ្លួនឯង។ ការលះអាល័យខ្លួនឯងមិនមែនជាចំណុចមួយដែលវប្បធម៌របស់យើងចូលចិត្តនិយាយនោះទេ ប៉ុន្តែវាជាចំណុចផ្ដើមនៃការដែលគ្រីស្ទបរិស័ទលូតលាស់ក្នុងគំនិតរបស់ព្រះគ្រីស្ទ។ នៅពេលដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្ស ព្រះអង្គបានស្ម័គ្រព្រះទ័យលះអាល័យខ្លួនឯងចេញពីអភ័យឯកសិទ្ធិនៃភាពជាព្រះរបស់ទ្រង់ ឲ្យត្រូវគេមើលងាយ ហើយសម្លាប់ទ្រង់។ ទ្រង់បានធ្វើបែបនេះ ព្រោះទ្រង់ចង់សង្គ្រោះយើង ហើយទ្រង់បានជ្រាបថា ដើម្បីសម្រេចការសង្គ្រោះយើងបាន គឺត្រូវតែបំពេញតម្រូវការនៃភាពបរិសុទ្ធរបស់ទ្រង់។ យើងមិនអាចបំពេញភាពជាបរិសុទ្ធនោះបានទេ ដូច្នេះហើយបានជាទ្រង់បំពេញជំនួសយើង។ យើងក៏ត្រូវតែមានគំនិតដូចទ្រង់ដែរ «កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ» (ភីលីព ២:៣)។ យើងលះអាល័យខ្លួនឯង ដើម្បីស្រឡាញ់អ្នកដទៃ។
ទី៣ ការដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្សមានន័យថា យើងមិនស្រឡាញ់លុយ។ ព្រះជាម្ចាស់ជាបុគ្គលដែលមានជាងគេនៅលើចក្រវាលទាំងមូល។ អ្វីៗទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងដោយទ្រង់ តាមរយៈទ្រង់ និងសម្រាប់ទ្រង់។ ប៉ុន្តែ នៅពេលដែលទ្រង់ទតមើលមកលោកិយនេះ ហើយសម្រេចថាទ្រង់ត្រូវប្រសូតនៅក្នុងគ្រួសារណាមួយនោះ ទ្រង់បានសម្រេចទៅប្រសូតនៅក្នុងគ្រួសារដ៏ក្របំផុត។ នៅពេលដែលលោកយ៉ូសែប និងនាងម៉ារាបានទៅព្រះវិហារនៅក្រោយពេលដែលព្រះយេស៊ូវបានប្រសូតមកនោះ គឺលោកលូកា បានសរសេរទុកថា «លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធតាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់…ហើយនិងថ្វាយយញ្ញបូជា តាមសេចក្ដីដែលបានកត់ទុកក្នុងក្រិត្យវិន័យរបស់ព្រះអម្ចាស់ គឺថា “លលក១គូ ឬព្រាបជំទើរ២”» (២:២២-២៤)។ នោះហើយជាអ្វីដែលនាងម៉ារាបានយកទៅថ្វាយ។ ទោះបីជាព្រះយេស៊ូវមានទ្រព្យដ៏មហិមានៅលើលោកនេះក៏ដោយ ក៏ទ្រង់នៅតែបានសម្រេចទៅយកកំណើតនៅក្នុងគ្រួសារដែលមិនមានទាំងលទ្ធភាពក្នុងការយកយញ្ញបូជាដ៏សាមញ្ញបំផុតទៅថ្វាយព្រះ។ ចូរកុំឲ្យយើងស្រឡាញ់ទ្រព្យសម្បត្តិឡើយ។
ទី៤ ការដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្សមានន័យថា យើងមិនត្រូវឲ្យតម្លៃខ្ពស់ទៅលើសម្ផស្សខាងក្រៅនោះឡើយ។ វប្បធម៌របស់យើងស្រឡាញ់សម្ផស្សខាងក្រៅខ្លាំងណាស់ ប៉ុន្តែព្រះគ្រីស្ទបានយាងមកយកកំណើតជាមនុស្សដែលមិនមានភាពស្រស់ស្អាតខាងក្រៅឡើយ។ ព្រះអង្គជាបុគ្គលដែលមានសិរីល្អលើសគេបំផុតនៅលើលោកនេះ ប៉ុន្តែយើងមិនបានទទួលយកសិរីល្អរបស់ទ្រង់សោះ។ មនុស្សរាប់ពាន់នាក់បានមើលឃើញទ្រង់ដោយផ្ទាល់ភ្នែក ប៉ុន្តែពួកគេមិនបានមើលឃើញទ្រង់ដោយដួងចិត្តរបស់ពួកគេឡើយ។ យើងក៏ត្រូវមើលភាពស្រស់ស្អាតនៅក្នុងផែនដីរបស់យើងដោយប្រើភ្នែកនៃដួងចិត្តរបស់យើងដែរ។ តើយើងនឹងមើលឃើញអ្វី នៅពេលដែលយើងមើលផែនដីនេះដោយប្រើភ្នែកនៃដួងចិត្តរបស់យើង? យើងនឹងឃើញថា សព្វថ្ងៃនេះ ព្រះអង្គគង់នៅជាមួយអស់អ្នកដែលស្រែកឃ្លាន អ្នកដែលគេរាប់ថាចំឡែក អ្នកអាក្រាត អ្នកឈឺ និងពួកអ្នកទោស។ ដូចដែលព្រះយេស៊ូវបានបង្រៀនហើយថា នៅពេលដែលយើងផ្ដល់ការថែរក្សាដល់មនុស្សប្រភេទនោះ គឺយើងបានផ្ដល់ចំពោះទ្រង់ដែរ។
ចំណុចចុងក្រោយ ការដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្សមានន័យថា ព្រះជាម្ចាស់កាន់ខាងយើង។ លោកសាវ័ក ប៉ុល មិនមែនគ្រាន់តែលើកឡើងអំពីការឆ្កាងព្រះយេស៊ូវទេ នៅពេលគាត់សរសេរថា «ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្ដេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង» (រ៉ូម ៨:៣១-៣២)។ គាត់ក៏កំពុងនិយាយអំពីការយាងមកយកកំណើតរបស់ព្រះយេស៊ូវផងដែរ គឺនៅពេលដែលទ្រង់បានយាងចេញពីព្រះវរបិតា មកយកកំណើតជាមនុស្ស ហើយបានសម្រេចការសង្គ្រោះរបស់យើង។ ការដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្សមានន័យថា ទ្រង់កាន់ខាងយើង។ ព្រះយេស៊ូវបានយាងចេញពីភាពជាព្រះ និងអភ័យឯកសិទ្ធិផ្សេងៗទៀតរបស់ទ្រង់ ដើម្បីមកសុគត។ ព្រះអង្គបានរស់នៅក្នុងកាលៈទេសៈដែលត្រូវគេមើលងាយ និងលះអាល័យខ្លួនឯង ដើម្បីនឹងនាំយើងទៅឯព្រះជាម្ចាស់ ដែលមានភាពអរសប្បាយអស់កល្បជានិច្ច។ ព្រះអង្គបានលាក់ភាពបរិសុទ្ធដ៏អស្ចារ្យ និងគួរឲ្យកោតខ្លាចរបស់ទ្រង់ ដើម្បីឲ្យយើងអាចប៉ះទ្រង់ មើលឃើញទ្រង់ ស្គាល់ទ្រង់ និងស្រឡាញ់ទ្រង់។ ទ្រង់លែងលើកឡើងថា «ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ» ប៉ុន្តែចាប់ពីពេលនៅតទៅ ទ្រង់បានលើកឡើងថា «មើលព្រះភក្ត្រទ្រង់…នោះនឹងបានស្កប់ចិត្ត» (ទំនុកតម្កើង ១៧:១៥)។
នៅពេលដែលយើងរស់នៅដោយពឹងលើការយាងមករបស់ព្រះគ្រីស្ទ នោះអ្នកដទៃនឹងមានការរន្ធត់យ៉ាងខ្លាំងដោយសារជីវិតរបស់យើង។ ទោះបើយើងជាបុត្រាបុត្រីរបស់ស្ដេចក៏ដោយ ក៏យើងនឹងបន្ទាបខ្លួនឯង ដើម្បីបម្រើអ្នកដទៃដែរ។ ទោះបើយើងអាចធ្វើគ្រប់អ្វីៗបានក៏ដោយ ក៏យើងនឹងលះអាល័យខ្លួនឯងចេញពីការរួមចំណែកមួយចំនួន ដើម្បីឲ្យយើងអាចនឹងស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃបានដែរ។ នៅពេលដែលយើងរកលុយបាន យើងក៏នឹងរៀបគម្រោងដើម្បីនឹងប្រើលុយនោះសម្រាប់នគរព្រះផងដែរ។ ទោះបីជាយើងកំពុងរស់នៅក្នុងលោកិយនេះក៏ដោយ ក៏យើងនឹងព្យាយាមថែរក្សាភាពស្អាតស្អំខាងក្នុងជាជាងខាងក្រៅដែរ។ យើងនឹងទុកចិត្តលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ជាជាងលើកាលៈទេសៈរបស់យើង ព្រោះយើងដឹងថា ទ្រង់កាន់ខាងយើង។
នៅពេលដែលយើងរស់នៅបែបនេះ អ្នកដទៃនឹងគិតថា យើងជាមនុស្សឆ្កួត ហើយគេយល់ឃើញថា ការសម្រេចចិត្តមួយចំនួនរបស់យើងគួរឲ្យរន្ធត់។ ប៉ុន្តែ យើងនឹងអះអាងអំពីភាពអស្ចារ្យនៃការដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្ស។ ជីវិតរស់នៅរបស់យើងនឹងប្រកាសអំពីដំណឹងដ៏ល្អបំផុតគឺ៖ ព្រះយេស៊ូវបានយាងមក ហើយទ្រង់ក៏កំពុងគង់នៅជាមួយយើង។
មតិយោបល់
Loading…