គ្រីស្ទបរិស័ទជាច្រើនបានអះអាងថា កណ្ឌគម្ពីរ រ៉ូម គឺជាកណ្ឌគម្ពីរមួយដែលល្អបំផុតនៅក្នុងព្រះគម្ពីរទាំងមូល ពោលគឺជាកណ្ឌគម្ពីរដែលខ្ពស់ជាងគេ។ លោកគ្រូ ជេ. អាយ. ភែកខ័រ (J.I. Packer) ក៏បានឯកភាពជាមួយគ្រូគង្វាល និងទេវវិទូជាច្រើនដែរថា «រាល់កណ្ឌគម្ពីរនៅក្នុងព្រះគម្ពីរទាំងមូលសុទ្ធតែចង្អុលបង្ហាញទៅកណ្ឌគម្ពីរ រ៉ូម។ កណ្ឌគម្ពីរ រ៉ូម ក៏ជួយពន្យល់ចំណុចផ្សេងៗជាច្រើននៅក្នុងព្រះគម្ពីរផងដែរ។ ហើយនៅពេលដែលសេចក្ដីបង្រៀននៅក្នុងកណ្ឌគម្ពីរ រ៉ូម បានចូលទៅក្នុងចិត្តរបស់នរណាម្នាក់ហើយ នោះយើងមិនដឹងថា នឹងមានអ្វីកើតឡើងឲ្យប្រាកដនោះទេ» លោកគ្រូ ភែកខ័រ ក៏បានផ្ដល់ហេតុផលដ៏ល្អ៤យ៉ាងដល់យើង ដែលនាំឲ្យយើងមានចិត្តចង់អាន ចង់សិក្សា និងចង់ស្គាល់កណ្ឌគម្ពីរ រ៉ូម ផងដែរ។
កណ្ឌគម្ពីរ រ៉ូម គឺជាកណ្ឌគម្ពីរដែលនិយាយអំពីគោលជំនឿ។ កណ្ឌគម្ពីរ រ៉ូម គឺជាកណ្ឌគម្ពីរដែលនិយាយអំពីសេចក្ដីពិតរបស់ព្រះជាម្ចាស់ដែលទ្រង់បង្រៀនយើង។ «លោកអ្នកនឹងឃើញថា កណ្ឌគម្ពីរ រ៉ូម មានរៀបរាប់អំពីចំណុចសំខាន់ៗជាច្រើនដែលមានភាពស៊ីគ្នាយ៉ាងខ្លាំង៖ ព្រះជាម្ចាស់ មនុស្ស អំពើបាប ក្រឹត្យវិន័យ ការថ្កោលទោស ជំនឿ ទង្វើ ព្រះគុណ ការបង្កើត ការសង្គ្រោះ ការរាប់ជាសុចរិត ការញែកជាបរិសុទ្ធ គម្រោងការនៃសេចក្ដីសង្គ្រោះ ការជ្រើសរើស ការកាត់ទោស បុគ្គលភាព និងព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ព័ន្ធកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីសង្ឃឹមរបស់គ្រីស្ទបរិស័ទ លក្ខណៈក្រុមជំនុំ គម្រោងការរបស់ព្រះសម្រាប់សាសន៍យូដា និងសាសន៍ដទៃ ទស្សនវិជ្ជារបស់ក្រុមជំនុំ និងប្រវត្តិសាស្ត្រផែនដី អត្ថន័យ និងសេចក្ដីបង្រៀននៅក្នុងសញ្ញាចាស់ សារៈសំខាន់នៃពិធីជ្រមុជទឹក គោលការណ៍នៃភាពបរិសុទ្ធ និងសីលធម៌ផ្ទាល់ខ្លួន ព្រមទាំងទំនួលខុសត្រូវរបស់គ្រីស្ទបរិស័ទនៅក្នុងសង្គមជាដើម។ល។»។
កណ្ឌគម្ពីរ រ៉ូម គឺជាកណ្ឌគម្ពីរដែលនិយាយអំពីជីវិត។ កណ្ឌគម្ពីរនេះបង្រៀនអំពី «អត្ថន័យនៃការបម្រើ និងមិនបម្រើព្រះជាម្ចាស់ ការរកទ្រង់ឃើញ និងការបាត់បង់ទ្រង់ចេញពីបទពិសោធន៍ផ្ទាល់របស់មនុស្សយើង តាមរយៈការបង្រៀន និងការធ្វើជាគំរូ។ តើកណ្ឌគម្ពីរ រ៉ូម បានរៀបរាប់អ្វីខ្លះទាក់ទងនឹងចំណុចទាំងនោះ? ចម្លើយគឺ៖ កណ្ឌនេះលើកឡើងទាំងស្រុងអំពីជីវិតនៃការមានបាប និងជីវិតនៃការទទួលបានព្រះគុណ ហើយក៏មានការវែកញែកដ៏ស៊ីជម្រៅអំពីបែបបទនៃជំនឿ ដែលព្រះគម្ពីរបានលើកឡើងនៅគ្រប់ទីកន្លែងផងដែរ»។
កណ្ឌគម្ពីរ រ៉ូម គឺជាកណ្ឌដែលនិយាយអំពីក្រុមជំនុំ។ នៅក្នុងកណ្ឌគម្ពីរនេះ «មានរៀបរាប់អំពីជំនឿដែលព្រះជាម្ចាស់ប្រទានឲ្យយើង និងការយល់ដឹងផ្ទាល់អំពីការដែលអ្នកជឿគួរប្រកបគ្នា។ តាមរយៈទស្សនៈនេះ យើងឃើញថា កណ្ឌគម្ពីរ រ៉ូម គឺជាកណ្ឌគម្ពីរនៃដំណឹងល្អដែលក្រុមជំនុំគួរព្យាយាមយកតម្រាប់តាមក្នុងជីវិតរស់នៅ នេះក៏ជាកណ្ឌគម្ពីរដែលរៀបរាប់អំពីអត្តសញ្ញាណរបស់ក្រុមជំនុំផងដែរ។ តើក្រុមជំនុំគឺជាអ្វី? ក្រុមជំនុំ គឺជាពូជដ៏ពិត ហើយស្មោះត្រង់របស់លោក អ័ប្រាហាំ មិនថាជាសាសន៍យូដា ឬក៏មិនមែននោះទេ គឺសុទ្ធតែជាអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស និងបានរាប់ជាសុចរិតតាមរយៈជំនឿ។ ក្រុមជំនុំ គឺជាមនុស្សដែលព្រះជាម្ចាស់បានរំដោះចេញពីអំពើបាប ហើយក៏ប្រទានឲ្យមានសេចក្ដីសុចរិតផ្ទាល់ខ្លួននៅក្នុងជីវិតថ្មី និងនៅក្នុងការបំពេញព័ន្ធកិច្ចជាមួយគ្នាផងដែរ។ ក្រុមជំនុំ គឺជាគ្រួសារដែលព្រះវរបិតាដ៏ជាព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់ ហើយពួកគេរស់នៅដោយមានសង្ឃឹមថា នឹងទទួលបានមរតកដែលទ្រង់បានបម្រុងសម្រាប់ពួកគេ។ ក្រុមជំនុំ គឺជាសហគមន៍នៃអស់អ្នកដែលបានទទួលជឿលើព្រះយេស៊ូវ ជាអ្នកដែលមានជីវិតរស់ឡើងវិញ ហើយអំណាចនៃការដែលព្រះគ្រីស្ទរស់ពីសុគតឡើងវិញ និងការដែលទ្រង់កំពុងគង់នៅស្ថានសួគ៌សព្វថ្ងៃនេះបានចាប់ផ្ដើមធ្វើការតាមរយៈសហគមន៍នេះ»។
កណ្ឌគម្ពីរ រ៉ូម គឺជាសំបុត្រផ្ទាល់ខ្លួន។ កណ្ឌគម្ពីរនេះ គឺជាសំបុត្រមកពីព្រះជាម្ចាស់ផ្ទាល់ ផ្ញើមកកូនខាងឯវិញ្ញាណទាំងអស់របស់ទ្រង់។ «ចូរអានកណ្ឌគម្ពីរ រ៉ូម ក្នុងលក្ខណៈជាសំបុត្រ នោះលោកអ្នកនឹងឃើញថា កណ្ឌគម្ពីរនេះមានអំណាចដ៏ពិសេសមួយ ដែលប៉ះពាល់ដល់ចំណុចមួយចំនួននៅក្នុងជីវិតរបស់លោកអ្នក ដែលលោកអ្នកតែងតែមើលរំលង ឧទាហរណ៍៖ ទម្លាប់ និងឥរិយាបថនៃអំពើបាប ការដែលលោកអ្នកចង់តែធ្វើពុត ការដែលលោកអ្នកគិតថា ខ្លួនសុចរិត ហើយចង់តែពឹងលើខ្លួនឯង ការដែលលោកអ្នកធ្វើអ្វីមួយឲ្យតែរួចពីដៃ ការដែលលោកអ្នកចង់រស់នៅដូចលោកីយ៍ ភាពភ័យខ្លាចរបស់លោកអ្នក ការអស់សង្ឃឹម ការកុហក និងភាពស្ពឹកស្រពន់ខាងឯវិញ្ញាណរបស់លោកអ្នក។ លោកអ្នកក៏នឹងឃើញដែរថា សំបុត្រដ៏អស្ចារ្យ ហើយចម្លែកនេះ មានអំណាចក្នុងការដាស់ឲ្យលោកអ្នកមានអំណរ មានសន្តិភាព ភាពក្លាហាន និងសេរីភាព ហើយក៏នឹងធ្វើឲ្យព្រលឹងវិញ្ញាណរបស់លោកអ្នកមានភាពក្លៀវក្លាដូចដែលព្រះជាម្ចាស់តម្រូវ ក៏ដូចជាបានប្រទានដល់អស់អ្នកដែលស្រឡាញ់ទ្រង់ផងដែរ»។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ស្គាល់កណ្ឌគម្ពីរនេះថែមទៀត សូមអានសៀវភៅ៖
∞ «បានល្អ ធ្វើល្អ» និពន្ធដោយលោកគ្រូ៖ J.D. Crowley។
∞ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយលោកគ្រូ៖ Mark Dever។
មតិយោបល់
Loading…