គ្រប់ពេលដែលព្រះគម្ពីរលើកឡើងអំពីសាតាំង យើងឃើញថា វាតែងតែព្យាយាមបំផ្លាញនូវអ្វីៗដែលព្រះជាម្ចាស់បានបង្កើត។ ព្រះជាម្ចាស់បានបង្កើតទេវតាសម្រាប់អំណរ និងសិរីល្អរបស់ទ្រង់ ប៉ុន្តែសាតាំងបាននាំទេវតាជាច្រើនឲ្យបះបោរទាស់នឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតមនុស្សមក ដើម្បីឆ្លុះបញ្ចាំងពីរូបអង្គទ្រង់ និងដើម្បីឲ្យមនុស្សយើងរស់នៅដោយមានក្ដីស្រឡាញ់ ចេះការស្ដាប់បង្គាប់ក្នុងការថ្វាយបង្គំ ប៉ុន្តែសាតាំងបានល្បួងអ័ដាម និងអេវ៉ាដែលជាឪពុកម្ដាយដំបូងរបស់យើងឲ្យពួកគាត់បះបោរទាស់នឹងព្រះជាម្ចាស់វិញ។ វាចូលចិត្តបង្ខូច និងបំផ្លាញនូវអ្វីដែលព្រះជាម្ចាស់បានធ្វើ ហើយក៏ចូលចិត្តទាស់នឹងអ្វីដែលព្រះជាម្ចាស់កំពុងធ្វើផងដែរ។
យើងឃើញក្នុងព្រះគម្ពីរថា ពេលដែលសាតាំង និងអារក្សរបស់វាធ្វើអ្វីមួយ ពួកវាមានគោលបំណងឲ្យយើងមាន៖
- ការឈឺចាប់ខាងឯសាច់ឈាម៖ មើលទៅអារក្សចូលចិត្តបង្កឲ្យមានការឈឺចាប់ ក៏ដូចជាពិការភាពលើមនុស្សលោកខាងឯសាច់ឈាមខ្លាំងណាស់ (លូកា ៩:៣៩, ៤២)។
- ការឈឺចាប់ខាងឯខួរក្បាលនិងផ្លូវចិត្ត៖ អស់អ្នកដែលអារក្សសាតាំងមកសណ្ឋិតលើតែងតែមានការបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ក៏ដូចជាការគិតជាដើម (ម៉ាកុស ៥:២-៥)។
- ការថ្វាយបង្គំព្រះក្លែងក្លាយ៖ កណ្ឌគម្ពីរ ចោទិយកថា ៣២:១៧ បានប្រាប់យើងថា ព្រះក្លែងក្លាយដែលសាសន៍កាណានថ្វាយបង្គំគឺជាពួកអារក្សសាតាំង។ ការថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នោះមានន័យថា ពួកគេកំពុងតែថ្វាយបង្គំសាតាំង និងអារក្សរបស់វា។
- ការលើកទឹកចិត្តរាស្ត្ររបស់ព្រះជាម្ចាស់ឲ្យទៅប្រព្រឹត្តបាប៖ យើងឃើញថា ចាប់តាំងពីស្ដេច ដាវីឌ រហូតដល់សាវ័ក ពេត្រុស សាតាំងតែងតែល្បួងរាស្ត្ររបស់ព្រះជាម្ចាស់ឲ្យឈប់ស្ដាប់បង្គាប់ទ្រង់ (១របាក្សត្រ ២១:១; លូកា ២២:៣១)។ វាមានគម្រោងក្នុងការទាស់នឹងពួកគេ ហើយវាតែងតែប្រឆាំងនឹងពួកគេក្នុងគ្រប់ចំណុច (អេភេសូរ ៦:១០-១២)។
- ការរារាំងក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់៖ ក្នុងទីរហាស្ថាន សាតាំងបានល្បួងព្រះយេស៊ូវឲ្យបោះបង់ផែនការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះរាស្ត្ររបស់ទ្រង់ចោល (លូកា ៤:៥-៧)។ ពេលវាបរាជ័យ វាបានព្យាយាមល្បួងទ្រង់ម្ដងទៀងតាមរយៈសាវ័ក ពេត្រុស (ម៉ាកុស ៨:៣៣)។
សរុបសេចក្ដីមក សាតាំង និងអារក្សរបស់វាតែងតែព្យាយាមបំផ្លាញ ក៏ដូចជារារាំងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់
តាមដែលវាអាចធ្វើបាន។ ទោះបើវាមិនអាចបំផ្លាញបាន ក៏វានឹងនៅតែព្យាយាមបង្ខូចរូបអង្គព្រះជាម្ចាស់ក្នុងមនុស្សលោកដែរ។ វាលើកទឹកចិត្តឲ្យពួកគេមិនជឿ ហើយឲ្យពួកគេប្រព្រឹត្តអំពើអាក្រក់តាមសមត្ថភាពដែលវាអាចធ្វើបាន។ ជាជាងអនុញ្ញាតឲ្យមនុស្សលោកឆ្លុះបញ្ចាំងរូបអង្គព្រះជាម្ចាស់ វាតែងតែនាំពួកគេឲ្យប្រព្រឹត្តបាប ដែលការនោះរារាំងមិនឲ្យពួកគេឆ្លុះបញ្ចាំងរូបអង្គទ្រង់។ និយាយឲ្យខ្លីទៅ សាតាំងតែងតែស្វែងរកវិធីលួចសិរីល្អរបស់ព្រះជាម្ចាស់ដែលទ្រង់ស័ក្ដិសមទទួលចេញពីអ្វីៗដែលទ្រង់បានបង្កើត។
មតិយោបល់
Loading…