in

ដើម​ឈើ​​ពីរ​ដ៏ពិសេស

The Tree of Life and the Tree of the Knowledge of Good and Evil

ការ​កាត់​ស្រាយ ការ​សង្កេត និង​សេចក្ដី​សន្និដ្ឋាន​ខ្លះៗ៖

១. ព្រះ​ជាម្ចាស់​បាន​សម្គាល់​ដើម​ឈើ​ចំនួន​ពីរ​ដើម​ថា ជា​ដើមឈើ​ពិសេស​ក្នុង​ចំណោម​ដើម​ឈើ​ទាំង​អស់​ក្នុង​សួនច្បារ​អេដែន​គឺ៖ ដើម​ឈើ​នៃ​ជីវិត និង​ដើមឈើ​ដឹង​ខុស​ត្រូវ

«ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​ដើម​ឈើ​ទាំង​អស់ ដែល​គួរ​ជា​ទី​ពេញចិត្ត ហើយ​សម្រាប់​ជា​អាហារ​ផង ក៏​មាន​ដើមឈើ​ជីវិត និង​ដើមឈើ​ដឹង​ខុសត្រូវ​នៅ​កណ្ដាល​សួនច្បារ​នោះ​ដែរ។» (លោកុប្បត្ដិ ២:៩ គកស)

២. ព្រះ​ជាម្ចាស់​បាន​អនុញ្ញាត​ឲ្យ​លោក អ័ដាម អាច​បរិភោគ​ផ្លែឈើ​ពី​ដើម​ឈើ​ណា​ក៏​បាន លើក​លែង​តែ​ដើមឈើ​ដឹង​ខុស​ត្រូវ ដោយ​ព្រមាន​គាត់​ថា បើ​គាត់​បរិភោគ នោះ​គាត់​នឹង​ស្លាប់​ជា​មិន​ខាន

«ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិភោគ​ផ្លែឈើ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​ដោយ​សេរី តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។»» (លោកុប្បត្ដិ ២:១៦-១៧ គកស)

៣. បន្ទាប់ពី​សត្វ​ពស់​បាន​ល្បួង​រួច​មក នាង អេវ៉ា ក៏​បាន​បរិភោគ​ផ្លែឈើ​ពី​ដើម​ដឹង​ខុស​ត្រូវ ហើយ​លោក អ័ដាម ក៏​បាន​បរិភោគ​ដែរ

«ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើមឈើ​នោះ​គួរ​ឲ្យ​ចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែឈើ​នោះ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តី​ដែល​នៅ​ជាមួយ ហើយ​ប្តី​ក៏​បរិភោគ​ដែរ។» (លោកុប្បត្ដិ ៣:៦ គកស)

«ពេលនោះ ស្រាប់តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទបាំង​កាយ។» (លោកុប្បត្ដិ ៣:៧ គកស)

៤. បន្ទាប់ពី​បាន​បរិភោគ​ផ្លែឈើ​ពី​ដើម​ដឹង​ខុស​ត្រូវ—ផ្នែក​មួយ​នៃ​ការ «មាន​ប្រាជ្ញា»—គឺ​ត្រង់​ថា​ឥឡូវ​លោក អ័ដាម មាន​ចំណេះដឹង​នៃ​ការ​ដឹង​ខុស​ត្រូវ​ដូច​ជា​ព្រះ​ជាម្ចាស់ ហើយ​ពួកគាត់​ក៏​ដឹង​ដែល​ថា ខ្លួន​នៅ​អាក្រាត

«…ស្ត្រី​ឃើញ​ថា…ដើមឈើ​នោះ​គួរ​ឲ្យ​ចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា…។» (លោកុប្បត្ដិ ៣:៦ គកស)

«ពេលនោះ ស្រាប់តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទបាំង​កាយ។» (លោកុប្បត្ដិ ៣:៧ គកស)

ពេលនោះ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «មើល៍ មនុស្ស​បាន​ត្រឡប់​ជា​ម្នាក់​ដូច​យើង​ដែរ ទាំង​ដឹង​ខុសត្រូវ​ផង…។» (លោកុប្បត្ដិ ៣:២២ខ-២៤ គកស)

៥. បន្ទាប់ពី​លោក អ័ដាម មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់ ដោយ​បរិភោគ​ផ្លែឈើ​ដឹង​ខុស​ត្រូវ នោះ​ព្រះ​ជាម្ចាស់​ក៏​បាន​ហាម​លោក អ័ដាម កុំ​ឲ្យ​បរិភោគ​ផ្លែឈើ​នៃ​ជីវិត​ផង​ដែរ ដើម្បី​កុំ​ឲ្យ​គាត់​មាន​ជីវិត​អមត​ក្នុង​សណ្ឋាន​ក្នុង​អំពើ​បាប ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​ការពារ​ដើមឈើ​នោះ

«ពេលនោះ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «…ហើយ​ឥឡូវ​នេះ គេ​អាច​លូកដៃ​ទៅ​បេះ​ផ្លែ​ពី​ដើមឈើ​ជីវិត​បរិភោគ​បាន​ទៀត​ផង ហើយ​រស់​ជា​រៀង​រហូត»។ ដូច្នេះ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ក៏​បណ្តេញ​គេ​ចេញ​ពី​សួនច្បារ​អេដែន ឲ្យ​ទៅ​ភ្ជួររាស់​ដី​ដែល​ព្រះអង្គ​បាន​យក​គេ​ចេញ​មក​នោះ។ ព្រះអង្គ​បាន​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូប៊ីន​នៅ​ខាង​កើត​សួនច្បារ​អេដែន និង​ដាវ​ជា​អណ្ដាត​ភ្លើង រេ​បែរ​ទៅ​គ្រប់​ទិស ដើម្បី​ការពារ​ផ្លូវ​ទៅ​ឯ​ដើម​ឈើ​ជីវិត។» (លោកុប្បត្ដិ ៣:២២-២៤ គកស)

៦. តើ​ឃ្លា «ដឹង/ពិចារណា​ឲ្យ​ជ្រាប​ពី/សង្កេត​ខុស​ត្រូវ» មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ក្នុង​ភាសា​ហេប្រ៊ើ?

៦.១ នោះ​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់ (និង​ពួក​ទេវតា​ទំនង) ជា​មាន

«ពេលនោះ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «មើល៍ មនុស្ស​បាន​ត្រឡប់​ជា​ម្នាក់​ដូច​យើង​ដែរ ទាំង​ដឹង​ខុសត្រូវ​ផង…។» (លោកុប្បត្ដិ ៣:២២ គកស)

«ខ្ញុំ​ម្ចាស់​នឹក​ថា «រាជ​ឱង្ការ​របស់​ព្រះ​ករុណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ស្ងប់» ដ្បិត​ព្រះ​រា​ជា​របស់​ខ្ញុំម្ចាស់ ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ដើម្បី​នឹង​ពិចារណា​ឲ្យ​ជ្រាប​ខុសត្រូវ ហើយ​ព្រះយេហូវ៉ា​ជា​ព្រះ​របស់​ព្រះ​ករុណា ក៏​គង់​ជា​មួយ​ព្រះ​ករុណា​ដែរ។» (២សាំយូអែល ១៤:១៧ គកស)

៦.២ នោះ​ជា​អ្វី​ដែល​ក្មេងៗ​មិន​មាន

«រីឯ​កូន​តូចៗ​របស់​អ្នករាល់គ្នា ដែល​អ្នក​រាល់គ្នា​ពោល​ថា នឹង​ទៅ​ជា​រំពា​គេ និង​កូន​របស់​អ្នក​រាល់គ្នា ដែល​សព្វថ្ងៃ​នេះ​មិនទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​គេ​នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​នោះ​ឲ្យ​គេ ហើយ​គេ​នឹង​ចាប់​យក​ស្រុក​នោះ​ជា​កេរអាករ។» (ចោទិយកថា១:៣៩ គកស)

«បុត្រ​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ។» (អេសាយ ៧:១៥ គកស)

៦.៣ នោះ​ជា​អ្វី​ដែល​មនុស្ស​ចាស់ៗ​ទំនង​ជា​លែង​មាន

«ទូលបង្គំ [ដាវីឌ] មាន​អាយុ​ប៉ែត​សិប​ឆ្នាំ​ហើយ តើ​នឹង​អាច​សង្កេត​របស់​ល្អ​ពី​របស់​អាក្រក់​បាន​ឬ?…» (២សាំយូអែល ១៩:៣៥ គកស)

៦.៤ នោះ​ទំនង​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​នរណា​ម្នាក់

«សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ទូល​បង្គំ [សាឡូម៉ូន] ជា​អ្នក​បម្រើ​របស់​ព្រះអង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នកណា​អាច​នឹង​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។ (១ពង្សាវតារក្សត្រ ៣:៩ គកស)

៦.៥ ទាក់ទង​នឹង​ចំណុច​នេះ យើង​គួរ​ទំនង​យល់​វា​បែប​នេះ៖ «ប្រាជ្ញា ការ​យល់​ដឹង ឬ​ក៏​ការ​ពិចារណា​ដឹង​ដែល​ពេញ​វ័យ ហើយ​ឯកឯង» ដែល​ដើមឈើ​នោះ​តំណាង​ឲ្យ​របៀប​ដ៏​ខុស​ឆ្គង​នៃ​ការ​ទទួល​បាន​ការ​យល់​ដឹង​បែប​នោះ

លោកគ្រូ ហ្វ្រេស៍ ដាលលិដស៍ (Franz Delitzch) បាន​លើក​ឡើង​ថា៖

«ព្រះ​ជាម្ចាស់​បាន​បង្កើត​ដើមឈើ​នៃ​ចំណេះដឹង ដើម្បី​នាំ​មនុស្ស​លោក​ឲ្យ​ដឹង​ខុស​ត្រូវ ហើយ​បើ​យោង​តាម​ផែនការ​របស់​ព្រះ​អង្គ របៀប​នៃ​ការ​ទទួល​ចំណេះដឹង​នោះ​បាន គឺ​តាមរយៈ​ការ​ដែល​មនុស្ស​លោក​មិន​បរិភោគ​ផ្លែឈើ​នោះ។ មនុស្ស​លោក​អាច​ដឹង​ការ​នេះ​បាន​តាមរយៈ​ចំណុច​ពីរ​យ៉ាង៖ ១) ស្គាល់​ដែន​កំណត់​នៃ​បម្រាម​ខុស​គ្នា​រវាង​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​រៀបចំ​ទុក និង​ស្គាល់​អ្វី​ដែល​ជំទាស់​នឹង​ការ​រៀបចំ​ទុក​នោះ ២) ការ​ស្ដាប់​បង្គាប់​ដោយ​មិន​ប្រព្រឹត្ត​ទាស់​បម្រាម​នោះ​នឹង​បណ្ដាល​ឲ្យ​មនុស្ស​លោក​ទទួល​ស្គាល់​នូវ​សេចក្ដី​ពិត​ដែល​ថា រាល់​អ្វីៗ​ដែល​ទាស់​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​សេចក្ដី​អាក្រក់​ដែល​មនុស្ស​លោក​គួរ​គេច​ចេញ ហើយ​តាមរយៈ​ការ​ស្ម័គ្រចិត្ត​ជំទាស់​នឹង​ការ​អាក្រក់​បែប​នោះ​ដោយ​ប្រើ​ឆន្ទៈ​ដ៏​មាន​​សេរីភាព​របស់​ខ្លួន​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​មនុស្ស​លោក​តាំង​ពី​ដំបូង​ឲ្យ​បាន​ពេញ​សិទ្ធិ ព្រោះ​តាមរយៈ​ការ​ធ្វើ​បែប​នេះ មនុស្ស​លោក​នឹង​ចេះ​ប្រើ​ឆន្ទៈ​នៃ​សេរីភាព​នោះ​ដោយ​ចេះ​ជ្រើសរើស​នូវ​អ្វី​ដែល​ល្អ​ដោយ​ខ្លួន​ឯង។ តាមរយៈ​ការ​ស្ដាប់​បង្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ នោះ​មនុស្ស​លោក​នឹង​ប្រាកដ​ជា​ទទួល​បាន​ចំណេះដឹង​នៃ​ការ​ដឹង​ខុស​ត្រូវ​ដូច​ព្រះ​ជាម្ចាស់​ជា​មិន​ខាន ឧ. ការ​នោះ​នឹង​បង្ហាញ​ថា​មនុស្ស​លោក​ត្រូវ​បាន​បង្កើត​ក្នុង​រូប​អង្គ​ព្រះ​ជាម្ចាស់។ មនុស្ស​លោក​នឹង​ប្រាកដ​ជា​ឃើញ​ការ​អាក្រក់​របស់​មេ​ល្បួង ហើយ​ជាជាង​ចុះចូល​នឹង​ការ​ល្បួង​នោះ គាត់​នឹង​តាំង​ខ្លួន​ទាស់ ហើយ​តាមរយៈ​តាំង​ខ្លួន​របៀប​នេះ មនុស្ស​លោក​នឹង​ពិត​ជា​ទទួល​បាន​ការ​គ្រប់គ្រង​លើ​ស្មារតី និង​ឆន្ទៈ​សេរី​របស់​ខ្លួន។ ហើយ​ក្នុង​របៀប​នេះ តាមរយៈ​បញ្ញា​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ខ្លួន នោះ​មិន​យូរ​មិន​ឆាប់​គាត់​នឹង​ពិត​ជា​ទទួល​បាន​សេរីភាព​ដ៏​ពិត​ជា​មិន​ខាន។ ប៉ុន្តែ ខណៈពេល​ដែល​មនុស្ស​លោក​បាន​បរាជ័យ​ក្នុង​ការ​មិន​ត្រាប់តាម​របៀប​ព្រះ​ជាម្ចាស់ ដោយ​បាន​បរិភោគ​នូវ​ផ្លែឈើ​ដែល​ទ្រង់​បាន​ហាម​មិន​ឲ្យ​បរិភោគ ដែល​ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ជំទាស់​នឹង​បញ្ញត្តិ​របស់​ព្រះ​អង្គ នោះ​អំណាច​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ទៅ​លើ​ផ្លែឈើ​ក៏​ត្រូវ​បាន​សម្ដែង​ឡើង​ក្នុង​របៀប​មួយ​ផ្សេង​ទៀត។ មនុស្ស​លោក​បាន​ដឹង​ខុស​ត្រូវ​តាមរយៈ​បទពិសោធន៍​ដ៏​ពិរុទ្ធ​របស់​ខ្លួន ហើយ​តាមរយៈ​ការ​ទទួល​យក​អំពើ​អាក្រក់​មក​ដាក់​ក្នុង​ព្រលឹង​របស់​ខ្លួន នោះ​មនុស្ស​លោក​ក៏​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​ទទួល​ការ​គំរាមកំហែង​ពី​សេចក្ដី​ស្លាប់។ ដូច្នេះ តាមរយៈ​កំហុស​របស់​មនុស្ស​លោក ដើមឈើ​ដែល​គួរ​ជា​ដើមឈើ​ដែល​ជួយ​គាត់​ឲ្យ​ទទួល​បាន​សេរីភាព​ដ៏​ពិត បែរ​ក្លាយ​ទៅ​ជា​ដើមឈើ​ដែល​នាំ​ឲ្យ​មាន​សេរីភាព ដែល​តាមពិត​មិន​ដូច្នោះ​ទេ ព្រោះ​សេរីភាព​នោះ​ជា​អំពើ​បាប​ទេ​តើ ដែល​ចេញ​ពី​នោះ​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់​កើត​ឡើង ហើយ​ក្នុង​ដើមឈើ​នោះ​ផ្ទាល់​គ្មាន​អំណាច​សម្រាប់​បំផ្លាញ ក៏​ដូច​ជា​គ្មាន​ពិស​លាក់​ក្នុង​ផ្លែឈើ​នោះ​ផង​ដែរ។»

លោកគ្រូ ស៊ី. ចន ខូលលិនស៍ ក៏​បាន​ឯកភាព​នឹង​លោកគ្រូ ហ្វ្រេស៍ ដាលលិដស៍ ដោយ​លើក​ឡើង​ថា៖

«តាមរយៈ​ដើមឈើ​នេះ ព្រះ​ជាម្ចាស់​បាន​មាន​ផែនការ​ឲ្យ​មនុស្ស​លោក​នឹង​ដឹង​ខុស​ត្រូវ៖ ១) ពី​លើ​ដែល​បញ្ជាក់​ថា​ពួកគាត់​ជា​រាស្ត្រ​ដែល​បាន​យក​ឈ្នះ​លើ​ការ​ល្បួង ឬក៏ ២) ពី​ក្រោម​ដែល​បញ្ជាក់​ថា​ពួកគាត់​ជា​ទាសករ​នៃ​អំពើ​បាប។»

៧. កណ្ឌគម្ពីរ សុភាសិត បាន​ប្រើ​ឃ្លា «ដើមឈើ​នៃ​ជីវិត» ភ្ជាប់​គ្នា​ទៅ​នឹង​ប្រាជ្ញា និង​ការ​យល់ដឹង ផលផ្លែ​នៃ​សេចក្ដី​សុចរិត សេចក្ដី​ប្រាថ្នា​ដែល​ទទួល​បាន​ការ​ស្កប់ស្កល់ និង​អណ្ដាត​ដ៏​ស្លូត

«ប្រាជ្ញា​ជា​ដើមឈើ​នៃ​ជីវិត​ដល់​អស់​អ្នកណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នកណា​ដែល​កាន់ខ្ជាប់​ក៏​សប្បាយ​ហើយ។» (សុភាសិត ៣:១៨ គកស)

«ផល​របស់​មនុស្ស​សុចរិត​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា​រមែង​ចាប់​បាន​ព្រលឹង​មនុស្ស។» (សុភាសិត ១១:៣០ គកស)

«សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត​តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើមឈើ​នៃ​ជីវិត​វិញ។» (សុភាសិត ១៣:១២ គកស)

«ឯ​អណ្ដាត​ដ៏​លំ​ហើយ នោះ​ជា​ដើមឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្ដី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់បែក​ទៅ។» (សុភាសិត ១៥:៤ គកស)

៨. អស់​អ្នកណា​ដែល​រស់នៅ​លើ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែន​ដី​ថ្មី​នឹង​មាន​សិទ្ធិ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ឈើ​ជីវិត​ដោយ​មាន​ចិត្ត​អរសប្បាយ​ជា​រៀង​រហូត

«… អ្នកណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​ជីវិត ដែល​នៅ​ស្ថាន​បរម​សុខ​របស់​ព្រះ»។
(វិវរណៈ ២:៧ខ គកស)

«កាត់​តាម​កណ្ដាល​ផ្លូវ​ក្រុង ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង មាន​ដើមឈើ​ជីវិត​ដែល​មាន​ផ្លែ​ដប់​ពីរ​ដង គឺ​មួយ​ខែ​ម្តងៗ ឯ​ស្លឹក​ឈើ​នោះ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជាតិ​សាសន៍​នានា​ឲ្យ​ជា។» (វិវរណៈ ២២:២ គកស)

«មាន​ពរ​ហើយ​អស់​អ្នកណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចូល​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។» (វិវរណៈ ២២:១៤ គកស)

«…បើ​អ្នកណា​ដក​អ្វី​ចេញ​ពី​ព្រះ​បន្ទូល​នៅ​ក្នុង​គម្ពីរ​ទំនាយ​នេះ ព្រះ​ក៏​នឹង​ដក​ចំណែក​របស់​អ្នក​នោះ ចេញ​ពី​ដើម​ជីវិត និង​ពី​ទី​ក្រុង​បរិសុទ្ធ ដូច​បាន​រៀប​រាប់​ក្នុង​គម្ពីរ​នេះ​ដែរ។» (វិវរណៈ ២២:១៩ គកស)

និពន្ធ​ដោយ៖ លោក​គ្រូ Justin Taylor
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, និងលោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​ផល​ហាសិប​យ៉ាង​ដែល​ព្រះ​យេស៊ូវ​យាង​មក​សុគត

មិន​ត្រូវ​ការ​សេចក្ដីសប្បុរស