ខ្ញុំចូលចិត្តពេលវេលាកាលខ្ញុំនៅលីវអាយុចន្លោះពី ២០ទៅ៣០ឆ្នាំខ្លាំងណាស់។ នៅពេលដែលខ្ញុំចង់ញុាំម្ហូបអ្វីមួយ ខ្ញុំសម្រេចចិត្តទៅញុាំភ្លាមៗ។ នៅពេលដែលខ្ញុំចង់សម្រាកលម្ហែកាយនៅកន្លែងណាមួយរយៈពេលមួយសប្ដាហ៍ ខ្ញុំក៏សម្រេចចិត្តទៅភ្លាម។ នៅពេលដែលខ្ញុំគិតថា ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំឲ្យទៅបន្តរៀនយកបណ្ឌិតនៅក្រៅប្រទេស ខ្ញុំក៏សម្រេចចិត្តទៅភ្លាម ហើយក៏នៅមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលមិនសូវអាត្មានិយមដែរ រួមមានដូចជា៖ ការមានពេលវេលា និងកម្លាំងក្នុងការកសាងទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាបម្រើព័ន្ធកិច្ចនៅក្នុងក្រុមជំនុំ។
ប៉ុន្តែ បើនិយាយឲ្យខ្លីទៅខ្ញុំក៏ដឹងថាការនៅលីវក៏ពិបាកដែរ។ មានពេលខ្លះ ខ្ញុំក៏ឯកាខ្លាំងណាស់ ហើយខ្ញុំក៏ធ្លាប់ឆ្ងល់ដែរថា តើព្រះជាម្ចាស់នឹងប្រទានដៃគូជីវិតដល់ខ្ញុំដែរឬទេ? ពេលខ្លះ ខ្ញុំប្រៀបដូចជាខ្សែភ្លើងដាច់ចេញពីបង្គោលភ្លើងមួយ ដែលពេញដោយចរន្តអគ្គិសនីនៃភាពមិនស្កប់ស្កល់ ជាហេតុដែលនាំឲ្យខ្ញុំទៅធ្វើរឿងនេះ ធ្វើរឿងនោះដែលធ្វើឲ្យមនុស្សជាច្រើនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារខ្ញុំ។ ពេលខ្លះ ខ្ញុំច្រណែននឹងមិត្តភក្ដិរបស់ខ្ញុំដែលបានរៀបការរួចហើយ។ ទាក់ទងនឹងភាពនៅលីវ ខ្ញុំមិនបានគិតគូរគ្រប់ពេលវេលាដោយពឹងលើព្រះគុណ ជំនឿដ៏ជ្រាលជ្រៅ ឬក៏អំណរដែលមិនចេះប្រែប្រួលទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាលាយឡំអំណរ និងការសោកស្ដាយ ភាពអរសប្បាយ និងការប្រាថ្នាចង់បាន ព្រមទាំងភាពបរិសុទ្ធ និងអំពើបាប។
បើគិតទៅ កាលនោះ ខ្ញុំពិតជាប្រាថ្នាចង់មាននរណាម្នាក់មកជួយខ្ញុំឲ្យយល់ពីការនៅលីវ និងការរស់នៅដោយពឹងលើភាពអស់កល្បជានិច្ច។ ខ្ញុំគិតថា កាលនោះ បើមានគេជួយពន្យល់ខ្ញុំ ទំនងជាខ្ញុំនឹងចេះមានអំណរនៅក្នុងការរស់នៅដោយកោតខ្លាចព្រះជាម្ចាស់ និងអាចចេះសម្រេចការងារជាច្រើន ក៏ដូចជាចេះមានការស្កប់ចិត្តនៅក្នុងភាពនៅលីវរបស់ខ្លួនផងដែរ។
មូលដ្ឋានដ៏នឹងនរសម្រាប់សេចក្ដីសង្ឃឹមដ៏ខ្ពង់ខ្ពស់
ការយល់អំពីភាពអស់កល្បជានិច្ចនឹងផ្លាស់ប្ដូរនូវគ្រប់អ្វីៗទាំងអស់ រួមបញ្ចូលទាំងភាពនៅលីវរបស់យើងផងដែរ។ ចំពោះចំណុច «ភាពអស់កល្បជានិច្ច» ខ្ញុំចង់មានន័យថា វាទាក់ទងទៅនឹងការបង្កើតផ្ទៃមេឃ និងផែនដីថ្មីនៅពេលអនាគត ដែលព្រះជាម្ចាស់បានពណ៌នានៅក្នុងព្រះគម្ពីរ។ យើងមិនអាចយល់ ហើយក៏មិនអាចនឹងនឹកស្រមៃអំពីអនាគត និងសេចក្ដីសង្ឃឹមនោះបានឡើយ។ អនាគតនោះគឺជាការដែលព្រះអង្គនឹងច្នៃផែនដីនេះជាថ្មី ទ្រង់នឹងស្ដារផែនដីនេះឡើងវិញ ហើយសង់កន្លែងនេះឲ្យក្លាយទៅជាកន្លែងដែលល្អឥតខ្ចោះ គ្មានបាប គ្មានការឈឺចាប់ គ្មានការបែកបាក់គ្នា គ្មានការស្រក់ទឹកភ្នែក គ្មានជំងឺ និងសេចក្ដីស្លាប់ឡើយ។
ផ្ទៃមេឃ និងផែនដីថ្មីនឹងមានលក្ខណៈល្អប្រពៃជាងសួនច្បារអេដែនដំបូងទៅទៀត ព្រោះ៖ ទីមួយ ព្រះយេស៊ូវនឹងមានព្រះវត្តមានផ្ទាល់នៅទីនោះ (វិវរណៈ ២២:១)។ ទីពីរ កន្លែងនោះនឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអ្នកនៅទីនោះក៏នឹងមិនប្រព្រឹត្តបាបទៀតដែរ (មិនដូចលោក អ័ដាម និងនាង អេវ៉ា)។ យើងអាចនិយាយម៉្យាងទៀតបានថា ផែនដីនៅពេលអនាគត មានភាពល្អប្រសើរជាងផែនដីនៅពេលអតីតកាល។ សួនច្បារអេដែនគឺជាកន្លែងដែលគួរឲ្យស្រឡាញ់ ប៉ុន្តែក៏ជាកន្លែងដែលងាយនឹងបាក់បែកផងដែរ។ ការបង្កើតជាថ្មី គឺជាកន្លែងដ៏ស្រស់ស្អាត និងមិនចេះប្រែប្រួលឡើយ។ យើងអាចប្រៀបធៀបសួនច្បារអេដែនទៅនឹងប៉ាន់តែមួយដែលមានក្បាច់រចនា ម៉ូតស្អាត គំនូរស្អាត រាងស្អាត។ល។ ប៉ុន្តែប៉ាន់តែនោះក៏ងាយនឹងបែកណាស់ដែរ។ តែផ្ទុយពីនេះ ការបង្កើតជាថ្មី គឺជាកន្លែងមួយដែលប្រៀបដូចជាភ្នំហិម៉ាឡៃ (Himalayas) ដែលមើលទៅធ្វើឲ្យយើងភ្លឹក ហើយក៏ជាភ្នំមួយដែលមិនអាចងាយនឹងរើបានឡើយ។
យើងជាមនុស្សមិនល្អឥតខ្ចោះ ហើយយើងកំពុងរស់នៅលើផែនដីដែលមិនល្អឥតខ្ចោះ ប៉ុន្តែអនាគតដ៏ល្អឥតខ្ចោះ នោះនឹងក្លាយទៅជាអនាគតរបស់យើង នៅពេលដែលយើងរួបរួមជាមួយព្រះអង្គសង្គ្រោះដ៏ល្អឥតខ្ចោះតាមរយៈជំនឿ។ តាមរយៈជំនឿ យើងអាចនឹងដឹងបានយ៉ាងប្រាកដថា អនាគតដ៏ល្អឥតខ្ចោះនោះគឺជាអនាគតរបស់យើង។ ព្រះគម្ពីរបានហៅការអះអាងនេះថាជា «សេចក្ដីសង្ឃឹម»។
សេចក្ដីសង្ឃឹមរបស់គ្រីស្ទបរិស័ទ គឺជាទំនុកចិត្តដែលដឹងថា ព្រះជាម្ចាស់បានរៀបចំអនាគតដ៏ល្អប្រពៃសម្រាប់យើង ហើយការដែលយើងដឹងបែបនេះ គួរតែផ្លាស់ប្ដូរទស្សនៈរបស់យើងអំពីកាលៈទេសៈនៅពេលបច្ចុប្បន្នកាលនេះ។ ចំណុចនេះក៏គួរតែផ្ដល់កម្លាំង និងជួយយើងឲ្យបានគ្រប់លក្ខណ៍នៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរស់នៅរបស់យើង និងការនៅលីវរបស់យើងផងដែរ។ ចំណុចនេះគួរតែធ្វើឲ្យយើងកាន់តែចង់ឲ្យផែនដីថ្មីឆាប់មកដល់ ហើយការចង់បានបែបនេះក៏នឹងកាន់តែធ្វើឲ្យយើងមានសេចក្ដីស្កប់ចិត្តផងដែរ។
ដើម្បីឲ្យកាន់តែស្កប់ចិត្ត ត្រូវតែកុំឲ្យនៅស្ងៀម
កាលពីខ្ញុំនៅលីវ ខ្ញុំមិនសូវចេះស្កប់ចិត្តសោះ។ ទោះបីជានៅពេលដែលខ្ញុំបានដើរលេងយ៉ាងសប្បាយរីករាយ ហើយមានអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាច្រើនក៏ដោយ ក៏មិនសូវសំខាន់ប៉ុន្មានដែរ ព្រោះខ្ញុំមិនមានបុគ្គលណាម្នាក់ទៀតក្រៅតែពីខ្លួនក្នុងការចែកចាយអនុស្សាវរីយ៍នោះឡើយ។
នៅពេលដែលយើងកាន់តែចង់ទៅនៅស្ថានសួគ៌ជាមួយនឹងព្រះជាម្ចាស់ នោះនឹងកាន់តែជួយឲ្យយើងចេះមានភាពស្កប់ចិត្ត។ ស្ដាប់មើលទៅ គំនិតបែបនេះហាក់បីដូចជាផ្ទុយគ្នា ប៉ុន្តែគំនិតនោះមិនផ្ទុយគ្នាទេ។ សាវ័ក ប៉ុល គឺជាបុគ្គលម្នាក់ដែលមិនចេះនៅស្ងៀមឡើយ។ គាត់បានមមុលឈោងទៅឯសេចក្ដីខាងមុខទៀត ទាំងរត់តម្រង់ទៅឯទីដ៏ខ្ពស់ (ភីលីព ៣:១៣-១៤)។ ប៉ុន្តែ គាត់ក៏បានលើកឡើងផងដែរថា គាត់បានរៀន ហើយដឹងពីសេចក្ដីអាថ៌កំបាំងនៃការស្កប់ចិត្តនៅក្នុងសណ្ឋានគ្រប់យ៉ាង (ភីលីព ៤:១២)។ ចំណុចទាំងពីរនេះមានភាពស៊ីសង្វាក់គ្នាណាស់។
មូលហេតុដែលយើងមិនចេះស្កប់ចិត្តនឹងភាពនៅលីវរបស់យើង (ឬក៏ការងារ ជីវិតអាពាហ៍ពិពាហ៍ យានជំនិះ កូនចៅ ឬក៏អ្វីផ្សេងទៀត) គឺដោយព្រោះតែយើងបានឲ្យតម្លៃទៅលើបុគ្គល ឬក៏របស់ណាមួយ (មិនថាអ្វីក៏ដោយ) ខ្ពស់ជាងភាពអស់កល្បជានិច្ច។ ប្រសិនបើលោកអ្នកយកមេដៃរបស់ខ្លួនមកដាក់ជិតភ្នែក នោះមិនថាមានអគារណាមួយធំប៉ុណ្ណាក៏ដោយ ក៏មេដៃរបស់លោកអ្នកបាំងមិនឲ្យលោកអ្នកឃើញអគារនោះដែរ។
នៅពេលដែលយើងផ្ដល់តម្លៃឲ្យកាលៈទេសៈរបស់យើងខ្ពស់ជាងភាពអស់កល្បជានិច្ច នោះមានន័យថា យើងបានបាត់បង់ទស្សនៈរបស់ខ្លួនហើយ។ ហើយនៅពេលដែលយើងបាត់បង់ទស្សនៈរបស់ខ្លួន នោះយើងនឹងដាក់ការស្កប់ចិត្តរបស់ខ្លួនទៅលើអ្វីមួយ ដែលព្រះជាម្ចាស់មិនបានបង្កើតមក ដើម្បីឲ្យអាចទ្រាំទ្រនឹងទម្ងន់នៃការស្កប់ចិត្តនោះបាន។ យើងរំពឹងលើដៃគូ មិត្តភក្ដិ ការងារ ឬក៏អ្វីមួយដែលយើងធ្លាប់បានសម្រេច ឲ្យធ្វើជាអ្នកដែលផ្ដល់ភាពអរសប្បាយដល់យើង តែទាំងអស់នោះមិនអាចធ្វើបានឡើយ។
ស្ថានភាពនៃជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកនៅឯស្ថានសួគ៌
បញ្ហានៃរបៀបរស់នៅបែបនេះនឹងនាំឲ្យយើងកាន់តែលែងមានសេចក្ដីស្កប់ចិត្ត។ ប្រសិនបើព្រះជាម្ចាស់បានប្រទានការងារដ៏ល្អមួយដល់យើង ប៉ុន្តែយើងនៅតែគិតថា ការងារដែលយើងមានស្រាប់ធំជាង សំខាន់ជាង ហើយមានន័យខ្ពស់ជាងផ្ទៃមេឃ និងផែនដីថ្មីដែលទ្រង់នឹងបង្កើត នោះយើងទំនងជានឹងលះបង់អ្វីៗទាំងអស់ ដើម្បីធ្វើឲ្យការងារនោះកាន់តែប្រសើរ ឬក៏យើងទំនងជាខូចចិត្តយ៉ាងខ្លាំង ប្រសិនបើយើងបាត់បង់ការងារនោះ។
ប្រសិនបើយើងនៅលីវ តែយើងចង់បានដៃគូអនាគតខ្លាំងជាងការរស់នៅជាមួយព្រះគ្រីស្ទអស់កល្បជានិច្ច នោះមានន័យថា យើងនឹងទម្លាក់បន្ទុកដែលយើងរំពឹងចង់បានទៅលើដៃគូអនាគតដែលព្រះជាម្ចាស់នឹងរៀបចំឲ្យយើង ហើយបន្ទុកនោះធ្ងន់ជាងកម្លាំងដែលគាត់អាចនឹងទ្រាំទ្របាន ហើយយើងតូចចិត្ត និងមើលឃើញតែការអាក្រក់ ឬក៏ខូចចិត្តទាំងស្រុងតែម្ដងក្នុងនាមជាបុគ្គលដែលនៅលីវ។ បុគ្គលដែលមិនចេះមានភាពស្កប់ចិត្តនៅពេលនៅលីវ នឹងក្លាយជាដៃគូអនាគតដែលមិនចេះមានភាពស្កប់ចិត្ត បន្ទាប់មកគាត់នឹងក្លាយទៅជាឪពុកម្ដាយដែលមិនចេះមានភាពស្កប់ចិត្ត…រហូតទាល់តែគាត់ទទួលស្គាល់ថា ភាពអស់កល្បជានិច្ចមានសារៈសំខាន់ជាងអ្វីៗទាំងអស់។
ព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការបំផ្លាស់បំប្រែទស្សនៈរបស់យើង ជាងស្ថានភាពនៃជីវិតអាពាហ៍ពិពាហ៍របស់យើងទៅទៀត។ ប្រសិនបើយើងយកភាពអស់កល្បជានិច្ចមកធ្វើជាចំណុចស្នូលនៅក្នុងជីវិតរស់នៅរបស់យើង នោះទោះបីជាប្ដី ប្រពន្ធ ឬក៏កូនរបស់យើង (ឬបើយើងមិនមានប្ដី ប្រពន្ធ ឬក៏កូនដូចដែលយើងប្រាថ្នាចង់បាន) ធ្វើឲ្យយើងខកចិត្តក៏ដោយ ក៏យើងមិនមានបញ្ហាអ្វីដែរ ទោះបើយើងមានការឈឺចាប់ក៏ដោយ ព្រោះយើងដឹងថា ភាពអស់កល្បជានិច្ចគឺជារបស់យើង។ យើងមានសណ្ដូននៅលើទូក ដែលនឹងធ្វើឲ្យយើងមានលំនឹងនៅពេលដែលយើងពិបាកចិត្ត ឬក៏មើលរំលងឱកាសណាមួយ ក៏ដូចជាជួបប្រទះសោកនាដកម្មនៅក្នុងជីវិតនេះ។
ខណៈពេលដែលយើងកាន់តែចង់ទៅនៅក្នុងផ្ទៃមេឃ និងផែនដីថ្មី ហើយកាន់តែផ្ដោតចិត្តគំនិត និងអារម្មណ៍របស់យើងទៅកន្លែងនោះ នោះយើងក៏នឹងមិនសូវឲ្យទុក្ខព្រួយនៅក្នុងជីវិតនេះមកធ្វើឲ្យយើងពិបាកចិត្តដែរ ហើយយើងក៏នឹងកាន់តែមើលឃើញថា គ្រប់ព្រះពរទាំងអស់នៅលើផែនដីនេះ មិនមែនជាព្រះពរចុងក្រោយនោះទេ តែគ្រាន់តែជាការចង្អុលបង្ហាញអំពីព្រះពរដ៏នៅអស់កល្បជានិច្ចនៅពេលខាងមុខប៉ុណ្ណោះ។ ខណៈពេលដែលយើងកាន់តែចង់ទៅនៅស្ថានសួគ៌ នោះយើងក៏នឹងកាន់តែស្កប់ចិត្តដែរ។
ប្រសិនបើលោកអ្នកជាបុគ្គលនៅលីវម្នាក់ នោះអត្តសញ្ញាណរបស់លោកអ្នកដែលជា «បុគ្គលនៅលីវ» បានក្លាយជាចំណុចស្នូលនៃរបៀបដែលលោកអ្នកគិតអំពីខ្លួនឯង។ ប៉ុន្តែ ចូរចាំថា នៅក្នុងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ទ្រង់ដូចជាបានបង្រៀនថា នៅស្ថានសួគ៌ យើងទាំងអស់គ្នានឹងនៅលីវ។ គ្មានជីវិតអាពាហ៍ពិពាហ៍នៅឯស្ថានសួគ៌ទេ។ ស្ថានភាពនៃជីវិតអាពាហ៍ពិពាហ៍របស់យើង មិនមែនជាអ្វីដែលនឹងផ្ដល់អត្ថន័យដល់ជីវិតរបស់យើងអស់កល្បជានិច្ចឡើយ ប៉ុន្តែការដែលយើងមានអំណរចំពោះវត្តមានដ៏ល្អឥតខ្ចោះរបស់ព្រះគ្រីស្ទ គឺជាអ្វីដែលនឹងផ្ដល់អត្ថន័យដល់ជីវិតរបស់យើង។
នេះមានន័យថា បុគ្គលនៅលីវដែលស្រឡាញ់ព្រះយេស៊ូវមានលក្ខណៈដូចគ្នាច្រើននឹងបុគ្គលរៀបការរួចដែលស្រឡាញ់ព្រះយេស៊ូវ ជាងបុគ្គលនៅលីវដែលមិនស្គាល់ទ្រង់ទៅទៀត។ យើងនឹងស្គាល់ព្រះយេស៊ូវអស់កល្បជានិច្ច ហើយទ្រង់ក៏នឹងស្រឡាញ់យើងអស់កល្បជានិច្ចផងដែរ។ ចំណុចនេះសំខាន់ជាងស្ថានភាពនៃជីវិតអាពាហ៍ពិពាហ៍របស់យើងទៅទៀត។ ចូរកុំគិតថា គ្មាន «ដៃគូជីវិត» ណាមិនចង់បានអ្នកឡើយ។ តែចូរគិតបែបនេះវិញ៖ សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវចំពោះលោកអ្នក ស្ថិតនៅអស់កល្បជានិច្ច។
មានពេលខ្លះ អ្នកនៅលីវជាច្រើន (តែមិនមែនទាំងអស់នោះទេ) មានអារម្មណ៍ឯកា ហើយប្រាថ្នាចង់បានដៃគូជីវិត នៅពេលដែលពួកគេឆ្លងកាត់ពេលវេលា ឬកាលៈទេសៈដែលមើលទៅហាក់បីដូចជា ខ្លួនឯងនៅលីវតែម្នាក់ឯង ឧ. នៅពេលដែលបុគ្គលនោះទៅចូលរួមពិធីមង្គលការ ជប់លៀង។ល។ នោះហើយជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ។ ប៉ុន្តែសរុបសេចក្ដីទៅ៖ ការស្គាល់ព្រះជាម្ចាស់ និងគម្រោងការចុងក្រោយរបស់ទ្រង់សម្រាប់យើងនៅពេលអនាគត ក៏ដូចជាការស្គាល់ខ្លួនឯងនៅក្នុងគម្រោងការនោះ នឹងធ្វើឲ្យយើងស្កប់ចិត្តមែនទែននៅពេលបច្ចុប្បន្ននេះ។
មតិយោបល់
Loading…