in

តើ​ព្រះ​ចន្ទបាន​ក្លាយ​ទៅជា​ឈាម?

Four Blood Moons

ជារឿយៗ យើង​ខ្ញុំ​តែង​តែ​អាន​សៀវភៅ​គ្រីស្ទ​បរិស័ទ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ឱកាស​លូត​លាស់ ហើយ​ស្ដាប់​បង្គាប់​តាម​ព្រះ​អម្ចាស់ ប៉ុន្តែ​ពេល​ខ្លះ​យើង​ខ្ញុំ​ក៏​អាន​សៀវភៅ​ដែល​លក់​ដាច់​ច្រើន​ជាង​គេ​ដែរ ហើយ​មើល​ទៅ​វា​ដូចជា​មាន​ឥទ្ធិពល​ចំពោះ​អ្នក​អាន ដូច្នេះ​យើង​ខ្ញុំ​ក៏​ចង់​អាន​សៀវភៅ​ដូច​នោះ​ដែរ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​នឹង​គេ។ យើង​ខ្ញុំ​អាន​ដើម្បី​ឲ្យ​ដឹង​ថា ហេតុអ្វី​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​អាន​សៀវភៅ​ទាំង​នោះ។ ក្នុង​ចំណោម​សៀវភៅ​ល្បី​ល្បាញ​ទាំង​នោះ​ក៏​មាន​សៀវភៅ​របស់​លោក ចន ហេហ្គី (John Hagee) ដែល​មាន​ចំណង​ជើង​ថា Four Blood Moons ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​សម្រេច​ចិត្ត​អាន​សៀវភៅ​របស់​គាត់។ មាន​ចន្ទគ្រាស​បួន​ដែល​នឹង​កើត​មាន​ឡើង​តាម​ដំណាក់​កាល​ម្ដង​មួយៗ ដែល​វា​នឹង​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ម្ដងៗ។ ចន្ទគ្រាស​លើក​ទី​មួយ​ទើប​តែ​បាន​កើត​ឡើង​នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤​នេះ។ ក្រុម NASA បាន​លើក​ឡើង​ថា «បាតុភូត​នេះ​បាន​កើត​ឡើង​នៅ ថ្ងៃទី១៥ ខែមេសា នៅ​ចំ​ពេល​ដែល​ព្រះ​ចន្ទ​ពេញ​បូរមី ឆ្លង​កាត់​ស្រមោល​ងងឹត​របស់​ផែនដី ហើយ​វា​បង្កើត​ជា​ចន្ទគ្រាស​នៅ​ចំ​កណ្ដាល​រាត្រី​ដែល​ប្រទេស​ផ្សេងៗ​នៅ​ប៉ែក​អាមេរិក​ខាង​ជើង​អាច​មើល​ឃើញ​បាន។ ពេល​ដែល​បាតុភូត​នេះ​កើត​ឡើង នោះ​បង្ហាញ​ប្រាប់​ថា ចន្ទគ្រាស​ដំបូង​ក្នុង​ចំណោម​ចន្ទគ្រាស​ទាំង​បួន​បាន​កើត​ឡើង​មុន​គេ ហើយ​នឹង​មាន​ចន្ទគ្រាស​បី​ទៀត​ដែល​នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រវាង​ប្រមាណ​ប្រាំមួយ​ខែ​ម្ដង បាតុភូត​នេះ​ជា​ភាសា​អង់គ្លេស​ហៅ​ថា tetrad។ ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិនឆ្អៅ​បាន​កើត​ឡើង​នៅ ថ្ងៃ​ទី១៥ ខែ​មេសា ហើយ​នឹង​កើត​ឡើង​ជា​បន្តបន្ទាប់​ទៀត​នៅ ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ២០១៤ និង​នៅ ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០១៥ ហើយ​ម្ដង​ទៀត​នៅ ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥»។ នៅ​ក្នុង​អំឡុង​ពេល​ដែល​ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​ទាំង​បួន​កំពុង​តែ​កើត​ឡើង ពេល​នោះ​ព្រះ​ចន្ទ​នឹង​ប្ដូរ​ពណ៌​ទៅ​ជា​ពណ៌​ក្រហម។ លោក ចន ហេហ្គី បាន​ហៅ​ចន្ទគ្រាស​នេះ​ថា​ជា​ព្រះ​ចន្ទ​ក្រហម​ពណ៌​ឈាម (blood red moon)។

ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៍​លើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បទទំនាយ​នៅ​ក្នុង​ព្រះ​គម្ពីរ នោះ​លោក​អ្នក​នឹង​ឃើញ​ថា មាន​សេចក្តី​បង្រៀន​ពី​ចន្ទគ្រាស​ជា​ច្រើន​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​លោក​អ្នក​ក៏​ពិបាក​នឹង​មើល​រំលង​វា​ដែរ។ ដ្បិត​កណ្ឌ​គម្ពីរ យ៉ូអែល ២:៣១ ក៏​បាន​ចែង​ដែរ​ថា «ព្រះ​អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ​ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់»។ លោក ចន ហេហ្គី ជឿ​ថា «ព្រះ​ជាម្ចាស់​ប្រើប្រាស់ ព្រះអាទិត្យ ព្រះ​ចន្ទ និង​ផ្កាយ​ទុកជា​សញ្ញា​សម្គាល់ ដើម្បី​នាំ​សារ​មកកាន់​មនុស្សលោក។ ទ្រង់​ប្រើប្រាស់​ផ្ទៃមេឃ​ទុកដូចជា​កន្លែង​សម្រាប់​ប្រកាស​ដំណឹង​ផ្សេងៗ​ដែល​នឹង​កើត​ឡើង»។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា៖

«ព្រះ​អាទិត្យ ព្រះ​ចន្ទ និង​ផ្កាយ​ជាប់​ពាក់​ព័ន្ធ​នឹង​សាសន៍​អ៊‌ីស្រាអែល និង​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​យ៉ាង​ច្បាស់។ ការ​ជាប់​ពាក់​ព័ន្ធ​នោះ​បាន​លើកទឹកចិត្ត​យើង​ខ្ញុំ​ឲ្យ​និពន្ធ​សៀវភៅ Four Blood Moons នេះ។ ព្រះ​ជាម្ចាស់​នឹង​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ទាំង​នោះ ដើម្បី​នាំ​សារ​ដ៏​សំខាន់​មួយ​មក​កាន់​មនុស្ស​លោក។ តើ​ព្រះ​ជាម្ចាស់​កំពុងតែ​មាន​បន្ទូល​អ្វី​មក​កាន់​យើង​រាល់គ្នា? តើ​អតីត​កាល​លាក់​បាំង​អាថ៌​កំបាំង​អនាគត​កាល​ដោយ​របៀប​ណា? តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ផែនដី​នេះ? គ្រប់​អ្វីៗ​ទាំង​អស់​ជិត​នឹង​មាន​ការ​ប្រែ​ប្រួល ហើយ​ការ​ប្រែ​ប្រួល​នោះ​នឹង​នៅ​ស្ថិត​ស្ថេរ​ជា​រហូត។ សូម​បន្ត​អាន​សៀវភៅ​នេះ ពី​ព្រោះ​នេះ​គឺ​ជា​សារ​ដ៏​សំខាន់​ដែល​មក​ពី​ព្រះ​ជាម្ចាស់។ យើង​ដឹង​ថា នេះ​ជា​សារ​ដ៏​សំខាន់​ព្រោះ​ទ្រង់​បាន​គ្រោង​ឲ្យ​ព្រះ​អាទិត្យ និង​ព្រះ​ចន្ទ​ឈរ​ជា​គន្លង ហើយ​បង្កើត​ឲ្យ​មាន​ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិនឆ្អៅ​បួន​កើត​ឡើង»។

កន្លង​ប្រាំ​រយ​ឆ្នាំ​មក​នេះ ព្រះ​ចន្ទ​ក្រហម​បាន​កើត​ឡើង​បី​ដង​រួច​ហើយ​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​បុណ្យ​រំលង។ លោក ចន ហេហ្គី បាន​មាន​ប្រសាសន៍​ទៀត​ថា «នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​សាសន៍​យូដា​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ប្រាំ​រយ​ឆ្នាំ​កន្លង​មក​នេះ​មាន​ចន្ទគ្រាស​បី​ដង​បាន​កើត​ឡើង​ហើយ​ក្នុង​ចំណោម​ចន្ទគ្រាស​ទាំង​បួន​ដែល​ជាប់​ទាក់​ទិន​នឹង​ប្រទេស​អ៊‌ីស្រាអែល។ ចន្ទគ្រាស​លើក​ទី​បួន​ជិត​កើត​ឡើង​ហើយ»។ យោង​តាម​ការ​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​របស់​លោក ចន ហេហ្គី គាត់​បាន​សន្មត​ថា ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​ទាំង​នោះ​បាន​កើត​ឡើង​ក្នុង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​របស់​សាសន៍​យូដា​ដូចជា៖ នៅ​ឆ្នាំ១៤៩២ ប្រទេស​អេស្ប៉ាញ​បាន​បណ្ដេញ​សាសន៍​យូដា​ចេញ​ពី​ប្រទេស​របស់​ពួក​គេ ហើយ​នៅ​ឆ្នាំ១៩៤៩ អង្គការ​សហ​ប្រជាជាតិ​បាន​ទទួល​ស្គាល់​ថា អ៊‌ីស្រាអែល​មាន​ប្រទេស​ឡើង​វិញ នៅ​ឆ្នាំ១៩៦៧ មាន​សង្គ្រាម​ប្រាំ​មួយ​ថ្ងៃ​រវាង​ពួក​អារ៉ាប់ និង​សាសន៍​អ៊‌ីស្រាអែល​បាន​កើត​ឡើង។

លោក​អ្នក​ត្រូវ​យល់​ឲ្យ​បាន​ថា លោក ចន ហេហ្គី ជឿ​ថា សាសន៍​យូដា​នៅ​តែ​ជា​រាស្ត្រ​រើស​តាំង​របស់​ព្រះ​ជាម្ចាស់ ហើយ​សេចក្តី​សន្យា និង​ការ​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​សាសន៍​យូដា​នៅ​តែ​មាន​សុពល​ភាព​នៅ​សព្វថ្ងៃ​នេះ​នៅ​ឡើយ។ លោក​បាន​លើក​ឡើង​ទៀត​ថា «សាសន៍​យូដា​នៅតែ​ជា​កែវ​ភ្នែក​របស់​ព្រះ​ជាម្ចាស់​ដដែល។ ពួក​គេ​នៅ​តែ​ជា​រាស្ត្រ​ដែល​ព្រះ​ជាម្ចាស់​ស្រឡាញ់ ហើយ​ក៏​នៅ​តែ​ជា​រាស្ត្រ​រើស​តាំង។ ពួក​គេ​ក៏​នៅ​តែ​ជា​រាស្ត្រ​ដែល​ព្រះ​ជាម្ចាស់​បាន​តាំង​សញ្ញា​ជា​មួយ​ដដែល។ ព្រះ​ជាម្ចាស់​បាន​សន្យា​នឹង​រក្សា​ការ​តាំង​សញ្ញា​នោះ​ជា​រៀង​រហូត»។ ហើយ​លោក ចន ហេហ្គី ក៏​ជឿ​ទៀត​ថា ព្រះ​ជាម្ចាស់​មាន​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​មួយ​ប្រទេស អាមេរិក ព្រោះ​ចាប់​តាំង​ពី​ប្រទេស​អេស្ប៉ាញ​បាន​បណ្ដេញ​សាសន៍ យូដា​ចេញពី​ប្រទេស​របស់​ពួកគេ​នៅ​អំឡុង​ឆ្នាំ១៤៩២​មក ពេល​នោះ​ប្រទេស​អាមេរិក​បាន​ទទួល​ស្វាគមន៍​សាសន៍​យូដា​យ៉ាង​កក់​ក្ដៅ។ លោក ចន ហេហ្គី​បាន​មាន​ប្រសាសន៍​ថា «ព្រះ​ជាម្ចាស់​បាន​ដក​ភាព​រុងរឿង​ចេញ​ពី​ប្រទេស​អេស្ប៉ាញ ហើយ​បាន​ផ្ទេរ​ទៅ​ប្រទេស​អាមេរិក​ដែល​ជា​ប្រទេស​ក្មេងខ្ចី​នៅ​ឡើយ​នៅ​ឆ្នាំ​នោះ»។ ព្រះ​ជាម្ចាស់​បាន​ប្រទាន​អភ័យឯកសិទ្ធិ​ដ៏​ពិសេស​មួយ​ដល់​ប្រទេស​អាមេរិក ដើម្បី​ការពារ​រាស្ត្រ​របស់​ទ្រង់​ដែល​ជា​សាសន៍​អ៊‌ីស្រាអែល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេស អាមេរិក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​ព្យាយាម​ឲ្យ​ស្គាល់​ពី និមិត្ត​សញ្ញា​ទាក់​ទង​នឹង​បាតុភូត​ព្រះ​ចន្ទ​ក្រហម​ទាំង​បួន​នេះ។

four-blood-moons-book-coverសៀវភៅ Four Blood Moons គឺ​ជា​សៀវភៅ​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​ខក​ចិត្ត​យ៉ាង​ខ្លាំង។ សៀវភៅ​ប្រភេទ​នេះ​គឺ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​អាន​ខក​ចិត្ត​គ្រប់​ពេល។ នៅ​ទី​បញ្ចប់ លោក ចន ហេហ្គី មិន​បាន​ប្រាប់​ថា​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើត​មាន​ឡើង ឬ​ប្រាប់​ពី​ពេល​វេលា​ដែល​ព្រឹត្តិការណ៍​នោះ​នឹង​កើត​ឡើង​នោះ​ទេ។ គាត់​គ្រាន់​តែ​និយាយ​ថា នៅ​ថ្ងៃ​ខាង​មុខ​នេះ​នឹង​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​នឹង​ត្រូវ​កើត​ឡើង។ មាន​មនុស្ស​ជា​ច្រើន​តែង​តែ​ទាយ​ពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ដោយ​គ្មាន​ភាព​ច្បាស់​លាស់ ព្រោះ​ពួក​គេ​មិន​បាន​ប្រើ​ប្រាស់​ខគម្ពីរ​ឲ្យ​បាន​ត្រឹម​ត្រូវ។

យើង​ខ្ញុំ​ជឿ​ថា យើង​ទាំង​អស់​គ្នា​បាន​អាន​សៀវភៅ​នេះ ឬ​សៀវភៅ​ផ្សេងៗ​ដែល​មាន​សេចក្តី​បង្រៀន​ប្រភេទ​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​ពេក​ហើយ។ ពិត​ប្រាកដ​ណាស់! សៀវភៅ​នេះ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ប៉ាន់​ស្មាន​មិន​ចេះ​ឈប់​មិន​ឈរ មាន​មនុស្ស​មួយ​ចំនួន​បាន​រិះគន់​គាត់​ថា គាត់​ចេះ​តែ​លើក​ឡើង​ឲ្យ​ត្រូវ​តែ​តាម​គំនិត​របស់​គាត់​ប៉ុណ្ណោះ។ តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច​ចំពោះ​សៀវភៅ​ដូច​ជា Four Blood Moons មួយ​ក្បាល​នេះ? យើង​ខ្ញុំ​គិត​ថា យើង​មិន​ត្រូវ​ទទួល​ស្គាល់​សៀវភៅ​ប្រភេទ​នេះ​ទេ។ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ផ្ដល់​ហេតុផល​បួន​យ៉ាង​ដែល​យើង​ខ្ញុំ​គិត​ដូច​នេះ៖

លោក ចន ហេហ្គី បាន​ប្រើ​ប្រាស់​ខគម្ពីរ​ដោយ​របៀប​ខុស​ឆ្គង។ ជារឿយៗ នៅ​ពេល​ដែល​គាត់​កាត់​ស្រាយ​ចន្ទគ្រាស​ដែល​គាត់​រាប់​ថា​ជា​ទំនាយ​ក្នុង​ព្រះ​គម្ពីរ គាត់​បាន​ប្រើ​ប្រាស់​ខគម្ពីរ​ដោយ​របៀប​ខុសឆ្គង។ មើល​ទៅ​គាត់​បក​ស្រាយ​ព្រះ​គម្ពីរ​តាម​តែ​ចិត្ត​គាត់ ពេល​ខ្លះ​គាត់​យក​អត្ថ​ន័យ​ត្រង់ៗ ហើយ​ពេល​ខ្លះ​ទៀត​គាត់​ប្រៀប​ធៀប​ទៅ​នឹង​អ្វី​ផ្សេង​ទៀត ដើម្បី​ឲ្យ​ព្រះ​គម្ពីរ​មាន​អត្ថ​ន័យ​តាម​បំណង​ចិត្ត​ដែល​គាត់​ចង់​បាន។ មុន​ដែល​លោក ចន ហេហ្គី ទៅ​រក​ខយោង​នៅ​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​គាំ​ទ្រ​​ថា គំនិត​របស់​គាត់​ត្រឹម​ត្រូវ គឺ​គាត់​បាន​មាន​គំនិត​កាត់​ស្រាយ​បទ​គម្ពីរ​នោះ​ដោយ​ខ្លួន​ឯង​មុន​រួច​បាត់​ទៅ​ហើយ។ ដូច្នេះ គាត់​អាច​រក​ខយោង​មក​ប្រើ​ជា​ភស្តុតាង​មក​លើ​គំនិត​ផ្ទាល់​របស់​គាត់​នៅ​ត្រង់​ណា ឬ​ពេល​ណា​ក៏​បាន ពី​ព្រោះ​គាត់​បាន​ប្រើ​ប្រាស់​ខ​គម្ពីរ​ដោយ​របៀប​ខុស​ឆ្គង។

លោក ចន ហេហ្គី ឲ្យ​អត្ថ​ន័យ​លើ​ប្រវត្តិ​សាស្ត្រ​តាម​តែ​ចិត្ត​របស់​គាត់។ សៀវភៅ Four Blood Moons រំឭក​យើង​ខ្ញុំ​ពី​សៀវភៅ​ដ៏​ល្បី​ល្បាញ​មួយ​ទៀត​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា The Bible Code ហើយ​សៀវភៅ​នោះ​គ្រាន់​តែ​រៀប​រាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​អតីត​កាល​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​រៀបរាប់​ពី​អ្វីៗ​ដ៏​មាន​គុណ​ប្រយោជន៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​សោះ។ លោក ចន ហេហ្គី គ្រាន់​តែ​ជ្រើស​យក​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ខ្លះៗ ហើយ​ឲ្យ​អត្ថ​ន័យ​យ៉ាង​ខ្ពស់​ទៅ​លើ​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​ស្រប​ពេល​នោះ​ដែរ គាត់​ក៏​មិន​បាន​អើពើ​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ដែល​មិន​គាំ​ទ្រ​នឹង​គំនិត​ដែល​គាត់​ចង់​លើក​ឡើង​នោះ​ដែរ។ ឧទាហរណ៍៖ គាត់​មិន​បាន​លើក​ឡើង​ថា ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម ពួក​គេ​មិន​អាច​មើល​ឃើញ​ចន្ទគ្រាស​ទាំង​បី​ក្នុង​ចំណោម​ចន្ទគ្រាស​ទាំង​បួន​ដែល​បាន​កើត​ឡើង​នោះ​ទេ។ ប្រសិនបើ ព្រះ​ជាម្ចាស់​ផ្ដល់​សញ្ញា​សម្គាល់​ទាំង​នោះ​សម្រាប់​ប្រទេស​អ៊‌ីស្រាអែល​មែន ចុះ​តើ​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​អាច​មើល​ឃើញ​អញ្ចឹង? (ក្រុម Answer In Genesis បាន​និពន្ធ​ឯកសារ​ដ៏​ល្អ​មួយ​ដែល​មាន​រៀប​រាប់​បន្ថែម​លើ​ប្រតិទិន​ដែល​រាប់​តាម​ចន្ទគតិ និង​ពី​ពេល​វេលា​ដែល​ចន្ទគ្រាស​ទាំង​នោះ​បាន​កើត​ឡើង។ លោក​អ្នក​អាច​អាន​ការ​រៀប​រាប់​នេះ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​គេហទំព័រ៖ www.answersingenesis.org)។

លោក ចន ហេហ្គី និពន្ធ​ក្នុង​នាម​ជា​ជនជាតិ​អាមេរិក ហើយ​សម្រាប់​ប្រជាជន​អាមេរិក។ វា​គួរ​ឲ្យ​ចម្លែក​ណាស់​ដែល​យើង​ខ្ញុំ​ជា​ជនជាតិ​កាណាដា​អាន​សៀវភៅ​នេះ​ដោយ​មាន​ផ្នត់​គំនិត​តាម​ជនជាតិ​កាណាដា។ លោក ចន ហេហ្គី ជឿ​ថា​ប្រទេស​អាមេរិក​ជា​ប្រទេស​ដ៏​សំណព្វ​មួយ​ក្នុង​ព្រះ​នេត្រ​ព្រះ​ជាម្ចាស់។ ចុះ​ហេតុ​អ្វី​បាន​ជា​ប្រទេស​អាមេរិក​ជា​ប្រទេស​សំណព្វ តែ​ប្រទេស​ផ្សេងៗ​ដូច​ជា​កាណាដា ស្វីស វៀតណាម…មិន​មែន​ជា​ប្រទេស​សំណព្វ​ទៅ​វិញ? ហើយ​ហេតុ​អ្វី​បាន​ជា​មាន​តែ​ប្រទេស​អាមេរិក​ត្រូវ​ការ​ស្ដាប់​តាម​ដំបូន្មាន​នេះ តែ​មិន​មែន​ប្រទេស​ផ្សេងៗ​ទៅ​វិញ? ព្រះ​ជាម្ចាស់​បាន​គ្រោង​ដំណឹង​ល្អ​ទុក​សម្រាប់​គ្រប់​ទាំង​ពូជ​សាសន៍ កុលសម្ព័ន្ធ និង​ភាសា ប៉ុន្តែ​សៀវភៅ​ដែល​និពន្ធ​ដោយ​ជនជាតិ​អាមេរិក​មួយ​ក្បាល​នេះ​បែរ​ជា​ទុក​សម្រាប់​តែ​ជន​ជាតិ​អាមេរិក​អាន​ប៉ុណ្ណោះ។

លោក ចន ហេហ្គី មិន​បាន​រៀប​រាប់​យ៉ាង​ច្បាស់​ពី​ព្រះ​មេស្ស៊ី និង​សាសន៍​យូដា​ទេ។ លោក ចន ហេហ្គី បាន​កោត​សរសើរ ហើយ​ថែម​ទាំង​មាន​ចិត្ត​ច្រណែន​នឹង​សាសន៍​យូដា​ទៀត​ផង។ នៅ​ក្នុង​ការ​កោត​សរសើរ​របស់​គាត់ គាត់​បាន​គិត​ថា សាសន៍​យូដា​មិន​ចាំ​បាច់​ត្រូវ​ការ​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទាល់​តែ​សោះ។ ការ​ប្រាប់​សាសន៍​យូដា​ថា ពួក​គេ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន​តាមរយៈ​ជំនឿ​ដែល​មិន​ពឹង​អាង​លើ​ព្រះ​គ្រីស្ទ នោះ​មិន​មែន​ជា​សេចក្តី​ស្រឡាញ់​ទេ។ មើល​ទៅ​លោក ចន ហេហ្គី គ្រាន់​តែ​កោត​សរសើរ​ពី​ជំនឿ និង​ប្រពៃណី​របស់​សាសន៍​យូដា​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​មិន​បាន​យក​ឱកាស​ណាមួយ ដើម្បី​ទៅ​ដាស់​តឿន​សាសន៍​យូដា​ឲ្យ​បែរ​ទៅ​រក​ព្រះ​មេស្ស៊ី​ដែល​ទ្រង់​បាន​យាង​មក​រួច​ហើយ​ទាល់​តែ​សោះ។ ប្រសិន​បើ​គាត់​ពិត​ជា​បាន​ជឿ​ថា សាសន៍​យូដា​ត្រូវ​តែ​បែរ​ទៅ​រក​ព្រះ​គ្រីស្ទ ចុះ​ហេតុអ្វី​បាន​ជា​គាត់​មិន​បាន​បញ្ជាក់​ពី​តម្រូវ​ការ​នោះ​ឲ្យ​ច្បាស់​លាស់​ដូច្នេះ?

ពិត​ណាស់! យើង​ទាំង​គ្នា​បាន​ដឹង​ហើយ​ថា នឹង​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​មែន ទោះ​បើ​យើង​មិន​ដឹង​ថា ការ​នោះ​ជិត​មក​ដល់ ឬ​នៅ​យូរ​ទៀត​ប៉ុណ្ណា​ក៏​ដោយ។ ពិត​ណាស់! ព្រះ​អម្ចាស់​នឹង​យាង​មក​វិញ។ ប៉ុន្តែ យោង​តាម​ព្រះ​បញ្ញាញាណ​របស់​ព្រះ​ជាម្ចាស់ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មិន​បើក​ឲ្យ​យើង​ដឹង​ពី​ពេល​វេលា​នៃ​ការ​យាង​មក​វិញ​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ ហើយ​ទ្រង់​ក៏​បាន​ហាម​មិន​ឲ្យ​យើង​ទាយ​ពី​ពេលវេលា​នៃ​ការ​យាង​មក​វិញ​របស់​ទ្រង់​ដែរ។ ការ​សន្មត​ដែល​យោង​តាម​ព្រះ​ចន្ទ និង​ផ្កាយ​បែប​នេះ​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ដែល​គ្រីស្ទ​បរិស័ទ​ធ្វើ​ជា​ហោរា​សាស្ត្រ​អញ្ចឹង។ ពេល​ដែល​យើង​មើល​ព្រះ​ចន្ទ​ក្រហម យើង​គួរ​តែ​រាប់​វា​ថា នោះ​គឺ​ជា​ទស្សនី​ភាព​ដ៏​ត្រចះ​ត្រចង់​មួយ​មក​ពី​ព្រះ​ជាម្ចាស់ ហើយ​មិន​ត្រូវ​បង្កើត​ឲ្យ​មាន​ជា​ការ​ទស្សន៍ទាយ​ដែល​គ្មាន​ភាព​ច្បាស់​លាស់​ស្ដី​ពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​នោះ​ឡើយ។៚

និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បកប្រែ​ដោយ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ និង​លោក ខែម បូឡុង
ដក​ស្រង់​ចេញ​ពី www.challies.com ដោយ​មាន​ការអនុញ្ញាត​។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ព្រះយេស៊ូវពិត​ជា​បាន​រស់​ឡើង​វិញមែន​ឬ?

ខ្ញុំ​ជា​ផ្លូវ